in

៦របៀប​ដែល​បច្ចេកៈ​វិទ្យា​ឌីជីថល​បង្ខូច​យើង

សត្វ​ពស់​បាន​ខ្សឹប​ដាក់​ត្រចៀក​នាង អេវ៉ា ថា «បរិភោគ​ផ្លែ​ឈើ​នោះ​ទៅ នោះ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ»។ ប៉ុន្តែ​នាង អេវ៉ា បាន​ដូច​ជា​ព្រះ​រួច​ហើយ—មនុស្ស​យើង​បាន​ឆ្លុះ​បញ្ចាំង និង​តំណាង​រូប​អង្គ​ព្រះ​យ៉ាង​ពិសេស។ ទោះ​បី​ជា​លោក អ័ដាម និង​នាង អេវ៉ា ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ដូច​ជា​រូប​អង្គ​ព្រះ​ក៏​ដោយ ក៏​ប៉ុន្តែ​ការ​នេះ​នៅ​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​សោះ។ ពួក​គេ​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រីក​ព្រំដែន​នៃ​ភាព​ដូច​ជា​ព្រះ​របស់​ពួក​គេ ដែល​ការ​នោះ​បាន​នាំ​ឲ្យ​ពួក​គេ​បរិភោគ​ផ្លែ​ឈើ​ដែល​សត្វ​ពស់​បាន​សន្យា​ថា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ដូច​ជា​ព្រះ​ថែម​ទៀត។

ពេល​នោះ សត្វ​ពស់​បាន​ប្រាប់​ទាំង​សេចក្តី​ពិត និង​ការ​កុហក។ ផ្លែ​ឈើ​នោះ​ពិត​ជា​បាន​បើក​ភ្នែក​លោក អ័ដាម និង​នាង អេវ៉ា មែន​ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ប្រាជ្ញា ដែល​កន្លង​មក​គឺ​មាន​តែ​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​មាន—ហើយ​ការ​ដែល​បរិភោគ​ផ្លែ​ឈើ​ដោយ​ខ្លួន​ឯង​ក៏​បាន​ផ្លាស់​ប្ដូរ​រូប​ភាព​នៅ​ក្នុង​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មិន​ដូច​ព្រះ​ថែម​ទៀត។

បដិវត្តន៍​នៃ​យុគ​សម័យ​ព័ត៌មាន​ឌីជីថល​គឺ​ស្រប​តាម​ការ​សន្យា​បោក​បញ្ឆោត​របស់​សត្វ​ពស់​នៅ​ក្នុង​សួន​ច្បារ។ Google (ហ្គូហ្គល) អនុញ្ញាត​ឲ្យ​នរណា​ក៏​បាន​អាច​ចូល​ប្រើ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​ពីរ​ឬ​បី​ប៉ុណ្ណោះ គឺ​ឲ្យ​មាន​ស្ទើរ​តែ​គ្រប់​ចំណេះ​ដឹង​ទាំង​អស់​ដែល​មនុស្ស​ជាតិ​មាន។ Alexa (អាឡិក្សា) អាច​ជួយ​យើង​ឲ្យ​អាច​បំភ្លឺ​ផ្ទះ​របស់​យើង​ដោយ​ប្រើ​ពាក្យ​និយាយ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ (social media) បាន​ផ្តល់​ឲ្យ​យើង​មាន​សមត្ថភាព ក្នុង​ការ​មាន​វត្តមាន​សម្រាប់​មនុស្ស​គ្រប់​គ្នា នៅ​គ្រប់​ពេល​វេលា។ ឥឡូវ​នេះ ជា​មួយ​នឹង​ការ​រីក​សាយភាយ​នៃ ChatGPT និង​កម្ម​វិធី AI ផ្សេងៗ​ទៀត នោះ​ដែន​កំណត់​ខាង​លើ​នៃ​ផលិត​ភាព​របស់​មនុស្ស​មិន​ដែល​បាន​ដល់​កម្រិត​ខ្ពស់​ជាង​នោះ​ទេ។ អ្នក​ប្រហែល​ជា​អាច​និយាយ​ថា បច្ចេកៈ​វិទ្យា​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ព្រះ។

