in ,

ភស្ដុតាងពិត

១យ៉ូហាន ១:៥-១០

«នេះ​ជា​ដំណឹង ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្ដី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្ដី​ប្រកប​នឹង​ទ្រង់ តែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ទេ តែ​បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ។ នោះ​យើង​មាន​សេចក្ដី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​លោហិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់។ អំពើ​បាប និង​ការ​អត់​ទោស បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ។ បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សម្អាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះ​បន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ» (១យ៉ូហាន ១:៥-១០)

មូល​ហេតុ​ដែល​សាវ័ក យ៉ូហាន បាន​សរសេរ​កណ្ឌ​គម្ពីរ​នៅ​ត្រង់​ចំណុច​នេះ គឺ​ដោយ​សារ​តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា​ខ្លួន​មាន​ការ​ប្រកប​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ព្រម​ទាំង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ព្រះ​ជាម្ចាស់ ប៉ុន្តែ​ជីវិត​រស់​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ហាក់បី​ដូច​មិន​សម​ស្រប​តាម​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​បាន​និយាយ សោះ​ឡើយ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​សាវ័ក យ៉ូហាន បាន​សរសេរ​កណ្ឌ​គម្ពីរ ១យ៉ូហាន៖ ដើម្បី​ប្រឆាំង​ទាស់​ទៅ​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ​ទាំង​អស់​នោះ ដែល​ពួក​គេ​បាន​អះអាង និង​និយាយ​យ៉ាង​ដូច្នេះ ហើយ​ពួក​គេ​ថែម​ទាំង​ថា ខ្លួន​ពួក​គេ​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​ពិត។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ រីឯ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​មិន​សមស្រប​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​បាន​និយាយ​សោះ​ឡើយ។

ភស្តុតាង​ទី១៖ ចូរ​ដើរ​ក្នុង​ពន្លឺ

«យើង​ត្រូវ​ដើរ​ក្នុង​ពន្លឺ»។ តើ​ពន្លឺ​នៅ​ក្នុង​ព្រះ​គម្ពីរ​ចង់​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច?ប្រសិន​បើ​យើង​និយាយ​យ៉ាង​សាមញ្ញ​អំពី​ពន្លឺ ជា​ទូទៅ​គេ​ប្រើ​ពន្លឺ​គឺ​សម្រាប់​បំភ្លឺ។ ជា​ទូទៅ នៅ​ក្នុង​ភាសា​ខ្មែរ​ក៏​ដោយ ដែល​ភាគ​ច្រើន​គេ​ឲ្យ​និយម​ន័យ​ដ៏​ត្រឹម​ត្រូវ​អំពី​អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ ហើយ​និង​អ្នក​ដែល​ដើរ​ក្នុង​ផ្លូវ​ងងឹត​ផង​ដែរ។ រីឯ​អ្នក​ដែល​ដើរ​ក្នុង​ផ្លូវ​ងងឹត​គឺ​ចង់​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ទុច្ចរិត ដែល​ប្រព្រឹត្ត​អំពើ​បាប ហើយ​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​សង្គម​ជាតិ នេះ​គឺ​ជា​លក្ខណៈ​ទូទៅ។ ចំពោះ​មនុស្ស​ដែល​គាត់​ដើរ​ក្នុង​ពន្លឺ គឺ​ចង់​សំដៅ​ទៅ​លើ​មនុស្ស​ដែល​សុចរិត ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​នៅ​ក្នុង​សង្គម​ជាតិ។ បើ​សិន​ជា​យើង​ងាក​មក​មើល​អ្វី​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​វិញ​អំពី​ការ​នេះ​គឺ​មិន​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ ទាក់​ទង​ការ​ដែល​ជនជាតិ​ខ្មែរ​គេ​ឲ្យ​និយម​ន័យ នឹង​ចង់​សំដៅ​លើ​អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ។ ត្រង់​ថា ព្រះ​ជាម្ចាស់​គឺ​ជា​ពន្លឺ គឺ​យើង​ចង់​មាន​ន័យ​ថា ទ្រង់​ជា​ព្រះ​ដ៏​បរិសុទ្ធ ល្អ​ឥត​ខ្ចោះ ពោរពេញ​ទៅ​ដោយ​សេចក្ដី​សុចរិត។ កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:១៥-១៦ បាន​ចែង​ថា «ដែល​ព្រះ​នឹង​សម្ដែង​ឲ្យ​ឃើញ​ទ្រង់ ក្នុង​វេលា​កំណត់ គឺ​ជា​ស្តេច​ចក្រ​តែ​១​ព្រះអង្គ​ដ៏​មាន​ពរ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់ ក៏​មាន​ទ្រង់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​សុគត ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែល​រក​ចូល​ទៅ​ជិត​មិន​បាន គ្មាន​មនុស្ស​ណា​ដែល​ឃើញ​ទ្រង់​ឡើយ ក៏​មើល​ទ្រង់​មិន​ឃើញ​ផង សូម​ឲ្យ​ទ្រង់​បាន​ល្បី​ព្រះ​នាម និង​ព្រះ​ចេស្ដា នៅ​អស់​កល្ប​ជានិច្ច អាម៉ែន»។ ដូច្នេះ លោក​អ្នក​ក៏​បាន​ឃើញ​ម្តង​ទៀត​ហើយ​ថា ព្រះ​អង្គ​គឺ​ជា​ពន្លឺ ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ។ លោក​អ្នក​ក៏​បាន​ឃើញ​រួច​មក​ហើយ​អំពី​ភាព​ផ្ទុយ​គ្នា​រវាង​ពន្លឺ និង​សេចក្ដី​ងងឹត។ នៅ​ក្នុង​ព្រះ​ជាម្ចាស់​គឺ​គ្មាន​សេចក្ដី​ងងឹត​ទាល់​តែ​សោះ តែ​ផ្ទុយ​ទៅ​វិញ​គឺ​ទ្រង់​ទេ​តើ​ដែល​កំពុង​តែ​ទត​មើល​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ។

