តើបងប្អូនប៉ុន្មានអ្នកចូលចិត្តអានបញ្ជីរាយនាមក្នុងព្រះគម្ពីរ? ជាពិសេស ការរាយនាមនៃតំណវង្សរបស់បុគ្គលណាម្នាក់? សម្រាប់ខ្ញុំផ្ទាល់ ពីមុនៗខ្ញុំមិនសូវចូលចិត្តអានទេ ហើយមូលហេតុគឺដោយសារខ្ញុំស្ទើរទាំងមិនអាចអានឈ្មោះទាំងនោះដាច់អស់ផង។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី ក៏យើងដឹងហើយថា ព្រះជាម្ចាស់នៅមានផែនការក្នុងការរាយនាមទាំងនោះចុះនៅក្នុងព្រះបន្ទូលទ្រង់ដែរ។
តើតំណវង្សរបស់លោក អេសាវ ក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣៦:១-៤៣ មានមេរៀនអ្វីខ្លះសម្រាប់យើង?
តោះ! ចូរយើងសិក្សាជាមួយគ្នា។
ប្រធានបទស្នូលនៃកណ្ឌគម្ពីរ លោកុប្បត្ដិ ៣៦:១-៤៣៖ តំណវង្សរបស់លោក អេសាវ បង្ហាញពីភាពស្មោះត្រង់ អធិបតេយ្យភាព និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងការបំពេញការតាំងសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងលោក អ័ប្រាហាំ និងលោក អ៊ីសាក និងក្នុងការបំពេញនូវអ្វីៗដែលលោក អ៊ីសាក បានលើកឡើងអំពីលោក អេសាវ។
ការរាយនាមនៃតំណវង្សរបស់លោក អេសាវ ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ ៣៦:១-៤៣ ក៏មានក្នុងកណ្ឌគម្ពីរ ១របាក្សត្រ ១:៣៤-៥៤ ដែរ។ ហើយយើងអាចសង្ខេបដូចតទៅ៖
តំណវង្ស | លោកុប្បត្ដិ ៣៦ | ១របាក្សត្រ ១:៣៤-៥៤ |
អេសាវ | ខ១-៥, ១០-១៩ | ខ៣៥-៣៧ |
កូនចៅសៀរ | ខ២០-២៨ | ខ៣៨-៤២ |
ស្ដេចស្រុកអេដំម | ខ២៩-៣៩ | ខ៤៣-៥១ក |
ពួកមេនៃសាសន៍អេដំម | ខ៤០-៤៣ | ខ៥១ខ-៥៤ |
ការយល់អំពីតំណវង្សគឺជាការដ៏ពិបាកណាស់ ប៉ុន្តែដាច់ខាតយើងត្រូវតែយល់ថា តំណវង្សនៅក្នុងកណ្ឌគម្ពីរលោកុប្បត្ដិសំខាន់។ ដើម្បីឲ្យយើងអាចយល់កណ្ឌគម្ពីរលោកុប្បត្ដិជំពូក៣៦ឲ្យបានត្រឹមត្រូវ យើងក៏ត្រូវតែយល់ពីការតាំងសេចក្ដីសញ្ញាដែលព្រះជាម្ចាស់បានធ្វើជាមួយនឹងលោក អ័ប្រាហាំ លោក អ៊ីសាក និងអ្វីដែលលោក អ៊ីសាក បានមានប្រសាសន៍ទៅកាន់លោក អេសាវ។ ហើយដើម្បីឲ្យយើងអាចយល់ជំពូកនេះបាន យើងត្រូវតែត្រឡប់ទៅមើលកណ្ឌគម្ពីរលោកុប្បត្ដិ ២៥:១៩-៣៤ ជាពិសេសខ២៣៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ “មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន”» (គកស)។
