in

ស្ដង់ដារ​ស្ត្រី?

Rethinking the Proverbs 31 Standard

ការ​គិត​បែប​កម្រិត​ស្ដង់ដារ​នៃ​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក​៣១សារ​ឡើង​វិញ

នៅ​ពេល​ដែល​យើង​មើល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ដើម្បី​ស្វែង​រក​ការ​ដឹក​នាំ​អំពី​របៀប​នៃ​ការ​ធ្វើ​ជា​ភរិយា និង​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​ប្រពៃ យើង​មិន​អាច​គេច​ផុត​ពី​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​បាន​ទេ។ តើ​អ្នក​ណា​មិន​ចង់​ធ្វើ​ជា​មនុស្ស​ដែល​ឆ្នើម ចម្រើន​ផល ខ្លាំង ពូកែ​ថែទាំ ហើយ​មិន​ចេះ​មាន​ភាព​ភ័យ​ខ្លាច​ដូច​ស្ត្រី​ម្នាក់​នោះ?

ប៉ុន្តែ ក្នុង​នាម​ជា​មនុស្ស​សាមញ្ញៗ យើង​ភាគ​ច្រើន​​នឹង​មាន​អារម្មណ៍​អន់​ចិត្ត​នឹង​ខ្លួន​ឯង ពេល​ដែល​យើង​មើល​ពី​គំរូ​នៃ​ស្ត្រី​ដ៏​គ្រប់​លក្ខណ៍​ម្នាក់​នេះ។ តើ​ឲ្យ​អ្នក​ណា​​អាច​រក​នាង​ឃើញ​បាន! មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​មាន​ជំនាញ ឬ​ក៏​ភាព​ឆ្នើម​ក្នុង​ការ​រក​ស៊ី​ជួញ​ដូរ​ទេ។ យើង​ទាំង​អស់​គ្នា​ក៏​មិន​អាច​មាន​អំណោយ​ទាន ឬ​ក៏​ការ​ច្នៃ​ប្រឌិត​ក្នុង​ការ​កាត់​ដេរ​ខោអាវ​សម្រាប់​សមាជិក ក្រុម​គ្រួសារ​យើង​ទាំង​មូល​នោះ​ឡើយ។ ហើយ​យើង​ខ្ញុំ​ក៏​មិន​ដែល​ធ្លាប់​ជួប​បុគ្គល​ណា​ម្នាក់​ដែល​ជា​មនុស្ស​ចូល​គេង​យប់​ជ្រៅ ហើយ​ភ្ញាក់​ពី​ព្រលឹម​ដូច​ជា​ស្ត្រី​នេះ​ដែរ។

បើ​ស្ត្រី​នៅ​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អន់​ចិត្ត​នឹង​ខ្លួន​ឯង ទោះ​បើ​នៅ​ថ្ងៃ​ដែល​យើង​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​បាន​យ៉ាង​ល្អ​តាម​ដែល​យើង​អាច​ធ្វើ​បាន​ក៏​ដោយ ក៏​យើង​នៅ​តែ​មិន​អាច​ស្មើ​នឹង​ស្ដង់ដារ​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​យើង​ដែរ អញ្ចឹង​តើ​ឲ្យ​នាង​អាច​ជួយ​យើង​បាន​យ៉ាង​ដូច​ម្ដេច​ទៅ​ខណៈ​ពេល​ដែល​យើង​ព្យាយាម​រស់​នៅ​ដោយ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ជាម្ចាស់?

តើ​នាង​បាន​ធ្វើ​អ្វី​ខ្លះ?

