in ,

ក្រុម​ជំនុំ​ត្រូវការ​លោកអ្នក

7 Things Your Church Needs From You

ន្លង​ទៅ​ថ្មីៗ​នេះ យើង​ខ្ញុំ​ទើប​តែ​មាន​ឱកាស​ក្នុង​ការ​អធិប្បាយ​ទៅ​កាន់​ក្រុម​ជំទង់ៗ​ដែល​មក​ពី​ក្រុម​ជំនុំ​មួយ​ចំនួន​នៅ​ទីក្រុង​យើង។ យើង​ខ្ញុំ​បាន​ជ្រើស​រើស​អធិប្បាយ​អំពី​របៀប​ដែល​គ្រីស្ទបរិស័ទ (មិន​មែន​តែ​ក្រុម​ជំទង់​ប៉ុណ្ណោះ​ទេ) អាច​ពង្រឹង និង​ធ្វើឲ្យ​ក្រុម​ជំនុំ​ខ្លួន​ល្អ​ប្រសើរ​ជាង​មុន​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​មួយ​ចំនួន​ដែល​យើង​ខ្ញុំ​បាន​យក​ទៅ​ចែក​ចាយ៖ ចំណុច​ទាំង​៧​យ៉ាង​ដែល​ក្រុម​ជំនុំ​របស់​លោក​អ្នក​ត្រូវ​ការ​ពី​លោក​អ្នក។

ក្រុម​ជំនុំ​របស់​លោក​អ្នក​ក៏​ត្រូវ​ការ​ឲ្យ​លោក​អ្នក…

…ចេះ​បន្ទាប​ខ្លួន

គ្មាន​លក្ខណ​សម្បត្តិ​ណា​សំខាន់​ជាង​ការ​បន្ទាប​ខ្លួន​ឡើយ។ ទោះ​បី​ជា​ធម្មតា​ការ​ចេះ​បន្ទាប​ខ្លួន​មិន​កើត​ឡើង​តែ​ឯងៗ​ចំពោះ​យើង​ក៏​ដោយ ក៏​យើង​នៅ​អាច​រៀន​ចេះ​បន្ទាប​ខ្លួន​បាន​ដែរ ពីព្រោះ​ការ​បន្ទាប​ខ្លួន​គឺ​មិន​មែន​ជា​អារម្មណ៍ ឬ​ក៏​អាកប្ប​កិរិយា​នោះ​ទេ ប៉ុន្តែ​គឺជា​សកម្ម​ភាព​ទេ​តើ។ ប្រសិន​បើ​លោក​អ្នក​ចង់​រៀន​ចេះ​បន្ទាប​ខ្លួន ដាច់​ខាត​លោក​អ្នក​ត្រូវ​តែ​មាន​សកម្មភាព​ដែល​បង្ហាញ​ថា​លោក​អ្នក​បន្ទាប​ខ្លួន។ ខាង​ក្រោម​នេះ​គឺជា​គន្លឹះ​៣​យ៉ាង​នៃ​ការ​បន្ទាប​ខ្លួន៖