យើងដឹងហើយថា នៅក្នុងចុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក២៥លោក អេសាវ បានលក់សិទ្ធិជាកូនច្បងរបស់គាត់ទៅកាន់លោក យ៉ាកុប ដែលជាប្អូន។ នេះក៏ជាមូលហេតុមួយទៀតដែលថា កូនច្បងនឹងបម្រើកូនប្អូន។ លោកុប្បត្ដិ ៣៦:៤៣ បញ្ចប់លោកុប្បត្ដិ ៣៦:៩ ហើយលោកុប្បត្ដិ ៣៧:១ បញ្ចប់លោកុប្បត្ដិ ៣៦:១-៨ នៃគ្រួសារលោក អេសាវ។ បញ្ជីរាយឈ្មោះមួយនេះបង្ហាញថា ព្រះជាម្ចាស់បានបំពេញសេចក្ដីសន្យារបស់ទ្រង់ទៅកាន់លោក អ័ប្រាហាំ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ១២; ១៣:១៦; ១៥:៥; ១៧:៦; ១៨:១៧-១៨; ២២; ២៨)។
កណ្ឌគម្ពីរ លោកុប្បត្ដិ ១៧:៦ មានចែងដូចតទៅ៖ «យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនលើសលុប យើងនឹងធ្វើឲ្យជាតិសាសន៍ផ្សេងៗកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ» (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ១២)។
ទី១ តំណវង្សរបស់លោក អេសាវ បង្ហាញពីភាពស្មោះត្រង់ អធិបតេយ្យភាព និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងការដែលព្រះអង្គបំពេញសេចក្ដីសន្យាទៅកាន់លោក អ័ប្រាហាំ នាង សារ៉ា និងលោក អ៊ីសាក ថាគាត់នឹងមានកូនចៅ ជាតិសាសន៍ និងស្តេចច្រើនលើសលុប។ ជាដំបូង យើងឃើញការនេះបំពេញតាមរយៈការប្ដូរឈ្មោះ «អាប់រ៉ាម» ទៅជា «អ័ប្រាហាំ» ដែលមានន័យថា «ឪពុកនៃសាសន៍ជាច្រើន» (លោកុប្បត្ដិ ១៧:៤-៦) ហើយនិងការប្ដូរឈ្មោះ «សារ៉ាយ» ទៅជា «សារ៉ា» ដែលមានន័យថា «ម្តាយនៃជាតិសាសន៍ផ្សេងៗ ហើយក៏នឹងមានស្តេចនៃជាតិសាសន៍ជាច្រើនកើតចេញពីនាងដែរ» (លោកុប្បត្ដិ ១៧:១៦ សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២៥:២៣)។ ហើយក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២១:១៣ និង១៨ ទាក់ទងនឹងលោក អ៊ីសម៉ាអែល «…យើង [ព្រះជាម្ចាស់] នឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយ ព្រោះវាជាពូជរបស់អ្នកដែរ”។ ពាក្យ «ពូជ» នៅសម័យមានន័យថា «ការមានជំហរនៅផ្នែកនយោបាយ»។
លោក ម៉ូសេ បានសរសេរចុះនូវតំណវង្សរបស់លោក អេសាវ ដើម្បីបង្ហាញថាលោក អេសាវ ក៏មានជាប់សាច់ឈាមជាមួយនឹងលោក អ័ប្រាហាំ ដោយសារលោក អេសាវ បានរៀបការជាមួយនឹងកូនស្រីម្នាក់របស់លោក អ៊ីសម៉ាអែល នៅក្នុងខ៣ ទោះបើថាទាំងលោក អេសាវ និងលោក អ៊ីសម៉ាអែល ត្រូវបានព្រះជាម្ចាស់បដិសេធសេចក្ដីតាំងសញ្ញាជាមួយនឹងពួកគាត់ក៏ដោយ។ ដោយសារការនោះលោក អេសាវ ក៏បានបង្កើតកូនចៅថែមទៀត។
