in

ប្រែ​ចិត្ត​ដោយ​មិន​ផ្លាស់ប្ដូរ?

Can You Repent Without Changing?

ដើមចម​នៃ​ចុង​បញ្ចប់​នៃ​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ

ប្រមាណ​ជាង​២៥ឆ្នាំ​នេះ យើងខ្ញុំ​បាន​ផ្តល់​ការ​ប្រឹក្សា​ដល់​គ្រប់​គ្រីស្ទបរិស័ទ​ទាំង​ប្រុស​ទាំង​ស្រី ដែល​ពួកគេ​បាន​រស់​នៅ​ក្នុង​ទាសករ​នៃ​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ។ យើងខ្ញុំ​បាន​ជួប​ពួកគាត់​ផ្ទាល់ ដែល​ពួកគាត់​ទាំង​នោះ គឺ​បាន​ទៅ​លេង​ស្រី​ពេស្យា​ដែល​ជា​កន្លែង​រកស៊ី​ផ្លូវ​ភេទ ហើយ​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​សហា​ស្មន់ ហើយ​ពួកគេ​ក៏​មាន​ញៀន​មើល​រឿង​រូបភាព និង​រឿង​អាសអាភាស ពួកគេ​ក៏​បាន​កុហក ហើយ​ក៏​បាន​ស្ដី​បន្ទោស​ទៅ​លើ​ស្វាមី​នឹង​ភរិយា​របស់​ខ្លួន ដែល​ទាក់ទង​ទៅ​នឹង​បញ្ហា​ផ្ទាល់ៗ​ខ្លួន​របស់​ពួកគេ។ យើងខ្ញុំ​បាន​ស្ដាប់​ឮ​ពួកគេ ស្របពេល​ដែល​ពួកគេ​រៀបរាប់​ពី​បញ្ហា​ផ្នែក​ថវិកា និង​ប្រឈមមុខ​នឹង​បាត់បង់​ការងារ​ធ្វើ ហើយ​ក៏​គេង​មិន​លក់​នៅ​ពេល​យប់ ក៏​ដូច​ជា​បាត់​បង់​នូវ​សុភមង្គល​នៅ​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ។ ការ​ទាំង​នេះ​បាន​កើតឡើង​ដោយ​សារ​តែ​អំពើបាប​ខាង​ឯ​ផ្លូវ​ភេទ។

