ខណៈពេលយើងកំពុងបើកបរនៅព្រឹកថ្ងៃសៅរ៍ ប្រពន្ធរបស់ខ្ញុំបានសួរថា «តើមេរៀនអធិប្បាយរបស់បងយ៉ាងមិចហើយ?» ព្រោះអីខ្ញុំត្រូវដល់វេនអធិប្បាយនៅថ្ងៃអាទិត្យបន្ទាប់។ ខ្ញុំបានឆ្លើយថា «ហើយប្រហែល ៩៥%»
ទោះបីជាខ្ញុំបានចំណាយពេលជិត១០ម៉ោង ឬច្រើនជាងនេះក៏ដោយ ដើម្បីរៀបចំ។ តាមពិតទៅ ពេលខ្ញុំរៀបចំបាន៩៥% នោះមានន័យ…ខ្ញុំដូចរៀបចំហើយទាំងស្រុងអញ្ចឹង—ព្រោះខ្ញុំរៀបចំមេរៀនអធិប្បាយយ៉ាងមិច
ក៏មិនចេះចប់ដែរ។
នៅពេលដែលលោកគ្រូ អរ. ស៊ី. ស្ព្រោល (R.C. Sproul) បាននិយាយអំពីភាពមិនអាចធ្វើឲ្យព្រះគាប់ព្រះទ័យទាល់តែសោះបាន លោកបានពន្យល់ពីភាពខុសគ្នារវាងភាពមិនអាច «ទាំងស្រុង»។ ភាពមិនអាចធ្វើឲ្យព្រះគាប់ព្រះទ័យទាល់តែសោះមានន័យថា អំពើបាបបានធ្វើឲ្យខូចដល់គ្រប់ផ្នែកទាំងអស់នៃបុគ្គលម្នាក់ៗ។ ទោះបើវាអាក្រក់យ៉ាងហ្នឹងក៏ដោយក៏វានៅអាចកាន់តែអាក្រក់ជាងហ្នឹងទៅទៀត។ យើងមានពេញដោយអំពីបាប ប៉ុន្តែ
មិនពេញដោយអំពីបាបដូចដែលយើងសមនឹងមាននោះទេ៖ ពោលគឺវាតែងតែនៅមានការអាក្រក់ជាច្រើនទៀតដែលយើងអាចនៅធ្វើបានទៀត។ ស្រដៀងគ្នានេះដែរ នៅពេលដែលខ្ញុំនិយាយថា «លោកអ្នករៀបចំមេរៀនអធិប្បាយរបស់លោកអ្នកយ៉ាងមិចក៏មិនចប់ដែរ» ខ្ញុំមិនបាននិយាយថា គ្រូអធិប្បាយមិនអាចអធិប្បាយមេរៀនរបស់ពួកគាត់ ដែលពួកគាត់បានរៀបចំរួចហើយ នៅព្រឹកថ្ងៃអាទិត្យនោះទេ។ ផ្ទុយទៅវិញ អ្វីដែលខ្ញុំកំពុងនិយាយគឺថា មេរៀនអធិប្បាយរបស់លោកអ្នក មិនសុទ្ធតែរៀបចំ ដូចដែលចង់បាននោះទេ។ ព្រោះវាតែងតែនៅមានការថែមថយ ដែលអាចថែមថយទៀតបាន។
ប្រសិនបើនៅមានការរៀបចំមេរៀនអធិប្បាយដែលអាចថែមថយទៀតបាន តើលោកអ្នកគួរថែមថយទៀតទេ? ទេ។
នៅក្នុងសៀវភៅមួយ ដែលមានចំណងជើងថា «អ្នករៀបចំគ្រង» (Outliers) លោក ម៉ាលខម ហ្គ្លាដវែល (Malcolm Gladwell) បានសរសេរអំពីមូលហេតុដែលមនុស្សមួយចំនួនសរសេរលម្អិត ហើយមនុស្សមួយចំនួនទៀតមិនសរសេរលម្អិត។ លោក ហ្គ្លាដវែល មានប្រសាសន៍ថា ទេពកោសល្យ ជី.ភី.អេ. (GPA) និងពិន្ទុប្រឡងល្អមានកំណត់។ លោកអ្នកត្រូវការវា ដើម្បីឲ្យជោគជ័យ។ លោកអ្នកមិនអាចចូលរៀននៅមហាវិទ្យាល័យ ហាវើដ (Harvard) ដោយមានជី.ភី.អេ. ២.៥ បានទេ។ ប៉ុន្តែ បន្ទាប់ពីពេលលោកអ្នកទទួលបានជី.