in

ប្រកប

១យ៉ូហាន ១:១-៤

ប្រហែល​ជា​លោក​អ្នក​មួយ​ចំនួន​បាន​ដឹង​រួច​មក​ហើយ​ថា សេចក្តី​ប្រកប​ជា​អ្វី? ពេល​ដែល​លោក​អ្នក​ឮ​ពាក្យ​ថា «ប្រកប» លោក​អ្នក​ប្រហែល​នឹក​ឃើញ​ដល់​ការ​ហូប​អាហារ​ជុំ​គ្នា ឬ​ការ​អ្វី​ផ្សេងៗ​ទៀត។ ប៉ុន្តែ អត្ថន័យ​នៃ​ពាក្យ «ប្រកប» អាច​លើស​ពី​ការ​ញ៉ាំ​អាហារ និង​ការ​ជួបជុំ​គ្នា (ការ​ហូប​អាហារ​ជុំ​គ្នា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកប​គ្នា​ដែរ)។ នៅ​ក្នុង​អត្ថន័យ​នៃ​ពាក្យ «ប្រកប» ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​លើក​ឡើង​ថា គឺ​ជា​បទ​ពិសោធន៍​នៃ​ការ​ចែក​ចាយ​នូវ​អ្វី​មួយ​ដែល​យើង​មាន​ជា​លក្ខណៈ​រួម​ជា​មួយ​គ្នា និង​ជា​មួយ​អ្នក​ដទៃ (កិច្ចការ ២:៤៦)។ នេះ​ហើយ​គឺ​ជា​បទ​ពិសោធន៍! សំណួរ​សួរ​ថា៖ តើ​អ្វី​ទៅ​គឺ​ជា​សេចក្ដី​ប្រកប​ដ៏​ពិត​ប្រាកដ ដែល​រស់​នៅ​ដោយ​មាន​ការ​ប្រកប​គ្នា? ការ​ដែល​យើង​មក​រៀន​ព្រះ​បន្ទូល​ព្រះ​អង្គ ថ្វាយ​បង្គំ​ព្រះ​អង្គ នោះ​ហើយ​ជា​អ្វី​ដែល​យើង​មាន​ជា​លក្ខណៈ​រួម និង​ការ​ប្រកប​គ្នា។

ពិត​ប្រាកដ​ណាស់! យើង​មិន​មាន​អាហារ​សម្រាប់​រៀង​រាល់​ថ្ងៃ​អាទិត្យ​សម្រាប់​លោក​អ្នក​រាល់​ពេល​ដែល​លោក​អ្នក​មក​ថ្វាយ​បង្គំ​នៅ​ព្រះ​វិហារ​នោះ​ទេ ប៉ុន្តែ​យើង​មាន​អាហារ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ នេះ​ហើយ​គឺ​ជា​ការ​ដែល​យើង​ប្រកប​គ្នា ជាជាង​ដែល​លោក​អ្នក​តែងតែ​គិត​ថា​ការ​ប្រកប​គ្នា​គឺ​ជា​ការ​ដែល​យើង​មាន​ម្ហូប​អាហារ​ញ៉ាំ​ជុំ​គ្នា។

ដូច្នេះ តើ​អ្វី​ទៅ​ជា​មូលដ្ឋាន​នៃ​ការ​រស់​នៅ​ដោយ​មាន​ការ​ប្រកប​គ្នា​ដ៏​ពិត​ប្រាកដ? ហើយ​ការ​ដែល​ប្រកប​គ្នា​ដោយ​ពិត​ប្រាកដ នោះ​អាច​កើត​ឡើង​បាន​ដោយ​របៀប​ណា? ហើយ​ពេល​ដែល​លោក​អ្នក​មាន​ការ​ប្រកប​គ្នា​ដ៏​ពិត​ប្រាកដ តើ​នោះ​នឹង​នាំ​ឲ្យ​ជីវិត​របស់​លោក​អ្នក​មាន​លក្ខណៈ​បែប​ណា? ខាង​ក្រោម​នេះ​មាន​លើក​ឡើង​នូវ​ចំណុច៣​យ៉ាង ដែល​និយាយ​ទាក់​ទង​ទៅ​នឹង​ការ​ប្រកប​គ្នា​ដ៏​ពិត​នេះ៖