  • ចូរ​ស្វែង​រក​គ្រីស្ទ​បរិស័ទ​ដែល​ចាស់​ទុំ​ខាង​ឯ​វិញ្ញាណ​ដែល​ចេះ​បន្ទាប​ខ្លួន ហើយ​ចូរ​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គាត់​ចុះ។ ចូរ​រៀន​ពី​ពួក​គាត់ ហើយ​ចូរ​រៀន​ឲ្យ​មាន​លក្ខណៈ​ដូច​ពួក​គាត់​ដែរ។
  • ចូរ​ស្ម័គ្រ​ចិត្ត​បម្រើ​ការ​ងារ​ដែល​តូច​តាច​បំផុត។ ពេល​ដែល​លោក​អ្នក​បម្រើ ចូរ​កុំ​បម្រើ​ក្នុង​របៀប​ដែល​គេ​អាច​មើល​ឃើញ ប៉ុន្តែ​ចូរ​ចេះ​ស្កប់​ចិត្ត​ក្នុង​ការ​បម្រើ​ទោះ​បើ​ជា​គេ​​មើល​មិន​ឃើញ​ក៏​ដោយ។ ចូរ​សង្វាត​ឲ្យ​មាន​អំណរ​ក្នុង​ការ​បម្រើ​ការ​ងារ​ដ៏​តូច​តាច​បំផុត ហើយ​ចូរ​ធ្វើ​ការ​ទាំង​អស់​នោះ​នៅ​ពេល និង​នៅ​ក្នុង​ទីកន្លែង​ដែល​មាន​តែ​ព្រះយេស៊ូវ​មួយ​អង្គ​គត់​ដែល​ទត​ឃើញ។
  • ចូរ​ព្យាយាម​ស្គាល់​ព្រះ​យេស៊ូវ។ គឺ​ព្រះ​យេស៊ូវ​នេះ​ឯង​ដែល​មាន​បន្ទូល​ថា «អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​តម្កើង​ឡើង» (ម៉ាថាយ ២៣:១២)។ ហើយ​ព្រះ​យេស៊ូវ​បាន​បន្ទាប​ខ្លួន​យ៉ាង​ទាប​បំផុត ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​លើក​តម្កើង​ព្រះ​អង្គ​ឡើង​យ៉ាង​ខ្ពស់​ផង​ដែរ។

…ចេះ​ឲ្យ​អាទិភាព​លើ​ក្រុម​ជំនុំ

រាល់​ក្រុម​ជំនុំ​សុទ្ធតែ​មាន​សមាជិក​មួយ​ចំនួន​ដែល​មិន​ឲ្យ​អាទិភាព​ចម្បង​ទៅលើ​ការ​ជួប​ជុំ​គ្នា​ជា​សាធារណៈ។ សមាជិក​ទាំង​នោះ​គឺ​ជា​បុគ្គល​ដែល​គ្រាន់​តែ​ទៅ​ចូល​រួម​ថ្វាយ​បង្គំ​តែ​ពេល​ណា​ដែល​សម​ស្រប​នឹង​ពេល​វេលា​របស់​ពួក​គាត់ ហើយ​ពួក​គាត់​ក៏​នឹង​តែង​តែ​លើក​យក​លេស​ផ្សេងៗ ដើម្បី​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​គេចវេះ​ទៅ​ព្រះ​វិហារ ឬ​ចូល​រួម​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ។ រាល់​ក្រុម​ជំនុំ​ពិត​ជា​ត្រូវ​ការ​យ៉ាង​ខ្លាំង​ក្នុង​ការ​មាន​សមាជិក​ដែល​ឲ្យ​អាទិភាព​ចម្បង​ទៅ​លើ​ការ​ជួប​ជុំ​គ្នា​ជា​សាធារណៈ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​លោក​អ្នក​គួរ​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​លើ​សារសំខាន់​នៃ​ការ​ចូល​រួម​ក្រុម​ជំនុំ​ក្នុង​ជីវិត​របស់​លោក​អ្នក។

សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​លើក​ជូន​នូវ​ហេតុ​ផល​២​យ៉ាង៖