ភី.អេ. ៣.៨ ហើយ នោះពិន្ទុដែលលើសពីហ្នឹង គេលេងត្រូវការទៀតហើយ។ ជី.ភី.អេ. ចន្លោះពី ៣.៩ ដល់ ៣.៩៥ (GPA) គឺវាមិនខុសគ្នាប៉ុន្មានទេ។ ជំនួសឲ្យការព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលលោកអ្នកធ្វើឲ្យល្អបំផុត យោងតាមសម្ដីរបស់លោក ហ្គ្លាដវែល វាក៏ត្រូវមាន «កម្រិតកំណត់» ជាក់លាក់មួយ (នេះជាពាក្យគន្លឹះ) ដែលចាំបាច់ត្រូវបំពេញដែរ។ បន្ទាប់ពីលោកអ្នកបានបំពេញតាមកម្រិតកំណត់រួចហើយ នោះភាពជោគជ័យ ឬភាពបរាជ័យរបស់លោកអ្នកនឹងត្រូវបានកំណត់ដោយកត្តាផ្សេងៗ ដែលភាគច្រើនជាកត្តាដែលលោកអ្នកមិនអាចគ្រប់គ្រងលើបាន ដូចជាហ្សេន ការអប់រំថែទាំខ្លួនកាលពីក្មេង ទីកន្លែងដែលលោកអ្នករស់នៅ ឬក៏មនុស្សដែលលោកអ្នកស្គាល់ជាដើម។
ខ្ញុំគិតថា ការមានគំនិតដូចគ្នានេះក៏យើងអាចយកទៅអនុវត្តចំពោះការរៀបចំមេរៀនអធិប្បាយបាន។ បន្ទាប់ពីពេលដែលលោកអ្នករៀបចំដល់កម្រិតកំណត់ជាក់លាក់ណាមួយហើយ (មានតែលោកអ្នកទេដែលអាចកំណត់ថា អ្វីដែលជាកម្រិតកំណត់របស់លោកអ្នកហើយថា តើកម្រិតកំណត់នោះដល់ត្រឹមណាបាន) នោះមេរៀនអធិប្បាយរបស់លោកអ្នកនឹងដល់គោលដៅ។ វាគឺតែប៉ុណ្ណឹង។ ឈប់រៀបចំវាទៀតទៅ។ ឈប់មើលទៀតទៅ។ ប្រសិនបើលោកអ្នកពិតជាចង់ថែមថយទៀតមែន សូមយកពេលនោះសម្រាប់អធិស្ឋាន និងត្រៀមខ្លួនចាំតែអធិប្បាយវិញទៅ នោះល្អជាង។ ប៉ុន្តែ ចូរទុកកុំព្យូទ័រឲ្យឆ្ងាយចុះ។ ការសរសេរថែមថយមួយ ឬពីរកថាខណ្ឌទៀតលើមេរៀនអធិប្បាយរបស់លោកអ្នក បន្ទាប់ពីលោកអ្នកបានរៀបចំដល់កម្រិតកំណត់របស់លោកអ្នករួចហើយ ក៏វានឹងមិនធ្វើឲ្យមេរៀនអធិប្បាយរបស់លោកអ្នកល្អជាងមុនបានដែរ។
ខ្ញុំមិនកំពុងនិយាយថា គ្រូអធិប្បាយត្រូវរៀបចំមេរៀនអធិប្បាយដោយប្រើផ្លូវកាត់នោះទេ។ ការអធិប្បាយ គឺជាកិច្ចការដែលជាទំនួលខុសត្រូវដ៏សំខាន់បំផុតមួយរបស់គ្រូគង្វាល។ គ្រូគង្វាលដែលអធិប្បាយជាញឹកញាប់នូវមេរៀនអធិប្បាយដែលមិនទាន់រៀបចំរួចរាល់ គឺទំនងជាមិនស័ក្តិសមនឹងព័ន្ធកិច្ចហ្នឹងទេ។ ប៉ុន្តែ ការរៀបចំមេរៀនអធិប្បាយទាល់តែល្អឥតខ្ចោះទើបឈប់ ក៏វាអាចជាគ្រោះថ្នាក់នៃការយករឿងហ្នឹងធ្វើជារូបព្រះផងដែរ។ ជាពិសេស ប្រសិនបើលោកអ្នកមានអារម្មណ៍ថាខ្លាចមនុស្ស ជាជាងស្រឡាញ់ព្រះជាម្ចាស់នោះ។