ប្រសិន​បើ​យើង​គ្មាន​ពន្លឺ​ទេ នោះ​យើង​នឹង​មិន​អាច​មើល​ឃើញ​អ្វី​ដែល​ជា​សេចក្ដី​ពិត​របស់​ផង​ព្រះ​ជាម្ចាស់​បាន​ឡើយ។ ព្រះ​ជាម្ចាស់​ទ្រង់​ជា​ពន្លឺ នឹង​ជា​តួ​ពន្លឺ ដើម្បីឲ្យ​លោក​អ្នក ហើយ​និង​ខ្ញុំ​អាច​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ឃើញ​ពី​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ជីវិត​របស់​យើង​បាន ដែល​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ។ សរុប​សេចក្ដី​មក នៅ​ពេល​ដែល​សាវ័ក យ៉ូហាន បាន​និយាយ​ថា ព្រះ​ជាម្ចាស់ នោះ​គឺ​មាន​ន័យ​ថា ព្រះ​ទ្រង់​បរិសុទ្ធ សុចរិត ហើយ​ទត​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ ប្រសិន​បើ​លោក​អ្នក​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ហើយ​ព្រះអង្គ​គឺ​ជា​ពន្លឺ​នៃ​យើង ព្រម​ទាំង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ នោះ​យើង​ក៏​ត្រូវ​ដើរ​ក្នុង​ពន្លឺ មិន​មែន​ដើរ​ក្នុង​សេចក្ដី​ងងឹត​នោះ​ទេ ដ្បិត​ព្រះ​ទ្រង់​ជា​ពន្លឺ។ រីឯ​ពាក្យ​ថា«ដើរ​ក្នុង​ពន្លឺ» តើ​ចង់​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ប្រហែល​អ្នក​ខ្លះ​គិត​ថា ការ​ដើរ​ក្នុង​ពន្លឺ​គឺ​ដើរ​នៅ​កន្លែង​ណា​ដែល​មាន​អំពូល​ភ្លើង​បំភ្លឺ ដោយ​មិន​មាន​ភាព​ងងឹត​នៅ​ជា​មួយ។ នៅ​ពេល​ដែល​យើង​ដើរ​ក្នុង​ពន្លឺ​គឺ​មាន​ន័យ​ថា ការ​ដែល​យើង​រស់​នៅ​មាន​លក្ខណៈ​បែប​ផែន​ជីវិត​របស់​យើង​គឺ​គួរ​តែ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​សុចរិត និង​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់។ នេះ​ជា​សំណួរ​មួយ ដែល​លោក​អ្នក​អាច​សួរ​ខ្លួន​ឯង​បាន លោក​អ្នក​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​រួចហើយ មាន​ការ​ប្រកប​ជា​មួយ​នឹង​ទ្រង់​រួចហើយ ចុះ​តើ​លោក​អ្នក​កំពុង​ដើរ​ក្នុង​ពន្លឺ ឬ​ក៏​កំពុង​ដើរ​ក្នុង​សេចក្ដី​ងងឹត? មាន​មនុស្ស​មួយ​ចំនួន​បាន​ទទួល​ជឿ​ព្រះ​អង្គ នោះ​ចំពោះ​ពួក​គាត់​គ្រប់​យ៉ាង​ក៏​ចប់​សព្វ​គ្រប់​ហើយ ដែល​នោះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ​រួច​ទៅ​ហើយ ទោះ​បី​ជា​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ល្អ​ស្អាត​នៅ​ចំពោះ​ព្រះ​អង្គ​ជា​និច្ច ហើយ​ពួក​គេ​អត់​ខ្វល់​អ្វី​ទាំង​អស់។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ប្រកាស​អះអាង​យ៉ាង​ពិត​ប្រាកដ​ថា ប្រសិន​បើ យើង​ពិត​មាន​សេចក្ដី​ប្រកប​យ៉ាង​ពិត​ប្រាកដ​ជា​មួយ​ព្រះ​អង្គ​ពិត​មែន នោះ​យើង​ត្រូវ​តែ​ដើរ​ក្នុង​ពន្លឺ មិន​មែន​រស់​នៅ​ក្នុង​បែប​ផែន​ជីវិត​នៅ​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត​ទេ។

