in ,

របៀប​បន្ត​អធិស្ឋាន

3 Methods to Keep You Praying

ប្រសិន​បើ​លោក​អ្នក​មាន​លក្ខណៈ​ដូច​ជា​យើង​ខ្ញុំ នោះ​លោក​អ្នក​នឹង​ឃើញ​ថា ការ​ចំណាយ​ពេល​អធិស្ឋាន​ឲ្យ​ទៀង​ទាត់​គឺ​ពិបាក​ជាង​ការ​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ​ទៅ​ទៀត។

ទាក់ទង​នឹង​ការ​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ លោក​អ្នក​ត្រូវ​មាន​គម្រោង​ការ​ជាក់​លាក់ ទី​កន្លែង​ពិត​ប្រាកដ និង​ពេល​វេលា​យ៉ាង​ត្រឹម​ត្រូវ។ តែ​ឯ​ការ​ចំ​ណាយ​ពេល​អធិស្ឋាន​មាន​ផល​លំបាក​ច្រើន​ជាង។ យើង​អាច​អាន​អំពី​ជីវប្រវត្តិ​នៃ​អ្នក​ដើរ​តាម​ព្រះ​អម្ចាស់​ពី​ជំនាន់​មុនៗ អំពី​ការ​ដែល​ពួក​គាត់​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ដោយ​លុត​ជង្គង់​ក្នុង​ការ​អធិស្ឋាន​សម្រាប់​អ្នក​ដទៃ។ ជា​ធម្មតា យើង​មាន​អារម្មណ៍​ថា​ចាញ់​ពួក​គាត់​ទាំង​ស្រុង​តែ​ម្ដង។ យើង​ហាក់​បី​ដូច​ជា​មាន​ការ​ប្រញាប់​ប្រញាល់​ណាស់​ក្នុង​ការ​អធិស្ឋាន បន្ទាប់​ពី​បាន​ចំ​ណាយ​ពេល​អាន​ព្រះ​គម្ពីរ​បន្តិច​បន្តួច ឬ​ក៏​យើង​ប្រាប់​ខ្លួន​ឯង​ថា ‌«យើង​នឹង​អធិស្ឋាន​ខណៈ​ពេល​ដែល​យើង​កំពុង​ចេញ​ទៅ» ដោយ​អធិស្ឋាន​ខ្លីៗ នៅ​ទី​នេះ នៅ​ទី​នោះ ពេញ​មួយ​ថ្ងៃ។ តាម​ពិត​ទៅ យើង​មិន​ដែល​បាន​ឈប់​ដោយ​ចំណាយ​ពេល​យ៉ាង​ល្អ ដើម្បី​ផ្ដោតអារម្មណ៍​ទាំង​ស្រុង​របស់​យើង​ទៅ​លើ​ព្រះ​ជាម្ចាស់​បន្តិច​សោះ​ឡើយ។

រាល់​ដើម​ឆ្នាំ យើង​សង្វាត​ត្រាប់​តាម​គម្រោង​ការ​សម្រាប់​អាន​ព្រះ​គម្ពីរ​ជា​ច្រើន ប៉ុន្តែ​ភាគ​តិច​ណាស់​ដែល​យើង​នឹង​ឃើញ​មាន​ការ​ផ្សាយ​អំពី​គម្រោង​ការ​នៃ​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​ឲ្យ​អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ។ នេះ​មិន​មែន​មក​ពី​យើង​បាន​តាំង​ចិត្ត​ចង់​គេចវេស​ចេញ​នោះ​ឡើយ។ យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា យើង​ត្រូវ​តែ​អធិស្ឋាន។ យើង​ដឹង​ហើយ​ថា ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​យើង​អធិស្ឋាន។ យើង​ដឹង​ទៀត​ថា ការ​ដែល​យើង​មិន​ចំណាយ​ពេល​អធិស្ឋាន​គឺ​ជា​មុខ​សញ្ញា​ដែល​ថា យើង​មិន​ខ្វល់​ពី​ការ​ដែល​យើង​ត្រូវ​ការ​ព្រះ​អង្គ ហើយ​ក៏​ថា​យើង​ស្កប់​ចិត្ត​ក្នុង​ការ​រស់​នៅ​ដោយ​ពឹង​លើ​កម្លាំង​ខ្លួន​ឯង។ ប៉ុន្តែ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្ដេច​ទៅ ដើម្បី​ឲ្យ​យើង​អាច​ចំណាយ​ពេល​ក្នុង​ការ​អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ​បាន​ទៅ​ណ៎?

