in

តើ​យើង​ត្រូវ​ថ្វាយ​ប្រាក់​តង្វាយ​ប៉ុន្មាន?

គ្រូ​គង្វាល​គ្រប់​រូប​សុទ្ធតែ​ធ្លាប់​ត្រូវ​បាន​ចោទ​សួរ​នូវ​សំណួរ​នេះ។ នេះ​ក៏​ជា​សំណួរ​ដែល​អ្នក​អធិប្បាយ​នៅ​សិក្ខាសាលា​បាន​ជួប​ផង​ដែរ គឺ​នៅ​ក្នុង​វគ្គ​សំណួរ-ចម្លើយ៖ តើ​ខ្ញុំ​ត្រូវ​ដាក់​ប្រាក់​​តង្វាយ​​ប៉ុន្មាន​ទៅ​ព្រះ​វិហារ? តើ​ខ្ញុំ​គួរ​ដាក់​ប្រាក់​តង្វាយ​ប៉ុន្មាន?

រីឯ​ចម្លើយ​របស់​ខ្ញុំ​គឺ៖ ថ្វាយ​តង្វាយ​រហូត​ដល់​វា​អាច​ជះ​ឥទ្ធិពល ហើយ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ បាន​ពន្យល់​នូវ​អត្ថន័យ​ដែល​ខ្ញុំ​មាន​ទាក់​ទង​នឹង​ចម្លើយ​របស់​ខ្ញុំ​ផង​ដែរ។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៦:២ សាវ័ក ប៉ុល បាន​ធ្វើ​ការ​ណែនាំ​ក្រុម​ជំនុំ​ឲ្យ​ប្រមូល​តង្វាយ​ទុក​ដោយ​ឡែក​នៅ​ថ្ងៃ​អាទិត្យ «តាម​តែ​ព្រះ​ជា​ម្ចាស់​ទ្រង់​បាន​ចម្រើន​ឲ្យ»។ ទាំង​នេះ​សបញ្ជាក់​ឲ្យ​យើង​បាន​ឃើញ​ថា ឋានៈ​នៅ​ក្នុង​ការ​ថ្វាយ​តង្វាយ​មាន​ភាព​ខុសៗ​គ្នា ដែល​អ្នក​ខ្លះ​ថ្វាយ​ច្រើន និង​អ្នក​ខ្លះ​ទៀត​ថ្វាយ​តិច។ ព្រះ​ជាម្ចាស់​ទ្រង់​បាន​ប្រទាន​ព្រះ​ពរ​ដល់​យើង​ខុសៗ​គ្នា ដែល​ព្រះ​អង្គ​បាន​ប្រទាន​ប្រាក់​ខែ និង​ទ្រព្យសម្បត្តិ​ដល់​យើង​ខុសៗ​គ្នា។ ដូច​នេះ​ហើយ​បាន​ជា​យើង​នឹង​ធ្វើ​ការ​ថ្វាយ​ទៅ​ទ្រង់​វិញ​ខុសៗ​គ្នា។