ព្រះ​ជាម្ចាស់​មិន​ដែល​មាន​បន្ទូល​ឲ្យ​យើង​អន់​ចិត្ត​នឹង​ខ្លួន​ឯង​ទាក់​ទង​នឹង​ការ​មិន​មាន​អំណោយ​ទាន​ដែល​ទ្រង់​មិន​បាន​ប្រទាន​ដល់​យើង​ទេ ឬ​ទាក់​ទង​នឹង​ការ​ណា​មួយ​ដែល​យើង​មិន​អាច​ធ្វើ​នូវ​អ្វី​ដែល​ល្អ​បាន ព្រោះ​យើង​មិន​មាន​លទ្ធភាព​ខាង​ឯ​សាច់​ឈាម​ដែល​អាច​ធ្វើ​បាន​នោះ​ឡើយ។ បើសិនជា​ពេល​ដែល​យើង​មើល​ទៅ​កាន់​ស្ត្រី​ដែល​មាន​រៀប​រាប់​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១ ហើយ​ការ​នោះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អន់​ចិត្ត​នឹង​ខ្លួន​ឯង ឬ​ក៏​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​អ្វី​សោះ នោះ​មាន​ន័យ​ថា យើង​ទំនង​ជា​មាន​ការ​យល់​ឃើញ​ដែល​មិន​ត្រឹម​ត្រូវ​លើ​នាង ទាក់​ទង​នឹង​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​ហើយ។

ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ភាន់ច្រឡំ​គឺ​ទំនង​ជា​ទាក់​ទង​នឹង​កិរិយាសព្ទ​បច្ចុប្បន្ន​កាល​ក្នុង​ការ​បក​ប្រែ។ ទេវវិទូ​សញ្ញា​ចាស់​ម្នាក់​បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​កិរិយាសព្ទ​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​គឺ​ជា​កិរិយា​សព្ទ​អតីត​កាល។ កិរិយា​សព្ទ​បច្ចុប្បន្ន​កាល​​ទំនង​ជា​បង្ហាញ​ថា ស្ត្រី​ម្នាក់​ធ្វើ​នូវ​រាល់​គ្រប់​អ្វីៗ​ក្នុង​រដូវ​កាល​តែ​មួយ​ក្នុង​ជីវិត​របស់​គាត់ ប៉ុន្តែ​លោក​គ្រូ ជេសិន ឌីរ៉ូជី (Jason DeRouchie) បាន​លើក​ឡើង​ថា តាម​ពិត​ទៅ​ខ​ទាំង​នេះ​កំពុង​តែ​សង្ខេប​អំពី​ផល​ផ្លែ​នៃ​ជីវិត​ស្ត្រី​ម្នាក់​ដែល​គាត់​ទទួល​បាន និង​មាន​អស់​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​លើក​ជា​គោលៗ​អំពី​ចំណុច​ស្មោះ​ត្រង់​ដែល​គាត់​បាន​ធ្វើ​ជា​ច្រើន​ដង​ក្នុង​ឆាក​ជីវិត​របស់​គាត់។

ប្រសិន​បើ​អ្វី​ដែល​គាត់​បាន​លើក​ឡើង​ជា​ការ​ត្រឹម​ត្រូវ​មែន នោះ​យើង​ខ្ញុំ​អាច​ធូរ​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​យើង​ខ្ញុំ​សញ្ជឹង​គិត​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ខ្ញុំ​ពី​អតីត​កាល និង​ខណៈ​ពេល​ដែល​យើង​ខ្ញុំ​ព្យាយាម​បន្ត​រស់​នៅ​តាម​របៀប​ជា​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់។

ស្ត្រី​ដែល​នៅ​ពី​ក្រោយ​ស្ត្រី

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី មិន​ថា​យើង​បក​ប្រែ​កិរិយាសព្ទ​ទាំង​នោះ​តាម​របៀប​ណា​ក៏​ដោយ ក៏​យើង​នឹង​មើល​រំលង​នូវ​អ្វី​ដែល​ស្ត្រី​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​កំពុង​តែ​ព្យាយាម​និយាយ​ទៅ​កាន់​ស្ត្រី​ផ្សេងៗ​ក្នុង​សម័យ​នេះ​ជា​មិន​ខាន បើ​យើង​គ្រាន់​តែ​មើល​នូវ​អ្វី​ដែល​គាត់​ធ្វើ។ នាង​ប្រាកដជា​ក្លាយ​ទៅជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​មាន​ពិរុទ្ធភាព និង​អាម៉ាស់​ខ្លួន​ហើយ បើ​យើង​គ្រាន់​តែ​សិក្សា​អត្ថ​បទ​នេះ ដើម្បី​រក​មើល​នូវ​អ្វី​ដែល​យើង​គួរ​ធ្វើ ជា​ជាង​រក​មើល​មូល​ហេតុ និង​ការ​ជំរុញ​ចិត្ត​ដែល​បណ្ដាល​ឲ្យ​នាង​ធ្វើ​នូវ​អ្វី​ដែល​នាង​ធ្វើ។

