ឧបមាថា មានអ្នកដឹកនាំមួយចំនួនក្នុងក្រុមជំនុំរបស់អ្នកបង្រៀនថា ព្រះជាម្ចាស់បង្កើតពិភពលោក ហើយព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់ ហើយទ្រង់ស្រឡាញ់មនុស្សគ្រប់ៗគ្នា។ ទ្រង់បានបង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ ដែលនេះមានន័យថា យើងមានតម្លៃ។ ព្រះជាម្ចាស់ប្រទានព្រះគម្ពីរ ដែលបានសរសេរចុះអំពីគំនិតដ៏អស្ចារ្យជាច្រើនអំពីទ្រង់ និងសារកំសាន្តចិត្តដល់យើងទៀតផង។ ព្រះជាម្ចាស់ស្រឡាញ់សេចក្ដីយុត្តិធម៌ និងមានក្ដីមេត្តាករុណា ដូច្នេះយើងត្រូវប្រព្រឹត្តល្អចំពោះមនុស្សទាំងអស់ ពោលគឺមិនត្រូវប្រព្រឹត្តអាក្រក់ដល់អ្នកដទៃណាឡើយ! ព្រះជាម្ចាស់ស្រឡាញ់ពិភពលោក ហេតុនេះហើយបានជាទ្រង់ប្រទានព្រះយេស៊ូវគ្រីស្ទឲ្យយាងមកសុគតលើឈើឆ្កាង ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ គឺអនុញ្ញាតឲ្យទ្រង់មានបទពិសោធន៍រងទុក្ខជាមនុស្ស ដែលត្រូវបានគេសង្កត់សង្កិននៅក្នុងពិភពលោកនេះ ហើយនិងអនុញ្ញាតឲ្យទ្រង់ធ្វើជាគំរូពីសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងត្រាប់តាម។ ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយព្រះយេស៊ូវនឹងយាងមកម្តងទៀត ដើម្បីបង្កើតពិភពលោកថ្មីដ៏ល្អឥតខ្ចោះមួយ។
តើលោកអ្នកគិតយ៉ាងដូចម្តេចអំពីការបង្រៀននេះ? តើស្តាប់ទៅវាពីរោះមែនទេ? តាមពិតទៅ នេះគឺជាសេចក្តីបង្រៀនដែលបានបំផ្លាញក្រុមជំនុំជាច្រើនក្នុងពិភពលោក។ ជារឿយៗគេបាននិយាយថា ក្រុមជំនុំនៅលោកខាងលិចកំពុងរួញខ្លី និងបិទទ្វា។ តាមពិតទៅ ក្រុមជំនុំខ្លះកំពុងរីកចម្រើន និងក្រុមជំនុំខ្លះទៀតកំពុងតែបិទទ្វាមែន។ ជាធម្មតា ក្រុមជំនុំដែលកំពុងតែបិទទ្វា គឺជាក្រុមជំនុំដែលមានសេចក្តីដូចដែលបានសង្ខេបខាងលើនេះ ហើយវាជាសេចក្តីបង្រៀន ដែលបំផ្លាញក្រុមជំនុំរបស់ពួកគេផ្ទាល់។ សេចក្តីបង្រៀននេះគឺកំពុងបំផ្លាញក្រុមជំនុំជាច្រើនក្នុងពិភពលោកទាំងមូល មិនមែនតែក្រុមជំនុំនៅលោកខាងលិចប៉ុណ្ណោះទេ។
