in ,

បង្រៀន​​អំពី​អាពាហ៍ពិពាហ៍

អ្វី​ដែល​សំខាន់ និង​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ជីវិត​នេះ​មិន​មែន​តែង​តែ​បង្ហាញ​ឲ្យ​យើង​ឃើញ​ផ្ទាល់ៗ​នោះ​ទេ។ ឧទាហរណ៍៖ ទាំង​យើង និង​កូនៗ​របស់​យើង​ត្រូវ​ការ​ទទួល​ការ​បង្រៀន​ពី​ព្រះ​គម្ពីរ​ថា តើ​ជីវិត​អាពាហ៍ពិពាហ៍​ពិត​ជា​អស្ចារ្យ​យ៉ាង​ណា? ក្មេងៗ​សុទ្ធតែ​ស្គាល់​មនុស្ស​ច្រើន​ណាស់​ដែល​បាន​រៀប​ការ—ឪពុក​ម្តាយ​ខ្លួន ជីដូន​ជីតា មីង និង​ពូ អ្នក​ជិត​ខាង ឬ​គ្រូ​បង្រៀន​របស់​ពួក​គេ។ ចំពោះ​ក្មេងៗ ការ​រៀប​ការ​ហាក់​ដូច​ជា​មិន​អស្ចារ្យ​អ្វី​ទេ។ ពួក​គេ​មិន​ដឹង​ថា វា​ជា​ភាព​អស្ចារ្យ​នៃ​ដំណឹង​ល្អ​ឡើយ។

ពិភព​លោក​យើង​និយាយ​ថា ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​អ្វី​ដែល​យើង​បាន​បង្កើត​ឡើង​សម្រាប់​ខ្លួន​ឯង។ ដូច្នេះ យើង​អាច​បង្កើត​វា​ឡើង​ជា​ថ្មី​តាម​របៀប​ណា​មួយ​ដែល​យើង​ចង់​ធ្វើ​ក៏​បាន​ដែរ។  ហើយ​តាម​ពិត​ទៅ ពិភព​លោក​យើង​កំពុង​តែ​ធ្វើ​ដូច្នោះ​មែន។ វា​កំពុង​តែ​ជ្រាប​ចូល​គំនិត​កូនៗ​យើង​យ៉ាង​ខ្លាំង​ដែល​នាំ​មក​នូវ​ចក្ខុវិស័យ​ថ្មីៗ ហើយ​ក៏​មិន​មែន​ជា​ទស្សនៈ​ចេញ​ពី​ព្រះ​គម្ពីរ​ទាក់ទង​នឹង​ជីវិត​អាពាហ៍ពិពាហ៍ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ការ​រួម​ភេទ​មុន​រៀប​ការ ដែល​នោះ​មិន​ត្រូវ​ច្បាប់​ទេ។ ក្រុម​គ្រួសារ​ដែល​មាន​ការ​ចែង​ចែក​ឪពុក​ម្តាយ​ខុសៗ​គ្នា (ស្រី​ធ្វើ​ប្រុស ឬ​ក៏​ប្រុស​ធ្វើ​ជា​ស្រី) និង​តួនាទី និង​ដំណែង​ដែល​អាច​ផ្លាស់​ប្តូរ​បាន ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​នៅ​ក្នុង​កូនៗ​យើង​ដែរ។

ចូរ​ប្រាប់​រឿង​ដល់​ពួក​គេ

ប៉ុន្តែ ព្រះ​ជាម្ចាស់​ប្រាប់​យើង​ពី​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត។ ទ្រង់​ប្រាប់​យើង​ថា ទ្រង់​បាន​បង្កើត​ជីវិត​អាពាហ៍ពិពាហ៍​សម្រាប់​គោល​បំណង​ដ៏​ពិសិដ្ឋ។ លោក​អ្នក​គួរ​បង្រៀន​កូន​ចៅ​របស់​ខ្លួន​អំពី​គោល​បំណង​នោះ​តាំង​ពី​ពេល​ពួក​គាត់​នៅ​ក្មេងៗ​នៅ​ឡើយ។ បើ​លោក​អ្នក​ជា​អ្នក​បង្រៀន​ផ្ទាល់​អំពី​ជីវិត​អាពាហ៍ពិពាហ៍ នោះ​គឺ​ល្អ​ប្រសើរ​ជាង​គេ​បំផុត។