ការនិយមភាពល្អឥតខ្ចោះ ឬក៏ការនិយមធ្វើអ្វីទាល់តែល្អឥតខ្ចោះទើបឈប់ ពេលមើលទៅហាក់បីដូចជារឿងខាងឯវិញ្ញាណ ប៉ុន្តែតាមពិតទៅ វាគឺជាទម្រង់នៃការស្រូបយកចំណាប់អារម្មណ៍ឲ្យខ្លួនឯងតែប៉ុណ្ណោះ។
ជាឧទាហរណ៍៖ នៅក្នុងសៀវភៅ «ធ្វើម្ដងទៀត» (Reset) លោក ដាវីឌ មើរេ (David Murray) បានលើកឡើងអំពីអតីតសិស្សរបស់គាត់ម្នាក់ ដែលចូលចិត្តរៀបចំមេរៀនអធិប្បាយរបស់គាត់ទាល់តែល្អឥតខ្ចោះទើបឈប់ថា «យុវជនវ័យក្មេងនៃសាលាព្រះគម្ពីររបស់ខ្ញុំម្នាក់ គាត់មិនដែលចំណាយពេលតិចជាងសាមសិបម៉ោង ដើម្បីរៀបចំមេរៀនអធិប្បាយរបស់គាត់នោះទេ ដោយថែមថយ ថែមថយទាល់តែថាវា «ល្អឥតខ្ចោះ» នោះទើបឈប់»។ លោក មើរ៉េ បានបន្តប្រាប់ទៀតថា «មិនមានអ្វីចម្លែកទេ ព្រោះបានតែមួយឆ្នាំប៉ុណ្ណោះ យុវជនម្នាក់នោះក៏លាឈប់ ហើយរត់ចោលព័ន្ធកិច្ចបាត់»។
មានពេលមួយ ខ្ញុំបាននិយាយជាមួយអ្នកប្រាជ្ញខាងព្រះគម្ពីរសញ្ញាថ្មីម្នាក់ ដែលគួរឲ្យគោរព អំពីសៀវភៅអត្ថាធិប្បាយនៃកណ្ឌសំបុត្រមួយដែលលោកជិតសរសេរចប់។ ខ្ញុំបានសួរគាត់ថា តើពេលណាទើបសៀវភៅអត្ថាធិប្បាយនោះនឹងត្រូវសរសេរចប់។ គាត់បានឆ្លើយថា ការសរសេរសៀវភៅអត្ថាធិប្បាយមិនចេះចប់ទេ។ តែគាត់បន្តសរសេរ បន្តស្រាវជ្រាវ និងនិពន្ធអស់រយៈពេលជាច្រើនឆ្នាំ គឺរហូតដល់ចំណុចមួយដែលគាត់ត្រូវប្រគល់សៀវភៅអត្ថាធិប្បាយនោះទៅអ្នកបោះពុម្ពផ្សាយហ្នឹងឯង ដើម្បីបំពេញតាមកាលកំណត់ដែលជិតមកដល់។ ទោះបីជាគាត់មានអារម្មណ៍ថា គាត់អាចធ្វើបន្ថែមទៀតបានក្នុងការសរសេរសៀវភៅអត្ថាធិប្បាយនោះ ឲ្យវាកាន់តែល្អជាងមុនក៏ដោយ។
នេះគឺជាបទពិសោធន៍ស្រដៀងគ្នាដែលគ្រូអធិប្បាយមានអារម្មណ៍បែបហ្នឹង។ វានឹងមានពេលមកដល់ ក្នុងអំឡុងពេលនៃការរៀបចំមេរៀនអធិប្បាយ ដែលជាធម្មតានៅរសៀលថ្ងៃព្រហស្បតិ៍ ឬក៏ព្រឹកថ្ងៃសៅរ៍ ដែលអ្នកអធិប្បាយនឹងនិយាយមកកាន់ខ្លួនថា «ខ្ញុំរៀបចំមេរៀនរួចហើយ។ ខ្ញុំលែងខ្វល់ពីវាទៀតហើយ។ ខ្ញុំអាចនិយាយដោយស្មោះត្រង់ថា ខ្ញុំមិនបានរៀបចំមេរៀនអធិប្បាយដោយប្រើផ្លូវកាត់នោះទេ ហើយអ្វីដែលខ្ញុំបានរៀបចំរួច គឺគ្រប់គ្រាន់ហើយ។ ខ្ញុំបានអានសៀវភៅជាច្រើន អធិស្ឋានហើយអធិស្ឋានទៀត បានពិនិត្យមើលអក្ខរាវិរុទ្ធ បានកែសម្រួលឃ្លោងឃ្លា បានដាក់អារម្មណ៍ជាមួយនឹងព្រះបន្ទូល ហើយក៏ថែមទាំងបានថែមថយឃ្លោងឃ្លាដែរ។ ពេលនេះ ខ្ញុំបានរៀបចំមេរៀនរួចហើយ។ ខ្ញុំនឹងអធិប្បាយឲ្យបានល្អបំផុត តាមការខិតខំរបស់ខ្ញុំ ដោយដឹងថាការខិតខំប្រឹងប្រែងរបស់ខ្ញុំនៅមានភាពទន់ខ្សោយ និងគួរឲ្យអាណិតដែរ ប៉ុន្តែឯលទ្ធផលវិញ គឺខ្ញុំនឹងទុកចិត្តលើព្រះជាម្ចាស់»។
គ្មានថ្ងៃអធិប្បាយមេរៀនអធិប្បាយណាដែលយើងបានរៀបចំទុកយ៉ាងល្អឥតខ្ចោះនោះទេ។ ផ្ទុយទៅវិញ
ដូចលោក ដាន ដូរីអានី (Dan Doriani) បានមានប្រសាសន៍ថា «យើងអធិប្បាយក្នុងស្ថានភាពស្លន់ស្លោ»។ ការរៀបចំហួសហេតុ ជាពិសេស ការខ្វល់ខ្វាយអំពីពាក្យពេចន៍នីមួយៗនៅក្នុងអត្ថបទសរសេរទុករបស់
លោកអ្នកពេក ជាធម្មតា វានឹងធ្វើឲ្យការអធិប្បាយទៅជាគ្មានអត្ថន័យ និងគួរឲ្យធុញវិញជាមិនខាន។
ការខិតខំប្រឹងប្រែងបន្ថែមរបស់លោកអ្នកអាចបង្កឲ្យមានបញ្ហាវិញ។ ការខិតខំប្រឹងប្រែងបន្ថែមមិនសុទ្ធតែទទួលបានលទ្ធផលល្អជាងមុននេះទេ។ ប៉ុន្តែ ការមានចិត្តពេញនៃភាពស្កប់ស្កល់ និងការអធិស្ឋាន នោះគឺប្រសើរជាងការខិតខំសរសេរឲ្យល្អឥតខ្ចោះនូវមេរៀនអធិប្បាយទៅទៀត។
ដូច្នេះ ឱគ្រូអធិប្បាយអើយ! ចូរមានកម្លាំងចិត្តឡើង។ វានឹងមិនមានពេលវេលាក្នុងព័ន្ធកិច្ចរបស់លោកអ្នកទេ ដែលលោកអ្នកនឹងសរសេរមេរៀនអធិប្បាយចប់បានឡើយ ពីព្រោះវាតែងតែនៅមានចំណុចជាច្រើនទៀតដែលនៅអាចសរសេរបាន។ យើងរៀបចំរហូតដល់យើងឈានដល់កម្រិតកំណត់របស់យើង។ បន្ទាប់ពីយើងបានធ្វើដល់កម្រិតនោះរួចហើយ កុំព្យាយាមគិតអំពីមេរៀនអធិប្បាយនេះនៅថ្ងៃសៅរ៍ ខណៈពេលដែលលោកអ្នកកំពុងចំណាយពេលជាមួយក្រុមគ្រួសារទៀតអី។ យើងគ្រាន់តែត្រូវក្រោកអធិស្ឋានពីព្រលឹមនៅព្រឹកថ្ងៃអាទិត្យ
អានព្រះគម្ពីរ និងមើលវាមួយភ្លែតទៀតបានហើយ។ រួចហើយ យើងធ្វើដំណើរទៅព្រះវិហារ ហើយមុនពេលយើងឈានជើងចូលឈរលើអាសនា យើងថ្វាយការនោះដល់ព្រះអម្ចាស់ ដោយសូមឲ្យទ្រង់ប្រទានពរដល់អ្វីដែលយើងបានរៀបរួចហើយនោះលើសជាងអ្វីដែលយើងអាចធ្វើបានដោយខ្លួនឯង ដូចជាក្មេងប្រុសម្នាក់ដែលបានថ្វាយនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយដល់ព្រះយេស៊ូវអញ្ចឹងដែរ។
មតិយោបល់
Loading…