in

លក្ខណៈជំនឿ​​​របស់​គ្រីស្ទាន

ភាព​ជា​សិស្ស​ដ៏​ពិត​ប្រាកដ​មិន​អាច​កើត​មាន​ឡើង​បាន​ដោយ​គ្មាន​ជំនឿ​ដ៏​ស្មោះស្ម័គ្រ ហើយ​ជ្រាលជ្រៅ​ក្នុង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​គង់​នៅ​នោះ​ឡើយ។ អស់អ្នក​ដែល​ចង់​ធ្វើ​ព័ន្ធកិច្ច​ថ្វាយ​ព្រះ​ជាម្ចាស់ ជាដំបូង​គាត់​ត្រូវ​ជឿ​លើ​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត​ជាមុន​សិន។ លោក ហ័ដសិន ថេល័រ (Hudson Taylor) បាន​សរសេរ​បញ្ជាក់​ថា «អស់អ្នក​ដែល​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ព្រះ​ជាម្ចាស់​សុទ្ធតែ​ជា​អ្នក​ទន់ខ្សោយ​ដែល​បាន​ធ្វើ​កិច្ចការ​ដ៏​ធំ​ក្រៃលែង​ថ្វាយ​ទ្រង់ ដោយសារ​តែ​ពួក​គេ​ជឿ​ថា ទ្រង់​គង់​នៅ​ជាមួយ»។

ដូច្នេះ ជំនឿ​ដ៏​ពិត គឺ​តែងតែ​ផ្អែក​លើ​សេចក្ដីសន្យា​របស់​ព្រះ​ជាម្ចាស់​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ នេះ​ហើយ​គឺ​ជា​ចំណុច​ដែល​សំខាន់។ មុនដំបូង​អ្នក​ជឿ អាន ឬ​ក៏​ឮ​នូវ​សេចក្ដីសន្យា​មួយ​របស់​ព្រះ​ជាម្ចាស់ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធ​ក៏​យក​សេចក្ដីសន្យា​នោះ​ទៅ​បញ្ជ្រាប​ក្នុង​ចិត្ត និង​បញ្ញាចិត្ត​របស់​ពួក​គេ​ដោយ​អង្គ​ទ្រង់​ផ្ទាល់តែម្តង។ អ្នក​ជឿ​នោះ​ក៏​បាន​ភ្ញាក់​ខ្លួន​ថា ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ខ្លួន​គាត់​ដោយ​ផ្ទាល់។ គាត់​បាន​រាប់​សេចក្តី​សន្យា​របស់​ព្រះ​ជាម្ចាស់​ទុកដូចជា​សេចក្តី​សន្យា​ដែល​ទ្រង់​បាន​សម្រេច​រួច​ទៅ​ហើយ ទោះបីជា​លោកីយ៍​នេះ​គិត​ថា​វា​មិន​អាច​ទៅ​រួច​ក៏​ដោយ ក៏​គាត់​នៅ​តែ​ទុកចិត្ត​ទៅ​លើ​ភាព​ស្មោះត្រង់​របស់​ព្រះ​ជាម្ចាស់​យ៉ាង​អស់​ពីចិត្ត។