ក្នុង​នាម​ជា​បុគ្គល​ដែល​បាន​តយុទ្ធ​នឹង​ការ​មិន​អធិស្ឋាន​ឲ្យ​ទៀង​ទាត់​ជា​រៀង​រាល់​ថ្ងៃ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​លើក​ឡើង​នូវ​មធ្យោបាយ​៣​យ៉ាង​ដែល​បាន​ជួយ​យើង​ខ្ញុំ​ផ្ទាល់​ក្នុង​ការ​នៅ​បន្ត​អធិស្ឋាន៖

១. ចូរ​សរសេរ​នូវ​សេចក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ក្នុង​សៀវភៅ​កំណត់​ហេតុ

យើង​ខ្ញុំ​បាន​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ប្រមាណ​ជាង​២០​ឆ្នាំ​ទៅ​ហើយ។ យើង​ខ្ញុំ​តែង​តែ​សរសេរ​រៀប​រាប់​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង​ជា​ប្រ​ចាំ​ថ្ងៃ ដោយ​លើក​ទូល​សូម​ទៅ​កាន់​ព្រះ​អង្គ​ដែល​មើល​ខុស​ត្រូវ​លើ​ជីវិត​របស់​យើង​ខ្ញុំ។ ជា​ដំបូង ការ​សរសេរ​ចុះ​នូវ​អ្វីៗ​ដែល​បាន​កើត​ឡើង​គឺ​យើង​ខ្ញុំ​មិន​បាន​ផ្ដោត​បែប​ជា​ការ​អធិស្ឋាន​នោះ​ទេ ប៉ុន្តែ​ជា​ការ​កត់​ចុះ​នូវ​អ្វីៗ​ដែល​បាន​កើត​ឡើង។ ហើយ​មិន​យូរ​មិន​ឆាប់ ការ​កត់​ចុះ​បែប​នោះ​បាន​នាំ​ឲ្យ​យើង​ខ្ញុំ​រៀប​រាប់​តប​ទៅ​កាន់​ព្រះ​អម្ចាស់​នូវ​ព្រឹត្តិ​ការណ៍​ប្រ​ចាំ​ថ្ងៃ​បែប​ជា​ការ​អធិស្ឋាន​វិញ។ យើង​ខ្ញុំ​ខាន​បាន​អធិស្ឋាន​បែប​សរសេរ​ចុះ​ជា​កំណត់​ហេតុ​ជា​យូរ​ឆ្នាំ​​ហើយ ប៉ុន្តែ​កាល​ចូល​កង​វគ្គ​សិក្សា​ឆ្នាំ​មុន​នេះ យើង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​សរសេរ​វិញ​ម្ដង​ទៀត។