ព្រះ​គ្រីស្ទ​គឺ​ជា​មូលដ្ឋាន​នៃ​សេចក្តី​ប្រកប​របស់​យើង

ការ​ដែល​លោក​អ្នក​រស់នៅ​ដោយ​មាន​សេចក្តី​ប្រកប​ដ៏​ពិត នោះ​លោក​អ្នក​នឹង​ឃើញ​ថា ព្រះ​គ្រីស្ទ​គឺ​ជា​មូលដ្ឋាន​នៃ​សេចក្តី​ប្រកប​របស់​លោក​អ្នក ហើយ​និង​ខ្ញុំ​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:១-២ ចំណុច​នេះ​ហើយ​គឺ​ជា​មូលដ្ឋាន​គ្រឹះ ហើយ​ក៏​ជា​អ្វី​ដែល​លោក​អ្នក ហើយ​និង​ខ្ញុំ​មាន​ជា​លក្ខណៈ​រួម ព្រម​ទាំង​ការ​សិក្សា​ពី​ព្រះ​គ្រីស្ទ​ជា​មួយ​គ្នា។ ហើយ​ប្រសិន​បើ​សេចក្ដី​ប្រកប​របស់​លោក​អ្នក​មិន​មាន​ព្រះ​គ្រីស្ទ​ជា​មូលដ្ឋាន​ទេ នោះ​សេចក្ដី​ប្រកប​របស់​លោក​អ្នក​មិន​មែន​ជា​សេចក្ដី​ប្រកប​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ។

កណ្ឌ​គម្ពីរ ១យ៉ូហាន ១:១-២ បាន​ចែង​ថា «ឯ​សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ​បាន​ឮ ហើយ​ភ្នែក​បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ​ពាល់ ខាង​ឯ​ព្រះ​បន្ទូល​នៃ​ជីវិត (‍ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​កល្ប​ជា​និច្ច ដែល​ពី​ដើម​ស្ថិត​នៅ​នឹង​ព្រះ​វរ​បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ)»

ដូច្នេះ សំណួរ​សួរ​ថា តើ​លោក​អ្នក​បាន​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា? ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​សួរ តើ​លោក​អ្នក​នឹង​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សួរ​នោះ​វិញ​យ៉ាង​ដូច​ម្តេច? តើ​អ្វី​ទៅ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​លោក​អ្នក ទាក់​ទង​ទៅ​នឹង​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ? យើង​ខ្ញុំ​ជឿ​ថា នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដែល​លោក​អ្នក​ហើយ​ខ្ញុំ​អាច​បង្កើត​បាន ហើយ​នោះ​ឯង​គឺ​ការ​ប្រកប​ដ៏​ពិត​ប្រាកដ​ជា​មួយ​នឹង​ព្រះ​វរបិតា​របស់​យើង។ សាវ័ក យ៉ូហាន បាន​សរសេរ​កណ្ឌ​គម្ពីរ​នេះ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​មនុស្ស​មួយ​ចំនួន​ដែល​មាន​គំនិត​អវិជ្ជមាន និង​មាន​គំនិត​ខុស​ឆ្គង៖ ពួក​គេ​ខ្លះ​បាន​បដិសេធ​ពី​ភាព​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​យេស៊ូវ​ដោយ​លើក​ឡើង​ថា ព្រះ​យេស៊ូវ​មិន​បាន​យាង​មក​ក្នុង​និស្ស័យ​ជា​សាច់​ឈាម​នោះ​ទេ តែ​ព្រះ​អង្គ​បាន​យាង​មក​តាម​វិញ្ញាណ​តែ​ប៉ុណ្ណោះ ខណៈពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រសូត​មក​ហើយ។ ហើយ​មាន​អ្នក​ខ្លះ​ទៀត​ក៏​បាន​គិត​ផង​ដែរ​ថា ព្រះ​យេស៊ូវ​មិន​មែន​ជា​ព្រះ​មេស្ស៊ី និង​ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​យាង​មក​នោះ​ទេ ទ្រង់​គ្រាន់​តែ​ជា​មនុស្ស​ដែល​បង្រៀន​ឲ្យ​ធ្វើ​ល្អ ហើយ​ជា​អ្នក​ដែល​បង្រៀន​មេរៀន​ខាង​ផ្នែក​សីលធម៌​ល្អ​ម្នាក់​តែ​ប៉ុណ្ណោះ។

