in

ព្រះ​វិហារ

ឡូវនេះ មក​ដល់​យប់​ថ្ងៃ​សៅរ៍​ទៀត​ហើយ។ ជា​ទូទៅ ប្រសិនបើ​លោកអ្នក​មិន​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ នោះ​ទេ លោកអ្នក​ទំនង​ជា​គិត​ថា៖ តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​គួរ​ព្យាយាម​ចាំ​បាច់​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ? ខ្ញុំ​មិន​ស្គាល់ ហើយ​ក៏​មិន​ចូលចិត្ត​អ្នក​ទាំង​អស់​នោះ​ផង​ហ្នឹង។ តើ​ខ្ញុំ​នឹង​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ចេញពី​ការ​ទៅ​ព្រះ​វិហារ​ដែល​​ចំណាយ​ពេល​អង្គុយ​ស្ដាប់​អស់​រយៈ​ពេល​ពីរបី​ម៉ោង? ទំនង​ខ្ញុំ​នឹង​មាន​ភាព​អរសប្បាយ​ជាង បើ​ខ្ញុំ​ចំណាយ​ពេល​ជាមួយ​មិត្តភក្ដិ​ខ្ញុំ​មើល​គេ​លេង​កីឡា ឬ​ទៅ​ជួយ​នរណា​គេ​ម្នាក់​ដែល​មាន​បន្ទុក ឬ​ក៏​ស្ម័គ្រចិត្ត​បម្រើ​ក្នុង​អង្គការ​មនុស្ស​ធម៌?

ប្រាកដ​ណាស់! ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ ការ​ជួយ​អស់​អ្នក​ដែល​មាន​បន្ទុក ការ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌ និង​ការ​ចំណាយ​ពេល​សម្រាក គឺ​សុទ្ធតែ​ជា​ចំណុច​សំខាន់ៗ ប៉ុន្តែ​ដាច់ខាត​យើង​មិន​គួរ​លើក​ចំណុច​ទាំង​នោះ​ឲ្យ​ខ្ពស់​ជាង​ព្រះ​ជាម្ចាស់​ឡើយ។ មាន​តែ​ព្រះ​អង្គ​មួយ​គត់​ដែល​ល្អ​ប្រសើរ (កូឡូស ១:១៨)។ ទង្វើ​ទាំង​អស់​នោះ​គួរ​តែ​កើត​ចេញពី​ការ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះ​គ្រីស្ទ​ដែល​ជា​ប្រភព​នៃ​ជីវិត និង​ពី​រាស្ត្រ​របស់​ព្រះ​អង្គ។ នៅពេល​ដែល​យើង​យក​ចំណុច​ល្អៗ​មក​ធ្វើ​ជា​ចំណុច​ស្នូល នោះ​មាន​ន័យ​ថា យើង​ផ្ដល់​ឋានៈ​លើ​វា​ខ្ពស់​ជំនួស​ព្រះ​ជាម្ចាស់ ហើយ​ការ​ទាំង​អស់​នោះ​បាន​ក្លាយ​ជា​រូប​ព្រះ​ដ៏​ក្លែងក្លាយ​ក្នុង​ជីវិត​យើង​ទៀត​ផង។

ហេតុ​ផល​៥​យ៉ាង​ក្នុង​ការ​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ

ជា​រឿយៗ ទស្សនៈ​របស់​យើង​លើ​ព្រះ​យេស៊ូវ និង​ក្រុមជំនុំ​របស់​ទ្រង់ គឺ​កើត​ចេញពី​ប្រវត្តិសាស្ត្រ នយោបាយ និង​វប្បធម៌​ទំនើបៗ​ដែល​នៅ​មាន​ជុំវិញ​យើង។ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ក្រុមជំនុំ​ដូច​ជា​ទី​កន្លែង​មួយ​ដែល​បង្ក​បង្កើត​មនុស្ស​ដែល​គ្រាន់តែ​ដើរ​តាម​ប្រព័ន្ធ​អំណាច​ដែល​ខ្លាំងក្លា ជាជាង​រស់នៅ​ដូច​ជា​ពួក​សិស្ស និង​ជះ​ឥទ្ធិពល​ទៅ​កាន់​សង្គម​ដែល​នៅ​ជុំវិញ។