ជំពូកមួយនេះមានរាយឈ្មោះចំនួន ៧០ នាក់ដែលរួមមានទាំងស្ត្រី ៥ នាក់ផងដែរ។ មានការរាយឈ្មោះចុះខុសៗគ្នាក្នុងតារាង ៥ ដង។ មានតារាង ៤ ខុសៗគ្នារាយចុះអំពីកូនប្រុសរបស់លោក អេសាវ៖ ខ១០-១៩; ២០-៣០; ៣១-៣៩ និងខ៤០-៤៣។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី យើងក៏គួរតែចងចាំផងដែរថា បន្ទាប់ពីមានការរៀបរាប់អំពីការស្លាប់ នោះក៏គួរមានការរាយចុះនូវតំណវង្សដូចក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣៥:១៦-៤២ ដែរ។ នេះបង្ហាញថា គ្រួសាររបស់លោក អេសាវ ក៏ជាគ្រួសារដ៏ធំមួយដែរ ព្រោះគាត់ក៏ជាសាច់ញាតិរបស់លោក អ័ប្រាហាំ ទៀតផង។ សូមអានបន្ថែមអំពីលោក អ៊ីសាក ក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២៦:៣-៥, ២៥ «យើងនឹងចម្រើនពូជពង្សអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកទាំងនេះឲ្យពូជពង្សរបស់អ្នក…» (គកស)។
ទី២ តំណវង្សរបស់លោកអេសាវបង្ហាញពីភាពស្មោះត្រង់ អធិបតេយ្យភាព និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងការដែលព្រះអង្គបំពេញទំនាយទៅកាន់នាង រេបិកា ថានាងនឹងមានជាតិសាសន៍ពីរដែលនឹងកើតមក។ «ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាង [រេបិកា] ថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន» (លោកុប្បត្ដិ ២៥:២៣)។
យើងឃើញថាតំណវង្សរបស់លោក អេសាវ បង្ហាញពីភាពស្មោះត្រង់ និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងការដែលព្រះអង្គឲ្យនាង រេបិកា បង្កើតបានប្រជាជាតិពីរ…ហើយក៏បង្ហាញអំពីទំនាយដែលថា «សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន» ក៏នឹងកើតឡើងផងដែរ។ ព្រះអង្គរក្សាក្ដីសន្យារបស់ទ្រង់។
មិនគ្រាន់តែប៉ុណ្ណោះ ព្រះអង្គក៏ប្រទានប្រពន្ធដល់លោក អេសាវ ហើយឲ្យគាត់បង្កើតបានកូនចៅផងដែរ។ ប្រសិនបើយើងផ្ដោតលើឈ្មោះស្ត្រីខុសៗគ្នាទាំងប៉ុន្មាន នោះយើងអាចសន្មតថាលោក អេសាវ ទំនងជាមានប្រពន្ធ ៥-៦ នាក់ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២៦:៣៤; ២៨:៩)។ ការដែលគាត់មានកូនចៅច្រើនបង្ហាញអំពីសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ទោះបើព្រះជាម្ចាស់មិនគាំទ្រក្នុងការដែលមានប្រពន្ធច្រើនក៏ដោយ។
ទី៣ ការរាយឈ្មោះស្ដេចក្នុងជំពូកនេះក៏បង្ហាញអំពីរបៀបដែលព្រះជាម្ចាស់បានបំពេញសេចក្តីសន្យារបស់ទ្រង់ត្រង់ថា នាងនឹងបង្កើតជាតិសាសន៍ពីរ ទោះបើថាសាសន៍អ៊ីស្រាអែលមិនបានកើតមានឡើងជាច្រើនឆ្នាំបន្ទាប់នោះក៏ដោយ។ ចំណុចនេះក៏បង្ហាញថា ព្រះជាម្ចាស់ក៏នឹងបំពេញសេចក្តីសន្យារបស់ទ្រង់ទៅកាន់លោក អាប្រាហាំ លោក អ៊ីសាក និងលោក យ៉ាកុប ផងដែរ។
