in

គម្រោង​គោលការណ៍​នៃ​ការ​ធ្វើ​ព័ន្ធ​កិច្ច

ជា​ទូទៅ ដើម្បី​នឹង​បំពេញ​សម្រេច​កិច្ចការ​អ្វីមួយ នោះ​គេ​តែង​ត្រូវ​ដាក់​គោលដៅ រៀបចំ​ផែនការ ហើយ​ចាប់​ផ្តើម​ដំណើរ​ការ​នៃ​សកម្មភាព​ទៅតាម​ផែនការ​ដែល​បាន​គ្រោង​ទុក​នោះ ទើប​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​គោលដៅ​នៃ​ផែនការ​នោះ។ បើ​គ្មាន​ផែនការ​តាំង​ពី​ដើម​មក​ទេ នោះ​យើង​ពិបាក​ណាស់​ថា កិច្ចការ​នោះ​នឹង​ត្រូវ​ដើរ និង​សម្រេច​ដោយ​របៀបណា។ យើង​តែង​តែ​ឮ​ច្រើន​អំពី​សេចក្តី​សង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាណ​ថ្មី។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​សេចក្តីសង្គ្រោះ​របស់​ព្រះ​ទើបតែ​មាននៅ​ពេល​ព្រះ​យេស៊ូវ​យាងមក​ក្នុង​សញ្ញា​ថ្មី ឬ​យ៉ាងណា? តើ​ព្រះ​បាន​រៀបចំ​ផែនការ និង​ដំណើរ​ការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​មាន​ចាប់​តាំងពី​ពេលណា​មក? ប្រសិនបើ​យើង​ក្រឡេក​មើលទៅ​កាន់​ព្រះ​គម្ពីរ​សញ្ញាណ​ចាស់ ហើយ​សង្កេត​យ៉ាង​យក​ចិត្ត​ទុកដាក់ យើង​នឹង​មើល​ឃើញថា ផែនការណ៍​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​មិនមែន​ទើបតែ​មាននៅ​ក្នុង​សញ្ញាណ​ថ្មី​នោះ​ទេ តែ​វា​ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​តាំងពី​ដំបូង​ក្នុង​ព្រះ​គម្ពីរ​សញ្ញាណ​ចាស់​មក​ម៉្លេះ ។

តាមរយៈ​សំណេរ​ខ្លី​នេះ យើង​នឹង​សិក្សា​ជាមួយ​គ្នា​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​ក្នុង​គម្ពីរ​ទាំងមូល ដើម្បី​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ធ្វើ​គោលការណ៍​នៃ​ព័ន្ធ​កិច្ច​របស់​ព្រះ​ជាម្ចាស់។

ដើម្បី​ឱ្យ​យើង​កាន់តែ​ងាយ​ស្រួល​ក្នុង​ការ​ដែល​ធ្វើ​គោលការណ៍​នៃ​ព័ន្ធ​កិច្ច​បាន​ត្រឹម​ត្រូវ យើង​គប្បី​គួរ​យល់ និង​ក្រឡេក​មើល​ពី​ទេវសាស្រ្ត​ព្រះ​គម្ពីរ​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ ជា​មុន​សិន ទើប​យើង​អាច​ទាញ​ទៅ​រក​ការ​អនុវត្ត​បាន​ត្រឹម​ត្រូវ។ យើង​នឹង​មើល​ជាមួយ​គ្នា​អំពី​ដើមចម ដំណើរ​ការ និង​ការ​ដែល​ត្រូវ​បំពេញ​សម្រេច​នៃ​ផែនការ​ព័ន្ធ​កិច្ច​របស់​ព្រះ​ទាំងមូល។

ទេវសាស្រ្ត​ព្រះ​គម្ពីរ​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ
ដើមចម​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ (លោកុប្បត្តិ ១-៣, ១១)