ប៉ុន្តែ តើ​ហេតុ​អ្វី​បាន​ជា​លោកអ្នក​គួរ​ទៅ? ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ប្រាំ​យ៉ាង​ទាក់ទង​នឹង​ការ​ជួបជុំ​គ្នា​ជាមួយ​នឹង​អ្នក​ជឿ​ផ្សេងៗ​នា​ចុង​សប្ដាហ៍​នេះ៖

១. ដើម្បី​រម្លឹក​គ្នា​ថា តើ​យើង​ជា​អ្នកណា ហើយ​ជា​កម្មសិទ្ធិ​របស់​អ្នកណា

យើង​កំពុង​តែ​រស់នៅ​ក្នុង​សម័យ​កាល​ដែល​មាន​ផ្ដល់​ជូន​នូវ​ទស្សនៈ​ជា​ច្រើន ប៉ុន្តែ​មាន​ទីកន្លែង​មួយ​ដែល​យើង​អាច​រក​សេចក្ដី​ពិត​ឃើញ (យ៉ូហាន ៨:២៦)។ ក្រុមជំនុំ​គឺ​ជា​ទី​កន្លែង​មួយ​សម្រាប់​ជះ​ពន្លឺ​ក្នុង​សង្គម​ដែល​មាន​ភាព​អាប់អួរ​ខាង​ផ្នែក​សីលធម៌ (ម៉ាថាយ ៥:១៤-១៦)។

តើ​អ្នកណា​ជា​អ្នក​ដែល​ជួយ​លោកអ្នក​ក្នុង​ការ​ស្វែងរក​ផ្លូវ នៅពេល​ដែល​លោកអ្នក​មិន​ដឹង​ថា គួរ​ជ្រើសរើស​ផ្លូវ​មួយ​ណា​នៅ​ពេល​ដែល​លោកអ្នក​វង្វេង ខណៈពេល​ដែល​លោកអ្នក​ប្រឈម​មុខ​នឹង​ផែនដី​ដ៏​ស្មុកស្មាញ​មួយ​នេះ? តើ​លោកអ្នក​កំពុង​រស់នៅ​ដោយ​មាន​ភាព​ហី​អើៗ ឬ​ក៏​លោកអ្នក​មាន​ត្រីវិស័យ​ដែល​មាន​ទិស​ដៅ​ច្បាស់​លាស់ និង​យុថ្កា​សម្រាប់​ព្រលឹង​វិញ្ញាណ​លោកអ្នក (ហេព្រើរ ៦:១៩)? យើង​ជួប​ជុំ​គ្នា​ជាមួយ​នឹង​ពួក​បរិសុទ្ធ​ផ្សេងៗ ដើម្បី​អភិវឌ្ឍន៍​ភាព​ជា​សិស្ស ហើយ​បន្ទាប់មក​ចេញ​ទៅ ដើម្បី​ធ្វើ​ជា​អំបិល និង​ពន្លឺ​ក្នុង​លោកីយ៍​ក្នុង​នាម​ជា​បេសកជន​នៅ​ទីកន្លែង​ដែល​យើង​រស់នៅ (ម៉ាថាយ ៥:១៣-១៦; ២៨:១៨-២០)។

២. ដើម្បី​រម្លឹក​គ្នា​ថា ការ​ល្បងល​នៅ​បច្ចុប្បន្ន​កាល​ដែល​យើង​កំពុង​ប្រឈម​មុខ​នឹង​ឈាន​ដល់​ទី​បញ្ចប់​ដែល​មាន​នូវ​អំណរ