ចំណុច​នេះ​ហើយ​គឺ​ជា​អ្វី​ដែល​សាវ័ក យ៉ូហាន បាន​និយាយ​ដែល​ជា​ការ​រម្លឹក ដាស់​តឿន​ដល់​លោក​អ្នក។ នៅ​ពេល​ដែល​យើង​ដើរ​ក្នុង​ពន្លឺ នោះ​យើង​បាន​មាន​ប្រកប​នឹង​ព្រះ​ជាម្ចាស់ ហើយ​រស់​នៅ​ពេញ​ទៅ​ដោយ​សេចក្ដី​សុចរិត និង​សេចក្ដី​បរិសុទ្ធ​របស់​ផង​ព្រះ​អង្គ​ផង​ដែរ។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា គ្រីស្ទ​បរិស័ទ​ឈប់​ធ្វើ​បាប។ មិន​មែន​មាន​ន័យ​យ៉ាង​ដូច្នោះ​ទេ! ប្រហែល​លោក​អ្នក​ខ្លះ​បាន​គិត​ថា ខ្ញុំ​បាន​ទទួល​ជឿ​ព្រះ​អង្គ​ហើយ ព្រម​ទាំង​បាន​ស្អាត​បរិសុទ្ធ​ហើយ អត់​ធ្វើ​បាប​នោះ​ទេ។ នេះ​មិន​មែន​ជា​អ្វី​ដែល​សាវ័ក យ៉ូហាន បាន​លើក​ឡើង​ទេ។ ប៉ុន្តែ អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ គឺ​ជា​អ្នក​ដែល រស់​នៅ​ក្នុង​ជីវិត​មួយ ដែល​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ជាម្ចាស់ គឺ​ជា​អ្នក​មាន​ព្រះ​ជា​អ្នក​ដឹក​នាំ ហើយ​ដាស់​តឿន ហើយ​គោលដៅ​របស់​ពួក​គេ​គឺ​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ផង​ដែរ។ បើ​ព្រះ​ទ្រង់​បរិសុទ្ធ នោះ​ពួក​គេ​ក៏​នឹង​រស់​នៅ​ដោយ​មាន​លក្ខណៈ​បរិសុទ្ធ​ដូច​ជា​ព្រះ​ជាម្ចាស់​ផង​ដែរ។ ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ពួក​គេ​រស់​នៅ​ដោយ​បរិសុទ្ធ​ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ព្រះ​ជាម្ចាស់​បាន​ដាក់​បម្រុង​ទុក​ជីវិត​សម្រាប់​ពួក​គេ។ នេះ​ហើយ​គឺ​ជា​បែប​ផែន​ជីវិត​របស់​គ្រីស្ទ​បរិស័ទ ដែល​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ពិត​ប្រាកដ។ ប្រសិន​បើ​យើង​មើល​នៅ​ក្នុង​ចំណុច​បន្ត​ទៀត នោះ​លោក​អ្នក​នឹង​ឃើញ​ថា ការ​ដើរ​នៅ​ក្នុង​ពន្លឺ​គឺ​ជា​ភស្តុតាង​ទី១ ដែល​បង្ហាញ​ថា យើង​ពិត​ជា​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ​មែន។