ម្យ៉ាង​វិញទៀត ព្រះវិញ្ញាណបរិសុទ្ធ​ក៏​អាច​ប្រើ​បញ្ញត្តិ​របស់​ទ្រង់ ដើម្បី​មាន​បន្ទូល​មកកាន់​យើង​ផង​ដែរ ព្រោះ​បញ្ញត្តិ​របស់​ទ្រង់មាន​ជាប់​ទាំង​សេចក្ដីសន្យា​ផង។ ប្រសិនបើ​ព្រះ​ជាម្ចាស់​បញ្ជា នោះ​យើង​អាច​ដឹង​ប្រាកដ​ថា ទ្រង់​នឹង​ប្រទាន​កម្លាំង​ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​តាម​បាន។ បើ​ទ្រង់​បញ្ជា​ឲ្យ​លោក ពេត្រុស ​ដើរ​លើ​ទឹក នោះ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា ព្រះជាម្ចាស់​នឹង​ប្រទាន​អំណាច​ឲ្យ​គាត់​អាច​ដើរ​បាន​ជា​មិន​ខាន (ម៉ាថាយ ១៤:២៨)។ បើ​ទ្រង់​បញ្ជា​យើង​ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​លោក​ទាំងអស់ ​នោះ​យើង​នឹង​ដឹង​យ៉ាង​ច្បាស់​ថា ព្រះជាម្ចាស់​នឹង​ប្រទាន​ព្រះ​គុណ​ដែល​យើង​ត្រូវការ​មក​ជា​មិន​ខាន (ម៉ាកុស ១៦:១៥)។

ជំនឿ​មិន​មែន​ទាក់ទង​ជាមួយនឹង​រឿងរ៉ាវ​ផ្សេងៗ​ដែល​កើត​ឡើង​ជា​ធម្មតា​ដោយសារ​កម្លាំង​មនុស្ស​នោះ​ទេ ព្រោះ​បើ​កើត​ចេញពី​កម្លាំង​មនុស្ស នោះ​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​នោះ​ឡើយ។ ជំនឿ​កើត​មាន​ឡើង​នៅពេល​ដែល​យើង​លែង​ពឹងផ្អែក​លើ​កម្លាំង​ខ្លួនឯង។

លោក ជច ម្យូល័រ (George Müller) បាន​ពន្យល់​ថា «​ជំនឿ​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ដែល​ភាព​អាច​កើត​ឡើង​បាន​ដោយ​កម្លាំង​មនុស្ស​ឈប់​ដំណើរ​ការ ហើយ​ចក្ខុវិស័យ និង​ញាណ​របស់​មនុស្ស​ត្រូវ​បាត់​បង់​ទៅ»។

បើ​បញ្ហា​ពោល​ថា «វា​មិន​អាច​ទៅ​រួច​ទេ» នោះ​ជំនឿ​នឹង​ពោល​តប​ថា «អត់ទេ យើង​អាច​ធ្វើ​បាន!»។ លោក ស៊ី. អេឆ. ម៉ាឃីនថស (C. H. Mackintosh) បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

ជំនឿ​នាំ​ព្រះ​ជាម្ចាស់​ទៅ​កាន់​ស្ថានភាព​មួយ ហើយ​ដឹង​ថា​គ្មាន​អ្វី​លំបាក​ទាល់តែ​សោះ ដោយសារ​ទ្រង់​គង់​ជា​ជំនួយ​ដល់​យើង ហើយ​ជំនឿ​ក៏​សើចចំអក​ឲ្យ​ភាព​ដែល​ថា​មិន​អាច​ទៅ​រួច​នោះ​បាន។ តាម​ទស្សនៈ​នៃ​ជំនឿ​គឺ​ថា ព្រះជាម្ចាស់​គឺ​ជា​ចម្លើយ​ដ៏​ធំ​សម្បើម​ជាងគេ​ដល់​គ្រប់​អស់​ទាំង​សំណួរ ហើយ​ក៏​ជា​ដំណោះ​ស្រាយ​ដ៏​ចម្បង​ចំពោះ​គ្រប់​ទាំង​ការ​លំបាក។ គ្រប់​យ៉ាង​គឺ​សម្រេច​នៅ​លើ​ទ្រង់ ហេតុ​ដូច្នេះ​ហើយ នៅពេល​ដែល​យើង​មាន​ជំនឿ មិន​ខ្វល់​ថា​យើង​ត្រូវការ​ប្រាំ​មួយ​សែន​ដុល្លារ ឬ​ក៏​ប្រាំ​មួយ​លាន​ដុល្លារ​នោះ​ទេ ព្រោះ​នៅ​ក្នុង​ទ្រង់​មាន​គ្រប់​ទាំងអស់។ ជំនឿ​គឺ​ជា​ការ​ពឹងផ្អែក​លើ​ទ្រង់​ទាំង​ស្រុង។ អ្នក​មិន​មាន​ជំនឿ​លើក​ឡើង​ថា៖ «តើ​រឿង​អញ្ចឹង​កើត​ឡើង​យ៉ាង​ម៉េច​បាន?» ពួក​គេ​តែងតែ​លើក​ឡើង​ថា «ធ្វើ​យ៉ាង​ម៉េច​បាន?» ប៉ុន្តែ​អ្នក​ដែល​មាន​ជំនឿ​មាន​ចម្លើយ​មួយ​ដ៏​អស្ចារ្យ​ទៅ​នឹង​សំណួរ​ថា «ធ្វើ​យ៉ាង​ម៉េច​បាន?» ហើយ​ព្រះ​ជាម្ចាស់​គឺ​ជា​ចម្លើយ​នោះ។១