មាន​ការ​ចូល​រួម​ពិធី​បុណ្យ​សព​មួយ ដែល​បាន​ជះ​ឥទ្ធិពល​លើ​យើងខ្ញុំ​យ៉ាង​ខ្លាំង៖ គឺ​ការ​ចូល​រួម​រំលែក​ទុក្ខ​បង​ប្រុស​ម្នាក់​ដែល​នៅ​សុខៗ ស្រាប់​តែ​អ្នក​ម្ដាយ​គាត់​បាន​ទទួល​មរណភាព​ភ្លាមៗ។ គ្រូគង្វាល​របស់​យើង​បាន​អធិប្បាយ​ចេញពី​កណ្ឌគម្ពីរ សាស្ដា ៧:១-២៖

«នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ
ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ
ស៊ូ​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​កាន់​ទុក្ខ
ជាជាង​ទៅ​ឯ​ផ្ទះ​ដែល​មាន​ការ​ជប់​លៀង
ដ្បិត​មរណភាព​ជា​ចុង​បំផុត​របស់​មនុស្ស​ទាំង​ឡាយ ហើយ​មនុស្ស​ដែល​នៅ​រស់
នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​នោះ។»

ក្នុង​ពេលវេលា​ដ៏​ស្រងូតស្រងាត់​បែប​នេះ​ក្នុង​ការ​សញ្ជឹងគិត​លើ​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ យើង​ក៏​ត្រូវ​បាន​ទទួល​ការ​រម្លឹក​អំពី​ភាព​ងាយ​នឹង​ពុក​ផុយ​របស់​យើង៖ យើង​ទាំង​អស់​គ្នា​នឹង​ប្រាកដ​ជា​ស្លាប់​ជា​មិន​ខាន ហើយ​ការ​នោះ​អាច​នឹង​កើត​ឡើង​លឿន​ជាង​យើង​អាច​រំពឹង​ទុក​ទៅ​ទៀត។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ក្នុង​ការ​សញ្ជឹងគិត​ដ៏​ផ្អែមល្ហែម ហើយ​មាន​ពេញ​ទៅ​ដោយ​ព្រះ​គុណ យើង​ក៏​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ឲ្យ​រស់នៅ​ដោយ​មាន​គោលបំណង​ជាក់លាក់ និង​មាន​ភាព​ស្មោះត្រង់ ដោយ​រំពឹង​គិត​អំពី​សេចក្ដី​ពិត​នៅ​ចុង​បញ្ចប់។ ព្រះ​ជាម្ចាស់​មិន​បាន​ត្រាស់ហៅ​យើង​ឲ្យ​រស់នៅ​ដោយ​មាន​ពេញ​ទៅ​ដោយ​ជីវិត​ដ៏​ល្អ​បំផុត​ឥឡូវ​នេះ​នោះ​ឡើយ (ដូច​ដែល​ពួក​អ្នក​ប្រកាស​ដំណឹងល្អ​ថា បើ​លោកអ្នក​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ នោះ​លោកអ្នក​នឹង​ក្លាយ​ជា​អ្នក​មាន) ប៉ុន្តែ យើង​គួរ​រស់នៅ​ដោយ​មាន​គំនិត​នឹងធឹង ហើយនិង​ព្យាយាម​រស់នៅ​លើ​ផែនដី​នេះ​ដោយ​ពោរពេញ​ទៅ​ដោយ​ប្រាជ្ញា ដល់​កម្រិត​ដ៏​ខ្ពស់​បំផុត​ដែល​យើង​អាច​ធ្វើ​បាន (ទំនុកតម្កើង ៩០:១២; អេភេសូរ ៥:១៦)។

ចំពោះ​គ្រីស្ទ​បរិស័ទ យើង​នឹង​មាន​ជីវិត​ដ៏​ល្អ​ប្រសើរ​នៅពេល​យើង​ទៅ​នៅ​ឯ​ស្ថានសួគ៌ (ទំនុកតម្កើង ១៦:១១)។

៣. ដើម្បី​លើក​ទឹកចិត្ត​គ្នា​ឲ្យ​លូតលាស់ ហើយ​ឲ្យ​តយុទ្ធ​នឹង​ភាព​ក្រិន​ដោយ​ពុំ​រីក​ចម្រើន