កិច្ចការ​គ្រប់​យ៉ាង ត្រូវតែ​ចាប់​ផ្តើម​ពី​មូល​ហេតុ​ណាមួយ ដែល​តម្រូវ​ឱ្យ​មាន​ផែនការ​ក្នុង​ការ​ធ្វើ​កិច្ចការ​នោះ។ តើ​អ្វី​ជា​មូល​ហេតុ​ដែល​តម្រូវ​ឱ្យ​ព្រះ​មាន​ផែនការ​ក្នុង​ការ​សង្គ្រោះ​ពិភពលោក? យើង​អាច​មើល​ពី​ផែនការ​ដំបូង​របស់​ព្រះអង្គ​ក្នុង​ពិភពលោក​ក្នុង លោកុប្បត្តិ​ជំពូក១ ដែល​ព្រះ​បាន​បង្កើត​របស់​សព្វ​សារពើ ព្រម​ទាំង​មនុស្ស​ក្នុង​លក្ខណៈ​អង្គ​ទ្រង់ ហើយ​អ្វី​គ្រប់​យ៉ាង​មាន​លក្ខណៈ​ល្អ​ប្រពៃ។ ហើយ​នៅ​ក្នុង លោក. ២:១ ព្រះ​បាន​បង្កើត​របស់​សព្វ​សារពើ​រួច​ជា​ស្រេច បន្ទាប់មក​ទ្រង់​សម្រាក ដោយ​ព្រះ​មាន​បំណង​ចង់​ឱ្យ​មនុស្ស​បាន​ចូល​មក​សម្រាក​ជាមួយ​ទ្រង់​ផង​ដែរ (លោក. ២:១៦-១៧)។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ គឺ​មនុស្ស​បាន​បរាជ័យ​ក្នុង​ការ​រស់នៅ​តាម​ផែនការ ដែលគេ​មិន​បាន​រស់នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​នោះ​ទេ គឺ​គេ​បាន​បះបោរ​ទាស់​ប្រឆាំង​នឹង​ព្រះ លោក. ៣:១-៦។ ដោយ​ការ​មិន​បាន​ស្តាប់​បង្គាប់​ព្រះ ហើយ​ការ​បះបោរ​នេះ​បាន​ផ្លាស់​ប្តូរ​មនុស្ស​ក្នុង​ទំនាក់​ទំនងជា​មួយ​ព្រះ និង​ប៉ះ​ពាល់​ដល់​អ្វី​គ្រប់​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក ដោយ​គ្រប់​យ៉ាង​ស្ថិត​ក្នុង​បណ្តាសា​នៃ​ព្រះ។ មនុស្ស​ក៏​ត្រូវ​រង​ការ​ឈឺចាប់​ដោយសារ​បាន​របស់​គេ (លោក. ៣:១៧-១៩, រ៉ូម ៨:២០-២៣) ហើយ​បាប​បាន​បង្ក​ឱ្យ​មនុស្ស​ឃ្លាត​ឆ្ងាយ​ពី​ព្រះ និង​អំពើ​បាប​កាន់តែ​រីក​រាល​ដាល​ឡើង។ យើង​អាច​មើល លោកុប្បត្តិ ជំពូក១១ ដែល​មនុស្ស​កាន់តែ​មាន​សេចក្តី​អំនួត និង​បះបោរ​ទៅ​កាន់​ព្រះ​ដែលគេ​លែង​ចង់​រស់នៅ​តាម​ព្រះ​តាមរយៈ​ការ​សង់​ប៉ម​បាបិល ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះ​បាន​បំបែក​ភាសា​របស់​គេ ហើយ​គេ​រស់នៅ​ទៅតាម​គ្រួ ភាសា តំបន់​ជាតិ​សាសន៍​រៀងៗ​ខ្លួន ហើយ​ជាតិ​សាសន៍​ទាំង​នោះ កាន់តែ​ឆ្ងាយ និង​លែង​ស្គាល់​ព្រះ​ថែម​ទៀត។ ត្រង់​នេះ​វា​ហាក់​បីដូច​ជា ពេញ​ដោយ​ការ​អស់​សង្ឃឹម​សម្រាប់​ជាតិ​សាសន៍​ទាំងឡាយ ដែល​ត្រូវ​រស់នៅ​ដាច់​ចេញពី​ព្រះ ហើយ​ស្ថិត​នៅ​ក្រោម​សេចក្តី​ក្រោធ និង​ការ​ជំនុំជំរះ​របស់​ព្រះ ។ ប៉ុន្តែ​ព្រះ​ស្រឡាញ់​គេ ទ្រង់​មិន​បាន​បោះបង់​គេ​ទេ។ នេះ​ជា​ហេតុ​ដែល​ទ្រង់​មាន​ផែនការ​ក្នុង​ការ​សង្គ្រោះ​គេ​ត្រឡប់​មក​កាន់​ឯ​ទ្រង់​វិញ។

ដំណើរ​ការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ​សម្រាប់​ជាតិ​សាសន៍​ទាំងឡាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់
យើង​បាន​មើល​ពីដើម​ចម​នៃ​ផែនការ​សង្គ្រោះ​របស់​ព្រះ​សម្រាប់​សាសន៍​ទាំង​អស់​មក​ហើយ តើ​អ្វី​ជា​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់?