ចុះ​លោក​អ្នក​វិញ តើ​លោក​អ្នក​ជឿ​យ៉ាង​ដូច​ម្តេច​ទាក់ទង​នឹង​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ? នេះ​ហើយ​ជា​មូល​ដ្ឋាន​ដ៏​សំខាន់​សម្រាប់​លោក​អ្នក​ក្នុង​ការ​រស់​នៅ។ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​ច្បាស់ និង​មិន​ទាន់​ស្គាល់​ព្រះ​គ្រីស្ទ​នៅ​ឡើយ​ទេ នោះ​វា​នឹង​ប៉ះពាល់​ទៅ​ដល់​ជីវិត​រស់នៅ​របស់​លោក​អ្នក​ជា​រៀង​រាល់​ថ្ងៃ​ជា​មិន​ខាន។ ប្រសិន​បើ​លោក​អ្នក​គិត​ថា ព្រះ​គ្រីស្ទ​គ្រាន់​តែ​ជា​គ្រូ​ល្អ​ម្នាក់ ដែល​បាន​បង្រៀន​ឲ្យ​មនុស្ស​យើង​ចេះ​ធ្វើ​ល្អ នោះ​ការ​គិត​បែប​នេះ​នឹង​មិន​ជះ​ឥទ្ធិពល​លើ​ជីវិត​ការ​រស់​នៅ​របស់​លោក​អ្នក​ទេ។ ប្រហែល​ជា​មាន​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​ចាប់​ផ្ដើម​សួរ​ដែរ​ថា តើ​ខ្ញុំ​គួរ​តែ​រស់​នៅ​ក្នុង​លក្ខណៈ​មួយ​ណា​ដែល​ស្រប​ទៅ​នឹង​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់? ប៉ុន្តែ ពួក​គេ​ក៏​មាន​គំនិត​គិត​ថា ការ​រស់​នៅ​បែប​នោះ​គឺ​មិន​សូវ​ជា​សំខាន់​អ្វី​ប៉ុន្មាន​ឡើយ។ បើ​លោក​អ្នក​ដឹង​យ៉ាង​ជាក់​ច្បាស់​ថា ព្រះ​គ្រីស្ទ​ទ្រង់​ជា​នរណា​ឲ្យ​ពិត​ប្រាកដ​មែន នោះ​វា​នឹង​នាំ​ឲ្យ​ជីវិត​នៃ​ការ​រស់​នៅ​របស់​លោក​អ្នក​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អ្នក​ដទៃ។

យើង​ឃើញ​ការ​មួយ​ចំនួន​ផ្សេងៗ​ទៀត ទាក់​ទង​ទៅ​នឹង​សេចក្តី​ពិត​នៃ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ៖ នៅ​ត្រង់​ចំណុច​នេះ នៅ​ពេល​ដែល​មិត្ត​អ្នក​អាន​គិត​មួយ​ភ្លែត នោះ​លោក​អ្នក​នឹង​ឃើញ​ថា វា​ហាក់​បី​ដូច​ជា​លោក​អ្នក​ពិបាក​យល់​ណាស់។ ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​ពិនិត្យ និង​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​លោក​អ្នក​នឹង​ឃើញ​ពី​ភាព​ស្រដៀង​គ្នា​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:១-២ និង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ យ៉ូហាន ១:១-៣ ជា​មិន​ខាន—ពោល​គឺ​នឹង​ឃើញ​ពី​លក្ខណៈ​ភាព​ពិត​របស់​ព្រះ​យេស៊ូវ​ថា ព្រះ​អង្គ​ជា​ព្រះ​បន្ទូល​នៃ​ជីវិត ដែល​មាន​តាំង​ពី​ដើម​រៀង​មក​ម៉្លេះ។ កណ្ឌ​គម្ពីរ យ៉ូហាន ១:១-៣ បាន​ចែង​ថា «កាល​ដើម​ដំបូង​មាន​ព្រះ​បន្ទូល ព្រះ​បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ​បន្ទូល​នោះ​ឯង​ជា​ព្រះ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ទ្រង់ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ»

