in

សំណូម​ពរ​១៨​យ៉ាង

18 Prayers to Pray for Unbelievers

ថ្មីៗ​នេះ យើង​ខ្ញុំ​មាន​មិត្តភក្ដិ​ម្នាក់​ដែល​បាន​សួរ​ដូច​ត​ទៅ៖ តើ​ខ្ញុំ​គួរ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​មិន​ជឿ​បាន​ដោយ​របៀប​ណា? តើ​ខ្ញុំ​អាច​អធិស្ឋាន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​បាន​ដោយ​របៀប​ណា​ទៅ? យើង​ខ្ញុំ​សង្ឃឹម​ថា រាល់​គ្រប់​គ្រីស្ទ​បរិស័ទ​ទាំង​អស់​សុទ្ធ​តែ​អធិស្ឋាន​យ៉ាង​ជាប់​លាប់​សម្រាប់​ក្រុម​គ្រួសារ មិត្តភក្ដិ អ្នក​ធ្វើ​ការ​ជាមួយ ឬ​ក៏​អ្នក​ជិត​ខាង​ដែល​មិន​ទាន់​បាន​ស្គាល់​ព្រះ​អម្ចាស់​នៅ​ឡើយ។ ហើយ​ទោះ​បើ​យើង​អាច នោះ​យើង​ក៏​ត្រូវ​តែ​អធិស្ឋាន​សម្រាប់​ចំណុច​ទាក់​ទង​នឹង​ជីវិត និង​កាល:ទេស:​របស់​ពួក​គាត់​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ផ្ដោត​លើ​ការ​អធិស្ឋាន​របស់​យើង​ទៅ​លើ​សេចក្ដី​សង្គ្រោះ​របស់​ពួក​គាត់​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន​ដែល​ព្រះ​គម្ពីរ​ដឹក​នាំ​ការ​អធិស្ឋាន​របស់​យើង៖