សាវ័ក ប៉ុល បានសរសេរនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៣:១៦-១៧ ប្រសិនបើអ្នកណាមួយបំផ្លាញក្រុមជំនុំ ដែលជារូបកាយ និងជាកូនក្រមុំរបស់ព្រះគ្រីស្ទ នោះព្រះជាម្ចាស់នឹងបំផ្លាញគេ។ (សូមអានបន្ថែមនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៣ ពេលដែលសាវ័ក ប៉ុល បានប្រើប្រាស់ពាក្យ «ព្រះវិហារ» ដើម្បីសំដៅទៅលើក្រុមជំនុំ)។ ជារឿយៗ នៅពេលយើងអានអំពីមនុស្សដែលជាអ្នកបំផ្លាញក្រុមជំនុំ នោះយើងគិតអំពីអ្នកមិនជឿ ដែលធ្វើការបៀតបៀន និងសង្កត់សង្កិនលើគ្រីស្ទបរិស័ទ។ ប៉ុន្តែនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៣:១៦-១៧ សាវ័ក ប៉ុល កំពុងសរសេរទៅកាន់គ្រីស្ទបរិស័ទ ហើយព្រមានគ្រីស្ទបរិស័ទ និងអ្នកដឹកនាំគ្រីស្ទបរិស័ទណា ដែលបំផ្លាញក្រុមជំនុំថា ព្រះជាម្ចាស់នឹងបំផ្លាញពួកគេចោល។ ដូច្នេះ នេះជាបញ្ហាមួយដែលយើងត្រូវគិតឲ្យបានមធ្យ័ត។
បើដូច្នេះមែន តើអ្វីទៅដែលជាកំហុសក្នុងសេចក្តីបង្រៀនខាងលើនេះ? មនុស្សដែលបញ្ឆោតខ្លួនដោយគិត និងអះអាងថា គេជឿប៉ុន្តែគេបដិសេធសេចក្តីបង្រៀនតាមព្រះគម្ពីរ ហើយអាចជឿជាក់លើគ្រប់ទាំងគំនិតខាងលើនេះផងដែរ។ នៅក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ៤:២-៣ សាវ័ក ប៉ុល បានសរសេរថា «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររម្លឹកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្ត ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនឹងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត»។ គ្រូខុសឆ្គងក៏អាចមាននៅក្នុងក្រុមជំនុំដែរ ហើយពួកគេបង្រៀនតែអ្វីដែលមនុស្សចង់ស្ដាប់ចង់ឮតែប៉ុណ្ណោះ។ សេចក្តីបង្រៀនខាងលើអាចជាការបង្រៀនដែលមនុស្សចង់ឮ ហើយខាងក្រោមនេះបង្ហាញអំពីហេតុផល ដែលបញ្ជាក់ថា សេចក្តីបង្រៀននេះខុសឆ្គង។
១. ព្រះជាម្ចាស់
ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់ ហើយទ្រង់ស្រឡាញ់មនុស្សគ្រប់ៗគ្នា។ វាជាការពិតដែលថា ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ហើយទ្រង់ស្រឡាញ់ពិភពលោកទាំងមូល ប៉ុន្តែនេះគ្រាន់តែជាផ្នែកមួយនៃសេចក្តីពិត ដែលព្រះគម្ពីរបង្រៀនអំពីព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគម្ពីរក៏បង្រៀនផងដែរថា ព្រះជាម្ចាស់បរិសុទ្ធ ទ្រង់ស្អប់អំពើបាប ហើយថែមទាំងស្អប់អ្នកប្រព្រឹត្តអំពើទុច្ចរិតទៀតផង (ទំនុកតម្កើង ៥:៥)។ ព្រះគម្ពីរបង្រៀនថា ព្រះជាម្ចាស់ពេញទៅដោយសេចក្តីក្រោធទាស់ប្រឆាំងនឹងពិភពលោកដែលបះបោរនឹងទ្រង់។ មានខគម្ពីររាប់ពាន់នៅក្នុងព្រះគម្ពីរបង្រៀនអំពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់ចំពោះអំពើបាប។ ពេលដែលមនុស្សគ្រាន់តែជឿជាក់ និងបង្រៀនអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តែមិនបង្រៀនថា ព្រះបរិសុទ្ធហើយទ្រង់មានសេចក្តីក្រោធចំពោះអ្នកប្រព្រឹត្តអំពើបាបនោះទេ នោះមានន័យថា អ្វីដែលគេបង្រៀនអំពីព្រះជាម្ចាស់មិនទៀងត្រង់ឡើយ។ ចំពោះអ្នកដែលជឿលើព្រះគម្ពីរតែផ្នែកខ្លះៗ ដែលសម្ដែងអំពីព្រះជាម្ចាស់ដែលយើងចូលចិត្ត តែមិនជឿលើគ្រប់ផ្នែកទាំងអស់នោះទេ នោះគេមិនមែនជាអ្នកជឿពិតប្រាកដឡើយ ប៉ុន្តែទង្វើនេះគឺជាការគោរពរូបព្រះវិញ។ យើងបានបង្កើតព្រះមួយតាមគំនិតរបស់យើង តាមការចូលចិត្តរបស់យើង ហើយនេះជាអំពើអាក្រក់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់។ យើងសន្មតហើយគិតថា ព្រះដែលយើងបង្កើតតាមអ្វីដែលយើងចូលចិត្តជាព្រះល្អប្រសើរជាងព្រះដ៏ពិត ដែលបានសម្ដែងអង្គទ្រង់តាមរយៈព្រះគម្ពីរ។
២. ព្រះជាម្ចាស់បង្កើតមនុស្សដូចរូបអង្គទ្រង់ ដែលមានន័យថា យើងមានតម្លៃ
វាជាការពិតដែលព្រះជាម្ចាស់បង្កើតយើងដូចរូបអង្គទ្រង់មែន ដូចនេះហើយបានជាយើងមានតម្លៃ ប៉ុន្តែបើយើងគ្រាន់តែអនុវត្តសេចក្ដីបង្រៀននៅក្នុងព្រះគម្ពីរអំពី «ដូចរូបអង្គទ្រង់» ដោយបង្រៀនថា «ដូច្នេះយើងមានតម្លៃ»។ ការធ្វើបែបនោះមានន័យថា យើងបានធ្វើឲ្យខូចនូវអ្វីដែលជាការបង្រៀនរបស់ព្រះគម្ពីរដែលបានចែង ដោយព្រោះមិនយល់អត្ថន័យព្រះគម្ពីរទាំងមូល។ ការបង្កើតឲ្យដូចរូបអង្គទ្រង់មានន័យច្រើននៅក្នុងព្រះគម្ពីរ ដែលរួមបញ្ចូលទាំងន័យថា ទី១ យើងជាអ្នកត្រួតត្រាលើផែនដីដោយចុះចូលចំពោះព្រះជាម្ចាស់។ ទី២ យើងមានសមត្ថភាពឮព្រះបន្ទូលព្រះជាម្ចាស់ គឺទ្រង់អាចមានបន្ទូលមកយើងតាមរយៈព្រះគម្ពីរ ដូច្នេះហើយបានជាយើងត្រូវស្តាប់ទ្រង់ ហើយទុកចិត្ត និងស្តាប់បង្គាប់ព្រះបន្ទូលដែលព្រះអង្គសម្ដែង។ ទី៣ យើងតំណាងឲ្យព្រះជាម្ចាស់លើផែនដីនេះ។ ប៉ុន្តែ ចាប់ពីពេលដែលលោក អ័ដាម និងនាង អេវ៉ា បានបះបោរ លក្ខណៈដូចរូបអង្គទ្រង់នៅក្នុងមនុស្សបានខូច។ ព្រះយេស៊ូវគឺជារូបអង្គព្រះជាម្ចាស់ដ៏ពិតទ្រង់បានគ្រប់គ្រងដោយចុះចូល ហើយនៅពេលអ្នកណាម្នាក់ជឿលើព្រះយេស៊ូវគ្រីស្ទ នោះរូបអង្គព្រះជាម្ចាស់នៅក្នុងពួកគេត្រូវបានស្ថាបនាជាថ្មីឡើងវិញ។ បើគ្រាន់តែនិយាយថា «ព្រះជាម្ចាស់បង្កើតយើងដូចរូបអង្គទ្រង់ ដូច្នេះហើយបានជាយើងមានតម្លៃ» នោះជាបញ្ហា ពីព្រោះវាគ្រាន់តែផ្ដោតធ្ងន់ទៅលើមនុស្ស និងតម្លៃរបស់យើងប៉ុណ្ណោះ។ វាគ្រាន់តែជាការអនុវត្តព្រះគម្ពីរ ដែលលើកមនុស្សជាសំខាន់ ហើយមិនសូវចាប់អារម្មណ៍អំពីតម្លៃរបស់ព្រះជាម្ចាស់ មិនយកចិត្តទុកដាក់អំពីបន្ទុករបស់មនុស្សចំពោះព្រះជាម្ចាស់ ក្នុងនាមជាមនុស្សដែលត្រូវបានបង្កើតដូចរូបអង្គទ្រង់ឡើយ។ អត្ថន័យនៃការរស់នៅដូចរូបអង្គព្រះជាម្ចាស់ ដែលយើងបានឃើញខាងលើ គឺទាក់ទងនឹងព្រះជាម្ចាស់។ ការចុះចូលចំពោះព្រះទាក់ទងជាមួយព្រះដោយយើងស្ដាប់តាមព្រះបន្ទូល ហើយរស់នៅតំណាងឲ្យព្រះជាម្ចាស់។ នៅពេលយើងដាក់ខ្លួនរបស់យើងនៅចំណុចកណ្តាល ហើយខ្វល់ខ្វាយច្រើនអំពីតម្លៃរបស់ខ្លួនឯងខ្លាំងជាងតម្លៃរបស់ព្រះជាម្ចាស់ នោះយើងធ្វើឲ្យខូចអត្ថន័យតាមព្រះគម្ពីរហើយ។
៣. ព្រះជាម្ចាស់ប្រទានព្រះគម្ពីរដល់យើង ដែលបានសរសេរគំនិតដ៏អស្ចារ្យមួយចំនួនអំពីព្រះជាម្ចាស់ និងសារ កម្សាន្តចិត្តផងដែរ
នេះហើយជាជំនឿរបស់មនុស្សដែលមិនជឿលើព្រះគម្ពីរ ប៉ុន្តែគេប្រើប្រាស់ព្រះគម្ពីរ និងអះអាងថា គេបានជឿលើព្រះគម្ពីរ។ មានទាំងអ្នកដឹកនាំក្រុមជំនុំជាច្រើនដែលមិនជឿលើព្រះគម្ពីរ ប៉ុន្តែប្រើប្រាស់ព្រះគម្ពីរ។ ពួកគេអាចនឹងប្រើប្រាស់ព្រះគម្ពីរ ដើម្បីទទួល និងបង្រៀនសារលើកកម្សាន្តចិត្តខ្លះៗ ប៉ុន្តែមិនជឿលើអ្វីដែលព្រះគម្ពីរមានចែងឡើយ។ ឧទាហរណ៍៖ សេចក្តីក្រោធរបស់ព្រះជាម្ចាស់ និងស្ថាននរក ឬអសីលធម៌ផ្លូវភេទ ឬការរៀបការ ការលែងលះ និងការរៀបការម្តងទៀត ឬការរួមភេទនៅផ្ទះ។ល។ ព្រះគម្ពីរមិនគ្រាន់តែកត់ត្រាគំនិតល្អៗរបស់មនុស្សអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែកត់ត្រាទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពេញដោយអំណាចផងដែរ។ ដូច្នេះ នៅពេលមនុស្សបដិសេធអ្វីមួយដែលព្រះគម្ពីរប្រកាស នោះមានន័យថា គេក៏បានបដិសេធនូវអ្វីដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគិតថា យោបល់របស់យើងល្អប្រសើរជាងទ្រង់។ ការមិនយកចិត្តទុកដាក់ចំពោះព្រះគម្ពីរគឺជាការមិនយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ ការជឿលើអ្វីដែលព្រះគម្ពីរប្រកាសគឺជាការជឿលើព្រះជាម្ចាស់ ហើយការស្តាប់បង្គាប់នូវអ្វីដែលព្រះបន្ទូលប្រកាសគឺជាការស្តាប់បង្គាប់ព្រះជាម្ចាស់។