ខណៈ​ពេល​ដែល​យើង​បាន​ប្រើ​ជា​ញឹក​ញយ​សម្រាប់​ការ​លើក​តម្កើង​ព្រះ​ជាម្ចាស់ ប្រហែល​ជា​ការ​ពង្រីក​សមត្ថភាព​ទាំង​នេះ​មាន​លក្ខណៈ​ដូច​ជា​ការ​ល្បួង​របស់​សត្វ​ពស់ នៅ​ក្នុង​សួន​ច្បារ? តើ​បច្ចេកៈ​វិទ្យា​ទាំង​នេះ កាត់​បន្ថយ​គម្លាត​រវាង​សមត្ថភាព​របស់​ព្រះ និង​របស់​យើង ដែល​ក្នុង​ពេល​ដំណាល​គ្នា​នោះ​ក៏​អាច​ពង្រីក​គម្លាត​រវាង​ចរិតលក្ខណៈ​របស់​ព្រះ និង​របស់​យើង​បាន​ដែរ​ឬ​ទេ? នៅ​ពេល​ដែល​សារ​បច្ចេកៈ​វិទ្យា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ដូច​ព្រះ នោះ​រូប​ភាព​នៃ​អង្គ​របស់​ទ្រង់​អាច​នឹង​កាន់​តែ​លែង​ច្បាស់​លាស់​ជាង​មុន​នៅ​ក្នុង​យើង​ក៏​ថា​បាន។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បាន​ដូច​ជា​ទ្រង់ ប៉ុន្តែ​យើង​ប្រាថ្នា​ប្រជែង​ជា​មួយ​ព្រះ​វិញ។

បច្ចេកៈ​វិទ្យា​បង្ខូច​អំណាច

យើង​មិន​គ្រាន់​តែ​មាន​សកម្មភាព​នៅ​លើ​ផែនដី​នេះ​ជា​មួយ​នឹង​បច្ចេកៈ​វិទ្យា​របស់​យើង​ប៉ុណ្ណោះ​ទេ—តែ​នៅ​ទីបំផុត បច្ចេកៈ​វិទ្យា​របស់​យើង​នឹង​មាន​សកម្មភាព​មក​លើ​យើង​វិញ។ វា​មិន​ដែល​ជា​អព្យាក្រឹត្យ​នោះ​ឡើយ។

នៅ​ពេល​ដែល​លោក អ័ដាម និង​នាង អេវ៉ា បាន​យក​ផ្លែ​ឈើ​ដែល​ត្រូវ​បាន​ហាម​ឃាត់​មក​បរិភោគ ដើម្បី​ឲ្យ​បាន​ដូច​ជា​ព្រះ នោះ​ពួក​គេ​ត្រូវ​បាន​បង្ខូច​ភាព​ដូច​ជា​ទ្រង់។ បច្ចេកៈ​វិទ្យា​ក៏​មាន​អំណាច​ក្នុង​ការ​បង្ខូច​រូប​អង្គ​នៃ​ព្រះ​នៅ​ក្នុង​ចរិតលក្ខណៈ​របស់​យើង​ដែរ។ ដោយ​ប្រើ​ប្រាស់​កញ្ចក់​នៃ​កណ្ឌ​គម្ពីរ កាឡាទី ៥:២២-២៣ សូម​យើង​មើល​លើ​របៀប​៦​យ៉ាង​ដែល​បច្ចេកៈ​វិទ្យា​ឌីជីថល​អាច​នឹង​បង្ខូច​យើង។

១. បង្ខូច​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស៖ ភាព​ផ្ទុយ​គ្នា កំហឹង និង​ភាព​ហិង្សា
សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​របស់​ព្រះ​ជាម្ចាស់​ត្រូវ​បាន​បង្ហាញ​មក​តាម​រយៈ​បុគ្គលិក​លក្ខណៈ និង​សកម្ម​ភាព​របស់​ទ្រង់​មក​កាន់​មនុស្ស​មាន​បាប (ទីតុស ៣:៤-៥) ដែល​បង្ហាញ​អំពី​ព្រះ​ទ័យ​ឈឺឆ្អាល និង​ព្រះ​ទ័យ​ក្ដួល​អាណិត​របស់​ទ្រង់​សម្រាប់ «អ្នក​ផ្សេង»។ ប៉ុន្តែ ប្រព័ន្ធ​ឌីជីថល និង​ក្បួន​ដំណោះ​ស្រាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​មិន​ពេញ​ចិត្ត​ចំពោះ​ខ្លឹម​សារ​ល្អៗ ឬ​បង្កើត​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ព្រលឹង​យើង​ឡើយ។

