in

រឿង​ប្រៀប​ធៀប​អំពី​ប្រភេទ​ដី

ម៉ាកុស ៤:១ «១ ព្រះ​អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​មាត់​សមុទ្រ​ម្តង​ទៀត ហើយ​មាន​បណ្ដាជន​ច្រើន​កុះករ​ជួប​ជុំ​គ្នា​នៅ​ជុំ​វិញ​ព្រះ​អង្គ ដូច្នេះ​ព្រះ​អង្គ​ក៏​យាង​ចុះ​ទៅ​គង់​លើ​ទូក ក្នុង​សមុទ្រ ហើយ​បណ្ដាជន​ទាំង​អស់ នៅ​លើ​គោក តាម​មាត់​សមុទ្រ»។

ក្នុង​ខ១ យើង​ឃើញ​ថា​លោក ម៉ាកុស បាន​ប្រាប់​យើង​អំពី​ទី​កន្លែង​ដែល​ព្រះ​យេស៊ូវ​បាន «ចាប់​ផ្ដើម​បង្រៀន» គឺ​នៅ «មាត់​សមុទ្រ» ហើយ​គាត់​បាន​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដោយ​ប្រើ​ពាក្យ «ម្ដង​ទៀត»។ ក្នុង​ជំពូក​មុនៗ​ដែល​យើង​បាន​សិក្សា​ជា​មួយ​គ្នា យើង​ឃើញ​ថា «សមុទ្រ» មួយ​នេះ​គឺ​តាម​ពិត​ទៅ​សំដៅ​ទៅ​លើ​បឹង​កាលីឡេ។

ទាក់​ទង​នឹង​ពេលវេលា យើង​មិន​បាន​ដឹង​ប្រាកដ​ទេ។ ទាក់​ទង​ទៅ​នឹង​អស់​អ្នក​ដែល​ព្រះ​អង្គ​កំពុង​បង្រៀន​គឺ «បណ្ដា​ជន​ច្រើន​កុះករ [ដែល​បាន​មក] ជួប​ជុំ​គ្នា​នៅ​ជុំ​វិញ​ព្រះ​អង្គ»។ ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ដំបូង​ដែរ ដែល​មាន​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ​អង្គ។ យើង​ឃើញ​ថា គេ​ធ្លាប់​ទៅ​រក​ព្រះ​អង្គ​នៅ​ឯ​ផ្ទះ​របស់​លោក ស៊ីម៉ូន-ពេត្រុស ក្នុង​ជំពូក​មុនៗ។

ខណៈពេល​ដែល​មហាជន​កំពុង​តែ​ចោម​រោម​ព្រះ​យេស៊ូវ​លោក ម៉ាកុស ក៏​បាន​ប្រាប់​យើង​ថា «ព្រះ​អង្គ​ក៏​យាង​ចុះ​ទៅ​គង់​លើ​ទូក»។ មូល​ហេតុ​គឺ​ពីព្រោះ​មាន​មនុស្ស «កុះករ» ច្រើន​ពេក​នៅ​ជុំ​វិញ​ទ្រង់។ ហើយ​មូល​ហេតុ​មួយ​ទៀត​គឺ​ពីព្រោះ​នៅ​ឆ្នេរ​សមុទ្រ ដូច​ដែល​ព្រះ​អង្គ​បាន​ចុះ​ទៅ​ក្នុង​ទូក​គឺ​ប្រៀប​ដូច​ជា​ទីលាន​បញ្ចាំង​ល្ខោន​មួយ​ត្រង់​ថា ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល នោះ​ទឹក​សមុទ្រ ហើយ​និង​ចំណោត​នៃ​បឹង​នឹង​បង្ក​បង្កើត​ឲ្យ​សំឡេង​របស់​ព្រះ​អង្គ​កាន់​តែ​ឮ​ខ្លាំង​ឡើងៗ​នៅ​ពេល​ដែល​ព្រះ​អង្គ​បង្រៀន ពីព្រោះ​នៅ​សម័យ​នោះ​មិន​ទាន់​មាន​មេក្រូហ្វូន ឬ​ក៏​ធុងបាស​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ឈរ​នៅ​ឯ​ឆ្នេរ​សមុទ្រ ឬ​ក៏​នៅ​ក្នុង​ទូក​ពេល​កំពុង​បង្រៀន ដូច​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​ធ្វើ​គឺ​ជា​របៀប​មួយ​នៃ​ការ​បង្រៀន ដើម្បី​ឲ្យ​មាន​សំឡេង​ខ្លាំង ពេល​ដែល​កំពុង​មាន «មហាជន​ច្រើន» ដូច​ដែល​ព្រះ​អង្គ​កំពុង​តែ​ជួប​ប្រទះ​នៅ​ក្នុង​ខ​គម្ពីរ​មួយ​នេះ។