តាម​ពិត​ទៅ ព្រះ​បាន​បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់​ចំពោះ​មនុស្ស តាំងពី លោកុប្បត្តិ ៣:១៥ មក​ម៉្លេះ ដែល​ទ្រង់​នឹង​សង្គ្រោះ​គេ​តាមរយៈ​ពូជ​មនុស្ស ។ ហើយ​យើង​ឃើញថា នៅ​ក្នុង លោកុប្បត្តិ ១២:១-៣ ព្រះ​បាន​ចាប់​ផ្តើម​ដំណើរ​ផែនការ​សង្គ្រោះ​របស់​ទ្រង់​ឱ្យ​មាន​សកម្មភាព​ឡើង​តាមរយៈ​ការ​ត្រាស់ហៅ​លោក​អ័ប្រាហាំ ដោយ​ទ្រង់​ប្រទាន​ពរ​គាត់ ដើម្បី​តាមរយៈ​ជីវិត​របស់​គាត់ ធ្វើ​ឱ្យ​សាសន៍​ដទៃ​បាន​ស្គាល់​ពី​ព្រះ ហើយ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ព្រះ និង​ត្រឡប់​មក​ឯ​ព្រះ​វិញ ។ ហើយ​តាម​រយៈ​ពូជ​ពង្ស​របស់​លោក​អ័ប្រាហាំ​ផង​ដែរ ព្រះ​បាន​ជ្រើសរើស លោក​យ៉ាកុប ដោយ​ប្តូរ​ឈ្មោះ​គាត់​ជា «អ៊ីស្រាអែល» ដោយ​គាត់​បាន​ឈ្នះ​ព្រះ និង​មនុស្ស​ទាំងឡាយ ហើយ​ឈ្មោះ​របស់​គាត់​ក៏​មានន័យថា ឪពុក​នៃ​ជាតិសាសន៍​ទាំងឡាយ (លោកុប្បត្តិ ៣២:២៥-២៩)។ តាមរយៈ​ការ​ជ្រើសរើស​សាសន៍​អ៊ីស្រាអែល​នេះ​ហើយ គឺ​ព្រះ​ចង់​ប្រើ​គេ ប្រគល់​តួនាទី​ដល់​ពួកគេ ដោយ​តាមរយៈ​ពួកគេ ទ្រង់​ចង់​ផ្តល់​កាតព្វកិច្ច​ឱ្យ​គេ​នាំ​សាសន៍​ត្រឡប់​មក​ឯ​ព្រះ ដោយ​ទ្រង់​នឹង​បង្ហាញ​ឫទ្ធិបារមី​របស់​ទ្រង់​ក្នុង​ជីវិត​របស់​គេ ឱ្យ​គេ​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ (លោក. ១២:១-៣, និក្ខមនំ ៩:១៦; ១៩:៥-៦; ទំនុក. ៦៧)។ ដើម្បី​ឱ្យ​គេ​បាន​បំពេញ​កាតព្វកិច្ច​របស់​ព្រះ ទ្រង់​ក៏បាន​ផ្តល់​ឱកាស​ដល់​ពួកគេ តាមរយៈ​ការ​ផ្តល់​ព្រះពរ និង​ទទួល​បាន​ការ​រីកចម្រើន​ជា​ច្រើន​ដល់​គេ។ ព្រះ​បាន​ដាក់​អ៊ីស្រាអែល​ឱ្យ​ចំ​កណ្តាល​ផែនដី (មីកា ៣៨:១២) ដែល​មនុស្ស​គ្រប់​ទិសទី​ធ្វើ​ដំណើរ​ត្រូវតែ​ឆ្លង​កាត់​ប្រទេស​របស់​គេ ហើយ​គេ​មាន​ឱកាស​និយាយ​ប្រាប់​គេ​អំពី​ព្រះ។ ម្យ៉ាង​វិញ​ទៀត គេ​មាន​ឱកាស​បាន​ក្លាយ​ជា​ប្រជា​រាស្រ្ត​របស់​ព្រះ ទទួល​បាន​ការ​ធានា​សុខ​ភាព សុវត្ថិភាព ការ​រីកចម្រើន ទឹកដី មាន​ព្រះអង្គ​ជា​ស្តេច​ត្រួត​ត្រា​លើ​ពួកគេ​ផ្ទាល់ ព្រម​ទាំង​មាន​បទ​ពិសោធន៍​អំពី​នគរ​ព្រះ​នៅ​សម័យ​សាលម៉ូន​ផង​ដែរ ដែល​មនុស្ស​គ្រប់​រូប​បាន​ស្វែងរក​សេចក្តី​សុខ​សាន្ត​មកពី​ព្រះ​នា​សម័យ​នោះ ។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង គឺ​អាស្រ័យ​លើ​ការ​ឆ្លើយតប​របស់​អ៊ីស្រាអែល​ចំពោះ​កាតព្វកិច្ច​របស់​ពួកគេ​ផង​ដែរ។ ប៉ុន្តែ​យើង​អាច​មើល​ឃើញថា នៅ​ក្នុង​គម្ពីរ​សញ្ញាណ​ចាស់ ពួកគេ​តែងតែ​បរាជ័យ​ចំពោះ​ការ​ត្រាស់ហៅ​របស់​ព្រះ ក្នុង​ការ​ប្រគល់​តួនាទី​ទៅ​ឱ្យ​ពួកគេ (ចោទិ. ២៩; យ៉ូស្វេ ២៤:១៤-២១; ចៅហ្វាយ ២:១៦-១៩; ១សាំ. ៨; ១ ពង្ស. ១១:១-១៣; អេសេគាល ២០:៣០-៣៨)។

