អ្វីដែលសំខាន់ និងមានតម្លៃបំផុតនៅក្នុងជីវិតនេះមិនមែនតែងតែបង្ហាញឲ្យយើងឃើញផ្ទាល់ៗនោះទេ។ ឧទាហរណ៍៖ ទាំងយើង និងកូនៗរបស់យើងត្រូវការទទួលការបង្រៀនពីព្រះគម្ពីរថា តើជីវិតអាពាហ៍ពិពាហ៍ពិតជាអស្ចារ្យយ៉ាងណា? ក្មេងៗសុទ្ធតែស្គាល់មនុស្សច្រើនណាស់ដែលបានរៀបការ—ឪពុកម្តាយខ្លួន ជីដូនជីតា មីង និងពូ អ្នកជិតខាង ឬគ្រូបង្រៀនរបស់ពួកគេ។ ចំពោះក្មេងៗ ការរៀបការហាក់ដូចជាមិនអស្ចារ្យអ្វីទេ។ ពួកគេមិនដឹងថា វាជាភាពអស្ចារ្យនៃដំណឹងល្អឡើយ។
ពិភពលោកយើងនិយាយថា ជីវិតអាពាហ៍ពិពាហ៍គឺជាអ្វីដែលយើងបានបង្កើតឡើងសម្រាប់ខ្លួនឯង។ ដូច្នេះ យើងអាចបង្កើតវាឡើងជាថ្មីតាមរបៀបណាមួយដែលយើងចង់ធ្វើក៏បានដែរ។ ហើយតាមពិតទៅ ពិភពលោកយើងកំពុងតែធ្វើដូច្នោះមែន។ វាកំពុងតែជ្រាបចូលគំនិតកូនៗយើងយ៉ាងខ្លាំងដែលនាំមកនូវចក្ខុវិស័យថ្មីៗ ហើយក៏មិនមែនជាទស្សនៈចេញពីព្រះគម្ពីរទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍ ព្រមទាំងលើកទឹកចិត្តការរួមភេទមុនរៀបការ ដែលនោះមិនត្រូវច្បាប់ទេ។ ក្រុមគ្រួសារដែលមានការចែងចែកឪពុកម្តាយខុសៗគ្នា (ស្រីធ្វើប្រុស ឬក៏ប្រុសធ្វើជាស្រី) និងតួនាទី និងដំណែងដែលអាចផ្លាស់ប្តូរបាន ក៏បានបង្កឲ្យមានការភ័ន្តច្រឡំនៅក្នុងកូនៗយើងដែរ។
ចូរប្រាប់រឿងដល់ពួកគេ
ប៉ុន្តែ ព្រះជាម្ចាស់ប្រាប់យើងពីអ្វីដែលល្អប្រសើរជាងនោះទៅទៀត។ ទ្រង់ប្រាប់យើងថា ទ្រង់បានបង្កើតជីវិតអាពាហ៍ពិពាហ៍សម្រាប់គោលបំណងដ៏ពិសិដ្ឋ។ លោកអ្នកគួរបង្រៀនកូនចៅរបស់ខ្លួនអំពីគោលបំណងនោះតាំងពីពេលពួកគាត់នៅក្មេងៗនៅឡើយ។ បើលោកអ្នកជាអ្នកបង្រៀនផ្ទាល់អំពីជីវិតអាពាហ៍ពិពាហ៍ នោះគឺល្អប្រសើរជាងគេបំផុត។
សូមជួយកូនៗរបស់លោកអ្នកឲ្យយល់ថា មានវិធីពីរយ៉ាងក្នុងការគិតគូរអំពីអ្វីៗទាំងអស់៖ គឺផ្លូវរបស់លោកីយ៍ និងផ្លូវរបស់ព្រះជាម្ចាស់។ លោកអ្នកអាចផ្តល់ឲ្យពួកគេនូវចក្ខុវិស័យដ៏អស្ចារ្យដែលអាចយល់កាន់តែច្បាស់បន្ថែមទៀតក្នុងគម្ពីរអំពីអ្វីដែលព្រះជាម្ចាស់មានបំណងសម្រាប់ជីវិតអាពាហ៍ពិពាហ៍។