មនុស្ស​ជឿ​ថា លោក អ័ប្រាហាំ និង​សារ៉ា មិន​អាច​មាន​កូន​នោះ​ទេ តែ​លោក អ័ប្រាហាំ ជឿ​ថា ព្រះជាម្ចាស់​មិន​អាច​កុហក​ទេ ដោយ​សារ​ទ្រង់​បាន​សន្យា​រួច​ហើយ។

«ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុកដល់​សាសន៍​ជា​ច្រើន ដូច​សេចក្ដី​ដែល​មាន​បន្ទូល​ទុក​មក​ថា «‍ពូជ​ឯង​នឹង​បាន​ដូច្នោះ» ហើយ​ដោយ​ព្រោះ​លោក​មិន​ខ្សោយ​ខាង​សេចក្ដី​ជំនឿ បាន​ជា​លោក​មិន​គិត​ពី​រូប​កាយ​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​ជា​១០០​ឆ្នាំ​ហើយ ឬ​ពី​ផ្ទៃ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ដែរ​នោះ​ទេ លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹត​តែ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ឡើង ទាំង​សរសើរ​ដំកើង​ដល់​ព្រះ​វិញ ហើយ​ក៏​ជឿ​ជាក់​អស់​ពី​ចិត្ត​ថា សេចក្ដី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សំរេច​បាន» (រ៉ូម ៤:១៨-២១)។

ជំនឿ ជំនឿ​ដ៏​ហានក្លា ឃើញ​ព្រះ​សន្យា
ឃើញ​ព្រះអង្គ​តែ​មួយ
ចំអកឡកឡឺយ​ភាព​មិន​អាច​ទៅ​រួច​ឡើយ
ជំនឿ​ស្រែក​ហើយ «វា​នឹង​សម្រេច»។

ព្រះជាម្ចាស់​នៃ​យើង​ទ្រង់​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​មនុស្ស​គិត​ថា​មិន​អាច​ធ្វើ​បាន (លូកា ១:៣៧)។ គ្មាន​ការ​ណា​លំបាក​ពេក​សម្រាប់​ទ្រង់​ឡើយ (លោកុប្បត្ដិ ១៨:១៤)។ «ទ្រង់​មាន​បន្ទូល​ថា ការ​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់» (លូកា ១៨:២៧)។

អ្នក​ជឿ​គ្រប់រូប​ពឹងផ្អែក​លើ​សេចក្ដីសន្យា​របស់​ទ្រង់​ថា «…បើ​អាច​នឹង​ជឿ​បាន​នោះ ការ​ទាំង​អស់​នឹង​សម្រេច​បាន ដល់​អ្នក​ណា​ដែល​ជឿ» (ម៉ាកុស ៩:២៣) ហើយ​ពួក​គេ​និយាយ​ជាមួយ​សាវ័ក ប៉ុល ​ថា «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ​សារ​ព្រះ​គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ» (ភី​លីព ៤​:១​៣)។

