in ,

៤​ហេតុផល​ដែល​យើង​មិន​ត្រូវ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់

4 Reasons We Must Not Disregard God’s Word

ភាព​មុត​ស្រួច​នៃ​ព្រះ​បន្ទូល​ព្រះ

ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​កាត់​ទម្លុះ​ខ្ញុំ កាល​ខ្ញុំ​មាន​វ័យ​១២ឆ្នាំ​នៅ​ឡើយ។ ការ​កាត់​ទម្លុះ​នោះ​បាន​ចូល​ទៅ​យ៉ាង​ជ្រៅ ជ្រៅ​ហួស​គ្រាប់​ឈាម​ខ្ញុំ គឺ​ដូចជា​ការ​កាត់​ទម្លុះ​ព្រលឹង​ខ្ញុំ​ដូច​ទៅ​នឹង​ការ​វះកាត់​ដោយ​ការ​យកចិត្ត​ទុកដាក់​ជាមួយ​នឹង​ដៃ​ស្រទន់​របស់​វេជ្ជបណ្ឌិត​យ៉ាង​ដូច្នោះ​ដែរ។ ព្រះបន្ទូល​របស់​ព្រះ​បាន​កាត់​ទម្លុះ​ខ្ញុំ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​ដទៃ​គេ​មើល​មក​ខ្ញុំ​ឃើញ​ថា ជា​កូន​ដែល​ទៅ​ចូលរួម​ជាមួយ​ក្រុម​ជំនុំ ប៉ុន្តែ​ធាតុ​ពិត​របស់​ខ្ញុំ ខ្ញុំ​មិន​មែន​ជា​កូន​របស់​ព្រះជាម្ចាស់​នោះ​ទេ។ ចំណុច​មួយ​ទៀត​ដែល​ព្រះបន្ទូល​បាន​កាត់​ទម្លុះ​ខ្ញុំ​ឲ្យ​ឃើញ​ច្បាស់​នោះ គឺ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​ពិត ហើយ​ទ្រង់​បាន​សុគត​នៅ​លើ​ឈើឆ្កាង​ជំនួស​អំពើបាប​ខ្ញុំ​មែន។

គ្រូ​គង្វាល​របស់​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​អាន​កណ្ឌ​គម្ពីរ យ៉ូហាន ១:១២ និង​រ៉ូម ១០:៩-១០។ ហើយ​ពេល​ដែល​ខ្ញុំ​អាន នោះ​ខ្ញុំ​ក៏​ទទួល​បាន​ការ​បំភ្លឺ។ ការ​បំភ្លឺ​នោះ​ប្រៀប​ដូច​ជា​ខួរ​ឆ្អឹង​នៃ​ខ​គម្ពីរ​ដែល​បាន​ចេញ​ពី​ទំព័រ​នៃ​ព្រះ​បន្ទូល ហើយ​បាន​ចូល​មក​ក្នុង​ព្រលឹង​ខ្ញុំ​អញ្ចឹង។ ខ្ញុំ​ក៏​បាន​ទទួល​ជឿ! ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​ចាប់​ផ្ដើម​ទទួល​បទ​ពិសោធន៍​នៃ​ការ​ចាក់ទម្លុះ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​កាត់​ខ្ញុំ​ជា​ច្រើន​លើក​ច្រើន​សារ ពោល​ខ្ញុំ​មិន​អាច​រាប់​បាន​ឡើយ។ ប៉ុន្តែ ការ​ឆ្លើយ​តប​ទៅ​លើ​ការ​ឈឺចាប់​នីមួយៗ​បាន​នាំ​មក​នូវ​ការ​ព្យាបាល​យ៉ាង​ស្កប់ស្កល់។

ដូច​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា គ្រប់​ទាំង​បទគម្ពីរ «គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង» (២ធីម៉ូថេ ៣:១៦)។ ព្រះ​បន្ទូល​គឺ​ជា​ខ្យល់​ដង្ហើម​ដ៏​ពិត​ពី​ព្រះ​ជាម្ចាស់។ គ្មាន​អ្វី​មួយ​អាច​ប្រៀបផ្ទឹម​បាន​ឡើយ។ កណ្ឌ​គម្ពីរ ហេព្រើរ ៤:១២-១៣ បាន​ផ្ដល់​ហេតុ​ផល​បួន​យ៉ាង​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​បដិសេធ​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់៖

