in ,

ដំណឹង​ល្អ

What is the gospel?

បើ​និយាយ​បែប​ទូលំទូលាយ ដំណឹង​ល្អ​គឺ​ជា​ព្រះ​បន្ទូល​ទាំង​មូល ហើយ​បើ​និយាយ​បែប​លម្អិត​វិញ ដំណឹង​ល្អ​គឺ​ជា​ដំណឹង​ដែល​ទាក់​ទង​នឹង​ព្រះ​គ្រីស្ទ និង​របៀប​នៃ​សេចក្ដី​សង្គ្រោះ។

គន្លឹះ​នៃ​ការ​យល់​ដឹង​មួយ​នេះ​គឺ យើង​ត្រូវ​ដឹង​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ដំណឹង​នេះ​ល្អ​សិន។ ដើម្បី​ឲ្យ​យើង​អាច​យល់​បាន ដាច់​ខាត​យើង​ត្រូវ​តែ​យល់​ដឹង​អំពី​ដំណឹង​អាក្រក់​ជាមុន​សិន។ នៅ​យុគសម័យ​លោក ម៉ូសេ ព្រះជាម្ចាស់​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ទៅ​កាន់​សាសន៍​អ៊ីស្រាអែល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (ចោទិយកថា ៥:១)។ យើង​អាច​រាប់​ក្រឹត្យ​វិន័យ​ថា ជា​បន្ទាត់​រង្វាស់ ហើយ​អំពើ​បាប​គឺ​ជា​អ្វី​ដែល​ខ្វះ​មិន​ដល់ «ភាព​ល្អ​ឥត​ខ្ចោះ» ដែល​យោង​តាម​ស្តង់ដារ​នោះ។ ការ​ទាម​ទារ​ដ៏​សុចរិត​ពី​ក្រឹត្យ​វិន័យ​មាន​ភាព​តឹង​រឹង​ដល់​ថ្នាក់​ថា​គ្មាន​បុគ្គល​ណា​ម្នាក់​មាន​លទ្ធភាព​ក្នុង​ការ​ត្រាប់​តាម​ឲ្យ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ទាំង​តាម​ការ​ដែល​មាន​ចែង និង​ការ​ដែល​មាន​ចិត្ត​ចង់​ត្រាប់​តាម។ មិន​ថា «អំពើ​ល្អ» ឬ​ក៏ «អំពើ​អាក្រក់» របស់​យើង​មាន​ការ​ស៊ី​សង​គ្នា​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ទូក​ខាង​ឯ​វិញ្ញាណ​តែ​មួយ​ជា​មួយ​គ្នា​ដដែល—យើង​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ឈ្នួល​នៃ​អំពើ​បាប​គឺ​សេចក្ដី​ស្លាប់ ឧ. ការ​ដាច់​ចេញ​ពី​ព្រះ​ជាម្ចាស់ ដែល​ទ្រង់​ជា​ប្រភព​នៃ​ជីវិត (រ៉ូម ៣:២៣)។ ដើម្បី​ឲ្យ​យើង​អាច​ទៅ​នៅ​ឯ​ស្ថានសួគ៌​បាន ដែល​ទី​នោះ​គឺ​ជា​ព្រះ​ដំណាក់​របស់​ព្រះ​ជាម្ចាស់ ហើយ​ក៏​ជា​ប្រភព​នៃ​ជីវិត និង​ពន្លឺ ហើយ​ដាច់​ខាត​យើង​ត្រូវ​តែ​ដក​អំពើ​បាប​ចេញ​ក្នុង​របៀប​ណា​មួយ​ចោល ឬ​ក៏​បង់​ថ្លៃ​លោះ​វា​សិន។ ក្រឹត្យ​វិន័យ​បាន​តម្រូវ​ថា មាន​តែ​តាម​រយៈ​ការ​ខ្ចាយ​ឈាម​នៃ​យញ្ញ​បូជា​ពី​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ប៉ុណ្ណោះ​ទើប​អាច​សម្អាត​នូវ​អំពើ​បាប​នេះ​ចោល​បាន (ហេព្រើរ ៩:២២)។

