in

សង្គ្រោះសាសន៍​អ៊‌ីស្រាអែល​

«នោះ​មាន​សេចក្ដី​ខ្លះ [របស់​សាវ័ក ប៉ុល] ដែល​ពិបាក​យល់» (២ពេត្រុស ៣:១៦)។ នេះ​ពិត​ជា​ការ​ធូរ​ស្បើយ​មែន​ក្នុង​ការ​អាន ពិត​មែន​ទេ? ប្រសិន​បើ​សាវ័ក ពេត្រុស មាន​ការ​ពិបាក​យល់​ការ​និពន្ធ​របស់​សាវ័ក ប៉ុល នោះ​វា​មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​យើង​ក៏​មាន​ការ​ពិបាក​យល់​ដែរ។ ពេល​ខ្លះ​ខ្ញុំ​ឆ្ងល់​ថា តើ​កណ្ឌ​គម្ពីរ រ៉ូម ១១:២៦ «សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា​នឹង​បាន​សង្គ្រោះ» គឺ​ជា​ខ​គម្ពីរ​មួយ​ដែល​សាវ័ក ពេត្រុស​បាន​គិត​ដល់​ដែរ?

នេះ​គឺ​ជា​ខ​គម្ពីរ​ប្រស្នា វិច​ខ្ចប់​ក្នុង​ការ​វែក​ញែក​ដែល​ពេញ​ទៅ​ដោយ​អាថ៌កំបាំង ក្នុង​សំបុត្រ​ដ៏​ក្រាស់​ដែល​មាន​ពេញ​ទៅ​ដោយ​ហេតុ​ផល។ ហើយ​នេះ​ក៏​ជា​តម្រុយ​ដ៏​ល្អ​ប្រសើរ​បំផុត​មួយ​ដែល​យើង​មាន​អំពី​របៀប​ដែល​សាវ័ក ប៉ុល យល់​លើ​ព្រះ​បន្ទូល​ទាំង​មូល។

ប៉ុន្តែ វា​ក៏​ពិត​ជា​ពិបាក​យល់​មែន​ដែរ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្យាយាម​បក​ស្រាយ​ប្រយោគ​មួយ​នេះ ដោយ​ឆ្លើយ​បួន​សំណួរ សំណួរ​មួយ​លើ​ផ្នែក​នីមួយៗ​នៃ​ខគម្ពីរ។ ការ​ធ្វើ​បែប​នេះ​នឹង​មិន​ជួន​ដល់​យើង​នូវ​ចម្លើយ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​វា​នាំ​យើង​ទៅ​ទិស​ដៅ​ត្រឹម​ត្រូវ។

១. តើ​ពាក្យ «បាន​សង្គ្រោះ» មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

តោះ! ចូរ​យើង​ចាប់​ផ្ដើម​នៅ​ផ្នែក​ដ៏​ងាយ​ស្រួល​បំផុត។ តាម​រយៈ​ពាក្យ «បាន​សង្គ្រោះ» សាវ័ក ប៉ុល មាន​ន័យ​ថា «បាន​សង្គ្រោះ ឬ​ក៏​បាន​រំដោះ​ចេញ​ពី​ការ​ថ្កោល​ទោស​របស់​ព្រះ​ជាម្ចាស់​លើ​អំពើ​បាប»។ យើង​អាច​និយាយ​បន្ថែម​ទៀត​ថា—សាវ័ក ប៉ុល បាន​ធ្វើ​ការ​នោះ។ ប៉ុន្តែ នេះ​គឺ​ជា​អត្ថ​ន័យ​ទូទៅ។

