១. ការរងទុក្ខគឺជាលទ្ធផលនៃការធ្លាក់ក្នុងអំពើបាប
ព្រះជាម្ចាស់បានណែនាំលោក អ័ដាម ថាការបរិភោគពីផ្លែឈើដែលព្រះអង្គបានហាមនឹងនាំមកនូវសេចក្ដីស្លាប់ជាលទ្ធផល (លោកុប្បត្ដិ ២)។ កណ្ឌគម្ពីរ រ៉ូម បានបញ្ជាក់ថា ការនេះបានកើតឡើងនៅពេលដែលលោក អ័ដាម បានធ្លាក់ចុះនៅក្នុងអំពើបាប «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ សេចក្ដីស្លាប់ (ដែលរួមមានទាំងការឈឺចាប់ និងការរងទុក្ខ) បានកើតមកពីលទ្ធផលនៃអំពើបាបដំបូង និងអំពើបាបដែលយើងកំពុងតែបន្តប្រព្រឹត្ត។ ការឈឺចាប់ ការរងទុក្ខ និងការស្លាប់—នៅក្នុងវាផ្ទាល់—គឺមិនល្អនោះទេ។
២. ព្រះជាម្ចាស់ប្រើប្រាស់ការរងទុក្ខសម្រាប់ជាការល្អវិញ
ចូរអរព្រះគុណព្រះអង្គ ដោយសារនៅក្នុងកណ្ឌគម្ពីររ៉ូមជំពួក៨បានប្រាប់យើងថា «គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះតម្រិះទ្រង់»។ ព្រះជាម្ចាស់មិនដែលប្រាប់យើងថាការឈឺចាប់របស់យើងគឺជាការល្អនោះទេ ប៉ុន្តែព្រះអង្គប្រើប្រាស់ការឈឺចាប់ ដើម្បីធ្វើការនោះសម្រាប់ការល្អរបស់យើងនៅក្នុងរបៀបដ៏អស្ចារ្យ និងអាថ៌កំបាំងរបស់ទ្រង់។
របៀបមួយដែលព្រះជាម្ចាស់ប្រើប្រាស់ការឈឺចាប់គឺ ដើម្បីដាស់តឿនយើង និងនាំយើងមកកាន់ព្រះអង្គផ្ទាល់។ ទំនោររបស់យើងនៅក្នុងអំឡុងពេលជួបការល្បងលគឺជាការរត់ចេញពីព្រះជាម្ចាស់ ខឹងជាមួយនឹងព្រះអង្គ ឬយកការកម្សាន្តបែបលោកីយ៍សម្រាប់សម្រាលបន្ទុករបស់ខ្លួន។ លោកគ្រូ ស៊ី. អេឆ. ស្ពើជិន (C. H. Spurgeon) បានលើកឡើងបានយ៉ាងត្រឹមត្រូវនៅពេលដែលគាត់បានលើកទឹកចិត្តយើងក្នុងការសម្លឹងមើលទៅឯព្រះជាម្ចាស់នៅក្នុងការឈឺចាប់របស់យើង។ គាត់បានសន្មតជាមួយនឹងឃ្លាដែលបានលើកឡើងថា «ខ្ញុំបានរៀនថើបទឹករលក [ការរងទុក្ខ] ដែលបានបោកខ្ញុំទៅកាន់ថ្មដា [ព្រះ]»។ យើងត្រូវតែទទួលស្គាល់ថា ព្រះជាម្ចាស់គ្រប់គ្រងលើគ្រប់កាលៈទេសៈទាំងអស់…ហើយព្រះអង្គទ្រង់ល្អ។ យើងត្រូវតែបើកភ្នែករបស់យើងនៅក្នុងការឈឺចាប់របស់យើង ហើយឲ្យឃើញថាគ្រប់កាលៈទេសៈរបស់យើងគឺកំពុងតែនាំយើងចូលទៅកាន់ព្រះអង្គ។
៣. យើងមិនអាចដឹងបានថាព្រះជាម្ចាស់កំពុងតែធ្វើអ្វីនៅក្នុងការឈឺចាប់របស់យើងនោះទេ