សូម​ជួយ​កូនៗ​របស់​លោក​អ្នក​ឲ្យ​យល់​ថា មាន​វិធី​ពីរ​យ៉ាង​ក្នុង​ការ​គិតគូរ​អំពី​អ្វីៗ​ទាំង​អស់៖ គឺ​ផ្លូវ​របស់​លោកីយ៍ និង​ផ្លូវ​របស់​ព្រះ​ជាម្ចាស់។ លោក​អ្នក​អាច​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ចក្ខុវិស័យ​ដ៏​អស្ចារ្យ​ដែល​អាច​យល់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ក្នុង​គម្ពីរ​អំពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​មាន​បំណង​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍។

ចូរ​ចាប់​ផ្តើម​តាំង​ពី​ពេល​ការ​បង្កើត​ជីវិត​អាពាហ៍ពិពាហ៍​នៅ​សួន​ច្បារ​អេដែន​ដ៏​ល្អ​ឥត​ខ្ចោះ (លោកុប្បត្ដិ ២)។ ចូរ​បង្រៀន​កូនៗ​របស់​លោក​អ្នក​ថា សូម្បី​តែ​នៅ​ក្នុង​កន្លែង​ដ៏​ស្រស់​ស្អាត​នោះ ដោយ​មាន​សត្វ​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​គាត់ ក៏​ព្រះ​ជាម្ចាស់​ជ្រាប​ថា​លោក អ័ដាម នឹង​ត្រូវ​ការ​អ្វី​បន្ថែម​ទៀត​ដែរ។ ព្រះ​ជាម្ចាស់​បាន​ជ្រាប​ថា​លោក អ័ដាម ត្រូវ​ការ​មនុស្ស​ម្នាក់​ដូច​គាត់ ប៉ុន្តែ​ក៏​ខុស​គ្នា​ពី​គាត់​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​បាន​បង្កើត​ស្ត្រី​ដំបូង​ក្នុង​របៀប​ខុស​ពី​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត—ទ្រង់​បាន​បង្កើត​នាង​ចេញ​ពី​រូប​កាយ​របស់​លោក អ័ដាម។ ហើយ​បន្ទាប់​មក ដូច​ជា​ឪពុក​របស់​កូន​ក្រមុំ​នៅ​ក្នុង​ពិធី​មង្គល​ការ​ដំបូង ព្រះអង្គ​ក៏​បាន​នាំ​នាង អេវ៉ា ទៅ​កាន់​លោក អ័ដាម។ អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​នៅ​ក្នុង​សួនច្បារ​អេដែន​គឺ​ជា​មូល​ហេតុ​ដែល​មនុស្ស​នៅ​បន្ត​រៀប​ការ​សូម្បី​តែ​ដល់​សព្វ​ថ្ងៃ​នេះ។ វា​ជា​គំនិត​ដ៏​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់!

ត្រូវ​ប្រាកដ​ថា កូនៗ​របស់​លោក​អ្នក​ដឹង​ថា ជីវិត​អាពាហ៍ពិពាហ៍​គឺ​ល្អ និង​ស្រស់​ស្អាត ដូច​ជា​អ្វីៗ​ទាំង​អស់​ដែល​ចេញ​ពី​បេះ​ដូង​របស់​ព្រះ​ផ្សេង​ទៀត​ដែរ។ ប្រសិន​បើ​អ្នក​បាន​រៀប​ការ​ហើយ សូម​បង្ហាញ​កូនៗ​របស់​ខ្លួន​ឲ្យ​ដឹង​ថា​ដៃគូ​ជីវិត​របស់​អ្នក​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ។ ចូរ​និយាយ​ជា​ញឹក​ញាប់​អំពី​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍។ សូម​ឲ្យ​កូនៗ​របស់​អ្នក​មើល​ឃើញ​ពី​ការ​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​ព្យាយាម​និយាយ​ពាក្យ​ពេចន៍​ផ្អែមល្ហែម ល្អូកល្អិន បីបម​រវាង​ប្តី​ប្រពន្ធ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ឲ្យ​កូនៗ​ឮ។

ចូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ល្អ​ផ្សេងៗ​ទៀត​នៅ​ក្នុង​គ្រួសារ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​សហគមន៍​របស់​អ្នក។ សូម​បង្ហាញ​នូវ​រូប​ភាព​ពី​ថ្ងៃ​រៀប​ការ​ផ្ទាល់ ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ឃើញ​អំណរ​របស់​អ្នក​ក្នុង​ការ​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​រៀង​រាល់​ឆ្នាំ​ផង​ដែរ។ នៅ​ពេល​ដែល​ពួក​គេ​ធំ ចូរ​យក​ពួក​គេ​ទៅ​ចូល​រួម​ពិធី​មង្គល​ការ ហើយ​ពិភាក្សា​អំពី​ពាក្យ​សច្ចា និង​ការ​សន្យា​ដែល​គូ​ស្វាមី​ភរិយា​ធ្វើ​ចំពោះ​ព្រះ​ជាម្ចាស់ និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ព្រះ​ជាម្ចាស់​ទត​ឃើញ «យើង» តែ​មួយ