យើងខ្ញុំ​មិន​ងាយ​មើល​ឃើញ​ភាព​ខ្វាក់​របស់​យើងខ្ញុំ​ទេ ហើយ​យើងខ្ញុំ​ត្រូវការ​ជំនួយ​ពី​ទស្សនៈ​នានា​របស់​អ្នក​ដទៃ​ដែល​គាត់​បាន​ធ្វើ​ដំណើរ​យួរ​ជាង​យើងខ្ញុំ​ក្នុង​ការ​ដើរ​តាម​ព្រះ​យេស៊ូវ។ យើង​តែងតែ​ចាត់ទុក​កំហុស​របស់​យើង​ថា វា​មិន​សូវ​ធំដុំ​ប៉ុន្មាន​ទេ ហើយ​ផ្ដោត​តែ​លើ​កំហុស​របស់​អ្នក​ដទៃ (ម៉ាថាយ ៧:៣-៥)។ ការ​មាន​ភាព​ស្និទ្ធស្នាល​ក្នុង​សង្គម​គ្រីស្ទ​បរិស័ទ​នឹង​នាំ​ឲ្យ​យើង​ចេះ​លើក​ទឹក​ចិត្ត​គ្នា​ដោយ​មាន​ពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់​ក្នុង​ការ​ឲ្យ​មាន​ភាព​ពេញ​វ័យ​ក្នុង​ព្រះ​គ្រីស្ទ (អេភេសូរ ៤:១៣-២៤; យ៉ូហាន ៨:៣១-៣២)។

៤. ដើម្បី​ចំណាយ​ពេលវេលា​ជាមួយ​នឹង​ក្រុម​គ្រួសារ

ការ​មាន​ជា​អាគារ កម្មវិធី​ផ្សេងៗ ឬ​ក៏​យុទ្ធសាស្ត្រ​ធ្វើ​នេះ​ធ្វើ​នោះ មិន​មែន​ជា​តួនាទី​ចម្បង​របស់​ក្រុមជំនុំ​ឡើយ។ ក្រុមជំនុំ​គឺ​ជា​គ្រួសារ ដែល​មាន​ទាំង​ឪពុក​នានា និង​កូនប្រុសៗ​ខាង​ឯ​ព្រលឹងវិញ្ញាណ (១កូរិនថូស ៤:១៤-១៧; ទីតុស ២:១-២, ៦-៨; ១ធីម៉ូថេ ១:១-២) ហើយនិង​ម្ដាយ​នានា និង​កូនស្រីៗ (ទីតុស ២:៣-៥)។ ក្រុមជំនុំ​គឺ​ជា​រូបរាង​កាយ (១កូរិនថូស ១២, អេភេសូរ ៤) ដែល​ជា​ទីកន្លែង​សម្រាប់​ឲ្យ​អ្នក​ដែល​មាន​តម្រូវការ​យ៉ាង​ខ្លាំង​ទៅ​ទទួល​ជំនួយ (កិច្ចការ ២:៤២-៤៧; កិច្ចការ ៦:១-៦; ១ធីម៉ូថេ ៥:៩-១៦) ហើយ​ក៏​ជា​ទីកន្លែង​នៃ​ការ​ផ្គត់ផ្គង់​ដោយ​ចិត្ត​សប្បុរស​ផង​ដែរ (២កូរិនថូស ៨, ភីលីព ៤:១០, ១៥-១៨)។ នៅក្នុង​គ្រួសារ​មួយ​នេះ អវយវៈ​នីមួយៗ​មាន​ការ​រួបរួម​គ្នា ហើយ​រាល់​អំណោយទាន​ទាំង​អស់​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឲ្យ​រូបរាងកាយ​ទាំង​មូល​មាន​សុខភាព​ល្អ (រ៉ូម ១២:៤-៨; អេភេសូរ ៤:១១-១៦)។