ទោះបីជា អ៊ីស្រាអែល​បរាជ័យ​ក្នុង​តួនាទី​របស់​ពួកគេ​ក៏ដោយ ក៏​ព្រះ​នៅតែ​បន្ត​ក្នុង​ការ​ប្រើ​ប្រាស់​ជីវិត​គេ ដើម្បី​បង្ហាញ​ឱ្យ​មនុស្ស​ដទៃ​បាន​ស្គាល់​អំពី​ទ្រង់។ មាន​ពេល​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែលគេ​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ហើយ​គេ​បាន​ធ្វើបាប និង​ទទួល​បាន​ការ​ជំនុំជំរះ​ក្លាយ​ជា​ទាសករ​របស់​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ក៏​ទ្រង់​នៅតែ​បង្ហាញថា ទ្រង់​ជា​នរណា​ដល់​សាសន៍​ដទៃ​តាមរយៈ​ការ​ដែល​ទ្រង់​ជំនុំជំរះ​សាសន៍​ដទៃ ហើយ​ស្តា​គេ​ឡើង​វិញ​ចាក​ចេញ​ពី​របប​ទាសភាព​ថ្មី។ ហើយ​លទ្ធផល គឺ​សាសន៍​ដទៃ​នឹង​ស្គាល់​ថា ព្រះយេហូវ៉ា​ជា​ព្រះ​ពិតតែ​មួយ ហើយ​នាំ​នូវ​សម្បត្តិ​ទ្រព្យ​របស់​គេ​មក​ឯ​ក្រុង​យេរូសាឡិម (មីកា ៤:១-៤; អេសាយ ២:២-៣; ៦៦:១២; សាការី. ២:១២-១៥; ហាកាយ ២:៧, ១០)។

មហា​បេសកកម្ម​របស់​ព្រះយេស៊ូវ (ម៉ាថាយ ២៨:១៨-២០)
ចូល​មក​កាន់​សញ្ញា​ថ្មី យើង​មើល​ឃើញថា ព្រះជាម្ចាស់​បាន​ធ្វើ​បេសកកម្ម​តាមរយៈ​ការ​យាងមក​របស់​ព្រះយេស៊ូវ​ជា​បុត្រា​ព្រះ ដែល​ទ្រង់​បាន​សន្យា​តាំងពី​លោកុប្បត្តិ និង​កណ្ឌ​ហោរា​ផ្សេងៗ​ក្នុង​សញ្ញា​ចាស់។ ព្រះយេស៊ូវ​បាន​បន្ត​បំពេញ​បេ​សកម្ម​របស់​ទ្រង់​ទាំង​សម្រាប់​សាសន៍​យូដា និង​ដល់​សាសន៍​ដទៃ។ ទ្រង់​ចេញ​ទៅ​ប្រកា​ស​ព្រះបន្ទូល​ព្រះ និង​ធ្វើ​ព័ន្ធ​កិច្ច​របស់​ទ្រង់​រហូត​ដល់​ទ្រង់​សុគត និង​រស់​ឡើង​វិញ។ យើង​មើល​ឃើញថា ទោះបីជា​ព្រះយេស៊ូវ​ទ្រង់​បាន​បញ្ចប់​បេសកកម្ម​របស់​ទ្រង់​អំពី​ការ​សុគត ហើយ​រស់​ឡើង​វិញ និង​ដល់​ពេល​ត្រូវ​ត្រឡប់​ទៅវិញ​ក៏ដោយ វា​មិន​មែន​មានន័យ​ថា ទ្រង់​បាន​បញ្ឈប់​ផែនការ​របស់​ព្រះជាម្ចាស់​នោះ​ទេ។ យើង​អាច​នៅតែ​មើល​ឃើញ​ពី​ផែនការ​សង្គ្រោះ​របស់​ទ្រង់ តាមរយៈ​មហា​បេសកកម្ម​មួយ​ដែល​ព្រះយេស៊ូវ​បាន​ដាក់​ឱ្យ​ពួក​សិស្ស​ធ្វើ​មុន​ពេល​ដែល​ទ្រង់​ត្រូវ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ (ម៉ាថាយ ២៨:១៨-២០)។ បន្ទាប់ពី​ឈ្នះ​ការ​សុគត ហើយ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ខ១៨ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទ្រង់​ត្រូវ​បាន​ប្រគល់​អំណាច​អំណាច​មក​កាន់​ទ្រង់​ទាំង​នៅ​លើ​ស្ថាន​សួគ៌ និង​ផែនដី។ វា​មានន័យថា ត្រង់​មាន​អំណាច​លើ​មនុស្ស និង​អ្វី​ទាំង​អស់។ ទើប​ក្នុងខ១៩ ព្រះអង្គ​បាន​ចេញ​បង្គាប់​បញ្ជា​ឱ្យ​ពួក​សិស្ស​របស់​ទ្រង់ ចេញទៅ​បង្កើត​សិស្ស​គ្រប់​ជាតិ​សាសន៍ ដោយ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ឱ្យ​គេ​ក្នុង​ព្រះ​នាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះយេស៊ូវ​បាន​បង្គាប់​បញ្ជា​ដោយ​អំណាច​ទៅ​កាន់​ពួក​សិស្ស ដែល​ជា​លទ្ធផល​ពួកគេ​ត្រូវ​ឆ្លើយតប​ក្នុង​បេ​សកម្ម​នេះ ដោយ​គេ​ត្រូវ​ដឹង​ថា ទ្រង់​មាន​អំណាច​លើ​គេ ហើយ​ម្យ៉ាង​ទៀត​គេ​ត្រូវ​ទុក​ចិត្ត​ថា ទ្រង់​មាន​អំណាច​ក្នុង​ការ​ធ្វើ​ឱ្យ​កិច្ចការ​នេះ​អាច​កើត​ឡើង​បាន។ នៅ​ត្រង់​នេះ យើង​អាច​មើល​ឃើញថា ផែនការ​សង្គ្រោះ​ដ៏​ធំ និង​សំខាន់​មួយ​របស់​ព្រះជាម្ចាស់ គឺជា បេសកកម្ម​នៃ «ការ​បង្កើត​សិស្ស»។ ព្រះអង្គ​មិនមែន​គ្រាន់តែ​ចង់​បាន​អ្នកជឿ ឬ​អ្នក​ដែល​ដើរ​តាម​ទ្រង់​តែ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ទ្រង់​ចង់​ឱ្យ​មាន​សិស្ស​ដែល​មាន​លក្ខណៈ​ដូចជា​ព្រះអង្គ ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្តិ​របស់​ទ្រង់។ ដូច្នេះ​ពួក​សាវ័ក​របស់​ទ្រង់ ត្រូវតែ​ចេញទៅ​គ្រប់​ទាំង​សិស្ស​សាសន៍ បង្រៀន​គ្រប់​ទាំង​បញ្ញត្តិ និង​ព្រះបន្ទូល​របស់​ទ្រង់ ដើម្បី​ឱ្យ​គេ​ក្លាយ​ជា​សិស្ស​របស់​ទ្រង់។ ហើយ​នៅ​ខ២០ ព្រះយេស៊ូវ​បាន​សន្យា​ថា ពួកគេ​មិនមែន​ធ្វើ​បេសកកម្ម​តែ​ម្នាក់ឯង​ទេ។ ប៉ុន្តែ​គេ​មាន​ទ្រង់​ដែល​នឹង​គង់នៅ​ជាមួយ​គេ​អស់​កល្ប ដើម្បី​សម្រេច​ផែនការ​សង្គ្រោះ​របស់​ទ្រង់​ផង​ដែរ។