ម៉ាកុស ៤:២-៩៖ «២ ព្រះ​អង្គ​ចាប់​ផ្ដើម​បង្រៀន​ពី​សេចក្តី​ជា​ច្រើន​ដល់​ពួក​គេ​ជា​រឿង​ប្រៀប​ធៀប ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​អង្គ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ ៣ “ចូរ​ស្តាប់! មាន​បុរស​ម្នាក់ ចេញ​ទៅ​ព្រោះ​ពូជ។ ៤ ពេល​គាត់​ព្រោះ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​ស្លាប​ហើរ​មក​ចឹក​ស៊ី​ពូជ​នោះ​អស់​ទៅ។ ៥ មាន​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ដែល​មិន​សូវ​មាន​ដី ហើយ​ពូជ​នោះ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។ ៦ លុះ​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស។ ៧ ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា ហើយ​បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត មិន​ឲ្យ​កើត​ផល​បាន។ ៨ តែ​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​ល្អ ហើយ​ដុះ​ឡើង​បង្កើត​ផល ក៏​ចម្រើន​ឡើង រួច​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​សាមសិប ខ្លះ​បាន​មួយ​ជា​ហុកសិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ។” ៩ បន្ទាប់​មក ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖ “អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!”»។

ជា​បន្ទាប់ នៅ​ពេល​ដែល «ព្រះ​អង្គ​ចាប់​ផ្ដើម​បង្រៀន​ពី​សេចក្ដី​ជា​ច្រើន» គឺ​លោក ម៉ាកុស កំពុង​តែ​ផ្ដោត​លើ​ថា ព្រះ​អង្គ​កំពុង​តែ​បង្រៀន​អំពី​ដំណឹង​ល្អ អំពី​ព្រះ​រាជ​នគរ​របស់​ព្រះ​ជាម្ចាស់ ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ១:១៤-១៥។ អ្វី​ដែល​ខុស​គ្នា​ពី​លើក​មុនៗ​នៅ​ពេល​ដែល​ព្រះ​អង្គ​បង្រៀន​គឺ​ត្រង់​ថា ពេល​នេះ​ព្រះ​អង្គ​បង្រៀន «ជា​រឿង​ប្រៀប​ធៀប»។ អ្វីៗ​ដែល​ព្រះ​អង្គ​បង្រៀន​គឺ​សុទ្ធ​តែ​ទាក់​ទង​ទៅ​នឹង​មហា​បេសកកម្ម​ដំណឹង​ល្អ ពោល​គី​គ្រប់​អ្វីៗ​ទាំង​អស់​ត្រូវ​តែ​សហការ​គ្នា ដើម្បី​បំពេញ​មហា​បេសកកម្ម​របស់​ព្រះ​ជាម្ចាស់។

ប្រភេទ​ដី

យើង​អាច​សង្ខេប​អំពី​ប្រភេទ​ដី​ដែល​គ្រាប់​ពូជ​បាន​ធ្លាក់​លើ​ដូច​ត​ទៅ៖ ពូជ​ខ្លះ​ធ្លាក់…

១. តាម​ផ្លូវ
២. លើ​ថ្ម
៣. ក្នុង​គុម្ព​បន្លា
៤. លើ​ដី​ល្អ
ក. បាន​ផល​ជា​៣០
ខ. បាន​ផល​ជា​៦០
គ. បាន​ផល​ជា​១០០