នៅ​ពេល​ដែល​យើង​សម្លឹង​មើល​ខាង​មុខ នោះ​យើង​នឹង​ឃើញ​ពី​ការ​គម្រាម​កំហែង ដែល​ទាក់ទង​នឹង​អំពើបាប​ខាង​ឯ​ផ្លូវ​ភេទ វា​កំពុង​ស្ថិត​​នៅ​ក្នុង​ព្រលឹង​វិញ្ញាណ ក៏​ដូចជា​ទំនាក់ទំនង​របស់​យើង​គឺ​នៅ​ត្រង់​ថា វា​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅៗ​នៅ​ជំនាន់​សម័យ​នេះ។ ក្មេងៗ​នៅ​អាយុ​ចន្លោះ​ពី​១១-១២ឆ្នាំ​ជា​ច្រើន​កាន់តែ​មាន​ការ​ចាប់​ផ្ដើម​រួម​ភេទ​បែប​អសីលធម៌ (ឧ. តាមរយៈ​ម៉ាត់​ពួកគេ) ហើយ​មួយ​ចំនួន​ធំ​ទៀត ភាគ​ច្រើន​ពួកគេ​បាន​មើល​រូប នឹង​រឿង​អាសអាភាស (មិន​ថា​ចេតនា ឬ​ក៏​អចេតនា​ក្ដី) ហើយ​ជា​ទូទៅ ការ​នេះ​បាន​នាំ​ឲ្យ​ពួកគាត់​ធ្លាក់​ក្នុង​ជីវិត​បែប​ជា​ភាព​ទាសករ​ផ្លូវ​ភេទ។ កាល​ពី​នៅ​ជំនាន់​មុនៗ ទំនាក់ទំនង​នៃ​ការ​ចែចង់​គ្នា​ទៅ​វិញ​ទៅ​មក សម្រាប់​ក្មេង​ជំទង់ៗ​នៅ​ជំនាន់​នោះ គឺ​ពួកគាត់​បាន​ធ្វើ​ការ​ចែចង់​គ្នា​ក្នុង​ចំណោម​មុខ​មនុស្ស​ជា​ច្រើន ប៉ុន្តែ​ចំណែក​ឯ​ការ​ចែចង់​នៅ​ជំនាន់​នេះ​វិញ ពួកគេ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ដែល​មាន​មនុស្ស​នៅ​ជុំវិញ​ពួកគេ ហើយ​បែរ​ជា​ទៅ​រក​កន្លែង​ស្ងាត់ៗ​ដាច់​ដោយ​ឡែក​តែ​ពីរ​នាក់​ទៅវិញ ដែល​ការ​ទាំង​នេះ​បាន​នាំ​មក​នូវ​ការ​ប្រែប្រួល​នៅ​ចរិត​លក្ខណសម្បត្តិ​ក្នុង​ការ​រួម​ភេទ​ទាំងស្រុង។ បច្ចុប្បន្ន​នេះ ពួកគេ​រាប់អាន «មិត្តភក្ដិ​គ្រាន់តែ​ជា​ឈ្នាន់ ដើម្បី​ទាញ​យក​អត្ថប្រយោជន៍» សម្រាប់​ខ្លួន​របស់​គេ​ ហើយ​ថែម​ទាំង​មាន​ការ​ផ្ញើរ​សារ​ដោយ​មាន​ការ​លាយឡំ​នៅ​រូប​អាសអាភាស និង​វីដេអូ​អាសអាភាស ក៏​ដូច​ជា​ប្រើប្រាស់​នូវ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស្រើបស្រាល​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ហើយ​លើស​ពី​នោះ ពួកគេ​ថែម​ទាំង​ចាត់​ទុក​ការ​ទាំង​នោះ​ថា វា​ជា​រឿង​ធម្មតាៗ​ទៅ​វិញ។

បញ្ហា​ដ៏​ធ្ងន់ធ្ងរ ដែល​ទាក់ទង​ទៅ​នឹង​អំពើបាប​ខាង​ឯ​ផ្លូវ​ភេទ ដែល​មាន​រួច​ស្រាប់​ទៅ​ហើយ​នៅ​ក្នុង​ក្រុម​ជំនុំ ហើយ​វា​កាន់តែ​ក្លាយ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​លើស​ដើម​ទៅ​ទៀត។

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល

ជា​ការ​ពិត​ណាស់! យើង​ត្រូវ​តែ​និយាយ​ដោយ​បើក​ចំហ ដោយ​ហ៊ាន​លើកឡើង​នូវ​ភាព​ធ្ងន់ធ្ងរ​ខាង​ឯ​អំពើ​បាប ទាក់ទង​នឹង​បញ្ហា​ផ្លូវ​ឯ​ភេទ​នៅ​ក្នុង​ក្រុមជំនុំ យើង​ត្រូវ​តែ​យល់ដឹង​អំពី​ឥរិយាបថ​នៃ​លក្ខណៈ​របស់​អំពើបាប​មួយ​នេះ គឺ​នៅ​ចំណុច​ត្រង់​ថា ឫសគល់​នៃ​បញ្ហា​នោះ​គឺ​វា​ជ្រៅ​ជាង​អ្វី​ដែល​យើង​នឹក​ស្មាន​មិនដល់​ទៅ​ទៀត។

