in

ហេតុ​ផល​៧យ៉ាង​ដែល​​មិន​គួរ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​អាសអាភាស

Seven Reasons You Should Not Indulge in Pornography

បច្ចុប្បន្ន​នេះ រូប​ភាព​អាសអាភាស​ពិតជា​ទទួល​បាន​នូវ​ភាព​ទាក់ទាញ​ពី​សំណាក់​អ្នក​មើល​គ្រប់​ស្រទាប់​វណ្ណៈ​យ៉ាង​ខ្លាំង។ មិន​ត្រឹម​តែ​មនុស្ស​ពេញ​វ័យ ឬ​ក៏​ក្មេង​ជំទង់​ដែល​ពួកគេ​តែងតែ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​អាសអាភាស​ទាំង​នោះ​ទេ សូម្បីតែ​អ្នក​ដែល​បាន​តាំង​ខ្លួន និង​បាន​ហៅ​ខ្លួន​ឯង​ថា ជា​គ្រីស្ទ​បរិស័ទ ក៏​បាន​នាំ​គ្នា​មើល​រូប​ភាព​ទាំង​អស់​នោះ​ដែរ។ នៅ​ត្រង់​ឃ្លា​ដែល​ថា៖ «បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​អាសអាភាស» នេះ គឺ​ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ប្រព្រឹត្ត​នូវ​អំពើ​បាប​ក្នុង​បំណង​ទទួល​បាន​ភាព​អរសប្បាយ​តាមរយៈ​រូបភាព ឬ​វីដេអូ​ដែល​ទាក់ទង​នឹង​រឿង​អាសអាភាស ឬ​ក៏​រូប​ភាព​អាក្រាត ក៏​ដូចជា​ការ​បង្ហាញ​ភាព​លេច​លើ​លេច​ក្រោម ដែល​បង្កើត​ឲ្យ​មាន​អារម្មណ៍​ស្រើបស្រាល និង​មាន​តម្រេក​ក្នុង​ការ​រួម​ដំណេក​ជា​ដើម។ បញ្ហា​ចម្បង និង​ជា​ដើម​ចម​នៃ​បញ្ហា​នេះ​គឺ បណ្តាល​មក​ពី​ភាព​ទូលំទូលាយ​នៃ​បច្ចេកវិទ្យា ការ​ជឿន​លឿន​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​រូបភាព​អាសអាភាស ក៏​ដូច​ជា​វីដេអូ​ដែល​បង្ហាញ​ពី​ការ​រួម​ភេទ​ពី​គេហទំព័រ​ផ្សេងៗ។

ឯកសារ​នេះ បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ចង់​ឲ្យ​លោកអ្នក​ចេះ​បដិសេធ​នឹង​ការ​មើល​រូប​ភាព​អាសអាភាស​ទាំង​នោះ ដោយ​ពឹង​ផ្អែក​លើ​ព្រះគុណ​របស់​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង។ យ៉ាង​ណា​មិញ ឯកសារ​នេះ​ពុំ​បាន​បកស្រាយ​លម្អិត​អំពី​របៀប ឬ​វិធីសាស្ត្រ​នៃ​ការ​តយុទ្ធ​ក្នុង​ការ​មើល​រូប​ភាព​អាសអាភាស​នោះ​ទេ ដោយ​ហេតុ​ថា​មាន​អត្ថបទ និង​ឯកសារ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​មាន​បង្ហាញ​ពី​វិធី​តយុទ្ធ​នេះ​យ៉ាង​លម្អិត។ គោល​បំណង​ដ៏​ពិត​របស់​យើង​ខ្ញុំ​តាមរយៈ​ឯកសារ​មួយ​នេះ គឺ​ចង់​លើក​ទឹកចិត្ត​ លោកអ្នក​បងប្អូន កុំ​ឲ្យ​ចុះ​ចូល ឬ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​អាសអាភាស​ទាំង​នោះ​ឡើយ។ ជា​ពិសេស គឺ​ចង់​លើក​ទឹក​ចិត្ត​ដល់​លោកអ្នក​ដែល​ចុះចូល​ ឬ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ទាំង​នោះ​ម្តង​ហើយ​ម្តង​ទៀត ក៏​ដូច​ជា​អ្នក​ដែល​ពុំ​បាន​កែ​ប្រែ​ចិត្ត ឬ​ព្យាយាម​កែ​ទម្លាប់​ក្នុង​ភាព​ត្រេក​ត្រអាល​នៃ​កាមតណ្ហា ឬ​ចំណង់​នៃ​អំពើ​បាប​របស់​ខ្លួន​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​អត្ថបទ​នេះ​បាន​ប៉ះ​ពាល់​ចិត្ត​លោកអ្នក​ ហើយ​មាន​អារម្មណ៍​ថា វា​ពិពណ៌នា​អំពី​លោកអ្នក។ ដូច្នេះ​ឯក​សារ​មួយ​នេះ​ពិត​ជា​ជំនួយ​ដ៏​ល្អ​សម្រាប់​លោកអ្នក​មែន។ ឯក​សារ​នេះ ប្រៀប​ដូច​ជា​យើង​ខ្ញុំ​ផ្ទាល់​កំពុង​មាន​វត្តមាន​ចាំ​ជួយ​បង្វែរ ការពារ និង​ចាំ​ជួយ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ទាំង​ទឹក​ភ្នែក​ថា៖ «ចូរ​ភ្ញាក់​ឡើង! តើ​លោកអ្នក​បាន​ដឹង​ពី​លទ្ធផលនៃការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​អាសអាភាស​ដែរ​ឬទេ?»

ខាង​ក្រោម​នេះ គឺ​ជា​ហេតុផល​ប្រាំពីរ​យ៉ាង​ដែល​យើង​ខ្ញុំ មាន​បំណង​ចង់​លើក​ទឹក​ចិត្ត​ដល់​លោកអ្នកថា ​កុំ​ឲ្យ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​អាសអាភាស៖

១.​ ការ​បណ្តោយ​ខ្លួន​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នឹង​បណ្តាល​ឲ្យ​លោកអ្នក​ធ្លាក់​នរក

សេចក្តី​អត្ថាធិប្បាយ​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ ព្រះ​អង្គ​មាន​បន្ទូល​អំពី​សេចក្តី​តម្រេក​ស្រើបស្រាល​ក្នុង​កាមតណ្ហា​ថា៖

«អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សម្ដែង​ពី​ដើម​ថា «កុំ​ផិត​ឲ្យ​សោះ» ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ បើ​ភ្នែក​ស្ដាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជាជាង​ឲ្យ​រូបកាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​នរក ហើយ​បើ​ដៃ​ស្ដាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជាជាង​ឲ្យ​រូបកាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរ​ក» (ម៉ាថាយ ៥:២៧-៣០)។

ព្រះ​អម្ចាស់​បាន​កាត់​ស្រាយ​នូវ​អត្ថន័យ​នៃ​ពាក្យ​បម្រាម​ថា «កុំ​ផិត​ឲ្យ​សោះ» ប្រកប​ដោយ​អំណាច​ចេស្ដា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បម្រាម​នេះ​មិន​គ្រាន់​តែ​ហាម​លោកអ្នក​មិន​ឲ្យទៅ​លួច​ប្រពន្ធ​អ្នក​ដទៃប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ហាម​លោកអ្នក​កុំ​ឲ្យ​មាន​តម្រេក​ស្រើបស្រាល​ក្នុង​កាមតណ្ហា​ផង​ដែរ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ការ​មើល​ឃើញ​ស្ត្រី​ណា​ម្នាក់​ដោយ​មាន​ចិត្ត​ចង់​រួម​ដំណេក​ជាមួយ​គឺ​ជា អំពើ​បាប។ ដូច្នេះ​ហើយ ប្រសិន​បើ​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ នោះ​មាន​ន័យ​ថា​ លោកអ្នក​កំពុង​ប្រព្រឹត្ត​អំពើ​បាប​ហើយ។

បន្ទាប់​មក​ព្រះអម្ចាស់​បាន​សន្និដ្ឋាន​ដោយ​សម​ហេតុ​ផល​ថា៖ «ដោយ​សារ​ការ​មើល​ស្ត្រី​ណា​ម្នាក់ ហើយ​មាន​តម្រេក​ចង់​រួម​ដំណេក​ជាមួយ​នាង​ជា​អំពើ​បាប ហេតុដូច្នេះ​ហើយ លោកអ្នក​ត្រូវ​តែ​ខ្វេះ​ភ្នែក​នោះ​ចោល ​បើ​វា​បណ្តាល​ឲ្យ​លោកអ្នក​ធ្វើ​បាប។ ហើយ​លោកអ្នក​ក៏​គួរ​តែ​កាត់​ដៃស្តាំ​របស់​ខ្លួន​ចោល​ដែរ ប្រសិនបើ​វា​បណ្តាល​ឲ្យ​លោកអ្នក​ធ្វើ​បាប​នោះ»។ ព្រះអម្ចាស់​បាន​គាំទ្រ​សេចក្តី​សន្និដ្ឋាន​របស់​ទ្រង់​ដោយ​មាន​ហេតុ​ផល​យ៉ាង​សម​ស្រប​ គឺ​ដែល​បាត់​បង់​ភ្នែក ឬ​ក៏​ប្រដាប់​ភេទ​នោះ​ប្រសើរ​ជាង​ឲ្យ​រូបកាយ​ទាំង​មូល​របស់​លោកអ្នក​ធ្លាក់​ទៅ​ក្នុង​នរក។

ចំពោះ​មនុស្ស​ដែល​បណ្តោយ​ខ្លួន​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ឥត​ឈប់ឈរ មើល​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ពុំ​មាន​ការ​កែ​ប្រែ​ចិត្ត នោះ​នឹង​ត្រូវ​ធ្លាក់​នរក​ជា​ប្រាកដ។ ភស្តុតាង​មួយ​ដែល​បង្ហាញ​ថា លោកអ្នក​មាន​ជំនឿ​លើ​ព្រះយេស៊ូវ គឺ​ត្រង់​ថា លោកអ្នក​កំពុងតែ​តយុទ្ធ​នឹង​សេចក្តី​ស្រើបស្រាល​នោះ។ ការ​បណ្តោយ​ខ្លួន​ទៅ​ប្រឡូកប្រឡាក់​នឹង​រឿង​អាសអាភាស គឺ​ជា​អំពើ​បាប​ដែល​ទាក់ទង​នឹង​សេចក្តី​កំផិត៖

«ឯ​សេចក្តី​កំផិត សេចក្តី​ស្មោកគ្រោក​គ្រប់​យ៉ាង និង​សេចក្តី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ ព្រមទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំកួត និង​ពាក្យ​កំប្លែង ដែល​សេចក្តី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ ស៊ូ​ពោល​តែ​ពាក្យ​សម្រាប់​អរ​ព្រះគុណ​វិញ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​មនុស្ស​កំផិត ឬ​ស្មោកគ្រោក ឬ​លោភ គឺ​ជា​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ ដែល​នឹង​គ្រង​មរតក​ក្នុង​នគរ​នៃ​ព្រះគ្រីស្ទ ហើយ​នៃ​ព្រះ​ផង​បាន​ឡើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នោះ បាន​ជា​សេចក្តី​ក្រោធ​របស់​ព្រះ បាន​មក​លើ​មនុស្ស​រឹង​ចចេស» (អេភេសូរ ៥:៣-៦)។

«តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មរតក​បាន​ទេ​ឬ? សូម​កុំ​ច្រឡំ​ឲ្យ​សោះ! ពួក​សហាយស្មន់ ពួក​ថ្វាយបង្គំ​រូប​ព្រះ ពួក​ផិត​ក្បត់ ពួក​ប្រុស​ពេស្យា ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ចោរ ពួក​លោភលន់ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​បោក​ប្រាស់ នោះ​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មរតក​បាន​ឡើយ។ ពី​ដើម​អ្នក​រាល់​គ្នា​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ តែ​ព្រះ​បាន​លាង​សម្អាត​អ្នក​រាល់​គ្នា បាន​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ បាន​រាប់​អ្នក​រាល់​គ្នា​ជា​សុចរិត ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ដោយ​សារ​ព្រះវិញ្ញាណ​នៃ​ព្រះ​របស់​យើង​រួច​ហើយ» (១កូរិនថូស ៦:៩-១១ គកស)។