ក្នុង​ពូជ​ទី១ យើង​ឃើញ​ថា «សត្វ​ស្លាប​ហើរ​មក​ចឹក​ស៊ី»។ ក្នុង​ពូជ​ទី២៖ «មិន​សូវ​មាន​ដី ហើយ​ពូជ​នោះ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ លុះ​ថ្ងៃ​រះ​ឡើង វា​ក៏​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​គ្មាន​ឫស»។ ក្នុង​ពូជ​ទី៣៖ «បន្លា​ក៏​ដុះ​ឡើង ខ្ទប់​ពូជ​នោះ​ជិត មិន​ឲ្យ​កើត​ផល​បាន»។ ក្នុង​ពូជ​ទី៤ដែល​បាន «ធ្លាក់​ទៅ​លើ​ដី​ល្អ» ហើយ​ក៏ «ដុះ​ឡើង​បង្កើត​ផល ក៏​ចម្រើន​ឡើង រួច​ឲ្យ​ផល ខ្លះ​បាន​មួយ​ជា​សាមសិប ខ្លះ​បាន​មួយ​ជា​ហុកសិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។

ប្រៀប​ធៀប

ពាក្យ «ប្រៀប​ធៀប» ត្រង់​នេះ​ផ្ដោត​ទៅ​លើ​ការ​រៀប​រាប់​អំពី​សេចក្ដី​មួយ​ដោយ​មាន​ការ​ប្រៀប​ប្រដូច​ទៅ​នឹង​សេចក្ដី​មួយ​ផ្សេង​ទៀត។ ជា​ការ​ឧបមា​អំពី​រឿង​មួយ ដើម្បី​ពន្យល់​អំពី​រឿង​មួយ​ទៀត។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​មាន​រឿង​ប្រៀប​ធៀប​ប្រមាណ​៦០​រឿង ដែល​ភាគ​ច្រើន​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ និង​កណ្ឌ​គម្ពីរ លូកា ហើយ​ខ្លះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ក៏​ប៉ុន្តែ​មិន​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ទេ។ ខ្ញុំ​ចង់​ចង្អុល​បង្ហាញ​ថា ព្រះ​យេស៊ូវ​មិន​មែន​ជា​អង្គ​ដែល​បង្កើត​រឿង​ប្រៀប​ធៀប​មុន​គេ​បង្អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​នោះ​ទេ។ តាម​ពិត​ទៅ ព្រះ​គម្ពីរ​សញ្ញា​ចាស់​មាន​ប្រើ​ប្រាស់​របៀប​បង្រៀន​បែប​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​ហើយ ដែល​មាន​ដូច​ជា​នៅ​ក្នុង​ដំណើរ​រឿង​របស់​ស្ដេច ដាវីឌ ជា​មួយ​នឹង​នាង បាតសេបា ក្នុង​កណ្ឌ​គម្ពីរ ២សាំយូអែល ១១។ ហើយ​ពួក​ហោរា​មួយ​ចំនួន (ទាំង​ហោរា​តូច និង​ហោរា​ធំ) ក៏​បាន​ប្រើ​ប្រាស់​របៀប​បង្រៀន​បែប​នោះ​ផង​ដែរ ឧទាហរណ៍៖ កណ្ឌគម្ពីរ អេសេគាល ១៧។

គោល​បំណង​នៃ​រឿង​ប្រៀប​ធៀប

របៀប​នៃ​ការ​បង្រៀន​បែប «ប្រៀប​ធៀប» គឺ​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ជា​ការ​បើក​សម្ដែង ឬ​ជា​ការ​លាក់​បាំង​សេចក្ដី​ណា​មួយ។ យើង​ដឹង​អំពី​ចំណុច​នេះ ពីព្រោះ​នៅ​ក្នុង​ខ១១-១២៖ «១១ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖ “ព្រះ​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌កំបាំង​អំពី​ព្រះរាជ្យ​របស់​ព្រះ​អង្គ ប៉ុន្តែ​សម្រាប់​ពួក​អ្នក​ខាង​ក្រៅ អ្វីៗ​ទាំង​អស់​ជា​រឿង​ប្រៀប​ធៀប​វិញ ១២ ដើម្បី​ឲ្យ​គេ​មើល​មែន តែ​មិន​ឃើញ ហើយ​ឲ្យ​គេ​ស្ដាប់​មែន តែ​មិន​យល់ ក្រែង​គេ​វិល​បែរ​មក​រក​ព្រះ​វិញ ហើយ​ទទួល​បាន​ការ​អត់​ទោស”។» ក្នុង​ខគម្ពីរ​ទាំង​នេះ ព្រះ​អង្គ​កំពុង​តែ​ដក​ស្រង់​ចេញ​ពី​កណ្ឌ​គម្ពីរ អេសាយ ៦:៩-១០។