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សារ​ខ្លាំង​ណាស់ ដែល​ប្រពៃណី និង​វប្បធម៌​របស់​យើង​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​កា​ទាមទារ​នូវ​តម្រូវ​ការ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ព្រមទាំង​របៀប​នៃ​ការ​ផ្លាស់​ប្ដូរ ជាជាង​អនុញ្ញាត​ឲ្យ​ក្រុម​ជំនុំ​ធ្វើ​ការ​ជះ​ឥទ្ធិពល​ទាក់ទង​នឹង​ការ​ផ្លាស់​ប្ដូរ​ទៅ​លើ​ការ​ទាំង​នេះ។ ផ្នត់​គំនិត​មួយ ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​ទាស់​ប្រឆាំង​គឺ​នៅ​ត្រង់​ថា សេរីភាព​ចេញ​ពី​អំពើបាប​ខាង​ឯ​ផ្លូវ​ភេទ គឺ​មិន​មាន​ការ​ចាប់ផ្ដើម​ឲ្យ​មាន​ការ​វែកញែក​ពី​បទ​ពិសោធន៍​ជាក់​ស្ដែង​នោះ​ទេ តែ​ធាតុ​ពិត​វា​ពេញ​ទៅ​ដោយ​ភាព​នៃ​ការ​ឈឺ​ចុក​ចាប់​ចេញ​ពី​អតីតកាល​​នោះ​វិញ។ តាមរយៈ​ការ​ផ្ដល់​ប្រឹក្សា​ដល់​មនុស្ស​ស្រី​នឹង​មនុស្ស​ប្រុស​រាប់​ពាន់​នាក់ យើងខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ជំហាន​ទី១​នៃ​ការ​យក​ឈ្នះ​លើ​អំពើបាប​ខាង​ឯ​ផ្លូវ​ភេទ​នោះ​គឺ នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ខាង​ឯ​ផ្លូវ​ភេទ ការ​នោះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ជម្រៅ​ចិត្ត​ដែល​ពេញ​ទៅ​ដោយ​អំនួត​របស់​គាត់​ត្រង់​ថា គាត់​កំពុង​តែ​ព្យាយាម​ផ្សះផ្សា​ភាព​ឈឺ​ចាប់​ដែល​គាត់​មាន ដែល​តាម​ពិត​ទៅ​ភាព​ឈឺ​ចាប់​ដោយ​ផ្ទាល់​នោះ គឺ​មិនមែន​ជា​បញ្ហា​នោះ​ទេ។

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​គួរ​តែ​ប្រាប់​ពី​របៀប​នៃ​ការ​ព្យាបាល។ ប្រសិនបើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​ភាព​មិន​ត្រឹមត្រូវ​នោះ​ការ​ព្យាបាល​នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ ប៉ុន្តែ ប្រសិនបើ​យើង​មាន​ជំនឿ​លើ​ព្រះ​ជា​ម្ចាស់ ហើយ​ទុកចិត្ត​ទៅ​លើ​ព្រះ​បន្ទូល​របស់​​ទ្រង់ យ៉ាង​ពិត​ប្រាកដ នោះ​យើង​នឹង​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​យ៉ាង​ត្រឹមត្រូវ ហើយ​យើង​ក៏​បាន​ស្គាល់​គ្រូ​ពេទ្យ​ដ៏​ស័ក្ដិសិទ្ធិ​លើស​អស់​គ្រូ​ពេទ្យ​នានា គឺ​ជា​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​ផ្ទាល់​តែម្ដង។

ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​យ៉ាង​ពិត​ប្រាកដ​ទាក់ទង​ទៅ​នឹង​បញ្ហា​ចម្បង​ថា៖ «ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្ដី​កំផិត សហាយ​ស្មន់…» (ម៉ាកុស ៧:២១-២២)។ ម្យ៉ាង​វិញ​ទៀត ទាក់ទង​ទៅ​នឹង​អំពើបាប​ខាង​ឯ​ផ្លូវ​ភេទ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ករណី​ចម្បង​របស់​យើង​គឺ​មិនមែន​ជា​អ្វី​ដែល​គេ​ធ្លាប់​ប្រព្រឹត្តិ​នឹង​យើង​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​គឺ​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​នៅ​ខាង​ក្នុង​យើង​ផ្ទាល់។