យើង​រក​ឃើញ​នូវ​តម្រុយ​មួយ​ចំនួន​អំពី​ចំណុច​ដែល​ដឹក​នាំ​ដួង​ចិត្ត​នៃ​ប្រាជ្ញា​របស់​នាង​ក្នុង​អត្ថ​បទ​នេះ ប៉ុន្តែ​ចំណុច​ដ៏​សំខាន់​បំផុត​ដែល​ជំរុញ​ចិត្ត​នាង—បុគ្គល​ដែល​ដឹក​នាំ​នាង​ក្នុង​រាល់​កិច្ចការ​ដែល​នាង​ធ្វើ​ត្រូវ​បាន​លើក​ឡើង​នៅ​ចុង​បរិបទ។ យើង​គួរ​អាន​ជំពូក​ទាំង​មូល—គ្រប់​កិរិយា​សព្ទ—ដោយ​រំពឹង​លើ​កិរិយា​សព្ទ​មួយ​ក្នុង​ខ៣០ «រូប​ឆោម​ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រយោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ» (សុភាសិត ៣១:៣០)។

ស្ត្រី​ម្នាក់​នេះ​កោត​ខ្លាច​ព្រះ​អម្ចាស់។ តាម​ពិត​ទៅ ខ​គម្ពីរ​នេះ​លើក​ឡើង​ថា នោះ​ឯង​គឺ​ជា​មូល​ហេតុ​ដែល​នឹង​មាន​គេ​សរសើរ​នាង។ ស្ត្រី​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​គឺ​ជា​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​អម្ចាស់—និយាយ​ម្យ៉ាង​វិញ​ទៀត៖ នាង​ឃើញ​ប្រាជ្ញា​ក្នុង​ការ​ចង់​ស្ដាប់​ត្រាប់​តាម​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បង្គាប់​ឲ្យ​នាង​ធ្វើ និង​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​អម្ចាស់​តាម​ជីវិត​របស់​នាង​ទាំង​មូល។ តើ​អ្វី​ទៅ​ជា​ការ «កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា» ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត? ដើម​ចម​នៃ​តម្រិះ ( សុភាសិត ១:៧, ២៩; ២:៥; ៩:១០; ១៥:៣៣)។

គឺ​ជា​ដួង​ចិត្ត​របស់​នាង​ក្នុង​ការ​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​អម្ចាស់​តាម​រយៈ​ជីវិត​របស់​នាង ដែល​ការ​នោះ​នាំ​ឲ្យ​នាង​រស់​នៅ​ដោយ​មាន​ប្រាជ្ញា​ដ៏​ពិត ហើយ​នោះ​ឯង​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ស្ត្រី​គ្រប់ៗ​រូប​ត្រាប់ និង​ធ្វើ​តាម។ ពេល​ដែល​លោក​អ្នក​ត្រឡប់​ទៅ​អាន​នូវ​អ្វីៗ​ដែល​នាង​ធ្វើ​វិញ ដោយ​រំពឹង​លើ​ខ៣០ នោះ​លោក​អ្នក​នឹង​ឃើញ​អំពី​មូល​ហេតុ​ចម្បង​ដែល​ជំរុញ​ស្ត្រី​ម្នាក់​នេះ​ជា​មិន​ខាន។

