in ,

ក្រុមខុសឆ្គង ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា

ប្រវត្តិ
ក្រុម​នេះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ​១៩៩១ នៅ​ប្រទេស​ចិន។ សេចក្តី​បង្រៀន​ចំបង​របស់​ពួកគេ​គឺថា​ ​ព្រះ​យេស៊ូវ​បាន​យាង​ត្រឡប់​មកវិញ​ជា​ស្ត្រីជន​ជាតិ​ចិន! ​ពួកគេ​ថែមទាំង​ថ្វាយបង្គំ​នាង​ថា​ជា​«ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា» ​ក្រុម​នេះ​មិនបាន​បញ្ជាក់​ជា​សាធារណៈ​ថា ​ស្ត្រី​នេះ​ជា​នរណា​ទេ​ ​ប៉ុន្តែ​ ឈ្មោះ​របស់​គាត់​គឺ​ ​យ៉ាង ស៊ីងប៊ិន (Yang Xiangbin)​ ​ហើយ​នាង​កើត​នៅ​ឆ្នាំ​ ​១៩៧៣ ​នៅ​ប្រទេស​ចិន។ ក្រោយ​ដែល​គាត់​ប្រលង​ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ស្រុក​ចិន គាត់​ចាប់ផ្ដើម​ធ្វើ​ទំនាយ​ដល់​ក្រុម​មួយ​ដែល​ស្ដាប់​គាត់។ នៅ​ឆ្នាំ​ ​១៩៩១​ ​បុរស​ម្នាក់​ឈ្មោះ ចាវ វៃសាន (Zhao Weishan) ដែល​ជា​សមាជិក​ក្រុម​ខុសឆ្គង​មួយ​ទៀត ​បាន​ជួប​នាង ​ហើយក៏​បាន​ក្លាយ​ជា​មេដឹកនាំ​ក្រុម​គាត់។ ដោយសារ​ក្រុម​នេះ​បង្ក​មាន​បញ្ហា​ជាច្រើន​ ​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ថា ពួកគេ​ជា​ក្រុម​ខុសច្បាប់​ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​លាក់ខ្លួន។ នៅ​ឆ្នាំ​ ​២០០០​ ​យ៉ាង ស៊ីងប៊ិន ​និង​ ​ចាវ វៃសាន​ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​សហរដ្ឋអាមេរិក។ ពួកគេ​បាន​ទៅ​រស់នៅ​ទីក្រុង​ញូវយ៉​ក​ ជា​កន្លែង​ដែល​ពួកគេ​កំពុង​ដឹកនាំ​ក្រុម​ខុសឆ្គង​នេះ។ ប៉ុន្តែ​ នាង​ ​យ៉ាង ស៊ីងប៊ិន​នៅតែ​លាក់​ខ្លួន​ ​ហើយ​មិន​បង្ហាញខ្លួន​ជា​សាធារណៈ​ឡើយ។ ប្រហែលជា​នាង​នៅតែ​ព្រួយបារម្ភ​ អំពីអ្វី​ដែល​រដ្ឋាភិបាល​ចិន​នឹង​ធ្វើ​ដល់​ «ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា»។

សមាជិក​នៃ​ក្រុម​នេះ​ គឺ​ច្រឡោងខាម​ណាស់។ ពួកគេ​ធ្វើ​ជា​មិត្តភក្ដិ​ជាមួយ​មនុស្ស​ក្នុង​គោលបំណង​ ដើម្បី​ហៅ​ពួកគេ​ឲ្យ​ចូល​សិក្សា​«ព្រះ​គម្ពីរ»។ ប៉ុន្តែ​ដល់​កន្លែង​គេ​រៀន​ពី​សៀវភៅ​ របស់​យ៉ាង ស៊ីងប៊ិន។ ជា​ធម្មតា​យុវនារី​ក្នុង​ក្រុម​នេះ ទាក់ទង​នឹង​មនុស្ស​ប្រុស ហើយ​មនុស្ស​ប្រុស​ទាក់ទង​នឹង​មនុស្ស​ស្រី​វិញ។ នៅ​ប្រទេស​ចិន ​ក្រុម​ខុសឆ្គង​នេះ​ ទាក់ទាញ​ស្រីៗ​ ​ជាពិសេស​ស្ត្រី​មេផ្ទះ​ដែល​ឯកោ​ ​ដែល​ស្វាមី​ទៅ​ធ្វើការ​នៅ​ទីក្រុង​មួយផ្សេងទៀត។ មនុស្ស​បាន​ធ្វើ​ទី​បន្ទាល់​ថា បើ​ស្វាមី​មិន​ព្រម​ចូលរួម​ក្រុម​នេះ​ដែរ ក្រុម​នេះ​បបួល​ភរិយា​ឲ្យ​លែងលះ​ប្តី​របស់​គាត់។ ​ដោយសារ​អាកប្បកិរិយា​ច្រឡោងខាម​របស់​ក្រុម​នេះ​ ​និង​ការប្រើប្រាស់​ សៀវភៅ វីដេអូ​ ​និង​អ៊ី​ន​ធឺ​ណិ​ត​យ៉ាង​ឆ្លាតវៃ​ ​ខ្ញុំ​ចាត់​ទុក​ក្រុម​នេះ​ថា​ជា​ក្រុម​ដ៏​គ្រោះថ្នាក់​បំផុត​នៅកម្ពុជា។

