in

ការឆ្លើយ​តប​ខុស​ពី​អ្នក​ដទៃ​

ប្ររសិន​បើ​តាម​ចំណងជើង​នៃ​អត្ថបទ​មួយ​នេះ​លោក​អ្នក​បាន​សន្មត​ថា អ្នក​ជឿ​គួរ​ឆ្លើយ​តប​ខុស​គ្នា​ពី​របៀប​អ្នក​មិន​ជឿ ខណៈ​ពេល​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ជំងឺ​រាតត្បាត​លើ​ពិភពលោក​នេះ នោះ​លោក​អ្នក​បាន​អាន​យ៉ាង​ត្រឹម​ត្រូវ​ហើយ។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​មាន​អត្ថន័យ​ថា អ្នក​ជឿ​នឹង​មិន​ទទួល​ការ​ឈឺ​ចាប់ ជំងឺ ឬ​ក៏​ការ​ស្លាប់​នោះ​ទេ។ មិន​ដូច្នោះ​ទេ។ ដោយ​សារ​យើង​រស់​នៅ​ក្នុង​ផែនដី​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប នោះ​យើង​ទាំង​អស់​គ្នា​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​ដូច​គ្នា​នេះ​ដែល​នោះ​ក៏​ជា​ផលកម្ម​របស់​យើង​ផង​ដេរ។ ប្រសិន​បើ​មាន​គេ​ផ្ដល់​យោបល់​ថា «ជំងឺ​កូរ៉ូណា​នឹង​មិន​អាច​មក​ជិត​លោក​អ្នក​បាន» ព្រោះ​លោក​អ្នក​ជា​អ្នក​ជឿ នោះ​វា​ខុស​ទាំង​ស្រុង​ហើយ​ក៏​មិន​មាន​ការ​គាំទ្រ​ពី​ព្រះ​គម្ពីរ​ផង​ដែរ។ គ្រីស្ទ​បរិស័ទ​ក៏​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ជំងឺ​ផង​ដែរ មិន​មាន​ការ​លើក​លែង​ទេ!

ប៉ុន្តែ​ទោះ​បើ​គ្រីស្ទ​បរិស័ទ​ក៏​ទំនង​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​ដូច​នេះ ខណៈ​ពេល​ដែល​កំពុង​រស់​នៅ​លើ​ផែន​ដី​ដែល​បាន​ធ្លាក់​ក្នុង​អំពើបាប ក៏​យើង​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះ​ជា​ម្ចាស់​ឲ្យ​ឆ្លើយ​តប​ខុស​ៗគ្នា​ក្នុង​ការ​លំបាក​ដូចៗ​គ្នា​នេះ​ដែរ។

ខាង​ក្រោម​នេះ​គឺជា​របៀប​៩​យ៉ាង​ដែល​គ្រីស្ទបរិស័ទ​អាច ក៏​ដូច​ជា​គួរ​ឆ្លើយ​តប​ខុស​ពី​អ្នក​ដទៃ ខណៈ​ពេល​កំពុង​ប្រឈម​មុខ​នឹង​វីរុស​កូវីដ-១៩។ ចំពោះ​មិត្ត​អ្នក​អាន​ដែល​ចូល​ចិត្ត​អាន​អត្ថ​បទ​ខ្លីៗ នោះ​លោក​អ្នក​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​អត្ថបទ​នេះ​ហើយ ពី​ព្រោះ​ខ្ញុំ​ចង់​សរសេរ ១៩ របៀប។

១. «យើង​មិន​ភ័យ​ខ្លាច​ដូច​អស់​អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ»

«ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង​ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​មាន​អាសន្ន។ ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ​ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ​ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ​ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ​ទោះ​បើ​ទឹក​សមុទ្រ​គ្រហឹម ហើយ​ពុះ​កញ្ជ្រោល​ទោះ​បើ​ភ្នំ​ទាំង​ឡាយ​ត្រូវ​កក្រើក​ញ័រ​ដោយ​រលក​ដោល​ឡើង​ក្ដី» (ទំនុកដំកើង ៤៦:១-៣ គកស)។