មក​ដល់​សព្វ​ថ្ងៃ​នេះ សៀវភៅ​កំណត់​ហេតុ​អធិស្ឋាន​របស់​យើង​ខ្ញុំ​មាន​លក្ខណៈ​បែប​ជា​សេចក្ដី​អធិស្ឋាន និង​ជា​ការ​ដែល​យើង​ខ្ញុំ​រៀប​រាប់​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង​ផង​ដេរ។ ជា​ទូទៅ នៅ​ពេល​ព្រឹក (មិន​ថា​ជា​រៀង​រាល់​ថ្ងៃ ឬ​ក៏​រំលង​មួយ​ថ្ងៃ​ម្ដងៗ) គឺ​យើង​ខ្ញុំ​តែង​តែ​ចំណាយ​ពេល​១៥​ទៅ​២០​នាទី​ក្នុង​ការ​សរសេរ​ចុះ​នូវ​ពាក្យ​ពេចន៍​សរសើរ​តម្កើង​ព្រះ​អម្ចាស់ លន់​តួ​បាប និង​ភាព​អាម៉ាស់ ទូល​សូម​នូវ​ការ​ដឹក​នាំ និង​ជំនួយ​ទាក់​ទង​នឹង​អ្វីៗ​ដែល​យើង​ខ្ញុំ​កំពុង​ប្រឈម​មុខ ឬ​ក៏​រៀប​រាប់​អំពី​ចំណុច​ល្អៗ និង​មិន​ល្អ​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ពី​ថ្ងៃ​មុន និង​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​ដាក់​ក្នុង​ដួង​ចិត្ត​យើង​ខ្ញុំ​ឲ្យ​អធិស្ឋាន ដែល​មាន​ដូច​ជា​អ្នក​នៅ​ព្រះ​វិហារ នៅ​កន្លែង​ធ្វើការ និង​សមាជិក​នៅ​ក្នុង​គ្រួសារ​យើង​ខ្ញុំ។ ការ​ដែល​យើង​ខ្ញុំ​សរសេរ​សំបុត្រ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ជា​ប្រចាំ​ថ្ងៃ​គឺ​ជា​របៀប​មួយ​នៃ «ការ​ដែល​យើង​ខ្ញុំ​ចូល​ទៅ​កាន់​ព្រះ​វត្តមាន​របស់​ព្រះ​អង្គ» ដែល​ការ​ធ្វើ​បែប​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​ខ្ញុំ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​ការ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ ជា​បុរស​ម្នាក់​ដែល​រៀបរាប់​អំពី​អ្វី​ដែល​យើង​ខ្ញុំ​ធ្វើ​ទៅ​កាន់​ទ្រង់​ក្នុង​ជីវិត​រស់​នៅ។

២. ចូរ​ប្រើ​ប្រាស់​ព្រះ​បន្ទូល​ក្នុង​ការ​អធិស្ឋាន​របស់​លោក​អ្នក​សម្រាប់​គ្រួសារ​ខ្លួន

មាន​ពេល​ខ្លះ មាន​មនុស្ស​មួយ​ចំនួន​អន់​ចិត្ត​នឹង​ខ្លួន​ឯង ព្រោះ​ពួក​គាត់​អធិស្ឋាន​ដោយ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដដែលៗ​នៅ​ពេល​ដែល​ពួក​គាត់​អធិស្ឋាន​សម្រាប់​គ្រួសារ​របស់​ខ្លួន។ តើ​យើង​ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត​បែប​ណា​ទាក់​ទង​នឹង​ការ​អន់​ចិត្ត​បែប​នោះ? ចម្លើយ​គឺ៖ ចូរ​ឈប់​ព្យាយាម​ធ្វើ​អ្វី​មួយ​ដោយ​មិន​បាន​គិត​គូរ​ជាមុន​សិន​ចុះ។ ផ្ទុយ​ពី​នោះ ចូរ​ពឹង​ផ្អែក​លើ​លក្ខណៈ​នៃ​ការ​អធិស្ឋាន​ដដែលៗ​របស់​លោក​អ្នក ប៉ុន្តែ​ចូរ​ឲ្យ​កាន់​តែ​ធ្វើ​ការ​នោះ​ឡើង​ជា​របៀប​ដែល​ពឹង​ផ្អែក​លើ​ព្រះ​គម្ពីរ​វិញ​ចុះ។

នេះ​ជា​របៀប​ដែល​យើង​ខ្ញុំ​ធ្វើ៖ ពីរ​បី​ខែ​ម្ដងៗ យើង​ខ្ញុំ​តែង​តែ​រៀប​រៀង​លើ​ក្រដាស​មួយ​សន្លឹក​ដោយ​ញែក​មួយ​កថា​ខណ្ឌ​សម្រាប់​រាល់​សមាជិក​ម្នាក់ៗ​នៃ​គ្រួសារ​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទូល​សុំ​ឲ្យ​ព្រះ​អម្ចាស់​ដាក់​ក្នុង​ចិត្ត​យើង​ខ្ញុំ​អំពី​តម្រូវ​ការ​នានា​របស់​សមាជិក​ម្នាក់ៗ​នៃ​គ្រួសារ​ខ្ញុំ ហើយ​បន្ទាប់​មក​យើង​ខ្ញុំ​បើក​មើល​អត្ថបទ​ព្រះ​គម្ពីរ​ដែល​លើក​ឡើង​អំពី​តម្រូវ​ការ​ទាំង​នោះ។ ហើយ​យើង​ខ្ញុំ​ក៏​រៀប​រៀង​ខ​គម្ពីរ​ទាំង​នោះ​សារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​ឲ្យ​ខ​ទាំង​នោះ​ក្លាយ​ទៅ​ជា​មូលដ្ឋាន​នៃ​សេចក្ដី​អធិស្ឋាន​របស់​យើង​ខ្ញុំ​សម្រាប់​សមាជិក​ម្នាក់ៗ​នៃ​គ្រួសារ​ខ្ញុំ។