ចូរចាប់ផ្តើមតាំងពីពេលការបង្កើតជីវិតអាពាហ៍ពិពាហ៍នៅសួនច្បារអេដែនដ៏ល្អឥតខ្ចោះ (លោកុប្បត្ដិ ២)។ ចូរបង្រៀនកូនៗរបស់លោកអ្នកថា សូម្បីតែនៅក្នុងកន្លែងដ៏ស្រស់ស្អាតនោះ ដោយមានសត្វទាំងអស់ដែលនៅជុំវិញគាត់ ក៏ព្រះជាម្ចាស់ជ្រាបថាលោក អ័ដាម នឹងត្រូវការអ្វីបន្ថែមទៀតដែរ។ ព្រះជាម្ចាស់បានជ្រាបថាលោក អ័ដាម ត្រូវការមនុស្សម្នាក់ដូចគាត់ ប៉ុន្តែក៏ខុសគ្នាពីគាត់ដែរ។ ដូច្នេះហើយបានជាព្រះជាម្ចាស់បានបង្កើតស្ត្រីដំបូងក្នុងរបៀបខុសពីអ្វីៗដែលទ្រង់បានបង្កើត—ទ្រង់បានបង្កើតនាងចេញពីរូបកាយរបស់លោក អ័ដាម។ ហើយបន្ទាប់មក ដូចជាឪពុករបស់កូនក្រមុំនៅក្នុងពិធីមង្គលការដំបូង ព្រះអង្គក៏បាននាំនាង អេវ៉ា ទៅកាន់លោក អ័ដាម។ អ្វីដែលព្រះជាម្ចាស់បានធ្វើនៅក្នុងសួនច្បារអេដែនគឺជាមូលហេតុដែលមនុស្សនៅបន្តរៀបការសូម្បីតែដល់សព្វថ្ងៃនេះ។ វាជាគំនិតដ៏អស្ចារ្យរបស់ព្រះជាម្ចាស់!
ត្រូវប្រាកដថា កូនៗរបស់លោកអ្នកដឹងថា ជីវិតអាពាហ៍ពិពាហ៍គឺល្អ និងស្រស់ស្អាត ដូចជាអ្វីៗទាំងអស់ដែលចេញពីបេះដូងរបស់ព្រះផ្សេងទៀតដែរ។ ប្រសិនបើអ្នកបានរៀបការហើយ សូមបង្ហាញកូនៗរបស់ខ្លួនឲ្យដឹងថាដៃគូជីវិតរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ ចូរនិយាយជាញឹកញាប់អំពីការដឹងគុណរបស់អ្នកចំពោះជីវិតអាពាហ៍ពិពាហ៍។ សូមឲ្យកូនៗរបស់អ្នកមើលឃើញពីការស្រឡាញ់ដែលអ្នកមានចំពោះគ្នាទៅវិញទៅមក។ សូមព្យាយាមនិយាយពាក្យពេចន៍ផ្អែមល្ហែម ល្អូកល្អិន បីបមរវាងប្តីប្រពន្ធឲ្យបានញឹកញាប់ ដើម្បីឲ្យកូនៗឮ។
ចូរយកចិត្តទុកដាក់ចំពោះជីវិតអាពាហ៍ពិពាហ៍ដែលល្អផ្សេងៗទៀតនៅក្នុងគ្រួសារ ក្នុងក្រុមជំនុំ និងក្នុងសហគមន៍របស់អ្នក។ សូមបង្ហាញនូវរូបភាពពីថ្ងៃរៀបការផ្ទាល់ ហើយអនុញ្ញាតឲ្យពួកគេឃើញអំណររបស់អ្នកក្នុងការប្រារព្ធខួបអាពាហ៍ពិពាហ៍រៀងរាល់ឆ្នាំផងដែរ។ នៅពេលដែលពួកគេធំ ចូរយកពួកគេទៅចូលរួមពិធីមង្គលការ ហើយពិភាក្សាអំពីពាក្យសច្ចា និងការសន្យាដែលគូស្វាមីភរិយាធ្វើចំពោះព្រះជាម្ចាស់ និងចំពោះគ្នាទៅវិញទៅមក។