ប្រសិនបើ​បញ្ហា​ចម្បង​នៃ​អំពើបាប—គឺ​ជា​ភាព​ពុករលួយ និង​សារជាតិ​នៃ​ការ​បះបោរ—នោះ​មាន​ន័យ​ថា យើង​ក៏​បាន​ដឹង​អំពី​តម្រូវ​ការ​ចម្បង ដែល​យើង​ត្រូវតែ​យក​មក​វែកញែក​បន្ថែម​ទៀត​ផង​ដែរ។ ដោយសារ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល ហើយ​ប្រសិនបើ​អំពើ​បាប​គឺ​ជា​រោគ​ដែល​ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ ដាច់ខាត នោះ​មាន​ន័យ​ថា យើង​ត្រូវតែ​ព្យាបាល​តាម​វិធី​ដោយ​ការ​ប្រើ​ជំនឿ នឹង​ការ​ប្រែចិត្ត។ ទាក់ទង​ទៅ​នឹង​អំពើបាប​ខាង​ឯ​ផ្លូវ​ភេទ​វិញ ការ​កែប្រែ​ដ៏​ពិត​ប្រាកដ​អាច​កើតឡើង​នៅ​ក្នុង​ករណី​ត្រង់​ថា ត្រូវ​តែ​មាន​ការ​បំផ្លាស់​បំប្រែ​ចិត្ត​គំនិត​ដ៏​ពិត—ពោល​គឺ​ដួង​ចិត្ត​របស់​យើង​ត្រូវតែ​មាន​ការ​ផ្លាស់​ប្រែ​ទាំង​ស្រុង។

ការ​ប្រែ​ចិត្ត​មិនមែន​ជា​ការ​ជា​សះស្បើយ​នោះ​ទេ

ការ​ដែល​ដួង​ចិត្ត​របស់​នរណា​ម្នាក់​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​ការ​នោះ​ក៏​នឹង​បណ្ដាល​ឲ្យ​គាត់​កាន់តែ​មាន​ចិត្ត​ផ្លាស់ប្ដូរ​នូវ​ចរិយា​សម្បត្តិ​របស់​គាត់​ផង​ដែរ។ ការ​ទាំង​នេះ​គឺ​មិន​មាន​ភាព​ពាក់ព័ន្ធ​ទៅ​លើ​ការ​ស្អប់​ខ្លួន​ឯង ឬ​ក៏​ការ​មាន​វិប្បដិសារី​លើ​អំពើ​អាក្រក់ ឬ​ក៏​ការ​ឈឺចាប់​ណាមួយ​ដែល​យើង​បាន​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ផ្សេង​នោះ​ទេ ប៉ុន្តែ​ការ​នេះ​គឺ​ជា​ការ​ត្រាស់​ហៅ​ដ៏​ខ្ពង់ខ្ពស់​ជាង​នោះ​ទៅ​ទៀត។ ដួងចិត្ត​ដែល​ពោរពេញ​ទៅ​ដោយ​ការ​បន្លំ និង​ការ​បោកបញ្ឆោត​នៃ​ភាព​អាត្មានិយម​ដែល​វា​តែងតែ​ទាមទារ​ថា «នេះ​ហើយ​គឺ​ជា​របៀប​រស់នៅ​របស់​យើងខ្ញុំ​ ហើយ​និង​ជា​ទំនាក់ទំនង​របស់​យើងខ្ញុំ ហើយ​និង​ការ​រួមភេទ​របស់​យើងខ្ញុំ​ផង​ដែរ។ និយាយ​ទាំង​ស្រុង​ទៅ​គឺ​វា​អាស្រ័យ​ទៅ​លើ​យើងខ្ញុំ​ម្នាក់​តែ​ប៉ុណ្ណោះ»។ ដូច្នេះ​ហើយ អស់អ្នក​ដែល​បាន​ប្រព្រឹត្តិ​អំពើបាប​ខាង​ឯ​ផ្លូវភេទ ដែល​កំពុងតែ​ប្រែ​ចិត្ត ដាច់ខាត គាត់​ត្រូវតែ​លះបង់​នូវ​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ចោល ព្រោះ​សេចក្ដី​ប្រាថ្នា​នោះ​ចង់​គ្រប់​គ្រង​លើ​ខ្លួន​របស់​អ្នក ពោល​គឺ​គាត់​ត្រូវ​តែ​លះបង់​ជីវិត​ចាស់​គាត់​ចោល​ទាំងស្រុង។

