in

បុរស​មើកៗ

បុរស​ទី២

ផ្លូវ​គេចចេញ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ចេញ​ពី​រឿង​មនុស្ស​បី​នាក់​ដែល​ប៉ង​ធ្វើ​ជា

​សិស្ស​របស់​ព្រះ​យេស៊ូវ តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​សំឡេង​ដទៃ​មាន​អាទិភាព​ជាង​ការ​ត្រាស់ហៅ​របស់​ព្រះ​គ្រីស្ទ​វិញ។ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មក​តាម​ខ្ញុំ អ្នក​នោះ​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន តែ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ មាន​ម្នាក់​ទៀត​ទូល​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ (លូកា ៩:៥៧-៦២)។

មាន​បុរស​បី​នាក់​បាន​មក​ជួប​ព្រះ​យេស៊ូវគ្រីស្ទ​ដោយ​ផ្ទាល់ តែ​អ្នក​និពន្ធ​កណ្ឌគម្ពីរ​លូកា​មិន​បាន​ប្រាប់​ឈ្មោះ​ពួក​គេ​ទេ។ ពួក​គេ​មាន​គំនាប​សង្កត់​នៅក្នុង​ចិត្ត​ក្នុង​ការ​ដើរតាម​ទ្រង់។ ប៉ុន្តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​រឿង​ផ្សេង​ទៀត​ចូល​មក​ជ្រៀតជ្រែក​ព្រលឹង​របស់​ខ្លួន និង​ការ​ថ្វាយខ្លួន​ទាំង​ស្រុង​ចំពោះ​ទ្រង់។

បុរស​ទី​ពីរ យើង​អាច​ឲ្យ​ឈ្មោះ​ថា​បុរស​មើកៗ។ គាត់​មិន​បាន​ស្ម័គ្រចិត្ត​ដូច​បុរស​ទីមួយ​ទេ ក៏​ប៉ុន្តែ​ព្រះ​សង្គ្រោះ​បាន​ហៅ​គាត់​ឲ្យ​តាម​ទ្រង់​វិញ។ ចម្លើយ​របស់​គាត់​មិន​បាន​ប្រកែក​ទាំងស្រុង​នោះ​ទេ។ នេះ​មិន​មែន​មាន​ន័យ​ថា គាត់​មិន​ចាប់​អារម្មណ៍​នឹង​ដើរ​តាម​ព្រះ​អម្ចាស់​ទាល់តែសោះ​នោះ​ទេ ក៏ប៉ុន្តែ​មាន​ការ​មួយ​ដែល​គាត់​ចង់​ធ្វើ​ជា​មុន​សិន។ ហើយ​ការ​នោះ​គឺជា​អំពើបាប​ដ៏​ធំ​របស់​គាត់។ គាត់​បាន​ឲ្យ​អាទិភាព​លើ​ការ​អះអាង​របស់​គាត់​ខ្ពស់ជាង​ការ​អះអាង​របស់​ព្រះ​គ្រីស្ទ​ទៅ​ទៀត។ សូម​កត់សម្គាល់​ចម្លើយ​របស់​គាត់៖ «ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន»។ ​ការ​ដែល​កូន​ត្រូវ​គោរព​ឪពុកម្ដាយ គឺ​ជា​ការ​ស័ក្ដិ​សម​ណាស់។ ប្រសិនបើ​ឪពុក​របស់​គ្រីស្ទបរិស័ទ​ម្នាក់​បាន​បាត់បង់​ជីវិត នោះ​ការ​រៀបចំ​បញ្ចុះ​សព​ឪពុក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​របៀប​គ្រីស្ទបរិស័ទ មិន​មែន​ជា​រឿង​ដែល​ខុស​ទេ។ ប៉ុន្តែ​ការ​ដែល​គួរសម​ដ៏​ពេញមុខ​ពេញ​មាត់​ក្នុង​ជីវិត​នោះ​នឹង​ក្លាយ​ទៅ​ជា​អំពើបាប​យ៉ាង​ជាក់​ស្ដែង នៅ​ពេល​ដែល​ការ​ទាំង​នោះ​ដណ្ដើម​យក​អាទិភាព​ចម្បង​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​អម្ចាស់យេស៊ូវ។ ភាពលោភលន់​ដ៏​ពិត​របស់​បុរស​ម្នាក់​នេះ ក៏បាន​បង្ហាញ​ចេញ​តាមរយៈ​សំណូមពរ​ដ៏​ត្រង់ៗ​របស់​គាត់​ដូច​នេះ​ថា៖ «ព្រះអម្ចាស់​អើយ…ទូលបង្គំ…សិន»។ ពាក្យពេចន៍​ផ្សេង​ទៀត​ដែល​គាត់​បាន​និយាយ គ្រាន់តែ​ជា​ពាក្យ​ដើម្បី​បិទបាំង​នូវ​បំណង​ប្រាថ្នា​ដែល​ទុក​ខ្លួន​ឯង​សំខាន់​ជាង​អ្វីៗ​ផ្សេង​ទៀត។