ក្នុង​អំឡុង​សវនាការ​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ២០២១ អតីត​អ្នក​រចនា​របស់​ក្រុម​ហ៊ុន​ហ្គូហ្គល​ម្នាក់​បាន​ថ្លែង​ថា «បំណង​នៃ​អាជីវកម្ម​គឺ ដើម្បី​បង្កើត​សង្គម​មួយ​ដែល​មាន​ការ​ញៀន ហិង្សា ភាព​ផ្ទុយ​គ្នា ការ​សម្ដែង និង​ការ​គ្មាន​ព័ត៌មាន»។ គេ​បាន​ហៅ​បណ្ដាញ​សង្គម Facebook ថា​ជា «សាជីវកម្ម​ដែល​មាន​ឥទ្ធិពល​នៃ​ភាព​ផ្ទុយ​គ្នា​បំផុត​មួយ​លើ​ពិភព​លោក​នេះ» ដែល​វេទិកា​របស់​ពួក​គេ​គឺ «ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង ដើម្បី​ឲ្យ​មនុស្ស​នៅ​បន្ត​អូស​មាតិកា​ថ្មីៗ​របស់​បណ្ដាញ​សង្គម Facebook ដោយ​ពង្រីក​ព័ត៌មាន​បែក​បាក់​គ្នា និង​ដុត​បញ្ឆេះ ក៏​ដូច​ជា​បំផ្លើស​ការ​បែក​បាក់​នយោបាយ​នៅ​ក្នុង​សង្គម»។

គេហទំព័រ​ដែល​យើង​ប្រើ​ប្រាស់ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​យើង​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ វា​មាន​សមត្ថភាព​បង្ខូច​ភាព​សប្បុរស និង​សេចក្តី​ស្រឡាញ់​របស់​យើង ហើយ​វា​ក៏​អាច​បង្កើត​ឲ្យ​មាន​ផល​នៃ​ភាព​ផ្ទុយ​គ្នា កំហឹង និង​អំពើ​ហិង្សា។

២. បង្ខូច​សេចក្តី​អំណរ និង​សន្តិភាព៖ ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ថប់​បារម្ភ
ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកៈ​វិទ្យា​ឌីជីថល​ច្រើន​បា​នបង្កើត​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ថប់​បារម្ភ។ អត្រា​នៃ​ការ​មិន​សប្បាយ​ចិត្ត ការ​ធ្លាក់​ទឹក​ចិត្ត និង​ការ​ធ្វើ​អត្តឃាត​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​បច្ចេកៈ​វិទ្យា​ឌីជីថល​ច្រើន រួម​ទាំង​ការ​គេង​មិន​លក់ ភាព​តាន​តឹង និង​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​ខ្លួន​ឯង។

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ច្រើន​ពេក ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីឌ-១៩ និង​ការ​ប៉ះ​ពាល់​នឹង​ព័ត៌មាន​មិន​ពិត ដែល​ភ្ជាប់​មក​ជា​មួយ​វា គឺ​ជា​មូល​ហេតុ​ដែល​បង្កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ភស្តុតាង​យ៉ាង​ទូលំ​ទូលាយ​មាន​នៅ​ក្នុង​អក្សរ​សិល្ប៍​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មាន​ការ​ជាប់​ទាក់​ទង​នឹង​ការ​ថប់​បារម្ភ និង​រួម​ចំណែក​ដល់​ការ​ភ័យ​ខ្លាច​នៃ​ការ​ខក​ខាន។

បច្ចេកៈ​វិទ្យា​ឌីជីថល​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​បាន ប៉ុន្តែ​បើ​មិន​ពិនិត្យ​មើល​ទេ នោះ​វា​អាច​ប្លន់​យើង​ចេញ​ពី​សេចក្តី​អំណរ ហើយ​បង្កើត​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​ខ្វល់​ខ្វាយ និង​មាន​ភាព​ទទេ។