សូម​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​បន្ត​លើកឡើង​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ជាង​នេះ​ទៅ​ទៀត​តាម​លទ្ធភាព​ដែល​យើងខ្ញុំ​អាច​ធ្វើ​ទៅ​បាន​ទាក់ទង​ទៅ​នឹង​អំពើបាប​ខាង​ឯ​ផ្លូវភេទ ព្រមទាំង​ការ​ញៀន​មើល​ផង​ដែរ៖ ការ​ជា​សះស្បើយ​មិនមែន​ជា​ការ​ដែល​យើង​កែប្រែ​ចិត្ត​នោះ​ឡើយ ហើយ​ការ​ដែល​យើង​កែប្រែ​ចិត្ត ក៏​​មិនមែន​ជា​ការ​ដែល​យើង​ជា​សះស្បើយ​នោះ​ដែរ។ ការ​កែប្រែ​ចិត្ត​គឺ​មិនមែន​ពឹង​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ដែល​មនុស្ស​យើង​មាន​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​វិធី​ណា​មួយ​ដែល​អាច​ជួយ​យើង​ឲ្យ​កែប្រែ​ចិត្ត​ឡើង​វិញ​ផង​ដែរ។ ការ​ផ្លាស់ប្រែ​ចិត្ត​គឺ​ជា​របៀប​ដែល​ព្រះ​ជាម្ចាស់​ទ្រង់​ធ្វើការ​វះកាត់​ក្នុង​ជីវិត​របស់​យើង ពោល​គឺ​ទ្រង់​មិន​គ្រាន់តែ​បន្ទាប​អស់​អ្នក​ដែល​មាន​បាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះអង្គ​ថែមទាំង​បំផ្លាស់​បំប្រែ​ពួកគាត់ ដើម្បី​ឲ្យ​គេ​អាច​មើល​ឃើញ​ខាង​ក្រៅ​ផង​ដែរ។ ប្រាកដ​ណាស់! ការ​ប្រព្រឹត្ត​អំពើបាប​ខាង​ឯ​ផ្លូវភេទ​ត្រូវ​បាន​បញ្ឈប់ ប៉ុន្តែ​ភរិយា និង​ស្វាមី ពួកគាត់​ទាំងពីរ​អាច​នឹង​និយាយ​លើក​ឡើង​អំពី​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើបាប​ខាង​ឯ​ផ្លូវភេទ​ពី​មុន​ថា «ស្វាមី​របស់​យើងខ្ញុំ​ឥឡូវ​នេះ​គាត់​មាន​ភាព​ខុស​ប្លែក​ពីមុនៗ​ណាស់» ឫ​ក៏ «ភរិយា​របស់​យើងខ្ញុំ​ឥឡូវ​នេះ​នាង​មាន​ភាព​ខុសប្លែក​ពីមុនៗ​ណាស់»។

នៅ​ក្នុង​ការ​កែ​ប្រែចិត្ត អស់​អ្នក​ដែល​ប្រព្រឹត្តិ​បាប​ខាង​ឯ​ផ្លូវភេទ​បាន​ទទួល​ស្គាល់​ថា គាត់​បាន​ប្រព្រឹត្តិ​បទល្មើស​ទាស់​ប្រឆាំង​នឹង​ក្រិត្យវិន័យ​របស់​ព្រះ​ជាម្ចាស់ ហើយ​គាត់​គឺ​ពិត​ជា​ស័ក្ដិសម​នឹង​ទទួល​ការ​កាត់ទោស​ពី​ទ្រង់​នៅ​កន្លែង​កាត់​ក្ដី​របស់​ព្រះ​ជាម្ចាស់​ផង​ដែរ។ អស់​អ្នក​ដែល​បាន​ប្រព្រឹត្តិ​អំពើបាប​ខាង​ឯ​ផ្លូវភេទ​នឹង​ទទូច​ដោយ​ស្រែក​អង្វរ​សុំ​សេចក្ដី​មេត្តា​ករុណា ដោយ​ទទួល​ស្គាល់​ថា គាត់​អាច​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​នោះ​គឺ​អាស្រ័យ​លើ​បំណង​ព្រះ​ហឫទ័យ​នៃ​សេចក្ដី​សប្បុរស​របស់​ព្រះ​ជាម្ចាស់​តែ​ប៉ុណ្ណោះ។ យោង​តាម​ព្រះ​គម្ពីរ ការ​កែប្រែ​ចិត្ត​មិនមែន​គ្រាន់តែ​ជា​ការ​លះ​អាល័យ​នូវ​ចរិយា​សម្បត្តិ​ខាង​ឯ​ផ្លូវភេទ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​លះ​អាល័យ​នូវ​និស្ស័យ​សាច់ឈាម លោកីយ៍ វិញ្ញាណ​អារក្ស​អសោច​ចោល​ទាំង​ស្រុង​តែម្ដង។