មួយ​វិញ​ទៀត អស់​អ្នក​ដែល​បាន​បណ្តោយ​ខ្លួន​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស ក៏​រាប់​បញ្ចូល​ជា «មនុស្ស​កំផិត» ផង​ដែរ។ យើង​ក៏​អាច​បក​ស្រាយ​នូវ​កណ្ឌ​គម្ពីរ ១កូរិនថូស ៦:៩-១០ ថា៖ «ចូរ​កុំ​គិត​ថា​ខ្លួន​អាច​រស់​នៅ ហើយ​គេច​ចេញ​ផុត​ពី​អំពើ​បាប​ដោយ​គ្មាន​ការ​ផ្លាស់​ប្រែ​ចិត្ត​ឡើយ​ និង​សូម​កុំ​គិត​ថា ​លោកអ្នក​អាច​បន្ត​រស់​នៅ​ក្នុង​លក្ខណៈ​បែប​នេះ ហើយ​អាច​រស់​នៅ​ក្នុង​នគរ​របស់​ព្រះ​ជាម្ចាស់​បាន​ឡើយ។ ការ​រស់​នៅ​ក្នុង​អំពើ​បាប ដោយ​ពុំ​មាន​ការ​កែ​ប្រែ​ចិត្ត ពិត​ជា​ពុំ​ស័ក្តិសម ហើយ​នេះ​មិន​មែន​ជា​លក្ខណ​សម្បត្តិ​នៃ​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​ឡើយ»។

ឯ​កណ្ឌ​គម្ពីរ ១កូរិនថូស ៦:១១ គឺ​ជា​រាជសារ​​​ក្រើន​រំឭក​ដល់​កូន​របស់​ព្រះ​ថា៖ «ពី​ដើម ពួក​គាត់​មិន​មែន​ល្អ​ប្រសើរ​ជាង​អ្នក​ដែល​មិន​ជឿ​ប៉ុន្មាន​នោះ​ទេ។ រាល់​អំពើ​បាប​ដែល​អ្នក​មិន​ជឿ​បាន​ប្រព្រឹត្ត​ក៏​សុទ្ធ​តែ​ជា​អំពើ​បាប​ដែល​អ្នក​ជឿ​ធ្លាប់​ប្រព្រឹត្ត​ដែរ គឺ​នៅ​មុន​ពេល​ដែល​ព្រះ​អម្ចាស់​សង្គ្រោះ​ពួកគេ។ ជា​ការ​ពិត​ណាស់ រាល់​អ្វីៗ​ដែល​កណ្ឌ​គម្ពីរ ១កូរិនថូស ៦:៩-១០ បាន​លើក​ឡើង គឺ​ជា​ការ​ឆ្លុះ​បង្ហាញ​ពី​មនុស្ស​មាន​បាប ក៏​ដូច​ជា​រៀប​រាប់​ពី​អ្វី​ដែល​គ្រីស្ទ​បរិស័ទ​បាន​ប្រព្រឹត្ត​ដែរ។ ភាព​ខុស​គ្នា​តែ​មួ​យ​រវាង​អ្នក​ជឿ និង​អ្នក​មិន​ជឿ​នោះ​ត្រង់​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​អន្តរាគមន៍៖ ព្រះ​អង្គ «បាន​លាង» លោកអ្នក​ឲ្យ​ស្អាត​ពី​ជីវិត​រស់​នៅ​ដ៏​ទុច្ចរិត ហើយ​បាន​អត់​ទោស​បាប​របស់​លោកអ្នក។ ទ្រង់​ក៏ «បាន​ញែក» លោកអ្នក «ជា​បរិសុទ្ធ» ដើម្បី​ឲ្យ​លោកអ្នក​ធ្វើ​ជា​រាស្ត្រ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ដែរ​ ហើយ​រាស្ត្រ​នោះ គឺ​ជា​ព្រះ​វិហារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ (១កូរិនថូស ៣:១៦-១៧)។ ព្រះ​អម្ចាស់​ក៏​បាន​រាប់​លោកអ្នក​ជា «សុចរិត» ដោយ​ប្រកាស​តាម​ផ្លូវ​ច្បាប់​ថា លោកអ្នក​ជា​មនុស្ស​សុចរិត។

យ៉ាង​ណា​មិញ ចូរ​កុំ​គិត​ថា ​វា​ជា​រឿង​តូច​តាច​ឲ្យ​សោះ ក្នុង​ការ​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នោះ។ ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ៦:៩-១០ ក៏​បាន​បក​ស្រាយ​យ៉ាង​ច្បាស់​ដែរ​ថា មនុស្ស​មាន​បាប​ដែល​បាន​រៀប​រាប់​ក្នុង​កណ្ឌ​គម្ពីរ គឺ​តំណាង​ឲ្យ​ប្រភេទ​មនុស្ស​ដែល​ពុំ​មែន​ជា​រាស្ត្រ​ក្នុង​នគរ​របស់​ព្រះ​អម្ចាស់​ទេ។ ជាង​នេះ​ទៅ​ទៀត លោកអ្នក​ពុំ​អាច​ហៅ​ខ្លួន​ឯង​ថា​ជា​គ្រីស្ទ​បរិស័ទ​បាន​ឡើយ ប្រសិន​បើ​លោកអ្នក​នៅ​តែ​បណ្តោយ​ខ្លួន​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ជា​បន្ត​បន្ទាប់​នោះ។ ការ​ដែល​គ្រីស្ទ​បរិស័ទ​ប្រព្រឹត្ត​បាប គឺ​ជា​ការ​ពិត ប៉ុន្តែ​គ្រីស្ទ​បរិស័ទ​គឺ​ជា​មនុស្ស​ដែល​ចេះ​លន់​តួ​បាប ហើយ​កែ​ប្រែ​ចិត្ត​គំនិត។ ដូច្នេះ ចូរ​លោកអ្នក​ទទួល​យក​លក្ខណៈ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​លោកអ្នក បាន​លាង​សម្អាត បាន​ញែក​ជា​បរិសុទ្ធ និង​បាន​រាប់​ជា​សុចរិត​ចុះ។

លើស​ពី​នេះ​ទៅ​ទៀត ការ​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នោះ​គឺ​ជា អំពើ​បាប​ដែល​ក្បត់​នឹង​ព្រះ​ជាម្ចាស់ ហើយ​ជីវិត​អស់កល្ប​របស់​លោកអ្នក​គឺ​កំពុង​តែ​ប្រឈម​មុខ​នឹង​ហានិភ័យ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ព្រះយេស៊ូវ​មាន​បន្ទូល​ថា​៖ «មាន​ពរ​ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​នោះ​នឹង​បាន​ឃើញ​ព្រះ» (ម៉ាថាយ ៥:៨)។ មាន​តែ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ​ដែល​អាច​មើល​ឃើញ​ព្រះ​ជាម្ចាស់​បាន។ បើ​លោកអ្នក​នៅ​តែ​បណ្តោយ​ខ្លួន​មើល​រូប​ភាព​អាសអាភាស​ នោះ​មាន​ន័យ​ថា ​លោកអ្នក​ពុំ​មាន​ចិត្ត​បរិសុទ្ធ​ឡើយ។ យើងខ្ញុំ​កំពុង​តែ​បន្លាច​លោកអ្នក​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ស្ថាន​នរក។ តើ​លោកអ្នក​ជឿ​ទេ​ថា​ បើ​លោកអ្នក​គ្រាន់​តែ​បណ្តោយ​ខ្លួន​មើល​រូប​ភាព​ ឬ​វីដេអូ​អាសអាភាស​បណ្តាល​ឲ្យ​លោកអ្នក​ធ្លាក់​នរក?

សូម​ព្យាយាម​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​តយុទ្ធ​នឹង​ភាព​ស្រើបស្រាល​ក្នុង​កាមតណ្ហា​ ទោះ​បី​ជា​លោកអ្នក​ត្រូវ​ខ្វេះ​គ្រាប់​ភ្នែក​ចោល​ក៏​ដោយ។ ពិត​ប្រាកដ​ណាស់ ការ​ដែល​ខ្វេះ​ភ្នែក​របស់​ខ្លួន​ឯង​ចោល​ពុំ​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ ព្រោះ​ភាពស្រើបស្រាល​ក្នុង​កាមតណ្ហា​ គឺ​ជា​បញ្ហា​ដែល​បណ្តាល​មក​ពី​ចិត្ត ហើយ​ទាក់ទង​នឹង​ការ​គ្រប់​គ្រង​ចិត្ត។ គ្មាន​អាវុធ ឬ​យុទ្ធសាស្ត្រ​ដ៏​ពិត​ប្រាកដ​ណា​មួយ​ដែល​លោកអ្នក​អាច​យក​មក តយុទ្ធ​នឹង​ចម្បាំង​នៃ​កាមតណ្ហា​បាន​ឡើយ។ ដូច្នេះ លោកអ្នក​ត្រូវ​ព្យាយាម​ប្រើ​គ្រប់​យុទ្ធសាស្ត្រ ដើម្បី​យក​ឈ្នះ​វា​ឲ្យ​បាន។ លោកអ្នក​អាច​ប្រើ​កម្ម​វិធី​អេឡិចត្រូនិក ដើម្បី​រារាំង​នូវ​កម្មវិធី​ដែល​មាន​រូប​ភាព​ទាំង​នោះ ឬ​លោកអ្នក​អាច ស្វែង​រក​គ្រូ​គង្វាល​របស់​ខ្លួន ដើម្បី​ឲ្យ​គាត់​ជួយ​មើល​ការ​ខុស​ត្រូវ​ ជួយ​កែ​ជីវិត​របស់​លោកអ្នក ហើយ​និយាយ​ដោយ​ចំហ​អំពី​បញ្ហា​របស់​លោកអ្នក​ទៅ​គាត់។ សូម​លោកអ្នក​ប្រាប់​ខ្លួន​ឯង​ឲ្យ​ជៀស​ឆ្ងាយ​អំពី​គេហទំព័រ​ដែល​នាំ​ឲ្យ​លោកអ្នក​ប្រព្រឹត្តការ​ខុស​ឆ្គង ហើយ​សូម​ប្រើ​រាល់វិធីសាស្ត្រ​ដែល​លោកអ្នក​អាច​នឹង​យក​ជ័យជម្នះ​ដើម្បី​ឲ្យ​លោកអ្នក​យក​ឈ្នះ​សង្គ្រាម​នៃ​ភាព​ស្រើបស្រាល​នេះ​ ហើយ​ជ័យជម្នះ​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​ ពីព្រោះ​លោកអ្នក​អាច​ជៀស​ផុត​ពី​អំពើ​បាប និង​ស្ថាន​នរក។

២. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​ក្នុង​រូបកាយ​របស់​លោកអ្នក​ឡើយ

ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ គឺ​ជា​អារម្មណ៍​ ជា​គំនិត និង​ជា​ការ​ប្រព្រឹត្ត​មួយ​បែប​របស់​យើង ក្នុង​ការ​បង្ហាញ​ថា ព្រះ​ជាម្ចាស់​ពិត​ជា​អស្ចារ្យ​ណាស់។ ជាង​នេះ​ទៅ​ទៀត ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ គឺ​ជា​ការ​ដែល​យើង​បង្ហាញ​ថា ទ្រង់​ឧត្តុង្គឧត្តម មាន​ភាព​ល្អ​ឥត​ខ្ចោះ និង​សប្បុរស​បំផុត។ ការ​នេះ​ក៏​ជា​ការ បង្ហាញ​ថា ព្រះ​ជាម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា ហើយ​មាន​តែ​ទ្រង់​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​បាន។ នៅ​ពេល​ដែល​យើង​កាន់​តែ​ស្កប់​ចិត្ត​នឹង​ព្រះ​ជាម្ចាស់ នោះ​ទ្រង់​នឹង​កាន់​តែ​ទទួល​សិរី​ល្អ​ពី​យើង។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​មក។ ការ​ដែល​លោកអ្នក​ប្រើ​ភ្នែក​របស់​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស ការ​នេះ​មិន​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​រូបកាយ​របស់​លោកអ្នក​ឡើយ។