៣. បង្ខូច​ការ​អត់​ធ្មត់៖ ការ​ខ្វះ​ភាព​អត់​ធ្មត់ និង​ការ​បង្ខិត​បង្ខំ
យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​ចង​ចាំ​អំពី​ភាព​ខ្វះ​ការ​អត់​ធ្មត់ ដែល​បាន​កើន​ឡើង​នៅ​ក្នុង​ចិត្ត​យើង នៅ​ពេល​ដែល​យើង​ឮ​សំឡេង​លោត​របស់​ម៉ូឌឹម ខណៈ​ពេល​ដែល​ប្រព័ន្ធ AOL ទាញ​យក​សារ​នៅ​ក្នុង​ល្បឿន​យឺតៗ (ប្រៀប​ដូច​ជា​សត្វ​ខ្យង) នៅ​ក្នុង​ទសវត្ស​ឆ្នាំ​ទី២០។ យើង​ប្រហែល​ជា​រំពឹង​ទុក​ថា ដោយ​មាន​ល្បឿន​កុំព្យូទ័រ​ម៉ូដែល​ថ្មីៗ ហើយ​លឿន នោះ​ការ​ខ្វះ​ភាព​អត់​ធ្មត់​នឹង​គ្មាន​ឱកាស​ក្នុង​ការ​ផុស​ចេញ​នៅ​ក្នុង​ខ្លួន​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ឃើញ​ពី​ភាព​ផ្ទុយ​ទៅ​វិញ។ ការ​កើន​ឡើង​នូវ​ភាព​ខ្វះ​ការ​អត់​ធ្មត់​នេះ​បាន​បង្ហាញ​ខ្លួន​វា​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី «បំពេញ​តម្រូវ​ការ​របស់​យើង​ឲ្យ​បាន​កាន់​តែ​រហ័ស» ដែល​វា​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ឆាប់​ខឹង​កើត​ឡើង និង​ការ​ចំណាយ​លើស​ពី​ចំណូល។

ឫសគល់​នៃ​ភាព​ខ្វះ​ការ​អត់​ធ្មត់​របស់​យើង​គឺ​ប្រហែល​ជា​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​កើត​ឡើង​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌីជីថល។ ក្រុម​ហ៊ុន​ម៉ៃក្រូសូហ្វ (Microsoft) បាន​រក​ឃើញ​ថា នៅ​ចន្លោះ​ឆ្នាំ២០០០ និង២០១៣ ការ​ផ្ចង់​ផ្ដោត (ឧទាហរណ៍៖ ការ​យក​ចិត្ត​ទុក​ដាក់) របស់​មនុស្ស​មាន​ការ​ថយ​ចុះ​ពី​ចន្លោះ​១២វិនាទី​មក​នៅ​ត្រឹម​៨វិនាទី (សម្រាប់​ជា​ការ​ប្រៀប​ធៀប៖ ការ​ផ្ចង់​ផ្ដោត​របស់​ត្រី​មាស គឺ​មាន​រយៈ​ពេល ៩វិនាទី)។ លោក ម៉ាក អែលលីងសិន (Mark Ellingsen) បាន​សរសេរ​ថា «ការ​បែង​ចែក​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ទាម​ទារ​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សមត្ថភាព​យល់​ដឹង​របស់​យើង ហើយ​ធ្វើ​ឲ្យ​ការ​រៀន​សូត្រ និង​ការ​យល់​ដឹង​របស់​យើង​ថយ​ចុះ»។

ព្រះ​ជាម្ចាស់​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ស៊ូ​ទ្រាំ​ទុក្ខ​លំបាក ព្រម​ទាំង​ប្ដេជ្ញា​សម្រាប់​យូរ​អង្វែង។ ការ​បំពេញ​ចិត្ត​ភ្លាមៗ និង​ការ​រំខាន​ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌីជីថល​បាន​បង្ខូច​ទ្រង់​ទ្រាយ​នៃ​ទិដ្ឋភាព​រូប​អង្គ​ព្រះ នៅ​ក្នុង​ខ្លួន​យើង នៅ​ក្នុង​កម្រិត​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​យើង។