សាវ័ក ប៉ុល បញ្ជាក់​អំពី​ចំណុច​នេះ​សម្រាប់​យើង​ក្នុង​ខ​បន្ទាប់ នៅ​ពេល​ដែល​គាត់​សរសេរ​ថា «មាន​ព្រះ​ដ៏​ប្រោស​ឲ្យ​រួច ទ្រង់​នឹង​ចេញពី​ស៊ីយ៉ូន​មក ទ្រង់​នឹង​បង្វែរ​សេចក្តី​ទមិល​ល្មើស​ពី​យ៉ាកុប​ទៅ នោះ​ហើយ​ជា​សេចក្តី​សញ្ញា​ដែល​អញ​តាំង​នឹង​គេ ក្នុង​កាល​ដែល​អញ​បាន​ដោះ​បាប​គេ​ចេញ​ហើយ» (រ៉ូម ១១:២៦-២៧)។ ព្រះ​យេស៊ូវ​គឺ​ជា «ព្រះ​ដ៏​ប្រោស​ឲ្យ​រួច» ហើយ​អស់​អ្នក​ដែល​ទទួល​បាន​ការ​សង្គ្រោះ​គឺ​ជា​អស់​អ្នក​ដែល​ទទួល​ជឿ​លើ​ទ្រង់ (សូម​អាន​កណ្ឌ​គម្ពីរ រ៉ូម ១១:២៣ ដោយ​គិត​អំពី​កណ្ឌ​គម្ពីរ រ៉ូម ៩:៣០-១០:៤)។

២. តើ​ពាក្យ «សាសន៍​អ៊‌ីស្រាអែល» មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

តាម​រយៈ​ពាក្យ «សាសន៍​អ៊‌ីស្រាអែល» សាវ័ក ប៉ុល សំដៅ​ទៅ​លើ «ជន​ជាតិ​អ៊‌ីស្រាអែល» (សាសន៍​យូដា)។ ចំពោះ​សាវ័ក ប៉ុល គាត់​បាន​បែង​ចែក​ផែនដី​នេះ​ទៅ​ជា​ការ​មាន​មនុស្ស​ពីរ​ប្រភេទ៖ សាសន៍​អ៊‌ីស្រាអែល និង​អ្នក​ផ្សេងៗ (សាសន៍​ដទៃ​ទៀត)។ ហើយ​យោង​តាម​សាវ័ក ប៉ុល សាសន៍​អ៊‌ីស្រាអែល​មាន​ផ្សំ​ទៅ​ដោយ​មនុស្ស​ដែល​ព្រះ​ជាម្ចាស់​បាន​ញែក​ដោយ​ឡែក​សម្រាប់​ទ្រង់​ផ្ទាល់ បាន​ធ្វើ​ការ​សន្យា​ជា​មួយ បាន​បង្កើត​សេចក្ដី​តាំង​សញ្ញា​ជា​មួយ ហើយ​ក៏​បាន​ផ្ញើ​ក្រឹត្យវិន័យ​របស់​ទ្រង់​ទុក​ជា​មួយ​ដែរ (រ៉ូម ៩:១-៥)។ ពួក​គាត់​គឺ​ជា​ពូជ​ពង្ស​របស់​លោក អ័ប្រាហាំ—មិន​មែន​គ្រប់ៗ​គ្នា​នោះ​ទេ ប៉ុន្តែ​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស​ដោយ​សេរី តាម​រយៈ​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ដូច​ជា​លោក អ៊ីសាក និង​លោក យ៉ាកុប (រ៉ូម ១១:១)។

ពូក​គេ​គឺ​ជា​រាស្ដ្រ​ដែល​ការ​ឆ្លើយ​តប​របស់​ខ្លួន ចំពោះ​ដំណឹង​ល្អ​របស់​សាវ័ក ប៉ុល មិន​គួរ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​នរណា​ម្នាក់​ឡើយ (រ៉ូម ៩:៣១)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លើស​ជាង​ពីរ​បី​ដង ក៏​ព្រះ​ជាម្ចាស់​បាន​រំពឹង​ទុក​នូវ​ការ​មិន​ជឿ​របស់​ពួក​គេ​ដែរ (រ៉ូម ១០:១៩-២១; ១១:២)។ ហើយ​លើស​ពី​នោះ​ទៅ​ទៀត ពួក​គេ​គឺ​ជា​រាស្ត្រ​ដែល​សាវ័ក ប៉ុល បាន​បន្ត​សម្លឹង​មើល​ខណៈ​ពេល​ដែល​គាត់​ធ្វើ​ព័ន្ធកិច្ច​ជា​មួយ​នឹង​សាសន៍​ដទៃ ដោយ​សង្ឃឹម និង​អធិស្ឋាន​ថា «ដើម្បី​នឹង [អាច] បណ្ដាល​សាច់​ញាតិ​ខ្ញុំ ឲ្យ​មាន​សេចក្ដី​ច្រណែន ហើយ​នឹង​ជួយ​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ពួក​គេ បើ​សិន​ជា​បាន» (រ៉ូម ១១:១៣-១៤)។

សាសន៍​ដទៃ​គឺ​ជា​អ្នក​នៅ​ក្រៅ។ ប្រសិន​បើ​សាសន៍​យូដា​គឺ​ជា​រាស្ដ្រ​របស់​ព្រះ​ជាម្ចាស់ នោះ​សាសន៍​ដទៃ​មិន​មែន​ទេ (រ៉ូម ១០:១៩) យ៉ាង​ហោច​ណាស់​មិន​មែន​ពី​ដំបូង ហើយ​ក៏​មិន​មែន​ក្នុង​របៀប​ដូចៗ​គ្នា​ទាំង​ស្រុង​ដែរ។ ពិត​ណាស់ ព្រះ​ជាម្ចាស់​តែង​តែ​មាន​សេរី​ភាព​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឋានៈ​របស់​សាសន៍​ដទៃ ដែល​ថា «មិន​មែន​រាស្ត្រ​របស់​ទ្រង់» បាន។ តាម​ពិត​ទៅ តម្រុយ​ដែល​ថា ទ្រង់​នឹង​ធ្វើ​ក៏​ទ្រង់​បាន​ប្រទាន​ទៅ​កាន់​លោក អ័ប្រាហាំ តាំង​ពី​ដំបូង​មក​ម្ល៉េះ (រ៉ូម ៤:១៧-១៨) ហើយ​ក៏​បាន​អះអាង​ជា​បន្ទាប់​បន្សំ​ក្នុង​ដំណើរ​រឿង​ផ្សេងៗ​ផង​ដែរ (រ៉ូម ៩:២៥-២៦; រ៉ូម ១០:១៩; ១៥:៩-១១)។

ប៉ុន្តែ ក៏​នៅ​មាន​អត្ថន័យ​ដែល​ថា​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​ដទៃ​មាន​ចំណុច​ខុសៗ​គ្នា។ នេះ​គឺ​ជា​អ្វី​ដែល​សាវ័ក ប៉ុល ផ្ដល់​អត្ថន័យ​លើ​ក្នុង​ការ​ប្រៀប​ប្រដូច​របស់​គាត់​តាម​រយៈ​ដើម​អូលីវ (រ៉ូម ១១:១៧-២៤)។ សាសន៍​ដទៃ​ដែល​ទទួល​ជឿ​នឹង​មាន​ការ​ភ្ជាប់​គ្នា​ក្នុង​ខ្សែស្រឡាយ​នៃ​គ្រួសារ​របស់​លោក អ័ប្រាហាំ ប៉ុន្តែ​ក្នុង​របៀប​ខុសៗ​គ្នា​បន្តិច​បន្តួច​ពី​សាសន៍​អ៊‌ីស្រាអែល​ដែល​ទទួល​ជឿ។ ពួក​គេ​មាន​ការ​ភ្ជាប់​គ្នា​ក្នុង​របៀប​ដែល «ផ្ទុយ​ពី​ធម្មជាតិ» ដែល​នោះ​មិន​មែន​ជា​អ្វី​ដែល​អាច​លើក​ឡើង​បាន​ចំពោះ​សាសន៍​យូដា​ដែល​ទទួល​ជឿ​នោះ​ទេ (រ៉ូម ១១:២៤)។

៣. តើ​ពាក្យ «ទាំង​អស់​គ្នា» មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