  • ទី១ លោក​អ្នក​ត្រូវ​ការ​ក្រុម​ជំនុំ​របស់​លោក​អ្នក។ ព្រះ​ជាម្ចាស់​បាន​ឲ្យ​លោក​អ្នក​មាន​ចំណែក​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​អ្នក។ លោក​អ្នក​មិន​អាច​រស់​នៅ​តែ​ឯង​បាន​នោះ​ទេ។ លោក​អ្នក​មិន​ខ្លាំង​ល្មម លោក​អ្នក​មិន​មាន​ប្រាជ្ញា​ល្មម។ លោក​អ្នក​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ល្មម។ លោក​អ្នក​មិន​ទាន់​ចេះ​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ល្មម។ បើ​គ្មាន​ព្រះគុណ​ដ៏​ល្អ​សាមញ្ញ​ដែល​លោក​អ្នក​ទទួល​នៅ​ក្នុង​ក្រុម​ជំនុំ នោះ​លោក​អ្នក​នឹង​មិន​អាច​បន្ត​ទៅ​មុខ​បាន​ឡើយ។ បើ​គ្មាន​បង​ប្អូន​រួម​ជំនឿ​របស់​លោក​អ្នក​គាំទ្រ​លោក​អ្នក​នោះ​ទេ នោះ​លោក​អ្នក​ក៏​នឹង​មិន​អាច​បន្ត​ទៅ​មុខ​បាន​ដែរ។
  • ទី២ ក្រុម​ជំនុំ​របស់​លោក​អ្នក​ត្រូវ​ការ​លោក​អ្នក។ ព្រះ​ជាម្ចាស់​បាន​ឲ្យ​លោក​អ្នក​មាន​ចំណែក​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ។ កណ្ឌ​គម្ពីរ ១ពេត្រុស ៤:១០ បាន​ចែង​ថា «គឺ​ដោយ​ខំ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ»។ ព្រះ​ជាម្ចាស់​បាន​ប្រទាន​អំណោយ​ទាន​ដល់​លោក​អ្នក ដើម្បី​ឲ្យ​លោក​អ្នក​មាន​ចំណែក​ក្នុង​ក្រុម​ជំនុំ ហើយ​អំណោយ​ទាន​ទាំង​នោះ​គឺ​លោក​អ្នក​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ប្រយោជន៍​ដល់​អ្នក​ដទៃ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​អ្នក​គួរ​ផ្ដល់​អាទិភាព​លើ​ក្រុម​ជំនុំ ទុក​ជា​ការ​បើក​បង្ហាញ ឬ​ក៏​សម្ដែង​ពី​ចិត្ត​សប្បុរស​ទៅកាន់​អ្នក​ដទៃ​ចុះ។

…ចេះ​ថ្វាយ​មួយ​ថ្ងៃ​ទៅ​កាន់​ព្រះ​ជាម្ចាស់

ចូរ​ពិចារណា​គិត​ញែក​ទុក​ថ្ងៃ​ពេញ​ទាំង​មូល​ណា​មួយ​ក្នុង​មួយ​អាទិត្យ ហើយ​ថ្វាយ​ថ្ងៃ​នោះ​ដល់​ព្រះ​អម្ចាស់​ក្នុង​របៀប​មួយ​ដ៏​ពិសេស​ចុះ។ យើង​ជឿ​ថា​ព្រះ​គ្រីស្ទ​បាន​បំពេញ​សម្រេច​ក្រឹត្យវិន័យ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​រួច​ទៅ​ហើយ ទោះ​បើ​នៅ​មាន​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​មិន​ឯក​ភាព​គ្នា​ថា តើ​ការ​នោះ​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ក៏​ដោយ។ ប៉ុន្តែ ទោះ​បី​លោក​អ្នក​ជឿ​ថា បញ្ញត្តិ​នៃ​ថ្ងៃ​សប្ប័ទ​មិន​មាន​ឥទ្ធិពល​នៅ​លើ​យើង​ត​ទៅ​ទៀត​ក៏​ដោយ ក៏​នៅ​មាន​តម្លៃ​ក្នុង​ការ​រៀន​ពី​ថ្ងៃ​ឈប់​សម្រាក​មួយ​នេះ​ផង​ដែរ។