ភស្តុតាង​ទី២៖ ចូរ​លន់តួ​បាប

អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ​គឺ​ជា​អ្នក​ដែល​ទទួល​ស្គាល់ និង​លន់តួ​បាប​របស់​ខ្លួន។ ការ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​មិន​មែន​មាន​ន័យ​ថា យើង​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ប៉ុន្តែ យើង​បន្ត​រស់​នៅ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​បរិសុទ្ធ​ដូច​ជា​ព្រះ​អង្គ ដោយ​ពឹង​អាង​ទៅ​លើ​ទ្រង់ ហើយ​ជីវិត​ដែល​រស់​នៅ​ក្នុង​ពន្លឺ​គឺ​ជា​ជីវិត​ដែល​ចេះ​ទទួល​ស្គាល់​អំពើ​បាប ហើយ​លន់តួ​បាប​យើង​ទៅ​ចំពោះ​ព្រះ​អង្គ។ មាន​មនុស្ស​មួយ​ចំនួន​គិត​ថា ខ្លួន​ល្អ​ឥត​ខ្ចោះ ហើយ​ពួក​គេ​ក៏​នឹង​មិន​ខ្វល់​អំពី​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​កន្លង​មក​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​ត្រូវ​ការ​លន់តួ​សារភាព​អំពើ​បាប​ទៀត​ដែរ។ នេះ​ហើយ​ជា​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ។ នៅ​ត្រង់​ចំណុច​នេះ អ្នក​ដែល​ដើរ​ក្នុង​ពន្លឺ​មិន​មែន​មាន​ន័យ​ថា គាត់​ជា​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ គាត់​ជា​អ្នក​ដែល​ចេះ​ទទួល​ស្គាល់ ហើយ​ធ្វើ​ការ​លន់តួ​អំពើ​បាប​របស់​គាត់​ទៅ​កាន់​ព្រះ​ជាម្ចាស់។ យើង​គ្រប់ៗ​គ្នា​ដឹង​ហើយ​ថា យើង​បាន​រាប់​ជា​សុចរិត មិន​មែន​ដោយ​ការ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​សារ​ជំនឿ​ដែល​ជឿ​លើ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ នេះ​ហើយ​គឺ​គោល​ជំនឿ​ដែល​យើង​ជឿ (រ៉ូម ៥:១)។ សរុប​សេចក្ដី​មក នេះ​ហើយ​គឺ​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ដល់​អ្នក​ដែល​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ​ពិត​ប្រាកដ៖ ការ​ដើរ​ក្នុង​ពន្លឺ និង​ការ​ចេះ​ទទួល​ស្គាល់ និង​លន់តួ​អំពើ​បាប។