ជំនឿ​របស់​ក្រុម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ (ផ្លេកបន្ទោរ​ទិស​កើត)
ក្រុម​នេះ​ជឿ​ថា យ៉ាង ស៊ីងប៊ិន គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា។ ក្រុម​ផ្លេកបន្ទោរ​ទិស​កើត​នេះ​ជឿ​ថា​ «ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា» ​បាន​មក​ផែនដី​ហើយ ​គឺ​នៅ​ពេល​ដែល​អ្នកស្រី យ៉ាង ស៊ីងប៊ិន​ ​បាន​កើត​ក្នុង​ឆ្នាំ​ ​១៩៧៣ ​ដើម្បី​នាំ​មក​នូវ​សម័យកាល​ទីបី​ នៃ​មនុស្សជាតិ​ ​គឺ​«សម័យ​កាល​នៃ​នគរ»។ សម័យ​កាល​ដំបូង​គឺ​ «សម័យ​កាល​នៃ​ក្រិត្យ​វិ​ន័យ» (សម័យ​នៃ​គម្ពីរ​សញ្ញា​ចាស់) ​ហើយ​សម័យ​កាល​ទី​២​ ​គឺ​ «សម័យកាល​នៃ​ព្រះ​គុណ» ​ដែល​បាន​ចាប់ផ្តើម​ជាមួយនឹង​កំណើត​របស់​ព្រះ​គ្រីស្ទ។ សម័យ​កាល​ទី​៣ ​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ​១៩៧៣ ដោយ​កំណើត​លោកស្រី​ ​យ៉ាង ស៊ីងប៊ិន។ ការ​បែងចែក​ប្រវត្តិសាស្ត្រ​ទៅជា​សម័យ​កាល​ទាំង​បី​ ​គឺជា​ការ​ដែល​ក្រុម​ខុសឆ្គង​ជា​ច្រើន​បាន​បង្រៀន។ ហើយ​ស្ថាបនិក​នៃ​ក្រុម​ខុសឆ្គង​ ​គឺ​តែងតែ​អះអាង​ថា​ ខ្លួន​ជា​ «ព្រះ​គ្រីស្ទ» ​នៃ​សម័យកាល​ទីបី!

ប៉ុន្តែ​ក្រុម​ «ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា»​ បាន​ភ្លេច​ថា​ ​ព្រះ​យេស៊ូវ​មិនមែន​គ្រាន់តែ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​សម័យកាល​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ទ្រង់​ក៏​ជា​អ្នកបង្កើត​សកលលោក​ទាំងមូល​ផង​ដែរ។ «គ្រប់​របស់​ទាំងអស់​បាន​កើតមក​ដោយសារ​ទ្រង់​ ​ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំងប៉ុន្មាន​ ​នោះ​គ្មានអ្វី​ណាមួយ​កើតមក​ក្រៅពី​ទ្រង់​ឡើយ» (យ៉ូហាន​ ​១ៈ៣)។ ​ «ដ្បិត​គឺ​ទ្រង់​ហើយ​ ​ដែល​បង្កើត​គ្រប់​ទាំងអស់​ ​ទាំង​របស់​នៅ​ស្ថានសួគ៌​ ​និង​នៅ​ផែនដី​ ​ទាំង​របស់​ដែល​មើលឃើញ​ ​ហើយដែល​មើល​មិនឃើញ​ផង​ ​ទោះ​បើជា​រាជ្យ​ ​ឬ​អំណាច​ជា​ព្រះ​អម្ចាស់​ ​ឬ​អំណាច​គ្រប់គ្រង​ ​ឬ​អំណាច​ណា​ក៏ដោយ​ ​នោះ​សុទ្ធតែ​កើតមក​ដោយសារ​ទ្រង់​ ​ហើយ​សំរាប់​ទ្រង់​ទាំងអស់​ផង» (កូល៉ូស​ ​១ៈ១៦)។ ដូច្នេះ​ព្រះ​យេស៊ូវ ជា​អ្នក​បង្កើត​របស់​សព្វសារពើ ទាំង យ៉ាង ស៊ីងប៊ិន និង ចាវ វៃសាន ដែល​គ្រាន់តែ​ជា​មនុស្ស​ប៉ុណ្ណោះ។ ព្រះយេស៊ូវ​ក៏​ជា អាលផា និង​អូមេកា គឺ​ជា​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម ហើយ​ជា​ចុង (វិវរណៈ ២២ៈ១៣)។