សំណូម​ពរ​សម្រាប់​សេចក្ដី​សង្គ្រោះ

យើង​ចាប់​ផ្ដើម​ដោយ​ការ​អធិស្ឋាន​សម្រាប់​សេចក្ដី​សង្គ្រោះ។ រាល់​សំណូម​ពរ​ទាំង​នេះ​ផ្ដោត​លើ​ចំណុច​ដូចៗ​គ្នា ប៉ុន្តែ​ក្នុង​របៀប​ខុសៗ​គ្នា ឬ​ក៏​ពី​ជ្រុង​ផ្សេងៗ​គ្នា ឬ​ក៏​ប្រើ​ពាក្យ​ពេចន៍​ខុសៗ​គ្នា។ រាល់​ចំណុច​ទាំង​អស់​មាន​មូល​ដ្ឋាន​លើ​បទ​គម្ពីរ​យ៉ាង​ចំៗ។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​កាត់​ស្បែក​ចិត្ត​របស់​ពួក​គេ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ការ​កាត់​ស្បែក​គឺ​ជា​ចំណុច​សម្គាល់​មួយ​នៃ​ការ​ចូល​ក្នុង​សេចក្ដី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់ គឺ​ជា​សញ្ញា​សម្គាល់​មួយ​ដែល​ថា​គាត់​ជា​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់។ ការ​មាន​ការ​កាត់​ស្បែក​ចិត្ត​គឺ​ជា​សេចក្ដី​តំណាង​ឲ្យ​មាន​ចិត្ត​រួម​នឹង​ព្រះ​ជាម្ចាស់​ទាំង​ស្រុង​និង​ការ​ចុះ​ចូល​នឹង​ទ្រង់​យ៉ាង​ពេញ​ទី។ «ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង ហើយ​និង​ចិត្ត​របស់​ពូជ​ឯង​ផង ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ» (ចោទិយកថា ៣០:៦)។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ផ្ដល់​ចិត្ត​ជា​សាច់​ឈាម​ដល់​ពួក​គាត់។ ព្រះ​គម្ពីរ​បាន​ប្រៀប​ធៀប​ចិត្ត​ខាង​ឯ​សាច់​ឈាម—ចិត្ត​ដែល​មាន​ជីវិត និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ព្រះ​ជាម្ចាស់—ទៅ​នឹង​ចិត្ត​ថ្ម ដែល​ជា​ចិត្ត​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ចេះ​ចុះ​ចូល​សោះ។ ចូរ​អធិស្ឋាន​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ការ​ក្នុង​ចិត្ត​អស់​អ្នក​ណា​ដែល​មិន​មែន​ជា​អ្នក​ជឿ​ឲ្យ​មាន​ការ​បំផ្លាស់​បំប្រែ​ចិត្ត​ចុះ។ «រួច​អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​តែ​១ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី នៅ​ក្នុង​ឯង​រាល់​គ្នា អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ» (អេសេគាល ១១:១៩)។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ដាក់​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ក្នុង​ពួក​គាត់។ ការ​ដែល​ព្រះ​ជាម្ចាស់​ផ្ទាល់​យាង​មក​គង់​ក្នុង​យើង​គឺ​ជា​អំណរ​ដ៏​មហិមា​មួយ​នៃ​ការ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​កិត្តិយស​មួយ​នេះ​ទៅ​កាន់​អ្នក​មិន​ជឿ​ចុះ ដោយ​ទូល​សូម​ឲ្យ​ទ្រង់​ជ្រើស​រើស​មក​គង់​នៅ​ជាមួយ​នឹង​ពួក​គាត់។ «អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្ដាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ​ក្រម ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង» (អេសេគាល ៣៦:២៧)។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ពួក​គាត់​បែរ​ទៅ​កាន់​ព្រះ​គ្រីស្ទ។ មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ការ​ឲ្យ​អ្នក​មិន​ជឿ​ទទួល​បាន​នូវ​សេចក្ដី​សង្គ្រោះ។ ពួក​គាត់​ត្រូវ​តែ​ទៅ​តាម​រយៈ​ព្រះ​គ្រីស្ទ គឺ​ព្រះ​គ្រីស្ទ​តែ​មួយ​អង្គ​គត់។ «ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ”» (យ៉ូហាន ១៤:៦)។ ចូរ​ចងចាំ​ផង​ដែរ​ថា​គឺ​ព្រះ​អង្គ​ផ្ទាល់​ដែល​ជា​អង្គ​ត្រាស់​ហៅ​ពួក​គាត់​ឲ្យ​ទៅ​កាន់​ទ្រង់ ហើយ​ក៏​ជា​អង្គ​ដែល​រំដោះ​ពួក​គាត់​ចេញ​ពី​ទុក​លំបាក​នៃ​អំពើ​បាប​របស់​ពួក​គាត់ (ម៉ាថាយ ១១:២៨-៣០)។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បើក​ចិត្ត​ពួក​គាត់​ក្នុង​ការ​ទទួល​ជឿ​ដំណឹង​ល្អ។ ជា​ថ្មី​ម្ដង​ទៀត ព្រះ​ជាម្ចាស់​ត្រូវ​ធ្វើ​អង្គ​ដែល​ចាប់​ផ្ដើម ហើយ​មនុស្ស​ម្នា​ត្រូវ​តែ​ឆ្លើយ​តប។ ដូច្នេះ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បើក​ចិត្ត​អស់​អ្នក​ដែល​មិន​ជឿ ដើម្បី​ឲ្យ​ពួក​គាត់​អាច​នឹង​ឆ្លើយ​តប​ដោយ​ទទួល​ជឿ ដូច​លោក​ស្រី លីឌា។ «ហើយ​ព្រះ​អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ» (កិច្ចការ ១៦:១៤)។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​រំដោះ​ពួក​គាត់​ចេញ​ពី​ទាសករ​នៃ​អំពើ​បាប។ អ្នក​មិន​ទាន់​បាន​ទទួល​ជឿ​ទំនង​ជា​គិត​ថា ខ្លួន​មាន​សេរី​ភាព ប៉ុន្តែ​តាម​ពិត​ទៅ ពួក​គាត់​ជា​ទាសករ​នៅ​ឡើយ។ ពួក​គាត់​ជា​ទាសករ​នៃ​អំពើ​បាប ជាប់​ចំណង​ដោយ​អំពើ​បាប​របស់​ខ្លួន​ឯង។ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​រំដោះ​ពួក​គាត់​តាម​រយៈ​ដំណឹង​ល្អ​របស់​ទ្រង់។ «ឯ​អ្នក​រាល់​គ្នា ពី​ដើម​ជា​បាវ​បម្រើ​របស់​អំពើ​បាប​មែន ប៉ុន្តែ​អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ ឥឡូវ​នេះ បាន​ស្ដាប់​ដោយ​ស្ម័គ្រ​ពី​ចិត្ត តាម​ក្បួន​នៃ​លទ្ធិ ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា» (រ៉ូម ៦:១៧)។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ដក​នូវ​ឥទ្ធិពល​នៃ​ភាព​ខ្វាក់​របស់​អារក្ស​ចេញ​ពី​ពួក​គាត់។ អារក្ស​សាតាំង​បាន​ធ្វើ​ឲ្យ​អ្នក​មិន​បាន​ជឿ​ខ្វាក់ ហើយ​មាន​តែ​តាម​រយៈ​ការ​ដែល​ព្រះ​ជាម្ចាស់​ធ្វើ​ការ​ក្នុង​ចិត្ត​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ​ទេ​ទើប​ពួក​គាត់​អាច​នឹង​មាន​ភ្នែក​ក្នុង​ការ​មើល​ឃើញ និង​ឲ្យ​តម្លៃ​លើ​ដំណឹង​ល្អ​បាន។ ដូច្នេះ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​ពួក​គាត់​អាច​ទទួល​បាន​ការ​មើល​ឃើញ—ការ​មើល​ឃើញ​ខាង​ឯ​វិញ្ញាណ។ «ជា​ពួក​អ្នក ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ ក្រែង​រស្មី​ពន្លឺ​នៃ​ដំណឹង​ល្អ ដែល​សម្ដែង​ពី​សិរី​ល្អ​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​រូប​អង្គ​ព្រះ បាន​ភ្លឺ​មក​ដល់​គេ» (២កូរិនថូស ៤:៤)។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​ពួក​គាត់​មាន​ការ​កែ​ប្រែ​ចិត្ត។ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ នោះ​អ្នក​មិន​ជឿ​ក៏​មិន​អាច​កែ​ប្រែ​ចិត្ត​បាន​ដែរ។ ដូច្នេះ ចូរ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ការ​កែ​ប្រែ​ចិត្ត​ដល់​ពួក​គាត់ ដើម្បី​ឲ្យ​ការ​កែ​ប្រែ​ចិត្ត​មួយ​នេះ​អាច​នឹង​នាំ​ឲ្យ​ពួក​គាត់​ទទួល​ចំណេះ​ដឹង​នៃ​សេចក្ដី​ពិត​បាន។ ហើយ​ចូរ​អធិស្ឋាន​ឲ្យ​ពួក​គាត់​ដឹង​ស្មារតី​ឡើង​វិញ​ផង និង​ដើម្បី​ឲ្យ​ពួក​គាត់​អាច​គេច​ផុត​ពី​អន្ទាក់​របស់​ពួក​អារក្ស​សាតាំង​ដែរ។ «ក្រែង​ព្រះ​ទ្រង់​នឹង​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​វិញ ហើយ​គេ​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង ឲ្យ​ផុត​ពី​អន្ទាក់​របស់​អារក្ស ដែល​វា​បាន​ចាប់​គេ​ប្រើ​តាម​ចិត្ត​នោះ» (២ធីម៉ូថេ ២:២៥-២៦)។