ដូច្នេះ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​សាវ័ក យ៉ូហាន បាន​ឮ បាន​ឃើញ និង​ថែម​ទាំង​បាន​ប៉ះ​ផង ដែរ គឺ​ទ្រង់​នោះ​ឯង​ជា​ព្រះ​បន្ទូល​នៃ​ជីវិត។ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​បន្ទូល​នៃ​ជីវិត ដែល​មាន​តាំង​ពី​ដើម​រៀង​មក។ រីឯ​ឃ្លា «ឯ​សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​មក» នោះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​កណ្ឌ​គម្ពីរ យ៉ូហាន ១:១ ដែល​មាន​ចែង​ថា «កាល​ដើម​ដំបូង​មាន​ព្រះ​បន្ទូល»។ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​បន្ទូល​នៃ​ជីវិត​ដែល​មាន​តាំង​ពី​ដើម​រៀង​មក។ ដូច្នេះ ព្រះ​គ្រីស្ទ​គឺ​ជា​ព្រះ​បន្ទូល​នៃ​ជីវិត ហើយ​ទ្រង់​ជា​ព្រះ​តែ​ម្តង ដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​វត្តមាន​តាំង​ពី​ដើម​រៀង​មក​រួច​ទៅ​ហើយ។ កណ្ឌ​គម្ពីរ ១យ៉ូហាន ១:២ បាន​ចែង​ថា «ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ»។ ត្រង់​នេះ​មាន​ន័យ​ថា ព្រះ​យេស៊ូវ​បាន​ប្រសូត​ដោយ​មក​យក​និស្ស័យ​ជា​មនុស្ស​រួច​មក​ហើយ ពិត​ប្រាកដ​ណាស់​ដែល​សាវ័ក យ៉ូហាន បាន​មើល​ឃើញ ហើយ​ថែម​ទាំង​ពាល់​ព្រះ​អង្គ ហើយ​លោក​ក៏​បាន​រៀន​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​ផ្ទាល់​ទៀត​ផង។

មាន​មនុស្ស​មួយ​ចំនួន​មិន​ទាន់​បាន​ទទួល​ស្គាល់​ពី​ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ​នៅ​ឡើយ​នោះ​ទេ។ កណ្ឌ​គម្ពីរ ១យ៉ូហាន ១:២ បាន​ចែង​ថា «យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​កល្ប​ជា​និច្ច…»។ ដូច្នេះ ព្រះ​យេស៊ូវ​គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​បាន​បើក​សម្ដែង​មក​ឲ្យ​យើង​ឃើញ​រួច​មក​ហើយ។ នេះ​គឺ​ជា​ការ​អះអាង​បញ្ជាក់​បន្ថែម​ទៀត​របស់​សាវ័ក យ៉ូហាន ដើម្បី​បញ្ជាក់​ទៅ​ដល់​ក្រុមជំនុំ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​នៃ​ជីវិត​ដែល​មាន​តាំង​ពី​ដើម​រៀង​មក មិន​មែន​ដូច​ជា​អ្វី​ដែល​ពួក​គេ​គិត​ថា​នោះ​ទេ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​គ្រាន់​តែ​ជា​គ្រូ​ដ៏​ល្អ​ម្នាក់​នោះ​ឡើយ។ ហើយ​ទ្រង់​គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផង​ដែរ។