លោកគ្រូ អហ្គស្ទីន (Augustine) បានសរសេរអំពីព្រះជាម្ចាស់ និងពីកាលៈទេសៈរបស់យើង «ប្រសិនបើលោកអ្នកយល់ នោះមិនមែនជាព្រះជាម្ចាស់ដែលលោកអ្នកយល់នោះទេ»។ យើងមានការពិបាកក្នុងការពិនិត្យមើលនូវផ្ទៃខាងក្រៅនៃឆន្ទៈ ការបង្កើត និងព្រះប្រាជ្ញានៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ណាស់។ តើនរណាអាចផ្ដល់យោបល់ដល់ ឬរិះគន់ពីស្នាព្រះហស្តរបស់ទ្រង់បាន? កណ្ឌគម្ពីរ សុភាសិត ១៦:៤ បានលើកឡើងថា «ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង»។ យើងអាចទុកចិត្តថា ព្រះជាម្ចាស់តែងតែធ្វើច្រើនជាងអ្វីដែលយើងអាចយល់បាន។
៤. ព្រះជាម្ចាស់ប្រើប្រាស់ការរងទុក្ខ ដើម្បីឲ្យយើងពេញវ័យឡើងនៅក្នុងព្រះគ្រីស្ទ
កណ្ឌគម្ពីរ យ៉ាកុប ១ បានចែងថា «បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ»។ យើងអាចរាប់ការល្បងលថាជាសេចក្ដីអំណរបាន ពីព្រោះព្រះជាម្ចាស់កំពុងតែស៊ូទ្រាំជាមួយនឹងសេចក្ដីជំនឿរបស់យើង។ ព្រះអង្គកំពុងតែធ្វើឲ្យយើងកាន់តែមានលក្ខណៈដូចជាព្រះគ្រីស្ទ ហើយការទាំងនោះឯងតែងតែជាកម្រៃវិញ។
៥. ការស៊ូទ្រាំតាមរយៈការរងទុក្ខ អនុញ្ញាតឲ្យយើងអាចកម្សាន្តចិត្តអ្នកដទៃដែលរងទុក្ខដែរ
ព្រះជាម្ចាស់ជួយយើងឆ្លងកាត់ការរងទុក្ខ ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអ្នកដទៃដែលកំពុងរងទុក្ខដែរ។ កណ្ឌគម្ពីរ ២កូរិនថូស ១:៣-៤ បានចែងថា «សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្ដីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កម្សាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកម្សាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ គឺដោយសារសេចក្ដីក្សាន្តនោះឯង ដែលព្រះបានកម្សាន្តចិត្តយើងស្រេចហើយ»។ អ្នកទទួលបន្ទុកដ៏ល្អបំផុតគឺជាអ្នកដែលត្រូវការនរណាម្នាក់ផ្សេងទៀតឲ្យមកជួយសម្រាលបន្ទុករបស់ខ្លួនដែលមានពីអតីតកាល។
៦. ការរងទុក្ខបើកបង្ហាញអំពីឱកាសព័ន្ធកិច្ចដែលលោកអ្នកមិនធ្លាប់ស្រមៃដល់