ភាព​មន្ទិលសង្ស័យ​ឃើញ​តែ​ឧបសគ្គ
ជំនឿ​ឃើញ​ជាក់​ពី​មធ្យោបាយ!
មន្ទិលសង្ស័យ​ឃើញ​តែ​ងងឹត​ណាស់
ជំនឿ​ឆ្លុះ​ឃើញ​ច្បាស់​ដូច​ថ្ងៃ​ចាំងចែង។
ភាព​មន្ទិលសង្ស័យ​បន្លាច​មិន​ឲ្យ​ដើរ​ទៅ​មុខ
ជំនឿ​ហោះ​ពឹប​ងើប​ឡើង​លើ
មន្ទិល​ចោទ​សួរ​ថា «អ្នក​ណា​ជឿ?»
ជំនឿ​ឆ្លើយ​ថា «ខ្ញុំ»។

— មិន​ស្គាល់​អ្នក​និពន្ធ

ពេលខ្លះ ការ​មាន​ជំនឿ​មើល​ទៅ​ដូចជា​ មិន​សម​ហេតុ​សមផល​សោះ ពីព្រោះ​វា​ទាក់ទង​នឹង​អធិធម្មជាតិ ក៏​ដូចជា​ព្រះ​ជាម្ចាស់​ផងដែរ។ ការ​ដែល​លោក អ័ប្រាហាំ ​សម្រេចចិត្ត​ចេញ​ពី​ស្រុក​កំណើត​ទៅ​ទាំង​មិន​ដឹង​ថា ខ្លួន​គាត់​ទៅ​ទីណា​ផង​នោះ មិន​មែន​មក​ពី​វិចារណញ្ញាណ​របស់​គាត់​ទេ ប៉ុន្តែ​គាត់​គ្រាន់តែ​ស្តាប់​តាម​បង្គាប់​ព្រះ​ជាម្ចាស់​ដែល​បាន​បញ្ជា​គាត់​ប៉ុណ្ណោះ (ហេព្រើរ ១១:៨)។ តាម​ទស្សនៈ​លោកីយ៍​គេ​គិត​ថា លោក យ៉ូស្វេ គ្មាន​ភាព​ឆ្លាតវៃ​សោះ ហើយ​លើសពីនោះទៅទៀត​គេ​គិត​ថា គាត់​ឆ្កួត ដោយ​សារ​គាត់​បាន​ទៅ​ច្បាំង​នឹង​ទី​ក្រុង​យេរីខូរ​ដោយ​មិន​មាន​អាវុធយុទ្ធភណ្ឌ ប៉ុន្តែ​គាត់​បាន​វាយ​ឈ្នះ​គេ​ដោយ​ជំនឿ​ពិតប្រាកដ​មែន (យ៉ូស្វេ ៦:១-២០)។

តាមពិតទៅ ការ​មាន​ជំនឿ​គឺ​ជា​ការ​ឆ្លាតវៃ​ណាស់។ តើ​មាន​ការ​ណា​ដែល​សមហេតុផល​ជាង​ការ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែ​ជឿ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ​មក​ទៀត​នោះ? តើ​វា​ឆ្កួត​ណាស់​ទៅ​ឬ ក្នុង​ការ​ដែល​យើង​ជឿ​លើ​ព្រះ​ដែល​មិន​ចេះ​កុហក ឬ​ធ្វើ​អ្វី​ដែល​មិន​ខុស​ឆ្គង​នោះ? ការ​ទុកចិត្ត​លើ​ព្រះ​ជាម្ចាស់ គឺជា​ការ​មាន​សុភវិនិច្ឆ័យ មិន​ឆ្កួត​វង្វេង និង​ជា​ការ​ដែល​សម​ហេតុ​ផល​បំផុត​ដែល​មនុស្ស​យើង​ម្នាក់ៗ​អាច​ធ្វើ​បាន។ វា​មិន​មែន​ជា​ការ​ជឿ​ទាំង​ងងឹត​ងងុល​នោះ​ឡើយ។ ជំនឿ​ទាមទារ​ឲ្យ​មាន​ភស្តុតាង​ជាក់​ស្តែង​បំផុត​ដែល​អាច​រក​ឃើញ​បាន​នៅ​ក្នុង​ព្រះ​បន្ទូល​ដ៏​ពិត​របស់​ព្រះ​ជាម្ចាស់។ គ្មាន​អ្នក​ណា​ដែល​ជឿ​លើ​ព្រះ​ជាម្ចាស់​ហើយ មិន​ទទួល​បាន​ប្រយោជន៍​ពី​ទ្រង់​នោះ​ឡើយ។ ជំនឿ​លើ​ព្រះ​អម្ចាស់​មិន​ទាក់​ទិន​ទៅ​នឹងការ​ប្រថុយប្រថាន​អី្វ​សោះ​ឡើយ។