តើ​លោក​អ្នក​បាន​ស្គាល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​លក្ខណៈ​បែប​នេះ​ហើយ​ឬ​នៅ? ក្នុង​នាម​យើង​ជា​ជនជាតិ​ខ្មែរ ពេល​ខ្លះ​យើង​ពិបាក​យល់ ហើយ​ខ្ញុំ​ក៏​ទទួល​ស្គាល់​ពី​ចំណុច​នេះ​ផង​ដែរ។ កាល​ពី​មុនៗ នៅ​ក្នុង​ផ្នត់​គំនិត​យើង យើង​បាន​ធ្លាប់​គិត​ថា ផែនដី​ធំ​មួយ​នេះ​គឺ​កើត​ឡើង​ដោយ​ឯងៗ ហើយ​គ្មាន​នរណា​បាន​បង្កើត​វា​ទេ។ ប៉ុន្តែ ពេល​ដែល​លោក​អ្នក​ចាប់​ផ្ដើម​ពិនិត្យ និង​សង្កេត​មើល នោះ​លោក​អ្នក​នឹង​ឃើញ​ថា របស់​គ្រប់​ទាំង​អស់​ដែល​មាន​នៅ​ផែនដី​នេះ​មិន​អាច​កើត​ឡើង​ដោយ​ឯក​ឯង​បាន​នោះ​ឡើយ។ ច្បាស់​ណាស់​ថា ដាច់​ខាត​ត្រូវ​តែ​មាន​អ្នក​ដែល​បាន​បង្កើត​វា​មក ហើយ​ស្រប​ពេល​នោះ​ដែរ​យើង​នឹង​ចាប់​ផ្តើម​ចង់​ស្គាល់​អ្នក​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​ដែរ។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​នៅ​ជា​មួយ​ព្រះ​វរបិតា​របស់​ទ្រង់ គឺ​ជា​អង្គ​ដែល​បាន​បង្កើត​គ្រប់​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ។ ហើយ​ព្រះ​អង្គ​ទ្រង់​ផ្ទាល់​ក៏​បាន​អះអាង​ផង​ដែរ​ថា ទ្រង់​គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ អស់​អ្នក​ណា​ដែល​ជឿ​លើ​ព្រះ​អង្គ​នោះ​នឹង​បាន​ជីវិត​អស់​កល្ប​ជានិច្ច។ នៅ​ពេល​ដែល​លោក​អ្នក​យល់​ពី​ការ​នេះ នោះ​វា​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​យល់​បាន​បន្ថែម​ទៀត ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​យល់​ការ​ហ្នឹង​ទេ នោះ​វា​នឹង​បណ្តាល​ឲ្យ​លោក​អ្នក​ហាក់​បី​ដូច​ជា​បាត់​បង់​អ្វី​ម្យ៉ាង ឬ​បាត់​បង់​អ្វី​មួយ​អញ្ចឹង។ តើ​ការ​នេះ​ទាក់​ទង​គ្នា​ក្នុង​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង​យ៉ាង​ដូច​ម្តេច? ប្រសិន​បើ​លោក​អ្នក​សិក្សា​ពី​ដើម​កំណើត នោះ​លោក​អ្នក​នឹង​ឃើញ​ថា ព្រះ​អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ ហើយ​ព្រះ​អង្គ​នោះ​គឺ​ជា​ព្រះ​ដ៏​ពិត។ តាម​រយៈ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ដំបូង មនុស្ស​លោក​យើង​ក៏​បាន​ធ្លាក់​ក្នុង​អំពើ​បាប។ ព្រះ​អង្គ​ជ្រាប​ថា មនុស្ស​យើង​មិន​អាច​ជួយ​សង្គ្រោះ​ខ្លួន​ឯង​បាន​ឡើយ។ ដូច្នេះ ទ្រង់​ក៏​បាន​ចាត់​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ព្រះ​អង្គ​ឲ្យ​យាង​មក ដើម្បី​សុគត​ជំនួស​អំពើ​បាប​របស់​យើង។ ព្រះ​អង្គ​បាន​ធ្វើ​បែប​នោះ​ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង (យ៉ូហាន ៣:១៦)។

នៅ​ពេល​នោះ លោក​អ្នក​នឹង​ចាប់​ផ្តើម​យល់ ហើយ​ភ្ញាក់​ផ្អើល​ដោយ​ឯកភាព​ថា នេះ​ហើយ​គឺ​ជា​ដំណឹង​ល្អ៖ ពី​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ។ នេះ​ហើយ​គឺ​ជា​មូលដ្ឋាន​នៃ​សេចក្ដី​ប្រកប​របស់​យើង។ នៅ​ពេល​ដែល​យើង​ជឿ​លើ​ទ្រង់ និង​សិក្សា​អំពី​ទ្រង់ ការ​នោះ​នឹង​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​គ្នា ជួប​ជុំ​គ្នា ចែក​ចាយ​អំពី​ព្រះ​អង្គ។ នោះ​ឯង​គឺ​ជា​សេចក្ដី​ប្រកប​ដ៏​ពិត​ប្រាកដ​ដែល​សាវ័ក យ៉ូហាន បាន​លើក​ឡើង។

យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​នឹង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ

កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៣ បាន​បន្ត​ចែង​ថា «ដូច្នេះ សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​នោះ យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​នឹង​យើង​ខ្ញុំ​ដែរ រី​ឯ​សេចក្ដី​ប្រកប​របស់​យើង​ខ្ញុំ នោះ​គឺ​ប្រកប​នឹង​ព្រះ​វរ​បិតា ហើយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​ទ្រង់»។ តើ​ខ​នេះ​ចង់​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? ត្រង់​នេះ​សាវ័ក យ៉ូហាន ចង់​មាន​ន័យ​ថា ព្រះ​គ្រីស្ទ​គឺ​ជា​មូលដ្ឋាន​នៃ​ការ​ប្រកប។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​លើ​ព្រះ​គ្រីស្ទ​ដូច​យើង​ខ្ញុំ​ជឿ​ដែរ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​ប្រកប​ជា​មួយ​នឹង​គ្នា។ ពួក​សាវ័ក​ជឿ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​ដ៏​មាន​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ក៏​ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វសារពើ។ ទ្រង់​មាន​ព្រះ​ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក​ម្ល៉េះ។ ចំពោះ​បង​ប្អូន​ដែល​បាន​ជឿ​លើ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​ជា​យើងខ្ញុំ​បាន​ជឿ​ដែរ នោះ​មាន​ន័យ​ថា បង​ប្អូន​បាន​ប្រកប​ជា​មួយ​យើង​ខ្ញុំ ហើយ​ការ​ប្រកប​នោះ​គឺ​ជា​ការ​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា។ តើ​ការ​ប្រកប​ជាមួយ​នឹង​ព្រះ​វរបិតា និង​ការ​ប្រកប​ជា​មួយ​នឹង​ព្រះ​រាជបុត្រា​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? គឺ​មាន​ន័យ​ថា យើង​នឹង​ចាប់​ផ្តើម​មើល​ទៅ​កាន់​ជីវិត​យើង ដោយ​មាន​តម្លៃ​ដូច​គ្នា​ទៅ​នឹង​ព្រះ​អង្គ​ដែរ។ អ្វី​ដែល​ព្រះ​អង្គ​ស្រឡាញ់ នោះ​យើង​ក៏​នឹង​ស្រឡាញ់​ដែរ ហើយ​យើង​នឹង​បង្ហាញ​ពី​ការ​នេះ​ក្នុង​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង។ អ្វី​ដែល​ព្រះ​អង្គ​ឲ្យ​តម្លៃ នោះ​យើង​ក៏​នឹង​ឲ្យ​តម្លៃ​ដូច​ព្រះ​អង្គ​ផង​ដែរ៖ ការ​អរ​សប្បាយ​រីក​រាយ​នៅ​ពេល​ដែល​យើង​ជឿ​លើ​ជំនឿ​ដែល​បាន​មូលដ្ឋាន​គ្រឹះ​ដូច​គ្នា ហើយ​យើង​ឲ្យ​តម្លៃ​ដូច​គ្នា។ នេះ​ហើយ​គឺ​ជា​ការ​ដែល​យើង​ប្រកប​ជា​មួយ​គ្នា​ដ៏​ពិត​ប្រាកដ ពីព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​មូលដ្ឋាន​គ្រឹះ និង​ជំនឿ​របស់​យើង។

កណ្ឌ​គម្ពីរ ១យ៉ូហាន ២:២៣ បាន​ចែង​ទៀត​ថា «ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​រាជ​បុត្រា នោះ​ក៏​គ្មាន​ព្រះ​វរ​បិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ​រាជ​បុត្រា នោះ​ក៏​មាន​ទាំង​ព្រះ​វរ​បិតា​ផង»។ យើង​ឃើញ​ថា ការ​ដែល​យើង​មាន​ទំនាក់​ទំនង​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា​បាន គឺ​មាន​តែ​តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​មួយ​គត់។ ប្រសិន​បើ​មិន​តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ នោះ​យើង​នឹង​មិន​មាន​សេចក្តី​ប្រកប​ជាមួយ​នឹង​ព្រះ​វរបិតា​បាន​ឡើយ។ ដ្បិត​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១៤:៦ បាន​លើក​ឡើង​ថា «ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ”»។ ដូច្នេះ មាន​តែ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​តែ​មួយ​គត់​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​យើង​មាន​ការ​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា ដែល​បាន​បង្កើត​របស់​សព្វសារពើ​មក។ នេះ​ហើយ​គឺ​ជា​ការ​សបញ្ជាក់​អះអាង​ដល់​លោក​អ្នក និង​យើង​ខ្ញុំ​សារ​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​យើង​រស់​នៅ​ដោយ​មាន​ការ​ប្រកប​ដ៏​ពិត​ប្រាកដ​បាន ពោល​គឺ​តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ។ បើ​ដាច់​ចេញ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​ក៏​នឹង​មិន​អាច​មាន​សេចក្តី​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា​បាន​ឡើយ!