ដោយសារខ្ញុំធំធាត់ឡើងដោយមានរាងកាយដែលរឹងមាំ នោះខ្ញុំមិនបានដឹងថា ថ្ងៃមួយជីវិតរបស់ខ្ញុំ និងព័ន្ធកិច្ចរបស់ខ្ញុំរួមបញ្ចូលជាមួយការលើកទឹកចិត្តដល់ពួកអ្នកកំពុងឈឺចាប់ និងជួយដល់អស់អ្នកដែលមើលថែអស់អ្នកដែលកំពុងឈឺចាប់ទេ។ ខ្ញុំជាម្នាក់ដែលមានការឈឺចាប់ឥតឈប់ឈរ—ជារៀងរាល់ថ្ងៃ ខ្ញុំមានអារម្មណ៍ថាវេទនា និងមានការឈឺចុកចាប់នៅដៃទាំងពីររបស់ខ្ញុំខ្លាំងមែនទែន។ ខ្ញុំមិនអាចសូម្បីដាក់ខ្សែក្រវាត់ពេលជិះឡាន បើកគម្របដបទឹក បិទឡេវអាវខ្លួនឯង ឬក៏ចាប់ដៃជាមួយមិត្តភក្ដិរបស់ខ្ញុំផង។ នៅក្នុងកំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំចាប់ផ្ដើមមានរោគសញ្ញាស្រដៀងគ្នានេះដែរដែលបានកើតឡើងនៅលើជើងរបស់ខ្ញុំ។ ថ្ងៃខ្លះ វាឈឺពិបាកទ្រាំងខ្លាំងណាស់។ ស្ទើរតែរាល់យប់ខ្ញុំមានការពិបាកក្នុងការគេង។ ហើយជម្ងឺបាក់ទឹកចិត្តបានរុំព័ទ្ធខ្ញុំជាច្រើនលើកច្រើនសារ។
ទោះជាយ៉ាងណាក្ដី ក៏ព្រះគុណរបស់ព្រះជាម្ចាស់បានបើកបង្ហាញឲ្យឃើញនៅក្នុងពន្លឺដ៏ភ្លឺចែងចាំងតាមរយៈឱកាសដែលព្រះអង្គបានប្រទានមកកាន់ខ្ញុំក្នុងការលើកទឹកចិត្តដល់អ្នកដទៃទៀត។ ព្រះអង្គបានប្រទានព្រះគុណដល់ខ្ញុំក្នុងការធ្វើជាគ្រូគង្វាលខណៈពេលដែលខ្ញុំទន់ខ្សោយ និងប្រកាសដល់អ្នកដទៃទៀតអំពីសេចក្ដីស្រឡាញ់ដែលមិនប្រែប្រួលរបស់ព្រះអង្គ។ ខ្ញុំមិនដែលបានជ្រើសរើស ឬមានក្ដីស្រមៃអំពីព័ន្ធកិច្ចដូចនេះឡើយ—ព្រះអម្ចាស់បានធ្វើការយ៉ាងអស្ចារ្យ។
៧. ព្រះជាម្ចាស់ធ្វើការតាមរយៈភាពកម្សោយ និងការរងទុក្ខ មិនមែនដោយសារវានោះទេ
ជំនឿគ្រីស្ទបរិស័ទបង្រៀនថា គោលបំណង (នៅក្នុងជីវិតនេះ) គឺមិនមែនធ្វើឲ្យលែងមានការឈឺចាប់ និងភាពទន់ខ្សោយទៀតនោះទេ ប៉ុន្តែគឺសម្រាប់ព្រះជាម្ចាស់ដែលការធ្វើការនៅក្នុង និងតាមរយៈការរងទុក្ខរបស់លោកអ្នកវិញ។ សាវ័ក ប៉ុល មានបន្លា១នៅក្នុងសាច់ឈាមរបស់គាត់ ហើយបានទូលសូមព្រះជាម្ចាស់ជាច្រើនដង ដើម្បីដកវាចេញ ប៉ុន្តែគាត់នៅតែមានដដែល (២កូរិនថូស ១២:៧)។ អាចមានគេឆ្ងល់ថា តើព័ន្ធកិច្ចរបស់សាវ័ក ប៉ុល នឹងអស្ចារ្យយ៉ាងណា ប្រសិនបើព្រះជាម្ចាស់មិនបានដាក់បន្លា១នោះនៅក្នុងគាត់។ ទោះបើគាត់មានបន្លានោះក៏ដោយ ក៏ព្រះជាម្ចាស់មិនបានប្រើប្រាស់សាវ័ក ប៉ុល ដែរ ប៉ុន្តែគឺតាមរយៈបន្លារបស់គាត់នោះវិញ។ ព្រះជាម្ចាស់មិនមែនធ្វើឲ្យយើងរងទុក្ខ ដើម្បីឲ្យទ្រង់អាចធ្វើការបាននោះទេ ប៉ុន្តែទ្រង់យកការរងទុក្ខនោះមកប្រើការ។ ភាពកម្សោយគឺជារបៀបរបស់ព្រះជាម្ចាស់ក្នុងការធ្វើការនៅក្នុងផែនដីនេះ។