វីរុស​រាតត្បាត​កូវីដ-១៩​ផ្ដល់​ជា​ឱកាស​ឲ្យ​អ្នក​ជឿ​ក្នុង​ការ​បង្ហាញ​ថា តើ​សេចក្តិ​សង្ឃឹម​របស់​យើង​នៅ​ឯណា​ឲ្យ​ប្រាកដ? ប្រភព​នៃ​ជំនួយ​ដ៏​អស្ចារ្យ​របស់​យើង​មិន​មក​ពី​ទូ​ថ្នាំ កន្លែង​ដាក់​ម្ហូប ឬ​ក៏​ក្រដាស​នៅ​បន្ទប់​ទឹក​នៅ​ឡើយ។ ក្នុង​នាម​ជា​អ្នក​ជឿ ជំនួយ​របស់​យើង​គឺ​មក​ពី​ព្រះ​អម្ចាស់ ហើយ​យើង​មាន​អភ័យ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ក្នុង​ការ​ធ្វើ​ជា​ស្មរបន្ទាល់​នៃ​ក្ដី​សង្ឃឹម និង​ភាព​នឹង​នរ​ចំពោះ​ពិភព​លោក​ដែល​គ្មាន​សង្ឃឹម និង​គ្មាន​ភាព​នឹងនរ។ យើង​មិន​ភ័យ​ខ្លាច​ដូច​អស់​អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ!

២. យើង​មិន​បាត់​បង់​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​ដូច​អស់អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ

ទោះ​បើ​ថា​យើង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក៏​វី​រូស​ដ៏​តូច​មួយ​នេះ​ទើប​តែ​បាន​រម្លឹក​យើង​ថា យើង​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​នោះ​ទេ។ មនុស្ស​មួយ​ចំនួន​ទំនង​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ទាក់ទង​នឹង​ចំណុច​មួយ​នេះ ប៉ុន្តែ​ចំពោះ​អ្នក​ជឿ​វិញ វា​មិនមែន​ជា​បញ្ហា​ទេ។ ហេតុអ្វី​បាន​ជា​ដូច្នោះ? ព្រោះ​យើង​ដឹង​ហើយ​ថា យើង​មិន​ដែល​ជា​អ្នក​គ្រប់​គ្រង​នោះ​ទេ។

«ព្រះ​យេហូវ៉ា​បាន​តាំង​បល្ល័ង្ក​របស់​ព្រះ​អង្គ​នៅ​ស្ថាន​សួគ៌​ហើយ​រាជ្យ​ព្រះ​អង្គ​ក៏​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់» (ទំនុកដំកើង ១០៣:១៩ គកស)។

សូម្បី​តែ​ជំងឺ និង​មេរោគ​ក៏​ត្រូវ​តែ​ឆ្លើយ​ចំពោះ​ព្រះ​ជា​ម្ចាស់​ដែរ។

«គឺ​យើង​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង​យើង​ធ្វើ​ឲ្យ​មាន​សន្តិសុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ​គឺ​យើង​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ» (អេសាយ ៤៥:៧ គកស)។

ព្រះ​ជា​ម្ចាស់​គឺ​ជា​អង្គ​ដែល​គ្រង​រាជ្យ​យ៉ាង​ពេញទី សូម្បី​តែ​មុន​ខែ​ធ្នូ​ឆ្នាំ២០១៩ ដែល​ពេល​នោះ​គឺជា​ពេល​ដែល​គេ​បាន​រក​ឃើញ​កូ​វី​ដ​-១៩​ជា​លើក​ដំបូង ហើយ​ព្រះ​អង្គ​ក៏​កំពុង​តែ​បន្ត​គ្រង​រាជ​ផង​ដែរ។ ក្នុង​នាម​ជា​អ្នក​ជឿ យើង​មិន​គួរ​ស្លន់​ស្លោ​នោះ​ឡើយ ពី​ព្រោះ​យើង​ដឹង​រួច​ហើយ​ថា យើង​មិន​ដែល​ជា​អ្នក​គ្រប់​គ្រង​លើ​ជីវិត​របស់​យើង​ទេ។