សំណូម​ពរ​អធិស្ឋាន​សម្រាប់​លោក​អ្នក

លោក​អ្នក​បាន​អធិស្ឋាន​សម្រាប់​អ្នក​មិន​ជឿ ដោយ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ខុសៗ​គ្នា និង​ដោយ​ចេញ​ពី​ជ្រុង​ជ្រោយ​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ ឥឡូវ​នេះ​លោក​អ្នក​ក៏​គួរ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​ផង​ដែរ៖

ចូរ​អធិស្ឋាន​ឲ្យ​ខ្លួន​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ពួក​គាត់។ ដើម្បី​ឲ្យ​បុគ្គល​ណា​ម្នាក់​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ ជា​ដំបូង​គាត់​ត្រូវ​តែ​ឮ​ចំណុច​ល្អ​នៃ​ដំណឹង​ល្អ​ជា​មុន​សិន។ ដើម្បី​ឲ្យ​គាត់​អាច​នឹង​ឮ​ចំណុច​ល្អ​នៃ​ដំណឹង​ល្អ​បាន ជា​ដំបូង​គាត់​ត្រូវ​តែ​ជួប​គ្រីស្ទ​បរិស័ទ​សិន—ពោល​គឺ​គ្រីស្ទ​បរិស័ទ​ដូច​លោក​អ្នក​ផ្ទាល់។ ចូរ​អធិស្ឋាន​ឲ្យ​លោក​អ្នក​អាច​បង្កើត​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​កាន់​តែ​មាន​ន័យ​ជា​មួយ​នឹង​ពួក​គាត់ ដើម្បី​ឲ្យ​លោក​អ្នក​អាច​នឹង​និយាយ​ពី​សេចក្ដី​ពិត​ដល់​គាត់​បាន។ «ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ​នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ» (រ៉ូម ១០:១៤)។

ចូរ​អធិស្ឋាន​ឲ្យ​មាន​ឱកាស​ធ្វើ​ព័ន្ធ​កិច្ច​ជា​មួយ​ពួក​គាត់។ មាន​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ជឿ​បន្ទាប់​ពី​ពួក​គាត់​ឃើញ​ក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​មាន​តាម​រយៈ​ព័ន្ធ​កិច្ច​របស់​គ្រីស្ទ​បរិស័ទ។ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​ឱកាស​ក្នុង​ការ​ធ្វើ​ព័ន្ធ​កិច្ច​ជា​មួយ​នឹង​អ្នក​មិន​ជឿ​ចុះ ដើម្បី​ឲ្យ​ព័ន្ធ​កិច្ច​នោះ​អាច​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​បាន។ «ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​តម្កើង ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌» (ម៉ាថាយ ៥:១៦)។

ចូរ​អធិស្ឋាន​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់ និង​ភាព​ជាប់​លាប់​សម្រាប់​ពួក​គាត់។ សេចក្ដី​ល្បួង​របស់​យើង​គឺ៖ ចាប់​ផ្ដើម​មាន​ការ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​អធិស្ឋាន​របស់​យើង ដោយ​គ្រាន់​តែ​អធិស្ឋាន​មួយ​រយៈ ហើយ​ពេល​ដែល​យើង​មិន​ឃើញ​មាន​ផល​ផ្លែ​ដែល​យើង​អាច​នឹង​ទទួល​បាន នោះ​យើង​ក៏​ឈប់​អធិស្ឋាន។ ប៉ុន្តែ ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​មាន​ការ​តស៊ូ​ក្នុង​ការ​អធិស្ឋាន​របស់​យើង។ «ចូរ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះ​គុណ» (កូឡូស ៤:២ សូម​អាន​ផង​ដែរ​អំពី​រឿង​ប្រៀប​ប្រដូច​នៃ​ស្ត្រី​មេម៉ាយ​ដែល​អធិស្ឋាន​ឥត​ឈប់​ឈរ​ក្នុង​កណ្ឌ​គម្ពីរ លូកា ១៨:១-៨)។