ដោយសារ​ជំនឿ​ជឿ​ថា ព្រះជាម្ចាស់​សោយរាជ្យ​លើ​អ្វីៗ​ទាំង​អស់ ហើយ​ថា​ទ្រង់​គឺ​ជា​ព្រះ​ដែល​យើង​អាច​ទុកចិត្ត​បាន​១០០%។ ម្យ៉ាង​ទៀត ការ​គ្មាន​ជំនឿ​មិនបាន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​ជាម្ចាស់​ឡើយ ដោយសារ​ការ​គ្មាន​ជំនឿ​ចោទ​ថា​ទ្រង់​កុហក (១យ៉ូហាន ៥:១០) ហើយ​ថា​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​បាន (ទំនុកដំកើង ៧៨:៤១)។

ជំនឿ​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ស្គាល់​ថា ​ពួក​គេ​ត្រូវ​ចេះ​បន្ទាបខ្លួន​នៅ​ចំពោះ​ព្រះ​លើ​អស់​ទាំង​ព្រះ​។

ជំនឿ​ផ្ទុយ​ពី​ការ​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក។ សាវ័ក ប៉ុល បាន​ក្រើន​រំឭក​យើង​ថា «ដ្បិត​យើង​ខ្ញុំ​ដើរ​ដោយសារ​ជំនឿ​មិន​មែន​ដោយ​សារ​មើល​ឃើញ​នោះ​ទេ» (២កូរិនថូស ៥:៧)។ ការ​ដើរ​ដោយ​ការ​មើល​ឃើញ​មាន​ន័យ​ថា យើង​រស់នៅ​ដោយ​មាន​ការ​ផ្គត់ផ្គង់​ដ៏​ជាក់លាក់ ហើយ​ចេះ​បម្រុងទុក​ល្មម​សម្រាប់​ពេល​អនាគត ព្រមទាំង​ការ​ប្រើ​ភាព​វៃឆ្លាត​របស់​មនុស្ស ដើម្បី​ធានា​បាន​នូវ​ការ​ទប់​ទល់​នឹង​គ្រោះ​ថ្នាក់​ដែល​យើង​អាច​នឹង​ជួប​នៅ​ពេល​ខាង​មុខ។ ឯ​ការ​ដើរ​ដោយ​ជំនឿ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ពី​ការ​ដើរ​ដោយ​មើល​ឃើញ។ វា​គឺ​ជា​ក្តី​រំពឹង​ថា ​ព្រះ​ជាម្ចាស់​នឹង​ផ្គត់ផ្គង់​យើង​ជា​រៀងរាល់​ថ្ងៃ ហើយ​ក្ដី​រំពឹង​នេះ​គ្មាន​ទី​បញ្ចប់​ឡើយ។ ខាង​ឯ​សាច់ឈាម​របស់​មនុស្ស​យើង​មិន​ចង់​ពឹងផ្អែក​លើ​ព្រះ​ដែល​យើង​មើល​មិន​ឃើញ​នោះ​ទេ។ សាច់ឈាម​ខិតខំ​រិះរក​មធ្យោបាយ ដើម្បី​ការ​ពារ​ទ្រព្យសម្បត្តិ​របស់​លោកីយ៍​មិន​ឲ្យ​បាត់បង់។ ប្រសិនបើ​សាច់ឈាម​មិន​អាច​មើល​ឃើញ​ផ្លូវ​ដែល​ត្រូវ​ដើរ ​នោះ​វា​ងាយ​នឹង​ទៅ​ជា​វិកលចរិត។ ប៉ុន្តែ ជំនឿ​បាន​បោះ​ជំហាន​ទៅដោយ​ការ​ស្តាប់បង្គាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ហើយ​មិន​ខ្វល់​ពី​គ្រប់​កាលៈទេសៈ ព្រមទាំង​ជឿ​ទុក​ចិត្ត​ព្រះ​ជាម្ចាស់​ថា ទ្រង់​នឹង​ផ្គត់ផ្គង់​គ្រប់​ទាំង​តម្រូវការ​។