៣. យើង​មិន​មាន​មន្ទិល​សង្ស័យ​លើ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​យក​ចិត្ត​ទុកដាក់​ដូច​អស់អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ

អ្នក​មិន​ជឿ​ក៏​អាច​អធិស្ឋាន​បាន​ដែរ។ ព្រះ​បន្ទូល​បាន​ប្រាប់​យើង​ថា សូម្បី​តែ​អ្នក​មិន​ជឿ​ក៏​អាច​អធិស្ឋាន​យ៉ាង​ឆេះឆួល​បាន​ដែរ។ យោង​តាម​កណ្ឌ​គម្ពីរ​ពង្សាវតារ​ក្សត្រ​ខ្សែ​ទី១​ជំពូក​១៨ យើង​ឃើញ​អំពី​គំរូ​ដ៏​ជាក់​លាក់​មួយ​ទាក់ទង​នឹង​ការអធិស្ឋាន​របស់​អ្នក​មិន​ជឿ នៅ​ក្នុង​ជំពូក​នោះ​យើង​ឃើញ​ហោរា​ព្រះ​បាល​ចំនួន​៤៥០ នាក់​បាន​អធិស្ឋាន​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​ស្ថានសួគ៌ រាំ​ជុំ​វិញ​អាសនា ហើយ​ក៏​ថែម​ទាំង​បាន​កាត់​ខ្លួន​ឯង ដើម្បី​ព្យាយាម​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ព្រះ​របស់​ពួក​គេ។ ប៉ុន្តែ នៅ​ទី បញ្ចប់ សូម្បី​តែ​ផ្សែង​បន្តិច​ក៏​គ្មាន​ផង។ ពួក​គេ​បាន​អធិស្ឋាន​ដូច​អស់អ្នក​ដែល​មិន​មាន​សង្ឃឹម​អញ្ចឹង។

ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ខុស​ពី​នោះ​ក្នុង​ការ​អធិស្ឋាន។ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា…

«កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ​អង្គ​ទៅ​ទៀត» (ម៉ាថាយ ៦:៨ គកស)។

ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ជឿ នោះ​លោក​អ្នក​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការ​ហៅ​ព្រះ​ជា​ម្ចាស់​ថា​ជា​ព្រះ​វរបិតា​របស់​ខ្លួន​បាន។ ព្រះ​អង្គ​ជ្រាប​ពី​តម្រូវការ​របស់​លោក​អ្នក​ល្អ​ប្រសើរ​ជាង​លោក​អ្នក​ដឹង​ទៅ​ទៀត។ លោក​អ្នក​មិន​ចាំ​បាច់​អង្វរ​ករ ឬ​ក៏​ស្លន់​ស្លោ ដើម្បី​ឲ្យ​ព្រះ​អង្គ​យក​ចិត្ត​ទុក​ដាក់​លើ​លោក​អ្នក​ឡើយ។ ព្រះ​អង្គ​បាន​ជ្រាប​ជា​មុន​នូវ​រាល់​តម្រូវការ​របស់​លោក​អ្នក​មុន​លោក​អ្នក​ដឹង​ថា​លោក​អ្នក​ត្រូវ​ការ​វា​ទៅ​ទៀត។ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​លោក​អ្នក (១​ពេត្រុស ៥:៧) ហើយ​ព្រះ​អង្គ​បាន​អញ្ជើញ​លោក​អ្នកឲ្យ​យក​សំណូម​ពរ​អធិស្ឋាន​របស់​លោក​អ្នក​ទៅ​កាន់​ទ្រង់​ផង​ដែរ។

«កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង។ នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៤:៦-៧ គកស)។

៤. យើង​មិន​រស់​នៅ​ក្នុង​ការ​បដិសេធ​ដូច​អស់​អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ

តើ​លោក​អ្នក​ដឹង​ទេ​ថា តាម​ពិត​ទៅ វា​ជា​អំនួត​ក្នុង​ការ​គិត​ថា ជំងឺ​មួយ​ដូច​ជា​កូរ៉ូណា​មិន​អាច​បណ្ដាល​ឲ្យ​លោក​អ្នក​ស្លាប់​បាន​នោះ​ឡើយ។ ខ្ញុំ​បានឮ​គ្រូ​ខុស​ឆ្គង​បង្រៀន​ថា ជំងឺ​កូ​​រ៉​ណា​មិន​អាច​ប៉ះ​ពាល់​លោក​អ្នក ឬ​ក៏​នរណា​ម្នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​អ្នក​បាន​ឡើយ។ ប្រសិន​បើ​លោក​អ្នក​រស់​នៅ​ដោយ​មាន​សេចក្ដី​ខុស​ឆ្គង​ដូច​នេះ​ដោយ​ថា​វី​រូស​មិន​អាច​ប៉ះពាល់​លោក​អ្នក​បាន នោះ​ព្រះ​បន្ទូល​បាន​ហៅ​លោក​អ្នក​ថា «អំនួត​របស់​លោក​អ្នក​គឺជា​អំពើ​អាក្រក់»។

«ឥឡូវ​នេះ អ្នក​ដែល​ពោល​ថា៖ “ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណា​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី​ឲ្យ​បាន​ចំណេញ” តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃ​ស្អែក​ទេ។ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី? ដ្បិត​អ្នក​រាល់​គ្នា​ជា​ចំហាយ​ទឹក ដែល​ឃើញ​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​តែ​ពោល​ដូច្នេះ​វិញ​ថា៖ “បើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ នោះ​យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ” តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​អួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែប​នេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់» (យ៉ាកុប ៤:១៣-១៦ គកស)។

វា​មិន​មែន​អាស្រ័យ​លើ​ការ​អះអាង​របស់​លោក​អ្នក​ថា លោក​អ្នក​មាន​ប្រព័ន្ធ​ការពារ​ខ្លាំង ប្រើ​ទឹក​អាកុល​លាង​ដៃ​ញឹក​ញាប់ មាន​ម៉ាស​អាច​ទប់ស្កាត់​ជំងឺ​ឆ្លង​តាម​ខ្យល់​ដង្ហើម​ល្អ ឬ​មាន​ជំនឿ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ជីវិត​របស់​អ្នក​គ្មាន​អ្វី​លើស​ជាង​ចំហាយ​ទឹក​នោះ​ឡើយ ហើយ​លុះ​ត្រា​តែ​វា​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​បន្ត​ខ្សែ​ជីវិត​របស់​លោក​អ្នក មិន​ដូច្នោះ​វា​នឹង​រសាត់​បាត់​ទៅ​ជា​មិន​ខាន។

៥. យើង​មិន​រក្សា​ខ្លួន​ឯង​ដូច​អស់​អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ

ប្រសិន​បើ​លោក​អ្នក​ពិត​ជា​យល់​ថា ជីវិត​លោក​អ្នក​ប្រៀប​ដូច​ជា​ចំហាយ​ទឹក នោះ​វា​នឹង​ពិត​ជា​ផ្ដល់​សេរី​ភាព​ដល់​លោក​អ្នក​ក្នុង​ការ​ប្រើ​ប្រាស់​ជីវិត​របស់​ខ្លួន​សម្រាប់​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្កើត​ឲ្យ​លោក​អ្នក​មក​ធ្វើ​ជា​មិន​ខាន។

ជីវិត​របស់​លោក​អ្នក​មិន​មែន​ជា​ការ​សម្ពោធ​ដែល​គេ​ត្រូវ​យក​ទៅ​រក្សា​ទុក​ក្នុង​ទូក​ញ្ចក់​ក្នុង​សារមន្ទីរ​នោះ​ឡើយ។ ព្រះ​ជា​ម្ចាស់​បាន​ដាក់​យើង​នៅ​ទី​នេះ ដើម្បី​ចំណាយ​ជីវិត​របស់​យើង​ក្នុង​ការ​បម្រើ​អ្នក​ដទៃ​ដោយ​ជំនឿ។ សូម​អាន​នូវ​អ្វី​ដែល​សាវ័ក​ប៉ុល បាន​មាន​ប្រសាសន៍​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ២:១៧៖