«អ្នក​ខ្លះ​ពោល​ថា «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង​អស់​បាន» ប៉ុន្តែ មិនមែន​ការ​ទាំងអស់​សុទ្ធតែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំងអស់​បាន» ប៉ុន្តែ ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​ធ្វើ​ចៅហ្វាយ​លើ​ខ្ញុំ​ឡើយ។ អ្នក​ខ្លះ​ទៀត​ពោល​ថា «អាហារ​សម្រាប់​ចម្អែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​អាហារ» តែ​ព្រះ​នឹង​បំផ្លាញ​ទាំង​ពីរ​នេះ​ចោល។ រូបកាយ​មិនមែន​សម្រាប់​ប្រព្រឹត្ត​អំពើ​សាហាយស្មន់​ទេ គឺ​សម្រាប់​ព្រះ​អម្ចាស់​វិញ ហើយ​ព្រះ​អម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ។ ព្រះ​ដែល​បាន​ប្រោស​ព្រះ​អម្ចាស់​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ​ដែរ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូបកាយ​របស់​អ្នក​រាល់​គ្នា​ជា​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​អវយវៈ​របស់​ព្រះ​គ្រីស្ទ ទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្ត្រី​ពេស្យា​ឬ? ទេ មិន​បាន​ជា​ដាច់​ខាត! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា អ្នក​ណា​ដែល​រួមរ័ក​ជាមួយ​ស្ត្រីពេស្យា អ្នក​នោះ​ជា​រូបកាយ​តែ​មួយ​ជាមួយ​នាង​ទេ​ឬ? ដ្បិត​មាន​សេចក្តី​ចែងទុក​មក​ថា «អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ» រីឯ​អ្នក​ដែល​រួម​រស់​ជាមួយ​ព្រះ​អម្ចាស់​វិញ នោះ​ក៏​ជា​វិញ្ញាណ​តែ​មួយ​ជាមួយ​ព្រះ​អង្គ​ដែរ។ ចូរ​រត់​ចេញ​ពី​អំពើ​សាហាយស្មន់​ទៅ! រាល់​អំពើ​បាប​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូបកាយ​ទេ តែ​អ្នក​ដែល​ប្រព្រឹត្ត​សាហាយស្មន់ អ្នក​នោះ​ធ្វើ​បាប​ទាស់​នឹង​រូបកាយ​របស់​ខ្លួន​ហើយ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូបកាយ​របស់​អ្នក​រាល់​គ្នា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ​ទេ​ឬ? អ្នក​រាល់​គ្នា​មិនមែន​ជា​របស់​ខ្លួនឯង​ទៀត​ទេ ដ្បិត​ព្រះ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ នៅ​ក្នុង​រូបកាយ​របស់​អ្នក​រាល់​គ្នា​ចុះ» (១កូរិនថូស ៦:១២-២០ គកស)។

នៅ​ក្នុង​អត្ថបទ​នេះ សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​បញ្ហា​មួយ​ទៀត​ដែល​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស នៅ​ត្រង់​ចំណុច​មួយ​ដែល​ក្រុម​ជំនុំ​កូរិនថូស បាន​ទទួល​យក​ទស្សនៈ​របស់​លោកីយ៍ ​ព្រមទាំង​វប្បធម៌​របស់​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ៖ ដោយ​យក​លេស​ទៅ​ប្រព្រឹត្ត​អំពើ​កំផិត។ ក្រឡេកមើល​ទៅ​ពួក​មនុស្ស​ប្រុស​ដែល​នៅ​ក្រុង​កូរិនថូស ដែល​បាន​អះអាង​ខ្លួន​ជា​គ្រីស្ទបរិស័ទ​វិញ ក៏​ទំនងជា​បាន​រួម​ភេទ​ជា​មួយ​ស្ត្រី​ពេស្យា ក្រោយ​ពេល​បញ្ចប់​ពិធី​ជប់​លៀង​រួច។ ត្រង់​ចំណុច​នេះ​យើង​ឃើញ​ថា សាវ័ក ប៉ុល កំពុង​តែ​សរសេរប្រ​ឆាំង​នឹង​ការ​កំផិត​មួយ​ប្រភេទ (ការ​រួម​ភេទ​ជា​មួយ​ស្ត្រី​ពេស្យា) ទោះបើ​អ្វី​ដែល​គាត់​បាន​លើក​ឡើង​នោះ​ក៏​បាន​ផ្ដោត​ទៅ​លើ​ការ​រួម​ភេទ​ក្រៅ​រង្វង់​អាពាហ៍ពិពាហ៍​របស់​ខ្លួន រួម​ទាំង​ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ដែល​ការ​នោះ​ក៏​ជា​ការ​កំផិត​មួយ​ប្រភេទ​ផង​ដែរ។

នៅ​ត្រង់ ខ១៩ ដល់ ២០ បាន​គាំទ្រ ខ​១៨គ និង​បាន​ពន្យល់​មូលហេតុ​ដែល​ថា ការ​រួម​ដំណេក​ក្រៅ​រង្វង់​អាពាហ៍ពិពាហ៍ គឺ​ជា​ការ​ធ្វើ​បាប​ដែល​ទាស់​នឹង​រូបកាយ​របស់​ខ្លួន​អ្នក។ យើង​អាច​សម្រាយ ខ១៩ ដល់ ២០ក បាន​ដូច​ត​ទៅ៖ ឱ​គ្រីស្ទបរិស័ទ​អើយ! រូបកាយ​របស់​លោកអ្នក​គឺ​ជា​ព្រះ​វិហារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ដល់​លោកអ្នក។ នេះ​មាន​ន័យ​ថា លោកអ្នក​មិន​មែន​ជាម្ចាស់​របស់​រូបកាយ​លោកអ្នក​ទេ ប៉ុន្តែ​ព្រះ​អង្គ​ទៅ​វិញ​ទេ​គឺ​ជាម្ចាស់ ព្រោះ​ទ្រង់​បាន​បង់​ថ្លៃ​យើង​ដោយ​ព្រះ​ជន្ម​នៃ​ព្រះ​បុត្រា​តែ​មួយ​អង្គ​គត់​របស់​ទ្រង់។ ហេតុផល​ដ៏​ល្អ​មួយ​ក្នុង​ការ​ដែល​លោកអ្នក​មិន​គួរ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​គឺ​ត្រង់​ថា៖ រូបកាយ​របស់​លោកអ្នក គឺ​ជា​ព្រះ​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ (១៩ក)។ ប្រធាន​បទ​ដែល​និយាយ​អំពី​ព្រះ​វិហារ គឺ​ជា​ប្រធាន​បទ​ដ៏​ធំ​មួយ​នៅ​ក្នុង​ទេវវិទ្យា​នៃ​ព្រះ​គម្ពីរ។ ការ​ស្វែង​យល់​អំពី​របៀប​ដែល​ព្រះវិហារ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ទៅ​នឹង​សាច់​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​ត្រង់ ខ១៩ក​ ថា «រូបកាយ​អ្នក​រាល់​គ្នា​ជា​ព្រះ​វិហារ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ វា​មិន​សម​ឡើយ​ដែល​លោកអ្នក​បណ្ដោយ​ខ្លួន​ទៅ​មើល​រូប​ដែល​ពុំ​គប្បី នៅ​ទី​កន្លែង​ដែល​បរិសុទ្ធ​បំផុត ដែល​ជា​រូបកាយ​របស់​លោកអ្នក។ ដូច្នេះ ចូរ​កុំ​ធ្វើ​វា​ឲ្យ​សៅ​ហ្មង​ឡើយ ហើយ​ចូរ​រក្សា​វា​ឲ្យ​បាន​ស្អាត ព្រោះ​វា​ជា​បន្ទប់​មួយ​ដ៏​បរិសុទ្ធ។

ឃ្លា​ចុង​ក្រោយ​ត្រង់ ខ២០ខ ​ថា «ចូរ​តម្កើង​ព្រះ​នៅ​ក្នុង​រូបកាយ» ជា​ឃ្លា​នៃ​សេចក្តី​សន្និដ្ឋាន​លើ ខ​១៨​គ ដល់ ខ២០ ក៏​ដូច​ជា​អត្ថបទ​ទាំង​មូល​ផង​ដែរ។ ដូច្នេះ​ នេះ​ជា​របៀប​មួយ​ក្នុង​ការ​សង្ខេប​ចំណុច​ស្នូល​ក្នុង​ការ​វែក​ញែក​របស់​សាវ័ក ប៉ុល នៅ​ក្នុង ខ១២ ដល់ ខ២០​ថា៖ ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​រូបកាយ​របស់​លោកអ្នក ដោយ​កុំ​កំផិត​ខាង​ឯ​ផ្លូវ​ភេទ​ឡើយ។ នៅ​ពេល​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នោះ​មាន​ន័យ​ថា លោកអ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ជាម្ចាស់​ផ្ទាល់​ ព្រោះ​ទ្រង់​ជាម្ចាស់​លើ​រូបកាយ​របស់​លោកអ្នក។ ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​ពុំ​គួរ​គប្បី មិន​មែន​ជា​ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ តាមរយៈ​រូបកាយ​របស់​លោកអ្នក​នោះ​ទេ។

៣. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ជា​ការ​សប្បាយ​ដ៏​ពិស​ពុល និង​មិន​ស្ថិត​ស្ថេរ

លោក ម៉ូសេ ពុំ​បាន​ជ្រើសរើស​យក «សេចក្តី​អំណរ​ខាង​អំពើ​បាប​ដែល​នៅ​តែ​មួយ​ភ្លែត» នោះ​ទេ។ នេះ​មាន​ន័យ​ថា អំពើ​បាប​អាច​នាំ​ឲ្យ​យើង​មាន​អំណរ​តិចតួច​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​មួយ ប៉ុន្តែ​ក្រោយ​មក​ក៏​រសាយ​អស់​ទៅ​វិញ។ បន្ទាប់​ពី​នោះ​មក​គឺ​ជា​វិប្បដិសារី​ដែល​នឹង​តោង​យើង​កាន់​តែ​ជាប់​ស្អិត៖

«ដោយ​សារ​ជំនឿ លុះ​លោក​ធំ​ហើយ នោះ​លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​ខ្លួន ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ លោក​ស៊ូ​រងទុក្ខ​លំបាក​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ ជាជាង​មាន​សេចក្ដី​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​១​ភ្លែត​នោះ​វិញ ដោយ​បាន​រាប់​សេចក្ដី​ដំនៀល​ដែល​គេ​តិះ​ដៀល​ដល់​ព្រះ​គ្រីស្ទ ទុក​ជា​ទ្រព្យ​សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សម្លឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ» (ហេព្រើរ ១១:២៤-២៦)។

ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​ដែល​ពុំ​គប្បី គឺ​ជា​ការ​ដែល​នាំ​ឲ្យ​លោកអ្នក​ទទួល​បាន​ភាព​អរ​សប្បាយ​ភ្លាមៗ ប៉ុន្តែ​ភាព​អរសប្បាយ​នោះ​មាន​រយៈ​ពេល​ត្រឹមតែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ក្រោយ​មក​ លោកអ្នក​នឹង​មាន​អារម្មណ៍​ថា គ្មាន​សេសសល់​អ្វី គ្មាន​ភាព​ស្កប់ស្កល់ ហើយ​លោកអ្នក​នឹង​ចង់​បាន​ថែម​ទៀត ដោយ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ។
តើ​ព្រះ​ជាម្ចាស់​អាច​លើក​យក​សម្ដី​នេះ ហើយ​មាន​បន្ទូល​មក​កាន់​លោកអ្នក​អំពី​ការ​មើល​រូប​ភាព ឬ វីដេអូ​អាសអាភាស​បាន​ដែរ​ឬ​ទេ? យើង​អាច​សម្រាយ​ខគម្ពីរ​នោះ​ដូច​ត​ទៅ៖

«ដោយ​សារ​ជំនឿ លោកអ្នក​មិន​ព្រម​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ឡើយ ព្រោះ​លោកអ្នក​ជ្រើសរើស​យក​ការ​ដែល​មាន​អំណរ​ក្នុង​ព្រះ​ជាម្ចាស់ ជាជាង​ការ​អរសប្បាយ​ក្នុង​ការ​មើល​រូប​ភាព​ពុំ​គប្បី ដែល​មាន​ការអរសប្បាយ​ក្លាយជា​ទុក្ខ​ក្នុង​រយៈពេល​តែ​មួយ​ភ្លែត​នោះ។ លោកអ្នក​បាន​ជ្រើសរើស​បែប​នោះ ដោយ​សារ​លោកអ្នក​បាន​យក​ការ​មាន​អំណរ​ក្នុង​ព្រះជាម្ចាស់​ទុក​ជា​ទ្រព្យសម្បត្តិ​ដែល​ប្រសើរ​ ជាជាង​ការ​ដែល​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ដែល​គ្រាន់តែ​អាច​ផ្តល់​ការ​អរសប្បាយ​តែ​មួយ​ភ្លែត ព្រោះ​លោកអ្នក​បាន​សម្លឹង​ឆ្ពោះ​ទៅ​ឯ​រង្វាន់​វិញ»។

ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​ពុំ​គប្បី គឺ​ដូច​ជា​ការ​ញាុំ​ថ្នាំ​ពុល​មួយ​គ្រាប់​ដែល​មាន​ជាតិ​ស្ករ​ពី​ខាង​ក្រៅ​យ៉ាង​ដូច្នោះ​ដែរ។ ហេតុអ្វី​បាន​ជា​លោកអ្នក​ចង់​ស្វែង​រក​ភាព​ស្កប់ស្កល់ ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន ដោយ​ផឹក​ថ្នាំ​ពុល​ដែល​មាន​ជាតិ​ស្ករ​ពី​ខាង​ក្រៅ (ការ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស) ខណៈ​ពេល​ដែល​លោកអ្នក​អាច​ញាំុ​ម្ហូប​អាហារ​ដែល​មាន​ឱជារស​បាន​ដូច្នេះ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​លោកអ្នក​ចង់​បំពេញ​នូវ​សេចក្តី​ប្រាថ្នា ចង់​បាន​នូវ​ភាព​អរសប្បាយ​ដោយ​ការ​ផឹក​ថ្នាំ​ពុល​ដែល​មាន​ជាតិ​ស្ករ​ពី​ខាង​ក្រៅ (ការ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស) ខណៈ​ពេល​ដែល​លោកអ្នក​អាច​ទទួល​បាន​អំណរ​មក​ពី​ព្រះ​ជាម្ចាស់​ដូច្នេះ​ទៅ​វិញ? ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ជា​រឿង​មួយ​ដែល​ល្ងីល្ងើ​បំផុត ព្រោះ​វា​បង្ហាញ​ថា លោកអ្នក​គ្មាន​ប្រាជ្ញា​អ្វី​សោះ​ឡើយ។ កណ្ឌ​គម្ពីរ សុភាសិត ៦:៣២ បាន​ចែង​ថា «តែ​ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ»។ ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូបភាព​ពុំ​គប្បី​ទាំង​នោះ ប្រហែល​ជា​អាច​នឹង​នាំ​លោកអ្នក​ឲ្យ​មាន​ភាព​ស្កប់ស្កល់​ក្នុង​បំណង​ចិត្ត​នៃ​អំពើ​បាប​របស់​ខ្លួន​មួយ​ភ្លែត ប៉ុន្តែ​វា​នឹង​មិន​នាំ​ឲ្យ​លោកអ្នក​មាន​ភាព​ស្កប់ស្កល់​រហូត​ឡើយ មិន​តែ​ប៉ុណ្ណោះ​សោត វា​ថែម​ទាំង​លួច​បំផ្លាញ​អំណរ​របស់​លោកអ្នក​ថែម​ទៀត​ផង។

ដូច្នេះ ចូរ​កុំ​ប្រាថ្នា​ចង់​បាន​រូប​ភាព​ពុំ​គប្បី​ទាំង​នោះ​ឡើយ ប៉ុន្តែ​ចូរ​ប្រាថ្នា​ចង់​បាន​ព្រះ​ជាម្ចាស់​វិញ។ ភាព​អរសប្បាយ​ដែល​ចេញ​ពី​ការ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ពិសពុល ហើយ​វា​ស្ថិត​នៅ​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ វា​ផ្ទុយ​ពី​អំណោយ​របស់​ព្រះ​ជាម្ចាស់ ដែល​នឹង​ស្ថិត​នៅ​អស់កល្បជានិច្ច ហើយ​នឹង​នាំ​លោកអ្នក​ឲ្យ​មាន​ភាព​ស្កប់ស្កល់​ជា​រៀង​រហូត។ «របៀប​តយុទ្ធ​នឹង​តម្រេក​ស្រើបស្រាល​ក្នុង កាមតណ្ហា គឺ​ការ​បង្កើន​ជំនឿ​លើ​សេចក្តី​សន្យា​ដ៏​អស្ចារ្យ និង​មាន​តម្លៃ​បំផុត។ សេចក្តី​សន្យា​នោះ​គឺ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​នឹង​មើល​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​ជាម្ចាស់​ដែល​ព្រះ​អង្គ​មាន​ពេញ​ដោយ​សិរីល្អ និង​ភាព​ស្កប់ស្កល់»។ មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​មើល​ឃើញ​ព្រះ​ជាម្ចាស់ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ពុំ​បាន​ដឹង​ពី​ការ​នោះ​ដែរ។

ដើម្បី​ជួយ​បង្កើន​ការ​ប្រាថ្នា​ចង់​បាន​ព្រះជាម្ចាស់ និង​ការ​ថ្វាយបង្គំ​ទ្រង់ នោះ​សូម​អាន ឬ​ក៏​ស្តាប់​សេចក្តី​អធិប្បាយ​របស់​លោកគ្រូ ចន ផាភ័រ (John Piper) ដែល​មាន​ចំណងជើងជា​ភាសា​អង់គ្លេស​ថា Sex and the Supremacy of Christ ។ លោក​ បាន​លើក​ឡើង​ថា៖

«ការ​ស្គាល់​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះគ្រីស្ទ​នឹង​ជួយ​ពង្រឹង​ព្រលឹង​វិញ្ញាណ​យើង​ឲ្យ​មាំមួន ហើយ​ការ​នេះ​នឹង​នាំ​ឲ្យ​យើង​មើល​ឃើញ​ថា កា​ររួម​ដំណេក និង​ភាព​អរសប្បាយ​ដ៏តិ​ចតួច​ដែល​ចេញ​ពី​ការ​រួម​ដំណេក គឺ​ពុំ​មាន​អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​នោះ​ឡើយ។ ព្រលឹង​វិញ្ញាណ​ដែល​ទន់ខ្សោយ​​នឹង​បណ្តាល​ឲ្យ​ភាព​ស្រើបស្រាល​ក្នុង​កាមតណ្ហា​មាន​អំណាច​យ៉ាង​ខ្លាំង។ ព្រលឹងវិញ្ញាណ​របស់​យើង​នឹង​រីក​លូតលាស់​កាន់​តែ​ធំ​ឡើង ពេល​ដែល​យើង​ចាប់​យក​ព្រះ​គ្រីស្ទ​ដែល​ជា​ទ្រព្យ​សម្បត្តិ​ដ៏ធំឧត្តម។ ព្រះ​ជាម្ចាស់​បាន​បង្កើត​ព្រលឹង​វិញ្ញាណ​របស់​យើង ដើម្បី​ឲ្យ​យើង​មើល​ឃើញ និង​ដើម្បី​ក្រេប​រសជាតិ​នៃ​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះគ្រីស្ទ។ គ្មាន​អ្វី​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ព្រលឹង​វិញ្ញាណ​របស់​យើង​រីក​លូត​លាស់​ធំ​ឡើង ក្រៅពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​គ្រោង​ទុក​នោះ​ឡើយ ហើយ​ក៏​គ្មាន​អ្វី​ដែល​អាច​នឹង​បំបាត់​អំណាច​នៃ​តម្រេក​ស្រើបស្រាល​ក្នុង​កាមតណ្ហា​របស់​យើង​បាន​ដែរ ក្រៅ​តែ​ពី​ព្រះ​ជាម្ចាស់​ផ្ទាល់…»។

«ក្នុង​ចំណោម​ហេតុ​ផល​ដ៏​ធំ និង​ជាក់​លាក់​មួយ ដែល​យើង​ខ្ញុំ​គិត​ថា​ជា​ហេតុផល​ដែល​ល្បួង​នាំ​លោកីយ៍ ព្រមទាំង​សមាជិក​ក្រុម​ជំនុំ​ជា​ច្រើន​ឲ្យ​ធ្លាក់​ក្នុង​តម្រេក​នៃ​កាមតណ្ហា និង​ការ​មើល​រូប​ភាព​ពុំ​គប្បី​នោះ​គឺ បណ្តាល​មក​ពី​យើង​បាន​ផ្តាច់​ខួរក្បាល និង​អារម្មណ៍​របស់​យើង​ចេញ​ពី​ព្រលឹង​វិញ្ញាណ​ដ៏​នៅ​អស់កល្បជានិច្ច របស់​យើង​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក។ នៅ​ក្នុង​វប្បធម៌​របស់​លោក​ខាង​លិច ទាំង​អ្នក​ជឿ និង​អ្នក​មិន​ជឿ​សុទ្ធ​សឹង​តែ​កំពុង​លង់​ក្នុង​សមុទ្រ​នៃ​គំនិត​ដែល​ឥត​ប្រយោជន៍ លង់​ទៅ​នឹង​អ្វី​ដែល​មិន​សំខាន់ និង​គ្មានន័យ ក៏​ដូចជា​លង់​ក្នុង​ភាព​ល្ងីល្ងើ​ផង​ដែរ។ ការ​ផ្សព្វផ្សាយ​នៅ​តាម​ទូរទស្សន៍ និង​តាម​ប៉ុស្តិ៍​ វិទ្យុ ការសន្ទនា និង​ការ​អប់រំ​នៅ​តាម​សាលារៀន​នានា សុទ្ធតែ​ឥត​ប្រយោជន៍​ទាំង​អស់ ហើយ​សៀវភៅ​គ្រីស្ទបរិស័ទ និង​របៀប​នៃ​ការថ្វាយបង្គំ​ក៏​សុទ្ធ​តែ​ឥតប្រយោជន៍​ដែរ បើ​ការ​ទាំង​អស់​នេះ​មិន​បាន​នាំ​ឲ្យ​យើង​លង់​ក្នុង​ភាព​ឧត្តុង្គឧត្តម​របស់​ព្រះ​គ្រីស្ទ។ ពួកគេ​តែងតែ​ផ្ដោត​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ការ​កំសាន្ត​ដែល​ពុំ​បាន​ការ ទោះបី​ពួកគេ​ដឹង​ថា ព្រះ​ជាម្ចាស់​បង្កើត​ចិត្ត​របស់​ពួកគេ​ក្នុង​គោលបំណង ឲ្យ​ពួកគេ​លង់​នៅ​ក្នុង​ភាព​ឧត្តម​របស់​ទ្រង់​ក៏​ដោយ។ យ៉ាង​ណា​មិញ នេះ​គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត ដែល​ពួកគេ​ស៊ូ​លង់​ក្នុង​សមុទ្រ​នៃ​ការ​ឥត​ប្រយោជន៍​ជាជាង​លង់​ក្នុង​ព្រះគ្រីស្ទ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស៊ូ​លង់​ក្នុង​ការ​រួម​ដំណេក ដើម្បី​ឲ្យ​ខ្លួន​មាន​ភាព​អរសប្បាយ ជាជាង​លង់​ក្នុង​ព្រះគ្រីស្ទ តែ​ធាតុ​ពិត​ការ​លង់​ក្នុង​ព្រះគ្រីស្ទ គឺ​ជា​ហេតុផល​ដែល​នាំ​ឲ្យ​យើង​មាន​ភាព​អរសប្បាយ​ដ៏​ពិត។

«ហេតុដូច្នេះ​ហើយ​បាន​ជា​ពុំ​មាន​យុទ្ធសាស្ត្រ​ខាង​គំនិត​ប្រាជ្ញា​ណា​មួយ ដែល​យើង​អាច​យក​មក​ព្យាបាល​ការ​ញៀន​ដ៏​អាក្រក់​របស់​យើង​បាន​ឡើយ (ទោះបីជា​យើង​ខ្ញុំ​គិត​ថា​អាច​មាន​ខ្លះៗ​ក៏​ដោយ)។ ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត គឺ​ការ​ភ្ជាប់​គំនិត និង​អារម្មណ៍​របស់​យើង​ទៅ​នឹង​ភាព​ឧត្តុង្គឧត្តម​ដ៏​នៅ​អស់កល្បជានិច្ច និង​ភាព​មិន​ចេះ​ប្រែប្រួល​របស់​ព្រះគ្រីស្ទ»។

៤. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​គឺ​ជា​ការ​បង្ហិន​បង្ហោច​ជីវិត​របស់​ខ្លួន

នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៥:១៥-១៧ បាន​ចែង​ថា «ដូច្នេះ ចូរ​ប្រយ័ត្ន​ឲ្យ​មែនទែន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ មិន​មែន​ដូច​ជា​មនុស្ស​គ្មាន​ប្រាជ្ញា​ទេ ប៉ុន្តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ ទាំង​ចេះ​ប្រើ​ប្រាស់​ពេលវេលា​ផង ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ ដូច្នេះ កុំ​ល្ងង់​ឡើយ ចូរ​យល់​អំពី​អ្វី​ដែល​ជា​បំណង​របស់​ព្រះអម្ចាស់​វិញ»។ ទឹក​មួយ​ដំណក់​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​ឡើយ យ៉ាង​ណា​មិញ ជីវិត​ដ៏​ខ្លី​របស់​លោកអ្នក​នៅ​លើ​ផែន​ដី​នេះ ក៏​ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​ជីវិត​របស់​លោកអ្នក​នៅ​ក្រោយ​ពេល​ដែល​ស្លាប់​បាន​ដែរ។ បច្ចុប្បន្ន​នេះ មាន​មនុស្ស​ជា​ច្រើន​ដែល​យើង​អាច​ស្រឡាញ់ បម្រើ និង​រៀន​សូត្រ​ពី​គេ ហើយ​ក៏​មាន​ការងារ​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​បាន​ដែរ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ លោកអ្នក​ទំនង​ជា​កំពុងតែ​បង្ហិនបង្ហោច​ជីវិត​របស់​ខ្លួន ដោយ​ចំណាយ​ពេល​វេលា​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ជាជាង​ចំ​ណាយ​ពេល​ហែល​ក្នុង​សមុទ្រ​នៃ​ព្រះ​គម្ពីរ ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​ពេល​វេលា និង​លុយ​របស់​ខ្លួន​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​សង្គម​របស់​ខ្លួន និង​ពិភព​លោក​ទាំង​មូល​ទៅ​វិញ។ នៅ​ពេល​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​ពុំគប្បី​ទាំង​នោះ នោះ​មាន​ន័យ​ថា លោកអ្នក​កំពុង​តែ​ចំណាយ​ពេល និង​កម្លាំង​របស់​ខ្លួន ហើយ​ថែម​ទាំង​ខ្ជះខ្ជាយ ទាំង​លុយកាក់​ថែម​ទៀត​ផង។ លោកអ្នក​បែរ​ជា​បង្ហិន​បង្ហោច​ជីវិត​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ ជាជាង​ប្រើ​ជីវិត​នោះ​ទៅ​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​សមត្ថភាព (២ធីម៉ូថេ ២:២០-២២)។ ជាង​នេះ​ទៅ​ទៀត​ លោក​អ្នក​កំពុងតែ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​ពិការ​ហើយ​ ព្រោះ​ជាជាង​ការ​បម្រើ​មនុស្ស​នៅ​ក្នុង​ក្រុម​ជំនុំ​ ឬ​អ្នក​ជិត​ខាង​របស់​ខ្លួន លោក​អ្នក​បែរ​ជា​ធ្វើ​ដូច​លោក​ អេកាន​ដោយ​លួច​ស្រឡាញ់​អំពើ​បាប​របស់​ខ្លួន​ជាជាង​សម្លាប់​អំពើ​បាប​នោះ​ចោល​ទៅ​វិញ (យ៉ូស្វេ ៧:១-២៦)។ លើស​ពី​នេះ លោកអ្នក​បែរ​ជា​ទៅ​រស់នៅ​តាម​របៀប​ជា​ទាសករ​របស់​អំពើ​បាប​ដោយ​ការ​ទៅ​មើល​រូប​ភាព​ពុំ​គប្បី ជំនួស​ឲ្យ​ការ​រស់នៅ​ដោយ​បម្រើ​ព្រះ​ជាម្ចាស់​ដែល​មាន​សេរីភាព​ក្នុង​ភាព​ជា​ទាសករ​របស់​ទ្រង់​ទៅ​វិញ (រ៉ូម ៦)។ ម៉្យាង​វិញ​ទៀត នៅ​ពេល​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស នោះ​មាន​ន័យ​ថា លោកអ្នក​កំពុង​តែ​រស់នៅ​ដូច​ជា មនុស្ស​ល្ងីល្ងើ ដូច​ដែល​កណ្ឌ​គម្ពីរ​សុភាសិត​បាន​លើក​ឡើង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុក​ដំកើង ៩០:១២ ក៏​បាន​លើក​ឡើង​ដែរ​ថា៖ «ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត​ឲ្យ​បាន​សតិ​បញ្ញា»។

៥. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​គឺ​ជា​ការ​ក្បត់​ប្រពន្ធ​កូន​ខ្លួន

នៅ​ត្រង់​ចំណុច​នេះ គឺ​ចង់​សំដៅ​ទៅ​លើ​អ្នក​ដែល​បាន​រៀប​ការ​ហើយ ក៏​ដូច​ជា​អ្នក​ដែល​នឹង​រៀប​ការ​ផង​ដែរ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​រៀបការ​ជា​មួយ ចេននី (Jenni) ប្រពន្ធ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​សន្យា​ជាមួយ​គាត់​ដូច​តទៅ​នេះ៖ «បង អែនឌី (Andy) ព្រម​ទទួល​យក​អូន ចេននី ធ្វើ​ជា​ភរិយា​ដោយ​ពឹង​លើ​ផែនការ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។ បង​នឹង​ស្រឡាញ់​អូន ហើយ​ដឹក​នាំ​អូន​ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ក្រុម​ជំនុំ និង​បាន​ដឹក​នាំ​ក្រុម​ជំនុំ​យ៉ាង​នោះ​ដែរ។ បង​សូម​សន្យា​ថា បង​នឹង​ស្រឡាញ់​អូន​ដោយ​ស្មោះ​រហូត​អស់​មួយ​ជីវិត​បង»។ នៅ​ត្រង់​ពាក្យ​ថា «ស្រឡាញ់​ដោយ​ស្មោះ» គឺ​ខ្ញុំ​ចង់​សំដៅ​លើ​សេចក្តី​ស្រឡាញ់​ដូច​ដែល​ព្រះ​ជាម្ចាស់​មាន​ចំពោះ​យើង។ ចំណែក​នៅ​ក្នុង​ភាសា​ហេព្រើរ ពាក្យ «ហាសិឌ» (hesed) ត្រូវ​បាន​ប្រើ​ចំនួន ២៤៨ដង នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ពាក្យ​នេះ​ផ្ដោត​ទៅ​លើ​ទំនាក់ទំនង​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ស្រឡាញ់​គ្នា​ដោយ​សម្ដែង​នូវ​ទឹក​ចិត្ត​ដ៏​ល្អ។ នៅពេល​ដែល​យើង​និយាយ​ពាក្យ​នេះ នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ គឺ​សំដៅ​ទៅ​លើ​ការ​សន្យា​ ដោយ​សេចក្តី​ស្រឡាញ់​យ៉ាង​ស្មោះត្រង់។ សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​ជ្រើស​យក​ការ​ស្លាប់​ជាជាង​ការ​ក្បត់​ប្រពន្ធ​ខ្ញុំ។

ប្រសិន​បើ​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​ដែល​ពុំ​គប្បី នោះ​មាន​ន័យ​ថា លោកអ្នក​មិន​ស្រឡាញ់​ប្រពន្ធ​ទេ។ ជាង​នេះ​ទៅ​ទៀត លោកអ្នក​ក៏​កំពុង​តែ​ក្បត់​នឹង​សេចក្តី​សន្យា​ដែល​បាន​សន្យា​ថា​នឹង​ស្រឡាញ់​ប្រពន្ធ​ដោយ​ស្មោះត្រង់​ទៀត​ផង។ លោកអ្នក​កំពុង​តែ​ផិត​ក្បត់​នឹង​នាង​ហើយ! ហើយ​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​នាង​ត្រូវ​ប្រកួត​ប្រជែង​ជា​មួយ​រូប​ភាព​ផ្សេងៗ ដែល​លោកអ្នក​មាន​តម្រេក​ស្រើបស្រាល​ក្នុង​កាមតណ្ហា​នោះ ហើយ​វា​ក៏​អាច​នឹង​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោកអ្នក​បាន​ផង​ដែរ។ លើស​ពី​នេះ វា​ក៏​នឹង​ធ្វើ​ឲ្យ​លោកអ្នក​បែក​បាក់​ជាមួយ​កូនៗ​របស់​ខ្លួន​ផង​ដែរ។ លោកអ្នក​នឹង​លែង​មាន​អំណាច​ខាង​សីលធម៌​ជា​មួយ​ក្រុម​គ្រួសារ ហើយ​កូនៗ​របស់​លោកអ្នក​នឹង​រងទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែរ ប្រសិន​បើ​ការ​នេះ​នាំ​ឲ្យ​លោកអ្នក​ឈាន​ទៅ​ដល់​ដំណាក់​កាល​លែងលះ​គ្នា នោះ​កូនៗ​របស់​លោកអ្នក​នឹង​កាន់​តែ​រងទុក្ខ។ ខ្ញុំ​ពិត​ជា​យល់​ពី​ចំណុច​នេះ​ច្បាស់​ណាស់ ពីព្រោះ​ឪពុកម្ដាយ​របស់​ខ្ញុំ​បាន​រស់​នៅ​បែក​គ្នា ហើយ​ក្រោយ​មក​ក៏បាន​​លែងលះ​គ្នា​តាំង​តែ​ពី​យើង​ខ្ញុំ​មាន​អាយុ​ទើប​តែ​៩ឆ្នាំ​មក​ម៉្លេះ។

៦. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​គឺ​ជា​ការ​បំផ្លាញ​ខួរក្បាល និង​បញ្ញា​ចិត្ត​របស់​ខ្លួន

យើង​ខ្ញុំ​នឹង​បកស្រាយ​ហេតុផល​នេះ ដោយ​សម្អាង​ទៅ​លើ​ចំណុច​បួន​យ៉ាង៖

១. ការ​បណ្តោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នឹង​បំផ្លាញ​របៀប​ដែល​លោកអ្នក​គិត​អំពី​ការ​រួម​ដំណេក។ ការ​រួម​ដំណេក​គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់ និង​មនុស្ស​ស្រី​ម្នាក់​មាន​ការ​រួម​ដំណេក​ជាមួយ​គ្នា ក្រោយ​ពេល​ដែល​ពួកគេ​ទាំង​ពីរ​នាក់​បាន​ សន្យា ហើយ​បាន​រៀបការ​ជាមួយគ្នា។ ការ​រួម​ដំណេក​នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍ គឺ​ជា​រឿង​ដ៏​ល្អ​ប្រពៃ។ ព្រះអង្គ គឺ​ជា​អ្នក​បង្កើត​ឲ្យ​មាន​ការ​រួម​ដំណេក​ឡើង ហេតុដូច្នេះហើយ យើង​គួរ​តែ​សរសើរ​ទ្រង់​អំពី​ការ​នោះ។ រូប​ភាព​ដែល​ពុំ​គប្បី គឺ​ជា​ការ​បង្ខូច ហើយ​បំផ្លាញ​ការ​រួម​ដំណេក​ទៅ​ជា​ការ​អាក្រក់។ ប្រ​សិន​បើ​លោកអ្នក​បណ្តោយ​ខ្លួន នោះ​លោកអ្នក​នឹង​គិត​អំពី​ការ​រួម​ដំណេក​ក្នុង​លក្ខណៈ​បែប​អាក្រក់ ហើយ​ប្រសិនបើ​លោកអ្នក​បាន​រៀប​ការ​រួច​ហើយ តែ​លោកអ្នក​បាន​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​ដែល​ពុំ​គប្បី​ទាំង​នោះ នោះ​វា​នឹង​ធ្វើ​ឲ្យ​លោកអ្នក​កាន់​តែ​លែង​មាន​អំណរ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន នៅ​ពេល​រួម​ដំណេក​ជា​មួយ​គ្នា​ទៀត​ផង។

២. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នឹង​បំផ្លាញ​របៀប​ដែល​លោកអ្នក​គិត​អំពី​មនុស្ស​ស្រី។ ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​ស្រី​មក​ដូច​រូបអង្គ​ទ្រង់ ហើយ​ពួក​គាត់​ក៏​បង្ហាញ​ពី​សិរីល្អ​របស់​ទ្រង់​បាន​យ៉ាង​ស្រស់​ស្អាត​ផង។ យ៉ាង​ណា​មិញ ប្រសិន​បើ​លោកអ្នក​មាន​តម្រេក​ស្រើបស្រាល​ក្នុង​កាមតណ្ហា ដោយ​ប្រាថ្នា​ចង់​បាន​ខ្លួន​របស់​មនុស្ស​ស្រី នោះ​មាន​ន័យ​ថា លោកអ្នក​កំពុង​តែ​គិត​ថា មនុស្ស​ស្រី​គ្រាន់​តែ​ជា​ឧបករណ៍​រួម​ដំណេក​សម្រាប់​បំពេញ​កាមតណ្ហា​ដែល​ពោរពេញ​ដោយ​អំពើ​បាប​របស់​លោកអ្នក ជាជាង​ការ​ដែល​គិត​ថា​ពួក​គាត់​ជា​រូប​អង្គ​នៃ​ព្រះ​ដូច​លោកអ្នក​ដែរ។