សិស្ស​ទាំង​ឡាយ​ណា​ដែល​តាំងចិត្ត​ដើរ​ដោយ​ជំនឿ ចូរ​ចងចាំ​ថា ជំនឿ​របស់​ពួក​គេ​នឹង​ជួបប្រទះ​នឹង​ការ​ល្បងល​ជា​មិនខាន។ ហើយ​មិន​យូរ​មិនឆាប់ ពួក​គេ​នឹង​ជួបប្រទះ​នឹង​ស្ថានភាព​ដែល​លើស​ពី​សមត្ថភាព​របស់​ខ្លួនឯង ពេល​នោះ​ពួក​គេ​នឹង​ជួប​ការ​ល្បួង​ដែល​ចង់​សុំ​ជំនួយ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​ពិត​ជា​ជឿ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ទាំងស្រុង នោះ​គាត់​នឹង​ទូល​សុំ​ជំនួយ​ពី​ទ្រង់​តែ​មួយ​អង្គ​ប៉ុណ្ណោះ។ លោក ស៊ី. អេឆ. ម៉ាឃីនថស (C​. H. Mackintosh) បាន​មាន​ប្រសាសន៍​ថា៖

ដើម្បី​ឲ្យ​សេចក្ដីប្រាថ្នា​របស់​ខ្ញុំ​ បាន​ឮ​សុស​សាយ​ទៅ​ដល់​មនុស្ស​ទូទៅ ទាំង​ដោយ​ផ្ទាល់​ក្តី និង​ដោយ​ប្រយោល​ក្តី គឺ​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​ជីវិត​ដែល​ពោរពេញ​ដោយ​ជំនឿ ហើយ​បន្តុះ​បង្អាប់​ដល់​ព្រះ​ជាម្ចាស់ និយាយ​ឲ្យ​ខ្លី គឺក្បត់​នឹង​ទ្រង់។ វា​ដូច​ទៅ​នឹង​ការ​ដែល​យើង​ពោល​ថា ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បរាជ័យ​ហើយ ដូច្នេះ​ខ្ញុំ​ត្រូវតែ​រក​មនុស្ស​ដូចគ្នា​ឲ្យ​ជួយ។ វា​គឺ​ជា​ការ​បោះបង់ចោល​នូវ​ប្រភពទឹក​ផុស​ដ៏​រស់ ហើយ​បែរ​ទៅ​រក​ប្រភព​ទឹក​ក្រោម​ដី​ដែល​ខ្ទេចខ្ទាំ​ទៅវិញ។ វា​ក៏​ដូចជា​ការ​ដែល​ខ្ញុំ​ដាក់​របស់​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក​នៅ​ចន្លោះ​រវាង​ព្រលឹង​ខ្ញុំ​នឹង​ព្រះ​ជាម្ចាស់ ការ​ធ្វើដូច្នេះ​ឃាំង​មិន​ឲ្យ​ព្រះ​ពរ​របស់​ព្រះ​ជាម្ចាស់​ហូរ​មកដល់​ខ្ញុំ​បាន ​ហើយ​ក៏​មិន​បាន​ថ្វាយ​សិរីរុងរឿង​ដល់​ទ្រង់​ដែរ។២