តួនាទី​របស់​ពួក​ជំនុំ​ក្នុង​ចំណែក​ផែនការ​សង្គ្រោះ​របស់​ព្រះ
ក្រៅ​ពី​មហា​បេសកកម្ម​ដ៏​ធំ​ដែល​ព្រះយេស៊ូវ​បាន​ប្រគល់​ដល់​ពួក​សិស្ស យើង​មើល​ឃើញថា អ្នក​មាន​តួនាទី និង​ចំណែក​ដ៏​សំខាន់​ដែល​ព្រះ​ចង់​ប្រើ​សម្រាប់​ផែនការ​របស់​ទ្រង់​នោះ​គឺ ពួក​ជំនុំ។ យើង​ឃើញថា នៅ​ម៉ាថាយ ១០-១១ អ៊ីស្រាអែល​បាន​បដិសេធ នគរ​របស់​ព្រះអង្គ ប៉ុន្តែ​ទោះ​បើជា​យ៉ាង​នេះ​ក៏ដោយ​ក៏​មិន​មែន​មានន័យ​ថា ផែនការ​របស់​ទ្រង់​បរាជ័យ​នោះ​ទេ គឺ​ព្រះយេស៊ូវ​មាន​បន្ទូល​ដោយ​ផ្ទាល់ នៅ​ក្នុង ម៉ាថាយ ១៦:១៨ ថា​ទ្រង់​នឹង​តាំង​ឱ្យ​មាន​ពួក​ជំនុំ​ដែល​ជឿ​ដល់​ទ្រង់​ឡើង ហើយ​គេ​មាន​អំណាច​លើ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៀត​ផង។ តាមរយៈ​ក្រុម​ជំនុំ ព្រះ​ចង់​ប្រើ​គេ​ជា​ចំណែក​ផែនការ សម្រាប់​សេចក្តីសង្គ្រោះ​របស់​ទ្រង់​ដល់​គ្រប់​ជាតិ​សាសន៍ ព្រម​ទាំង​ស្តា​ឱ្យ​អ៊ីស្រាអែល​បាន​មាន​ជំនឿ​លើ​ទ្រង់​ផង​ដែរ។