១. ព្រះ​បន្ទូល​ដ៏​រស់

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ ហេព្រើរ បាន​ព្រមាន​យ៉ាង​ចំៗ​ថា «ព្រះ​បន្ទូល​នៃ​ព្រះ នោះ​រស់​នៅ ហើយ​ពូកែ​ផង» (ខ១២ក)។ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​រស់នៅ ព្រោះ​ទ្រង់​បាន​តាំង​ព្រះ​បន្ទូល​នោះ​ដរាប​ដល់​អស់​កល្ប​ជា​និច្ច (ទំនុកតម្កើង ១១៩:៨៩)។ លើស​ពី​នោះ​ទៅ​ទៀត ព្រះ​បន្ទូល​រស់នៅ ព្រោះ​ក្នុង​ព្រះ​បន្ទូល​មាន​ជីវិត​តាំង​ពី​ដើម​មក​ម្ល៉េះ។ ព្រះ​ជាម្ចាស់​មាន​ព្រះជន្ម​គង់នៅ​សព្វថ្ងៃ (ហេព្រើរ ១:១២) ហើយ​ដោយ​សារ​ព្រះ​បន្ទូល​ជា​ខ្យល់​ដង្ហើម​របស់​ព្រះ​ជាម្ចាស់ (២ធិម៉ូថេ ៣:១៦) នោះ​មាន​ន័យ​ថា ព្រះ​បន្ទូល​ក៏​មាន​លក្ខណ​មាន​ជីវិត​គង់នៅ​ដូច​នឹង​ព្រះ​ជាម្ចាស់​ដែរ។ ព្រះ​បន្ទូល​មាន​ជីវិត!

លក្ខណសម្បត្តិ​នៃ​ការ​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​រស់នៅ​នោះ​គឺ​ថា ព្រះ​បន្ទូល «ពូកែ» ហើយ​ពេល​ខ្លះ​គេ​បក​ប្រែ​បក​ពាក្យ​នេះ​ថា «មាន​ប្រសិទ្ធភាព ឬ​ក៏​កើត​ការ​ឡើង» (ភីលេម៉ូន ៦ គគខ)។ ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ពូកែ​ណាស់ មាន​ពេញ​ទៅ​ដោយ​អំណាច​ដ៏​មាន​ប្រសិទ្ធភាព​ដែល​សម្រេច​នូវ​រាល់​គោលបំណង​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល។ ដូច​ដែល​កណ្ឌ​គម្ពីរ អេសាយ ៥៥:១១ បាន​លើក​ឡើង​យ៉ាង​ពីរោះ​ថា «នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​និង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ»។
ប្រាកដ​ណាស់! ព្រះ​បន្ទូល​របស់​ទ្រង់​រស់នៅ ហើយ​ពូកែ! ព្រះ​បន្ទូល​របស់​ព្រះ​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​សន្យា​ថា​នឹង​ធ្វើ។ ព្រះ​បន្ទូល​មិន​រើស​អើង​អាយុ​កាល ឬ​ក៏​កម្រិត​នៃ​ការ​សិក្សា​ឡើយ។ ព្រះ​បន្ទូល​អាច​នឹង​បំផ្លាស់​បំប្រែ​លោក​អ្នក​បាន មិន​ថា​លោក​អ្នក​មាន​អាយុ​១២​ឆ្នាំ​ឬ​ក៏​១០២​ឆ្នាំ​នោះ​ឡើយ។ ប្រសិនបើ​លោក​អ្នក​ស្ម័គ្រ​ចិត្ត​នឹង​ស្ដាប់​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់ នោះ​ព្រះ​បន្ទូល​នឹង​បំផ្លាស់​បំប្រែ​លោក​អ្នក។ សេចក្ដី​ពិត​នេះ​មាន​ទាំង​​សេចក្ដី​សន្យា ហើយ​ការ​ព្រមាន​ដល់​យើង​គ្រប់​គ្នា​ផង​ដែរ។