កាល​យើងខ្ញុំ​អាយុ​១៨​ឆ្នាំ យើងខ្ញុំ​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ហើយ​កាល​នោះ​យើងខ្ញុំ​គ្រាន់តែ​ទៅ​ព្រះ​វិហារ​ឲ្យ​តែ​មាន​មុខ​ប៉ុណ្ណោះ។ ក្រោយ​ពេល​យើងខ្ញុំ​រៀន​ចប់​នៅ​មហាវិទ្យាល័យ យើងខ្ញុំ​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ការងារ​ថ្មី​របស់​យើងខ្ញុំ ហើយនិង​ការ​ចំណាយ​ពេល​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​យើងខ្ញុំ ដែល​កាល​នោះ​អ្នកម្ដាយ​របស់​យើងខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ខ្លាំង​ដោយ​ជំងឺ​មហារីក។ នៅពេល​ដែល​អ្នកម្ដាយ​យើងខ្ញុំ​បាន​ទទួល​មរណភាព មាន​អ្នក​រួម​ការងារ​ជាមួយ​យើងខ្ញុំ​ម្នាក់ (ហើយ​គាត់​ក៏​ត្រូវ​ជា​ប្រពន្ធ​របស់​គ្រូគង្វាល​យើងខ្ញុំ​ផង​ដែរ) គាត់​បាន​លើក​ទឹកចិត្ត​យើងខ្ញុំ​ដោយ​ប្រើប្រាស់​ពាក្យពេចន៍​យ៉ាង​ថ្នាក់ថ្នម​ក្នុង​ស្ថានភាព​នោះ៖ «ធិហ្វហ្វានី (Tiffany) អើយ! ប្អូន​ត្រូវការ​ក្រុមជំនុំ​ដែល​ជា​ផ្ទះ។ ប្អូន​ត្រូវការ​មីង និង​ពូ ហើយនិង​ឪពុកម្ដាយ​ជា​ច្រើន។» ពាក្យពេចន៍​ទាំង​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ព្រលឹង​វិញ្ញាណ​យើងខ្ញុំ​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​មែន។

ប្រមាណ​ពីរបី​ខែ​ក្រោយមក យើងខ្ញុំ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​ចូល​ជា​សមាជិក​ក្នុង​ក្រុមជំនុំ​តាម​តំបន់​មួយ​នោះ។ ពួកគេ​បាន​ស្វាគមន៍​យើងខ្ញុំ​ដោយ​ម្រាម​ដៃ​ដប់ ដោយ​ទទួល​យក​ទាំង​លក្ខណសម្បត្តិ​ល្អ និង​មិន​ល្អ​របស់​យើងខ្ញុំ​ទាំង​អស់។ គ្រួសារ​ក្នុង​ក្រុមជំនុំ​របស់​យើងខ្ញុំ​បាន​បង្កើត​ឲ្យ​យើងខ្ញុំ​មាន​អនុស្សាវរីយ​ល្អៗ មាន​តម្លៃ ហើយ​រួម​ទាំង​ភាព​ឈឺចាប់​ខ្លោចផ្សា​មួយ​ចំនួន​ទៀត​ផង។ កាល​យើងខ្ញុំ​នៅ​វ័យ​ក្មេង យើងខ្ញុំ​មិន​បាន​រស់នៅ​ជិត​បង​ប្អូន​សាច់ញាតិ​ទេ ប៉ុន្តែ​ឥឡូវនេះ​យើងខ្ញុំ​មាន​ក្រុមជំនុំ​ជា​គ្រួសារ។