ចូរ​អធិស្ឋាន​ឲ្យ​មាន​ចិត្ត​ក្ដុកក្ដួល​អាណិត​ក្នុង​ការ​ទូល​សូម​ឲ្យ​បាន​ព្រលឹង​វិញ្ញាណ​របស់​ពួក​គាត់។ សាវ័ក ប៉ុល មាន​ចិត្ត​ក្នុង​ការ​ប្រាប់​ក្រុម​ជំនុំ​រ៉ូម​អំពី​ការ​ចង់​ឃើញ​យ៉ាង​ខ្លាំង​របស់​គាត់​ឲ្យ​មនុស្ស​បាត់​បង់​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ តើ​លោក​អ្នក​មាន​ចិត្ត​បែប​នោះ​ដែរ​ឬ​ទេ? ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​លោក​អ្នក​មាន​ចិត្ត​ក្ដុកក្ដួល​អាណិត​សម្រាប់​ព្រលឹង​ទាំង​នោះ។ «បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ នឹង​សេចក្ដី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ​សាសន៍​អ៊‌ីស្រាអែល នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ» (រ៉ូម ១០:១)។

ចូរ​អធិស្ឋាន​ឲ្យ​មាន​ចិត្ត​ក្លា​ហ៊ាន​ក្នុង​ការ​ផ្ដើម ក៏​ដូច​ជា​ឆក់​យក​ឱកាស​ក្នុង​ការ​និយាយ​អំពី​ដំណឹង​ល្អ។ សូម្បី​តែ​សាវ័ក ប៉ុល ក៏​ចង់​មាន​ចិត្ត​ក្លា​ហ៊ាន និង​ទំនុក​ចិត្ត ដើម្បី​ឲ្យ​គាត់​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ ក៏​ដូច​ជា​អាច​នឹង​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដ៏​ល្អ​បំផុត​បាន​ដែរ។ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ចិត្ត​ក្លា​ហ៊ាន ហើយ​ពេល​ដែល​លោក​អ្នក​ឆក់​យក​ឱកាស ចូរ​សូម​ឲ្យ​ទ្រង់​រៀប​ចំ​ពាក្យ​ពេចន៍​ដែល​លោក​អ្នក​នឹង​ប្រើ​ប្រាស់​ដែរ។ «ហើយ [អធិស្ឋាន] ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្ដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សម្ដែង​ពី​សេចក្ដី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ» (អេភេសូរ ៦:១៩)។

ចូរ​អធិស្ឋាន​ឲ្យ​ពួក​គាត់​ជួប​អ្នក​ជឿ​ផ្សេង​ទៀត​ផង​ដែរ។ ស្ទើរ​តែ​គ្រប់​ពេល​យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​តែង​តែ​ប្រើ​ប្រាស់​មនុស្ស​ម្នា​ជា​ច្រើន​នាក់​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ម្ដង​ហើយ​ម្ដង​ទៀត​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​មុន​គាត់​អាច​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ ដូច្នេះ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​នាំ​គ្រីស្ទ​បរិស័ទ​ផ្សេងៗ​ទៀត​មាន​ចំណែក​ក្នុង​ជីវិត​អ្នក​ដែល​មិន​ជឿ ដែល​លោក​អ្នក​ស្រឡាញ់ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ឱកាស​ដែរ​ក្នុង​ការ​បង្ហាញ​ជា​គំរូ​នៃ​ការ​រស់​នៅ​បែប​គ្រីស្ទ​បរិស័ទ ហើយ​ក៏​ដើម្បី​ឲ្យ​ពួក​គាត់​អាច​នឹង​ផ្សាយ​ដំណឹង​ល្អ​ដែរ។ «ខ្ញុំ​បាន​សាប​ព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង​នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ» (១កូរិនថូស ៣:៦)។

សំណូម​ពរ​អធិស្ឋាន​ផ្សេងៗ

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ផ្ដោត​ចេញ​ពី​ព្រះ​គម្ពីរ​មួយ​ចំនួន​ទៀត ដើម្បី​ដឹក​នាំ​ការ​អធិស្ឋាន​របស់​លោក​អ្នក៖