ចំណុច​ក្រៅ​ប្រធាន​បទ៖ ខ្ញុំ​មាន​ហេតុ​ផល​ជា​ច្រើន​នៅ​ក្នុង​ការ​ដែល​ខ្ញុំ​មិន​ជឿ​ថា យើង​ត្រូវ​ថ្វាយ​ប្រាក់​តង្វាយ​តែ​១០% ដែល​នោះ​ជា​សេចក្តី​រំពឹង​ដ៏​ទាប​បំផុត​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ សព្វ​ថ្ងៃ​នេះ ចំពោះ​អ្នក​ដែល​ទាម​ទារ​ឲ្យ​ក្រុម​ជំនុំ​ថ្វាយ​ដង្វាយ​ដូច​នៅ​ជំនាន់​សញ្ញា​ចាស់​ គឺ​ពុំ​បាន​យល់​អំពី​បរិបទ​នៃ​សញ្ញា​ចាស់​ទេ​ថា តង្វាយ​នៅ​ជំនាន់​នោះ​គឺ​ជា​ពន្ធ និង​ជា​ការ​បរិច្ចាគ។ តង្វាយ​នៅ​ពេល​នោះ​គឺ​ជា​ការ​ផ្គត់ផ្គង់​សង្គម ព្រម​ទាំង​សាសនា។ ដោយ​បច្ចុប្បន្ន​នេះ យើង​ពុំ​រស់នៅ​ក្នុង​ការ​គ្រប់​គ្រង​ផ្ទាល់​របស់​ព្រះ​ជាម្ចាស់​ដូច​ពួក​គាត់​នោះ​មាន​ន័យ​ថា យើ​ង​ពុំ​ចាំបាច់​ថ្វាយ​នូវ​តង្វាយ ១០% ទៀត​ឡើយ។ នេះ​ក៏​ប្រហែល​ជា​ព័ត៌មាន​ដែល​ជា​ជំនួយ​ទាក់ទង​នឹង​ប្រធាន​បទ​នេះ ក៏​ប៉ុន្តែ​សម្រាប់​ឯកសារ​នេះ​គឺ​ពុំ​សូវ​មាន​ភាព​ស៊ី​គ្នា​ប៉ុន្មាន​នោះ​ទេ។

នៅ​ពេល​ដែល​ខ្ញុំ​ឆ្លើយ​ថា យើង​គួរ​ឲ្យ​រហូត​ដល់​វា​អាច​ជះ​ឥទ្ធិពល​បាន គឺ​ខ្ញុំ​ចង់​សំដៅ​ទៅ​លើ​ការ​ដែល​យើង​គួរ​ឲ្យ​រហូត​ដល់​ការ​នោះ​នឹង​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅ​របស់​យើង។ លោក​គ្រូ អើរវិន ឡូតស៊័រ (Erwin Lutzer) បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា «អស់​អ្នក​ដែល​ថ្វាយ​ដោយ​គ្មាន​ការ​លះបង់ គឺ​ប្រៀប​ដូច​ជា​មិន​បាន​ឲ្យ​ច្រើន​សោះ»។ យើង​ត្រូវ​ធ្វើ​ការ​ថ្វាយ​រហូត​ដល់ ការ​នោះ​នឹង​ប៉ះ​ពាល់​ដល់​យើង​រហូត​ដល់ នឹង​មាន​អ្វីៗ​មួយ​ចំនួន​ដែល​យើង​មិន​អាច​ធ្វើ ឬ​មាន​សម្រាប់​ខ្លួន​ឯង ព្រោះ​យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូល​រួម​ចំណែក​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់។ សូម​កុំ​យល់​ច្រឡំ​ថា លោក​អ្នក​ត្រូវ​ដាច់​ពោះ​ខ្លួន​ឯង ឬ​ឈប់​ចំណាយ​លើ​អ្វី​ផ្សេង ព្រោះ​លោក​អ្នក​បាន​ថ្វាយ​អស់​ពី​ខ្លួន​នោះ​ឡើយ។ ការ​ថ្វាយ​នេះ​គួរ​ប៉ះពាល់​តែ​យើង​ប៉ុណ្ណោះ ពោល​គឺ​មិន​គួរ​ប៉ះ​ពាល់​ដល់​អ្នក​ដែល​យើង​ត្រូវ​បង់​ឲ្យ​នោះ​ឡើយ។ នៅ​ត្រង់​ឃ្លា​ថា «តាម​ដែល​ព្រះ​ទ្រង់​បាន​ចម្រើន​ឲ្យ» មិន​មែន​មាន​ន័យ​ថា យើង​ត្រូវ​ធ្វើ​ឲ្យ​លើស​ពី​អ្វី​ដែល​ព្រះ​អង្គ​ទ្រង់​បាន​ប្រទាន​ដល់​យើង​នោះ​ឡើយ។ មាន​ទេវវិទូ​មួយ​រូប​បាន​ធ្វើ​ការ​អះអាង​ថា យើង​គួរ​តែ​ជំពាក់​គេ ដើម្បី​ឲ្យ​យើង​អាច​នឹង «សាបព្រោះ» ដែល​នោះ​នឹង​បណ្តាល​ឲ្យ​ព្រះ​ជាម្ចាស់​ទ្រង់​ផ្គត់​ផ្គង់​យើង​វិញ។ ទោះបើ​ព្រះ​ជាម្ចាស់​ទ្រង់​នឹង​ធ្វើ​បែប​នោះ​មែន ក៏​ប្រាជ្ញា​របស់​យើង​នៅ​តែ​នាំ​ឲ្យ​យើង​បាន​ដឹង​ថា យើង​ត្រូវ​បង់​នូវ​អ្វី​ដែល​យើង​ត្រូវ​បង់ និង​ត្រូវ​ប្រាកដ​ថា គ្រួសារ​របស់​យើង​មាន​ម្ហូប​ញ៉ាំ។ ជាង​នេះ​ទៅ​ទៀត​យើង​ត្រូវ​តែ​មាន​ចិត្ត​សប្បុរស ហើយ​ក៏​ត្រូវ​តែ​ប្រើ​ប្រាជ្ញា​ដែរ។