៥. ដើម្បី​រម្លឹក​គ្នា​ពី​ក្ដី​សង្ឃឹម​ដ៏​រស់រវើក​របស់​យើង

វា​ជា​ការ​ពិត​ណាស់ ដែល​ក្រុមជំនុំ​មួយ​ចំនួន​ធ្លាក់​ក្នុង​ចំណង​នៃ​ការ​គ្រាន់តែ​រស់នៅ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​សង្គម​នានា ជាជាង​ព្យាយាម​រស់នៅ​សម្រាប់​ព្រះ​យេស៊ូវ ដែល​ជា​តួឯក​ដែល​បាន​ទទួល​យក​នូវ​ភាព​ជា​មនុស្ស​ដោយ​ផ្ទាល់​ក្នុង​ប្រវត្តិសាស្ត្រ (ទំនុកតម្កើង ៩០:១; យ៉ូហាន ១:១៤)។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ការ​ធ្វើ​បែប​នោះ​មិន​មែន​ជា​របៀប​ដែល​នាំ​ឲ្យ​ក្រុមជំនុំ​មាន​សុខភាព​ល្អ​ទេ។ គ្រួសារ​ក្នុង​ក្រុមជំនុំ​ដែល​កំពុង​ព្យាយាម​បម្រើ​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ ពួកគាត់​នឹង​ទុក​ចិត្ត​លើ​ព្រះ​វត្តមាន អំណាច និង​ការ​ផ្គត់ផ្គង់​របស់​ព្រះ​ជាម្ចាស់ (ម៉ាថាយ ២៨:១៨-២០)។ ក្រុមជំនុំ​គឺ​ជា​ទីកន្លែង​មួយ​នៃ​ការ​រម្លឹក​គ្នា​ទៅ​វិញ​ទៅ​មក​ត្រង់​ថា៖ លុះត្រា​តែ​យើង​រំពឹង​លើ​ព្រះ​ជាម្ចាស់​ទាំង​ស្រុង ហើយ​ទទួល​យក​អ្វីៗ​ដែល​យើង​ត្រូវការ​ពី​ព្រះ​អង្គ​ដែល​ជា​ដើម​ទំពាំងបាយជូរ​ដ៏​ពិត នោះ​ទើប​យើង​អាច​មើល​ឃើញ​ផលផ្លែ​ក្នុង​ព័ន្ធកិច្ច​របស់​យើង​បាន (យ៉ូហាន ១៥)។

តាម​ពិត​ទៅ យើង​អាច​ធ្វើ​នូវ​អ្វីៗ​ដែល​ល្អ​ជា​ច្រើន ដែល​ធាតុ​ពិត​ការ​នោះ​នឹង​រារាំង​យើង​មិន​ឲ្យ​ទៅ​ចាប់​ដៃ​គ្នា​ជាមួយ​នឹង​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​បាន​ឡើយ។ ប្រសិនបើ​លោកអ្នក​មិន​ទាន់​បាន​សម្រេច​ចិត្ត​ថា ទៅ​ឬ​ក៏​មិន​ទៅ​ព្រះ​វិហារ​នៅ​ឡើយ​ទេ៖ តើ​លោកអ្នក​ហ៊ាន​ដាក់​ម៉ោង​រោទ៍ ដោយ​មាន​គោលបំណង​ថា​នឹង​ទៅ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​ជាមួយ​ក្រុមជំនុំ​តាម​តំបន់​នៅ​ចុង​សប្ដាហ៍​នេះ​ដែរ​ឬ​ទេ? យើងខ្ញុំ​ហ៊ាន​សន្យា​ចំពោះ​លោកអ្នក​ថា មិន​ថា​លោកអ្នក​មាន​មូលហេតុ​ជា​ច្រើន​ប៉ុន្មាន​ក៏​ដោយ​ក្នុង​ការ​មិន​ចង់​ទៅ​ព្រះ​វិហារ ក៏​តាម​ពិត​លោកអ្នក​នៅ​មាន​មូលហេតុ​ច្រើន​ជាង​នោះ​ទៅ​ទៀត​ក្នុង​ការ​ដែល​លោកអ្នក​គួរ​តែ​ទុក​ចិត្ត​ព្រះ​ជាម្ចាស់ មាន​ការ​ប្ដេជ្ញាចិត្ត ក្នុង​ការ​ទៅ​ព្រះ​វិហារ​ជា​រៀង​រាល់​អាទិត្យ​ផង​ដែរ។

និពន្ធ​ដោយ៖ លោកស្រី Tiffany Johnson
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា យ៉ុន សាឯម
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ធ្វើ​ជា​អ្នក​ដឹកនាំ

គ្រូពេទ្យនានា