៣. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នឹង​បំផ្លាញ​របៀប​ដែល​លោកអ្នក​គិត បំផ្លាញ​ខួរ​ក្បាល​របស់​លោកអ្នក ហើយ​វា​ក៏​នឹង​ប្ដូរ​របៀប​គិត​របស់​លោកអ្នក​ដែរ។ សរុប​មក វា​នឹង​បង្វែរ ហើយ​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​លោកអ្នក​ពុំ​ដូច​មុន​ទៀត​ឡើយ។

៤. ជា​លទ្ធផល ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នឹង​បំផ្លាញ​ពី​របៀប​ដែល​លោកអ្នក​គិត និង​បញ្ញា​ចិត្ត​របស់​ខ្លួន។ បញ្ញា​ចិត្ត​ របស់​លោកអ្នក គឺ​ជា​កន្លែង​ដែល​ប្រមូល​ទុក​នូវ​អ្វីៗ​ដែល លោកអ្នក​គិត​ថា «ត្រូវ» ឬ «ខុស»។ ម៉្យាង​វិញ​ទៀត នៅ​ពេល​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​ពុំ​គប្បី​ទាំង​នោះ នោះ​មាន​ន័យ​ថា លោកអ្នក​បាន​ធ្វើ​ឲ្យ​បញ្ញា​ចិត្ត​របស់​ខ្លួន​កាន់​តែ​ស្ពឹក ដោយ​លោកអ្នក​បាន​គាប​សង្កត់​បញ្ញា​ចិត្ត​របស់​ខ្លួន ដោយ​បង្ខំ​ឲ្យ​ខ្លួន​ឯង​គិត​ថា អំពើ​បាប​ពុំ​មែន​ជា​បញ្ហា​អ្វី​នោះ​ទេ។ មិន​យូរ​មិន​ឆាប់ ការ​ដែល​ធ្វើ​ដូច​នេះ​នឹង​ធ្វើ​ឲ្យ​លោកអ្នក​ខូច​បញ្ញា​ចិត្ត រហូត​ដល់​លែង​ចេះ​ថ្កោល​ទោស​លើ​ខ្លួន​ឯង នៅ​ពេល​ដែល​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ លោកអ្នក​ប្រហែល​ត្រូវ​វាស់វែង​បញ្ញា​ចិត្ត​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ទាក់​ទង​នឹង​ការ​មើល​រូប​ភាព​ទាំង​អស់​នោះ មិន​ថា​តិច​ឬ​ច្រើន​ក្តី។

ក្នុង​នាម​ជា​គ្រីស្ទបរិស័ទ លោកអ្នក​ត្រូវ​តែ​កែ​ប្រែ​ចិត្ត​គំនិត​ជា​ថ្មី​ដោយ​ពឹង​អាង​លើ​ព្រះ​បន្ទូល ពី​ព្រោះ​ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​មិន​គប្បី នឹង​ស៊ី​បំផ្លាញ​ចិត្ត​គំនិត ព្រមទាំង​បញ្ញា​ចិត្ត​របស់​ខ្លួន​ផង​ដែរ។

៧. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ

នៅ​ពេល​ដែល​លោកអ្នក​បាន​បណ្តោយ​ខ្លួន​ចូល​រួម​មើល​រូប​ភាព​ដែល​ពុំ​គប្បី នោះ​មាន​ន័យ​ថា លោកអ្នក​កំពុង​តែ​គាំទ្រ​ការ​រកស៊ី​ខាងឯ​ផ្លូវភេទរបស់​ពួកគេ​ដែរ។ មួយ​វិញ​សោត ការ​រក​ស៊ី​បែប​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដល់​មនុស្ស​ស្រីជា​ច្រើន។ ការ​ដែល​បណ្តោយ​​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស ការ​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ការ​ឈឺ​ចាប់ ពីព្រោះ​ការ​នោះ​វា​បាន​បង្ខូច​របៀប​ដែល​ស្ត្រី​គិត​ពី​ខ្លួន​ឯង។ មាន​ស្ត្រី​ជា​ច្រើន​​មាន​ការ​ព្រួយបារម្ភ អំពី​រូបរាងកាយ​របស់​ខ្លួន ហើយ​អ្នក​ខ្លះ​បាន​ស្អប់​ខ្លួន​ឯង​ទៀត​ផង។ ចំណែក​ឯ​ស្ត្រី​ខ្លះ​ទៀត​ទៅ​ជា​បាយ​មិន​នឹក​ទឹក​មិន​ស្រេក ហើយ​ខ្លះ​ទៀត​មាន​ជំងឺ​ផ្លូវ​ចិត្ត ពីព្រោះ​ពួក​គេ​មិន​អាច​ប្រជែង​ជា​មួយ​ស្តង់ដារ​នៃ​រូប​ភាព ឬ​វីដេអូ​ទាំង​នោះ​បាន​ឡើយ។

ក៏​ប៉ុន្តែ រូប​ភាព​ដែល​ពុំ​គប្បី​នេះ​ថែម​ទាំង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ច្រើន​មាន​ការ​ឈឺ​ចាប់​លើស​ហ្នឹង​ទៅ​ទៀត នៅ ​ពេល​ដែល​លោកអ្នក​បាន​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​ដែល​ពុំ​គប្បី​ទាំង​នោះ គឺ​មាន​ន័យ​ថា៖ លោកអ្នកកំពុង​តែ​បាន​រួម​ចំណែក​ក្នុង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​យ៉ាង​ដូច្នោះ​ដែរ។ រូប​ភាព ឬ​ក៏​វីដេអូ​អាសអាភាស ជា​ការ​ដែល​នាំ​ឲ្យ​មាន​ការ​ជួញដូរ​ផ្លូវ​ភេទ វា​ប្រៀប​ដូច​ជា​សាំង​ម៉ូតូ​យ៉ាង​ដូច្នោះ​ដែរ។ សាំង​ធ្វើ​ឲ្យ​ម៉ូតូ​ជិះ​ទៅ​មុខ​បាន ហើយ​រូប​ភាព ឬ​ក៏​រឿង​អាសអាភាស គឺ​ជា​សាំង​ដែល​នាំ​ឲ្យ​មាន​ការ​ជួញដូរ​ផ្លូវ​ភេទ​មាន​ដំណើរ​ទៅ​មុខ​បាន​ដូច​គ្នា​ដែរ។

៧.១ តើ​អ្វី​ទៅ​ជា​ទាសករ​ផ្លូវ​ភេទ?

ទាសករ​ផ្លូវភេទ គឺ​ជា​បុគ្គល​ដែល​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ជន​ម្នាក់​ទៀត ហើយ​ជន​ដែល​ជាម្ចាស់​នោះ​បាន​បង្ខំ​ឲ្យ​បុគ្គល​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ប្រព្រឹត្ត​ការ​រួម​ដំណេក​តាម​បង្គាប់​របស់​ខ្លួន ដើម្បី​ឲ្យ​គាត់​ដែល​ជាម្ចាស់​អាច​ទទួល​បាន​លុយ។ មួយ​វិញ​ទៀត ទាសករ​ផ្លូវ​ភេទ គឺ​ជា​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ដែល​បាន​រាប់​បញ្ចូល ទាំង​ការ​ទទួល ការ​ដឹក​ជញ្ជូន ព្រមទាំង​ការ​កេងប្រវ័ញ្ច​ប្រយោជន៍​ពី​ទាសករ​ទាំង​នោះ។

ស្ត្រី​ពេស្យា​ភាគ​ច្រើន គឺ​ជា​ទាសករ​ផ្លូវ​ភេទ។ ជា​ទូទៅ ម្ចាស់​នៃ​ទាសករ​តែងតែ​រំលោភ​បំពាន​លើ​ផ្លូវ កាយ និង​ផ្លូវ​ចិត្ត​របស់​ស្ត្រី​ទាំង​នោះ ដោយ​បង្ខំ​ពួក​គេ​ឲ្យ​បន្ត​សកម្មភាព​រក​ស៊ី​ផ្លូវ​ភេទ​តទៅ​ទៀត។ ជាង​នេះ ទៅ​ទៀត នៅ​ពេល​ខ្លះ​ក៏​មាន​មនុស្ស​លួច​ចាប់​ពង្រាត់​ក្មេង​ស្រីៗ ឬ​ក្មេង​ស្រីៗ​ជំទង់ ហើយ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ជា ស្ត្រី​ពេស្យា​ទៀត​ផង។ ភាគ​ច្រើន​នៃ​ស្ត្រី​ដែល​រក​ស៊ី​ផ្លូវ​ភេទ សុទ្ធ​សឹង​តែ​ត្រូវ​បាន​គេ​រំលោភ​បំពាន​ខាង​ផ្លូវ ភេទ​រួច​ទៅ​ហើយ។ ចំណែក​ឯ​ស្ត្រី​ដែល​លក់​ខ្លួន (ដែល​ជា​ក្មេង​ស្រី ឬ​ក្មេង​ស្រី​ជំទង់) គឺ​សុទ្ធតែ​មាន​ការ​បារម្ភ​អំពី​ខ្លួន​ឯង និង​មាន​ជម្ងឺផ្លូវចិត្ត ហើយ​មិន​ឲ្យ​តម្លៃ​ខ្ពស់​លើ​ខ្លួន​ឯង​ដែរ។

៧.២ តើ​រូប​ភាព និង​វីដេអូ​អាសអាភាស​គឺ​ជា​សាំង​សម្រាប់​ការ​ ​ ​​​ជួញដូរ​ផ្លូវ​ភេទ​យ៉ាង​ដូច​ម្តេច?

រូប​ភាព ឬ​វីដេអូ​អាសអាភាស​គឺ​ជា​ប្រេង​សាំង​ដែល​បញ្ឆេះ​ឲ្យ​កាន់​តែ​មាន​ស្ត្រី​ពេស្យា និង​បង្កើត​ឲ្យ​មាន ការ​ជួញដូរ​ផ្លូវភេទ​កាន់​តែ​ច្រើន​ឡើងៗ។ ខ្ញុំ​ពុំ​ដែល​ឮ​នរណា​និយាយ​វែកញែក​អំពី​ចំណុច​ទាំងនេះ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ងាយស្រួល​ជឿ​ជាង​លោក​គ្រូ ដាវីឌ ផ្លាត (David Platt) ឡើយ។ នៅ​ក្នុង​ជំពូក​៥ នៃ​សៀវភៅ​របស់​លោក ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា Counter Culture ហើយសៀវភៅ​នេះ​បាន​រៀប​រាប់​ទាក់ទង​នឹង​ក្មេង​ស្រី​ម្នាក់ ដែល​មាន​អាយុ ៩​ឆ្នាំ នាង​រស់នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេប៉ាល់ នាង​មាន​ឈ្មោះ​ថា ម៉ាលីហា (Maliha)។ មាន​ថ្ងៃ​មួយ មាន​មេខ្យល់​ដ៏​ពូកែ​ម្នាក់​បាន​មក​បោក​ប្រាស់​ម្ដាយ​របស់​ម៉ាលីហា ដែល​ជា​ស្ត្រី​មេម៉ាយ​ដ៏​ក្រីក្រ​ម្នាក់ ដោយ​បាន​សន្យា​ថា​នឹង​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់​គាត់ ក៏​ដូច​ជា​ជួយ​រក​ការងារ​ដែល​ផ្តល់​ប្រាក់​ខែ​ខ្ពស់​សម្រាប់​ម៉ាលីហា​នៅ​ជើង​ភ្នំ​ហិម៉ាល័យ (Himalayan)។ មេ​ខ្យល់​នោះ​បាន​សន្យា​ថា នឹង​ផ្ញើ​លុយ​ដែល​ម៉ាលីហា​រក​បាន​ឲ្យ​ម្ដាយ​នាង ហើយ​នាំ​ម៉ាលីហា​មក​លេង​ផ្ទះ​យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​មួយ​ឆ្នាំ។ មិន​យូរ​មិន​ឆាប់ ម្ដាយ​របស់​ម៉ា​លី​ហា​ក៏​បាន​យល់ព្រម​ឲ្យ​កូន​ស្រី​ទៅ​ធ្វើ​ការ ទោះ​បី​ជា​គាត់​ត្រូវ​បង្ខំ​ចិត្ត​ក៏​ដោយ ក៏​ប៉ុន្តែ​មេខ្យល់​នោះ​ពុំ​បាន​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន​ឡើយ។ ការ​ងារ​ថ្មី​របស់​ម៉ាលីហា​នា​ពេល​នោះ គឺ​ត្រូវ​អង្គុយ​នៅ​មុខ​ហាង​មួយ​នៅ​ក្នុង​ទី​ក្រុង ហើយ​កន្លែង​នោះ​មាន​មនុស្ស​ប្រុស​ជា​ច្រើន​ដែល​បាន​មក​រំលោភ​បំពាន ទៅ​លើ​ក្មេង​ស្រី​ដ៏​កម្សត់ និង​ស្រស់​ស្អាត​ម្នាក់​នោះ។ នៅ​ថ្ងៃ​ខ្លះ មាន​មនុស្ស​ប្រុស​រហូត​ដល់​ទៅ​២០​នាក់​បាន​មក​រំលោភ​បំពាន​លើ​ម៉ាលីហា។