យើងអាចសង្ខេបខ៣១-៣៩ ដូចតទៅ៖ «ក» បានសោយរាជ្យ (ឈ្មោះទីក្រុងគាត់ «ខ») «ក» បានស្លាប់ ហើយ «គ» ឡើងសោយរាជ្យ។ នេះមិនមែនថា កូនរបស់បុគ្គលដែលស្លាប់នោះឡើងសោយរាជ្យនោះទេ ហើយព្រះគម្ពីរក៏មិនបានប្រាប់ពីមូលហេតុដែរ ប៉ុន្តែការរើសស្ដេចគឺអាស្រ័យលើអំណាចដែលបុគ្គលមានក្នុងចំណោមអ្នកស្រុកនានា។ ការធ្វើបែបនេះក៏ស្រដៀងគ្នានឹងអ្វីដែលបានកើតឡើងក្នុងកណ្ឌគម្ពីរពួកចៅហ្វាយដែរ។
ចំណុចសម្គាល់៖ សាសន៍អេដំមមានអ្នកសោយរាជ្យបន្តបន្ទាប់គ្នា ៨ តំណមុនសាសន៍អ៊ីស្រាអែលមានស្ដេចទៅទៀត។ ខណៈពេលដែលការនេះកំពុងតែកើតឡើងសាសន៍អ៊ីស្រាអែលកំពុងតែវង្វេងនៅទីរហោស្ថាន។
«ពេលនោះ លោក អ៊ីសាក ជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ “មើល៍! លំនៅរបស់កូនស្ថិតនៅឆ្ងាយពីដីដែលមានជីជាតិ ហើយក៏ឆ្ងាយទឹកសន្សើមពីលើមេឃមកដែរ។ កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន”» (លោកុប្បត្ដិ ៣៦:៣៩-៤០ គកស)។
ទី៤ តំណវង្សរបស់លោក អេសាវ ក៏បង្ហាញពីភាពស្មោះត្រង់ អធិបតេយ្យភាព និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងការដែលព្រះអង្គអនុញ្ញាតឲ្យការប្រទានពរ (ឬក៏ពាក្យពេចន៍) របស់លោក អ៊ីសាក ទៅកាន់លោក អេសាវ កើតឡើងដែរ។
ការដែលលោក អេសាវ រើទីលំនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣៦:៦-៨ បង្ហាញថា៖
- គាត់មិនបានទទួលកេរមរតក ពីព្រោះគាត់បានលក់សិទ្ធិជាកូនច្បងទៅលោក យ៉ាកុប (លោកុប្បត្ដិ ២៥:២៩-៣៤)។
- ដោយសារលោក អេសាវ មិនគោរពសំណើរបស់ឪពុកម្ដាយគាត់ឲ្យរៀបការជាមួយនឹងខ្សែស្រឡាយរបស់លោក ថេរ៉ា ការនេះកាន់តែបង្ហាញអំពីការមិនស្ដាប់បង្គាប់របស់គាត់ និងការដែលគាត់បានកាត់ខ្លួនឯងចេញពីខ្សែស្រឡាយនៃរាស្ត្រជ្រើសតាំង។
- គាត់មិនគ្រាន់តែបានបោះបង់ឫសគល់នៃគ្រួសារចោលនោះទេ ប៉ុន្តែក៏ថែមទាំងបានចាកចេញពីទឹកដីសន្យាដែរ ស្រដៀងគ្នានឹងលោក ឡុត (លោកុប្បត្ដិ ៣៤)។ ឃ្លា «នាំ…ចេញទៅ / ឃ្លាតពី» គឺដូចគ្នានឹងពេលដែលលោក អ័ប្រាហាំ ចេញពីស្រុក អ័រ។ ហើយក៏ដូចគ្នានឹងពេលដែលកូនៗរបស់លោក អាប្រាហាំ ចាកចេញពីលោក អ៊ីសាក់ ក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២៥:៦។ តំណវង្សរបស់គ្រួសារគាត់ក៏ដូចគ្នានឹងលោក អ៊ីសម៉ាអែល ក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ២៥:១២-១៨ ដែរ។ ហើយការសម្រេចចិត្តរបស់ពួកគេក្នុងការចាកចេញពីទឹកដីសន្យា ដើម្បីចេញទៅតាំងខ្លួននៅកន្លែងណាផ្សេងទៀតក្រៅពីទឹកដីសន្យាក៏ដូចគ្នាផងដែរ។