«ប៉ុន្តែ ខ្ញុំ​ក៏​អរ ហើយ​មាន​អំណរ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​ដែរ ប្រសិន​បើ​ខ្ញុំ​ត្រូវ​ច្រួច​លើ​យញ្ញ​បូជា និង​ថ្វាយ​ជា​តង្វាយ​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា» (គកស)។

នេះ​មិន​មែន​មាន​ន័យ​ថា យើង​គួរ​រស់​នៅ​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​នៅ​ឡើយ (លោក​អ្នក​គួរ​បន្ត​លាង​ដៃ ខ្ទប់​មាត់​ពេល​ក្អក និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​រដ្ឋាភិបាល) ប៉ុន្តែ​វា​មាន​ន័យ​ថា គោលដៅ​របស់​យើ​ង ក្នុង​នាម​ជា​អ្នក​ជឿ គឺ​មិន​មែន​ថា​ឲ្យ​ទៅ​ដល់​ស្ថានសួគ៌​ដោយ​គ្មាន​ការ​រលាត់​ស្បែក​នោះ​ឡើយ។

ការ​ព្រួយ​បារម្ភ​មួយ​របស់​ខ្ញុំ​គឺ​ថា មនុស្ស​មួយ​ចំនួន​ទំនង​ជា​យក​ឱកាស​ជំងឺ​រាតត្បាត​នេះ​ជា​លេស​ដោយ​ថា «ខ្ញុំ​ត្រូវ​ប្រើ​សិទ្ធិ​ផ្ទាល់​ខ្លួន ដោយ​មិន​អាច​បម្រើ​អ្នក​ដទៃ​បាន​ឡើយ» ហើយ​ចាប់ផ្ដើម​ដក​ខ្លួន​ចេញពី​សង្គម ទោះ​បើ​វា​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​រស់​នៅ ដើម្បី​បម្រើ​អ្នក​ដទៃ។

៦. យើង​មិន​គួរ​ផ្ដោត​តែ​លើ​ខ្លួន​ឯង​ដូច​អស់​អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ

លទ្ធផល​ដែល​គួរ​ឲ្យ​អភ័ព្វ​មួយ​ដែល​កើត​ចេញ​ពី​រឿង​វិបត្តិ​គឺ​ថា ជា​ទូទៅ​មនុស្ស​យើង​អាច​ក្លាយ​ជា​មនុស្ស​អាត្មា​និយម ហើយ​គិត​តែ​អំពី​ខ្លួន​ឯង។ ក្នុង​នាម​ជា គ្រីស្ទ​បរិស័ទ យើង​មិន​ចាំ​បាច់​ចុះ​ចូល​នឹង​សេចក្ដី​ល្បួង​ដោយ​ផ្ដោត​លើ​ខ្លួន​ឯង​ឡើយ។

«យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ​អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏​ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង​ប្អូន​ដែរ។ ប្រសិន​បើ​អ្នក​ណា​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​អាសូរ​សោះ ធ្វើ​ដូច​ម្តេច​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន? ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ» (១យ៉ូហាន ៣:១៦-១៨ គកស)។

នៅ​ពេល​ដែល​លោក​អ្នក​ទិញ​ឥវ៉ាន់​ស្ដុក​ទុក​អាទិត្យ​មុន​នេះ ឬ​ក៏​ទិញ​ទឹក​អាកុល​លាង​ដៃ​ចុង​ក្រោយ ហើយ​ថែម​ទាំង​រាំ​ដោយ​ចិត្ត​សប្បាយ តើ​លោកអ្នក​បាន​គិត​លើ​សំណួរ​នេះ​ដែរ​ឬ​ទេ «ខ្ញុំ​ឆ្ងល់​ថា តើ​បង​ប្អូន​ខ្ញុំ​យ៉ាង​ម៉េច​ហើយ?»។ ដាច់​ខាត! យើង​ត្រូវ​តែ​ប្រាកដ​ឲ្យ​ច្បាស់​ថា យើង​ប្រើ​ប្រាស់​ឱកាស​នេះ ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​អ្នក​ដទៃ និង​គិត​អំពី​តម្រូវ​ការ​របស់​ពួក​គេ​ខ្ពស់​ជាង​របស់​ខ្លួន។