ថ្ងៃ​អាទិត្យ​នឹង​មាន​ការ​​ប្រែ​ប្រួល​ទាំង​ស្រុង នៅ​ពេល​ដែល​លោក​អ្នក​ញែក​ថ្ងៃ​ទាំង​មូល​នោះ​ថ្វាយ​ដល់​ព្រះ​អម្ចាស់ និង​រាស្ត្រ​របស់​ទ្រង់។ ប៉ុន្តែ នេះ​មិន​មែន​ថា លោក​អ្នក​ចាំ​បាច់​ត្រូវ​សម្រេច​ចិត្ត​ថា​ចូល​រួម​រៀន ឬ​ក៏​មិន​រៀន​ថ្នាក់​ណា​មួយ ឬ​ក៏​ចូល​មាន​ចំណែក​ក្រុម​ណា​មួយ​ដែល​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ពេល​ល្ងាច​ឡើយ។ លោក​អ្នក​មិន​ចាំ​បាច់​មិន​ទៅ​ក្រុម​ជំនុំ ដោយ​សារ​ពេល​នោះ​គឺ​ជា​ពេល​ដែល​លោក​អ្នក​ត្រូវ​សិក្សា​មេរៀន​ត្រៀម​ប្រលង​នោះ​ទេ។ លោក​អ្នក​ក៏​មិន​ចាំ​បាច់​ចាក​ចេញ​ពី​ព្រះ​វិហារ​មុន​ចប់​កម្មវិធី ដោយ​សារ​លោក​អ្នក​ចង់​ទៅ​ឲ្យ​ទាន់​មើល​ការ​ប្រកួត​បាល់​ដែរ។ តែ​ផ្ទុយ​ទៅ​វិញ លោក​អ្នក​កំពុង​តែ​លះបង់​ចោល​នូវ​សេចក្តី​ខ្វល់​ខ្វាយ​នៃ​ជីវិត​នេះ—ទោះ​បី​មាន​រួម​ទាំង​ក្ដី​អំណរ​មួយ​ចំនួន​ក្នុង​ជីវិត​ក៏​ដោយ—ដើម្បី​ញែក​មួយ​ថ្ងៃ​ពេញ​ទុក​សម្រាប់​ការ​ថ្វាយ​បង្គំ ការ​ប្រកប​គ្នា និង​ការ​បម្រើ​អ្នក​ដទៃ។

…ចេះ​រស់​នៅ​បែប​ជា​គ្រីស្ទ​បរិស័ទ​ពេញ​មួយ​អាទិត្យ

វា​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ធ្វើ​ជា​គ្រីស្ទ​បរិស័ទ​នៅ​ឯ​ក្រុម​ជំនុំ ប៉ុន្តែ​បន្ទាប់​មក​លោក​អ្នក​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែ បន្ទាប់​មក​លោក​អ្នក​ទៅ​ធ្វើ​ការ។ ប៉ុន្តែ បន្ទាប់​មក​លោក​អ្នក​ទៅ​សាលា​រៀន។ ហើយ​លោក​អ្នក​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​មិន​ចេះ​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ហើយ​លើស​ពី​នោះ​ទៅ​ទៀត​លោក​អ្នក​ក៏​នៅ​តែ​ឯក​ឯង​ជា​មួយ​គំនិត និង​បំណង​ប្រាថ្នា​របស់​ខ្លួន។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ក្រុម​ជំនុំ​របស់​លោក​អ្នក​នៅ​ត្រូវ​ការ​ឲ្យ​លោក​អ្នក​រស់​នៅ​បែប​ជា​គ្រីស្ទ​បរិស័ទ​ពេញ​មួយ​សប្តាហ៍​ដែរ។

ពួក​យើង​ម្នាក់ៗ​ប្រឈម​នឹង​ទុក្ខ​លំបាក និង​ការ​ល្បង​ល​ខុសៗ​គ្នា។ ប៉ុន្តែ គន្លឹះ​មួយ​នៃ​ការ​រស់​នៅ​បែប​ជា​គ្រីស្ទ​បរិស័ទ​ឲ្យ​ពេញ​មួយ​សប្តាហ៍​គឺ ការ​ចំណាយ​ពេល​ក្នុង​ព្រះ​បន្ទូល និង​អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ។ ចូរ​ផ្ដល់​អាទិភាព​លើ​ការ​នេះ​មិន​ថា​លោក​អ្នក​រវល់​ខ្លាំង​ប៉ុណ្ណា ឬ​ក៏​ថា​ជីវិត​របស់​លោក​អ្នក​ហាក់​បី​ដូច​ជា​រវល់​ចង់​ឆ្កួត​ប៉ុណ្ណា​ក៏​ដោយ។ ចូរ​បង្កើត​ការ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់​មិន​ថា​លោក​អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប​ខ្លាំង​ធំ​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​ថា​លោក​អ្នក​មិន​មាន​អារម្មណ៍​សោះ​ក្នុង​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​ដែរ។ ចូរ​អធិស្ឋាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​មែន​គ្រាន់​តែ​សម្រាប់​លោក​អ្នក​ផ្ទាល់ ប៉ុន្តែ​សម្រាប់​ក្រុម​ជំនុំ​របស់​លោក​អ្នក​ផង។ ចូរ​យក​បញ្ជី​ឈ្មោះ​សមាជិក​ក្រុម​ជំនុំ ហើយ​អធិស្ឋាន​សម្រាប់​ពួក​គាត់​ចាប់​ពី​អក្សរ «ក» ទៅ​អក្សរ «អ» ហើយ​បន្ទាប់​មក​ចាប់​ផ្ដើម​សារ​ជា​ថ្មី​ម្តង​ទៀត​ចុះ។ ចូរ​ញែក​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​របស់​លោក​អ្នក​ទុក​ជា​អ្វី​ដែល​អ្នក​ធ្វើ មិន​មែន​គ្រាន់​តែ​សម្រាប់​ជា​ប្រយោជន៍​របស់​លោក​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​ផង។