យើង​ឃើញថា បេសកកម្ម​នេះ​បាន​ចាប់​ផ្តើម​ឡើង នៅ​ក្នុង កិច្ចការ ១:៨, ១០-១១ ដែល​ពួក​សាវ័ក​ត្រូវតែ​ឆ្លើយតប​ចំពោះ​បេ​សកម្ម​របស់​ព្រះ ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​ព្យាយាម​ផ្សាយ​ដំណឹង​ល្អ និង​បង្រៀន​ព្រះ​បន្ទូល​ចាប់​តាំងពី​ក្រុង​យេរូសាឡិម ដល់​សាសន៍​ដទៃ និង​រហូត​ដល់​ដំណឹង​ល្អ​ទៅ​កាន់​ចុង​ផែនដី។
ហើយ​យើង​ក៏​អាច​មើល​ឃើញ​ពី​ផល​ផ្លែ​ដំបូង​នៃ​កំណើត​ពួក​ជំនុំ ដែល​បាន​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃទី៥០ នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ​ជំពូក២ ផង​ដែរ។ មាន​ការ​អស្ចារ្យ​កើត​មាន​ឡើង ដោយ​ព្រះ​វិញ្ញាណ​បាន​សណ្ឋិត​លើ​សាវ័ក ហើយ​គេ​បាន​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះ ហើយ​មនុស្ស​គ្រប់​ជាតិ​សាសន៍​បានឮ​ដំណឹង​ល្អ​តាម​ភាសា​របស់​គេ​រៀងៗ រួច​គេ​ធ្វើ​ការ​កែ​ប្រែ​ចិត្ត និង​ទទួល​ពិធី​ជ្រមុជ​ទឹក ព្រម​ទាំង​ត្រឡប់​ទៅវិញ។ ពួកគេ​បន្ត​ការ​ប្រកាស​ដំណឹង​ល្អ​ពី​សេចក្តីសង្គ្រោះ​របស់​ព្រះ ព្រម​ទាំង​បង្កើត​ក្រុម​ជំនុំ ដើម្បី​ជួបជុំ​គ្នា​ទៀត​ផង ។ នេះ​ជា​ផល​ផ្លែ​ដំបូង​ដែល​បង្ហាញថា ព្រះ​កំពុងតែ​ចាប់​ផ្តើម​ផែនការ​របស់​ទ្រង់ ហើយ​ទ្រង់​ក៏​នឹង​បន្ត​ដើម្បី​បំពេញ​សម្រេច​វា​ផង​ដែរ។
បើ​យើង​ក្រឡេក​មើល កិច្ចការ ១៣ យើង​ឃើញថា ព្រះជាម្ចាស់​ទ្រង់​បាន​ត្រាស់ហៅ​សាវ័ក ប៉ុល ហើយ​ញែក​គាត់​សម្រាប់​ដំណឹង​ល្អ​ដល់​សាសន៍​ដទៃ។ ហើយ​សាវ័ក ប៉ុល ក៏បាន​ខិតខំ​ដាំ​ក្រុម​ក្រុម​ជំនុំ និង​ថែទាំ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជំនុំ​ដែល​មាន​ស្រាប់ ព្រម​ទាំង​បង្កើត​ឱ្យ​មាន​រចនា​សម្ព័ន្ធ ពួក​ចាស់ទុំ និង​មុខងារ​ផ្សេងៗ ក្នុង​ក្រុម​ជំនុំ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​បង្កើត​សិស្ស​ក្នុង​ដំណឹង​ល្អ​ផង​ដែរ ដោយ​ព្រោះ​គាត់​ដឹង​ថា ក្រុម​ជំនុំ​មាន​តួនាទី​សំខាន់​ក្នុង​ផែនការ​សង្គ្រោះ​របស់​ព្រះជាម្ចាស់ ។

ការ​អនុវត្ត​ក្នុង​គោលការណ៍​ក្នុង​ការ​ធ្វើ​ព័ន្ធ​កិច្ច​ខាង​បេសកកម្ម
ដោយ​យើង​ទៅ​តាម​ទេវសាស្រ្ត​ព្រះ​គម្ពីរ និង​ទេវសាស្រ្ត​ជា​ប្រព័ន្ធ​ខាងលើ នោះ​ដើម្បី​អាច​ទាញ​គោលការណ៍​ក្នុង​ការ​ចាប់​ផ្តើម​ធ្វើ​ព័ន្ធ​កិច្ច​នៃ​ព្រះ​ដូច​ខាង​ក្រោម៖

យុទ្ធសាស្ត្រ
តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​ទាំងឡាយ? តើ​ធ្វើ​ដោយ​របៀបណា? ព្រះ​មាន​បន្ទូល​ឱ្យ​យើង​ចេះ​ទៅ​គ្រប់​ទាំង​សាសន៍ និង​បង្រៀន​គេ​ឱ្យ​ស្គាល់ និង​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះ (ម៉ាថាយ ២៨:១៨-២០; កិច្ចការ ១:៨; រ៉ូម ១៥:៧- ១៣)។ យើង​អាច​សម្លឹង​មើល​ពី​តំបន់ ឬ​ជាតិ​សាសន៍​ណា​ដែល​ដំណឹង​ល្អ​មិន​ទាន់​ទាន់​ដល់ រួច​ចូល​ទៅ​កាន់​ពួកគេ។ យើង​អាច​ប្រើ​មធ្យោបាយ ឬ​យុទ្ធសាស្ត្រ​ផ្សេងៗ​ក្នុង​ការ​បម្រើ និង​បង្កើត​ទំនាក់​ទំនងជា​មួយ​ពួកគេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាងគេ​បំផុត គឺ​បង្រៀន​ពី​ព្រះបន្ទូល។