ព្រះ​អង្គ​បាន​បង្គាប់​អស់​អ្នក​ដែល​ទ្រង់​កំពុង​តែ​បង្រៀន​ថា​ឲ្យ «ចូរ​ស្តាប់!» នៅ​ក្នុង​ខ៣ ហើយ​បន្ទាប់​មក​នៅ​ក្នុង​ខ៩ «ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖ “អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!”»។ ចំណុច​សំខាន់៖ គឺ​ដើម្បី​ឲ្យ​យើង​អាច​យល់​អំពី​រឿង​ប្រៀប​ធៀប​មួយ​នេះ​បាន ក៏​ដូច​ជា​រឿង​ប្រៀប​ធៀប​នានា នៅ​ក្នុង​កណ្ឌ​គម្ពីរ​ទាំង​មូល​បាន ដាច់​ខាត​យើង​ត្រូវ​តែ​ចាប់​ផ្ដើម​ដោយ «ស្ដាប់»។ ការ​បង្គាប់​ឲ្យ​ស្ដាប់​មួយ​នេះ​គឺ​មិន​មែន​គ្រាន់​តែ​ឲ្យ​ឮ​ពី​ត្រចៀក​មួយ ហើយ​ចេញ​ទៅ​ត្រចៀក​មួយ​ទៀត​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ដែល​យើង​ផ្ចង់​ចិត្ត​គំនិត ដើម្បី​ឲ្យ​យល់​អំពី​នោះ​អត្ថ​ន័យ​បាន។

នេះ​ហើយ​ជា​មូល​ហេតុ​ដែល​លោក ម៉ាកុស បក​ស្រាយ​អំពី​គោល​បំណង​នៃ​រឿង​ប្រៀប​ធៀប​នៅ​ក្នុង​ខ​៣-៨ ដោយ​ចំណាយ​១០ខ​ក្នុង​ការ​ពន្យល់។ តាម​ពិត​ទៅ ក្នុង​កណ្ឌ​គម្ពីរ​ម៉ាកុស​ទាំង​អស់ មាន​តែ​កន្លែង​មួយ​ទៀត​ទេ ក្រៅ​ពី​ខ​ប៉ុន្មាន​នេះ​ដែល​លោក ម៉ាកុស បាន​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​គឺ ម៉ាកុស ១៣។ ដូច​ដែល​យើង​ដឹង​ហើយ​ថា កណ្ឌ​គម្ពីរ​ម៉ាកុស​គឺ​ប្រៀប​ដូច​ជា​កាសែត ឬ​ក៏​ទស្សនាវដ្ដី​មួយ​ដែល​សង្ខេប​អំពី​ដំណើរ​រឿង​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ និង​ព័ន្ធកិច្ច​ដែល​ទ្រង់​បាន​ធ្វើ​នៅ​លើ​ផែនដី​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កណ្ឌគម្ពីរ​ម៉ាកុស​មាន​ជំពូក​តិច​ជាង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​នានា។

មូល​ហេតុ​ដែល​គាត់​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ពន្យល់​រឿង​ប្រៀប​ធៀប​មួយ​នេះ ពីព្រោះ​ប្រសិន​បើ​យើង​មិន​អាច​យល់​អំពី​អត្ថន័យ​នៃ​រឿង​ប្រៀប​ធៀប​មួយ​នេះ​បាន​នោះ​ទេ នោះ​យើង​ក៏​នឹង​មិន​អាច​យល់​រឿង​ប្រៀប​ធៀប​ផ្សេងៗ​ទៀត​បាន​ផង​ដែរ។

ម៉ាកុស ៤:១០៖ «កាល​ព្រះ​អង្គ​គង់​នៅ​ដោយ​ឡែក​ពី​បណ្ដាជន អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ​អង្គ ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ទូល​សួរ​ព្រះ​អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។»