សេចក្តី​ប្រកប​របស់​យើង​ជា​មួយ​នឹង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​គឺ​ជា​ប្រភព​នៃ​អំណរ

នៅ​ពេល​ដែល​យើង​មាន​សេចក្តី​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា ការ​នោះ​នឹង​នាំ​យើង​ឲ្យ​មាន​អំណរ​ដ៏​ពិត​ប្រាកដ​បាន។ កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៤ បាន​ចែង​ថា «យើង​ខ្ញុំ​ក៏​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ឡើង»។ យើង​ឃើញ​ថា នៅ​ពេល​ដែល​លោក​អ្នក ហើយ​និង​យើងខ្ញុំ​បាន​ស្គាល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្ទាល់ នោះ​យើង​នឹង​មាន​ការ​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា​របស់​យើង​ឡើង​វិញ។ គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​ការ​ដែល​យើង​មាន​ការ​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​របស់​យើង​វិញ​នោះ​ឡើយ ពីព្រោះ​ការ​ធ្វើ​បែប​នេះ​នាំ​ឲ្យ​យើង​មាន​សេចក្តី​អំណរ​ដ៏​ពិត​ប្រាកដ។ លោក​អ្នក​ប្រហែល​ជា​ទំនង​កំពុង​ព្យាយាម​ស្វែងរក​អំណរ​ផ្សេងៗ​តាម​បែប​លោកីយ៍ ហើយ​លោកីយ៍​ក៏​កំពុង​ព្យាយាម​ស្វែងរក​តាម​របៀប​ផ្សេងៗ​ដែល​ពួកគេ​ចង់​បាន​នូវ​អំណរ​ដែរ។ លោក​អ្នក ហើយ​និង​ខ្ញុំ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពួកគេ គឺ​ត្រង់​ថា​យើង​ស្វែង​រក​ព្រះ​គ្រីស្ទ យើង​ចង់​ស្គាល់​ព្រះ​គ្រីស្ទ​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ។ កាល​ណា​លោក​អ្នក ហើយ​និង​ខ្ញុំ​មាន​សេចក្តី​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ នោះ​យើង​ក៏​នឹង​មាន​អំណរ​នៅ​ក្នុង​ព្រះ​អង្គ​ផង​ដែរ។ យើង​គ្រប់ៗ​គ្នា​ជា​មនុស្ស​ដែល​កំពុង​ស្វែង​រក​អំណរ​តាម​បែប​ផ្សេងៗ​គ្នា ឧទាហរណ៍៖ មាន​មនុស្ស​មួយ​ចំនួន​កំពុង​ព្យាយាម​ដេញ​តាម​នូវ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ផ្ទាល់ ហើយ​គិត​ថា​នៅ​ពេល​ដែល​ពួកគេ​បាន​សម្រេច​នូវ​សេចក្តី​ប៉ងប្រាថ្នា​នោះ ការ​នោះ​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្តី​អំណរ​ដ៏​ពិត​ប្រាកដ​ជា​មិន​ខាន។ ត្រង់​នេះ ខ្ញុំ​មិន​មែន​ចង់​មាន​ន័យ​ថា វា​ទាក់​ទង​នឹង​ការ​បំពេញ​នូវ​តម្រូវ​ការ​នោះ​ទេ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​ស្វែង​រក​នូវ​មហិច្ឆតា​តាម​បែប​លោកីយ៍ ទោះ​បើ​លោក​អ្នក​បាន​ដឹង​រួច​ហើយ​ថា តើ​អ្វី​ទៅ​ជា​សេចក្តី​អំណរ​របស់​លោកីយ៍? ប្រហែល​ជា​អាច​នៅ​កន្លែង ខារ៉ាអូខេ ឬ​ការ​ធ្វើ​ដំណើរ​ទៅ​លេង​រមណីយដ្ឋាន​ណា​មួយ ដែល​មាន​ទេស​ភាព​ស្អាតៗ​ជា​មួយ​នឹង​ក្រុម​គ្រួសារ នេះ​ហើយ​ជា​សេចក្តី​អំណរ​ដ៏​ពិត​ប្រាកដ​របស់​លោកីយ៍។