៧. យើង​មិន​បង្ហាញ​ការ​រើស​អើង​ដូច​អស់​អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ

ទោះ​បើ​ថា ជា​បណ្ដោះអាសន្ន​យើង​កំពុង​តែ​ទទួល​ការ​បញ្ជា​ហាម​មិន​ឲ្យ​ជួប​ជុំ​គ្នា ក៏​ដូច​ជា​មាន​ការ​ផ្អាក​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន​ដែល​ជា​ការ​ចាំ​បាច់​សម្រាប់​ពេល​វេលា​ដូច​នេះ​ក៏​ដោយ ក៏​វា​មិន​មែន​ជា​លេស​ចំពោះ​អ្នក​ជឿ​ឲ្យ​ដក​ខ្លួន​ចេញពី​សង្គម​ទាំង​ស្រុង​នោះ​ទេ ជា​ពិសេស​ទាក់ទង​នឹង​មនុស្ស​មួយ​ចំនួន​ពី​ប្រទេស​ដែល​ទទួល​ការ​រង​គ្រោះ។

«ដូច្នេះ អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ចុះ ដ្បិត​គម្ពីរ​ក្រឹត្យ​វិន័យ និង​គម្ពីរ​ហោរា​ចែង​ទុក​មក​ដូច្នេះ» (ម៉ាថាយ ៧:១២ គកស)។

ការ​មាន​មន្ទិល​សង្ស័យ ការ​ដក​ខ្លួន​ចេញ និង​ការ​រើស​អើង​គឺ​មិន​មែន​ជា​អ្វី​ដែល​គួរ​មាន​ក្នុង​ចំណោម​បុត្រា​បុត្រី​នៃ​នគរ​ព្រះ​ជា​ម្ចាស់​ឡើយ។

តាម​ពិត​ទៅ ពេល​វេលា​នេះ​គឺជា​ពេល​ដែល​ផ្ដល់​ជា​ឱកាស​ដល់​យើង​ក្នុង​ការ​សម្ដែង​ធាតុ​ពិត​នៃ​ដំណឹង​ល្អ

«ដ្បិត​ព្រះ​មិន​លម្អៀង​ឡើយ» (រ៉ូម ២:១១ គកស)។

៨. ជីវិត​របស់​យើង​មិន​មាន​កម្រិត​ត្រឹម​តែ​លើ​ផែនដី​នេះ​ដូច​អស់​អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ

ក្ដី​សង្ឃឹម​របស់​យើង​គឺ​មិន​មែន​តែ​នៅ​ត្រឹម​ជីវិត​លើ​ផែនដី​នេះ​ឡើយ។ លោកីយ៍​នេះ​ទំនង​ជា​មាន​ក្ដី​សង្ឃឹម​ថា​រាល់​អ្វីៗ​នឹង​ត្រឡប់​ទៅ​ដូច​ដើម​វិញ គេ​នឹង​រក​ឃើញ​ថ្នាំ​ព្យាបាល មុខ​របរ​រក​ស៊ី​នឹង​ដំណើរ​ការ​ជា​ថ្មី​ម្ដង​ទៀត។ វា​មិន​មែន​ជា​បញ្ហា​ទេ​ក្នុង​ការ​សង្ឃឹម​ចង់​បាន​របស់​ទាំង​នោះ។ ខ្ញុំ​ក៏​សង្ឃឹម​ចង់​បាន​តែ​របស់​នោះ​ផង​ដែរ ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ជា​អ្នកជឿ ក្ដី​សង្ឃឹម​របស់​យើង​គឺ​មិន​មែន​តែ​មាន​កម្រិត​ត្រឹម​លើ​ផែនដី​នេះ​នោះ​ឡើយ។

«ប្រសិន​បើ​យើង​សង្ឃឹម​លើ​ព្រះ​គ្រីស្ទ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់ យើង​វេទនា​ជាង​គេ​បំផុត» (១កូរិនថូស ១៥:១៩ គកស)។

ក្ដី​សង្ឃឹម​របស់​ខ្ញុំ គឺ​មិនមែន​នៅ​ត្រឹមតែ​លើ​ផែនដី​នេះ​ទេ គឺ​វា​មាន​នៅ​អនាគត​ខាង​មុន​ជាមួយ​ព្រះជាម្ចាស់​ទៀត។