…ចេះ​រាប់​អាន​អស់​អ្នក​ដែល​មិន​មាន​លក្ខណៈ​ដូច​លោក​អ្នក

ក្រុម​ជំនុំ​គឺ​ជា​សហគមន៍​ដែល​គ្មាន​ការ​ស្ម័គ្រ​ចិត្ត ដែល​នេះ​មាន​ន័យ​ថា យើង​មិន​បាន​ជ្រើស​រើស​យក​បុគ្គល​ណា​មក​ធ្វើជា​សមាជិក​នោះ​ទេ ប៉ុន្តែ​ព្រះ​ជាម្ចាស់​ទេ​តើ​ដែល​ជា​អង្គ​ជ្រើស​រើស។ អញ្ចឹង​ហើយ​បាន​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​រៀន​រស់​នៅ​ជា​មួយ​នឹង​ពួក​គាត់ ហើយ​រៀន​ស្រឡាញ់​ពួក​គាត់ ទោះ​បើ​ពួក​គាត់​មាន​លក្ខណៈ​ខុស​ប្លែក​ពី​យើង​យ៉ាង​ណា​ក៏​ដោយ។ «ដ្បិត​ដែល​យើង​រាល់​គ្នា​មាន​អវយវៈ​ជា​ច្រើន​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ តែ​អវយវៈ​ទាំង​នោះ​មាន​ការ​ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប​កាយ​តែ​មួយ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ» (រ៉ូម ១២:៤-៥)។ ប្រសិន​បើ​ក្រុម​ជំនុំ​របស់​លោក​អ្នក​បែង​ចែក​ឲ្យ​ពួក​ជំទង់​ចំណាយ​ពេល​តែ​ជា​មួយ​នឹង​ពួក​ជំទង់ ហើយ​អ្នក​ចាស់ៗ​ចំណាយ​ពេល​តែ​ជា​មួយ​នឹង​អ្នក​ចាស់ៗ ឬ​ក៏​ថា​ប្រសិន​បើ​អស់​អ្នក​ណា​ដែល​និយាយ​ភាសា​តាម​តំបន់​ចំណាយ​ពេល​តែ​ជា​មួយ​នឹង​អស់​អ្នក​ណា​ដែល​និយាយ​ភាសា​តាម​តំបន់ ហើយ​ឲ្យ​អស់​អ្នក​ណា​ដែល​មិន​មែន​ជា​អ្នក​និយាយ​ភាសា​តាម​តំបន់​ចំណាយ​ពេល​តែ​ជា​មួយ​នឹង​អស់​អ្នក​ណា​ដែល​មិន​និយាយ​ភាសា​តាម​តំបន់ ការ​នោះ​នឹង​បន្ទាប​បន្ថោក​ដំណឹង​ល្អ​ជា​មិន​ខាន គឺ​ថា​ដំណឹង​ល្អ​មិន​ធំ​គ្រប់​គ្រាន់​ល្មម ឬ​ក៏​មិន​មាន​អំណាច​ចេស្ដា​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​បើ​ពួក​គាត់​មាន​លក្ខណៈ​ខុសៗ​គ្នា​ប៉ុណ្ណា​ក៏​ដោយ។