២. ព្រះ​បន្ទូល​ដ៏​មុត​ស្រួច

ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​រស់នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មុត​ស្រួច​ដូច​ដែល​ខ​បន្ទាប់​បាន​ចែង​យ៉ាង​ច្បាស់​ផង​ដែរ​ថា «ក៏​មុត​ជាង​ដាវ​ណា​មាន​មុខ​២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់​តែ​កាត់​ព្រលឹង​និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរ​ឆ្អឹង​ដាច់​ពី​គ្នា» (ខ១២ខ)។ ឃ្លា​នៃ​ខ​គម្ពីរ​នេះ គឺ​ជា​កំណាព្យ​ដ៏​អំណាច​របស់​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ដែល​អាច​កាត់​លក្ខណៈ​របស់​មនុស្ស​​ដល់​ទី​​ដ៏​ជ្រៅ​បំផុត​បាន។ ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​អាច​កាត់​ដាច់​នូវ​រាល់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​អាច​ឲ្យ​ធ្វើ​ឲ្យ​យើង​ដឹង​អ្វី​ខុស និង​អ្វី​ត្រូវ។

ព្រះបន្ទូលព្រះជាម្ចាស់កាត់ទម្លុះព្រលឹងដ៏រឹងចចេសរបស់យើងបានដូចកាំបិតដ៏ក្ដៅមួយយកទៅកាត់ប៊័រអញ្ចឹង។ ប្រាកដ​ណាស់! យើង​គ្រីស្ទ​បរិស័ទ​រក​ឃើញ​ថា ការ​នេះ​ពិត​ជា​បាន​កើត​ឡើង​ក្នុង​ជីវិត​យើង​មែន។ មាន​ខ​គម្ពីរ​មួយ​ចំនួន​នៃ​ព្រះ​បន្ទូល​ព្រះ​ដែល​អាច​នឹង​កាត់​ការ​ពុតត្បុត​របស់​យើង មិន​ថា​យើង​បាន​បោកប្រាស់​អ្នក​ដទៃ​ថា​យើង​ជា​មនុស្ស​ស្អាត​ស្អំ​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​បន្ទូល​នៅ​តែ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា តើ​យើង​កំពុង​ធ្វើ​ខុស​ឬ​ក៏​ត្រូវ​ដែរ។

នៅ​ពេល​ដែល​ព្រះជាម្ចាស់​សព្វព្រះហឫទ័យ​នឹង​ចាក់​ទម្លុះ​បុគ្គល​ណា​ម្នាក់ នោះ​ព្រះ​បន្ទូល​ទ្រង់​នឹង​ចាក់​បុគ្គល​នោះ។ បុគ្គល​ដែល​ការពារ​ខ្លួន​ឯង​មិន​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ចាក់​ទម្លុះ​គាត់ គឺ​ជា​បុគ្គល​ដែល​បាន​ឮ​ព្រះ​បន្ទូល ប៉ុន្តែ​មិន​យល់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គាត់​មិន​ប្រឆាំង​នឹង​ព្រះ​បន្ទូល។ វា​គួរ​សោក​ស្ដាយ​ណាស់​ដែល​ភាគ​ច្រើន​អ្នក​ទាំង​នេះ​សុទ្ធតែ​ជា​អ្នក​ដែល​ទៅ​ចូល​រួម​ក្រុម​ជំនុំ​សឹង​រាល់​អាទិត្យ។ ចំពោះ​អ្នក​ដែល​ស្ដាប់​ឮ​​ដ៏​ពិត មិន​ថា​ដោយ​ចេតនា ឬ​អចេតនា​នោះ​ទេ សុទ្ធ​តែ​ជា​អ្នក​ដែល​អញ្ជើញ​ព្រះជាម្ចាស់​ដ៏​ជា​វេជ្ជបណ្ឌិត​ឲ្យ​មក​វះកាត់​ពួកគេ​ដោយ​ចិត្ត​ប្រណី​សន្ដោស​របស់​ទ្រង់។