ការ​ដាស់តឿន/ រំឭក​ដល់​ក្រុម​ជំនុំ
តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច បើ​ក្រុម​ជំនុំ​មិន​ចាប់​អារម្មណ៍​ក្នុង​បេសកកម្ម​របស់​ព្រះ? តើ​ក្រុម​ជំនុំ​មាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ព័ន្ធ​កិច្ច និង​បេសកកម្ម​របស់​ព្រះ? យើង​ត្រូវ​រំឭក​គេ​អំពី​តួនាទី​របស់​គេ និង​ផែនការ​ដែល​ព្រះ​ចង់​ប្រើ​គេ សម្រាប់​ការ​បំពេញ​បេសកកម្ម​របស់​ទ្រង់ (ម៉ាថាយ ១២-២៨) ដំណឹង​ល្អ​របស់​ព្រះ​នឹង​ទៅដល់​សាសន៍​ដទៃ ហើយ​ព្រះ​នឹង​ប្រើ​ប្រាស់​ក្រុម​ជំនុំ​សម្រាប់​បេសកកម្ម​របស់​ព្រះ។

ការ​ចាត់​បញ្ជូន
ហេតុ​អ្វី​បាន​ជា​ក្រុម​ជំនុំ​ត្រូវ​ចាត់​បញ្ជូន​មនុស្ស​ឱ្យ​ផ្សាយ​ដំណឹង​ល្អ? ហេតុ​អ្វី​បាន​ជា​វា​សំខាន់? ការ​ចាត់​បញ្ជូន​មនុស្ស​ឱ្យ​ចេញ​ផ្សាយ​ដំណឹង​ល្អ វា​មាន​សារៈសំខាន់ ពីព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ព្រះ​បាន​រើស​គេ (អេភេសូរ ១:៤-៥) ប៉ុន្តែ​ពួកគេ​មិន​ទាន់​បានឮ​ដំណឹង​ល្អ ដូច្នេះ​វា​សំខាន់​ក្នុង​ការ​ឱ្យ​មាន​មនុស្ស​ចេញ​ទៅ​ប្រកា​ស​ប្រាប់​គេ​អំពី​ដំណឹង​ល្អ​នៃ​ព្រះ ទើប​គេ​អាច​សម្រាប់​ចិត្តជឿ (រ៉ូម ១០:១៤-១៧) និង​កែ​ប្រែ​ចិត្ត​របស់​គេ​បាន (កិច្ចការ ២៦:២០)។

ហិរញ្ញ​វត្ថុ
តើ​យើង​ត្រូវ​ការ​អ្វី​ខ្លះ ឬ​ផ្នែក​ហិរញ្ញ​វត្ថុ​កម្រិត​ណា ដើម្បី​ចាប់​ផ្តើម​ធ្វើ​ព័ន្ធ​កិច្ច​របស់​ព្រះ? យើង​តែងតែ​គិតថា យើង​ខ្វះខាត មិន​មាន​អ្វី​ក្នុង​ការ​ធ្វើ​ព័ន្ធ​កិច្ច​របស់​ព្រះ​នោះ​ទេ។ ភាគ​ច្រើន​យើង​ចង់​រង់​ចាំ​ជំនួយ ឬ​ទទួល​ចំណែក​ណាមួយ​ដែល​គេ​ផ្តល់​ឱ្យ ទើប​ចង់​ប្រើ​វា​សម្រាប់​ធ្វើ​ព័ន្ធ​កិច្ច​របស់​ព្រះ។ យើង​តែង​គិតថា អ្វី​ដែល​យើង​មាន​ជា​កម្ម​សិទ្ធ​របស់​យើង ហើយ​យើង​ចង់​ទុក​វា​សម្រាប់​ប្រើ​ប្រាស់​ជា​ប្រយោជន៍​របស់​យើង។ ក៏​ប៉ុន្តែ​តាម​ពិត​ទៅ អ្វីៗ​ទាំង​អស់​ដែល​យើង​មាន ជា​របស់​ទ្រង់​ទាំង​អស់ (ទំនុក​តម្កើង ២៤:១-២) ប៉ុន្តែ​ព្រះ​ទ្រង់​បាន​ផ្តល់​ឱ្យ​យើង​មាន​ភាព​កាន់​កាប់​ត្រួតត្រា​នូវ​អ្វី​ដែល​យើង​មាន (ម៉ាថាយ ១៩:២១-២៤) ទាំង​ចំណេះ ជំនាញ មុខរបរ ការងារ សម្ភារៈ និង​លុយ​កាក់​គ្រប់​បែបយ៉ាង។ យើង​អាច​ប្រើ​អ្វី​ដែល​យើង​មាន​នោះ សម្រាប់​ព័ន្ធ​កិច្ច​របស់​ទ្រង់។ ហើយ​យើង​អាច​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ​ក៏បាន ប្រសិនបើ​យើង​គិតថា​គ្មាន​អ្វី​ទាំង​អស់ ក៏​ប៉ុន្តែ​ពុំ​ដូច​នោះ​ទេ ព្រោះ​ព្រះ​បាន​ប្រទាន​ពរ​ឱ្យ​យើង​មាន​លើស​ពី​សូន្យ។ យើង​អាច​ចាប់​ផ្តើម ដោយ​ការ​បង្កើត​សិស្ស ឬ​បង្រៀន​ព្រះ​បន្ទូល​ឱ្យ​គេ​ស្គាល់ និង​កាន់​តាម​បាន (ម៉ាថាយ ២៨:១៨-២០) ដោយ​វា​មិន​ទាមទារ​ធនធាន​អ្វី​ច្រើន​នោះ​ទេ យើង​ត្រូវ​ការ​តែ​ពេល​វេលា​ប៉ុណ្ណោះ ដែល​អាច​លះបង់​បាន ហើយ​ប្រើ​វា​សម្រាប់​ជា​ប្រយោជន៍​បេសកកម្ម​របស់​ព្រះ ។