ដូច្នេះ ចូរ​ប្ដេជ្ញា​ចិត្ត​ព្យាយាម​រាប់​អាន​អស់​អ្នក​ណា​ដែល​មិន​មាន​លក្ខណៈ​ដូច​លោក​អ្នក​ចុះ។ មិន​គួរ​ឲ្យ​មាន​ហេតុ​ផល​ដែល​បណ្ដាល​ឲ្យ​លោក​អ្នក​លើក​ឡើង​ថា ខ្លួន​មិន​មាន​មិត្តភក្ដិ​សម្លាញ់ ឬ​ក៏​មិន​មាន​ទំនាក់​ទំនង​ដ៏​ស្អិតល្មួត​ជា​មួយ​នឹង​អស់​អ្នក​ណា​ដែល​មាន​លក្ខណៈ​ខុស​ស្រឡះ​ពី​លោក​អ្នក​បាន​ទេ។

…ចេះ​មាន​ចិត្ត​សប្បុរស

លុយ​កាក់​បើក​សម្ដែង​ពី​ដួង​ចិត្ត​របស់​មនុស្ស​ច្បាស់​ជាង​អ្វីៗ​ផ្សេង​ទៀត។ លុយ​មាន​របៀប​ដ៏​អស្ចារ្យ​ណាស់​ក្នុង​ការ​បើក​សម្ដែង​ថា តើ​លោក​អ្នក​ពិត​ជា​មាន​ជំនឿ​លើ​អ្វី ឬ​ក៏​ថា​តើ​លោក​អ្នក​ពិត​ជា​ឲ្យ​តម្លៃ​លើ​អ្វី។ មិន​ថា​លោក​អ្នក​ជា​នរណា​ក៏​ដោយ ឬ​ក៏​ថា​ជីវិត​លោក​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ក៏​មិន​មាន​អ្វី​ល្អ​ប្រសើរ​ជាង​ឥឡូវ​នេះ​ក្នុង​ការ​រៀន​ឲ្យ​ចេះ​មាន​ចិត្ត​សប្បុរស​ជា​មួយ​នឹង​លុយ​កាក់​របស់​ខ្លួន​ដែរ។ នេះ​គឺជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង៖ «ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្ដាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ» (២កូរិនថូស ៩:៧)។ ដាច់​ខាត! លោក​អ្នក​ត្រូវ​តែ​ថ្វាយ ហើយ​ដាច់​ខាត​លោក​អ្នក​ក៏​ត្រូវ​តែ​រៀន​ថ្វាយ​ដោយ​មាន​អំណរ​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​២​យ៉ាង៖

  • ទី១ ចូរ​ចង​ចាំ​ថា លុយ​នោះ​មិន​មែន​ជា​លុយ​របស់​លោក​អ្នក​ទេ។ លុយ​នោះ​គឺ​ជា​លុយ​របស់​ព្រះ​ជាម្ចាស់ ហើយ​ព្រះ​អង្គ​គ្រាន់​តែ​បាន​ប្រទាន​លុយ​នោះ​មក​កាន់​លោក​អ្នក ដើម្បី​ឲ្យ​លោក​អ្នក​គ្រប់​គ្រង​វា​តែ​ប៉ុណ្ណោះ។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​លោក​អ្នក​គ្រប់​គ្រង​លើ​លុយ​កាក់​នោះ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ដើម្បី​ជា​សិរីល្អ​ដល់​ទ្រង់។
  • ទី២ ចូរ​ថ្វាយ​ទៅ​កាន់​ព្រះ​អម្ចាស់​មុន​គេ។ យើង​ខ្ញុំ​ស្គាល់​មនុស្ស​មួយ​ចំនួន​ដែល​អះអាង​ខ្លួន​ថា គាត់​មិន​អាច​ថ្វាយ​ទៅ​កាន់​ក្រុម​ជំនុំ​បាន​ទេ ប៉ុន្តែ​យើង​ខ្ញុំ​តែង​តែ​ឃើញ​ពួក​គាត់​មាន​ទូរ​សព្ទ​ទំនើបៗ ហើយ​ញ៉ាំ​កាហ្វេ​ប្រេនៗ​នៅ​ក្នុង​ក្រុម​ជំនុំ​ស្ទើរ​តែ​រាល់​អាទិត្យ។ ទូ​ទាត់​គ្នា​ទៅ ដូច​ជា​មិន​សូវ​ទំនង​សម​គ្នា​សោះ។ ចូរ​រៀន​ថ្វាយ​ប្រាក់​កាក់​ដែល​ជា​ផល​ដំបូង និង​ល្អ​បំផុត​របស់​លោកអ្នក​ទៅ​កាន់​ព្រះ​ជាម្ចាស់។ ទោះ​បើ​ជា​មើល​ទៅ​ហាក់​បី​ដូច​ជា​ពិបាក​ប៉ុណ្ណា​ក៏​ដោយ ក៏​លោក​អ្នក​ត្រូវ​ធ្វើ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ដែរ។