នៅ​ក្នុង​ការ​កែប្រែ​ចិត្ត អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើបាប​ខាង​ឯ​ផ្លូវភេទ​នឹង​ងាក បែរ​ចេញ​ពី​ការ​ព្យាយាម​សង្វាត​ដោយ​ស្វែងរក​ដោយ​ខ្លួន​ឯង ក៏​ដូចជា​ការ​ជឿ​លើ​ទុកចិត្ត​លើ​ខ្លួន​ឯង ហើយ​និង​វិល​បែរ​ត្រឡប់​ទៅ​ទុកចិត្ត​លើ​ព្រះ​ជាម្ចាស់​របស់​ពួកគាត់​វិញ។ នៅពេល​នោះ គាត់​នឹង​ទទួល​បាន​ការ​ផ្លាស់ប្រែ​នៅ​ក្នុង​ចិត្ត​របស់​គាត់​ផ្ទាល់​ទាំងស្រុង ហើយ​ផង​ដែរ គាត់​ក៏​នឹង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា ចង់​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ជា​អង្គ​គ្រប់គ្រង និង​ធ្វើ​ជា​ម្ចាស់ការ​លើ​ជីវិត​គាត់​ផ្ទាល់ ក៏​ដូច​ជា​ថ្វាយ​នូវ​រាល់​ទាំង​គោលបំណង​ផ្សេងៗ ព្រមទាំង​ថ្វាយ​សិរីល្អ​ទៅ​កាន់​ទ្រង់​ផង​ដែរ។ ឫ​ក៏​អាច​និយាយ​ម្យ៉ាង​វិញ​ទៀត​ថា គាត់​នឹង​ទទួល​បាន​នូវ​ដួងចិត្ត​ថ្មី​ស្រឡាង ដែល​គាត់​នឹង​មាន​សេចក្ដី​ប្រាថ្នា​ចង់​បាន​ឲ្យ​មាន​ជីវិត​ខាង​ឯ​ព្រលឹង​វិញ្ញាណ ព្រមទាំង​ទំនាក់ទំនង និង​ការ​រួមភេទ​ដែល​សមស្រប​ទៅ​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ជាម្ចាស់ ពោល​គឺ​ការ​សង្វាត​ដេញ​តាម​សេចក្ដី​បរិសុទ្ធ ដ្បិត «បើ​អ្នក​ណា​គ្មាន​សេចក្ដី​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះ​អម្ចាស់​ឡើយ»។ (ហេព្រើរ ១២:១៤)

សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​មាន​ជីវិត

ការ​កែប្រែ​ចិត្ត​គឺ​ជា​ការ​ស្លាប់។ នៅ​ពេល​ដែល​អស់​អ្នក​ដែល​ប្រព្រឹត្តិ​អំពើបាប​ខាង​ឯ​ផ្លូវភេទ​មាន​ការ​កែប្រែ​ចិត្ត នោះ​មាន​ន័យ​ថា ខ្លួន​គាត់​ផ្ទាល់​បាន​ស្លាប់​ហើយ បន្ទាប់មក​ព្រះ​ជាម្ចាស់​បាន​ចាប់ផ្តើម​សោយរាជ្យ​នៅ​ក្នុង​ជីវិត​របស់​គាត់។ វា​លើស​ជាង​ពី​ការ​ដែល​គាត់​គ្រាន់តែ​លះបង់​ការ​ប្រព្រឹត្ត​បាប​ខាង​ឯ​ផ្លូវភេទ​ចោល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ចុះចូល​នូវ​រាល់​គ្រប់​ចំណុច​នៃ​ជីវិត​របស់​គាត់​ក្រោម​អំណាច​ព្រះ​ជាម្ចាស់។

