in ,

កុំ​អួត​អំពី​ថ្ងៃ​ស្អែក

«ឥឡូវ​នេះ អ្នក​ដែល​ពោល​ថា៖ “ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណា​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី​ឲ្យ​បាន​ចំណេញ” តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ទេ។ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី? ដ្បិត​អ្នក​រាល់​គ្នា​ជា​ចំហាយ​ទឹក ដែល​ឃើញ​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​តែ​ពោល​ដូច្នេះ​វិញ​ថា៖ “បើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ នោះ​យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ” តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​អួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែប​នេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។ ដូច្នេះ អ្នក​ណា​ស្គាល់​អំពើ​ល្អ​ដែល​ត្រូវ​ធ្វើ តែ​មិន​ព្រម​ធ្វើ នោះ​រាប់​ជា​មាន​បាប​ដល់​អ្នក​នោះ​ហើយ» (យ៉ាកុប ៤:១៣-១៧ គកស)។

នៅ​ក្រុម​ជំនុំ​សម័យ​ដើម មាន​មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​នៅ​តាម​ទីក្រុង​នានា។ នោះ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​លោក យ៉ាកុប លើក​ប្រធាន​បទ​នេះ​មក​ចែក​ចាយ ព្រោះ​ទំនង​ជា​មាន​អ្នក​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​កំពុង​តែ​ធ្វើ​បែប​នោះ​ដែរ ដោយ​សារ​គេ​ឃើញ​អ្នក​ផ្សេង​ចេញ​ទៅ​រក​ស៊ី ហើយ​ចាប់​ផ្ដើម​មាន​យ៉ាង​ស្តុកស្តម្ភ។

ខ​គម្ពីរ​ខាង​លើ​នេះ​បង្រៀន​យើង​បី​ចំណុច៖ ១. កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់​យើង (៤:១៣) ២. ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង (៤:១៤) ៣. ទំនួល​ខុស​ត្រូវ​ប្រចាំ​ថ្ងៃ​របស់​យើង (៤:១៥-១៧)។

១. កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់​យើង (៤:១៣)

«ឥឡូវ​នេះ អ្នក​ដែល​ពោល​ថា៖ “ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណា​មួយ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ ដើម្បី​រក​ស៊ី​ឲ្យ​បាន​ចំណេញ”»។

នៅ​ក្នុង​ការ​បង្រៀន​អំពី​តម្លៃ​នៃ​ភាព​ជា​សិស្ស ព្រះ​យេស៊ូវ​បាន​លើក​ឡើង​អំពី​រឿង​ប្រៀប​ប្រដូច​មួយ​ទាក់​ទង​ទៅ​នឹង​ការ​សាង​សង់​ផ្ទះ និង​ការ​ទៅ​ធ្វើ​សង្គ្រាម។ ក្នុង​កណ្ឌ​គម្ពីរ លូកា ១៤:២៥-៣៣ និង​ម៉ាថាយ ១០:៣៧-៣៨៖

«ថ្ងៃ​មួយ មាន​មហាជន​ច្រើន​កុះករ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គ​បែរ​ព្រះភក្ត្រ​ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ “បើ​អ្នក​ណា​មក​តាម​ខ្ញុំ ហើយ​មិន​បាន​លះ​អាល័យ​ពី​ឪពុក​ម្ដាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។ អ្នក​ណា​ដែល​មិន​ផ្ទុក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ដែរ។ ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ‌លក​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ថា​ខ្លួន​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន ឬ​មិន​បាន? ពុំ​នោះ​ទេ ពេល​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន អស់​អ្នក​ណា​ដែល​ឃើញ​គេ​នឹង​សើច​ចំអក ដោយ​ពាក្យ​ថា ‘អ្នក​នេះ​បាន​ចាប់​ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន។’ ឬ​តើ​មាន​ស្តេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​មួយ​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា ខ្លួន​អាច​នាំ​ពល​មួយ​ម៉ឺន​ទៅ​ត​ទល់​នឹង​ស្តេច ដែល​នាំ​ពល​ពីរ​ម៉ឺន​មក​ច្បាំង​បាន​ឬ​មិន​បាន​នោះ? ប្រសិន​បើ​ឃើញ​ថា​មិន​អាច​តទល់​បាន នោះ​ទ្រង់​នឹង​ចាត់​រាជ​ទូត​ឲ្យ​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​គ្នា ក្នុង​កាល​ដែល​ស្តេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ’”» (គកស)។

វា​មិន​មែន​ជា​រឿង​ខុស​ឆ្គង​លីលា​ទេ ដែល​យើង​រៀប​ចំ​ផែន​ការ​សម្រាប់​ជីវិត​ខ្លួន ប៉ុន្តែ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នៅ​ក្នុង​ខ​មួយ​នេះ​គឺ​ត្រង់​ថា៖ បុគ្គល​ដែល​កំពុង​រៀប​ចំ​ផែន​ការ​មិន​បាន​លើក​ឡើង​អំពី​ព្រះ​ជាម្ចាស់​ក្នុង​ផែនការ​របស់​គាត់​សោះ ប៉ុន្តែ​ផ្ដោត​តែ​ទៅ​លើ​ខ្លួន​ឯង​ផ្ទាល់​ទៅ​វិញ។ គាត់​បាន​ភ្លេច​ថា ព្រះ​ជាម្ចាស់​គឺ​ជា​ម្ចាស់​នៃ​អ្វីៗ​ទាំង​អស់។ នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​មែន​ទែន ដ្បិត​ផែនការ​ទាំង​អស់​មិន​អាច​ដំណើរ​ការ​បាន​ឡើយ លុះ​ត្រា​តែ​ព្រះ​ជាម្ចាស់​អនុញ្ញាត​ឲ្យ​វា​កើត​ឡើង។