សម​នឹង​ទុក​ចិត្ត​បាន

ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់​នឹង​ចង់​ស្រឡាញ់ និង​គោរព​ប្ដី​របស់​ខ្លួន។ ច្បាស់​ណាស់! ប្ដី​របស់​ស្ត្រី​ដែល​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​រៀប​រាប់​ក៏​បាន​បញ្ជាក់​ជា​អំណះអំណាង​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​នាង​ដែរ ព្រោះ​ប្ដី​របស់​នាង​ទុក​ចិត្ត​នាង (សុភាសិត ៣១:១១)។ ប្តី​នាង​មិន​គ្រាន់​តែ​ទុក​ចិត្ត​នាង​បែប​ជា​លក្ខណៈ​ទូទៅ​នោះ​ឡើយ ប៉ុន្តែ​ទុក​ចិត្ត​ទាំង​ស្រុង​យ៉ាង​អស់​ពី​ជម្រៅ​ចិត្ត​តែ​ម្ដង។

គាត់​បាន​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ប្រពន្ធ​របស់​គាត់ ព្រោះ​ខ១២​បាន​ចែង​ថា «នាង​នឹង​ធ្វើ​ឲ្យ​ប្ដី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ រហូត​ដល់​អស់​១​ជីវិត​នាង»។ ប្រពន្ធ​គាត់​មិនមែន​គ្រាន់​តែ​នាំ​ឲ្យ​ប្ដី​បាន​សេចក្ដី​ល្អ​ម្ដង​ម្កាល​នោះ​ឡើយ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ​ដែល​ចំណុច​នេះ​​ត្រូវ​បាន​លើក​ឡើង ជា​ពិសេស​នៅពេល​ដែល​នាង​មាន​អារម្មណ៍​ឆេវឆាវ ក៏​ដូច​ជា​មាន​ហេតុ​ផល​ខឹង​ប្ដី​ខ្លួន​ទៀត​ផង។ ចំពោះ​នាង ការ​ដែល​ប្តី​នាង​ទុក​ចិត្ត​នាង​គឺ​ជា​ចំណុច​ដ៏​សំខាន់​ណាស់។ នាង​ចង់​ឲ្យ​ប្ដី​នាង​អាច​ប្រាប់​រឿង​សម្ងាត់​ដល់​នាង ហើយ​ឲ្យ​ប្ដី​នាង​ដឹង​ថា នាង​នឹង​រក្សា​ទុក​នូវ​ការ​ប្រឹក្សា​របស់​នាង។ នាង​ចង់​ការ​ពារ​កិត្តិយស​​ប្ដី​របស់​នាង ហើយ​មិន​ចង់​និយាយ​បែប​អវិជ្ជមាន​អំពី​ប្ដី​នាង​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ទេ។ ប្រាកដ​ណាស់! ប្តី​នាង​អាច​ទុក​ចិត្ត​លើ​អ្វី​ដែល​នាង​បាន​ប្ដេជ្ញា​ថា​នឹង​ធ្វើ​សម្រាប់​គាត់។ ម្ដង​ហើយ​ម្ដង​ទៀត ប្រពន្ធ​គាត់​គ្រប់​គ្រង​ផ្ទះ​សំបែង​ក្នុង​របៀប​ដែល​គាត់​មាន​អារម្មណ៍​សន្តិភាព​ក្នុង​ការ​ប្រគល់​ឲ្យ​នាង​ធ្វើ​នូវ​ការងារ ឬ​កិច្ច​ការ​ដែល​នាង​គួរ​ធ្វើ។