ចំពោះ​លោក​អ្នក​មួយ​ចំនួន​បាន​យល់​ថា ការ​ថ្វាយ​តង្វាយ ១០% (មួយ​ភាគ​ដប់) គឺ​គាត់​បាន​ឲ្យ​គ្រប់​គ្រាន់​ហើយ រហូត​ដល់​គិត​ថា​ការ​នោះ​បាន​ប៉ះ​ពាល់​ជីវិត​គាត់។ នេះ​ប្រហែល​ជា​មាន​ន័យ​ថា ពួក​គាត់​ពុំ​អាច​ធ្វើ​ដំណើរ​កំសាន្ត​ដែល​ចិត្ត​របស់​គាត់​ចង់ ឬ​គាត់​នឹង​ត្រូវ​ទិញ​យាន​ជំនិះ​មួយ​ទឹក ជាជាង​យាន​ជំនិះ​ថ្មី ឬ​ក៏​គាត់​ត្រូវ​តែ​សន្សំ​លុយ​ពីរ​បី​ឆ្នាំ​សិន ដើម្បី​ជួស​ជុល​ផ្ទះ ឬ​ទិញ​ផ្ទះ​ថ្មី។ ចំពោះ​អ្នក​ផ្សេង​ការ​នេះ ទំនង​នឹង​កើត​ឡើង​សម្រាប់​ពួក​គាត់ បើ​ទោះ​បី​ជា​គាត់​ថ្វាយ​តែ ២% នៃ​ប្រាក់​ខែ​របស់​គាត់។ ចំណែក​ឯ​អ្នក​មួយ​ចំនួន ប្រហែល​នឹង​គិត​ថា​ការ​នោះ​នឹង​កើត​ឡើង​ចំពោះ​ពួក​គាត់ ប្រសិន​បើ​គាត់​ថ្វាយ ៧៥%។ យើង​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​បន្ត​បង្កើន​ការ​ថ្វាយ​របស់​លោក​អ្នក​រហូត​ដល់​ពេល​មួយ​ដែល​ការ​នោះ​ពិត​ជា​បាន​ប៉ះ​ពាល់​ដល់​ការ​ចំណាយ​ផ្ទាល់​ខ្លួន​របស់​លោកអ្នក​មែន។