តើ​ពាក្យ«លន់តួ» មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​គិត​ថា វា​ពាក្យ​សាមញ្ញ​ដែល​យើង​គ្រប់ៗ​គ្នា​ដឹង ប៉ុន្តែ​យើង​មិន​សូវ​បាន​ធ្វើ។ ពាក្យ​ថា «លន់តួ» បើ​និយាយ​ឲ្យ​ងាយ​ស្រួល​យល់​គឺ​មាន​ន័យ​ថា យើង​ឯកភាព​តាម សារភាព​ព្រម​ទទួល​ស្គាល់ នេះ​ហើយ​គឺ​អត្ថន័យ​នៃ​ពាក្យ​ថា «លន់តួ»។ ហើយ​យើង​ទាំង​អស់​គ្នា​ក៏​ទទួល​ស្គាល់​ថា យើង​គ្រប់ៗ​គ្នា​បាន​ធ្លាប់​ធ្វើ​អំពើ​បាប​ដោយ​មិន​បន្ត​ចុះ​ចូល​នឹង​អំពើ​បាប​នោះ​ត​ទៀត​នោះ​ទេ គឺ​យើង​ព្រម​វិល​បែរ​ត្រឡប់​ទៅ​រក​ព្រះ​ជាម្ចាស់​វិញ​ដោយ​ការ​លន់តួ។ កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៩ បាន​ចែង​ថា «បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សម្អាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង»។ ដូច្នេះ យើង​ឃើញ​ថា នេះ​ហើយ​គឺ​ជា​សេចក្ដី​សង្ឃឹម​របស់​យើង​រាល់​គ្នា ដែល​ជា​គ្រីស្ទ​បរិស័ទ​ដោយ​ពុំ​មាន​ការ​ថប់​បារម្ភ​នោះ​ទេ នៅ​ពេល​ដែល​យើង​ម្នាក់ៗ​ធ្វើ​ខុស ចូរ​កុំ​ខ្លាច​បាត់​បង់​សេចក្ដី​សង្គ្រោះ​ឡើយ ដោយ​លោក​អ្នក​បាន​ដឹង​ហើយ​ថា ព្រះ​នៃ​យើង​ទ្រង់​ស្មោះត្រង់ ហើយ​យុត្តិធម៌។ នៅ​ពេល​ដែល​យើង​ជឿ​លើ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​ព្រះ​អង្គ​អត់​ទោស​បាប​ឲ្យ​យើង។ ប៉ុន្តែ បែប​ផែន​ជីវិត មិន​មែន​មាន​ន័យ​ថា លោក​អ្នក​បណ្ដោយ​ខ្លួន​ក្នុង​ជីវិត​ដោយ​រស់​នៅ​ក្នុង​ការ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ទៀត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ងាក​ទៅ​រក​ការ​លន់តួ​នៅ​ចំពោះ​ព្រះ​អង្គ នេះ​ជា​ព្រះ​ហឫទ័យ​របស់​ទ្រង់​សម្រាប់​ការ​លន់តួ។ លោក​អ្នក​ឃើញ​ហើយ​ថា នៅ​ត្រង់​ចំណុច​នេះ​គឺ គ្រីស្ទ​បរិស័ទ​តែងតែ​លន់តួ​បាប​ជា​ញយៗ​ដង នៅ​ពេល​ណា​ដែល​យើង​ភ្ញាក់​ខ្លួន ឬ​ដឹង​ខ្លួន​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​ទ្រង់។