តើ​ប្ដី​របស់​បង​ប្អូន​ទុក​ចិត្ត​បង​ប្អូន​ដែរ​ឬ​ទេ? តើ​បង​ប្អូន​ព្យាយាម​រស់​នៅ​ក្នុង​របៀប​ជា​សាធារណៈ និង​សម្ងាត់​ដោយ​ផ្ដល់​ជា​មូល​ហេតុ​ឲ្យ​ប្តី​ខ្លួន​ទុក​ចិត្ត​បង​ប្អូន​ដែរ​ឬ​ទេ? តើ​បង​ប្អូន​និយាយ​អំពី​ចំណុច​ល្អៗ​របស់​គាត់​គ្រប់​ពេល​ដែរ​ឬ​ទេ? បង​ប្អូន​អើយ! យើង​មិន​ចាំ​បាច់​មាន​អំណោយ​ទាន​ពិសេសៗ​ក្នុង​ការ​ឲ្យ​គាត់​ទុក​ចិត្ត​យើង​ឡើយ។ យើង​គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​តម្លៃ​ប្តី​របស់​យើង​ក្នុង​របៀប​ដែល​យើង​​អាច​ផ្ដល់​កិត្តិយស​ដល់​គាត់ និង​ដល់​ព្រះ​អម្ចាស់​បាន​ហើយ។

ខិត​ខំ​ធ្វើ​ការ

យើង​មិន​អាច​ប្រកែក​បាន​ទេ​ត្រង់​ថា ស្ត្រី​នៃ​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​គឺ​ជា​ស្ត្រី​ដែល​ធ្វើ​ការ​យ៉ាង​នឿយ​ហត់។ នាង​មាន​អំណោយ​ទាន​ច្រើន​ណាស់ ហើយ​ក៏​ធ្វើ​ការ​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​ចំណុច​ស្នូល​នៃ​បទ​គម្ពីរ​នេះ​គឺ​មិន​មែន​ដើម្បី​ព្រមាន​ឲ្យ​ស្ត្រី​គ្រប់​គ្នា​ត្រូវ​តែ​ធ្វើ​នូវ​រាល់​អ្វីៗ​ដូច​ដែល​នាង​ធ្វើ​នោះ​ឡើយ។ ចំណុច​គោល​គឺ៖ យើង​ត្រូវ​មាន​ចិត្ត​ចង់​ខំ​ធ្វើ​ការ​លំបាកៗ​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ធ្វើ ហើយ​ការ​ដែល​យើង​ចង់​ខំ​ធ្វើ​ការ​ឲ្យ​បាន​ល្អ តាម​ដែល​យើង​អាច​ធ្វើ​បាន ក៏​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ដែរ។

ស្ត្រី​ម្នាក់​នេះ​មិន​មាន​ពេល​យក​ខ្លួន​ឯង​ទៅ​ប្រៀប​ធៀប​ជា​មួយ​នឹង​អ្នក​ផ្សេង​ទេ។ ច្បាស់​ណាស់! នាង​មិន​ខ្វល់​អំពី «ការ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន» ទេ។ នាង «ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្ដី​កំជិល​ឡើយ» (សុភាសិត ៣១:២៧)។ នាង​មិន​មែន​ជា​ស្ត្រី​ដែល​ធ្វើ​ឲ្យ​ពេល​វេលា​បាត់​បង់​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​ប្រើ​ប្រាស់​ពេល​វេលា​របស់​នាង​ឲ្យ​មាន​ប្រយោជន៍—ការ​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ជំនួយ។ ខ​គម្ពីរ​ក៏​មិន​បាន​លើក​ឡើង​អំពី​ការ​ដែល​នាង​តវ៉ា ឬ​ក៏​រអ៊ូរទាំ​ទាក់​ទង​នឹង​ទំនូល​ខុស​ត្រូវ​របស់​នាង​ដែរ។ នាង​ផ្ដោត​លើ​ការ​បម្រើ​គ្រួសារ​នាង និង​អ្នក​ដទៃ ហើយ​នាង​ក៏​មាន​ការ​បើក​ចំហ​ចិត្ត​ក្នុង​ការ​ស្ម័គ្រ​នឹង​ធ្វើ​ការ​ងារ​ទាំង​នោះ​ដែរ។