ដំណឹង​ល្អ​មាន​រួម​បញ្ចូល​នូវ​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង ដោយ​ក្នុង​នាម​ជា​តង្វាយ​ធួន​នឹង​បាប ដើម្បី​បំពេញ​ការ​ទាម​ទារ​ដ៏​សុចរិត​ពី​ក្រឹត្យ​វិន័យ (រ៉ូម ៨:៣-៤; ហេព្រើរ ១០:៥-១០)។ នៅ​ក្រោម​ក្រឹត្យ​វិន័យ គេ​បាន​យក​សត្វ​មក​ធ្វើ​ជា​យញ្ញ​បូជា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទៀត ទុក​ជា​ការ​ដែល​រម្លឹក​អំពី​អំពើ​បាប និង​អំពី​និមិត្ត​សញ្ញា​នៃ​ការ​ដែល​ព្រះ​គ្រីស្ទ​នឹង​យាង​មក​សុគត​ធ្វើ​ជា​យញ្ញ​បូជា (ហេព្រើរ ១០:៣-៤)។ ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​ថ្វាយ​រូប​អង្គ​ទ្រង់​ផ្ទាល់​នៅ​លើ​ភ្នំ​កាល់វ៉ារី ហើយ​និមិត្ត​សញ្ញា​មួយ​នោះ​ក៏​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ចំពោះ​អស់​អ្នក​ដែល​ទទួល​ជឿ (ហេព្រើរ ១០:១១-១៨)។ ឥឡូវ​នេះ ព័ន្ធ​កិច្ច​នៃ​ការ​ធួន​នឹង​បាប​ត្រូវ​បាន​សម្រេច​ឡើង​ហើយ ហើយ​នោះ​ឯង​គឺ​ជា​ដំណឹង​ល្អ។

ដំណឹង​ល្អ​ក៏​មាន​រួម​បញ្ចូល​នូវ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទៅ​បី​ផង​ដែរ។ «ដែល​ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត» (រ៉ូម ៤:២៥)។ ប្រាកដ​ណាស់! ការ​ដែល​ព្រះ​យេស៊ូវ​បាន​យក​ឈ្នះ​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់ (ឈ្នួល​នៃ​អំពើ​បាប) នោះ​ហើយ​គឺ​ជា​ដំណឹង​ល្អ។ ហើយ​ការ​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ចែក​ចាយ​ជ័យ​ជម្នះ​មួយ​នេះ​ជា​មួយ​យើង​នោះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​បំផុត​បើ​ប្រៀប​ធៀប​ទៅ​នឹង​ដំណឹង​ផ្សេងៗ (យ៉ូហាន ១៤:១៩)។

កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:៣-៦ បាន​រៀប​រាប់​យ៉ាង​ចំៗ​អំពី​ចំណុច​នានា​នៃ​ដំណឹង​ល្អ។ នេះ​ជា​ខ​គម្ពីរ​ដែល​និយាយ​អំពី​ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់ «ដ្បិត​សេចក្ដី​សំខាន់​ជាង​គេ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ដល់​អ្នករាល់គ្នា ជា​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​បាប​របស់​យើង ស្រប​តាម​ព្រះ​គម្ពីរ ហើយ​ត្រូវ​គេ​បញ្ចុះ​រួច​នៅ​ថ្ងៃ​ទីបី ព្រះអង្គ​ត្រូវ​បាន​លើក​ឲ្យ​រស់​ឡើង​វិញ ស្រប​តាម​ព្រះ​គម្ពីរ ព្រមទាំង​លេច​មក​ដល់​កេផាស ហើយ​បន្ទាប់មក​បាន​លេច​មក​ដល់​សាវ័ក​ទាំង​ដប់ពីរ​នាក់ ក្រោយមក ព្រះអង្គ​បាន​លេច​មក​ដល់​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​ក្នុង​ពេល​តែ​មួយ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ ភាគ​ច្រើន​នៅ​រស់​រហូត​មក​ដល់​ពេល​នេះ…» (គខស)។ ជា​ដំបូង សូម​កត់​សម្គាល់​ត្រង់​ថា​សាវ័ក ប៉ុល «បាន​ទទួល» ដំណឹង​ល្អ​នេះ ហើយ​បន្ទាប់​មក​គាត់​ក៏ «បាន​ប្រគល់» បន្ត​ដល់​អ្នក​ដទៃ។ នេះ​គឺ​ជា​ដំណឹង​ដែល​មក​ពី​ព្រះ​ជាម្ចាស់ ពោល​គឺ​មិន​មែន​ជា​ដំណឹង​ដែល​មនុស្ស​យើង​ជា​អ្នក​ច្នៃ​ប្រឌិត​នោះ​ឡើយ។ ទី​ពីរ ដំណឹង​ល្អ​គឺ​ជា «សេចក្ដី​សំខាន់​ជាង​គេ»។ គ្រប់​ទី​កន្លែង​ដែល​ពួក​សាវ័ក​បាន​ទៅ គឺ​ពួក​គាត់​សុទ្ធ​តែ​ប្រកាស​អំពី​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ។ ទី​បី សារ​នៃ​ដំណឹង​ល្អ​ក៏​ថែម​ទាំង​មាន​ភស្តុតាង​ផង​ដែរ៖ ព្រះ​គ្រីស្ទ​បាន​សុគត​សម្រាប់​អំពើ​បាប​របស់​យើង (ការ​បញ្ចុះ​ព្រះ​សព​របស់​ទ្រង់​គឺ​ជា​ភស្តុតាង) ហើយ​ព្រះ​អង្គ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី (អ្នក​ដែល​បាន​ឃើញ​ទ្រង់​គឺ​ជា​ភស្តុតាង)។ ទី​បួន ទាំង​អស់​នោះ​បាន​កើត​ឡើង «ស្រប​តាម​ព្រះ​គម្ពីរ»។ ប្រធាន​បទ​ស្នូល​នៃ​ព្រះ​គម្ពីរ​គឺ អំពី​សេចក្ដី​សង្គ្រោះ​របស់​មនុស្ស​លោក​តាម​រយៈ​ព្រះ​គ្រីស្ទ។ ព្រះ​គម្ពីរ​គឺ​ជា​ដំណឹង​ល្អ។

«ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រិក​ផង» (រ៉ូម ១:១៦)។ ដំណឹង​ល្អ​គឺ​
រាជសារ​ដ៏​មោះ​មុត ហើយ​យើង​គ្មាន​សេចក្ដី​ខ្មាស​ក្នុង​ការ​ប្រកាស​អំពី​ដំណឹង​នេះ​ឡើយ។ ជា​ដំណឹង​ដែល​មាន​ព្រះ​ចេស្ដា ព្រោះ​ដំណឹង​នេះ​ជា​ដំណឹង​ល្អ​របស់​ព្រះ​ជាម្ចាស់។ ជា​ដំណឹង​ដែល​ជួយ​សង្គ្រោះ ហើយ​មាន​តែ​ដំណឹង​មួយ​នេះ​តែ​មួយ​គត់​ដែល​ពិត​ជា​អាច​បំផ្លាស់​បំប្រែ​ដួង​ចិត្ត​របស់​មនុស្ស​លោក​យើង​បាន​មែន។ ជា​ដំណឹង​បែប​សកល ទាំង​សម្រាប់​សាសន៍​យូដា និង​សាសន៍​ក្រិក។ ហើយ​គេ​អាច​ទទួល​ដំណឹង​ល្អ​នេះ​បាន​តាម​រយៈ​ការ​មាន​ជំនឿ។ សេចក្ដី​សង្គ្រោះ​គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​ជាម្ចាស់ (អេភេសូរ ២:៨-៩)។