- ការ «នៅឆ្ងាយពីដីមានជីជាតិ» ក៏បង្ហាញពីចំណុចសំខាន់នៃការរកឃើញក្បាលទឹកដែរ (លោកុប្បត្ដិ ៣៦:២៤)។ ការនេះបង្ហាញថា ព្រះជាម្ចាស់នឹងនៅបន្តផ្គត់ផ្គង់ចំណីអាហារ និងទឹកដល់ពួកគាត់។ ការដែល «រកឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន» ក៏បង្ហាញពីការតាំងទីលំនៅដោយមានជោគជ័យ។ ការមានសត្វ «លា» បង្ហាញពីការមានទ្រព្យសម្បត្តិ និងអំណាច (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ យេរេមា ៤៩:១៦ និងអូបាឌា ៣-៤)។
- ពូជពង្សរបស់គាត់នឹងរស់នៅដោយសារដាវ។ កណ្ឌគម្ពីរ លោកុប្បត្ដិ ៣៦:២០ បង្ហាញថាពួកគាត់វាយយកទឹកដីរបស់សាសន៍ហូរី «ដែលនៅក្នុងស្រុកនោះ»។ ប្រវត្តិសាស្ត្រក៏បានបង្ហាញផងដែរថា ពូជពង្សរបស់គាត់បានប្រឆាំងនឹងស្ដេច សុល ហើយក្រោយមកស្ដេច ដាវីឌ និងស្ដេច សាឡូម៉ូន ក៏បានវាយបំបាក់ពួកគាត់ចុះ (១របាក្សត្រ ១៨:១៣; លោកុប្បត្ដិ ២៤:៦០)។ ពួកគេក៏បានធ្វើសង្គ្រាមជាមួយនឹងស្ដេច យ៉ូសាផាត ហើយក៏បានបះបោរដោយមានជ័យជម្នះនៅក្នុងសម័យកាលស្ដេច យ៉ូរ៉ាម ដែរ។ល។ (២សាំយូអែល ៨:១៣-១៤; ១ពង្សាវតារក្សត្រ ១១:១៥-១៦; ២ពង្សាវតារក្សត្រ ១១:១៤; អេម៉ុស ១:១១-១២; អូបាឌា; បរិទេវ ៤:២១-២២; ទំនុកតម្កើង ១៣៧:៧-៩; និងម៉ាឡាគី ១:២-៣)។
តំណវង្សរបស់លោក អេសាវ បង្ហាញពីការបំពេញនូវអ្វីៗដែលលោក អ៊ីសាក បានលើកឡើងអំពីលោក អេសាវ ត្រង់ថា បងនឹងបម្រើប្អូន។ «ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ “…កូនច្បងនឹងបម្រើកូនប្អូន”» (លោកុប្បត្ដិ ២៥:២៣)។
ទី៥ «បងនឹងបម្រើប្អូន» ប៉ុន្តែ ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក៣៣យើងឃើញថាលោក យ៉ាកុប ខ្លាចបងប្រុសរបស់គាត់ដោយហៅខ្លួនឯងថា «អ្នកបម្រើរបស់បង»។ តើនេះអាចមានន័យថា ប្អូនបម្រើបងមែនឬ? មិនមែនទេ! តើបងប្អូនទាំងពីរនាក់នេះបានផ្សះផ្សាទំនាក់ទំនងរបស់ខ្លួនវិញដែរឬទេ? ពួកគាត់បានផ្សះផ្សាទំនាក់ទំនងខ្លះៗដែរ។ កណ្ឌគម្ពីរ លោកុប្បត្ដិ ៣៣:៤ បានចែងថា «លោកអេសាវរត់មកជួប ហើយឱបថើប រួចយំជាមួយគ្នាទាំងពីរនាក់» ហើយក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣៥:២៩ គឺជាពេលចុងក្រោយបង្អស់ដែលពួកគាត់បានជួបគ្នា ពេលមកជុំគ្នាបញ្ចុះសពឪពុក។ ពេលនោះគឺជាពេលវេលាចុងក្រោយបង្អស់ដែលពួកគាត់ទាំងពីរនាក់បានជួបគ្នា ប៉ុន្តែកូនចៅរបស់គាត់នៅបន្តជួបគ្នានៅតំណក្រោយៗទៀត។ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣៦:១៦។