ក្រុម​នេះ​បដិសេធ​គោលជំនឿ​ព្រះត្រៃឯក។ ​
ក្រុម​នេះ​បង្រៀន​ថា ព្រះយេស៊ូវ​មិន​អាច​ជម្រះ​មនុស្ស​ពី​អំណាច​នៃ​អំពើ​បាប​ឡើយ។
ក៏ដូចជា​ក្រុម​ខុសឆ្គង​ដទៃទៀត​ដែរ ក្រុម​នេះ​អះអាង​ថា​ ​ព្រះ​យេស៊ូវ​មិនបាន​ជោគជ័យ​ទាំងស្រុង​ក្នុង​បេសកកម្ម​របស់​ព្រះអង្គ​ ដើម្បី​លោះ​មនុស្សជាតិ​ទេ។ ពួកគេ​និយាយ​ថា​ ​ទ្រង់​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​មនុស្សជាតិ​ ​ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយបញ្ហា​នៃ​និស្ស័យ​បាប​ដែល​នៅ​សេសសល់។ ដូច្នេះ​ ត្រូវការ​ព្រះ​គ្រីស្ទ​មួយទៀត​ គឺ​ ​យ៉ាង ស៊ីងប៊ិន។ នៅ​ក្នុង​ វីដេអូ យូធូប ក្រុម​នេះ​និយាយ​ថា «ព្រះ​ដ៏​គ្រប់​ព្រះ​ចេស្ដា គឺ​ជា​ព្រះ​អម្ចាស់​យេស៊ូវ​ដែល​បាន​យាង​ត្រឡប់​មក​វិញ… ពាក្យ​សំដី​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា មាន​សេចក្ដី​ពិត​ទាំង​អស់ ដើម្បី​ជម្រះ និង​សង្គ្រោះ​មនុស្ស​លោក» ពួក​គេ​កំពុង​និយាយ​អំពី​ យ៉ាង ស៊ីងប៊ិន។ នេះ​គឺជា​ការប្រមាថ​ខ្លាំង​ណាស់​ ដល់​ព្រះ​យេស៊ូវ។ យ៉ាង ស៊ីងប៊ិន គឺ​ជា អង់ទីគ្រីស្ទ​មួយ។

ក្រុម​នេះ​ជឿ​ថា ព្រះយេស៊ូវ​មិន​បាន​រស់​ពី​សុគត​ឡើង​វិញ​ទេ។
ការ​នេះ​មានន័យ​ថា​ ក្រុម​នេះ​គ្មាន​សង្ឃឹម​ថា​ ​នឹង​ទទួល​បាន​ជ័យជំនះ​លើ​សេចក្តី​ស្លាប់​ទេ​ ​ពីព្រោះ​មានតែ​ព្រះ​គ្រីស្ទ​ដែល​បាន​ឈ្នះ​សេចក្តី​ស្លាប់​ ​ដែល​អាច​ជួយ​យើង​ឲ្យ​ឈ្នះ​សេចក្តី​ស្លាប់​បាន។ នៅ​ពេល​ដែល​ ​យ៉ាង ស៊ីងប៊ិន ​ស្លាប់​ ​ប្រាកដ​ណាស់​ គាត់​នឹង​មិន​អាច​រស់​ឡើងវិញ​ទេ​ ​ពីព្រោះ​គាត់​មិនមែន​ជា​ព្រះ​គ្រីស្ទ​ពិត។ ​