ដំណឹង​ល្អ​គឺ​ជា​ដំណឹង​នៃ​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ស្រឡាញ់​លោកីយ៍​នេះ​ដ៏​ម៉្លេះ រហូត​ដល់​ថ្នាក់​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​មក​សុគត​សម្រាប់​អំពើ​បាប​របស់​យើង (យ៉ូហាន ៣:១៦)។ ដំណឹង​នេះ​ល្អ ព្រោះ​ព្រះ​គ្រីស្ទ​បាន​ធានា​សេចក្ដី​សង្គ្រោះ​របស់​យើង និង​ជីវិត​អស់កល្ប​ជានិច្ច និង​លំនៅ​របស់​យើង​នៅ​ឯ​ស្ថានសួគ៌​រួច​ហើយ (យ៉ូហាន ១៤:១-៤)។ «….ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក​រលួយ ក៏​ឥត​សៅហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក​ដែល​បម្រុង​ទុក​ឲ្យ​យើង​រាល់​គ្នា នៅ​ស្ថាន​សួគ៌» (១ពេត្រុស ១:៣-៤)។

នៅ​ពេល​ដែល​យើង​យល់​ថា យើង​មិន​អាច (និង​មិន​មាន​លទ្ធភាព) ក្នុង​ការ​ទិញ​សេចក្ដី​សង្គ្រោះ​របស់​យើង​បាន នោះ​ទើប​យើង​អាច​យល់​បាន​ថា ដំណឹង​នេះ​ល្អ​មែន។ ព័ន្ធ​កិច្ច​នៃ​ការ​សង្គ្រោះ និង​ការ​រាប់​ជា​សុចរិត​ត្រូវ​បាន​បញ្ចប់ ពោល​គឺ​ត្រូវ​បាន​សម្រេច​ឡើង​នៅ​ឯ​ឈើ​ឆ្កាង (យ៉ូហាន ១៩:៣០)។ ព្រះ​យេស៊ូវ​គឺ​ជា​តង្វាយ​ធួន​នឹង​បាប​សម្រាប់​អំពើ​បាប​របស់​យើង (១យ៉ូហាន ២:២)។ ដំណឹង​នេះ​ល្អ ព្រោះ​វា​អះអាង​ថា យើង​ដែល​ធ្លាប់​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ​ជាម្ចាស់ ឥឡូវ​នេះ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ​បាន​ផ្សះផ្សា​យើង ហើយ​ក៏​បាន​យក​យើង​ធ្វើ​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួសារ​របស់​ព្រះ​អង្គ (រ៉ូម ៥:១០; យ៉ូហាន ១:១២)។ «មើល៍ សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៏ ដែល​ព្រះ​វរបិតា​បាន​ផ្ដល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ…» (១យ៉ូហាន ៣:១)។ ដំណឹង​នេះ​ល្អ ព្រោះ «…អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ» (រ៉ូម ៨:១)។

ការ​បដិសេធ​ដំណឹង​ល្អ​គឺ​ជា​ការ​ឧប​ក្រសោប​ដំណឹង​អាក្រក់។ ការ​មាន​ទោស​នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​លទ្ធផល​នៃ​ការ​មិន​មាន​ជំនឿ​លើ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់ ដែល​ទ្រង់​គឺ​ជា​ការ​ផ្គត់​ផ្គង់​តែ​មួយ​គត់​សម្រាប់​សេចក្ដី​សង្គ្រោះ។ «ពីព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជំនុំ​ជម្រះ​លោកីយ៍​នោះ​ទេ គឺ​ឲ្យ​លោកីយ៍​បាន​សង្គ្រោះ ដោយ​សារ​ទ្រង់​វិញ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​១​របស់​ព្រះ» (យ៉ូហាន ៣:១៧-១៨)។ ព្រះ​ជាម្ចាស់​បាន​ផ្ដល់​ដំណឹង​ល្អ​មក​ដល់​លោកីយ៍​ដែល​ត្រូវ​វិនាស​រួច​ហើយ៖ ពោល​គឺ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។

និពន្ធដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖លោក ទេព រ៉ូ, លោក ខែម បូឡុង , និងកញ្ញា សួន សុជាតា
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ទាស់​នឹង​ទ្រង់

​ចេះ​បន្ទាប