សរុប​មក វា​ជា​ការ​សំខាន់​ក្នុង​ការ​ដែល​គ្រីស្ទបរិស័ទ​អាច​យល់​ដឹង និង​មើល​ឃើញ​ពី​រូប​ភាព​ធំ​នៃ​កិច្ច​ការ​ផែនការ​សង្គ្រោះ​ពិភពលោក​របស់​ព្រះ ដើម្បី​ឱ្យ​គេ​អាច​រួម​ចំនែក​ក្នុង​ការ​ធ្វើ​ព័ន្ធ​កិច្ច និង​បំពេញ​មហា​បេសកកម្ម​របស់​ព្រះ​បាន។ យ៉ាង​ណា​មិញ ដើម្បី​ជា​ស្ពាន​សម្រាប់​ពួកគេ​ក្នុង​ការ​អនុវត្ត និង​ទាញ​គោលការណ៍​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ​ព័ន្ធ​កិច្ច​របស់​ព្រះ នោះ​គេ​ត្រូវតែ​យល់​ពី​ទេវសាស្រ្ត​ព្រះ​គម្ពីរ ទេវសាស្រ្ត​ជា​ប្រព័ន្ធ និង​បរិបទ​ជាក់​ស្តែង​ជា​មូលដ្ឋាន​គ្រឹះ​របស់​គេ​ជា​មុន​សិន។

សរសេរ​ដោយ៖ និស្សិត​នៃ​សាលា​ព្រះ​គម្ពីរ​ភ្នំពេញ (រឿន សុវណ្ណារិទ្ធ )
មុខវិជ្ជា៖ បេសកកម្ម​ពិភពលោក
បង្រៀន​ដោយ៖ លោក​សាស្ត្រាចារ្យ Ryan Quey
កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ និង​លោក ស៊ូ ទិត្យ

ឯកសារយោង
គម្ពីរ​បរិសុទ្ធ​ឆ្នាំ ១៩៥៤
បេសកកម្ម​ពិភពលោក, រៀបរៀង​ដោយ​លោក​គ្រូ Ryan Quey (2023)
បេសកកម្ម​ពិភពលោក ទេវសាស្រ្ត​ព្រះ​គម្ពីរ​ស្តី​ពី​បេសកកម្ម​របស់​ព្រះ៖ ព្រះ​គម្ពីរ​ម៉ាថាយ, រៀបរៀង​ដោយ​លោក​គ្រូ Ryan Quey (2023)
បេសកកម្ម​ពិភពលោក, ទេវសាស្រ្ត​ព្រះ​គម្ពីរ​ស្តី​ពី​បេសកកម្ម​របស់​ព្រះ៖ ព្រះ​កិច្ចការ, រៀបរៀង​ដោយ​លោក​គ្រូ Ryan Quey (2023)
ស្លាយ​មេរៀន និង​សម្លេង​នៅ​ក្នុង​ថ្នាក់​បេសកកម្ម​នៃ​ពិភពលោក​របស់​លោក​គ្រូ Ryan Quey
Retrieved from: https://l.facebook.com/l.php?u=https%3A%2F%2Fdrive.google.com%2Fdrive%2Ffolders%2F1tR9POnDttUaqiJYxuQPA94oGy7Q3I

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មិន​មើល មិន​ស្ដាប់ និង​មិន​និយាយ​ការ​អាក្រក់