អាកប្បកិរិយា​ធម្មតា​របស់​សិស្ស​ព្រះ​យេស៊ូវ​គឺ​ត្រូវ​មាន​បំណង​ចិត្ត​បង្កើន​ជំនឿ​របស់​ខ្លួន (លូកា ១៧:៥)។ ពួក​គេ​បាន​ទុកចិត្ត​លើ​ព្រះ​គ្រីស្ទ​ដើម្បី​ឲ្យ​បាន​សង្គ្រោះ​រួច​ទៅ​ហើយ។ បន្ទាប់មក ពួក​គេ​ខិតខំ​បង្កើន​ការ​ចុះចូល​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​ជាម្ចាស់​លើ​ជីវិត​របស់​ពួក​គេ​បន្ថែម​ទៀត។ ពួក​គេ​កាន់តែ​ស្គាល់​ព្រះ​ជាម្ចាស់ និង​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល ហើយ​ជំនឿ​កាន់​តែ​រឹង​ប៉ឹង​ឡើង នៅពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ជំងឺ ការ​ល្បងល សោកនាដកម្ម និង​ការ​ដកយកជីវិត​អ្នក​ជាទីស្រឡាញ់។ ពួក​គេ​បង្ហាញ​ពី​សេចក្តី​ពិត​ដែល​មាន​ចែង​នៅក្នុង​កណ្ឌគម្ពីរ ហូសេ ៦:៣ ថា «ចូរ​ឲ្យ​យើង​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ»។ នៅ​ពេល​ដែល​ពួក​គេ​កាន់តែ​ឃើញ​ថា ព្រះជាម្ចាស់​គួរ​ឲ្យ​ទុក​ចិត្ត នោះ​ពួក​គេ​ក៏​កាន់តែ​ចង់​ទុកចិត្ត​ទ្រង់​លើ​ការ​ធំ​ផ្សេងៗ​ទៀត​ដែរ។

បំណងប្រាថ្នា​របស់​សិស្ស​ព្រះ​យេស៊ូវ​គួរតែ​ជា​ការ​បញ្ជ្រាប​នូវ​ព្រះ​បន្ទូល​ឲ្យ​បាន​សុសសាយ​ពេញ​ក្នុង​ខ្លួន​របស់​ពួក​គេ ដោយ​ការ​អាន​ព្រះ​គម្ពីរ ការ​សិក្សា​ស្វាធ្យាយ ការ​ទន្ទេញ​ខ​គម្ពីរ​ឲ្យ​ចាំ​រត់​មាត់ ព្រមទាំង​សញ្ជឹង​គិត​ព្រះ​បន្ទូល​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ដឹង​ថា ជំនឿ​កើតឡើង​ដោយ​ការ​ឮ​ព្រះ​បន្ទូល ហើយ​ការ​ឮ​នោះ​កើត​មក​ពី​ការ​ប្រកាស​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រះបន្ទូល​គឺ​ជា​គំនូស​តាង ​និង​ជា​ត្រីវិស័យ​របស់​ពួក​គេ ហើយ​ក៏​ជា​មគ្គុទ្ទេសក៍ ជា​ការ​កម្សាន្ត​ចិត្ត ហើយ​ក៏​ជា​ចង្កៀង ​និង​ពន្លឺ​របស់​ពួក​គេ​ផង​ដែរ។