មាន​លក្ខណសម្បត្តិ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​យើង​គ្រប់ៗ​គ្នា (សេចក្ដី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់ សេចក្ដី​បង្រៀន​នៅ​លើ​ភ្នំ។ល។) ដូច្នេះ យើង​អាច​យក​លំនាំ​នៃ​សេចក្ដី​អធិស្ឋាន​បែប​នោះ​មក​ប្រើ​ប្រាស់​សម្រាប់​គ្រួសារ​របស់​យើង​បាន។ ប៉ុន្តែ ទំនង​ជា​មាន​សមាជិក​មួយ​ចំនួន​ក្នុង​គ្រួសារ​យើង​ត្រូវ​ការ​សេចក្ដី​អធិស្ឋាន​ជាក់​លាក់​ខ្លះៗ​ទាក់​ទង​និង​ផ្នែក​មួយ​ចំនួន​នៃ​សេចក្តី​បរិសុទ្ធ។ ទំនង​ជា​មាន​សមាជិក​ណា​ម្នាក់​កំពុង​តែ​ត​យុទ្ធ​នឹង​កំហឹង ឬ​ក៏​គំនុំ​នោះ។ ទំនង​ជា​មាន​អ្នក​ខ្លះ​កំពុង​តែ​ឆ្លង​កាត់​ការ​កាន់​ទុក្ខ​យ៉ាង​លំបាក​លំបិន។ ទំនង​ជា​កូនៗ​ជំទង់​របស់​លោក​អ្នក​ត្រូវ​ការ​ឲ្យ​លោក​អ្នក​ការពារ​ពួក​គាត់​ពី​ការ​មាន​អារម្មណ៍​ស្រើប​ស្រាល និង​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ចង់​ប្រព្រឹត្ត​អំពើ​បាប។ ទំនង​លោក​អ្នក​កំពុង​បារម្ភ​អំពី​កូន​ស្រី​របស់​ខ្លួន ដោយ​ចង់​ឃើញ​នាង​ចេះ​បើក​ចំហ និង​ទទួល​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​នាង។ ចូរ​ស្វែង​រក​ខ​គម្ពីរ​ដែល​និយាយ​អំពី​តម្រូវ​ការ​ទាំង​នោះ ហើយ​បន្ទាប់​មក​ចូរ​សរសេរ​ចុះ​នូវ​សេចក្ដី​អធិស្ឋាន​ឲ្យ​ចំៗ​សម្រាប់​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ​របស់​លោក​អ្នក​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​បន្ទូល​ទាំង​នោះ។

បន្ទាប់​មក ចូរ​ចំណាយ​ពេល​ជា​រៀង​រាល់​ព្រឹក​ក្នុង​ការ​អធិស្ឋាន​របស់​លោក​អ្នក (ឬ​ក៏​ចល័ត​ថ្ងៃ​ក្នុង​ចន្លោះ​អាទិត្យ​តាម​ដែល​លោក​អ្នក​អាច​ធ្វើ​ទៅ​បាន) ដោយ​អាន​សេចក្ដី​អធិស្ឋាន​ដែល​លោក​អ្នក​បាន​សរសេរ​ចុះ​នោះ ដែល​មាន​ពេញ​ទៅ​ដោយ​ខ​គម្ពីរ។ ក្នុង​របៀប​នេះ លោក​អ្នក​កំពុងតែ​អធិស្ឋាន​ព្រះ​បន្ទូល​សម្រាប់​គ្រួសារ​របស់​ខ្លួន​ហើយ ដោយ​ទូល​សុំ​ឲ្យ​ព្រះ​ជាម្ចាស់​ច្នៃ​យើង​ឲ្យ​ក្លាយ​ដូច​ជា​រូប​ព្រះ​អង្គ។ ការ​ធ្វើ​បែប​នេះ​បាន​ជួយ​ឲ្យ​យើង​ខ្ញុំ​ចេះ​បន្ត​នៅ​អធិស្ឋាន​ឲ្យ​បាន​ជាប់​លាប់​សម្រាប់​អស់​អ្នក​ដែល​ស្និទ្ធ​ស្នាល​នឹង​យើង​ខ្ញុំ។