៤. បង្ខូច​ភាព​ស្លូត​បូត៖ អំពើ​ហិង្សា

ប្រសិន​បើ​សេចក្តី​ស្លូត​បូត​របស់​ព្រះ​ជាម្ចាស់​មក​កាន់​យើង​ដែល​ជា​អ្នក​ដែល​តំណាង​រូប​អង្គ​ទ្រង់​បាន​ដៅ​សម្គាល់​ដោយ​ការ​ដែល​ទ្រង់​ប្រព្រឹត្ត​ជា​មួយ​យើង​នៅ​ក្នុង​របៀប​អហិង្សា នោះ​ចំណុច​ផ្ទុយ​គឺ​ការ​មាន​ចរិតលក្ខណៈ​របស់​មនុស្ស ដែល​មាន​បំណង​ចិត្ត​ក្នុង​ការ​បង្ក​ហិង្សា​ដល់​អ្នក​ដទៃ​ណា​ម្នាក់​ដោយ​ចេតនា។ អំពើ​ហិង្សា​ផ្លូវ​អារម្មណ៍​ក្នុង​ទម្រង់​នៃ​ការ​គំរាម​កំហែង​តាម​បណ្ដាញ​សង្គម គឺ​ជា​ការ​បង្ហាញ​មួយ​នៅ​ក្នុង​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌីជីថល។ ដោយ​ការ​កើន​ឡើង​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត នោះ​ការ​ផ្តាច់​ខ្លួន​ខាង​សីល​ធម៌​ក៏​បាន​កើន​ឡើង​ដែរ (សូម​មើល​នៅ​ក្នុង​ចំណុច​បន្ទាប់) ហើយ​និង​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គំរាម​កំហែង​តាម​បណ្ដាញ​សង្គម។

ការ​ឈ្លាន​ពាន​តាម​​បណ្ដាញ​សង្គម​នេះ​អាច​រាល​ដាល​ដល់​ការ​មាន​អំពើ​ហិង្សា​ក្នុង​ពិភព​លោក​យ៉ាង​ពិត​ប្រាកដ​ដែរ។ ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សាសនា​សាធារណៈ (Public Religion Research Institute) បាន​បង្ហាញ​ថា ១៥ភាគ​រយ​នៃ​ជន​ជាតិ​អាមេរិក (ឬ​ក៏​មនុស្ស​៥០លាន​នាក់) ជឿ​ថា «ពីព្រោះ​អ្វីៗ​បាន​បោះ​ជំហាន​ទៅ​ឆ្ងាយ​ហួស​ព្រំដែន នោះ​អ្នក​ស្នេហា​ជាតិ​អាមេរិក​ពិត​ប្រាកដ​ប្រហែល​ជា​ត្រូវ​ងាក​ទៅ​រក​អំពើ​ហិង្សា ដើម្បី​សង្គ្រោះ​ប្រទេស​របស់​ខ្លួស​ឡើង​វិញ»។ វេទិកា​អនឡាញ​បាន​ចូល​រួម​ចំណែក​ដល់​ការ​បំផ្លិច​បំផ្លាញ​ក្នុង​ករណី​របស់​លោក ឌីឡាន រូហ្វ (Dylann Roof) និង​លោក ផេតុន ហ្កេនដ្រូន (Payton Gendron)។

ប៉ុន្តែ សូម​ចង​ចាំ​ថា មិន​មែន​គ្រប់​គ្នា​ដែល​ប្រើ​ប្រាស់​អ៊ីនធឺណិត​នឹង​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ តែ​ភាព​ច្របូក​ច្របល់​ដែល​វា​បាន​បង្កើត​ឡើង​អាច​ទាញ​មនុស្ស​ឲ្យ​ទៅ​រក​ទិស​ដៅ​នោះ ហើយ​បង្កើត​ឲ្យ​មាន​ជម្រក​សុវត្ថិភាព​សម្រាប់​ការ​រវើរវាយ​ដ៏​ឃោរឃៅ​ឲ្យ​បាន​កាន់​តែ​ពុះ​កញ្ជ្រោល​ឡើង។

៥. បង្ខូច​សេចក្តី​ល្អ និង​ភាព​ស្មោះ​ត្រង់៖ សីលធម៌​មិន​ច្បាស់​លាស់
យើង​អាច​ចាត់​ទុក​ភាព​ផ្ទុយ​គ្នា​ពី​សីលធម៌​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​ថា «ភាព​មិន​ច្បាស់​លាស់​នៃ​សីលធម៌»។ ប្រសិន​បើ​យើង​រាប់​សេចក្តី​ល្អ​ថា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​នឹង​ការ​ស្គាល់ និង​ការ​ស្រឡាញ់​សេចក្តី​ពិត​នឹង​ការ​ល្អ នោះ​សេចក្តី​ស្មោះ​ត្រង់​គឺ​ជា​សកម្មភាព​ដែល​ស្រប​គ្នា​នឹង​អ្វី​ដែល​ជា​សេចក្តី​ពិត និង​សេចក្តី​ល្អ។