៤. ព្រះជាម្ចាស់ស្រឡាញ់សេចក្ដីយុត្តិធម៌ និងមានសេចក្ដីមេត្តាករុណា ដូច្នេះយើងត្រូវប្រព្រឹត្តល្អចំពោះមនុស្ស ពោលគឺយើងមិនត្រូវធ្វើអាក្រក់ដល់អ្នកដទៃទេ
នេះជាការពិត ប៉ុន្តែនៅពេលមនុស្សផ្ដោតលើការនេះ នោះជារឿយៗនឹងមានបញ្ហាកើតឡើងនៅពេលមនុស្សបង្រៀនដូចនេះ ឬបានឮសេចក្ដីបង្រៀនបែបនេះ គេអាចមានទស្សនៈយ៉ាងខុសទាក់ទងនឹងអំពើបាបដោយគិតថា បាបគ្រាន់តែជាអំពើរបស់មនុស្សប្រឆាំងនឹងមនុស្សប៉ុណ្ណោះ។ យោងតាមទស្សនៈនេះ បាបគ្រាន់តែជាសកម្មភាពអសីលធម៌ប៉ុណ្ណោះ។ ជំនឿនេះបានបំភ្លេចទាំងស្រុងអំពីអ្វី ដែលព្រះជាម្ចាស់បានបង្រៀនទាក់ទងទៅនឹងអំពើបាបនៅក្នុងព្រះគម្ពីរ។ យោងតាមព្រះគម្ពីរ ខ្លឹមសារនៃអំពើបាបគឺជាការល្មើសទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ពោលបាបគឺជាការបះបោរទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលអ្នកណាម្នាក់បដិសេធនូវអ្វីដែលព្រះបន្ទូលប្រកាស នេះគឺជាអំពើបាបរួចទៅហើយ ពីព្រោះយើងគិតថា យើងចេះជាងព្រះជាម្ចាស់ ហើយគំនិតរបស់យើងប្រសើរជាងព្រះតម្រិះទ្រង់ទៅទៀត។ នៅពេលយើងបម្រើលុយលើសជាងព្រះជាម្ចាស់ នោះក៏ជាអំពើបាបដែរ។ ចំពោះព្រះជាម្ចាស់ ការថ្វាយបង្គំរូបព្រះគឺជាអំពើបាប និងគួរឲ្យស្អប់ខ្ពើម។ ទោះបីជាពេលដែលយើងធ្វើបាបទាស់ប្រឆាំងនឹងអ្នកដទៃ នោះយើងក៏កំពុងតែធ្វើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ផងដែរ (ទំនុកតម្កើង ៥១:៤)។
បើយើងគិតថា អំពើបាបគ្រាន់តែជាពេលធ្វើសកម្មភាពខុសឆ្គងប្រឆាំងអ្នកដទៃ ហើយបើសេចក្តីបង្រៀនអំពីអំពើបាបគឺគ្រាន់តែអំពីសកម្មភាពខុសឆ្គងប្រឆាំងចំពោះអ្នកដទៃប៉ុណ្ណោះ នោះបង្ហាញថា យើងនៅឆ្ងាយពីព្រះជាម្ចាស់ ហើយយើងមិនយល់ពីអ្វី ដែលជាការធ្វើឲ្យទ្រង់មិនសព្វព្រះហឫទ័យនោះឡើយ។ បញ្ញត្តិ១០ប្រការមានសារៈសំខាន់ខ្លាំងណាស់ គឺវាចាប់ផ្តើមដោយបញ្ញត្តិដែលយើងមិនត្រូវមាន ឬថ្វាយបង្គំរូបព្រះណាទៀតឡើយ។ ពេលមនុស្សមិនស្តាប់បង្គាប់បញ្ញត្តិនេះ ដោយថ្វាយបង្គំរូបព្រះ នោះការនេះនាំមនុស្សឲ្យមិនគោរពប្រតិបត្តិបញ្ញត្តិទាំងមូលផងដែរ។