ពាក្យ «ទាំង​អស់​គ្នា» សំដៅ​ទៅ​លើ «ចំនួន​សរុប​នៃ​សាសន៍​យូដា​ដែល​នៅ​សល់ និង​មួយ​ចំនួន​ធំ​ទៀត​ដែល​នៅ​មាន​សេចក្ដី​រឹង​របឹង។ នេះ​គឺ​ជា​រូប​មន្ត៖ សាសន៍​យូដា​ដែល​នៅសល់ + មួយ​ចំនួន​ធំ​ទៀត​ដែល​នៅ​មាន​សេចក្ដី​រឹង​របឹង = សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា»។ ដូច្នេះ «សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា» មិន​មាន​អ្វី​តិច​ជាង​ចំនួន​សរុប​នៃ​ក្រុម​ទាំង​ពីរ​ដែល​តែង​តែ​មាន​ក្នុង​សាសន៍​អ៊‌ីស្រាអែល​ឡើយ (រ៉ូម ៩:២៧-២៩; ១១:១-៩)។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​រក្សាទុក ទាក់​ទង​នឹង​ពួក​ដែល​សល់ ដែល​ទ្រង់​តែង​តែ​រំពឹង និង​សំដៅ​ទៅ​លើ (រ៉ូម ១១:១៦) ទោះ​បើ​ពេល​ដែល​មើល​ទៅ ការ​បញ្ជាក់​ហាក់​បី​ដូច​ជា​ឆ្ងាយ​ពី​ការ​អាច​ឈោង​ចាប់​បាន​ក៏​ដោយ (រ៉ូម ៩:១-៦; ១០:១; ១១:១)។ នៅ​ទី​បញ្ចប់ សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា—ទាំង​សាសន៍​យូដា​ដែល​នៅ​សល់ និង​មួយ​ចំនួន​ធំ​ទៀត​ដែល​នៅ​មាន​សេចក្ដី​រឹង​របឹង—នឹង​បាន​សង្គ្រោះ (សូម​អាន​ការ​បញ្ជាក់​របស់​សាវ័ក ប៉ុល នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៩:៦ នៅ​ពេល​ដែល​គាត់​បាន​លើក​ឡើង​ជា​មូល​ដ្ឋាន​ថា «ពិត​មែន​ហើយ…លោក​អ្នក​បាន​យល់​អំពី​តួ​លេខ​យ៉ាង​ត្រឹម​ត្រូវ។ សូម​គ្រាន់​តែ​ចង​ចាំ​ថា ការ​នេះ​នឹង​មិន​មាន​រួម​បញ្ចូល​គ្រប់​ទាំង​សមាជិក​នៃ​ពួក​មួយ​ចំនួន​ធំ​ទៀត​ដែល​នៅ​មាន​សេចក្ដី​រឹង​របឹង​នោះ​ទេ»)។

តើ​ការ​នេះ​នឹង​កើត​ឡើង​បាន​ដោយ​របៀប​ណា​ទៅ? សាវ័ក ប៉ុល បាន​ពន្យល់។ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា​ខ្សែស្រឡាយ​ពី​គ្រួសារ​របស់​លោក អ័ប្រាហាំ និង​មាន​ពេញ​ទៅ​ដោយ​មែក​ធាង​ធម្មជាតិ (សាសន៍​អ៊‌ីស្រាអែល)។ នេះ​ធានា​ថា ការ​មិន​មាន​ភាព​ស៊ីមេទ្រី ដែល​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​ទាក់​ទង​ទៅ​នឹង​ខ្សែស្រឡាយ​នៃ​គ្រួសារ​របស់​លោក អ័ប្រាហាំ—ដែល​កើត​ឡើង​ដោយ​សារ​ញាតិសន្តាន​របស់​គាត់​ជា​ច្រើន​នាក់​ត្រូវ​បាន​កាត់​ចោល​ចេញ—នឹង​មាន​ថ្ងៃ​មួយ​ដែល​នឹង​មាន​ការ​បក​ស្រាយ។ ហើយ​ក្នុង​ភាព​ស្ញប់ស្ញែង នោះ​ព្រះ​ជាម្ចាស់​ក៏​បាន​បើក​សម្ដែង​ថា ទ្រង់​នឹង​ប្រើ​ប្រាស់​មែក​ធាង​ព្រៃ (សាសន៍​ដទៃ) ក្នុង​ការ​ធ្វើ​ការ​នោះ—ដើម្បី​ស្ដារ​ភាព​ស៊ីមេទ្រី​របស់​សាសន៍​អ៊‌ីស្រាអែល​វិញ។

ហើយ​ព្រះ​អង្គ​នឹង​ធ្វើ​ការ​នេះ​មិន​មែន​តាម​រយៈ​ការ​ផ្សាំង​មែក​ធាង​ព្រៃ​ជា​ច្រើន​ក្នុង​ទី​តាំង​នៃ​មែក​ធាង​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ផ្សាំង​ចូល​នៅ​មែក​ធាង​ព្រៃ ដើម្បី​ឲ្យ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មែក​ធាង​ធម្មជាតិ។ នេះ​គឺ​ជា «សេចក្ដី​អាថ៌កំបាំង» ដែល​ត្រូវ​បាន​លាក់​ទុក ហើយ​ទើប​តែ​បាន​ទទួល​ការ​បើក​សម្ដែង​ថ្មីៗ​នេះ (រ៉ូម ១១:២៥)។ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​សង្គ្រោះ​សាសន៍​ដទៃ ហើយ​ក៏​នឹង​ចាក់​រុក​រាស្ដ្រ​របស់​ទ្រង់​ដែល​មាន​សេចក្ដី​រឹង​របឹង (រ៉ូម ១០:១៩)។ ប៉ុន្តែ មិន​មាន​អ្នកណា​ឃើញ​ការ​នេះ​ដែល​នឹង​កើត​ឡើង​នោះ​ទេ៖ ព្រះ​ជាម្ចាស់​បំពេញ​សេចក្ដី​សន្យា​នៃ​ភាព​ពុំ​ទាន់​ចេញ​ជា​រូបរាង ក្នុង​ការ​រក្សា​ទុក​នូវ​ពួក​ដែល​សល់ តាម​រយៈ​ការ​រាប់​បញ្ចូល​ទាំង​សាសន៍​ដទៃ​ដែរ។ គ្មាន​អ្នក​ណា​គេ​ឃើញ​ជា​មុន​ថា ការ​នេះ​នឹង​កើត​ឡើង​ក្នុង​របៀប «នោះ» ទេ (រ៉ូម ១១:២៥) ដែល​ថា​សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា។

៤. តើ​ពាក្យ «នឹង​បាន» មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

តើ «សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា​នឹង​បាន​សង្គ្រោះ» នៅ​ពេល​ណា? ចម្លើយ៖ បន្ទាប់​ពី​ពេល​ដែល «សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​បាន​ចូល​ជឿ​គ្រប់​ចំនួន» (រ៉ូម ១១:២៥) ដែល​នឹង​កើត​ឡើង​មុន​ពេល​ដែល​ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ ដូច្នេះ​ហើយ​បាន​ជា​សាវ័ក ប៉ុល លើក​ឡើង​ថា មុន​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១១:១៥ (១កូរិនថូស ១៥:២៣; ២ពេត្រុស ៣:៨-១៥)។ ខ​គម្ពីរ​ពីរ​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១១:២៦-២៧ ក៏​ទំនង​ជា​ចង្អុល​បង្ហាញ​នៅ​ក្នុង​ទិស​ដៅ​នេះ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សំណួរ​ដ៏​ធំ​គឺ​ថា តើ​ការ​ដែល​សាសន៍​អ៊‌ីស្រាអែល​ទាំង​អស់​គ្នា​នឹង​បាន​សេចក្ដី​សង្គ្រោះ​ក្នុង​ពេល​តែ​ម្ដង​ជា​ស្រេច ឬ​ក៏​បន្តិច​ម្ដងៗ? តើ​ការ​លើក​ចេញ​នូវ​ភាគ​រយ​ខ្លះៗ​នៃ​សេចក្ដី​រឹង​របឹង​របស់​សាសន៍​អ៊‌ីស្រាអែល​កំពុង​តែ​ចាំ​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​ជឿ​ទាំង​ស្រុង​សិន ឬ​ក៏​ថា​តើ​វា​បាន​ចាប់​ផ្ដើម​រួច​ហើយ?

យើង​អាច​សួរ​ម្យ៉ាង​ទៀត​ថា តើ​សាវ័ក ប៉ុល បាន​រាប់​សាសន៍​យូដា​ដែល​ទទួល​ជឿ​នៅ​ក្នុង​សម័យ​កាល​គាត់ (និង​សម័យ​កាល​យើង) ថា​កំពុង​តែ​បន្ថែម​បន្តិច​ម្ដងៗ​ចូល​ក្នុង​ចំណោម​ពួក​ដែល​នៅ​សល់ ឬ​ក៏​ថា​ជា​ការ​ប្ដូរ​បន្តិច​ម្ដងៗ​នូវ​ពួក​មួយ​ចំនួន​ធំ​ដែល​មាន​សេចក្ដី​រឹង​របឹង?

ខ្ញុំ​មាន​ទំនោរ​ចិត្ត​ទៅ​លើ​ជម្រើស​ទី២ ដែល​នេះ​មាន​ន័យ​ថា ការ​ប្ដូរ​បន្តិច​ម្ដងៗ​នៃ​ពួក​មួយ​ចំនួន​ធំ​ដែល​មាន​សេចក្ដី​រឹង​របឹង​បាន​ចាប់​ផ្ដើម​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​សាវ័ក ប៉ុល លើក​ឡើង​អំពី​ការ​ដែល​សាសន៍​យូដា​ទទួល​ជឿ​ចាប់​ពី​កណ្ឌ​គម្ពីរ រ៉ូម ១១:១១ ទៅ​មុខ គាត់​បាន​ទៅ​ដែរ​អំពី​ការ​ផ្សាំង​ជា​ថ្មី (រ៉ូម ១១:២៣-២៤) និង​ការ​ផ្លាស់​ប្ដូរ (រ៉ូម ១១:២៥) មិន​មែន​សំដៅ​ទៅ​លើ​ការ​បន្ថែម​លើ​ចំនួន​ពួក​ដែល​នៅ​សល់​នោះ​ទេ។ ចំណុច​នេះ​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១១:៣១ ពីព្រោះ​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​ជាម្ចាស់​គឺ​មិន​មែន​ជា​អ្វី​ដែល​ពួក​មួយ​ចំនួន​ធំ​ដែល​មាន​សេចក្ដី​រឹង​របឹង​ត្រូវ​តែ​រង់ចាំ​ក្នុង​ការ​ទទួល​នោះ​ទេ។

ដោយ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ការ​កាត់​ស្រាយ​នេះ​មិន​ដក​ចេញ​នូវ​ដំណើរ​ការ​ដ៏​យូរ ដែល​បញ្ចប់​ដោយ​ការ​បំផ្លាស់​បំប្រែ​ចិត្ត​យ៉ាង​អាណោច​អាធ័ម។ ដើម្បី​ឲ្យ​ឃើញ​ថា តើ​ការ​នោះ​នឹង​កើត​ឡើង ឬ​ក៏​អត់​ដាច់​ខាត​យើង​គ្រាន់​តែ​ចាំ​មើល​តែ​ប៉ុណ្ណោះ។

ជម្រៅ​ដ៏​ជ្រៅ!

សាវ័ក ពេត្រុស បាន​លើក​ឡើង​យ៉ាង​ត្រឹម​ត្រូវ។ មាន​ខ​គម្ពីរ​មួយ​ចំនួន​នៅ​ក្នុង​ការ​និពន្ធ​របស់​សាវ័ក ប៉ុល មាន​ការ​ពិបាក​យល់​ណាស់។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា យើង​គួរ​គេច​វេះ​ចេញ​ពី​វា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ខ​គម្ពីរ ដែល​តម្រូវ​ឲ្យ​មាន​ការ​ជីក​កកាយ​គឺ​ជា​ខ​គម្ពីរ​ដែល​ជា​ទូទៅ​នឹង​ផ្ដល់​ជូន​នូវ​កំណប់​ដ៏​មាន​តម្លៃ។

កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក​១១​គឺជា​បទ​គម្ពីរ​ដូច​នោះ។ វា​គឺ​ជា​ដំណើរ​រឿង​ដែល​មាន​ពេញ​ទៅ​ដោយ​ការ​បត់​ទៅ​លិច​ទៅ​កើត ទៅ​នេះ​ទៅ​នោះ មាន​ការ​អស្ចារ្យ និង​មាន​ការ​អាថ៌កំបាំង (រ៉ូម ១១:៣៣-៣៦)។ ប៉ុន្តែ តើ​យើង​គួរ​រំពឹង​ធ្វើអ្វី​ផ្សេង​ទៀត​ពី​ព្រះ​ដូច​ជា​ព្រះ​របស់​យើង?

និពន្ធដោយ៖ លោកគ្រូ Jared Compton
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង,លោកស្រី ឡូញ ស្រីរដ្ឋ,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យា​ និង​ លោក ធីម៉ូថេ ឯក ដកស្រង់ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មនុស្សឆ្កួត

មិនមានការប្រែចិត្ត