ចំណុច​មុនៗ​ខាង​លើ​ជាន់​គ្នា​ជា​មួយ​ចំណុច​មួយ​នេះ។ កំហឹង ការ​ប្រទូសរ៉ាយ និង​អំពើ​ហិង្សា​ដែល​កើត​ឡើង​ទៅ​កាន់​អ្នក​ដែល​ជា​តំណាង​រូប​អង្គ​ព្រះ គឺ​មិន​មែន​ជា​សេចក្តី​ល្អ និង​ភាព​ស្មោះ​ត្រង់​ទេ។ ការ​មិន​ចុះ​សម្រុង​ខាង​សីលធម៌​គឺ​ត្រូវ​បាន​កំណត់​ថា «ជា​ការ​យល់​ឃើញ​នៃ​ការ​យល់​ដឹង ដែល​បុគ្គល​ម្នាក់​យក​មក​បក​ស្រាយ​ឡើង​វិញ​អំពី​អាកប្បកិរិយា​អសីលធម៌​របស់​ខ្លួន» ហើយ​វា​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដែល​អត់​មិន​បាន ហើយ​និង​ការ​ប្រើ​ប្រាស់​វីដេអូ​ហ្គាម​ហិង្សា។ ភាព​អនាមិក​តាម​អ៊ីនធឺណិត និង​ការ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​លត់​ដំ​វា​បាន​បង្កើត​បរិយាកាស ដែល​សម្រប​សម្រួល​ការ​ហាម​ឃាត់ និង​បង្ក​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត។

ដូច​គ្នា​នឹង​ការ​បង្កើត​ផល​អាក្រក់​ផ្សេងៗ នោះ​ការ​ប្រើ​ប្រាស់​បច្ចេកៈ​វិទ្យា​ឌីជីថល វា​មិន​បង្ខូច​អារម្មណ៍​នៃ​សេចក្តី​ល្អ និង​សេចក្តី​ស្មោះត្រង់​របស់​នរណា​ម្នាក់ ដោយ​ស្វ័យ​ប្រវត្តិ​ចំពោះ​ស្តង់ដារ​សីលធម៌​ទាំង​នេះ​នោះ​ទេ។ ប៉ុន្តែ វា​អាច​ផ្តល់​នូវ​បរិយាកាស​ដែល​ងាយ​ឲ្យ​បំណង​ប្រាថ្នា​ខ្មៅ​ងងឹត​នៅ​ក្នុង​ចិត្ត​រីក​ដុះដាល​ឡើង​បាន។

៦. បង្ខូច​ការ​គ្រប់​គ្រង​ខ្លួន​ឯង៖ ញៀន
ព្រះ​ជាម្ចាស់​មិន​ដែល​ធ្វើ​ការ​សម្រេច​ព្រះ​ទ័យ​ដោយ​ប្រញាប់​ប្រញាល់​ឡើយ ឬ​មាន​បន្ទូល​អំពី​អ្វី​មួយ​ដែល​ក្រោយ​មក​ទ្រង់​មាន​ព្រះ​ទ័យ​ស្តាយ​នោះ​ឡើយ ឬ​ក៏​ធ្វើ​សកម្មភាព​អ្វី​ដែល​លើស​ពី​ការ​គ្រប់​គ្រង​របស់​ទ្រង់​ដែរ។ មនុស្ស​យើង​ឆ្លុះ​បញ្ចាំង​ផ្នែក​នេះ អំពី​ព្រះ​តាម​រយៈ​ការ​បង្ហាញ​នូវ​ការ​ចេះ​គ្រប់​គ្រង​លើ​ខ្លួន​ឯង។ ផល​ផ្លែ​ស្អុយ​រលួយ​មួយ​នៃ​ប្រព័ន្ធ​បច្ចេកៈ​វិទ្យា​ឌីជីថល​គឺ​ការ​ញៀន៖ ការ​គ្មាន​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់ ឬ​ការ​ចំណាយ​ពេល​លើ​វា។ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​ហួស​កម្រិត​នៃ​ការ​ដែល​អាច​គ្រប់​គ្រង​វា​បាន​នឹង​នាំ​ឲ្យ​វា​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​យើង​វិញ។