ក្រុម​នេះ​ជឿ​ថា ព្រះ​គម្ពីរ​បរិសុទ្ធ គឺ​សម្រាប់​សម័យ​កាល​មុន ហើយ​គ្មាន​ប្រយោជន៍​សម្រាប់​សម័យ​កាល​នេះ​ទេ។  ​
ពួក​គេ​បង្រៀន​ថា ជំនួស​ព្រះ​គម្ពីរ​បរិសុទ្ធ ​ឥឡូវ​យើង​មាន​ពាក្យ​ថ្មី​របស់​ «ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា (យ៉ាង ស៊ីងប៊ិន)» ​សម្រាប់​សម័យកាល​នេះ។ ពួកគេ​បាន​បោះពុម្ព​សៀវភៅ​ជាច្រើន​ ដែល​មាន​ពាក្យ​របស់​ ​យ៉ាង ស៊ីងប៊ិន​ ដូច​ជា​សៀវភៅ​ដែល​មាន​ឈ្មោះ​ថា ​ព្រះបន្ទូល​បាន​លេច​មក​ជា​សាច់ឈាម​ ។ ក្រុម​ខុសឆ្គង​នេះ​សង្កត់ធ្ងន់​ទៅលើ​ការប្រជុំ​គ្នា​ ដើម្បី​អាន​ពាក្យ​របស់​«ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា»​ជាមួយ​គ្នា។ ពួកគេ​ហៅ​ការ​ប្រជុំ​នោះ​ថា​ «ការ​សិក្សា​ព្រះ​គម្ពីរ» ​ប៉ុន្តែ​នៅ​ពេល​ពួកគេ​ជួបជុំគ្នា​ ពួកគេ​មិន​សិក្សា​ព្រះ​គម្ពីរប៊ីប​ទាល់​តែ​សោះ​ ​ប៉ុន្តែ​ជា​និមិត្ត ​និង​ពាក្យសំដី​របស់​ព្រះ​គ្រីស្ទ​ក្លែងក្លាយ​ យ៉ាង ស៊ីងប៊ិន នេះ​វិញ។
សូម​កត់​សម្គាល់​នៅ​ក្នុង​រូបភាព​នេះ​ថា ក្រុម​នេះ​បាន​បោះពុម្ព​ពាក្យ​ «ព្រះ​គម្ពីរ​បរិសុទ្ធ» (Holy Bible) នៅ​លើ​គម្រប​សៀវភៅ​របស់​ យ៉ាង ស៊ីងប៊ិន។ នេះ​គឺជា​ការ​បោកប្រាស់​សុទ្ធសាធ។ ចំណងជើង​ «ព្រះ​គម្ពីរ​បរិសុទ្ធ» ​តែងតែ​សំដៅ​ទៅ ​ព្រះ​គម្ពីរ​បរិសុទ្ធ​ដើម​ដែល​មាន​ ​៦៦​កណ្ឌ​ពី​លោកុប្បត្ដិ​រហូត​ដល់​វិវរណៈ។ ប៉ុន្តែ​សៀវភៅ​នេះ ​គ្មានអ្វី​ក្រៅពី​សំដី​របស់​ស្ត្រីជន​ជាតិ​ចិន​ម្នាក់​ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្រុង​ញូវ​យ៉ក ​ដែល​អះអាង​ថា​ ​ខ្លួន​នាង​គឺជា​ «ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា»​ប៉ុណ្ណោះ។ សៀវភៅ​នេះ​ជា​គម្ពីរ​ក្លែងក្លាយ។ ចូរ​ប្រយ័ត្ន​នឹង​ក្រុម​ភូតភរ​អាក្រក់​នេះ។ ប្រសិនបើ​អ្នក​ឃើញ​មនុស្ស​ដែល​មាន​សៀវភៅ​នេះ​ ពួកគេ​គឺជា​ឆ្កែចចក​ដែល​ពាក់​រោម​ចៀម​ ​ហើយ​សៀវភៅ​ដែល​ពួកគេ​សិក្សា​ គឺ​ពោរពេញ​ទៅ​ដោយ​ការ​កុហក។

ឈ្មោះ​ក្រុម​នេះ​គួរ​អោយ​អស់សំណើច​ណាស់​