ដោយ​មាន​ជំនួយ​ពី​ព្រះ​ជាម្ចាស់ យើង​មាន​លទ្ធភាព​ក្នុង​ការ​ខំ​ធ្វើ​ការ ការ​ព្យាយាម​មិន​ខ្ជះខ្ជាយ​ពេល​វេលា និង​ការ​ចេះ​ស្ម័គ្រ​ចិត្ត​ដ៏​ស្រទន់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​យើង​ធ្វើ​ផង​ដែរ។

កម្លាំង

ខ១៧​មាន​ចែង​ថា «នាង​ទម្លាប់​ចង្កេះ​ឲ្យ​មាន​កម្លាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ»។ ការ​មាន​កម្លាំង​ខាង​ឯ​សាច់​ឈាម—​ការ​ថែ​រក្សា​រូប​រាង​កាយ​របស់​នាង​ដែល​ជា​វិហារ—គឺ​ជា​ចំណុច​គោល។ «ការ​ហាត់​ប្រាណ» របស់​នាង​មិន​ទាក់​ទង​នឹង​ការ​ទៅ​កន្លែង​ហាត់​ប្រាណ​ទេ ប៉ុន្តែ​នាង​ធ្វើ​នេះ​ធ្វើ​នោះ ទៅ​នេះ​ទៅ​នោះ ហូប​ចុក​ត្រឹម​ត្រូវ និង​ការ​ធ្វើ​នូវ​ការ​ងារ​ដែល​ត្រូវ​ឲ្យ​មាន​ការ​នឿយ​ហត់​ខាង​ឯ​សាច់​ឈាម​វិញ។

ហើយ​ការ​មាន​កម្លាំង​ខាង​ឯ​សាច់​ឈាម​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​មួយ​ដែល​ខ​គម្ពីរ​បាន​ពណ៌នា​អំពី​នាង​នោះ​ដែរ។ នាង​គ្មាន​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ដែល​នាង​មិន​មាន​ការ​គ្រប់​គ្រង​លើ​ឡើយ។ នាង​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ទ្រង់​ជួយ និង​រក្សា​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ក្នុង​រាល់​ចំណុច​ដែល​នាង​មិន​អាច​ធ្វើ​ទៅ​បាន ហើយ​នាង​ធ្វើ​នូវ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន។ ព្រះ​អង្គ​ដ៏​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​គឺ​ជា​ព្រះ​អង្គ​ដែល​គ្រប់​គ្រង​លើ​អនាគត​គ្រួ​សារ​របស់​នាង។ ចំណែក​ឯ​កិច្ចការ​របស់​នាង​គឺ៖ បន្ត​រស់​នៅ បន្ត​ធ្វើ​ការ និង​បន្ត​ស្រឡាញ់​ក្នុង​របៀប​ដែល​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ជាម្ចាស់។ ទ្រង់​មាន​ទំនូល​ខុស​ត្រូវ​លើ​រាល់​ចំណុច​ផ្សេងៗ​ដែល​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ​បាន​បំពេញ​នូវ​រាល់​ចំណុច​នានា​ដែល​នាង​មិន​អាច​សម្រេច​បាន​តាម​រយៈ​ព្រះ​លោហិត​របស់​ទ្រង់។