ក. ជា​ដំបូង បុគ្គល​នោះ​បាន​ជ្រើស​រើស​ពេល​វេលា៖ «ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក»។ គាត់​បាន​ធ្វើ​បែប​នោះ​ហាក់​បី​ដូច​ជា​ថា​ខ្លួន​ជា​អ្នក​បង្កើត​ពេល​វេលា ឬ​ក៏​ជា​ម្ចាស់​ពេល​វេលា​អញ្ចឹង។ ជាក់​ស្ដែង​យើង​ដឹង​ហើយ​ថា ព្រះ​ជាម្ចាស់​គឺ​ជា​ម្ចាស់ ព្រះ​អង្គ​ជា​អង្គ​ដែល​បង្កើត​ពេល​វេលា! យើង​ដឹង​អំពី​ចំណុច​នេះ ពីព្រោះ​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក១​បាន​ចែង​ថា ព្រះ​អង្គ​ជា​ព្រះ​អាទិករ។ ព្រះ​អង្គ​បាន​បង្កើត​ថ្ងៃ និង​យប់ និង​របស់​សព្វ​សារពើ​ទាំង​អស់។

ខ. បុគ្គល​នោះ​បាន​ជ្រើស​រើស​ទី​កន្លែង៖ «យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណា​មួយ»។ គាត់​បាន​ជ្រើស​រើស​ទី​កន្លែង​ទៅ​រក​ស៊ី​ហាក់​បី​ដូច​ជា​គាត់​ដឹង​ថា ទី​កន្លែង​ដែល​គាត់​បាន​ជ្រើស​រើស​នោះ​នឹង​បណ្ដាល​ឲ្យ​គាត់​មាន​ភាព​ចម្រុង​ចម្រើន​ក្នុង​ការ​រក​ស៊ី​អញ្ចឹង។ យើង​ដឹង​ហើយ​ថា សូម្បី​តែ​ខ្លួន​គាត់​ផ្ទាល់​ក៏​មិន​មែន​ជា​ម្ចាស់​នៃ​ពេល​វេលា ហើយ​គាត់​ក៏​មិន​មែន​ជា​ម្ចាស់​នៃ​ទី​កន្លែង​នៃ​ការ​រក​ស៊ី​នោះ​ផង​ដែរ។

គ. បុគ្គល​នោះ​បាន​ដាក់​ដែន​កំណត់​លើ​រយៈពេល​ដែល​គាត់​នឹង​នៅ៖ «ហើយ​ស្នាក់​នៅ​ក្រុង​នោះ​មួយ​ឆ្នាំ»។ បុគ្គល​នោះ​បាន​កំណត់​ពេល​វេលា​ដែល​គាត់​នឹង​ទៅ​កន្លែង​ណា​មួយ ហាក់​បី​ដូច​ជា​ថា​គាត់​ជា​ម្ចាស់​ជីវិត​របស់​ខ្លួន​អញ្ចឹង តែ​គាត់​ភ្លេច​ហើយ​ថា ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​អង្គ​ដែល​បង្កើត​គាត់​មក។ ព្រះ​អង្គ​គឺ​ជា​ព្រះ​ដែល​កំណត់​រយៈ​ពេល​នៃ​ជីវិត​របស់​គាត់។

«ឱ! ព្រះ​យេហូវ៉ា​អើយ! សូម​ឲ្យ​ទូល​បង្គំ​ដឹង​ពី​ចុង​បំផុត​របស់​ទូល​បង្គំ និង​ពី​ចំនួន​ថ្ងៃ​អាយុ​របស់​ទូល​បង្គំ​ផង ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ដឹង​ថា ជីវិត​ទូល​បង្គំ​ស្រួយ​យ៉ាង​ណា!» (ទំនុកតម្កើង ៣៩:៤ គកស)។

យើង​គួរ​ស្រែក​អង្វរ​ដូច​លោក ម៉ូសេ បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ៩០:១២ «ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​រាប់​ថ្ងៃ​អាយុ​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា» (គកស)។

ឃ. បុគ្គល​នោះ​បាន​រៀប​ចំ​យុទ្ធសាស្ត្រ៖ «ដើម្បី​រក​ស៊ី»។ ការ​រៀប​ចំ​យុទ្ធសាស្ត្រ​រក​ស៊ី គឺ​មិន​មែន​ជា​រឿង​ខុស​ឆ្គង​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ខុស​ឆ្គង​គឺ​ត្រង់​ថា បុគ្គល​នោះ​មិន​បាន​ដាក់​ព្រះ​ជាម្ចាស់​ក្នុង​ផែនការ​គាត់ ដោយ​ទូល​សួរ ហើយ​នឹង​សូម​ឲ្យ​ព្រះ​អង្គ​ជួយ​ធ្វើ​ឲ្យ​ផែនការ​របស់​គាត់​ចម្រុង​ចម្រើន​ឡើង។ ការ​មិន​យក​ព្រះ​ជាម្ចាស់​ដាក់​ក្នុង​ផែនការ​គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ ដ្បិត​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ហើយ​ថា «ដូច្នេះ ទោះ​បើ​អ្នក​បរិភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ចុះ» (១កូរិនថូស ១០:៣១ គកស)។