កូនៗ​របស់​លោក​អ្នក​ត្រូវ​ការ​ឮ​អំពី​និយម​ន័យ​របស់​ព្រះ​ជាម្ចាស់​អំពី​ជីវិត​អាពាហ៍ពិពាហ៍​ចេញ​ពី​លោក​អ្នក​ផ្ទាល់—បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ប្រគល់​ខ្លួន​ពួក​គេ​ចំពោះ​គ្នា​ពេញ​មួយ​ជីវិត (ម៉ាថាយ ១៩:៤-៦)។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​គូ​ស្វាមី​ភរិយា​ចែក​រំលែក​អ្វីៗ​គ្រប់​យ៉ាង​ជា​មួយ​គ្នា។ ពួក​គេ​ចែក​ចាយ​ដួង​ចិត្ត ឈ្មោះ ផ្ទះ និង​សូម្បី​តែ​រូប​កាយ​របស់​ពួក​គេ​ដែរ។ សូម​ពន្យល់​ពី​មូល​ហេតុ​ដែល​ប៉ា​ម៉ាក់​ឱប​ថើប និង​កាន់​ដៃ​គ្នា។

លោក​អ្នក​អាច​ជួយ​ឲ្យ​កូនៗ​យល់​ថា នៅ​ពេល​ដែល​បុរស និង​ស្ត្រី​រៀប​ការ នោះ​ព្រះ​ជាម្ចាស់​នឹង​មិន​ឃើញ​ថា​មាន «ខ្ញុំ» ពីរ​នាក់​ទៀត​ទេ។ ទ្រង់​ឃើញ «យើង» តែ​ម្នាក់! លោក​អ្នក​អាច​ពន្យល់​តាម​វិធី​នេះ​ដោយ​ធ្វើ​បេះ​ដូង​ពី​ក្រដាស​ដ៏​ធំ​ពីរ ដើម្បី​ជា​និមិត្ត​រូប​នៃ​មនុស្ស​ពីរ​នាក់​ដែល​ស្រឡាញ់​គ្នា ហើយ​នឹង​រៀប​ការ។ យក​កាវ​មក​បិទ​វា​ជា​មួយ​គ្នា ហើយ​ទុក​ឲ្យ​ស្ងួត​មួយ​យប់។ នៅ​ថ្ងៃ​បន្ទាប់ ចូរ​ព្យាយាម​បំបែក​ចេញ​ពី​គ្នា។ មនុស្ស​ទាំង​ពីរ​នាក់​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់ ហើយ​លោក​អ្នក​មិន​អាច​បំបែក​ពួក​គេ​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ការ​ឈឺ​ចាប់​ឡើយ។

សូម​និយាយ​អំពី​ការ​លែង​លះ​គ្នា​ក្នុង​លក្ខណៈ​ដ៏​ទន់​ភ្លន់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ នៅ​ពេល​អំពើ​បាប​ធ្វើ​ឲ្យ​ចិត្ត​យើង​រឹងរូស នោះ​យើង​ក៏​នឹង​អាច​ធ្វើ​បាប​មនុស្ស​ដែល​យើង​ត្រូវ​តែ​ស្រឡាញ់​បំផុត​ជា​មិន​ខាន (ម៉ាកុស ១០:២-៥)។ ចូរ​ជួយ​ពន្យល់​ឲ្យ​កូនៗ​របស់​អ្នក​អាច​រៀន​ពី​របៀប​ដែល​ព្រះ​ជាម្ចាស់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​អស់​អ្នក​ដែល​កំពុង​មាន​ទុក្ខ (ទំនុក​តម្កើង ៣៤:១៨; អេសាយ ៤០:១១)។