ចិត្ត​សប្បុរស និង​ការ​ថែរក្សា

ខ២៦​មាន​ចែង​ថា «នាង​ពោល​ដោយ​ប្រាជ្ញា ហើយ​នៅ​អណ្ដាត​នាង​មាន​សេចក្ដី​សប្បុរស»។ យើង​ឃើញ​ពី​ភស្តុតាង​នៃ​របៀប​ដែល​នាង​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ពិត​នេះ​តាម​រយៈ​ដែល​នាង​បាន​ធ្វើ​ល្អ​ចំពោះ​ប្ដី​ខ្លួន (សុភាសិត ៣១:១២)។ កូនៗ​នាង​ក្រោក​ឡើង​ដោយ​គោរព និង​ប្រទាន​ពរ​ដល់​នាង (សុភាសិត ៣១:២៨)។ ហើយ​នាង​ក៏​ឈោង​ដៃ​ដល់​មនុស្ស​កំសត់​ទុគ៌ត និង​មនុស្ស​ក្រ​លំបាក​ផង​ដែរ (សុភាសិត ៣១:២០)។ តើ​អ្នក​នៅ​ជុំវិញ​បង​ប្អូន​សប្បាយ​ចិត្ត​នឹង​សេចក្ដី​សប្បុរស និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បង​ប្អូន​ចំពោះ​ពួក​គាត់​ដែរ​ឬ​ទេ? តាម​រយៈ​ជំនួយ​ពី​ព្រះ​ជាម្ចាស់ យើង​ទាំង​អស់​គ្នា​អាច​ព្យាយាម​ចេះ​មាន​សេចក្ដី​សប្បុរស​ចំពោះ​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ដាក់​ក្នុង​ជីវិត​របស់​យើង ហើយ​យើង​ក៏​អាច​ព្យាយាម​ញែក​ពេល​វេលា ជំនាញ និង​អំណោយ​ទាន​របស់​យើង​ក្នុង​ការ​ជួយ​អស់​អ្នក​ដែល​មាន​ស្ថាន​ភាព​លំបាក​ជាង​យើង​បាន​ដែរ។

ចេះ​កោត​ខ្លាច​ព្រះ​អម្ចាស់​នាង

ស្ត្រី​ដែល​មាន​រៀប​រាប់​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត​ជំពូក៣១​គឺ​មិន​មែន​ជា​ស្ត្រី​ដែល​តំណាង​ឲ្យ​ស្ដង់ដារ​ដែល​យើង​មិន​អាច​ត្រាប់​តាម​បាន​នោះ​ទេ ប៉ុន្តែ​នាង​តំណាង​ឲ្យ​ស្ដង់ដារ​នៃ​ការ​កោត​ខ្លាច​ព្រះ​ជាម្ចាស់—សព្វ​ថ្ងៃ​នេះ​យើង​ហៅ​ថា «ការ​មាន​រូប​អង្គ​ដូច​ព្រះ​គ្រីស្ទ»។ ខ​គម្ពីរ​ទាំង​អស់​នេះ​គួរ​ចាត់​ទុក​ជា​ខគម្ពីរ​ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ចង់​ចេះ​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ដូច​ដែល​នាង​កោត​ខ្លាច​ព្រះ​ជាម្ចាស់​របស់​នាង ចេះ​ចង់​ព្យាយាម​រៀន​ធ្វើ​ឲ្យ​ប្ដី​របស់​នាង​ទុក​ចិត្ត​ខ្លួន​បាន ចេះ​ខិត​ខំ​ធ្វើ​ការ ចេះ​មាន​កម្លាំង និង​ចិត្ត​សប្បុរស​ផង​ដែរ។

ការ​ប្ដេជ្ញា​ចិត្ត​ទៅ​កាន់​ព្រះ​អម្ចាស់​សម្រាប់​គ្រួសារ​របស់​នាង និង​ការ​ងារ​ដែល​ទ្រង់​បាន​ប្រទាន​ដោយ​មាន​ទំនុក​ចិត្ត​ដល់​នាង​ឲ្យ​មើល​ថែ​គឺ​បេះ​ដូង គំនិត និង​កម្លាំង​នៃ​រូប​កាយ​របស់​នាង។ ខណៈ​ពេល​ដែល​យើង​ត្រាប់​តាម​គំរូ​របស់​នាង និង​ជីវិត​ដូច​នាង​ដែល​កើត​ចេញ​ពី​ជំនឿ​របស់​នាង នោះ​យើង​នឹង​ទទួល​បាន​ព្រះ​ពរ ហើយ​ក៏​នឹង​ក្លាយ​ជា​ព្រះ​ពរ​ដល់​អ្នក​ដទៃ​ជា​មិន​ខាន​ផង​ដែរ។

និពន្ធ​ដោយ៖ លោក​ស្រី Adrien Segal
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និង​កញ្ញា លី វួចឡេង
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

5 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ

បើ​គ្មាន​ការ​អធិស្ឋាន