ឈ្មោះ​មួយ​របស់​គេ​គឺ​ «ផ្លេកបន្ទោរ​ទិស​ខាង​កើត» ​ដោយ​ដកស្រង់​ចេញពី​ ​ម៉ា​ថា​យ​ ​២៤ៈ២៧​  ដែល​ព្រះ​យេស៊ូវ​ប្រកាស​ថា ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់ គឺ​មក​ជា​សាធារណៈ ដែល​មនុស្ស​ទាំង​អស់​ក្នុង​ពិភពលោក​នឹង​ឃើញ៖ «ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក​ ​នោះ​នឹង​បាន​ដូចជា​ផ្លេកបន្ទោរ​ ​ដែល​ភ្លឺផ្លេកៗ​ ​ពី​ទិសខាងកើត​ដល់​ទិសខាងលិច​ដែរ» ហើយ «គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់» (វិវរណៈ ១ៈ៧)។ ប៉ុន្តែ​ ​គ្រីស្ទ​ក្លែងក្លាយ​នៃ​ក្រុម​នេះ មិនបាន​មក​ផែនដី​ជា​សាធារណៈ​ដូចជា​ផ្លេកបន្ទោរ​ដែល​បំភ្លឺ​ពេញ​ផ្ទៃមេឃ​ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នាង​បាន​មក​ដោយ​សម្ងាត់​  ​ហើយ​បាន​លាក់ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ! ​ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះ​គ្រីស្ទ​ពិតប្រាកដ​យាង​មក​វិញ ​ទ្រង់​នឹង​មិន​មក​ដោយ​សម្ងាត់​ទេ។ សូម​ស្តាប់​ពី​ការ​នេះ៖​
«គ្រានោះ​ ​បើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​ ​មើល​ ​ព្រះ​គ្រីស្ទ​គង់នៅ​ទីនេះ​ ​ឬនៅ​ទីនោះ​ ​នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ។ ​  ដ្បិត​នឹង​មាន​ព្រះ​គ្រីស្ទ​ក្លែង​ ​ហើយ​ហោរា​ក្លែង​កើតឡើង​ ​គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ​ ​ហើយនិង​ការ​អស្ចារ្យ​ ​ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង​ ​បើសិនជា​បាន។ ​  ​មើល​! ​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ជាមុន។ ​  ​ដូច្នេះ​ ​បើ​គេ​ប្រាប់​អ្នករាល់គ្នា​ថា​ ​មើល​ ​ទ្រង់​គង់នៅ​ទី​រហោស្ថាន​ ​នោះ​កុំ​ឲ្យ​ចេញទៅ​ឡើយ​ ​ឬ​ថា​ ​មើល​ ​ទ្រង់​គង់​នៅ​ក្នុង​បន្ទប់​ ​នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យសោះ។ ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក​ ​នោះ​នឹង​បាន​ដូចជា​ផ្លេកបន្ទោរ​ ​ដែល​ភ្លឺផ្លេកៗ​ ​ពី​ទិសខាងកើត​ដល់​ទិសខាងលិច​ដែរ»​  ​(ម៉ាថាយ ២៤:២៣-២៧)។
រយៈពេល ៣០ឆ្នាំ​មក​ហើយ «គ្រីស្ទ»​ របស់​ក្រុម​ក្លែងក្លាយ​នេះ​ បាន​លាក់ខ្លួន​នៅ​ក្នុង​ ​«ក្នុង​បន្ទប់» (ខ២៦)​ ​នៅ​ប្រទេស​ចិន​ ហើយ​ឥឡូវ​នៅ«ក្នុង​បន្ទប់» កន្លែង​ណាមួយ​នៅ​ទីក្រុង​ញូវយ៉ក។ ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ ​«គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់»​ (​វិវរណៈ​ ​១:៧) ។