ការ​ថ្វាយ​ក្នុង​លក្ខណៈ​ដែល​ពុំ​បាន​ប៉ះ​ពាល់​ដល់​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង ឬ​ពុំ​មែន​ជា​ការ​លះ​បង់​សោះ មាន​ន័យ​ថា យើង​មិន​ទាន់​ថ្វាយ​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ លោក​គ្រូ ស៊ី. អេស. លូវ៉ីស (C.S. Lewis) បាន​លើក​ឡើង​យ៉ាង​ច្បាស់ និង​ក៏​ជា​ជំនួយ​ថា៖ «ប្រសិនបើ​ការ​ចាយ​វាយ​របស់​យើង​លើ​ភាព​ស្រណុក​សុខ​ស្រួល ភាព​សប្បាយ ការ​កំសាន្ត។ល។ មាន​ភាព​ស្មើ​គ្នា​នឹង​ការ​ចំណាយ​ធម្មតា​ដូច​នឹង​អ្នក​ដែល​មាន​ប្រាក់​ខែ​ដូច​យើង ហើយ បើ​ការ​បរិច្ចាគ​របស់​យើង​មិន​បាន​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​ថ្វាយ​តិច​ពេក​ហើយ។ ការ​ខ្វះ​មុខ​ខ្វះ​ក្រោយ​មាន​ន័យ​ថា យើង​នឹង​មិន​អាច​ធ្វើ​នូវ​អ្វី​ដែល​យើង​ចង់​ធ្វើ ព្រោះ​យើង​បាន​បរិច្ចាគ​គ្រប់​គ្រាន់»។

តើ​ខ្ញុំ​គួរ​ត្រូវ​ថ្វាយ​ប៉ុណ្ណា? គឺ​ថ្វាយ​រហូត​ដល់​វា​បាន​ជះ​ឥទ្ធិពល​មក​ដល់​ជីវិត​រស់​នៅ​របស់​លោក​អ្នក។ គ្រប់​គ្រាន់​នៅ​ត្រង់​ថា យើង​មិន​អាច​ទទួល​បាន​ភាព​ស្រណុក​សុខ​ស្រួល​ម៉្យាង ឬ​អាច​ដក​ពិសោធន៍​ទៅ​លើ​អ្វី​មួយ​ដែល​អាច​នាំ​ឲ្យ​យើង​មាន​ភាព​អរ​សប្បាយ។ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្រៀន​ថា បើ​យើង​ថ្វាយ​បែប​ហ្នឹង នោះ​អំណរ​ដែល​យើង​មាន​ឥឡូវ​នេះ និង​នៅ​អនាគត គឺ​ធំ​ជាង​អំណរ​ដែល​យើង​អាច​មាន​ឥឡូវ​នេះ។ ការ​ដែល​យើង​ថ្វាយ​មិន​មែន​ដោយ​សារ​ព្រះ​ជាម្ចាស់​ទ្រង់​ត្រូវ​ការ​លុយ​របស់​យើង​នោះ​ឡើយ ប៉ុន្តែ​គឺ​បង្ហាញ​ពី​ភាព​ដឹង​គុណ​របស់​យើង និង​ការ​ដែល​យើង​ត្រូវ​ការ​ទ្រង់ ជា​ពិសេស​ព្រះ​អង្គ​បាន​ប្រទាន​អំណរ​ដល់​យើង។ មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​អាច​ធ្វើ​ទី​បន្ទាល់​ថា វា​ពិត​ជា​ការ​អស្ចារ្យ និង​ជា​រឿង​ដ៏​បន្ទាប​ខ្លួន​ដែល​មាន​ពេញ​ដោយ​អំណរ​ផង​ដែរ នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​ការ​បូក​នូវ​ប្រាក់​តង្វាយ​ដែល​គាត់​បាន​ថ្វាយ ក៏​ដូច​ជា​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​បណ្តាល​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ថ្វាយ​ច្រើន។ ការ​មាន​ឡាន ឬ​ផ្ទះ​ថ្មី​មិន​អាច​ប្រៀប​ធៀប​នឹង​អំណរ​នៃ​ការ​ដែល​បាន​លះបង់​តិច​តួច នឹង​ព្រះ​យេស៊ូវ​បាន​ឡើយ​ដ្បិត​ព្រះអង្គ​បាន​លះ​បង់​អ្វី​គ្រប់​យ៉ាង​សម្រាប់​យើង។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធដោយ៖ លោកគ្រូ Tim Challies
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ​លោក ទេព រ៉ូ និង​កញ្ញា ថនស្ថាពរ
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-2 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ឥទ្ធិពល​

កោត​ខ្លាច​ទ្រង់​