មក​ដល់​ខ១០ យើង​មិន​ដឹង​ថា ពេលវេលា​បាន​កន្លង​ផុត​យូរ​ប៉ុណ្ណា​នោះ​ទេ​បន្ទាប់​ពី​ខ៩ ប៉ុន្តែ​យើង​ដឹង​ថា​លោក ម៉ាកុស កំពុង​តែ​រៀប​រាប់​អំពី​ទី​កន្លែង​ថ្មី​មួយ​ទៀត ទោះ​បើ​គាត់​មិន​បាន​បញ្ជាក់​ក៏​ដោយ។ «កាល​ព្រះ​អង្គ​គង់​នៅ​ដោយ​ឡែក​ពី​បណ្ដាជន» ដែល​អ្នក​ស្ដាប់​គឺ​មិន​មែន​ជា «អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ​អង្គ» ដែល​នោះ​សំដៅ​លើ​មហាជន​នៅ​ក្នុង​ខ១ ប៉ុន្តែ​គឺ «អ្នក​ទាំង​ដប់​ពីរ» ដែល​នេះ​ដូច​ដែល​យើង​ដឹង​ហើយ​ថា គឺ​កំពុង​តែ​សំដៅ​ទៅ​លើ​ពួក​សិស្ស​ទាំង​១២​នាក់​របស់​ព្រះ​អង្គ ដែល​ទ្រង់​បាន​ត្រាស់​ហៅ។

លោក ម៉ាកុស បាន​ប្រាប់​យើង​នៅ​ក្នុង​ខ១៣ និង​ខ​បន្ត​បន្ទាប់​ដូច​ត​ទៅ៖

«១៣ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ “តើ​អ្នក​រាល់​គ្នា​មិន​យល់​រឿង​ប្រៀប​ធៀប​នេះ​ទេ​ឬ? ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​រឿង​ប្រៀប​ធៀប​បាន? ១៤ អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះ​បន្ទូល ១៥ មនុស្ស​ខ្លះ​ប្រៀប​បាន​នឹង​ដី​ផ្លូវ ដែល​ព្រះ​បន្ទូល​ព្រោះ​ចុះ​ទៅ កាល​គេ​ឮ អារក្ស​សាតាំង​ក៏​មក​ឆក់​យក​ព្រះ​បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម។ ១៦ មនុស្ស​ខ្លះ​ទៀត ប្រៀប​បាន​នឹង​ដី​មាន​ថ្ម ដែល​ពូជ​ធ្លាក់​លើ។ កាល​គេ​ឮ​ព្រះ​បន្ទូល គេ​ទទួល​ភ្លាម​ដោយ​អំណរ ១៧ តែ​មិន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​នៅ​ជាប់​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ លុះ​ពេល​កើត​មាន​ទុក្ខ​លំបាក ឬ​ការ​បៀតបៀន​ចូល​មក ដោយ​ព្រោះ​ព្រះ​បន្ទូល គេ​ក៏​បោះ​បង់​ចោល​ភ្លាម។ ១៨ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គុម្ព​បន្លា​ដែល​ពូជ​ព្រោះ​ចុះ​ទៅ។ អ្នក​ទាំង​នេះ​គឺ​ជា​ពួក​អ្នក​ដែល​ឮ​ព្រះ​បន្ទូល ១៩ តែ​ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​នេះ ចិត្ត​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​សេចក្តី​ប៉ង​ប្រាថ្នា​ផ្សេងៗ​ដទៃ​ទៀត​ចូល​មក ក៏​ខ្ទប់​ព្រះ​បន្ទូល​ជិត មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។ ២០ ប៉ុន្តែ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​ដី​ល្អ​ដែល​ពូជ​ព្រោះ​ចុះ​ទៅ។ គេ​ឮ​ព្រះ​បន្ទូល​ហើយ​ទទួល​យក រួច​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​សាម​សិប ខ្លះ​បាន​មួយ​ជា​ហុក​សិប ហើយ​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ​រយ»។

តើ​អ្នក​ជា​ដី​ប្រភេទ​ណា?

ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​ថា «អ្នក​ព្រោះ​ពូជ» គឺ​ជា​អ្នក «ព្រោះ [ / ឬ​ក៏​ជា​អ្នក​ប្រកាស] ព្រះ​បន្ទូល»។ ហើយ «មនុស្ស» គឺ «ប្រៀប​បាន​នឹង​ដី» ផ្សេងៗ។ ដូច្នេះ សំណួរ​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​ព្យាយាម​ឆ្លើយ ខណៈ​ពេល​ដែល​យើង​បន្ត​សិក្សា​ជា​មួយ​គ្នា​គឺ​សួរ​ខ្លួន​ឯង​ថា៖ «តើ​អ្នក​ជា​ដី​ប្រភេទ​ណា?»។