ការ​រស់នៅ​ដោយ​ជំនឿ​តែង​តែ​មាន​នូវ​ចន្លោះប្រហោង​ក្នុង​ការ​រីកចម្រើន​ទៅ​មុខ​ជានិច្ច។ នៅ​ពេល​ដែល​យើង​អាន​នូវ​អ្វីៗ​ដែល​សម្រេច​បាន​តាមរយៈ​ជំនឿ​ក្នុង​ព្រះ​គម្ពីរ នោះ​យើង​នឹង​ដឹង​ថា ​យើង​ប្រៀប​បាន​នឹង​កូន​ក្មេង​មិន​ទាន់​ដឹង​ក្តី​ដែល​លេង​ក្បែរ​ឈូង​សមុទ្រ​ដ៏​ធំ​គ្មាន​កោះ​ត្រើយ​យ៉ាង​ដូច្នោះ​ដែរ។ ​កណ្ឌគម្ពីរ ហេព្រើរ​ជំពូក​១១ មាន​ចែង​ពី​រឿង​ដ៏​អស្ចារ្យ​ទាក់ទង​នឹង​ជំនឿ។ ជំពូក​នៃ​ខគម្ពីរ​ទាំង​នេះ​បាន​រំលេច​ឡើង​នូវ​ចំណុច​ដែល​គួរ​ចាប់អារម្មណ៍​ចាប់​ពី​ខ៣២-៤០ ដែល​មាន​ដូច​ខាង​ក្រោម៖

តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀតបាន? ខ្ញុំ​មិន​មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​ គេឌាន លោក​ បារ៉ាក់ លោក​ សាំសុន លោក​ យ៉ែបថា ព្រះបាទ ​ដាវីឌ លោក​ សាំយូអែល និង​ព្យាការ​ី​នានា​ទេ។ ដោយសារ​ជំនឿ លោក​ទាំង​នោះ​បានច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ​បាន​បិទ​មាត់​សឹង្ហ បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។ ស្ត្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​ឲ្យ​គេ​ធ្វើ​ទារុណកម្ម មិន​ព្រម​ឲ្យ​នរណា​ដោះ​លែង​ឡើយ ដើម្បី​ឲ្យ​បាន​ជីវិត​រស់​ឡើង​វិញ​ក៏​ប្រសើរ​ជាង។ អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡកឡឺយ ឲ្យ​គេ​វាយដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំឃាំង​ថែម​ទៀត​ផង។ អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទបាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។ លោកីយ៍​ពុំ​ស័ក្ដិសម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​ល្អាង​ភ្នំ។ ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខីភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្ដី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​ព្រះ​បន្ទូល​សន្យា​ដែរ។ ដោយ​ព្រះ​ជាម្ចាស់​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ទ្រង់​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ (គខប)។

បណ្ដាំចុងក្រោយ៖ យើង​បាន​លើក​ឡើង​ហើយ​ថា លោកីយ៍​នឹង​ចាត់ទុក​សិស្ស​របស់​ព្រះ​យេស៊ូវ​ដែល​ដើរ​ដោយ​ជំនឿ​ថា ពួក​គេ​ជា​មនុស្ស​មមើមមាយ និង​ជា​មនុស្ស​ងប់ងុល​នឹង​ជំនឿ សូម្បីតែ​អ្នក​ដែល​ហៅ​ខ្លួន​ថាគ្រីស្ទបរិស័ទ​ក៏​គិត​ដូច្នោះ​ដែរ។ ​ជា​ការ​ល្អ ប​យើង​ចងចាំ​ពី​សម្ដី​របស់​លោក ស៊ី. អេឆ​. ម៉ាឃីនថស (C. H. Mackintosh) ដែល​ថា «បុគ្គល​ម្នាក់​អាច​ដើរ​ជាមួយ​ព្រះ​ជាម្ចាស់​ដោយសារ​ជំនឿ ហើយ​ជំនឿ​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​មិន​រវីរវល់​នឹង​ការ​រិះគន់​របស់​លោកីយ៍»។

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

2 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ការ​ស្លាប់​មិន​មែន​ជា​ការ​បាត់បង់​អ្វី​ទេ

ក្រុម​ខុសឆ្គង៖ អាន សាង ហុង