៥. ព្រោះព្រះជាម្ចាស់ស្រឡាញ់ពិភពលោក
ទ្រង់បានប្រទានព្រះយេស៊ូវគ្រីស្ទមកសុគតលើឈើឆ្កាង ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងដើម្បីឲ្យទ្រង់មានបទពិសោធន៍រងទុក្ខជាមនុស្ស ដែលត្រូវគេសង្កត់សង្កិនក្នុងពិភពលោកនេះ ហើយទុកឲ្យទ្រង់ធ្វើជាគំរូពីសេចក្តីស្រឡាញ់ដែលយើងធ្វើតាម។ នេះក៏ជាការពិតដែរ ប៉ុន្តែបើនេះជាអ្វីដែលយើងបញ្ជាក់ពេលយើងនិយាយអំពីឈើឆ្កាង នោះយើងបានភ្លេចខ្លឹមសារចម្បងនៃឈើឆ្កាងហើយ។ សំណួរដ៏សំខាន់មួយគឺ៖ «ហេតុអ្វីព្រះយេស៊ូវត្រូវសុគតនៅលើឈើឆ្កាង»? សំណួរស្រដៀងគ្នាមួយទៀតគឺ៖ «តើព្រះយេស៊ូវបានសម្រេច អ្វីនៅលើឈើឆ្កាង»? ចម្លើយដ៏ត្រឹមត្រូវចំពោះសំណួរនេះបានបែងចែករវាងជំនឿគ្រីស្ទបរិស័ទដ៏ពិត និងជំនឿខុសឆ្គង។ ចម្លើយត្រឹមត្រូវត្រូវតែរួមបញ្ចូលថា ព្រះជាម្ចាស់វិនិច្ឆ័យអំពើបាបដែលយើងមាន ហើយលទ្ធផលនៃអំពើបាបគឺជាសេចក្តីស្លាប់។ ព្រះជាម្ចាស់មានសេចក្តីក្រោធប្រឆាំងចំពោះអំពើបាប។ ព្រះយេស៊ូវបានសុគតលើឈើឆ្កាង ដើម្បីទទួលទណ្ឌកម្មនៃអំពើបាបជំនួសយើង ដើម្បីឲ្យសេចក្តីក្រោធរបស់ព្រះជាម្ចាស់ត្រូវបានរំសាយចោល (រ៉ូម ៥:៩; ១ថែស្សាឡូនីច ១:១០)។ ប៉ុន្តែ បើយើងមិនជឿ និងមិនបង្រៀនសេចក្តីពិតដូចខាងលើនេះទេ ហើយគ្រាន់តែនិយាយថា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងផ្តល់ជាគំរូសម្រាប់យើងប្រព្រឹត្តតាម នោះក្រុមជំនុំនឹងត្រូវបិទទ្វាជាមិនខាន។
៦. ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់
សេចក្តីបង្រៀននេះត្រឹមត្រូវ ប៉ុន្តែយើងមិនត្រូវបែងចែកទំនាក់ទំនងនេះចេញពីព្រះបន្ទូលព្រះជាម្ចាស់ឡើយ គឺទាំងព្រះយេស៊ូវ (ដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់) និងទាំងព្រះគម្ពីរ (ដែលជាព្រះបន្ទូលព្រះដែលត្រូវបានកត់ត្រាចុះ)។ មានរបៀបជាច្រើនដែលមនុស្សធ្វើការនេះ (បែងចែកព្រះវិញ្ញាណបរិសុទ្ធពីព្រះបន្ទូល) ហើយនាំទៅការរកជំនឿក្លែងក្លាយវិញ និងបំផ្លាញក្រុមជំនុំ។ ឧទាហរណ៍៖ មនុស្សម្នាក់ប្រហែលជាមិនសប្បាយចិត្តចំពោះប្ដី ឬប្រពន្ធរបស់ខ្លួន ហើយចង់លែងលះគ្នា។ ពួកគេប្រហែលជានឹងគិតថា ពួកគេអាចបម្រើព្រះល្អបានជាង បើគេលែងលះគ្នា ហើយយកប្ដី ឬប្រពន្ធថ្មី។ ដូច្នេះពួកគេគិតថា «ព្រះវិញ្ញាណបរិសុទ្ធប្រាប់ខ្ញុំថា គឺខ្ញុំត្រូវលែងលះប្ដី/ប្រពន្ធរបស់ខ្ញុំ ហើយទៅរៀបការជាមួយមនុស្សម្នាក់នោះវិញ»។ ការនេះនឹងប្រឆាំងអ្វីដែលព្រះគម្ពីរប្រកាសនិងបើកសម្ដែងដោយព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះគំនិតនេះប្រឆាំងនឹងអ្វីដែលព្រះវិញ្ញាណបរិសុទ្ធប្រកាសហើយ។ អ្វីដែលព្រះគម្ពីរប្រកាសគឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធប្រកាសដែរ។ លើសពីនោះទៅទៀត ព្រះវិញ្ញាណបរិសុទ្ធមានតួនាទីក្នុងការធ្វើជាបន្ទាល់ពីព្រះយេស៊ូវដ៏ពិត។ នៅពេលដែលសាសនាដទៃនិយាយថា ពួកគេជឿលើព្រះយេស៊ូវ ប៉ុន្តែលក្ខណៈរបស់ព្រះយេស៊ូវនោះមានភាពខុសគ្នាពីព្រះយេស៊ូវ ដែលព្រះគម្ពីរបានសម្ដែង នោះមិនមែនមកពីព្រះវិញ្ញាណបរិសុទ្ធទេ។
៧. ព្រះយេស៊ូវនឹងយាងមកម្តងទៀត ដើម្បីបង្កើតគ្រប់ទាំងអស់ជាថ្មីយ៉ាងល្អឥតខ្ចោះ
សេចក្តីបង្រៀននេះក៏ត្រឹមត្រូវ ប៉ុន្តែមិនមែនការទាំងអស់ដែលព្រះយេស៊ូវនឹងធ្វើ ពេលទ្រង់យាងត្រឡប់មកវិញនោះទេ។ ព្រះគម្ពីរបាននិយាយលើសពីនេះទៀតអំពីការវិនិច្ឆ័យដែលនឹងមកដល់ពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ព្រះយេស៊ូវនឹងវិនិច្ឆ័យមនុស្សគ្រប់គ្នា និងបោះពួកអ្នកបះបោរទៅក្នុងស្ថាននរក។ ប៉ុន្តែ អ្នកខ្លះបានស្ងៀមស្ងាត់ដោយមិនបង្រៀនអំពីសេចក្តីនេះឡើយ គឺគិតតែពីបង្រៀននូវអ្វីដែលមនុស្សចង់ឮប៉ុណ្ណោះ ដូចជាព័ត៌មានកម្សាន្តចិត្តអំពីពិភពលោកដ៏ឥតខ្ចោះមួយ។
ប្រវត្តិសាស្ត្រក្រុមជំនុំបានបង្ហាញប្រាប់យើងថា អស់អ្នកដែលបង្រៀនតែសារដូចខាងលើនឹងបំផ្លាញក្រុម ជំនុំ។ ក្រុមជំនុំនឹងនៅស្ថិតស្ថេរត្រឹមមួយរយៈប៉ុណ្ណោះ ហើយអ្នកអាចធ្វើឲ្យពួកជំនុំលូតលាស់បានមួយរយៈទៀត ពីព្រោះមនុស្សចូលចិត្តអ្នកដឹកនាំ ដែលបង្រៀនតែសេចក្តីដែលគេចង់ឮ ប៉ុន្តែក្រោយមកក្រុមជំនុំនឹងត្រូវបិទទ្វា ហើយមនុស្សនៅក្នុងតំបន់ក៏នឹងធ្វើឲ្យមានការយល់ខុសកាន់តែខ្លាំងឡើងអំពីជំនឿគ្រីស្ទបរិស័ទ និងដំណឹងល្អ ហើយព្រះនាមព្រះគ្រីស្ទនឹងត្រូវបានបង្ខូច។ នេះពិតជាទោសធ្ងន់ធ្ងរណាស់ចំពោះអ្នកដឹកនាំណា ដែលធ្វើបែបនេះ ដូច្នេះពួកគេត្រូវតែយល់ដឹងយ៉ាងច្បាស់ថា ការវិនិច្ឆ័យធំបំផុតនឹងធ្លាក់ទៅលើអស់អ្នកណាដែលបំផ្លាញក្រុមជំនុំរបស់ព្រះជាម្ចាស់។
មតិយោបល់
Loading…