យ៉ាង ស៊ីងប៊ិន​ អះអាង​ថា គាត់​ជា​ព្រះគ្រីស្ទ​ដែល​យាង​ត្រឡប់​មក​វិញ ប៉ុន្តែ​ព្រឹត្តិការណ៍​ណា​ខ្លះ​ត្រូវ​កើត​ឡើង នៅ​ពេល​ព្រះ​គ្រីស្ទ​ពិត​យាង​មក​វិញ?
ព្រះគម្ពីរ​បាន​និយាយ​ច្បាស់​ណាស់​ អំពី​ព្រឹត្តិការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ។ យើង​អាច​ប្រើ​ប្រាស់​បទទំនាយ​ទាំងនេះ ដើម្បី​ល្បងមើល​ យ៉ាង ស៊ីងប៊ិន គឺ​ជា​ព្រះគ្រីស្ទ​ពិត ឬ​ជា​ព្រះគ្រីស្ទ​ក្លែងក្លាយ។
១. ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​មក​វិញ ទ្រង់​នឹង «សង​សេចក្តី​ទុក្ខ​លំបាក» ដល់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​គ្រីស្ទបរិស័ទ ហើយ​ប្រទាន​ការ ​«សំរាក»​ និង​សេចក្តី​សង្គ្រោះ ដល់​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ។ ទ្រង់​នឹង​មក «ជាមួយ​នឹង​ពួកទេវតា​នៃ​ព្រះចេស្តា​ទ្រង់ នៅ​ក្នុង​អណ្តាត​ភ្លើង ទាំង​សងសឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​និង​ពួក​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ ពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​យើង»។ (២ថែស្សាឡូនីច ១:៦-៨) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល យ៉ាង ស៊ីងប៊ិន មក​នោះ?
២. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​មិន​យាង​មក​ដោយ​ស្ងាត់ៗ​ទេ។ មនុស្ស​គ្រប់គ្នា​នៅ​លើ​ពិភពលោក​នឹង​បាន​ឃើញ​ទ្រង់។ «ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេកបន្ទោរ ដែល​ភ្លឺផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ» និង «គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់» «ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង» (ម៉ាថាយ ២៤:២៧; វិវរណៈ ១:៧; ១ថែស្សាឡូនីច ៤:១៦) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល យ៉ាង ស៊ីងប៊ិន មក​នោះ?
៣. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​ត្រឡប់​មក​វិញ នោះ​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។ «ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក» (ម៉ាថាយ ២៤:២៩)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅពេល​ដែល យ៉ាង ស៊ីងប៊ិន មក​នោះ?
៤. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​យាងមក​ដោយ​អំណាច និង​សិរីល្អ ហើយ​មនុស្ស​មាន​បាប​ទាំងអស់​នៅ​លើ​ផែនដី​នឹង​សោកសៅ។ «នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះចេស្តា និង​សិរីល្អ​ជា​ខ្លាំង» (ម៉ាថាយ ២៤:៣០) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅពេល​ដែល យ៉ាង ស៊ីងប៊ិន មក​នោះ?
៥. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ «លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង»។ (ម៉ាថាយ ២៤:៣១) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅ​ពេល​ដែល​ យ៉ាង ស៊ីងប៊ិន មក​នោះ?
៦. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​បំផ្លាញ​អា​ទទឹង​នឹង​ព្រះគ្រីស្ទ (ជា​មនុស្ស​ដែល​ត្រូវ​ហិនវិនាស) «កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិនវិនាស ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិបត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង…នោះ​ទើប​អា​ទទឹង​ច្បាប់​នោះ​នឹង​លេច​មក ដែល​ព្រះអម្ចាស់​យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក»  (២ថែស្សាឡូនីច ២:៣-៤,​ ៨)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅពេល​ដែល យ៉ាង ស៊ីងប៊ិន មក​នោះ?
៧. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​អស់​អ្នក​មាន​បាប​ទាំង​អស់​គ្នា។ «ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះអម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។  ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្តី​សុខ​សាន្ត មាន​សេចក្តី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្តី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ» (១ថែស្សាឡូនីច ៥:២-៣)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅ​ពេល​ដែល​ យ៉ាង ស៊ីងប៊ិន មក​នោះ?
៨. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​កាត់ទោស​គ្រប់គ្នា​ភ្លាមៗ។ «តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរីល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក។  រួច​គ្រប់​ទាំង​សាសន៍​ នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល​ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ» (ម៉ាថាយ ២៥ៈ៣១-៣២)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅ​ពេល​ដែល​ យ៉ាង ស៊ីងប៊ិន មក​នោះ?
៩. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក ទ្រង់​នឹង​ប្រោស​រូបកាយ​អ្នក​ស្លាប់​ទាំង​អស់​ដែល​ជា​គ្រីស្ទបរិស័ទ។ «ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់។  រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ» (១ថែស្សាឡូនីច ៤:១៦-១៧)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅពេល​ដែល យ៉ាង ស៊ីងប៊ិន មក​នោះ?
១០. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក ទ្រង់​នឹង​មិន​កើត​មក​ជា​ទារក​តូច​ទេ ប៉ុន្តែ​ទ្រង់​នឹង​យាង​មក​ពី​ស្ថានសួគ៌​ជា​អ្នក​ចម្បាំង​ដ៏​មាន​គ្រប់​ព្រះចេស្ដា ​ដើម្បី​វិនិច្ឆ័យ​ជំនុំជម្រះ​ផែនដី។ «ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ និង​ព្រះអង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះនាម​ថា «ស្មោះត្រង់ ហើយ​ពិត​ប្រាកដ» ទ្រង់​ជំនុំជំរះ ហើយ​ច្បាំង​ដោយ​សុចរិត ១២ ព្រះនេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ​សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះនាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ ១៣ ទ្រង់​ក៏​ទ្រង់​ព្រះពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះនាម​ទ្រង់​ហៅ​ថា «ព្រះបន្ទូល​នៃ​ព្រះ» ១៤ អស់​ទាំង​ពល​បរិវារ​នៅ​ស្ថានសួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀកពាក់​សំពត់​ទេស ហើយ​ស្អាត​ផង ១៥ មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ​ឱស​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំងបាយជូរ ជា​សេចក្តី​ឃោរឃៅ​របស់​សេចក្តី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ១៦ ទ្រង់​មាន​ព្រះនាម​កត់​នៅ​ព្រះពស្ត្រ ហើយ​នៅ​ព្រះ​ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។ (វិវរណៈ ១៩ៈ១១-១៦)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល យ៉ាង ស៊ីងប៊ិន មក​នោះ?