ប៉ុន្តែ យើង​ដឹង​ហើយ​ថា អំណរ​ដ៏​ពិត​ប្រាកដ មិន​មែន​អាស្រ័យ​លើ​ទី​កន្លែង ឬ​ក៏​របស់​អ្វី​ផ្សេង​ទៀត​នៅ​ជុំ​វិញ​យើង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​អំណរ​ដ៏​ពិត​ប្រាកដ​គឺ​ការ​ដែល​យើង​មាន​ការ​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា។ នេះ​ហើយ​គឺ​ជា​ដំណើរ​ជីវិត​របស់​គ្រីស្ទ​បរិស័ទ ដែល​យើង​ចង់​រស់​នៅ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។ នៅ​ថ្ងៃ​ដែល​យើង​ចាក​ចេញ​ពី​ផែនដី​នេះ នោះ​យើង​នឹង​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ។ ឥឡូវ​នេះ យើង​ដឹង​ហើយ​ថា ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​គ្នា ដែល​នេះ​មាន​ន័យ​ថា ជា​ការ​ប្រកប​ដោយ​មាន​សេចក្តី​សុខដុម​រមនា។ ហើយ​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​ក៏​ចង់​មាន​សេចក្តី​អំណរ​ដូច​នេះ​ដែរ។

ដូច្នេះ សរុប​សេចក្ដី​ទៅ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្ដី​ប្រកប​គ្នា​របស់​យើង ហើយ​តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​ក៏​នឹង​មាន​សេចក្ដី​ប្រកប​ជា​មួយ​នឹង​ព្រះ​វរបិតា​បាន​ដែរ ហើយ​សេចក្តី​ប្រកប​នោះ​ឯង​ជា​ប្រភព​នៃ​អំណរ​ចំពោះ​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ។ ដូច្នេះ ចូរ​បន្ត​ប្រកប​ជា​មួយ​នឹង​ព្រះ​អង្គ តាម​រយៈ​ការ​ស្គាល់​នូវ​ព្រះ​បន្ទូល​ព្រះ​អង្គ​ចុះ! នៅ​ពេល​ដែល​យើង​ស្គាល់​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ នោះ​យើង​ក៏​នឹង​ដឹង​នូវ​អ្វី​ដែល​ទ្រង់​ឲ្យ​តម្លៃ​លើ​ផង​ដែរ នេះ​ហើយ​គឺ​ជា​អត្ថន័យ​នៃ​សេចក្តី​ប្រកប​ដ៏​ពិត៖ នៅ​ពេល​ដែល​ព្រះ​អង្គ​ឲ្យ​តម្លៃ​លើ​អ្វី​មួយ នោះ​យើង​ក៏​នឹង​ឲ្យ​តម្លៃ​លើ​អ្វី​មួយ​នោះ​ដូច​ដែល​ទ្រង់​ឲ្យ​តម្លៃ​លើ​ផង​ដែរ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ស្រឡាញ់​អ្វី​មួយ នោះ​យើង​ក៏​នឹង​ស្រឡាញ់​អ្វី​មួយ​នោះ ដូច​ដែល​ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​ផង​ដែរ។ សូម​ឲ្យ​ការ​ប្រកប​របស់​យើង​ជា​មួយ​នឹង​ព្រះ​អង្គ​ក្លាយ​ជា​មូលដ្ឋាន និង​ជា​ប្រភព​នៃ​អំណរ​របស់​យើង​ដែល​លោកីយ៍​មិន​អាច​មាន​ចុះ!

និពន្ធដោយ៖ លោកគ្រូ ជឿន ជីវិចន្ធា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​,លោក ធីម៉ូថេ ឯក​ និង​ លោក សួន ចាន់រួម
ដកស្រង់ និងកែសម្រួលចេញពី youtube.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេវេន ដេយ អាត់វេនទីស្ទ

ភស្ដុតាងពិត