យើងក៏ឃើញពីភាពស្មោះត្រង់ និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងជីវិតយើងនីមួយៗដូចគ្នានឹងលោក អេសាវ ផងដែរត្រង់ថា ទោះបើព្រះអង្គមិនបានជ្រើសរើសយើងធ្វើជារាស្ត្រសន្យារបស់ទ្រង់ពីជំនាន់ដើមក៏ដោយ ក៏ដោយសារព្រះគុណព្រះអង្គបានជ្រើសរើសឲ្យយើងក្លាយជាសាសន៍ដទៃ ហើយយើងក៏បានឃ្លាតចេញពីព្រះអង្គ ដោយជ្រើសរើសរស់នៅ បះបោរទាស់នឹងទ្រង់ដោយចេតនា។ ចាប់តាំងពីកណ្ឌគម្ពីរលោកុប្បត្ដិជំពួក៣មក យើងមានការបាក់បែក ទាស់ប្រឆាំងនឹងព្រះអង្គ ដែលតាមពិតទៅនោះឯង គឺជាបញ្ហាដ៏ធំចម្បងបំផុតរបស់យើង គឺការឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ ការគ្មានភាពផ្សះផ្សាជាមួយទ្រង់ ប៉ុន្តែ ដូចដែលយើងឃើញនៅក្នុងជីវិតរបស់លោក អេសាវ ទោះបើគាត់ ហើយនិងសាសន៍អ៊ីស្រាអែលប្រឆាំងគ្នាឥតឈប់ឈរក៏ដោយ ក៏ពួកគាត់បានព្យាយាមផ្សះផ្សាទំនាក់ទំនងជាមួយនឹងគ្នាដែរ។ ហើយនៅចុះបញ្ចប់ព្រះអង្គបានផ្សះផ្សាទំនាស់នេះ ដោយព្រះអង្គឲ្យពួកគេទទួលឮដំណឹងល្អនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ៣:៨ បើយើងមើលការរាយឈ្មោះតារាងនៃសាសន៍នានាដែលមាននៅក្នុងជំពូកមួយនេះ នោះយើងនឹងឃើញថា ក៏មានសាសន៍អ៊ីដូមាដែរ (កិច្ចការ ១៥:១៥; អេម៉ុស ៩:១១-១២)។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ទាស់ប្រឆាំងនឹងព្រះអង្គ ដោយចេតនា និងអចេតនា ប៉ុន្តែ ដោយសារភាពស្មោះត្រង់ នឹងព្រះគុណរបស់ព្រះអង្គ ទ្រង់ចាត់ព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ ដូចដែលទ្រង់បានសន្យានៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣:១៥ ថានឹងមានព្រះសង្គ្រោះ។
សំណួរសួរថា៖ តើបងប្អូនបានទទួលការផ្សះផ្សាជាមួយនឹងព្រះអង្គហើយឬនៅ? ឬក៏ថា បងប្អូនកំពុងនៅតែបន្តបះបោរ ទាស់ប្រឆាំងនឹងទ្រង់នៅឡើយទេ? បងប្អូន! យើងមានផ្លូវតែពីក្នុងការជ្រើសរើស៖ ជ្រើសរើសដើរតាមព្រះអង្គ ឬក៏ជ្រើសរើសបន្តរស់នៅក្នុងអំពើបាបរបស់យើងរហូតដល់ថ្ងៃស្លាប់។ ខ្ញុំសង្ឃឹមថា បងប្អូននឹងជ្រើសរើសជម្រើសទី១ គឺដើរតាមព្រះអង្គ ហើយមួយទៀត បងប្អូនអើយ សូមកុំគ្រាន់តែជ្រើសរើសដើរតាមព្រះអង្គតែបបូរមាត់របស់ខ្លួនប៉ុណ្ណោះឲ្យសោះ ប៉ុន្តែសូមជ្រើសរើសដោយរស់នៅ និងបង្ហាញឲ្យលោកីយ៍ឃើញអំពីដំណឹងល្អផង។
មតិយោបល់
Loading…