បន្ទាប់​ពី​បាន​រៀប​រាប់​រឿងរ៉ាវ​របស់​ម៉ាលីហា​រួច លោក​គ្រូ​បាន​រៀប​រាប់​រឿង​របស់​នាង​ហាណា (Hannah) ដែល​មាន​អាយុ ១៦ឆ្នាំ។ នាង​រស់​នៅ​ក្នុង​ទី​ក្រុង​ប៊ើរមិងហែម រដ្ឋអាឡាបាម៉ា ប្រទេស​អាមេរិក (Birmingham, Alabama, USA)។ សង្សារ​របស់​នាង​បាន​យក​ចិត្ត​ទុកដាក់​លើ​រូប​នាង​ដូច​ជាម្ចាស់ក្សត្រី ហើយ​បាន​លួង​លោម​នាង​ឲ្យ​រត់​ជា​មួយ​គ្នា ទៅ​ទី​ក្រុង​ឡុស៍ អានជើលេស៍ (Los Angeles) ដើម្បី​ឲ្យ​នាង​បាន​ធ្វើ​ជា​អ្នក​បង្ហាញ​ម៉ូត។ បន្ទាប់​មក សង្សារ​របស់​នាង​បាន​ល្បួង​នាង​ឲ្យ​ថត​រូប​អាក្រាត និង​ក្រោយ​មក​គេ​ក៏​បាន​បង្ខំ​នាង​ឲ្យ​ដេក​ជា​មួយ​អ្នក​បើក​ឡាន។ មិន​យូរ​ប៉ុន្មាន សង្សារ​របស់​នាង​ក៏​បាន​ក្លាយ​ជា​មេខ្យល់​ជួញ​ដូរ​នាង។

នៅ​ក្នុង​សម្រង់​សម្ដី​នៃ​សេចក្តី​ខាង​ក្រោម​នេះ លោក​គ្រូ ដាវីឌ បាន​លើក​ឡើង​អំពី​ចំណុច​ដែល​បាន​បង្ហាញ​ថា រូប​ភាព ឬ​វីដេអូ​អាសអាភាស មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ការ​ជួញដូរ​ផ្លូវភេទ៖

«ការ​ស្រាវ​ជ្រាវ​នៅ​តែ​បន្ត​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ជាប់​ទាក់​ទង​គ្នា​រវាង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ការ​ផលិត​រូប​ភាព ឬ​វីដេអូ​អាសអាភាស។ ច្បាប់​ក៏​បាន​ទទួល​ស្គាល់​ពី​ចំណុច​នេះ​ដែរ ហើយ​អ្នក​ដែល​បាន​ផលិត​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ក៏​បាន​ទទួល​ស្គាល់​ដូច​គ្នា។ ទោះ​បី​ជា​យើង​ពុំ​បាន​ដឹង​អំពី​តួលេខ​ច្បាស់​លាស់​ក៏​ដោយ ក៏​អ្នក​ស្រាវ​ជ្រាវ​ខាង​ផ្លូវ​ភេទ បាន​លើក​ឡើង​ដែរ​ថា យ៉ាង​ហោច​ណាស់​មួយ​ភាគ​បី​នៃ​អ្នក​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ ត្រូវ​គេ​បង្ខំ​ឲ្យ​ចូល​រួម​ក្នុង​ការផលិត​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ទាំង​អស់​នោះ។ ការ​ស្រាវ​ជ្រាវ​មួយ​ទៀត​ក៏​បាន​លើក​ឡើង​ស្រដៀងគ្នា​នោះ​ដែរ ទាក់ទង​នឹង​ស្ត្រី​ពេស្យា ការ​ផលិត​រូប​ភាព ឬ​វីដេអូ​អាសអាភាស និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ថា៖ ៥០% នៃ​ស្ត្រី​ពេស្យា​គឺ​ប្រមាណ៩០០ នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំបួន​បាន​ផ្តល់​ព័ត៌មាន​ថា ពួក​គាត់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ថត​រូប ឬ​វីដេអូ​អាសអាភាស នៅ​ពេល​ដែល​គាត់​នៅ​ធ្វើ​ជា​ស្ត្រី​ពេស្យា។ នៅ​ពេល​ដែល​បាន​ឮ ឬ​បាន​អាន​ព័ត៌មាន​បែប​នេះ នោះ​ចូរ​កុំ​មើល​រំលង​ភាព​ស្រប​គ្នា​រវាង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ការផលិត​រូប​ភាព ឬ​វីដេអូ​ដែល​ពុំ​គប្បី​ឡើយ។ មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​ដែល​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​ដែល​ពុំ​គប្បី គឺ​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​កំពុង​ទាមទារ​ឲ្យ​មាន​ការ​រកស៊ី​ខាង​ផ្លូវ​ភេទ និង​ក្លាយ​ទៅ​ជា​សាំង​សម្រាប់​ការ​ជួញ​ដូរ​ផ្លូវភេទ​ផង​ដែរ»។

«ប៉ុន្តែវដ្ដ​របស់​វា​គឺ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ពីព្រោះ​នៅពេល​ដែល​មាន​អ្នក​មើល​រូប​ភាព​ពុំ​គប្បី​ទាំង​នោះ​កាន់​តែ​ច្រើន នោះ​នឹង​មាន​អ្នក​ចង់​បំពេញ​ភាព​ស្កប់ស្កល់​របស់​ខ្លួន​ដោយ​ទៅ​រក​ស្ត្រី ឬ​បុរស​ពេស្យា​ឲ្យ​កាន់​តែ​ច្រើន​ដែរ។ បំណង​ប្រាថ្នា​បែប​នេះ នឹង​នាំ​ឲ្យ​មាន​មនុស្ស​ប្រុស​ស្រី​កាន់​តែ​ច្រើន​ប្រឡូក​ក្នុង​ការ​រក​ស៊ី​ផ្លូវ​ភេទ ពីព្រោះ​គ្រឿង​អេឡិចត្រូនិក​របស់​យើង​នៅ​តាម​ផ្ទះ អាច​ក្លាយជា​តំបន់​រក​ស៊ី​ផ្លូវ​ភេទ​ដ៏​មាន​សក្ដានុពល»។ រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ជា​សាំង​ដែល​បញ្ឆេះ​ឲ្យ​មាន​ការ​រក​ស៊ី​ផ្លូវ​ភេទ និង​អាច​បង្កើត​ឲ្យ​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កាន់​តែ​ច្រើន​ឡើងៗ»។
«តើ​យើង​យល់​ពី​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​ដែរ​ឬទេ?គ្រប់​ពេល​ដែល​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​ណា​ម្នាក់​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត នោះ​មាន​ន័យ​ថា ពួកគេ​បាន​រួម​ចំណែក​ក្នុង​ការ​រក​ស៊ី​ផ្លូវភេទ​ហើយ ទោះ​បី​ជា​ពួកគេ​មើល​តែ​ម្នាក់​ឯង​ក្នុង​គ្រឿង​អេឡិចត្រូនិក​របស់​ខ្លួន​ក៏​ដោយ…»។

«មិន​ថា​យើង​គូស​សញ្ញា​ខ្វែង​ប៉ុន្មាន​ដង​នៅ​លើ​ដៃ​របស់​យើង ដើម្បី​ជា​សញ្ញា​បញ្ឈប់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នោះ​ទេ ល្គឹកណា​យើង​នៅ​តែ​ប្រើ​ដៃ​ដដែល​នោះ​ទៅ​បើក​មើល​រូប​ភាព​ពុំ​គប្បី​ទាំង​នោះ​លើ​បណ្ដាញ​អ៊ីនធឺណិត នោះ​មាន​ន័យ​ថា យើង​ក៏​កំពុង​តែ​បោក​ប្រាស់​ខ្លួន​ឯង ហើយ​វា​ជា​ការ​បោក​ប្រាស់​ដ៏​ធ្ងន់ធ្ងរ​បំផុត»។

តាម​ការ​ស្រាវ​ជ្រាវ​ពី​សាកលវិទ្យាល័យ ចន ហ៊ូមខិនស៍ (John Hopkins) ក៏​បាន​ឯក​ភាព​លើ​ចំណុច​នេះ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា មាន​ចំណុច​ទាក់ទង​គ្នា​ជា​ច្រើន​រវាង​ការ​ផលិត​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ជាមួយ​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ហើយ​គេ​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ទប់​ស្កាត់​ការ​ផលិត​រូបភាព ឬ​វីដេអូ​អាសអាភាស​អាច​នឹង​កាត់​បន្ថយ​អត្រា​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​បាន។

មាន​ភស្តុតាង​ជា​ច្រើន​ដែល​បាន​បង្ហាញ​អំពី​ចំណុច​នេះ។ ស្ត្រី​ដែល​បាន​រត់​គេចពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ តែងតែ​អះ​អាង​ថា ការ​ផលិត​រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ជា​សាំង​ដែល​នាំ​ឲ្យ​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ឆ្ពោះ​ទៅ​មុខ។ មេខ្យល់​តែងតែ​បង្ខំ​ស្ត្រី​ទាំង​នោះ​ឲ្យ​ថត​រូប​អាក្រាត ឬ​វីដេអូ​អាសអាភាស ហើយ​ក៏​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ពុត​ជា​​ខ្លួន​កំពុង​តែ​សប្បាយ​ពេល​កំពុង​ថត។ ស្ត្រី​ដែល​នៅ​ក្នុង​រូប​ភាព​ភាគ​ច្រើន គឺ​សុទ្ធសឹង​តែ​ជា​ទាស​ករ​ផ្លូវ​ភេទ ហើយ​មេខ្យល់​ក៏​បាន​ប្រើ​ប្រាស់​រូប​ភាព​ទាំង​នោះ ដើម្បី​បង្រៀន​ក្មេង​ស្រីៗ​អំពី​របៀប​រួមដំណេក​ទៀត​ផង។

ការ​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស មាន​ន័យ​ថា លោកអ្នក​កំពុង​តែ​រួម​ចំណែក​ក្នុង​ការ​ចាក់​សាំង​បញ្ឆេះ​ឲ្យ​មាន​ស្ត្រី ឬ​បុរស​ពេស្យា និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ក៏​ដូចជា​រូប​ភាព និង​វីដេអូ​ទាំង​នោះ​ដែរ។ នេះ​គឺជា​ចំណែក​មួយ​នៃ​ការ​ផ្គត់ផ្គង់​នូវ​តម្រូវ​ការ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​អំពើ​ពេស្យា និង​ការជួញដូរ​ផ្លូវ​ភេទ។

ចូរ​ចង​ចាំ​ចំណុច​នេះ​ឲ្យ​បាន​ច្បាស់​នៅ​ក្នុង​បញ្ញា​ចិត្ត​របស់​លោកអ្នក៖ ដោយ​សារ​ការ​ផលិត​រូប​ភាព​ពុំ​គប្បី​ទាំង​នោះ​វា​ជា​គ្រឿង​បញ្ឆេះ​ឲ្យ​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ដូច្នេះ​ការ​បណ្តោយ​ខ្លួន​ឲ្យ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ក្នុង​កម្រិត​ណា​ក៏​ដោយ គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ព្រោះ​ជន​ដែល​លោកអ្នក​កំពុង​មើល​ដោយ​មាន​តម្រេក​ស្រើបស្រាល កំពុង​តែ​ទទួល​បាន​កម្រៃ​ចេញ​ពី​រូបភាព​ទាំង​នោះ។ ហើយ​ចំណុច​សំខាន់​នោះ គឺ​គ្រប់​រូប​ភាព ឬ​វីដេអូ​ទាំង​អស់​សុទ្ធតែ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ជា​សាំង​បញ្ឆេះ​ឲ្យ​មាន​អំពើ​ពេស្យា និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។

៧.៣ តើ​មនុស្ស​ប្រុស​គួរ​គិត​ដូចម្តេច​ទាក់ទង​នឹង​រូប​ភាព និងវីដេអូ​អាសអាភាស?