៨. ទស្សនៈរបស់យើងបែបលោកីយ៍នេះចំពោះកំឡុងពេលនៃការរងទុក្ខ គឺមានភាពខុសគ្នាពីព្រះជាម្ចាស់ទាំងស្រុង
លោក ណូអេ បានធ្វើទូក ហើយរង់ចាំទឹកជំនន់។ លោក អ័ប្រាហាំ និងនាង សារ៉ា បានរងចាំក្នុងការមានកូនអស់ជាច្រើនឆ្នាំ។ លោក យ៉ូសែប បានជាប់គុកអស់ជាច្រើនឆ្នាំ។ លោក ម៉ូសេ បានវង្វេងនៅទីរហោស្ថានអស់រយៈពេល៤០ឆ្នាំ។ នាង ហាណា បានយំឥតឈប់ឈរក្នុងការរងចាំឲ្យមានកូន។ លោក ដាវីឌ បានរត់គេចខ្លួនពីស្ដេចដ៏កំណាចអស់រយៈពេល១៣ឆ្នាំនៅទីរហោស្ថាន។ ហោរា យេរេមា (ដែលមានងារថា «ហោរាទឹកភ្នែក») បានអធិប្បាយ ហើយក៏មិនឃើញមានផលផ្លែអស់រយៈពេលជាច្រើនទសវត្សដែរ។ សាវ័ក ប៉ុល បានប្រឈមនឹងការជាប់គុកម្ដងហើយម្ដងទៀត។ កណ្ឌគម្ពីរ ២កូរិនថូស ៤:១៧ បានផ្ដល់ឲ្យយើងនូវទស្សនៈវិស័យយ៉ាងល្អនៅពេលដែលយើងមានការតស៊ូជាមួយនឹងការល្បងលផ្សេងៗ «ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ»។
៩. ការរងទុក្ខអាចជំរុញយើងឲ្យចូលទៅក្នុងសង្គម
ការរងទុក្ខរបស់ខ្ញុំបានបណ្ដាលឲ្យខ្ញុំពឹងផ្អែកទៅលើសហគមន៍ដែលទទួលជឿព្រះអង្គក្នុងការជួយ បម្រើ លើកទឹកចិត្ត និងជួយអធិស្ឋាន។ ទោះបើតាមរយៈការស្វែងរកជំនួយគឺជាការបន្ទាបខ្លួនក៏ដោយ ក៏វាមានអត្ថប្រយោជន៍បន្ថែមក្នុងការបង្កើតមិត្តភាពដែរ។ ខ្ញុំគិតអំពីការជិះឡានជាមួយគ្នាដែលមិត្តភក្ដិរបស់ខ្ញុំ វិសាល និង តុលា បានឲ្យខ្ញុំជិះឡានជាមួយអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំគិតអំពីការលើកទឹកចិត្តរបស់ ធាវី ខ្ញុំបានគិតអំពីការនិយាយទូរស័ព្ទជាមួយ ភារម្យ ដែលបានទូរស័ព្ទមកពីពាក់កណ្ដាលពិភពលោក និងអំពីសាររបស់ គន្ធា និង រក្សា។ នៅពេលដែលយើងតយុទ្ធក្នុងការដកខ្លួនឯងចេញពីសង្គម នោះព្រះជាម្ចាស់ប្រទានពរឲ្យយើងមានការប្រកបគ្នាយ៉ាងជិតស្និទ្ធ។
១០. ជំនឿគ្រីស្ទបរិស័ទគឺជាដំណោះស្រាយតែមួយគត់ចំពោះរងទុក្ខ