ដំណើរ​រឿង​ស្នេហា​ដ៏​ធំ

វា​ក៏​ជា​ការ​ឈ្លាស​វៃ​ផង​ដែរ​ក្នុង​ការ​ណែ​នាំ​អំពី​ជីវិត​អាពាហ៍ពិពាហ៍​ដែល​មាន​ភេទ​ដូច​គ្នា។ សូម​ធ្វើ​ការ​នេះ​ដោយ​យក​ចិត្ត​ទុក។ កូនៗ​យើង​ត្រូវ​យល់​ថា នៅ​ពេល​យើង​កើត​មក យើង​មិន​ដឹង​ថា​តើ​អ្វី​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​នោះ​ទេ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ជ្រាប ហើយ​ព្រះ​អង្គ​ប្រាប់​យើង​អំពី​សុភមង្គល​ពិត​របស់​យើង​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ។

មនុស្ស​មួយ​ចំនួន​គិត​ថា ជីវិត​អាពាហ៍ពិពាហ៍​អាច​មាន​រវាង​បុរស​ពីរ​នាក់ ឬ​ស្ត្រី​ពីរ​នាក់ ឬ​ក៏​ថា​ប្តី​អាច​មាន​ប្រពន្ធ​លើស​ពី​មួយ​បាន។ នោះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​ទេ។ ផ្នែក​មួយ​នៃ​ការ​ជឿ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​គឺ​ជា​ការ​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​ជីវិត​អាពាហ៍ពិពាហ៍ និង​សុភមង្គល ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​ហើយ​ព្រះ​អង្គ​បាន​បង្កើត​ជីវិត​អាពាហ៍ពិពាហ៍​សម្រាប់​សេចក្តី​អំណរ​របស់​យើង និង​សិរីល្អ​របស់​ទ្រង់។

លោក​អ្នក​អាច​ជួយ​កុមារ​តូចៗ​ឲ្យ​យល់​ថា​ប្រទេស​នីមួយៗ​មាន​ច្បាប់​ផ្ទាល់​ខ្លួន​អំពី​ជីវិត​អាពាហ៍ពិពាហ៍។ ចូរ​និយាយ​ជា​មួយ​កូនៗ​របស់​លោក​អ្នក​អំពី​ច្បាប់​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ចូរ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន​ព្រោះ ច្បាប់​ទាំង​នេះ​មិន​ដូច​ច្បាប់​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ទាំង​ស្រុង​នោះ​ទេ—ហើយ​ច្បាប់​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​ច្បាប់​ដ៏​សំខាន់​បំផុត​នៅ​លើ​លោក​នេះ។ ចូរ​បង្រៀន​ដល់​កូនៗ​របស់​លោក​អ្នក​ថា អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​អំពី​បញ្ហា​ជីវិត​អាពាហ៍ពិពាហ៍​គឺ​សំខាន់​ជាង​គេ​បំផុត។ យើង​អាច​ទុក​ចិត្ត​លើ​ទ្រង់​បាន។ ផ្លូវ​របស់​ព្រះ​អង្គ​តែង​តែ​ល្អ​បំផុត។

ចំណុច​នេះ​សំខាន់​ណាស់ ដោយ​សារ​ជីវិត​អាពាហ៍ពិពាហ៍​តាម​ព្រះ​គម្ពីរ​បង្ហាញ​ពិភព​លោក​នូវ​រូប​ភាព​ដ៏​តូច​មួយ​នៃ​ដំណើរ​រឿង​ស្នេហា​ដ៏​ធំ—រវាង​ព្រះ​គ្រីស្ទ និង​ក្រុម​ជំនុំ​របស់​ទ្រង់​ដែល​កំពុង​លង់​ស្នេហ៍​នឹង​គ្នា។ ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​ដែល​នៅ​ជា​រៀង​រហូត​ចំពោះ​រាស្ត្រ​របស់​ព្រះ​អង្គ។ សូម​ឲ្យ​កូនៗ​នៅ​ជុំវិញ​យើង​ធំ​ធាត់​ឡើង​ដោយ​មាន​សុវត្ថិភាព​ក្នុង​ការ​រចនា​របស់​ព្រះ​ជាម្ចាស់​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍។ សូម​ឲ្យ​ពួក​គេ​គោរព​វា​ដោយ​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់ ពេញ​មួយ​ជីវិត​របស់​ពួក​គេ ហើយ​ផ្ទេរ​កេរ្តិ៍​ដំណែល​នោះ​ដល់​កូនៗ​របស់​ខ្លួន​ដែរ។

និពន្ធ​ដោយ៖ អ្នក​គ្រូ Jani Ortlund
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក​ស្រី ថាវ ប៊ុនរី និងលោក ផុន ស្រីអែម
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះអង្គជាស្ដេច

ប្រឆាំងជាមួយនឹងរាល់ឧបាយកល