គ្មាន​ព្រឹត្តិការណ៍​ណា​មួយ​សោះ​បាន​កើត​ឡើង ក្នុង​ចំណោម​ព្រឹត្តិការណ៍​ទាំង​នេះ នៅ​ពេល​ដែល​ យ៉ាង ស៊ីងប៊ិន មក​នោះ។ យ៉ាង ស៊ីងប៊ិន ជា​ព្រះគ្រីស្ទ​ក្លែងក្លាយ។ គាត់​មិនមែន​ជា​ «ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា»​ នោះ​ទេ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នាង​បាន​លាក់​ខ្លួន​ពី​រដ្ឋាភិបាល​ចិន។ ប៉ុន្តែ​នៅ​ពេល​ព្រះ​គ្រីស្ទ​ពិត​យាង​មក ទ្រង់​មិន​ខ្លាច​អ្នក​ណា​ទេ ពីព្រោះ​ទ្រង់​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា​ពិត​ប្រាកដ គឺ​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់!

មុខ​ពូថៅ
តើ​អ្វី​ជា​មុខ​ពូថៅ ដែល​ក្រុម​នេះ​ប្រើ សម្រាប់​ពុះ​គ្រីស្ទ​បរិស័ទ​ចេញ​ពី​ក្រុម​ជំនុំ​ និង​ព្រះ​របស់​គេ? ឧបាយកល​ចម្បង​របស់​ក្រុម​នេះ​គឺ ហ្វេសបុក និង​ទូរស័ព្ទ។ ពួក​គេ​បង្ហោះ​វីដេអូ​តាម​ ហ្វេសបុក និង យូធូប អំពី​ព្រឹត្តិការ​ និង​មហន្តរាយ​នៃ​ថ្ងៃ​ចុង​ក្រោយ ដើម្បី​បំភ័យ​អ្នក​មើល។ នៅ​ពេល​គ្រីស្ទបរិស័ទ​ម្នាក់​ចុច​ឡៃ ​លើ​ការ​បង្ហោះ​នោះ ក្រុម​នេះ​ទាក់​ទង​នឹង​គេ​ភ្លាម​តាម​មេសសិនចឺ​ដើម្បី​សុំ​លេខ​ទូរស័ព្ទ។ នៅ​ពេល​ពួក​បាន​លេខ​ទូរស័ព្ទ​ពួក​គេ​តេ​អ្នក​នោះ​រហូត ដើម្បី​បបួល​ពួក​គេ​ចូល​រួម​«រៀន​ព្រះ​គម្ពីរ»​ជា​មួយ​ពួក​គេ​តាម​ទូរស័ព្ទ​ ឬ​ Zoom។ គ្រីស្ទ​បរិស័ទ​ទាំងអស់​ចាប់អារម្មណ៍​ នឹង​ការសិក្សា​ព្រះ​គម្ពីរ​ ដូច្នេះ​នៅ​ពេល​ក្រុម​នេះ​ ​អញ្ជើញ​គេ​ឲ្យ​ចូល​«សិក្សា​ព្រះ​គម្ពីរ»​ នោះ​គេ​ចាប់អារម្មណ៍​ណាស់។ ប៉ុន្តែ​នៅ​ពេល​គ្រីស្ទ​បរិស័ទ​ចូល​រួម​ ​ពួក​គេ​ឃើញ​ថា ​ក្រុម​នេះ​មិនបាន​សិក្សា​ព្រះ​គម្ពីរ​បរិសុទ្ធ​ទាល់តែសោះ​ ​គ្រាន់តែ​ជា​ពាក្យសំដី​របស់​ស្ត្រី​ដែល​ហៅ​ខ្លួន​ថា​ «ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា»។

ការ​ច្រៀង​ចំរៀង​ថ្វាយបង្គំ​ព្រះ​គ្រីស្ទ​ក្លែងក្លាយ​
គ្រីស្ទ​បរិស័ទ​ក៏​ចូល​ចិត្ដ​ច្រៀង​ចម្រៀង​សរសើរ​ព្រះ​ណាស់។ អ្នកដើរតាម​ យ៉ាង ស៊ីងប៊ិន ​ ​បាន​សរសេរ​បទ​ចម្រៀង​ជា​ច្រើន មិន​មែន​សរសើរ​ព្រះ​ជា​ម្ចាស់​ពិត​ទេ តែ​សរសើរ​ព្រះ​ក្លែងក្លាយ​យ៉ាង ស៊ីងប៊ិន ដែល​គេ​ហៅ​ថា «ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា»​វិញ។ ពួក​គេ​បាន​បកប្រែ​បទ​ចម្រៀង​នោះ​ជាច្រើន​ភាសា​ ​ហើយ​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ក៏ប៉ុន្តែ បទ​ចម្រៀង​របស់​ពួក​គេ មាន​ការ​បោកបញ្ឆោត ឧទាហរណ៍ បទ​ចម្រៀង​របស់​ពួក​គេ​ជា​ភាសា​អង់គ្លេស មិន​ប្រើ​ពាក្យ​សព្វនាម​ស្រី  «She» ​និង «Her» ​សំដៅ​លើ​ ​ យ៉ាង ស៊ីងប៊ិន​ទេ​ ប៉ុន្តែ​ប្រើ​សព្វនាម​បុរស «He» ​និង​ «Him» ហាក់​ដូច​ជា យ៉ាង ស៊ីងប៊ិន​ជា​មនុស្ស​ប្រុស។ ហើយ​ការ​បង្រៀន​នៅ​យូធូប ក៏​សំដៅ​ទៅ​ យ៉ាង ស៊ីងប៊ិន ដោយ​ប្រើ «He» និង «Him» ដែរ។ នេះ​គឺជា​ការ​បោកបញ្ឆោត​ខ្លាំង​ណាស់។ ក្រុម​នេះ​ដឹង​ថា​ ​មនុស្ស​ភាគច្រើន​មិន​ចង់​គិត​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ស្ត្រី​ទេ​ ​ពីព្រោះ​ព្រះ​គ្រីស្ទ​ពិត​ ត្រូវ​តែ​ជា​បុរស​ម្នាក់ ដែល​ជា​កូនចៅ​របស់​ស្តេច​ដាវីឌ។
វិធី​មួយទៀត​ដែល​ពួកគេ​ទាក់ទាញ​សមាជិក​ថ្មី​ គឺ​តាមរយៈ​គេហទំព័រ​របស់​គេ​ឈ្មោះ​ថា​ «kingdom​salvation» ​និង​ «god​footsteps»  ​ដែល​មាន​អត្ថបទ​ ​និង​វីដេអូ​ដែល​ត្រូវ​បាន​បកប្រែ​ទៅ​ភាសា​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក។ ពួកគេ​បាន​បង្ហោះ​វីដេអូ​រាប់​រយ​ ដែល​មាន​ចម្រៀង​ ​មាន​សេចក្ដី​អធិប្បាយ​ ​ទី​បន្ទាល់​ ​និង​ខ្សែ​ភាពយន្ត ​ដើម្បី​សរសើរ​ស្ត្រី​នេះ​ ដែល​ពួកគេ​ហៅថា​ ​«ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា»។  ​កុំ​មើល​វីដេអូ​ យូធូប ​ណាមួយ​របស់​ពួកគេ​ ​ឬ​មើល​គេហទំព័រ​របស់​ពួកគេ​នោះ​ឡើយ។ ប្រសិនបើ​អ្នក​ឃើញ​រូប​សញ្ញាសំគាល់​ ​នេះ​ អ្នក​ត្រូវ​ដឹង​ថា​ ​វា​ជា​ក្រុម​អង់ទីគ្រីស្ទ៖