គ្រប់សាសនាផ្សេងៗមិនមានមធ្យោបាយគ្រប់គ្រាន់ក្នុងការដោះស្រាយជាមួយនឹងការឈឺចាប់ និងការរងទុក្ខនោះទេ។ អ្នកខ្លះនៅក្នុងបច្ចុប្បន្ននេះមានផែនការក្នុងការគេចចេញពីភាពពិតនៃភាពឈឺចាប់។ អ្នកខ្លះទៀតបានបង្រៀនអំពីរបៀបក្នុងការរម្ងាប់កំហឹងរបស់ព្រះនានា។ អ្នកខ្លះបានសរសើរពីទស្សនៈនៃកម្មផល។ ហើយអ្នកខ្លះទៀតបានផ្ដោតទៅលើការខំប្រឹងធ្វើល្អ ដើម្បីទទួលបានស្ថានសួគ៌—ជាកន្លែងមួយដែលមិនមានការឈឺចាប់ និងមានភាពសប្បាយរីករាយដែលគ្មានដែនកំណត់។
ប៉ុន្តែ មានតែជំនឿគ្រីស្ទបរិស័ទតែមួយគត់ទេ ដែលផ្ដល់នូវសេចក្ដីសង្ឃឹមដ៏ពិតសម្រាប់អ្នកដែលកំពុងឈឺចាប់។ ការរងទុក្ខ និងសេចក្ដីស្លាប់គឺជារឿងដែលគេចមិនផុតសម្រាប់យើងទាំងអស់គ្នា ប៉ុន្តែយើងអាចមានសេចក្ដីសង្ឃឹមបានដោយសារមានម្នាក់ដែលបានឆ្លងកាត់មុនយើងនៅក្នុងសេចក្ដីស្លាប់រួចហើយ។ គឺព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះ១០០ភាគរយ និងជាមនុស្ស១០០ភាគរយ បានរស់នៅក្នុងជីវិតដែលមិនមានបាបទាល់តែសោះជំនួសយើង។ ព្រះអង្គបានប្រឈមមុខនឹងសេចក្ដីល្បួង និងការល្បងលផ្សេងៗ—ព្រះអង្គត្រូវបានអ្នកដែលនៅជិតព្រះអង្គបំផុតក្បត់ ចំអក មានអារម្មណ៍ឈឺចាប់ ការឈឺចាប់ផ្នែករាងកាយ ហើយដែលសំខាន់បំផុតនោះគឺព្រះអង្គត្រូវបានព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានដាក់ទោសទ្រង់ផងដែរ។
នៅពេលដែលព្រះយេស៊ូវបានជាប់នៅលើឈើឆ្កាងដោយទទួលផ្ទុកនូវទម្ងន់នៃអំពើបាបរបស់មនុស្ស ព្រះអង្គមិនមែនគ្រាន់តែបានប្រឈមមុខទៅនឹងសេចក្ដីស្លាប់ដ៏អាក្រក់បំផុតដែលនឹកស្មានមិនដល់នោះទេ (ជាការដាក់ទោសសម្រាប់តែអ្នកណាដែលមានបទឧក្រិដ្ឋដែលអាក្រក់ជាងគេប៉ុណ្ណោះ) ព្រះអង្គក៏ប្រឈមមុខនឹងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលបានចាក់ពីពែងរបស់ទ្រង់ទៀតផង។ ប៉ុន្តែ រឿងនេះមិនបានបញ្ចប់ត្រឹមការសុគតរបស់ព្រះយេស៊ូវប៉ុណ្ណេះនោះទេ។
បីថ្ងៃក្រោយមក ព្រះអង្គបានយាងចេញពីផ្នូរ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញហើយ។ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវមានន័យថា ការឈឺចាប់ និងការល្បងលរបស់យើង ហើយសូម្បីតែការស្លាប់របស់យើងក៏មិនមែនជាការបញ្ចប់នៃដំណើររឿងដែរ។
មតិយោបល់
Loading…