ដី​តាម​ផ្លូវ

ក្នុង​ខ១៥ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​អំពី​ដី​តាម​ផ្លូវ «ដែល​ព្រះ​បន្ទូល​ព្រោះ​ចុះ​ទៅ កាល​គេ​ឮ អារក្ស​សាតាំង​ក៏​មក​ឆក់​យក​ព្រះ​បន្ទូល ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​គេ​ទៅ​ភ្លាម»។ តើ​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​អារក្ស​សាតាំង​មក​ឆក់​យក​ព្រះ​បន្ទូល បន្ទាប់​ពី​បាន​ឮ​មែន​ឬ? នេះ​ប្រៀប​ដូច​ជា​ពេល​ដែល​ចាស់ៗ​ធ្លាប់​និយាយ​ថា៖ «វា​ស្ដាប់ តែ​វា​មិន​ឮ ឬ​ក៏​ចូល​ត្រចៀក​មួយ ហើយ​ចេញ​តាម​ត្រចៀក​មួយ​ទៀត​បាត់​ហើយ»។ មនុស្ស​ប្រភេទ​នេះ​គឺ​ជា​មនុស្ស​ដែល​បោះ​បង់​ព្រះ​យេស៊ូវ​ចោល ដោយ​ត្រឡប់​ទៅ​ថ្វាយ​បង្គំ​អារក្ស​សាតាំង​វិញ បន្ទាប់​ពី​ពេល​ដែល​គេ​ទើប​តែ​បាន​ងក់​ក្បាល ដោយ​ទទួល​ជឿ​នូវ​អ្វី​ដែល​យើង​កំពុង​តែ​បង្រៀន ប៉ុន្តែ​ដោយ​សារ​មាន​ការ​ចាក់​ចុច​អំពី​នេះ ឬ​ក៏​នោះ​ទាក់​ទង​ទៅ​នឹង​ជីវិត​របស់​ពួក​គេ នោះ​ពួក​គេ​ក៏​ត្រឡប់​ទៅ​រក​ធាតុ​ដើម​វិញ។ ខ្ញុំ​ស្គាល់​បុគ្គល​ម្នាក់​ដែល​ធ្លាប់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​រៀន​សូត្រ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ មុន​គាត់​ទទួល​ពិធី​ជ្រមុជ​ទឹក ប៉ុន្តែ​វា​ពិត​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​ណាស់​ដោយ​គាត់​បាន​ទៅ​រក​គ្រូ​ទាយ បន្ទាប់​ពី​គាត់​បាន​ឮ​អ្នក​ជិត​ខាង​និយាយ​នេះ​នោះ​ទាក់​ទង​នឹង​កាលៈទេសៈ​ដែល​គាត់​កំពុង​តែ​ស្ថិត​ក្នុង។

ដី​ដែល​មាន​ថ្ម

ទាក់​ទង​ទៅ​នឹង​ដី​ដែល​មាន​ថ្ម ព្រះ​យេស៊ូវ​បាន​ពន្យល់​ថា «កាល​គេ​ឮ​ព្រះ​បន្ទូល គេ​ទទួល​ភ្លាម ដោយ​អំណរ តែ​មិន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​នៅ​ជាប់​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ លុះ​ពេល​កើត​មាន​ទុក្ខ​លំបាក ឬ​ការ​បៀតបៀន​ចូល​មក ដោយ​ព្រោះ​ព្រះ​បន្ទូល គេ​ក៏​បោះ​បង់​ចោល​ភ្លាម»។ តើ​បង​ប្អូន​ជា​ប្រភេទ​មនុស្ស​ដែល​ពេល​ឮ​ព្រះ​បន្ទូល ហើយ​ទទួល​យក​ភ្លាម​ដោយ​មាន​អំណរ ប៉ុន្តែ​មិន​បាន​ចាក់​ឫស ដោយ​គ្រាន់​តែ​នៅ​ជាប់​តែ​មួយ​រយៈ​ខ្លី​មែន​ឬ? បង​ប្អូន! មនុស្ស​បែប​នេះ​គឺ​ជា​មនុស្ស​ដែល «បោះ​បង់» ព្រះ​បន្ទូល​ចោល​នៅ​ពេល​ដែល «មាន​ទុក្ខ​លំបាក ឬ​ក៏​ការ​បៀតបៀន» កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ដោយ​សារ​ពួក​គេ​ជឿ​ព្រះ​យេស៊ូវ។ តើ​បង​ប្អូន​ជា​មនុស្ស​ដែល​មាន​ចិត្ត​ងាយ​ក្នុង​ការ​បោះ​បង់​ព្រះ​យេស៊ូវ​ចោល​នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក ឬ​ក៏​ការ​បៀតបៀន​មែន​ឬ? តាម​ពិត​ទៅ ទុក្ខ​លំបាក ឬ​ក៏​ការ​បៀតបៀន​គឺ​ជា​របៀប​មួយ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ចម្រាញ់ និង​ជម្រុះ​អ្នក​ជឿ​ពិត ឬ​ក៏​មិន​ពិត​ចោល​ពី​ក្រុម​ជំនុំ​របស់​ទ្រង់។