ព្រះជាម្ចាស់ទតឃើញ «យើង» តែមួយ
កូនៗរបស់លោកអ្នកត្រូវការឮអំពីនិយមន័យរបស់ព្រះជាម្ចាស់អំពីជីវិតអាពាហ៍ពិពាហ៍ចេញពីលោកអ្នកផ្ទាល់—បុរសម្នាក់ និងស្ត្រីម្នាក់ប្រគល់ខ្លួនពួកគេចំពោះគ្នាពេញមួយជីវិត (ម៉ាថាយ ១៩:៤-៦)។ នោះហើយជាមូលហេតុដែលគូស្វាមីភរិយាចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយគ្នា។ ពួកគេចែកចាយដួងចិត្ត ឈ្មោះ ផ្ទះ និងសូម្បីតែរូបកាយរបស់ពួកគេដែរ។ សូមពន្យល់ពីមូលហេតុដែលប៉ាម៉ាក់ឱបថើប និងកាន់ដៃគ្នា។
លោកអ្នកអាចជួយឲ្យកូនៗយល់ថា នៅពេលដែលបុរស និងស្ត្រីរៀបការ នោះព្រះជាម្ចាស់នឹងមិនឃើញថាមាន «ខ្ញុំ» ពីរនាក់ទៀតទេ។ ទ្រង់ឃើញ «យើង» តែម្នាក់! លោកអ្នកអាចពន្យល់តាមវិធីនេះដោយធ្វើបេះដូងពីក្រដាសដ៏ធំពីរ ដើម្បីជានិមិត្តរូបនៃមនុស្សពីរនាក់ដែលស្រឡាញ់គ្នា ហើយនឹងរៀបការ។ យកកាវមកបិទវាជាមួយគ្នា ហើយទុកឲ្យស្ងួតមួយយប់។ នៅថ្ងៃបន្ទាប់ ចូរព្យាយាមបំបែកចេញពីគ្នា។ មនុស្សទាំងពីរនាក់បានក្លាយជាមនុស្សម្នាក់ ហើយលោកអ្នកមិនអាចបំបែកពួកគេដោយមិនធ្វើឲ្យអ្នកទាំងពីរមានការឈឺចាប់ឡើយ។
សូមនិយាយអំពីការលែងលះគ្នាក្នុងលក្ខណៈដ៏ទន់ភ្លន់បំផុតតាមដែលអាចធ្វើបាន។ នៅពេលអំពើបាបធ្វើឲ្យចិត្តយើងរឹងរូស នោះយើងក៏នឹងអាចធ្វើបាបមនុស្សដែលយើងត្រូវតែស្រឡាញ់បំផុតជាមិនខាន (ម៉ាកុស ១០:២-៥)។ ចូរជួយពន្យល់ឲ្យកូនៗរបស់អ្នកអាចរៀនពីរបៀបដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះអស់អ្នកដែលកំពុងមានទុក្ខ (ទំនុកតម្កើង ៣៤:១៨; អេសាយ ៤០:១១)។
ដំណើររឿងស្នេហាដ៏ធំ
វាក៏ជាការឈ្លាសវៃផងដែរក្នុងការណែនាំអំពីជីវិតអាពាហ៍ពិពាហ៍ដែលមានភេទដូចគ្នា។ សូមធ្វើការនេះដោយយកចិត្តទុក។ កូនៗយើងត្រូវយល់ថា នៅពេលយើងកើតមក យើងមិនដឹងថាតើអ្វីនឹងធ្វើឲ្យយើងសប្បាយចិត្តនោះទេ។ ប៉ុន្តែ ព្រះជាម្ចាស់ជ្រាប ហើយព្រះអង្គប្រាប់យើងអំពីសុភមង្គលពិតរបស់យើងដែលមានចែងនៅក្នុងព្រះគម្ពីរ។