៣. ព្រះ​បន្ទូល​ដ៏​ពេញ​ដោយ​ការ​ជ្រាប​ដឹង

ក្រោយ​ពី​អ្នក​និពន្ធ​បាន​លើក​ឡើង​ថា ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​រស់នៅ ហើយ​មុត​ស្រួច ឥឡូវ​នេះ​គាត់​បាន​បន្ថែម​ទៀត​ថា «ទាំង​ពិចារណា​អស់​ទាំង​គំនិត​ដែល​ចិត្ត​គិត ហើយ​ដែល​សម្រេច​ដែរ» (ខ១២គ)។ ត្រង់​នេះ អ្នក​និពន្ធ​ចង់​ផ្ដោត​ឲ្យ​យើង​ពិចារណា​លើ​ពាក្យ «គំនិត​ដែល​ចិត្ត​គិត»។ ចិត្ត​របស់​យើង​គឺ​ជា​បល្ល័ង្ក​នៃ​បុគ្គលិក​លក្ខណៈ​របស់​យើង។ គ្មាន​អ្នក​ណា​អាច​មើល​ឃើញ​ឡើយ។ ប៉ុន្តែ ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​អាច​រែង​កាត់​គំនិត និង​អាកប្បកិរិយា​ដោយ​គ្មាន​កំហុស។

«ដាវ​របស់​ព្រះ​វិញ្ញាណ» នឹង​ប្រាប់​យើង​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង (អេភេសូរ ៦:១៧)។ ឱ! មិត្ត​អ្នក​រួម​ជំនឿ​អើយ! ប្រសិន​បើ​យើង​ពិត​ជា​ចង់​ស្គាល់​ខ្លួន​ឯង​មែន នោះ​យើង​ត្រូវ​បំពេញ​ព្រលឹង​យើង​ជា​មួយ​នឹង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ យើង​នឹង​ចេះ​វែក​ញែក ហើយ​ស្គាល់​ខ្លួន​ឯង​បាន​ច្បាស់ ប្រសិន​បើ​យើង​អាន​ព្រះ​បន្ទូល សញ្ជឹង​គិត​ព្រះ​បន្ទូល ហើយ​អនុវត្ត​ព្រះ​បន្ទូល​ដោយ​ការ​អធិស្ឋាន​យ៉ាង​ពេញ​ទំហឹង​នោះ។ សាវ័ក យ៉ាកុប បាន​បង្រៀន​ថា ព្រះ​បន្ទូល​ព្រះ​ប្រៀប​ដូច​ជា​កញ្ចក់​ដែល​សម្ដែង​ឲ្យ​យើង​ឃើញ​ពី​ធាតុ​ពិត​ពី​លក្ខណៈ​របស់​យើង និង​អ្វី​ដែល​យើង​ធ្វើ (យ៉ាកុប ១:២២-២៣)។ ការ​ដែល​យើង​ស្គាល់​ខ្លួន​ឯង​បែប​នេះ ​គឺ​មិន​មែន​ជា​ព្រះ​គុណ​ដ៏​តូចតាច​នោះ​ទេ ព្រោះ​ការ​ដែល​យើង​ស្គាល់​អំពី​ចំណុច​ដ៏​អាក្រក់ៗ​ដែល​មាន​ក្នុង​ចិត្ត​យើង នោះ​នឹង​ជួយ​ឲ្យ​យើង​កាន់​តែ​ពឹង​អាង​លើ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ថែម​ទៀត។ ហើយ​នោះ​មិន​មែន​ជា​ព្រះ​គុណ​ដ៏​តូចតាច​នោះ​ទេ! គ្រីស្ទ​បរិស័ទ​ដ៏​ឆ្លាតវៃ​នឹង​អញ្ជើញ​ឲ្យ​ព្រះ​បន្ទូល​ដ៏​មុត​ស្រួច និង​ព្រះ​បន្ទូល​ដ៏​ពេញ​ដោយ​ការ​ជ្រាប​ដឹង​របស់​ព្រះ​ជាម្ចាស់​មក​ក្នុង​ជីវិត​របស់​គេ។