ភាព​ងងឹត​ពិត​ប្រាកដ​គឺ​ថា​ការ​ញៀន​ជា​លក្ខណៈ​មួយ​របស់​យើង មិន​មែន​ជា​មេរោគ​នោះ​ទេ៖ ក្រុម​ហ៊ុន​បច្ចេកៈ​វិទ្យា «លើក​ទឹក​ចិត្ត​ឲ្យ​មាន​អាកប្បកិរិយា​ញៀន​តាម​រយៈ​ការ​ពង្រឹង​ជា​វិជ្ជមាន​ជា​បន្ត​បន្ទាប់ និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​សង្គម» ហើយ​ក៏​បាន​បន្ត​ក្នុង​ការ​អភិវឌ្ឍ​លក្ខណៈ​ញៀន​ពិសេសៗ ដើម្បី​ទាញ​មនុស្ស​ឲ្យ​ក្លាយ​ជា​ទាសករ​ទៅ​កាន់​ឧបករណ៍​អេឡិចត្រូនិក​របស់​ពួក​គេ ដើម្បី​ពង្រីក​ទីផ្សារ​របស់​ពួក​គេ។ នៅ​ពេល​ដែល​ការ​ញៀន​បាន​ចាប់​ផ្ដើម​កើត​មាន នោះ​ការ​ចាក​ចេញ​ពី​វា​គឺ​មាន​ការ​លំបាក​ណាស់។ ការ​ឈប់​ប្រើ​ប្រាស់​អ៊ីនធឺណិត​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​នៃ​ការ​ដក​ខ្លួន​ចេញ​ដែល «ស្រដៀង​ទៅ​នឹង​អ្វី​ដែល​បាន​កត់​សម្គាល់​បន្ទាប់​ពី​ការ​បញ្ឈប់​នូវ​សារធាតុ​ញៀន​មួយ​ចំនួន​ដូច​ជា គ្រឿង​ស្រវឹង កញ្ឆា និង​ថ្នាំ​ផ្សេងៗ ដែល​ផលិត​ចេញ​ពី​អាភៀន»។

សំណួរ​មួយ​ដែល​យើង​ត្រូវ​សួរ
ការ​សិក្សា​ជា​ច្រើន​បាន​ធ្វើ​បទ​បង្ហាញ​អំពី​អំណាច​នៃ​ការ​បង្ខូច​ដែល​បច្ចេកៈ​វិទ្យា​ឌីជីថល​បង្កើត​ឲ្យ​មាន។ បច្ចេកៈ​វិទ្យា​អាច​បង្ខូច​យើង ប៉ុន្តែ​វា​មិន​មែន​គ្រាន់​តែ​ជា​អំណាច​ក្នុង​ការ​ធ្វើ​ការ​ងារ​នេះ​នោះ​ទេ។ ដោយ​ភ្ជាប់​ជា​មួយ​នឹង​ឥទ្ធិពល​ផ្លូវ​ចិត្ត​នៃ​ការ​ប្រើ​ប្រាស់​បច្ចេកៈ​វិទ្យា​ឌីជីថល​យូរ​អង្វែង គឺ​បំណង​ប្រាថ្នា​របស់​យើង​អាច​នឹង​ត្រូវ​បត់​ទាញ​នាំ​យើង​ចូល​ទៅ ដូច​ជា​បំណង​ប្រាថ្នា​របស់​លោក អ័ដាម និង​នាង អេវ៉ា ចំពោះ​ផ្លែ​ឈើ​ដែរ។

សំណួរ​គឺ​ថា៖ តើ​យើង​ទាំង​អស់​គ្នា​គួរ​ឈប់​ប្រើ​ប្រាស់​បច្ចេកៈ​វិទ្យា​ឌីជីថល ហើយ​ប្រសិន​បើ​មិន​អញ្ចឹង​ទេ តើ​មាន​របៀប​ណា​ដែល​យើង​អាច​ដាក់​ព្រំដែន​កំណត់ ដើម្បី​ឲ្យ​ប្រាកដ​ថា យើង​ជា​ម្ចាស់​លើ​សំភារៈ​របស់​យើង មិន​មែន​នៅ​ក្នុង​របៀប​ដែល​ផ្ទុយ​ពី​នេះ​នោះ​ឡើយ?

និពន្ធ​ដោយ៖ Josh Rothschild
បក​ប្រែ​ដោយ៖ លោក វេន ប៉ុក
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ង៉ែត វិទូ, លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី thegospelcoalition.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

របៀប​នៃ​អាន​ព្រះ​គម្ពីរ​សម្រាប់​ក្មេងៗ​វ័យ​ជំទង់

តើ​ព្រះ​ចេស្ដា​នៃ​ព្រះ​ថែរក្សា​សេចក្ដី​សង្គ្រោះរបស់​យើង​យ៉ាង​ដូច​ម្ដេច?