មនុស្សមួយចំនួនគិតថា ជីវិតអាពាហ៍ពិពាហ៍អាចមានរវាងបុរសពីរនាក់ ឬស្ត្រីពីរនាក់ ឬក៏ថាប្តីអាចមានប្រពន្ធលើសពីមួយបាន។ នោះមិនមែនជាអ្វីដែលព្រះគម្ពីរបង្រៀនទេ។ ផ្នែកមួយនៃការជឿទុកចិត្តលើព្រះជាម្ចាស់គឺជាការធ្វើតាមអ្វីដែលទ្រង់មានបន្ទូលអំពីជីវិតអាពាហ៍ពិពាហ៍ និងសុភមង្គល ពីព្រោះព្រះជាម្ចាស់បានបង្កើតយើងហើយព្រះអង្គបានបង្កើតជីវិតអាពាហ៍ពិពាហ៍សម្រាប់សេចក្តីអំណររបស់យើង និងសិរីល្អរបស់ទ្រង់។
លោកអ្នកអាចជួយកុមារតូចៗឲ្យយល់ថាប្រទេសនីមួយៗមានច្បាប់ផ្ទាល់ខ្លួនអំពីជីវិតអាពាហ៍ពិពាហ៍។ ចូរនិយាយជាមួយកូនៗរបស់លោកអ្នកអំពីច្បាប់ជីវិតអាពាហ៍ពិពាហ៍នៅក្នុងប្រទេសរបស់ខ្លួន។ ចូរប្រយ័ត្នប្រយែងឲ្យមែនទែនព្រោះ ច្បាប់ទាំងនេះមិនដូចច្បាប់របស់ព្រះជាម្ចាស់ក្នុងជីវិតអាពាហ៍ពិពាហ៍ទាំងស្រុងនោះទេ—ហើយច្បាប់របស់ព្រះជាម្ចាស់គឺជាច្បាប់ដ៏សំខាន់បំផុតនៅលើលោកនេះ។ ចូរបង្រៀនដល់កូនៗរបស់លោកអ្នកថា អ្វីដែលព្រះជាម្ចាស់បានមានបន្ទូលអំពីបញ្ហាជីវិតអាពាហ៍ពិពាហ៍គឺសំខាន់ជាងគេបំផុត។ យើងអាចទុកចិត្តលើទ្រង់បាន។ ផ្លូវរបស់ព្រះអង្គតែងតែល្អបំផុត។
ចំណុចនេះសំខាន់ណាស់ ដោយសារជីវិតអាពាហ៍ពិពាហ៍តាមព្រះគម្ពីរបង្ហាញពិភពលោកនូវរូបភាពដ៏តូចមួយនៃដំណើររឿងស្នេហាដ៏ធំ—រវាងព្រះគ្រីស្ទ និងក្រុមជំនុំរបស់ទ្រង់ដែលកំពុងលង់ស្នេហ៍នឹងគ្នា។ ជីវិតអាពាហ៍ពិពាហ៍គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដែលនៅជារៀងរហូតចំពោះរាស្ត្ររបស់ព្រះអង្គ។ សូមឲ្យកូនៗនៅជុំវិញយើងធំធាត់ឡើងដោយមានសុវត្ថិភាពក្នុងការរចនារបស់ព្រះជាម្ចាស់សម្រាប់ជីវិតអាពាហ៍ពិពាហ៍។ សូមឲ្យពួកគេគោរពវាដោយផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ពេញមួយជីវិតរបស់ពួកគេ ហើយផ្ទេរកេរ្តិ៍ដំណែលនោះដល់កូនៗរបស់ខ្លួនដែរ។
មតិយោបល់
Loading…