…ចេះ​ធ្វើ​ជា​សមាជិក​ដ៏​ល្អ​ក្នុង​ក្រុម​ជំនុំ

ចូរ​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​សមាជិក​ដ៏​មាន​តម្លៃ​ម្នាក់​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក ហើយ​ចូរ​ធ្វើ​ការ​នោះ​ឡើង​តាម​រយៈ​ការ​បម្រើ​អ្នក​ដទៃ​ទៀត​ចុះ។ យើង​ខ្ញុំ​ចូល​ចិត្ត​អាន​អំពី​សាច់​រឿង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា «នាង​ក្ដាន់») ដែល​ជា​ស្ត្រី​ដែល​សាវ័ក ពេត្រុស បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​គេ​បាន​ពណ៌នា​អំពី​គាត់​ដូច​តទៅ៖ «នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន» (កិច្ចការ ៩:៣៦)។ «ពេត្រុស​ក៏​ក្រោក​ឡើង​ទៅ​ជា​មួយ កាល​បាន​ដល់​ហើយ នោះ​គេ​នាំ​គាត់​ទៅ​ឯ​បន្ទប់​ខាង​លើ​នោះ ហើយ​ពួក​ស្រី​មេម៉ាយ​ក៏​ឈរ​ជិត​គាត់​ទាំង​យំ ព្រម​ទាំង​បង្ហាញ​អាវ នឹង​សំលៀក​បំពាក់​ទាំង​ប៉ុន្មាន ដែល តេប៊ីថា បាន​ធ្វើ​ឲ្យ ពី​កាល​នាង​នៅ​ជា​មួយ​នៅ​ឡើយ» (កិច្ចការ ៩:៣៩)។ នាង ក្ដាន់ គឺ​ជា​សមាជិក​ដ៏​ល្អ​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ គាត់​បាន​ស្រឡាញ់​មនុស្ស​ម្នា​ខ្លាំង​ណាស់ ហើយ​ក៏​បាន​បម្រើ​ពួក​គេ​យ៉ាង​ខ្លាំង​ផង​ដែរ ដូច្នេះ​ហើយ​បាន​ជា​ពេល​ដែល​គាត់​ស្លាប់ សហគមន៍​ទាំង​មូល​បាន​រួម​គ្នា​កាន់​ទុក្ខ​សម្រាប់​គាត់។

តើ​ការ​នេះ​អាច​ក្លាយ​ជា​រឿង​របស់​លោក​អ្នក​បាន​ដែរ​ឬ​ទេ? តើ​មនុស្ស​ម្នា​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​លោក​អ្នក​នឹង​យំ​ក្រសោប ខណៈ​ពេល​ដែល​ពួក​គេ​នឹក​ចាំ​អំពី​អំពើ​ល្អៗ ដែល​លោក​អ្នក​បាន​ប្រព្រឹត្ត​ទៅ​កាន់​ពួក​គាត់​ដែរ​ឬ​ទេ? ចូរ​ស្វែង​រក​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន ដើម្បី​បម្រើ​ក្រុម​ជំនុំ​របស់​លោក​អ្នក ហើយ​ចូរ​បម្រើ​ ឥត​ឈប់​ឈរ​ដោយ​គ្មាន​លេស ដោយ​មិន​ចាំ​បាច់​មាន​គេ​លើក​សរ​សើ ឬ​ក៏​ផ្ដល់​កិត្តិយស​ឲ្យ។ ចូរ​បម្រើ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ និង​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​វិញ។

និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោកខែម បូឡុង និងកញ្ញា ជុំ ចាន់ដារ៉ា
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

សម្ពន្ធភាពអារក្ស​សាតាំង

ព្រះ​យេស៊ូវ​