ដី​ដែល​មាន​គុម្ព​បន្លា

ខ​១៨​ប្រាប់​យើង​អំពី​ប្រភេទ​មនុស្ស​ដែល «ប្រៀប​បាន​នឹង​គុម្ព​បន្លា»។ មនុស្ស​បែប​នេះ «គឺ​ជា​ពួក​អ្នក​ដែល​ឮ​ព្រះ​បន្ទូល តែ​ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​នេះ ចិត្ត​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​សេចក្តី​ប៉ង​ប្រាថ្នា​ផ្សេងៗ​ដទៃ​ទៀត​ចូល​មក ក៏​ខ្ទប់​ព្រះ​បន្ទូល​ជិត មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ»។ តើ​បង​ប្អូន​ជា​មនុស្ស​ដែល «ខ្វល់​ខ្វាយ​អំពី​ជីវិត​នេះ» មែន​ឬ? «ចិត្ត​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​សេចក្តី​ប៉ង​ប្រាថ្នា​ផ្សេងៗ​ដទៃ​ទៀត» មែន​ឬ? ចង់​បាន​បុណ្យ​ស័ក្តិ កេរ្តិ៍​ឈ្មោះ កិត្តិយស?

ខ្ញុំ​មិន​ដឹង​ថា​បង​ប្អូន​ជា​មនុស្ស​ប្រភេទ​ណា​នោះ​ទេ ប៉ុន្តែ​ទាំង​នេះ​គឺ​ជា​សំណួរ​ដែល​យើង​ត្រូវ​សួរ​ខ្លួន​ឯង ហើយ​ស្វែង​រក​ចម្លើយ​ខ្លួន​ឯង​ដោយ​ឆ្លើយ​យ៉ាង​ស្មោះ​ត្រង់ នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​ជាម្ចាស់ ពីព្រោះ​ប្រសិន​បើ​បង​ប្អូន​ជា​មនុស្ស​ប្រភេទ «គុម្ព​បន្លា» នោះ​វា​នឹង «ខ្ទប់​ព្រះ​បន្ទូល​ជិត មិន​ឲ្យ​បង្កើត​ផល​បាន» ជា​មិន​ខាន។

ឬ​ក៏​ថា បង​ប្អូន​ជា​មនុស្ស​ប្រភេទ «ដី​ល្អ» ដែល​ខ​២០​បាន​លើក​ឡើង? នៅ​ក្នុង​ខ​នេះ យើង​ឃើញ​ថា​ប្រភេទ​ដី​ល្អ​មាន​៣​យ៉ាង៖ ១. ដី​ដែល​បង្កើត​ផល​បាន​ជា​៣០ ២. ជា​៦០ និង​៣. ជា​១០០។ សរុប​សេចក្ដី​ទៅ ដី​មាន​៦​ប្រភេទ។

ប្រាកដ​ណាស់! យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មិន​ចង់​ធ្វើ​ជា​ប្រភេទ​ដី​ដែល​គ្រាប់​ពូជ​បាន​ធ្លាក់ ១. តាម​ផ្លូវ ២. នៅ​លើ​ថ្ម ៣. ឬ​ក៏​ក្នុង​គុម្ព​បន្លា​ឡើយ ប៉ុន្តែ​ជា​មនុស្ស​ដែល​មាន​ប្រភេទ​ដី​ទី៤. «ដី​ល្អ» ដែល​អាច​បង្កើត​ផល ១. ជា​៣០ ២. ជា​៦០ និង​៣. ជា​១០០​បាន។