មិន​យូរ​មិនឆាប់​ព្រះ​គ្រីស្ទ​ក្លែងក្លាយ​នេះ ​ដែល​មកពី​ប្រទេស​ចិន ​នឹង​ត្រូវ​ចាស់​ទៅ (ឥឡូវ​គាត់​មាន​អាយុ​ ​៥០​ ​ឆ្នាំ​ហើយ)។ ទោះបីជា​នាង​ហៅ​ខ្លួនឯង​ថា​ «មាន​គ្រប់​ចេស្ដា» ​ក៏ដោយ​ ក៏​នាង​មិន​អាច​យកឈ្នះ​សេចក្តី​ស្លាប់​បាន​ដែរ​ ​ពីព្រោះ​នាង​គ្រាន់តែ​ជា​មនុស្ស​ធម្មតា​ប៉ុណ្ណោះ​ ​មិនមែន​ជា​ព្រះ​គ្រីស្ទ​ទេ។ ប៉ុន្តែ​នៅពេល​ដែល​ព្រះ​គ្រីស្ទ​ដ៏​ពិត​បាន​សុគត​ នោះ​ទ្រង់​បាន​រស់​ឡើងវិញ​ នៅ​បី​ថ្ងៃក្រោយ​មក​ ​ដូចដែល​ព្រះ​គម្ពីរ​បាន​ចែង​ទុក​។ សេចក្តី​ស្លាប់​មិន​អាច​មាន​ជ័យជំនះ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បានទេ​ ​ពីព្រោះ​ទ្រង់​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្ដា​ពិត! ​ហើយ​នៅពេល​ដែល​ព្រះ​គ្រីស្ទ​ពិតប្រាកដ​ត្រឡប់​មក​ផែនដី​វិញ​ ​ទ្រង់​នឹង​មិន​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ ដូច​ យ៉ាង ស៊ីងប៊ិន​ទេ! ​អត់ទេ​ ​«គ្រប់​ទាំង​ភ្នែក​នឹង​បាន​ឃើញ​ទ្រង់» (វិវរណៈ​១ៈ៧)
ក្រុម​ប្រឹក្សា​គ្រីស្ទបរិស័ទ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​ ចាត់​ទុក​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ (Eastern Lightning) ថា​ជា ក្រុម​ខុសឆ្គង​ដ៏​គ្រោះថ្នាក់។ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​ ហើយ​កុំ​មើល​វីដេអូ​របស់​ពួកគេ ឬ​និយាយ​ជា​មួយ​ពួក​គេ​តាម​ទូរស័ព្ទ។ ពួក​គេ​ជា​ឆ្កែ​ចចក​ពាក់​រោម​ចៀម។
ក្រុម​នេះ​ប្រើ​ឈ្មោះ​ច្រើន៖ The Church of the Almighty God, The Congregation, Eastern Lightning, New Power Lord’s Church, Church of the Gospel’s Kingdom
ចុងក្រោយ​ ​សូម​កុំ​ភ្លេច​ ២យ៉ូ​ហាន​ ​១:១០-១១​ ​«បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្តី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ»។ (កុំ​ភ្លេច​ថា ​ការ​ហាម​មិន​អនុញ្ញាត​ឲ្យ​គេ​ចូល​ផ្ទះ​នេះ ក៏​និយាយ​រួម​ទាំង​ការ​ចូល​តាម​ទូរស័ព្ទ​របស់​ខ្លួន​ដែរ)។

ធនធាន​គួរ​ឲ្យ​ទុក​ចិត្ត
https://www.chinasource.org/resource-library/articles/brief-look-at-some-of-eastern-lightnings-false-teachings/
https://www.chinasource.org/resource-library/articles/a-field-study-of-the-church-of-almighty-god-cult/
https://www.chinasource.org/resource-library/articles/combating-the-cult-almighty-god-church/
https://www.cnn.com/2014/06/06/world/asia/china-eastern-lightning-killing/index.html

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

រស់ឡើងវិញ

ផ្លូវដែល​បេះដូងលោកអ្នកទៅ