៤. ព្រះ​ដ៏​គិត​គូរ

ខ​១៣​គឺ​ជា​ខ​ដ៏​ល្អ​មួយ​ដែល​ពណ៌នា​អំពី​ការ​ជ្រាប​របស់​ព្រះ​ជាម្ចាស់ «គ្មាន​អ្វី​កើត​មក​ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។

ព្រះ​ជាម្ចាស់​ទត​ឃើញ​គ្រប់​អ្វីៗ​ទាំង​អស់។ ការ​នេះ​អាច​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សូវ​ស្រួល​ចិត្ត ប្រសិនបើ​យើង​មាន​អ្វី​លាក់​កំបាំង។ កណ្ឌ​គម្ពីរ សុភាសិត ១៥:៣ បាន​ចែង​ថា «ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់​នឹង​ល្អ​ផង»។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ ទំនុកតម្កើង ៩០:៨ ក៏​បាន​លើក​ឡើង​ដូច​នោះ​ដែរ​ថា «ទ្រង់​បាន​ដាក់​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ត្រ​ទ្រង់​ផង»។

នោះ​ជា​សេចក្ដី​ពិត​ដ៏​ពិត​ត្រង់។ ប៉ុន្តែ ការ​ប្រៀប​ធៀប​ដែល​ពណ៌នា​អំពី​ការ​ជ្រាប​របស់​ព្រះ​ជាម្ចាស់​ គឺ​ពិត​ជា​ការ​ដ៏​គួរ​ឲ្យ​ស្ញែងខ្លាច​មែន​ ចំពោះ​អស់​អ្នក​ដែល​គិត​ថា គេ​អាច​គេចវេស​ពី​ព្រះ​នេត្រ​របស់​ទ្រង់​បាន «គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។ «គ្រប់​ទាំង​អស់» មាន​ន័យ​ថា អ្វីៗ​គ្រប់​យ៉ាង គ្រប់​ទាំង​មនុស្ស គឺ​នៅ​អាក្រាត​ចំពោះ​ព្រះ​នេត្រ​ទ្រង់។ គ្មាន​អ្វី​ដែល​យើង​អាច​លាក់​បាំង​ពី​ទ្រង់​បាន​ឡើយ។ គ្រប់​ទាំង​អស់​គឺ​នៅ​ក្នុង​កណ្ដាប់​ព្រះ​ហត្ថ​របស់​ព្រះ​ជាម្ចាស់ ពោល​គឺ​ងាយ​នឹង​ឈឺចាប់ ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​បាន​ឡើយ។

សូម​ឲ្យ​ដាវ​ដែល​មាន​មុខ​ពីរ​ដែល​ទុក​សម្រាប់​ជំនុំជម្រះ និង​សម្រាប់​បន្សុទ្ធ​យើង​បាន​ព្រះ​ពរ។ ព្រះ​ជាម្ចាស់​បាន​កាត់​យើង​យ៉ាង​ជ្រៅ ដើម្បី​ឲ្យ​យើង​អាច​នឹង​ស្លាប់។ ហើយ​ទ្រង់​កាត់​យើង​ម្ដង​ទៀត​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​នឹង​មាន​ជីវិត។

សម្គាល់៖ យើង​ដក​ស្រង់​ឯកសារ​ចេញ​ពី Hebrews: An Anchor for the Soul ដែល​ជា​ផ្នែក​មួយ​នៃ​គន្ថៈ​ធិប្បាយ​ព្រះគម្ពីរ​ជា​ស៊េរី​ដែល​មាន​ចំណង​ជើង​ថា Preaching the Word និពន្ធ​ដោយ​លោក​គ្រូ R. Kent Hughes។
ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អធិស្ឋានបែបនិយាយដើម

ម៉េច​បាន​ឯង​ដឹង​ថា ឯង​ស្រឡាញ់​ព្រះ​យេស៊ូវ?