បង​ប្អូន! ការ​បរិភោគ និង​ការ​ផឹក​ស៊ី​គឺ​ជា​រឿង​ដ៏​សាមញ្ញ​បំផុត​ដែល​កើត​ឡើង​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ​របស់​យើង។ ជាក់​ស្ដែង យើង​ទទួល​ទាន​អាហារ​យ៉ាង​តិច​ណាស់​បី​ដង​ក្នុង​មួយ​ថ្ងៃ រី​ឯ​ការ​ញ៉ាំ​ទឹក ឬ​ក៏​កាហ្វេ ឬ​តែ។ល។ គឺ​ស្ទើរ​តែ​រាប់​មិន​អស់។ នេះ​គឺ​ជា​ការ​រម្លឹក​ថា អ្វី​ដ៏​សាមញ្ញ​ក៏​ដោយ​ដែល​យើង​ធ្វើ​ ក៏​យើង​គួរ​ធ្វើ​សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ជាម្ចាស់ មិន​មែន​ធ្វើ​ដោយ​ធ្វេស​ប្រហែស​ដោយ​មិន​យក​ព្រះ​អង្គ​ជា​គោល​ក្នុង​ជីវិត​របស់​យើង​នោះ​ទេ។ បង​ប្អូន ព្រះ​អង្គ​មិន​មែន​ដូច​ជា​ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ដែល​យើង​យក​មក​ញីក​ម្ទេស​ថែម​ស្ករ​ប៊ីចេង​ពេល​យើង​ញ៉ាំ​បាយ​នោះ​ទេ។ យើង​ត្រូវ​យក​ព្រះ​អង្គ​ជា​ចំណុច​ស្នូល​ក្នុង​ជីវិត​របស់​យើង។ ទ្រង់​ត្រូវ​ជា​ថ្ម​កែង​ក្នុង​ជីវិត​របស់​យើង។

ង. បុគ្គល​នោះ​គយ​គន់​ប្រាក់​ចំណេញ៖ «ឲ្យ​បាន​ចំណេញ»។

«មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បណ្ដាជន ទូល​ព្រះ​អង្គ​ថា៖ “លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​ចែក​មរតក​មក​ខ្ញុំ​ផង។” ទ្រង់​ឆ្លើយ​តប​ថា៖ “ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ​ក្រម សម្រាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា?” រួច​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ “ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ។” ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ថា៖ “មាន​ស្រែ​ចម្ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចម្រើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា “តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច? ដ្បិត​ខ្ញុំ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​ខ្ញុំ​ទាំង​នេះ​ទេ។” គាត់​ក៏​គិត​ថា “ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំ​ចេញ ហើយ​ពង្រីក​ឲ្យ​ធំ​ជាង​មុន រួច​ប្រមូល​ផល និង​ទ្រព្យ​សម្បត្តិ​ទៅ​ទុក​នៅ​ទី​នោះ។” រួច​ខ្ញុំ​នឹង​ប្រាប់​ដល់​ចិត្ត​ថា “ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ។” ប៉ុន្តែ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា “ឱ! មនុស្ស​ល្ងីល្ងើ​អើយ! នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?” អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ» (លូកា ១២:១៣-២១គកស)។

ការ​គយ​គន់​លើ​ភាព​ចម្រុង​ចម្រើន និង​ប្រាក់​ចំណេញ​ចេញ​ពី​ការ​រក​ស៊ី​គឺ​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ ប៉ុន្តែ​អ្វី​ដែល​ខុស​ឆ្គង​គឺ​ត្រង់​ថា បុគ្គល​នោះ​បាន​ភ្លេច​ព្រះ​ជាម្ចាស់​ហើយ។ ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​អ្នក​មាន​ឆោត​ល្ងង់​ម្នាក់​នេះ យើង​ឃើញ​ថា បុគ្គល​ដែល​បាន​ផល​ច្រើន​ពី​ស្រែ​ចម្ការ​របស់​គាត់​ក៏​បាន​រៀប​ចំ​ផែនការ ដើម្បី​នឹង​សាង​សង់​កន្លែង​ផ្ទុក​ផល​ផ្លែ​របស់​គាត់​បន្ថែម​ទៀត ហើយ​អ្វី​ដែល​គួរ​ឲ្យ​កាន់​តែ​ចាប់​អារម្មណ៍​នោះ​គឺ​ត្រង់​ថា​គាត់​ប្រើ​ប្រាស់​តែ​ពាក្យ «ខ្ញុំ/ឯង»។ ក្នុង​ផែនការ​របស់​គាត់ គាត់​មិន​បាន​លើក​ឡើង​អ្វី​សោះ​ទាក់​ទង​ទៅ​នឹង​ព្រះ​ជាម្ចាស់។ ហើយ​ត្រង់​នេះ យើង​ឃើញ​ថា អ្វី​ដែល​គាត់​មិន​ទាំង​ដឹង​គឺ៖ យប់​នេះ​គាត់​នឹង​ត្រូវ​ស្លាប់។

ចេញ​ពី​ខ​គម្ពីរ​មួយ​នេះ សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​ថា លោក យ៉ាកុប កំពុង​តែ​ហាម​មិន​ឲ្យ​យើង​រៀប​ចំ​ផែនការ​រក​ស៊ី ឬ​ក៏​រក​ប្រាក់​ចំណេញ​ឲ្យ​សោះ​ឡើយ។ ហើយ​គាត់​ក៏​មិន​កំពុង​ព្រមាន​ថា យើង​មិន​គួរ​មាន​ប្រាក់​សន្សំ​ពេល​ដែល​យើង​ចូល​និវត្តន៍​ផង​ដែរ។ មិន​ដូច្នោះ​ទេ! យើង​ដឹង​ថា គាត់​មិន​បាន​ធ្វើ​បែប​នោះ ដ្បិត​ក្នុង​ខ១៦ គាត់​បាន​លើក​ឡើង​ថា ឲ្យ​យើង​រៀប​ចំ​ផែន​ការ​ដោយ​ទុក​ចិត្ត​លើ​អធិបតេយ្យ​ភាព និង​ការ​រៀប​ចំ​របស់​ព្រះ​ជាម្ចាស់​វិញ ដោយ​ចុះ​ចូល​នឹង​ព្រះ​ហឫទ័យ​របស់​ទ្រង់។

ចូរ​យើង​ចង​ចាំ​ការ​ដាស់​តឿន​ចេញ​ពី​កណ្ឌ​គម្ពីរ សុភាសិត ១៦:១-៣៖ «គំនិត​ដែល​ចាត់​ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ​យេហូវ៉ា​ដែល​ឆ្លើយ​សម្រេច​ការ​នោះ​វិញ។ គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ​យេហូវ៉ា​ដែល​ព្រះ​អង្គ​ថ្លឹង អស់​ទាំង​ទឹក​ចិត្ត​វិញ។ ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង​នៅ​នឹង​ព្រះ​យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង​នឹង​បាន​សម្រេច»។

២. ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង (៤:១៤)

«តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ទេ។ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី? ដ្បិត​អ្នក​រាល់​គ្នា​ជា​ចំហាយ​ទឹក ដែល​ឃើញ​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ»។

ខ១៤​ផ្ដល់​ជូន​នូវ​ហេតុ​ផល​ពីរ​យ៉ាង​ចំពោះ​អស់​អ្នក​ដែល​រៀប​ចំ​ផែនការ​ដោយ​មិន​យក​ព្រះ​ជាម្ចាស់​ជា​គោល។ លោក យ៉ាកុប បាន​ឆ្លើយ​សំណួរ «តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី?» ដោយ​លើក​ចម្លើយ​ជា​ដំបូង​ថា៖ «អ្នក​រាល់​គ្នា​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ទេ»។

ក. មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក

យើង​អាច​បក​ប្រែ​ឃ្លា «នៅ​ថ្ងៃ​ស្អែក» ថា «ពេល​ព្រះ​អាទិត្យ​រះ​ជា​ថ្មី​ម្ដង​ទៀត» ក៏​បាន។ មនុស្ស​ល្ងីល្ងើ​នឹង​មិន​យក​ព្រះ​ជាម្ចាស់​ដាក់​ក្នុង​ជីវិត​របស់​ពួក​គាត់​ទេ ជា​ពិសេស​មិន​យក​មក​ដាក់​ក្នុង​ផែនការ​ជីវិត​របស់​ខ្លួន​ឡើយ។ ចំណែក​ឯ​គ្រីស្ទ​បរិស័ទ​ដែល​ដឹង​អំពី​អធិបតេយ្យ​ភាព ព្រះ​ប្រាជ្ញាញាណ និង​អំណាច​ព្រះ​ចេស្ដា​របស់​ព្រះ​ជាម្ចាស់​នៅ​លើ​ចក្រវាល​នេះ ពួក​គាត់​នឹង​យក​រាល់​ព្រឹត្តិការណ៍ និង​កាលៈទេសៈ​នៃ​ជីវិត​របស់​ខ្លួន​ថ្វាយ​ទៅ​កាន់​ព្រះ​អង្គ ដោយ​ព្រោះ​ទ្រង់​គឺ​ជា​ព្រះ​ដែល​រចនា​ផែនការ​ដ៏​ល្អ​បំផុត (រ៉ូម ៨:២៨)។

កណ្ឌ​គម្ពីរ ទំនុកតម្កើង ៣៧:៣-៥ បាន​ចែង​ថា៖ «ចូរ​ទុក​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។ ចូរ​យក​ព្រះ​យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ​អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន។ ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ​យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ​អង្គ នោះ​ព្រះ​អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច» (គកស)។

សុភាសិត ៣:៥-៦ «ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ​អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ​អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង» (គកស)។

ក្នុង​ចម្លើយ​ទី២​លើ​សំណួរ «តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី?» លោក យ៉ាកុប បាន​លើក​ឡើង​ថា៖

ខ. ជីវិត​យើង​គឺ​ប្រៀប​ដូច​ជា​ចំហាយ​ទឹក

ឃ្លា «ចំហាយ​ទឹក» មាន​ន័យ​ថា «សារ​ជាតិ​ចំហាយ​នេះ​នឹង​រសាត់​បាត់​ទៅ​ពេល​ព្រះ​អាទិត្យ​រះ​ឡើង»។ វា​ប្រៀប​ដូច​ជា​ចំហាយ​កាហ្វេ ឬ​ក៏​ការ​និយាយ​ចេញ​ផ្សែង​ពេល​កំពុង​នៅ​កន្លែង​ត្រជាក់ ដូច​ជា​នៅ​ខេត្ត​មណ្ឌលគីរី ខេត្ត​គិរីរម្យ ឬ​ក៏​តំបន់​ត្រជាក់​ណា​ផ្សេង​ទៀត​ក៏​ថា​បាន។

យើង​អាច​មើល​ឃើញ​ជីវិត​លើ​ផែនដី​នេះ​យូរ​ជាង​ចំហាយ​ទឹក ឬ​ក៏​ផ្សែង​ដែល​នឹង​រសាត់​បាត់​ទៅ​យ៉ាង​លឿន ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ផង។ ទឹក​សន្សើម​ពេល​ព្រឹក​នឹង​ស្ងួត​បាត់​ទៅ​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​ព្រះ​អាទិត្យ​រះ។ ដូច្នេះ វា​ស៊ី​គ្នា​ទៅ​នឹង​បរិបទ​នៃ​ការ​ប្រៀប​ធៀប​ជីវិត​មនុស្ស​លោក។ គ្មាន​នរណា​ម្នាក់​ដឹង​យ៉ាង​ប្រាកដ​អំពី​ពេល​វេលា​ដែល​គាត់​នឹង​ស្លាប់​នោះ​ទេ។

ចំណុច​ស្នូល​ដែល​លោក យ៉ាកុប កំពុង​តែ​លើក​ឡើង​ក្នុង​ខ​គម្ពីរ​មួយ​នេះ​គឺ​ត្រង់​ថា ជីវិត​របស់​យើង​មិន​នៅ​ថេរ​នោះ​ទេ ហើយ​វា​តែង​តែ​ផ្លាស់​ប្រែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ។ ការ​ឈឺ​ថ្កាត់ គ្រោះ​ថ្នាក់​ដែល​អាច​នាំ​ឲ្យ​យើង​ស្លាប់ ឬ​ក៏​ការ​ដែល​ព្រះ​គ្រីស្ទ​យាង​ត្រឡប់​មក​វិញ​អាច​បណ្ដាល​ឲ្យ​ជីវិត​របស់​យើង​ឈាន​ដល់​ទី​បញ្ចប់​យ៉ាង​ឆាប់​រហ័ស ដូច​ជា​ពន្លឺ​ព្រះ​អាទិត្យ​ដែល​រះ​បាន​ធ្វើ​ឲ្យ​ចំហាយ​ទឹក​ស្ងួត​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​ក៏​ដូច​ជា​ខ្យល់​ដែល​បក់​ផ្សែង​អញ្ចឹង។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កណ្ឌ​គម្ពីរ សុភាសិត ២៧:១ បាន​ចែង​ថា៖ «កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ» (គកស)។

កណ្ឌ​គម្ពីរ យ៉ូប ៧:៧, ៩, ១៦ និង​ទំនុកតម្កើង ៣៩:៥-៦ ក៏​បាន​ព័ណ៌នា​អំពី​ជីវិត​មនុស្ស​យើង​ថា​ដូច​ជា «ខ្យល់» ដែរ។

ដូច​ក្នុង​កណ្ឌ​គម្ពីរ លូកា ១២:១៨-២០ កសិករ​ម្នាក់​បាន​លើក​ឡើង​ថា គាត់​នឹង​សាង​សង់​ជង្រុក​បន្ថែម​ទៀត ដើម្បី​ទុក​ដាក់​ផល​របស់​គាត់ ប៉ុន្តែ​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​អំពី​គាត់​ថា គាត់​ជា​មនុស្ស​ល្ងីល្ងើ​ណាស់ ដ្បិត​យប់​នេះ​គាត់​នឹង​ស្លាប់​ជា​មិន​ខាន។

៣. ទំនួល​ខុស​ត្រូវ​របស់​យើង (៤:១៥-១៧)

«ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​តែ​ពោល​ដូច្នេះ​វិញ​ថា៖ “បើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ នោះ​យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ”។ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​អួត​អាង​ពី​អំនួត​របស់​ខ្លួន​ទៅ​វិញ។ គ្រប់​ទាំង​ការ​អួត​អាង​បែប​នេះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។ ដូច្នេះ អ្នក​ណា​ស្គាល់​អំពើ​ល្អ​ដែល​ត្រូវ​ធ្វើ តែ​មិន​ព្រម​ធ្វើ នោះ​រាប់​ជា​មាន​បាប​ដល់​អ្នក​នោះ​ហើយ» (គកស)។

ឃ្លា «ផ្ទុយ​ទៅ​វិញ» បង្ហាញ​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​ដែល​ខុស​ពី​ខ១៣។ ហើយ​អ្វី​ដែល​យើង​គួរ​ធ្វើ​គឺ «ពោល​ដូច្នេះ​វិញ​ថា៖ “បើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ នោះ​យើង​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ធ្វើ​ការ​នោះ”»។ នេះ​គឺ​ជា​ទំនូល​ខុស​ត្រូវ​របស់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

ចេញ​ពី​ខ​គម្ពីរ​នេះ យើង​អាច​រៀន​បាន​បី​ចំណុច។ ចំណុច​ទី១​គឺ​ថា៖

ក. យើង​គួរ​មាន​សម្អាង​លើ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់

នៅ​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី២​របស់​សាវ័ក ប៉ុល ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១៨:១៨-២៣ គាត់​បាន​ទៅ​ទី​ក្រុង​ជា​ច្រើន ហើយ​ទី​ក្រុង​មួយ​ដែល​គាត់​បាន​ទៅ​ដែល​គេ​បាន​អង្វរ​ឲ្យ​គាត់​នៅ​ឲ្យ​រាង​យូរ​បន្តិច​គឺ​ទី​ក្រុង​អេភេសូរ។ ពេល​ដែល​គាត់ និង​ក្រុម​បេសកកម្ម​របស់​គាត់​រៀប​ចំ​ចេញ​ដំណើរ ជា​ជាង​ប្រាប់​ពួក​គេ​ថា គាត់​នឹង​ត្រឡប់​មក​លេង​វិញ គាត់​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ «ខ្ញុំ​នឹង​ត្រឡប់​មក​រក​អ្នក​រាល់​គ្នា​វិញ ប្រសិន​បើ​ព្រះ​សព្វ​ព្រះ​ហឫទ័យ» (ខ២១)។

ការ​មាន​ប្រសាសន៍​បែប​នេះ​ស​បញ្ជាក់​ថា គាត់​មាន​សម្អាង​លើ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ មិន​មែន​លើ​ការ​រៀប​ចំ​ផែនការ​របស់​ខ្លួន​នោះ​ទេ ហើយ​នេះ​ឯង​គឺ​ជា​អ្វី​ដែល​លោក យ៉ាកុប ចង់​ឃើញ​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​ធ្វើ​ក្នុង​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ មិន​មែន​រៀប​ចំ​ផែន​ការ​ដូច​អ្នក​នៅ​ក្នុង​ខ​១៣​នោះ​ទេ។ នេះ​គឺ​ជា​ទំនូល​ខុស​ត្រូវ​របស់​យើង។

សាវ័ក ប៉ុល បាន​ប្រាប់​ពី​ទឹក​ចិត្ត​របស់​គាត់​ក្នុង​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​កូរិនថូស​ថា គាត់​ចង់​ទៅ​ជួប​ពួក​គាត់ ប៉ុន្តែ​ជា​ជាង​គ្រាន់​តែ​លើក​ឡើង​ថា «ខ្ញុំ​នឹង​ទៅ​លេង​បង​ប្អូន»។ គាត់​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​វិញ​ថា៖ «ប៉ុន្តែ បើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់​គ្នា​ក្នុង​ពេល​ឆាប់ៗ» (១កូរិនថូស ៤:១៩)។

បង​ប្អូន យើង «គួរ» មាន​ឥរិយាបថ​បែប​នេះ​ក្នុង​ការ​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ ជា​ពិសេស​នៅ​ពេល​ដែល​យើង​រៀប​ចំ​ផែនការ​ទៅ​កន្លែង​ណា​មួយ ឬ​ធ្វើ​អ្វី​មួយ។ ដាច់​ខាត! យើង​ត្រូវ​តែ​រៀប​ចំ​ផែនការ​របស់​យើង​ដោយ​សម្អាង​លើ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់។

ខ. យើង​គួរ​យល់​ព្រម​ទទួល​យក​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់

នៅ​ក្នុង​សេចក្ដី​បង្រៀន​នៃ​ការ​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ​ទៅ​កាន់​ពួក​សិស្ស ទ្រង់​បាន​លើក​ឡើង​ថា «សូម​ឲ្យ​ព្រះ​រាជ្យ​របស់​ព្រះ​អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ព្រះ​អង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ» (ម៉ាថាយ ៦:១០)។ យើង​ដឹង​ហើយ​ថា អ្វីៗ​ដែល​កើត​ឡើង​លើ​ផែនដី​នេះ​គឺ​ជា​ការ​កំណត់​ទុក​របស់​ព្រះ​ជាម្ចាស់​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ (អេភេសូរ ១)។ ដូច្នេះ ការ​ដែល​យើង​ទទួល​យក​សេចក្ដី​សម្រេច​របស់​ព្រះ​អង្គ​គឺ​ជា​ការ​ដ៏​ល្អ​បំផុត។

គ. យើង​គួរ​ពេញ​ចិត្ត​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់

ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១២:១-២ សាវ័ក ប៉ុល បាន​សរសេរ​យ៉ាង​ដូច​ត​ទៅ៖ «បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញ​បូជា​រស់ បរិសុទ្ធ ហើយ​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ។ នេះ​ហើយ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​រាល់​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។ មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ​អង្គ​គាប់​ព្រះ​ហឫទ័យ ហើយ​គ្រប់​លក្ខណ៍។»

ជា​ចុង​ក្រោយ នៅ​ក្នុង​ខ១៧ លោក យ៉ាកុប បាន​លើក​ឡើង​ថា៖ «អ្នក​ណា​ស្គាល់​អំពើ​ល្អ​ដែល​ត្រូវ​ធ្វើ តែ​មិន​ព្រម​ធ្វើ នោះ​រាប់​ជា​មាន​បាប​ដល់​អ្នក​នោះ​ហើយ»។

យើង​អាច​សង្ខេប «អំពើ​បាប» ទៅ​ជា​ពីរ​ប្រភេទ៖ ១) អំពើ​បាប​ដែល​យើង​ប្រព្រឹត្ត​ដោយ​ចេតនា ២) អំពើ​បាប​ដែល​យើង​ប្រព្រឹត្ត​ដោយ​អចេតនា។ ទាំង​ពីរ​គឺ​ជា​អំពើ​បាប មិន​ថា​យើង​បាន​ប្រព្រឹត្ត​ដោយ​ដឹង ឬ​ក៏​មិន​ដឹង​ខ្លួន​ក្ដី! ដូច​គ្នា​ផង​ដែរ យើង​ក៏​អាច​សង្ខេប «អំពើ​ល្អ» ទៅ​ជា​ពីរ​ប្រភេទ​បាន៖ ១) អំពើ​ល្អ​ដែល​យើង​ប្រព្រឹត្ត​ដោយ​ចេតនា ២) អំពើ​ល្អ​ដែល​យើង​ប្រព្រឹត្ត​ដោយ​អចេតនា។ ត្រង់​នេះ​លោក យ៉ាកុប កំពុង​តែ​លើក​ឡើង​ថា ប្រសិន​បើ​យើង​ស្គាល់​អំពើ​ល្អ​ណា​មួយ​ដែល​យើង​ត្រូវ​ធ្វើ ប៉ុន្តែ​យើង​មិន​ព្រម​ធ្វើ នោះ​យើង​បាន​ក្លាយ​ជា​មនុស្ស​ដែល​មិន​បាន​ធ្វើ​អំពើ​ល្អ​ហើយ ដែល​នេះ​កាន់​តែ​មាន​ន័យ​ថា យើង​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ផង​ដែរ។

នៅ​ក្នុង​រឿង​ប្រៀប​ធៀប​អំពី​អ្នក​ស្រុក​សាម៉ារី​ម្នាក់​ដែល​មាន​ចិត្ដ​សប្បុរស​ក្នុង​កណ្ឌគម្ពីរ លូកា ១០:២៥-៣៧ ព្រះ​យេស៊ូវ​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ដែល​សួរ​ថា «តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជានិច្ច?» ដោយ​ព្រះ​អង្គ​បាន​និទាន​រឿង​ប្រាប់​ថា៖ «…មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូសាឡឹម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ វា​ប្លន់​គាត់ ព្រម​ទាំង​វាយ​ឲ្យ​ត្រូវ​របួស រួច​ចេញ​បាត់​ទៅ ចោល​គាត់​ឲ្យ​នៅ​ទ្រម ជួន​ជា​មាន​សង្ឃ​មួយ​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ ហើយ​មាន​ពួក​លេវី​ម្នាក់ មក​ដល់​កន្លែង​នោះ​ដែរ កាល​បាន​ឃើញ​ហើយ ក៏​វាង​តាម​ម្ខាង​ហួស​ទៅ​ទៀត តែ​មាន​សាសន៍​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​ដល់ កាល​បាន​ឃើញ​ហើយ នោះ​ក៏​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​គាត់ ទើប​ចូល​ទៅ​រុំ​របួស​ឲ្យ ព្រម​ទាំង​យក​ប្រេង និង​ស្រា ចាក់​លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹក​ទៅ​ឯ​ផ្ទះ​សំណាក់ ថែ​ទាំ​រក្សា​គាត់។ ស្អែក​ឡើង​កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​ពីរ​ដេណារី​ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា “ចូរ​ថែ​រក្សា​អ្នក​នេះ​ផង ហើយ​បើ​អ្នក​ចំណាយ​លើស​ពី​នេះ ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក។” ដូច្នេះ ក្នុង​បី​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​ចោរ​នោះ?” អ្នក​នោះ​ឆ្លើយ​ថា៖ “គឺ​អ្នក​មួយ​ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់​នោះ​ឯង”។ ដូច្នេះ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ “ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ”» (គកស)។

ដូច​គ្នា​ផង​ដែរ ប្រសិន​បើ​យើង​ដឹង​ថា យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ណា​មួយ ប៉ុន្តែ​យើង​មិន​ប្រព្រឹត្ត នោះ​យើង​មិន​ខុស​ពី​ពួក​សង្ឃ និង​ពួក​លេវី​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នោះ​ទេ ហើយ​ក៏​មិន​ខុស​ពី​ពួក​លោកីយ៍​ដែល​អារ​ក​ហុត​ឈាម​បោក​បញ្ឆោត​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​នោះ​ដែរ។ ការ​ដែល​ពួក​សង្ឃ និង​ពួក​លេវី​ទុក​ឲ្យ​ជន​ម្នាក់​នេះ​រង​គ្រោះ​ឈឺ​ចាប់​បង្ហាញ​ថា ពួក​គាត់​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។ សរុប​សេចក្ដី​ទៅ អ្វីៗ​ដែល​យើង​ធ្វើ ចូរ​យើង​ធ្វើ​ដោយ​ថ្វាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ទូល​សូម​ឲ្យ​ព្រះ​អង្គ​ណែនាំ តម្រង់​ផ្លូវ​របស់​យើង ឲ្យ​យើង​ធ្វើ​នូវ​អ្វីៗ​ដែល​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះ​អង្គ ជា​ជាង​រៀប​ចំ​ផែនការ​ដោយ​ខ្លួន​ឯង​ដោយ​គិត​ថា​ខ្លួន​ជា​ម្ចាស់​ផែនការ ជា​ម្ចាស់​ពេល​វេលា ឬ​ក៏​ទី​កន្លែង ឬ​ក៏​ជា​ម្ចាស់​នៃ​ការ​រក​ស៊ី​ដែល​នាំ​ឲ្យ​បាន​ប្រាក់​ចំណេញ។

ក្នុង​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង ចូរ​យើង​រស់​នៅ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ដឹង​ថា វា​ជា​អំពើ​ល្អ​ដែល​យើង​ត្រូវ​ប្រព្រឹត្ត។ ចូរ​កុំ​ព្រងើយ​កន្តើយ ដ្បិត​ប្រសិន​បើ​យើង​ព្រងើយ​កន្តើយ នោះ​មាន​ន័យ​ថា យើង​ក៏​បាន​រួម​ដៃ​ក្នុង​ការ​ធ្វើ​បាប​រួច​ស្រេច​ទៅ​ហើយ​ដែរ។ តែ​កុំ​ឲ្យ​យើង​ច្រឡំ​ថា «ធ្វើ​ល្អ បាន​ល្អ»។ ទេ! បង​ប្អូន​ដំបូង​យើង​ត្រូវ «បាន​ល្អ» ជា​មុន​សិន នោះ​ទើប​យើង​អាច​ទៅ «ធ្វើ​ល្អ» បាន។ លោក​គ្រូ ចេ. ឌី. ក្រោលី (J. D. Crowley) បាន​បក​ស្រាយ​យ៉ាង​ក្បោះក្បាយ​ក្នុង​សៀវភៅ​អត្ថាធិប្បាយ​កណ្ឌ​គម្ពីរ​រ៉ូម​អំពី​ប្រធាន​បទ​នេះ។

ជា​ចុង​ក្រោយ​មូល​ហេតុ​ដែល​យើង​គួរ​ស្វែង​រក​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ជីវិត​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​យើង​គឺ​ដោយ​សារ​ព្រះ​អង្គ​គឺ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​ទៅ​តាម​ទ្រង់ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ (យ៉ូហាន ១៤:៦)។

លើស​ពី​ការ​ស្វែង​រក​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​នៅ​លើ​ផែនដី​នេះ​ក្នុង​ការ​រក​ស៊ី ឬ​ក៏​ការ​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ យើង​ត្រូវ​តែ​ស្វែង​រក​ព្រះ​អង្គ​ផ្ទាល់ ដ្បិត​ជីវិត​យើង​នៅ​លើ​ផែនដី​នេះ​គឺ​ដូច​ជា​ចំហាយ​ទឹក​ដែល​ខ្យល់​នឹង​ផាត់​រសាត់​បាត់​ទៅ ឬ​ក៏​ពន្លឺ​ព្រះ​អាទិត្យ​នឹង​ធ្វើ​ឲ្យ​វា​ស្ងួត​ក្នុង​មួយ​រំពេច​ភ្នែក។ ប៉ុន្តែ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ​ជា​ជីវិត​អមតៈ ជីវិត​ដែល​នឹង​មិន​ចេះ​ស្លាប់ ឬ​ក៏​មិន​ចេះ​ឈឺ​ថ្កាត់​ឡើយ ហើយ​ការ​ដែល​យើង​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ​អង្គ​គឺ​ជា​ការ​ដ៏​ល្អ​បំផុត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ទៅ​រក​ព្រះ​ជាម្ចាស់​ផ្ទាល់​តាម​រយៈ​ព្រះ​យេស៊ូវ។

ចំពោះ​បង​ប្អូន​ដែល​មិន​ទាន់​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​នៅ​ឡើយ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ទទួល​ជឿ​ព្រះ​អង្គ ដ្បិត​ព្រះ​អង្គ​បាន​យាង​មក​ផែនដី​នេះ មាន​ព្រះ​ជន្ម​រស់​នៅ​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​ព្រះ​អង្គ​ត្រូវ​បាន​គេ​ឆ្កាង ហើយ​ទ្រង់​ក៏​សុគត បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​ថ្ងៃ​សុក្រ ហើយ​បី​ថ្ងៃ​ក្រោយ​មក​ទ្រង់​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អាទិត្យ (១កូរិនថូស ១៥:៣-៤)។ «បើ​មាត់​អ្នក​ប្រកាស​ថា “ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់” (រ៉ូម ១០:៩-១០ គកស)។ បើ​យើង​គ្រាន់​តែ​លន់តួ​បាប​របស់​យើង ទូល​សូម​ឲ្យ​ព្រះ​អង្គ​អត់​ទោស​បាប សូម​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​យាង​មក​គង់​នៅ​ក្នុង​ជីវិត​របស់​យើង នោះ​យើង​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ! នោះ​ឯង​គឺ​ជា​របៀប​ដែល​យើង​អាច​ទទួល​បាន​ដំណឹង​ល្អ ទទួល​បាន​ការ​អត់​ទោស និង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច បន្ទាប់​ពី​យើង​ស្លាប់​ពី​លើ​ផែនដី​នេះ។

និពន្ធ​ដោយ៖ លោក​គ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង,
លោក​ស្រី ថាវ ប៊ុនរី លោក​ស្រី ឡូញ ស្រីរដ្ឋ និងលោក ប៊ុន ធីម៉ូថេ

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រសើរ

លោកអ្នកតែងតែប្រព្រឹតិ្តអំពើបាប