តើ​ការ​ធ្វើ​ជា​មនុស្ស​ប្រុស​មាន​អត្ថន័យ​យ៉ាង​ដូច​ម្តេច? លោក​គ្រូ ចន ផាភ័រ បាន​ផ្តល់​អត្ថន័យ យ៉ាង​ល្អ​ទាក់ទង​នឹង​ភាព​ពេញ​លក្ខណៈ​របស់​មនុស្ស​ប្រុស ហើយ​ខ្ញុំ​គិត​ថា គ្មាន​នរណា​ម្នាក់​អាច​ផ្តល់​អត្ថន័យ​បាន​ល្អ​ជាង​លោក​ឡើយ៖ «ចំណុច​ស្នូល​នៃ​ភាព​ជា​បុរស​ពេញ​លក្ខណៈ គឺ​ជា​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹកនាំ ការ​ផ្គត់ផ្គង់ និង​ការ​ការពារ​មើល​ថែ​មនុស្ស​ស្រី​តាម​របៀប​ដែល​សម​ស្រប​ទៅ​នឹង​ទំនាក់​ទំនង​ផ្សេងៗ​គ្នា​របស់​មនុស្ស​ប្រុស»។ ត្រង់​ចំណុច​នេះ​ពុំ​មែន​មាន​ន័យ​ថា មនុស្ស​ប្រុស​ពូកែ​ហែល​ទឹក​ជាង​មនុស្ស​ស្រី​នោះ​ទេ ប៉ុន្តែ​មនុស្ស ប្រុស​ចង់​បង្ហាញ​ការ​ផ្តល់​កិត្តិយស​ដ៏​ជ្រាល​ជ្រៅ​បំផុត​ដល់​មនុស្ស​ស្រី និង​ក្មេងៗ។ ម៉្យាង​ទៀត ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ការពារ​មនុស្ស​ស្រី គឺ​ជា​កាតព្វកិច្ច​របស់​មនុស្ស​ប្រុស។ មួយ​វិញ​ទៀត មនុស្ស​ប្រុស​ពេញ​លក្ខណៈ​នឹង​បាន​ដឹង​ដោយ​ខ្លួន​ឯង​ថា ក្នុង​នាម​ជា​បុរស ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​មាន​ការ​នាំ​មុខ​ក្នុង​ការ​ការពារ​មនុស្ស​ស្រី​ដែល​គាត់​នៅ​ជា​មួយ»។ មួយ​វិញ​ទៀត​សោត មនុស្ស​ប្រុស​ត្រូវ​ប្រាកដ​ក្នុង​បញ្ញាចិត្ត​ថា ខ្លួន​មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​មនុស្ស​ស្រី ឬ​ក្មេងៗ​ឈឺចាប់​ឡើយ។ ការ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ជា​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឈឺចាប់។ ដូច​នេះ ចូរ​គិត​អំពី​រូប​ភាព ឬ​វីដេអូ​អាសអាភាស បែប​ជា​មនុស្ស​ប្រុស​គ្រប់លក្ខណ៍​ចុះ។

ក្រោយ​ពី​ការ​អាន​រឿងរ៉ាវ​របស់​នាង​ម៉ាលីហា​ដែល​មាន​អាយុ​៩​ឆ្នាំ​រួច​មក តើ​លោកអ្នក​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​នាង​ដែរ​ឬ​ទេ?តើ​លោកអ្នក​មាន​ចិត្ត​ខឹង​ឃ្នាន់ខ្នាញ់​ចំពោះ​អ្នក​ដែល​គាប​សង្កត់​នាង​ដែរ​ឬ​ទេ?មាន​រឿងរ៉ាវ​ជា​ច្រើន​រាប់​លាន​ទៀត ដែល​ស្រដៀង​នឹង​រឿង​រ៉ាវ​របស់​នាង​ម៉ាលីហា​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ផ្លូវ​ភេទ។ តើ​លោកអ្នក​ពុំ​មាន​អារម្មណ៍​ឈឺចាប់​ទេ​ឬ​អី នៅ​ពេល​ដែល​លោកអ្នក​បាន​ស្ដាប់​ឮ​អំពី​ការ​ដែល​មនុស្ស​ពេញ​វ័យ​ចាប់​កុមារី និង​ក្មេង​ស្រី​ជំទង់​យក​ទៅ​រំលោភ ឬ​យក​ពួក​គាត់​ទៅ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ?តើ លោកអ្នក​ពុំ​មាន​កំហឹង​ចំពោះ​អ្នក​ដែល​ធ្វើ​បាប​ក្មេងៗ និង​ក្មេង​ស្រី​ជំទង់​ទាំង​នោះ​ទេ​ឬ​អី?លោកអ្នក​ត្រូវតែ​មាន អារម្មណ៍​ខឹង និង​មាន​អារម្មណ៍​ឈឺ​ចាប់​ចំពោះ​អ្នក​ផលិត​រូប​ភាព ឬ​វីដេអូ​អាសអាភាស! កំហឹង​ដែល​លោកអ្នក​មាន នៅ​ពេល​ដែល​លោកអ្នក​បាន​ស្តាប់ ឬ​ក៏​អាន​រឿង​ដែល​មនុស្ស​ប្រុស​ដ៏​អាក្រក់​បាន​រំលោភ​ក្មេង​ស្រី​ដែល​មាន​អាយុ​ទើប​តែ​៩​ឆ្នាំ។ នេះ​គឺ​ជា​កំហឹង​ដែល​លោកអ្នក​ត្រូវ​តែ​មាន​ចំពោះ​អ្នក​ដែល​ផលិត​រូប​ភាព​មិន​ល្អ​ទាំង​នោះ​ដែរ។ លោកអ្នក​ត្រូវ​តែ​ស្អប់ ហើយ​ប្រឆាំង​ចំពោះ​អ្នក​ផលិត​រូបភាព ឬ​វីដេអូ​អាសអាភាស​ដូច​ដែល​លោកអ្នក​បាន​ស្អប់​ក្រុម​មនុស្ស​ប្រុស ដែល​រំលោភ​លើ​ស្ត្រី​ដែល​ទន់​ខ្សោយ​ពុំ​អាច​ជួយ​ខ្លួន​ឯង​បាន​យ៉ាង​ដូច្នោះ​ដែរ។ ហើយ​ប្រសិន​បើ​លោកអ្នក​ឃើញ មនុស្ស​ប្រុស​មួយ​ក្រុម​បាន​ព្រួត​គ្នា​រំលោភ​ស្ត្រី​តែ​ម្នាក់ តើ​លោកអ្នក​នឹង​ជួយ​ស្ត្រី​នោះ ឬ​ក៏​បង្កើត​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ស្រើបស្រាល​ឡើង? និយាយ​ឲ្យ​ត្រង់ បើ​លោកអ្នក​មិន​ទៅ​ជួយ​ស្ត្រី​នោះ នោះ​មាន​ន័យ​ថា លោកអ្នក​កំពុងតែ​បង្កើត​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ស្រើបស្រាល ដោយ​មាន​ការ​រួម​ចំណែក​ក្នុង​ការ​រំលោភ​នាង​ពី​ចម្ងាយ​រួច​ទៅ​ហើយ។

សរុប​សេចក្តី​មក នៅពេល​ដែល​លោកអ្នក​បណ្តោយ​ខ្លួន​ឲ្យ​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស នោះ​មាន​ន័យ​ថា លោកអ្នក​កំពុង​តែ​រួម​ចំណែក​ក្នុង​ការ​ជួញដូរ​ផ្លូវ​ភេទ។ ការ​ផលិត​រូប​ភាព និង​វីដេអូ​អាសអាភាស គឺ​ជា​ការ​ធ្វើ​បាប​មនុស្ស​ស្រី និង​ក្មេង​ស្រីៗ ព្រោះ​វា​បង្កើត​ឲ្យ​មាន​ស្ត្រី ឬ​បុរស​ពេស្យា និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។ មនុស្ស​ប្រុស​ដែល​ចេះ​ផ្តល់​កិត្តិយស​ដល់​មនុស្ស​ស្រី គឺ​ជា​មនុស្ស​ប្រុស​ដែល​ការពារ និង​មិន​ធ្វើ​បាប​ស្ត្រី និង​ក្មេង​ស្រីៗ។

សេចក្តី​បញ្ចប់

ហេតុ​ផល​ប្រាំពីរ​យ៉ាង​ដែល​លោកអ្នក​មិន​គួរ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព​អាសអាភាស៖

១. ការ​បណ្តោយ​ខ្លួន​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​នឹង​បណ្តាល​ឲ្យ​លោកអ្នក​ធ្លាក់​នរក។
២. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​ក្នុង​រូបកាយ​របស់​លោកអ្នក​ឡើយ។
៣. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ជា​ការ​សប្បាយ​ដ៏​ពិស​ពុល និង​មិន​ស្ថិត​ស្ថេរ។
៤. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​គឺ​ជា​ការ​បង្ហិន​បង្ហោច​ជីវិត​របស់​ខ្លួន។
៥. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​គឺ​ជា​ការ​ក្បត់​ប្រពន្ធ​កូន​ខ្លួន។
៦. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​គឺ​ជា​ការ​បំផ្លាញ​ខួរក្បាល និង​បញ្ញា​ចិត្ត​របស់​ខ្លួន។
៧. ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។

សេចក្ដី​អធិស្ឋាន

ឱ! ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​អើយ ទូលបង្គំ​សូម​អរគុណ​ព្រះអង្គ ដែល​ព្រះ​គុណ​របស់​ទ្រង់​បង្រៀន​ទូលបង្គំ​ឲ្យ​ចេះ​បដិសេធ​នូវ​អ្វី​ដែល​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ និង​តម្រេក​ស្រើបស្រាល​ក្នុង​កាមតណ្ហា​បែប​លោកីយ៍ ដែល​មាន​ដូច​ជា​ការ​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ជា​ដើម។ ទូលបង្គំ​​សូម​អរព្រះគុណ​ព្រះអង្គ​ដែល​ទ្រង់​ប្រទាន​ព្រះ​គុណ​ដល់​ទូលបង្គំ​ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​រស់​នៅ​ដោយ​ចេះ​គ្រប់​គ្រង​ចិត្ត​របស់​ខ្លួន​ឯង និង​ធ្វើ​អ្វី​ត្រឹម​ត្រូវ ព្រមទាំង​ចេះ​កោត​ខ្លាច​ទ្រង់​នៅ​ក្នុង​យុគ​សម័យ​នេះ ខណៈ​ពេល​ដែល​ទូលបង្គំ​ទន្ទឹង​រង់ចាំ​សេចក្ដី​សង្ឃឹម ដែល​មាន​ពេញ​ដោយ​ព្រះ​ពរ គឺ​ជា​ការ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះ​ដ៏​អស្ចារ្យ និង​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ​ក្នុង​សិរីល្អ​របស់​ទ្រង់។
អរ​ព្រះ​គុណ​ព្រះ​យេស៊ូវ​ដែល​បាន​សុគត​ជំនួសទូលបង្គំ​ ដើម្បី​នឹង​សង្គ្រោះទូលបង្គំ​​ចេញ​ពី​អំពើ​បាប​ដែល​មាន​ដូច​ជា​ការ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស​ជា​ដើម។ ដ្បិត​ទ្រង់​ក៏​បាន​សុគត ដើម្បី​នឹង​បន្សុទ្ធ​ពួក​យើង​ដែល​ជា​រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ដើម្បី​ឲ្យ​ពួក​យើង​ឧស្សាហ៍​ធ្វើ​ការ​ល្អ​ដែរ។ ឱ​ព្រះ​អង្គ​អើយ ទូលបង្គំ​ពិត​ជា​ត្រូវ​ការ​ព្រះ​គុណ​របស់​ទ្រង់​ណាស់! សូម​ព្រះ​អង្គ​ប្រទាន​ព្រះ​គុណ​របស់​ទ្រង់​មក ដើម្បី​កុំ​ឲ្យ​ទូលបង្គំ​​បណ្តោយ​ខ្លួន​ទៅ​មើល​រូប​ភាព ឬ​វីដេអូ​អាសអាភាស ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​ទូលបង្គំ​អាច​រក​ភាព​ស្កប់ស្កល់​នៅ​ក្នុង​ទ្រង់​វិញ។ អាម៉ែន។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Andrew David Naselli
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, លោក​គ្រូ ជឿន ជីវិចន្ធា, លោក ឯក ម៉ានិល, ​លោក ទេព រ៉ូ និង​លោក​ស្រី ថន​ ស្ថាពរ
ដកស្រង់ខ្លះៗចេញពី themelios.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

ជ្រាប​នូវ​តម្រូវការ​

កុំ​ចាក​ចេញ