វាហាក់បីដូចជា​គាត់​មិន​ដឹង​ខ្លួន​សោះ​ពេល​គាត់​ថា «ព្រះអម្ចាស់​អើយ… ទូលបង្គំ…សិន»។ ពាក្យ​ដូច​នេះ​ជា​ពាក្យ​ផ្ដេសផ្ដាស​ខុស​នឹង​សីលធម៌ ហើយ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ប្រសិនបើ​ព្រះ​គ្រីស្ទ​ពិតជា​ព្រះ​អម្ចាស់​មែន នោះ​ទ្រង់​ត្រូវ​មាន​អាទិភាព​ចម្បង​ក្នុង​ជីវិត​យើង។ ប្រសិនបើ​សព្វនាមបុរិសៈ «ខ្ញុំ» នៅ​លើ​រាជបល្ល័ង្ក នោះ​មាន​ន័យ​ថា យើង​លែង​ឲ្យ​ព្រះ​គ្រីស្ទ​កាន់កាប់​អំណាច​លើ​យើង​ទៀត​ហើយ។

បុរស​មើកៗ មាន​ការ​ងារ​ដែល​គាត់​ត្រូវ​ធ្វើ ហើយ​ទុក​អាទិភាព​ការ​ងារ​នេះ​ជា​ចម្បង។ ដូច្នេះ វា​ស័ក្ដិ​សម​ណាស់​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅកាន់​គាត់​ថា៖ «ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ» យើង​អាច​ពន្យល់​ពាក្យ​របស់​ទ្រង់​ដូច​នេះ​ថា៖ «មាន​ការ​ខ្លះ មនុស្ស​ដែល​ស្លាប់​ខាងឯវិញ្ញាណ​ក៏​អាច​ធ្វើ​បាន​ដូច​អ្នក​ជឿ​ផង​ដែរ។ ប៉ុន្តែ​មាន​ការ​ខ្លះ​ទៀត មាន​តែ​អ្នក​ជឿ​ទេ​ដែល​អាច​ធ្វើ​បាន។ ត្រូវដឹងថា លោក​មិន​ចាំបាច់​ចំណាយ​ជីវិត​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​ដែល​អ្នក​មិន​ជឿ​អាច​ធ្វើ​បាន​នោះ​ទេ។ ចូរ​ទុក​ឲ្យ​មនុស្ស​ដែល​ស្លាប់​ខាងឯវិញ្ញាណ​កប់​សព​ខាង​ឯ​សាច់ឈាម​គេ​ទៅ​ចុះ។ ប៉ុន្តែ​ចំពោះ​លោក​ផ្ទាល់ ចូរ​ធ្វើ​ជា​អ្នក​ផ្ដល់​ប្រយោជន៍​សម្រាប់​ខ្ញុំ​វិញ។ ចូរ​យក​បុព្វហេតុ​របស់​ខ្ញុំ​ទុកជា​គោលបំណង​ចម្បង​របស់​លោក​ចុះ ដើម្បី​ឲ្យ​នគរ​ខ្ញុំ​បាន​រីកចម្រើន​ឡើង​នៅ​លើ​ផែនដី​នេះ»។

មើលទៅ ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ហាក់បីដូចជា​ថ្លៃ​ហួសហេតុ​ពេក​សម្រាប់​បុរស​មើកៗ។ តាំង​ពី​ពេល​នោះ​មក គាត់​បាន​បាត់​មុខ​ពី​ឆាក​នៃ​ប្រវត្តិសាស្ត្រ​សូន្យ​ឈឹង។

ប្រសិនបើ​បុរស​ទី​មួយ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ថា សម្ភារៈ​កម្សាន្តចិត្ត​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ នោះ​យើង​ក៏​អាច​និយាយ​ដែរ​ថា ​បុរស​ទី​ពីរ​បាន​ឲ្យ​អាទិភាព​ខ្ពស់​ទៅ​លើ​ការ​ងារ​ជាង​ការ​ធ្វើ​ជា​គ្រីស្ទបរិស័ទ។
បើ​លោក​អ្នក​មាន​ការ​ងារធ្វើ នោះ​មិនមែន​ជា​ការ​ខុសឆ្គង​ទេ ព្រោះ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​គឺ​ចង់​ឲ្យ​យើង​ធ្វើការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ខ្លួន​និង​គ្រួសារ។ ប៉ុន្តែ ជីវិត​នៃ​ភាព​ជាសិស្ស​ដ៏​ពិត​ទាមទារ​ការ​ស្វែងរក​នគរ​របស់​ព្រះ​ជាម្ចាស់ និង​សេចក្ដីសុចរិត​របស់​ទ្រង់​ជា​អាទិភាព​ចម្បង​បំផុត។ ហើយ​ជីវិត​នៃ​ភាព​ជាសិស្ស​ក៏​ទាមទារ​ឲ្យ​អ្នក​ជឿ​កុំ​ចំណាយ​ជីវិត​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​មិន​ជឿ​អាច​ធ្វើ​បាន​ដូច​គ្នា ឬ​ក៏​ល្អ​ជាង​ទៅ​ទៀត​នោះ​ឡើយ។ ដូចគ្នានេះដែរ មូលហេតុ​នៃ​ការ​ធ្វើ​ការ​ងារ​គឺ​គ្រាន់តែ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ។ ឯ​ការ​ងារ​ដ៏​ចម្បង​បំផុត​របស់​គ្រីស្ទបរិស័ទ​គឺ​ការ​ផ្សាយ​ពី​នគរ​របស់​ព្រះ​ជាម្ចាស់។

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ជ័យជម្នះ​លើស​​អ្នក​មាន​ជ័យជម្នះ!

ចូរ​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស!