in

ភាព​ចម្លែក​នៃ​ដំណឹង​ល្អ

ម៉ាកុស ២:១៨-២២៖ «១៨ ពេល​នោះ ពួក​សិស្ស​របស់​លោក យ៉ូហាន និង​ពួក​ផារិស៊ី គេ​កំពុង​តម​អាហារ ហើយ​មាន​មនុស្ស​មក​ទូល​សួរ​ព្រះ​អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក យ៉ូហាន និង​សិស្ស​របស់​ពួក​ផារិស៊ី​តម​អាហារ តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?» ១៩ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ​គ្នា តើ​អាច​ឲ្យ​ភ្ញៀវ​តម​អាហារ​បាន​ឬ? ដរាប​ណា​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ គេ​មិន​អាច​តម​អាហារ​បាន​ទេ។ ២០ ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​នៅ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។ ២១ គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នោះ បំណាស់​ថ្មី​នឹង​ទាញ​សម្លៀកបំពាក់​ចាស់ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។ ២២ ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ធ្លុះ ហើយ​ហូរ​ស្រា​ចេញ​អស់ ឯ​ថង់​ស្បែក​ក៏​ត្រូវ​ខូច​ខាត​ដែរ គេ​តែង​តែ​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ» (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៩.១៤-១៧ និង​លូកា ៥.៣៣-៣៨)។

នេះ​គឺ​ជា​ជម្លោះ​ទី៣ ក្នុង​ជម្លោះ​ទាំង​៥​នៃ​ដំណើរ​រឿង​រវាង​ព្រះ​យេស៊ូវ និង​ពួក​ផារិស៊ី ដែល​មាន​ការ​ចាប់​ផ្ដើម​តាំង​ពី ម៉ាកុស ២:១-១២ រហូត​ដល់ ម៉ាកុស ៣:១-៦។ ក្នុង​ជម្លោះ​ទី១ ម៉ាកុស ២:១-១២ យើង​ឃើញ​ថា​មិន​សូវ​មាន​ការ​មាត់​ករ​ប៉ុន្មាន​ទេ ប៉ុន្តែ​ក្នុង​ជម្លោះ​ទាំង​បី​បន្ទាប់​ទៀត (ម៉ាកុស ២:១៣-១៧, ១៨-២២, និង​២៣-២៨) បាន​ក្លាយ​ទៅ​ជា​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​ពាក្យ​សម្ដី ហើយ​ក្នុង​ជម្លោះ​ទី៥ (ម៉ាកុស ៣:១-៦) យើង​ឃើញ​អំពី​ការ​ដែល​ពួក​គេ​មាន​បំណង​ចង់​សម្លាប់​ព្រះ​យេស៊ូវ​ចោល​តែ​ម្ដង។

ក្នុង​ជម្លោះ​មួយ​នេះ យើង​ឃើញ​អំពី «សំណួរ​នៃ​ការ​តម​អាហារ»។ លោក ម៉ាកុស បាន​សរសេរ​ពាក្យ «តម» ឬ​ក៏ «តម​អាហារ» ៦X នៅ​ក្នុង​ត្រឹម​តែ​៦ខ​នេះ ហើយ​យើង​ក៏​ឃើញ​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ឆ្លើយ​សំណួរ​របស់​ពួក​គេ​ដោយ​ប្រើ​ការ​ប្រៀបប្រដូច​៣​យ៉ាង។

ប្រធាន​បទ​ស្នូល៖ ក្នុង​ដំណើរ​រឿង​នៃ​ជម្លោះ​ទី៣​នេះ​លោក ម៉ាកុស កំពុង​តែ​បង្ហាញ​យើង​អំពី​ភាព​ចម្លែក​នៃ​ដំណឹង​ល្អ ចម្លែក​ត្រង់​ថា​មិន​អាច​លាយឡំ​ជា​មួយ​សាសនា​ផ្សេង​បាន​ឡើយ។

ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ១:១៤-១៥ យើង​ឃើញ​ហើយ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​ប្រកាស​អំពី​ដំណឹង​ល្អ​នៃ​ភាព​ជិត​បង្កើយ​នៃ​ព្រះ​រាជ្យ​នគរ​របស់​ព្រះ​ជាម្ចាស់ និង​ការ​ត្រាស់​ហៅ​ឲ្យ​បំផ្លាស់​បំប្រែ​ចិត្ត។ ហើយ​នៅ​ក្នុង​ដំណើរ​រឿង​មួយ​នេះ​លោក ម៉ាកុស កំពុង​តែ​បង្ហាញ​យើង​អំពី​ភាព​ចម្លែក​នៃ​ដំណឹង​ល្អ។ សំណួរ​សួរ​ថា៖ តើ​គាត់​បង្ហាញ​យើង​យ៉ាង​ដូច​ម្ដេច? ចម្លើយ​គឺ៖ គាត់​កំពុង​បង្ហាញ​យើង​តាម​រយៈ​សំណួរ​របស់​ពួក​ផារិស៊ី ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​នៃ​ការ​តម​អាហារ។

ទាក់​ទង​នឹង​ទី​កន្លែង និង​ពេល​វេលា​នៃ​ដំណើរ​រឿង​នេះ យើង​មិន​ដឹង​យ៉ាង​ប្រាកដ​ទេ ពីព្រោះ​លោក ម៉ាកុស មិន​បាន​លើក​ឡើង ប៉ុន្តែ​យើង​អាច​សន្មត​ថា ទំនង​ជា​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​លោក លេវី ឬ​ក៏​លោក ម៉ាថាយ ដែល​ព្រះ​យេស៊ូវ និង​មនុស្សម្នា​ជា​ច្រើន​កំពុង​តែ​ធ្វើ​ពិធី​ជប់​លៀង។

ប៉ុន្តែ ខ១៨​បាន​ប្រាប់​យើង​ថា៖ «មាន​មនុស្ស​មក​ទូល​សួរ​ព្រះ​អង្គ​ថា៖ “ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ យ៉ូហាន និង​សិស្ស​របស់​ពួក​ផារិស៊ី​តម​អាហារ តែ​ពួក​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?”»

សំណួរ​នៃ​ការ​សួរ​មួយ​នេះ​គឺ​មិន​មែន​ជា​ការ​សួរ ដើម្បី​ចង់​ទទួល​បាន​ចម្លើយ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​សួរ ដើម្បី​ផ្ចាញ់​ផ្ចាល​ព្រះ​យេស៊ូវ និង​ព័ន្ធកិច្ច​របស់​ទ្រង់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ឆ្លើយ​ដោយ​បាន​លើក​ឡើង​អំពី «កូន​កំលោះ» ហើយ​រៀប​រាប់​អំពី​ការ​ប្រៀប​ប្រដូច​នៃ​ការ «ប៉ះ​សម្លៀកបំពាក់​ចាស់ៗ» និង «ការ​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់»។

ពួក​ផារិស៊ី

ទោះ​បើ​ប្រវត្តិ​សាស្ត្រ​អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​ប្រាប់​យើង​យ៉ាង​ច្បាស់​លាស់​ពី​ដើម​កំណើត​នៃ​ការ​ចាប់​ផ្ដើម​របស់​ក្រុម​ពួក​ផារិស៊ី​ក៏​ដោយ ក៏​យើង​អាច​សន្មត​បាន​ដែរ​ថា វា​ទំនង​ជា​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៦៨ មុន​ស.គ. នៃ​ការ​បះបោរ​របស់​ពួក​មីកាបាយ។ ឈ្មោះ​ពួក «ផារិស៊ី» មាន​ន័យ​ថា «ពួក​ញែក​ចេញ ឬ​ក៏​ពួក​បរិសុទ្ធ»។ ពួក​គេ​មិន​មែន​ជា​ក្រុម​នយោបាយ​ទេ។ លោក Josephus ដែល​ជា​ប្រវត្តិវិទូ​ម្នាក់​បាន​សន្មត​ថា ពួក​ផារិស៊ី​មាន​ប្រមាណ​ជាង ៦,០០០ នាក់ ដែល​ស្មើ​ទៅ​នឹង ១% នៃ​ប្រជាជន​ទាំង​មូល។

បើ​និយាយ​ឲ្យ​ខ្លី​ទៅ​ពួក​ផារិស៊ី​មាន​ច្រើន​ជាង​ពួក​សាឌូស៊ី, ពួក​អាសិនស៍, ពួក​ហេរ៉ូឌ, និង​ពួក​ជាតិនិយម នៅ​ជំនាន់​នោះ។ គេ​បាន​សន្មត​ថា ពួក​ផារិស៊ី​គឺ​ជា​អ្នក​ស្នង​តំណែង​របស់​លោក ម៉ូសេ ទាក់​ទង​ទៅ​នឹង​ការ​កាត់​ស្រាយ​កណ្ឌ​គម្ពីរ​ទាំង ៥ ដំបូង (ម៉ាថាយ ២៣:២)។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួក​ផារិស៊ី​បាន​បន្ថែម​ច្បាប់​លើ​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ ប្រមាណ​ជាង ៦១៣X ទៀត។

ការ​តម

ដើម្បី​ឲ្យ​យើង​កាន់​តែ​យល់​អំពី​ជម្លោះ​មួយ​នេះ យើង​ត្រូវ​តែ​យល់​ថា ក្នុង​សាសនា​យូដា​គឺ​មាន​សសរ​នៃ​គោល​ជំនឿ​បី​ដែល​គេ​រាប់​ថា​សំខាន់ៗ៖ ១. ការ​អធិស្ឋាន ២. ការ​ធ្វើ​ទាន ៣. និង​ការ​តម។

តាម​ពិត​ទៅ​កណ្ឌ​គម្ពីរ លេវីវិន័យ ១៦:២៩-៣០ មាន​លើក​ឡើង​អំពី​ការ​តម​តែ ១X ទេ​ក្នុង​១ឆ្នាំ ទាក់​ទង​ទៅ​នឹង​ថ្ងៃ​នៃ​ការ​ធួន​នឹង​បាប ប៉ុន្តែ​ពួក​គេ​បាន​បង្កើត​ច្បាប់​នៃ​ការ​តម​បី​ប្រភេទ​ទៀត៖ ១. ការ​កាន់​ទុក្ខ​ទាក់​ទង​នឹង​គ្រោះ​មហន្តរាយ​ដែល​ប៉ះពាល់​ជាតិ​សាសន៍​ទាំង​មូល ២. ការ​តម​ទាក់​ទង​នឹង​គ្រា​មាន​អាសន្ន សង្គ្រាម ជំងឺ​រាតត្បាត គ្រា​អំណត់​អត់ និង៣. ការ​បង្ខំ​ខ្លួន​ឯង​ឲ្យ​តម​ទាក់​ទង​នឹង​មូល​ហេតុ​ផ្ទាល់​ខ្លួន។

ជា​ទូ​ទៅ ពួក​ផារិស៊ី​តម​នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​ព្រហស្បតិ៍ ពីរ​ដង​ក្នុង​មួយ​អាទិត្យ (លូកា ១៨:៩-១៤)។

ត្រឡប់​មក​ប្រធាន​បទ​យើង​វិញ ទាក់​ទង​នឹង​សំណួរ​របស់​ពួក​ផារិស៊ី ព្រះ​យេស៊ូវ​បាន​ឆ្លើយ​តប​ដោយ​មាន​បន្ទូល​សួរ​ទៅ​គេ​វិញ​ថា៖ «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ​គ្នា តើ​អាច​ឲ្យ​ភ្ញៀវ​តម​អាហារ​បាន​ឬ?» នេះ​គឺ​ជា​របៀប​នៃ​ការ​បង្រៀន​មួយ​នៅ​សម័យ​នោះ គឺ​ថា​គ្រូ​ឆ្លើយ​សំណួរ​ដោយ​សួរ​សំណួរ​ទៅ​កាន់​អ្នក​សួរ​វិញ។ នៅ​ក្នុង​ចម្លើយ​របស់​ព្រះ​អង្គ ទ្រង់​កំពុង​តែ​ប្រកាស​ប្រាប់​ពួក​គេ​ថា ទ្រង់​គឺ​ជា​កូន​កំលោះ។ ដែល​តាម​ពិត​ទៅ​នេះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ពួក​ផារិស៊ី និង​ពួក​មេៗ​សាសនា​នៅ​សម័យ​ព្រះ​អង្គ​កាន់​តែ​ខឹង រហូត​ដល់​ថ្នាក់​ថា រៀប​ចំ​ផែន​ការ ដើម្បី​សម្លាប់​ទ្រង់។

នៅ​ក្នុង​ជម្លោះ​មុនៗ ដែល​យើង​បាន​សិក្សា​ជា​មួយ​គ្នា ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ២:១-១២ យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ថា​ព្រះ​អង្គ​គឺ​ជា «កូន​មនុស្ស» ដែល​នោះ​គឺ​ជា​ងារ ដើម្បី​បញ្ជាក់​ថា «ទ្រង់​គឺ​ជា​ព្រះ»។ ហើយ​មក​ដល់​ពេល​នេះ ការ​ដែល​ព្រះ​អង្គ​ប្រៀប​ធៀប​រូប​អង្គ​ទ្រង់​ទៅ​នឹង «កូន​កំលោះ» ក៏​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ខឹង ពីព្រោះ​ងារ​នៃ​កូន​កំលោះ​គឺ​សំដៅ​តែ​ទៅ​លើ «ព្រះ​ជាម្ចាស់» ផ្ទាល់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។

ព្រះ​គម្ពីរ​សញ្ញា​ចាស់​មិន​ដែល​បញ្ជាក់ ឬ​ក៏​ប្រៀប​ធៀប «ព្រះ​មេស្ស៊ី» ទៅ​នឹង​កូន​កំលោះ​នោះ​ទេ។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា ការ​ដែល​ព្រះ​យេស៊ូវ​ប្រៀប​ធៀប​រូប​អង្គ​ទ្រង់​ផ្ទាល់​ទៅ​នឹង​កូន​កំលោះ​មាន​ន័យ​ថា ទ្រង់​មិន​មែន​ជា​ព្រះ​មេស្ស៊ី​នោះ​ទេ! តាម​ពិត​ទៅ ការ​ប្រៀប​ធៀប​នេះ​កាន់​តែ​ផ្ដល់​អត្ថ​ន័យ​យ៉ាង​ច្បាស់​លាស់​ថា ប្ដី​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​គឺ​មិន​មែន​គ្រាន់​តែ​សំដៅ​ទៅ​លើ​ព្រះ​មេស្ស៊ី​នោះ​ទេ ប៉ុន្តែ​សំដៅ​ទៅ​លើ​ព្រះ​ជាម្ចាស់​ផ្ទាល់​តែ​ម្ដង ហើយ​នៅ​ត្រង់​នេះ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​ភាព​ជា​ព្រះ​របស់​ទ្រង់ (អេសាយ ៥:១; ៥៤:៥-៦; ៦២:៤-៥; អេសេគាល ១៦:៦-៨ និង​ហូសេ ២:១៩)។

ប្រធាន​បទ​ស្នូល​របស់​លោក ម៉ាកុស គឺ​មិន​មែន​គ្រាន់​តែ​ដើម្បី​បង្ហាញ​យើង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​មេស្ស៊ី​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​គឺ​ថា​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់ (ម៉ាកុស ១០:៤៥) ទោះ​បើ​ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី​ក៏​ដោយ។ យើង​បាន​ឃើញ​ហើយ​ថា នៅ​ពេល​ដែល​ព្រះ​អង្គ​ទទួល​ពិធី​ជ្រមុជ​ទឹក ទ្រង់​ទទួល​នាម​ថា​ជា «ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់» ហើយ​បន្ទាប់​មក​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​ក៏​បាន​មក​គង់​នៅ​លើ​ព្រះ​អង្គ ហើយ​ប្រទាន​អំណាច​ដល់​ទ្រង់ ហើយ​ងារ​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ចូល​ចិត្ត​ហៅ​ខ្លួន​ឯង​ជាង​គេ គឺ​ងារ «កូន​មនុស្ស» នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​អំពី​រូប​អង្គ​ទ្រង់។

ចម្លើយ​របស់​ព្រះ​យេស៊ូវ​គឺ​មិន​មែន​មាន​ន័យ​ថា ព្រះ​អង្គ​បាន​បដិសេធ​មិន​ឲ្យ​មាន​ការ​តម​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ព្រះ​អង្គ​កំពុង​តែ​សព្វ​ព្រះ​ហឫទ័យ​ចង់​លើក​ឡើង​គឺ​ឲ្យ​យើង​យល់​អំពី​ពេលវេលា​នៃ​កាលៈទេសៈ​ឲ្យ​បាន​ត្រឹម​ត្រូវ «ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ» (រ៉ូម ១២:១៥)។

ឃ្លា «ពេល​កូន​កំលោះ​កំពុង​នៅ​ជា​មួយ» គឺ​កំពុង​បញ្ជាក់​អំពី​ពិធី​ជប់​លៀង​នៃ​ពិធី​អាពាហ៍ពិពាហ៍។ ពិធី​រៀប​ការ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ជំនាន់​នោះ​មិន​សូវ​ជា​មាន​ការ​ខុស​ប្លែក​ពី​ពិធី​រៀប​ការ​នៅ​ប្រទេស​យើង​ឥឡូវ​នេះ​ប៉ុន្មាន​ដែរ ទោះ​បើ​ថា​ឥឡូវ​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះៗ​ក៏​ដោយ។ នៅ​សម័យ​នោះ វិធី​រៀប​ការ​អាច​កើត​ឡើង​ពីរ​បី​ថ្ងៃ​រហូត​ដល់​១​អាទិត្យ ហើយ​នៅ​ពេល​ដែល​ពិធី​ការ​ចប់ នោះ​កូន​កំលោះ និង​កូន​ក្រមុំ​នឹង​ចូល​បន្ទប់​ទៅ​ក្រេប​ទឹក​ឃ្មុំ​អស់​រយៈពេល​១​អាទិត្យ។

ការ​ប្រៀបធៀប​មួយ​នេះ​របស់​ព្រះ​យេស៊ូវ​គឺ​ពិត​ជា​អស្ចារ្យ​មែន ពីព្រោះ​តាម​ពិត​ទៅ​សូម្បី​តែ​ប្រពៃណី​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​ពួក​ផារិស៊ី​បាន​ចេញ​ច្បាប់​មួយ​ថា៖ ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​តម​អាហារ​នៅ​ពេល​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​ឡើយ។ ពិធី​រៀប​ការ​គឺ​ជា​ពេលវេលា​ជប់​លៀង មិន​មែន​ពេលវេលា​តម​អាហារ​ទេ។

ការ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​ដល់​គឺ​ជា​ការ​បញ្ជាក់​ថា​ព្រះ​រាជ្យ​នគរ​របស់​ព្រះ​ជាម្ចាស់​ក៏​បាន​មក​ដល់​ផង​ដែរ។ ព្រះ​អង្គ​គឺ​ជា​កូន​កំលោះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​មិន​គួរ​មាន​ការ​តម​អាហារ ប៉ុន្តែ​គួរ​ជា​ពេលវេលា​នៃ​ការ​ជប់​លៀង។ ប៉ុន្តែ ក៏​នឹង​មាន​ពេល​ដែល​ពួក​គេ​នឹង​ត្រូវ​តម​ផង​ដែរ ពីព្រោះ​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ។

ចំពោះ​បង​ប្អូន​ដែល​មិន​ទាន់​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​នៅ​ឡើយ សូម​កុំ​ឲ្យ​ថ្ងៃ​នេះ​ដែល​ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ​របស់​បង​ប្អូន​រំលង​ផុត​ឡើយ។ សូម​បើក​ចិត្ត​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ដែល​ទ្រង់​គឺ​ជា​កូន​កំលោះ ហើយ​ក្រុម​ជំនុំ​គឺ​ជា​កូន​ក្រមុំ​របស់​ទ្រង់។ កណ្ឌ​គម្ពីរ​វិវរណៈ​បាន​បញ្ជាក់​ប្រាប់​យើង​ថា នៅ​អនាគត​ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​យក​ក្រុម​ជំនុំ​ដែល​ជា​កូន​ក្រមុំ​របស់​ទ្រង់ ដើម្បី​ចូល​ពិធី​មង្គល​ការ។

ដំណឹង​ល្អ

១កូរិនថូស ១៥:៣-៤៖ «ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ​គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ​អង្គ​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​ស្រប​តាម​បទ​គម្ពីរ»។

របៀប​ទទួល​បាន​សេចក្ដី​សង្គ្រោះ

រ៉ូម ១០:៩-១០៖ «ព្រោះ​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់»។

យើង​ដឹង​ថា៖ ព្រះ​រាជ្យ​នគរ​របស់​ព្រះ​ជាម្ចាស់ និង​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ចម្លែក ពីព្រោះ​មិន​អាច​មាន​ការ​លាយ​ឡំ​ជា​មួយ​នឹង​សាសនា​ចាស់​របស់​សាសន៍​យូដា ឬ​ក៏​សាសនា​ណា​មួយ​ផ្សេង​ទៀត​បាន​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​បន្ត​លើក​ឡើង​អំពី​ការ​ប្រៀប​ប្រដូច​ពីរ​យ៉ាង​ទាក់​ទង​ទៅ​នឹង​ការ​យក​ក្រណាត់​ថ្មី​ទៅ​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់ និង​ការ​យក​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់។

ការ​យក​ក្រណាត់​ទៅ​ប៉ះ​លើ​សម្លៀកបំពាក់​នឹង​មិន​មាន​ភាព​ស៊ី​គ្នា​ទេ មិន​មែន​ត្រឹម​ថា​វា​មិន​ស៊ី​គ្នា​ទាក់​ទង​ទៅ​នឹង​ពណ៌ ឬ​ក៏​ក្រណាត់​ចាស់ និង​ថ្មី​នោះ​ទេ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​វា​ក៏​នឹង​មាន​ការ​រហែក​ផង។ ដូច​គ្នា​ផង​ដែរ នៅ​សម័យ​នោះ គេ​មិន​យក​ស្បែក​ថ្មី​ទៅ​ប៉ះ​ថង់​ស្បែក​ស្រា​ចាស់​នោះ​ទេ មូល​ហេតុ​គឺ​ដោយ​សារ​ប្រសិន​បើ​គេ​ធ្វើ​បែប​នោះ នោះ​ថង់​ស្បែក​ស្រា ដែល​គេ​ប្រើ​ប្រាស់​នឹង​រហែក។ ហេតុ​អ្វី​បង​ប្អូន? មូល​ហេតុ​គឺ​ដោយ​សារ​ថង់​ស្បែក​ស្រា​ចាស់​មាន​ការ​យារ​រួច​ស្រេច​ទៅ​ហើយ ប៉ុន្តែ​ស្បែក​ថ្មី​មិន​ទាន់​មាន ហេតុ​ដូច្នេះ​ពេល​ដែល​វា​យារ នោះ​វា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ស្រា​ចាស់​រហែក ធ្លាយ ហើយ​មាន​ការ​បាត់​បង់។

ផ្ទុយ​ពី​សាសនា​យូដា ព្រះ​យេស៊ូវ​កំពុង​តែ​បង្ហាញ​ថា សូម្បី​តែ​សាសនា​ផ្សេងៗ​ក៏​មិន​អាច​យក​មក​លាយ​ឡំ​ជា​មួយ​នឹង​ដំណឹង​ល្អ​ដែល​ទ្រង់​កំពុង​តែ​ប្រទាន​ឲ្យ ដើម្បី​នាំ​ឲ្យ​ព្រះ​ជាម្ចាស់​អត់​ទោស​អំពើ​បាប ផ្សះផ្សា​ទំនាក់​ទំនង​បាន​ដែរ។ ដូច្នេះ យើង​ក៏​មិន​អាច​យក​ទង្វើ​ល្អ​របស់​យើង​ទៅ​ប្ដូរ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​អត់​ទោស​អំពើ​បាប​របស់​យើង​បាន​ដែរ។ មាន​ផ្លូវ​តែ​មួយ​គត់៖ គឺ​តាម​រយៈ​ព្រះ​យេស៊ូវ! ដូច្នេះ​ហើយ​បាន​ជា​សាវ័ក យ៉ូហាន បាន​លើក​ឡើង​ថា ព្រះ​អង្គ​គឺ​ជា​ផ្លូវ គឺ​ជា​ជីវិត និង​ជា​សេចក្ដី​ពិត ហើយ​មិន​មាន​អ្នក​ណា​អាច​ទៅ​រក​ព្រះ​ជាម្ចាស់​បាន លុះ​ត្រា​តែ​តាម​រយៈ​ព្រះ​អង្គ​ផ្ទាល់។

សរុប​សេចក្ដី​ទៅ គ្មាន​ដំណឹង​ណា​ផ្សេង​អាច​យក​មក​ប្រៀប​ផ្ទឹម​ជា​មួយ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​បាន​ឡើយ។ ដំណឹង​ល្អ​របស់​ព្រះ​អង្គ​គឺ​ចម្លែក ខុស​ប្លែក​ពី​សាសនា​ផ្សេងៗ។

ចំពោះ​បង​ប្អូន​ដែល​បាន​ទទួល​ជឿ​លើ​ព្រះ​អង្គ​ហើយ តើ​សព្វ​ថ្ងៃ​នេះ​បង​ប្អូន​មាន​សកម្ម​ភាព​ក្នុង​ការ​ផ្សាយ​ដំណឹង​នេះ​ដែរ​ឬ​ទេ? តើ​បង​ប្អូន​នៅ​បន្ត​ប្រកាស​ដំណឹង​ល្អ​នេះ​ជា​ប្រចាំ​ថ្ងៃ​មក​កាន់​ខ្លួន​ឯង​ដែរ​ឬ​ទេ?

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង​លោក​ស្រី បូល រដ្ឋា
ឯកសារ​យោង៖
Bratcher, R. G., & Nida, E. A. (ឆ្នាំ១៩៩៣). “A Handbook on the Gospel of Mark”. New York: United Bible Societies
Edwards, J. R. (ឆ្នាំ២០០២). “The Gospel according to Mark”. Grand Rapids, MI; Leicester, England: Eerdmans; Apollos
Swete, H. B. (Ed.). (ឆ្នាំ១៨៩៨). “The Gospel According to St. Mark”. The Greek text with introduction, notes and indices. London; New York: MacMillan and co.; The MacMillan Company
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press
Hurtado, L. W. (ឆ្នាំ២០១១). “Mark”. Grand Rapids, MI: Baker Books
Guelich, R. A. (ឆ្នាំ១៩៨៩). “Mark 1-8:26” (Vol. 34A). Dallas: Word, Incorporated
MacArthur, John. (ឆ្នាំ២០១៥). “Mark 1-8” (Vol. 01) Illinois: Moody Publisher
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press
Geddert, T. J. (ឆ្នាំ២០០១). “Mark”. Scottdale, PA: Herald Press

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មនុស្សអាក្រក់ស្រឡាញ់ព្រះជាម្ចាស់

ក្រុមជំនុំខូចខាត និងទន់ខ្សោយ