ប្រហែល​ជា​មាន​មនុស្ស​មួយ​ចំនួន​បាន​គិត​ថា ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​បាប​ហើយ​សារភាព បន្ទាប់​មក​បាន​ប្រព្រឹត្ត​អំពើ​បាប​នោះ​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ក្លាយ​ជា​ទម្លាប់​ក្នុង​ជីវិត​ដដែលៗ បន្ទាប់​មាន​គំនិត​គិត​ថា ខ្លួន​មិន​ចាំបាច់​លន់តួ​បន្ត​ទៀត​ទេ ដោយ​គិត​ថា ព្រះ​ជាម្ចាស់​ទ្រង់​ជ្រាប​រួច​ហើយ។ នេះ​ហើយ​គឺ​ជា​កំហុស​ខុស​ឆ្គង​មួយ រហូត​ដល់​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​ស្ពឹក​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ យើង​ដឹង​ហើយ​ថា យើង​បាន​ធ្វើ​បាប ហើយ​យើង​ក៏​ដឹង​ថា​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​សារភាព​បាប តែ​ដោយសារ​យើង​ខំ​ប្រឹង​គេច​ពី​អំពើ​បាប​នោះ​ដោយ​កម្លាំង​ខ្លួន​ឯង​ដែល​នោះ​យើង​មិន​អាច​ធ្វើ​បាន បន្ទាប់​មក​យើង​ចាប់​ផ្តើម​មាន​អារម្មណ៍​ចង់​ឈប់​លន់តួ​ទៅ​ចំពោះ​ព្រះ​អង្គ។ លោក​អ្នក​នឹង​ឃើញ​ពី​ជីវិត​របស់​ខ្លួន​ថា កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​អង្គ​បន្តិចៗ​ម្តង រហូត​ទាល់​តែ​មាន​អារម្មណ៍​ថា លែង​ចង់​អធិស្ឋាន​ទៅ​ចំពោះ​ព្រះ​អង្គ​ត​ទៀត។ ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ គឺ​ខ្ញុំ​ផ្ទាល់​ធ្លាប់​មាន​បទ​ពិសោធន៍​ពី​ការ​នេះ។ ការ​នេះ​បាន​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ស៊ាំ​នឹង​អំពើ​បាប រហូត​ទាល់​តែ​ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា លែង​ចង់​ចូល​ទៅ​ចំពោះ​ព្រះ​អង្គ​ទៀត។ អំពើ​បាប​របស់​យើង​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា ហើយ​មាន​ការ​ជា​ច្រើន​ដែល​លោក​អ្នក​បាន​ធ្វើ ដែល​ខ្ញុំ​មិន​ដឹង ទោះ​បើ​លោក​អ្នក​មិន​ដឹង​ក៏​ដោយ ប៉ុន្តែ​ព្រះ​អង្គ​ក៏​នៅ​តែ​ជ្រាប។ សម្រាប់​ពេល​នេះ​គឺ​ជា​ឱកាស​មួយ​ជា​ថ្មី​ម្តង​ទៀត ក្នុង​ការ​ឲ្យ​លោក​អ្នក​គិត​ពិចារណា​នូវ​អ្វី​ដែល​លោក​អ្នក​បាន​ធ្វើ។ មាន​លោក​គ្រូ​ម្នាក់​ធ្លាប់​បាន​និយាយ​ថា «សញ្ញា​សម្គាល់​មនុស្ស​បរិសុទ្ធ មិន​មែន​ន័យ​ថា គាត់​មិន​មាន​បាប​ទេ ប៉ុន្តែ​គាត់​ទទួល​ស្គាល់​ពី​ទោស​កំហុស​របស់​គាត់ ហើយ​សារភាព​ទៅ​ចំពោះ​ព្រះ​អង្គ»។ ដូច្នេះ អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​អង្គ​បាន​បរិសុទ្ធ គឺ​ដោយ​សារ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា យើង​លែង​ធ្វើ​បាប​នោះ​ទេ តែ​យើង​នៅ​តែ​ភ្លាត់​ធ្វើ​បាប។ នៅ​ពេល​ដែល​យើង​ភ្លាត់​ធ្វើ​បាប យើង​ដឹង​ខ្លួន ហើយ​យើង​ងាក​បែរ​មក​លន់តួ​សារភាព​ទៅ​ចំពោះ​ព្រះ​អង្គ។ នេះ​ហើយ​គឺ​សញ្ញា​សម្គាល់​របស់​មនុស្ស​បរិសុទ្ធ ហើយ​ក៏​ជា​ភស្តុតាង​មួយ​ដែល​បង្ហាញ​ថា យើង​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ​ដែរ។ ហើយ​ផ្លូវ​ដែល​នាំ​យើង​ឆ្ពោះ​ទៅ​រក​សេចក្ដី​អំណរ​គឺ​ជា​ការ​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ព្រម​ទាំង​សេចក្ដី​ប្រកប​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ដូច្នេះ ចូរ​មាន​សេចក្ដី​ប្រកប​ជា​មួយ​គ្នា រវាង​អ្នក​ជឿ​នឹង​អ្នក​ជឿ​ដូច​គ្នា ហើយ​ស្អាង​គ្នា​ឡើង​ចុះ!

និពន្ធដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​,លោក ធីម៉ូថេ ឯក​ និង​ លោក សួន ចាន់រួម
ដកស្រង់ និងកែសម្រួលចេញពី youtube.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ប្រកប

នៅជាប់ក្នុងការពិត