៣. ចូរ​យក​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​មក​អធិស្ឋាន

ព្រះ​ជាម្ចាស់​បាន​តែង​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​ឡើង​ក្នុង​លក្ខណៈ​បែប​ជា​សៀវភៅ​អធិស្ឋាន​សម្រាប់​ក្រុម​ជំនុំ។ ព្រះ​យេស៊ូវ​បាន​ប្រើ​ប្រាស់​កណ្ឌ​គម្ពីរ​នោះ​បែប​ជា​សៀវភៅ​បទ​ចម្រៀង​តម្កើង។

ប្រសិន​បើ​លោក​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​អធិស្ឋាន​ឲ្យ​បាន​ជាប់​លាប់ សូម​បើក​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង ហើយ​ចាប់​ផ្ដើម​ទូល​ឲ្យ​ឮៗ​បែប​ជា​សេចក្ដី​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជាម្ចាស់​ចុះ។ ចូរ​អនុញ្ញាត​ឲ្យ​ចង្វាក់​នៃ​ពាក្យ​ពេចន៍ អារម្មណ៍ និង​សេចក្តី​ពិត​នៃ​ទេវវិទ្យា​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​មាន​ចែង​ទុក ឲ្យ​ក្លាយ​ទៅ​ជា​ការ​ទូល​សូម​នៅ​ក្នុង​ចិត្ត​របស់​លោក​អ្នក​ចុះ។ ចូរ​ស្វែង​រក​ទំនុក​ដែល​គេ​បាន​យក​ធ្វើ​ជា​បទ​ចម្រៀង ហើយ​ចាក់​ស្ដាប់​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក។ ចូរ​បន្ត​ការ​អាន​ទំនុក​តម្កើង​រហូត​ដល់​លោក​អ្នក​ស្គាល់ និង​ស្រឡាញ់​ទំនុក​ទាំង​នោះ ហើយ​មិន​យូរ​មិន​ឆាប់​ចម្រៀង​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​ការ​អធិស្ឋាន​ក្នុង​ដួង​ចិត្ត​របស់​លោក​អ្នក​ជា​មិន​ខាន​ឡើយ។ បើ​លោក​អ្នក​បារម្ភ​ដោយ​មិន​ដឹង​ថា​គួរ​ទូល​ឡើង​បែប​ណា​ពេល​អធិស្ឋាន នោះ​សូម​បែរ​ទៅ​រក​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង ហើយ​អនុញ្ញាត​ឲ្យ​កណ្ឌ​គម្ពីរ​ទាំង​នោះ​បង្វែរ​ចិត្ត​របស់​លោក​អ្នក​ឲ្យ​មាន​ពាក្យ​ពេចន៍​ត្រឹម​ត្រូវ​ចុះ។

ចុះ​ចំពោះ​លោក​អ្នក​វិញ? តើ​លោក​អ្នក​មាន​របៀប​ណា​ខ្លះ​ដែល​លោក​អ្នក​បាន​រក​ឃើញ​ថា​ជា​គុណ​ប្រយោជន៍​ក្នុង​ការ​ជួយ​ឲ្យ​លោក​អ្នក​នៅ​បន្ត​អធិស្ឋាន​ថែម​ទៀត?

និពន្ធ​ដោយ៖ លោក​គ្រូ Trevin Wax
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, ​លោក ទេព រ៉ូ, លោក ខែម បូឡុង និង​កញ្ញា សួន សុជាតា
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

2 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

​សូម​អ្វី​ដោយ​នូវ​ឈ្មោះ​ខ្ញុំ

ព្រះជាម្ចាស់បានថ្កោល