នៅ​ក្នុង​ឆាក​ជីវិត​របស់​យើង​រាល់​គ្នា អំពើបាប​នៅ​តែ​បន្ត​​មាន​វត្ត​មាន​នៅ​ជិត​យើង​ជានិច្ច។ ប៉ុន្តែ តាមរយៈ​ការ​កែប្រែ​ចិត្ត​ដ៏​ពិត នោះ​ជីវិត​របស់​អស់​អ្នក​ដែល​ប្រព្រឹត្តិ​អំពើបាប​នឹង​លែង​មាន​ការ​គ្រប់គ្រង​ពី​អំណាច​នៃ​ការ​គ្រប់គ្រង​ពី​អំពើបាប​ទៀត​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ គឺ​គាត់​មាន​ការ​ហ៊ុំ​គ្រង​ពី​ព្រះ​ជាម្ចាស់​ដោយ​ចុះចូល​ស្តាប់​បង្គាប់​ទ្រង់​វិញ។

ការ​កែប្រែ​ចិត្ត​ដ៏​ពិត​នឹង​បង្កើត​ផលផ្លែ ដែល​នោះ​គឺ​វា​មាន​ការ​លើស​ពី​សេចក្ដី​ប្រាកដ​ប្រជា និង​ភាព​នឹងធឹង​ទៅទៀត។ វា​នឹង​ផ្លាស់ប្រែ​ដោយ​មាន​ការ​ចាប់ផ្តើម​ពី​ខាង​ក្នុង​ចេញ​មក​ខាង​ក្រៅ។ វា​មិនមែន​គ្រាន់តែ​មាន​ការ​ផ្លាស់ប្រែ​នូវ​អាកប្បកិរិយា ឫ​ក៏​ឥរិយាបថ​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់ គឺ​នឹង​មាន​ការ​ចាប់ផ្ដើម​ដំណើរការ​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​រាល់​គ្រប់​ទាំង​ចំណុច​នៃ​ជីវិត​របស់​គាត់​ទាំង​ស្រុង។ បុរស ឬ​ក៏​ស្ត្រី​ម្នាក់ ពួកគេ​នឹង​មាន​ជីវិត​ខុសប្លែក​ជាង​មុន។

ហើយ​ការ​បំផ្លាស់បំប្រែ​ចិត្ត​មួយ​នេះ នឹង​នាំ​ឲ្យ​មាន​ការ​បំផ្លាស់បំប្រែ​ក្នុង​ទំនាក់ទំនង​នានា​ផង​ដែរ។ គាត់​បាន​ក្លាយ​ជា​ស្វាមី​ដែល​ខុស​ប្លែក​ពីមុនៗ ឫ​ក៏​នាង​បាន​ក្លាយ​ជា​ភរិយា​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពីមុនៗ។ ទាក់ទង​នឹង​ទំនាក់ទំនង​អំពើបាប​ខាង​ឯ​ផ្លូវភេទ បាន​រុះរើ​បំផ្លាញ​ចោល នោះ​ផលផ្លែ​នៃ​ការ​កែប្រែ​ចិត្ត​នឹង​ចាប់ផ្ដើម​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​នោះ​ជា​សារ​ជាថ្មី​ម្ដងទៀត ខណៈពេល​រាល់​បុគ្គល​នីមួយៗ រាប់​អ្នក​ដទៃ​ថា សំខាន់​ជាង​ខ្លួន​ឯង (ភីលីព ២:៣)។

និពន្ធ​ដោយ៖ លោក​គ្រូ Harry Schaumburg
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា យ៉ុន សាឯម
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ក្ដី​មេត្តា​ករុណា

ជឿ​លើ​ព្រះ​គ្រីស្ទ