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រើ​ប្រាស់​នូវ​រាល់​កាលៈទេសៈ​មួយ​ណា​ក៏​បាន​ក្នុង​ការ​ធ្វើ​ព័ន្ធ​កិច្ច​របស់​ព្រះ​អង្គ​ក្នុង​ពួក​គាត់។ យើង​អធិស្ឋាន​ទៅ​ឯ​ព្រះ​ជាម្ចាស់​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព ហើយ​ព្រះ​អង្គ​ក៏​សម្រេច​ព័ន្ធ​កិច្ច​របស់​ទ្រង់​ដោយ​មាន​ការ​គ្រប់​គ្រង​ផង​ដែរ។ ជា​រឿយៗ ព្រះ​អង្គ​សង្គ្រោះ​មនុស្ស​យើង​ចេញ​ពី​កាលៈទេសៈ​លំបាក​លំបិន​នានា គឺ​តាម​រយៈ​ការ​នាំ​ឲ្យ​ពួក​គាត់​ឈាន​ដល់​ដំណាក់​ដែល​ថា ខ្លួន​មិន​អាច​ទី​ពឹង​ខ្លួន​ឯង​បាន​ទៀត​ឡើយ។ ដូច្នេះ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​រៀប​រៀង​កាលៈទេសៈ​នោះ មិន​ថា​ស្រួល​ឬ​ក៏​ពិបាក​ក៏​ដោយ ដើម្បី​នាំ​ឲ្យ​ពួក​គាត់​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ «កាល​មុន​ដែល​ទូល​បង្គំ​កើត​ទុក្ខ​ព្រួយ នោះ​ទូល​បង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវ​នេះ ទូល​បង្គំ​កាន់​តាម​ព្រះ​បន្ទូល​ទ្រង់​វិញ» (ម៉ាថាយ ៦:១០)។ ខណៈ​ពេល​ដែល​លោក​អ្នក​អធិស្ឋាន​សម្រាប់​អ្នក​មិន​ជឿ​ដែល​លោក​អ្នក​ស្រឡាញ់ ចូរ​អធិស្ឋាន​បែប​នេះ​ទៅ​កាន់​ព្រះ​ជាម្ចាស់​រាល់​ពេល «សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ» (ម៉ាថាយ ៦:១០)។

ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បន្លាយ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​ទៅ​កាន់​ពួក​គាត់។ ព្រះ​ជាម្ចាស់​បាន​ធានា​មក​យើង​ថា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​គ្រប់​រូប​បែរ​ទៅ​រក​ទ្រង់​ក្នុង​ការ​កែ​ប្រែ​ចិត្ត និង​ការ​មាន​ជំនឿ។ ព្រះ​អង្គ​មិន​ដែល​មាន​អំណរ​ទាក់​ទង​នឹង​ការ​ឃើញ​មនុស្ស​យើង​វិនាស​ឡើយ។ ដូច្នេះ ចូរ​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ទទួល​បាន​សិរី​ល្អ​ក្នុង​ការ​ដែល​ពួក​គាត់​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ចុះ។ «ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ» (២ពេត្រុស ៣:៩)។

ចូរ​អធិស្ឋាន​ដោយ​មាន​ទំនុក​ចិត្ត។ ជា​ចុង​ក្រោយ ចូរ​អធិស្ឋាន​ដោយ​មាន​ទំនុក​ចិត្ត។ ព្រះ​ជាម្ចាស់​រំពឹង​ថា​យើង​នឹង​អធិស្ឋាន។ ព្រះ​ជាម្ចាស់​អញ្ជើញ​ឲ្យ​យើង​អធិស្ឋាន។ ព្រះ​ជាម្ចាស់​បង្គាប់​ឲ្យ​យើង​អធិស្ឋាន។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង ហើយ​ព្រះ​អង្គ​ក៏​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ឆ្លើយ​តប​សំណូម​ពរ​អធិស្ឋាន​របស់​យើង​ផង​ដែរ។ ដូច្នេះ ខណៈ​ពេល​ដែល​លោក​អ្នក​អធិស្ឋាន​សម្រាប់​អ្នក​មិន​ជឿ ចូរ​អធិស្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​ជាម្ចាស់​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​លោក​អ្នក។ «ដ្បិត​សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់» (យ៉ាកុប ៥:១៦)។

និពន្ធដោយ៖ លោកគ្រូ Tim Challies
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖លោក ទេព រ៉ូ, លោក ខែម បូឡុង និងកញ្ញា សួន សុជាតា
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែន​ដី​

​មិន​គួរ​ទិញ​សន្តិភាព