ការ​អនុវត្ត

មិន​ថា​យើង​ជា​ប្រភេទ​ដី​ល្អ​ដែល​បង្កើត​ផល​ផ្លែ​ខុសៗ​គ្នា​ក៏​ដោយ ក៏​អ្វី​ដែល​លោក ម៉ាកុស ចង់​ឲ្យ​យើង​ធ្វើ​នោះ​គឺ​ថា៖ ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ ហើយ​កុំ​ខ្វល់​ខ្វាយ​អំពី​យុទ្ធ​សាស្ត្រ ដូច​ដែល​មនុស្ស​មួយ​ចំនួន​សព្វ​ថ្ងៃ​នេះ​ផ្ដោត​លើ​ឡើយ។ តួ​នា​ទី​របស់​យើង​ដែល​ជា​អ្នក​ជឿ​គឺ​ប្រកាស​ដំណឹង​ល្អ ដែល​នេះ​មាន​ន័យ​ថា យើង​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​សិក្សា​ជា​មួយ​គ្នា​គឺ​មិន​មែន​ជា​កំហុស​របស់​អ្នក​ព្រោះ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​តួ​នា​ទី​របស់​ព្រះ​ជាម្ចាស់​ទេ​តើ​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ដុះ ឬ​ក៏​មិន​ដុះ​ឡើង។ ចូរ​យើង​ឈប់​ខ្វល់​ខ្វាយ​ថា មនុស្ស​ដែល​យើង​កំពុង​តែ​ប្រកាស​ដំណឹង​ល្អ ឬ​ក៏​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ទៅ​កាន់​គឺ​ជា​មនុស្ស​ដែល​ជា​ប្រភេទ​ដី​ណា​ចុះ ប៉ុន្តែ​សូម​ទុក​ឲ្យ​ព្រះ​អង្គ​ជា​អ្នក​បារម្ភ​វិញ។ តួ​នា​ទី​របស់​យើង​ខ្លះ​គឺ​គ្រាន់​តែ​ជា​អ្នក​ព្រោះ ខ្លះ​ជា​អ្នក​ដាំ ឬ​ក៏​ខ្លះ​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ​នៅ​ចុង​បញ្ចប់​គឺ​ព្រះ​អង្គ​ទេ​ដែល​ជា​អង្គ​ដែល​ធ្វើ​ឲ្យ​ដុះ ឬ​ក៏​មិន​ដុះ ដូច​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ៣:៥-៩។

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី បូល រដ្ឋា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. ជំរាបសួរ! នាងខ្ញុំមានចម្ងល់មួយ នាងខ្ញុំបានអានដល់ឃ្លាដែលសរសេរថា÷ {សរុបសេចក្តីទៅ ដីមាន៦ប្រភេទ} ។ តែតាមរយ:ការអាននាងខ្ញុំដឹងត្រឹមការប្រៀបធៀបដីជាមួយប្រភេទមនុស្ស គឺមានតែ៤ប្រភេទដីទេ គឺទី១ ដីតាមផ្លូវ ទី២គឺដីដែលមានថ្ម ទី៣គឺដីដែលមានគុម្ពបន្លា និងទី៤គឺដីល្អ។ ដូចនេះឃ្លាខាងលើ ដែលលើកឡើងថា សរុប….ដីមាន៦ប្រភេទនោះ ដី២ប្រភេទទៀតនាងខ្ញុំអត់បានឃើញមានបកស្រាយក្នុងអត្ថបទទេ។ សូមអរគុណ និងសូមអធ្យាស្រ័យផងដែរប្រសិននាងខ្ញុំអានពុំសព្វជ្រុងជ្រោយ។ សូមព្រះប្រទានពរ!

    • អរគុណបង បងអានត្រូវហើយ! គ្រាន់តែអ្នកនិពន្ធចង់និយាយលម្អិតចំណុចបន្ទាប់បន្ថែមទៀត ត្រង់ចំណុចទី៤ (ដីល្អ) ដែលមានការបង្កើតជាផលផ្លែ ១.​ ជា៣០ ២. ជា៦០ ៣. ជា១០០។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

ទ្រង់​មិន​ដែល​ស្តាយ​អំណោយ​ទាន​ទ្រង់

អារក្សក៏កាន់តែរវល់