«…ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​អង្គ ហើយ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរតក តាម​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច» (ទីតុស ៣:៧ គកស)។

៩. ហើយ​ជា​ចុង​ក្រោយ ពេល​អ្នក​ជឿ​ស្លាប់ យើង​ដែល​អ្នក​មិន​ទាន់​ស្លាប់​មិន​កាន់​ទុក្ខ​ដូច​អស់​អ្នក​ដែល​មិន​មាន​សង្ឃឹម​ឡើយ

«បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង អំពី​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដូច​អ្នក ឯ​ទៀតៗ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ។ ប្រសិន​បើ​យើង​ជឿ ថា​ព្រះ​យេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​មែន នោះ​ត្រូវ​ជឿ​ថា តាម​រយៈ​ព្រះ​យេស៊ូវ ព្រះ​នឹង​នាំ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ឲ្យ​បាន​នៅ​ជា​មួយ​ព្រះ​អង្គ​ដែរ» (១ថែស្សាឡូនីច ៤:១៣-១៤ គកស)។

ប្រសិន​បើ​មាន​អ្នក​ជឿ​ណា​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​កូរ៉ូណា នោះ​យើង​មិន​គួរ​កាន់​ទុក្ខ​គាត់​ហាក់​បី​ដូច​ជា​ថា​បាត់​ក្ដី​សង្ឃឹម​ទាំង​នោះ​ឡើយ។ ជំងឺ​កូរ៉េ​ណា​គឺ​មិន​មែន​ជា​ជំងឺ​ដ៏​អាក្រក់​បំផុត​ណា​មួយ​ដែល​អាច​កើត​ឡើង​ចំពោះ​អ្នក​ជឿ​ទេ ព្រោះ​ទាំង​អ្នក​ជឿ និង​អ្នក​មិន​ជឿ​ក៏​អាច​ឆ្លង​បាន​ដែរ។

ព្រះ​បន្ទូល​បាន​ចែងថា៖

«…យើង​មាន​ចិត្ត​ជឿ​ជាក់ ហើយ​យើង​សុខ​ចិត្ត​ឃ្លាត​ពី​រូប​កាយ​នេះ ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់​ជា​ជាង» (២កូរិនថូស ៥:៨ គកស)។

ខ្ញុំ​ធ្លាប់​ឮ​គេ​ថា «អ្នក​កាន់​ទុក្ខ​មិន​ត្រូវ​បន្ត​សម្រក់​ទឹក​ភ្នែក​ទៀត​ទេ ឬ​ក៏​ហៅ​គ្រីស្ទ​បរិស័ទ​ដែល​បាន​ចាក​ចេញ​ទៅ​ថា​ស្លាប់ ដ្បិត​សេចក្ដី​ស្លាប់​គឺ​ជា​ស្ពាន​នៃ​ការ​ដេក ហើយ​ផ្នូរ​ទាំង​អស់​បាន​ក្លាយ​ជា​គ្រែ»។

អស់​អ្នក​ជឿ​ណា​ដែល​ស្លាប់​ដោយ​សារ​វីរុស​កូវីដ-១៩គឺ​សុទ្ធ​តែ​មាន​សុវត្ថិភាព​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​យេស៊ូវ ហើយ​ការ​ដែល​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​នោះ​គឺ​ជា​ការ​ដ៏​ល្អ​ប្រសើរ​ជាង​គេ​បំផុត (ភីលីព ១:២៣)។ ព្រះ​គម្ពីរ​មិន​បាន​សន្យា​ថា ជំងឺ​កូ​រ៉​​ណា​នឹង​រំលង​ផ្ទះ​របស់​លោក​អ្នក ប្រសិន​បើ​លោក​អ្នក​មាន​ជំនឿ​នោះ​ទេ។ គ្រីស្ទបរិស័ទ​មិន​មាន​ករណី​លើក​លែង​ចេញ​ពី​ជំងឺ​ឈឺ​ស្កាត់ ហើយ​ប្រាកដ​ណាស់​យើង​ក៏​មិន​មាន​ករណី​លើក​លែង​ចេញ​ពី​ការ​ឆាឆៅ​ដែល​ជំងឺរាតត្បាត​នេះ​បាន​បង្ក​ឲ្យ​មាន​ផង​ដែរ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​បាន​អនុញ្ញាត​ឲ្យ​យើង​ឆ្លើយតប​ចំពោះ​ទុក្ខ​លំបាក​ដូច​គ្នា​នេះ​ក្នុង​របៀប​ខុស​ពី​អ្នក​ដទៃ។

ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​លោក​អ្នក​មាន​ក្ដី​សង្ឃឹម​ដែល​ជា​យុថ្កា​យ៉ាង​មាំ​មួន (ហេព្រើរ ៦:១៩)។ លោក​អ្នក​មាន​ក្ដី​សង្ឃឹម​ដែល​លើស​ពី​ការ​នឹក​ស្រមៃ​របស់​លោកីយ៍​នេះ។ វា​គឺជា​ក្ដី​សង្ឃឹម​ដែល​លោក​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រកាស និង​ការពារ​នៅ​ចំពោះ​មុខ​អស់​អ្នក​ណា​ដែល​សួរ​នាំ​អំពី​វា​ពី​លោក​អ្នក ដើម្បី​ឲ្យ​រៀប​រាប់​អំពី​ក្ដី​សង្ឃឹម​ដែល​លោក​អ្នក​មាន។

«…តែ​ត្រូវ​តាំង​ព្រះ​គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ​អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា​និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា» (១ពេត្រុស ៣:១៥ គកស)។

តើ​អ្នក​នៅ​ជុំវិញ​លោក​អ្នក​មើល​ឃើញ​បាន​យ៉ាង​ច្បាស់​ដែរ ឬ​ទេ​អំពី​សេចក្ដី​សង្ឃឹម​ដែល​លោក​អ្នក​មាន​ដែល​ពួក​គាត់​មិន​មាន? តើ​នឹង​មាន​គេ​សូម​ឲ្យ​លោក​អ្នក​ចែក​ចាយ​អំពី​សេចក្ដី​សង្ឃឹម​ដែល​លោក​អ្នក​មាន​ដែរ​ឬទេ? តើ​ការ​ឆ្លើយតប​របស់​លោក​អ្នក​ទៅ​កាន់​ជំងឺ​កូវីដ-១៩​មាន​លក្ខណៈ​ខុសពី​គ្រួសារ​ដែល​មិន​ជឿ មិត្តភក្ដិ និង​អ្នក​ជិត​ខាង​ដែរ ឬ​ទេ? ការ​ឆ្លើយ​តប​របស់​លោក​អ្នក​អាច​មាន​លក្ខណៈ​ខុស​គ្នា ហើយ​វា​ក៏​គួរ​មាន​លក្ខណៈ​ខុសគ្នា​ផង​ដែរ។

សូម​ឲ្យ​ហេតុ​ផល​ទាំង​នេះ និង​ហេតុ​ផល​ជា​ច្រើន​ផ្សេង​ទៀត​ផ្ដល់​ជា​ក្ដី​សង្ឃឹម និង​ភាព​មាំមួន​ដល់​យើង​ក្នុង​ពេល​វេលា​ដែល​មិន​ប្រាកដ​ប្រជា​នេះ ពី​ព្រោះ​ប្រសិន​បើ​អ្នក​ជឿ​មិន​អាច​ផ្ដល់​ក្ដី​សង្ឃឹម​បែប​នេះ​ទៅ​កាន់​លោកីយ៍ តើ​ឲ្យ​អ្នក​ណា​ធ្វើ​បាន​ទៅ?

និពន្ធ​ដោយ៖ លោក​គ្រូ George Lawson
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ជួប ប៊ុនហាក់, លោក​ស្រី ថាវ ប៊ុនរី និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី thecripplegate.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

ទ្រង់​នឹង​យាង​ចូល​មក

​ក្លាយ​ជា​មនុស្ស​ដ៏​អាត្មានិយម