in ,

ចូរ​អធិស្ឋាន​ក្នុង​រាល់​កាលៈទេសៈ(យ៉ាកុប ៥:១៣-១៥)

តើ​​កណ្ឌ​គម្ពីរ យ៉ាកុប ៥:១៣-១៥ បង្រៀន​អ្វី​ខ្លះ​ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​ពី​ការ​អធិស្ឋាន? លោក យ៉ាកុប បាន​សរសេរ​ខគម្ពីរ​ទាំង​នេះ ដើម្បី​បង្រៀន​​យើង ឲ្យ​អាច​មាន​ព័ន្ធកិច្ច​នៃ​ការ​អធិស្ឋាន ដែល​នឹង​នាំ​ឲ្យ​ជីវិត​យើង​មាន​ការ​ផ្លាស់​ប្រែ។ ហើយ​ចេញ​ពី​ការ​ផ្លាស់​ប្រែ​នោះ វា​អាច​នឹង​នាំ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​យើង​មាន​ការ​ផ្លាស់​ប្រែ​បាន​ផង​ដែរ។

ចំណុច​ស្នូល៖ ការ​អធិស្ឋាន​មាន​ប្រសិទ្ធ​ភាព​ក្នុង​រាល់​កាលៈទេសៈ ដូច្នេះ អធិស្ឋាន​គ្រប់​ពេល​វេលា (១៣-១៤ក) ហើយ​អធិស្ឋាន​ដោយ​មាន​ជំនឿ (១៤ខ-១៥)។

«១៣ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​កើត​ទុក្ខ​លំបាក​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន។ តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នកនោះ​ច្រៀង​សរសើរ​តម្កើង​ព្រះ​ចុះ។ ១៤ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ផង។ ១៥ ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ​អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់​ក្រោក​ឡើង​វិញ។ ប្រសិន​បើ​គាត់​បាន​ប្រ​ព្រឹត្តិ​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស។ ១៦ ដូច្នេះ ចូរ​លន់​តួ​ទោស​បាប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដ្បិត​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធ​ភាព​ណាស់។ ១៧ លោក អេលី‌យ៉ា ជា​មនុស្ស​ដែល​មាន​ចិត្ត​ដូច​យើង​ដែរ តែ​លោក​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ។ ១៨ បន្ទាប់​មក លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​ក៏​បង្កើត​ផល​ផ្លែ​ឡើង» (យ៉ាកុប ៥:១៣-១៨ គកស)។

ខ​គម្ពីរ​ខាង​លើ​នេះ​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​កណ្ឌ​គម្ពីរ​យ៉ាកុប​ទាំង​មូល។ ប្រសិន​បើ​យើង​ប្រៀប​ធៀប​ខ​គម្ពីរ​មួយ​នេះ​ជា​មួយ​នឹង យ៉ាកុប ១:២-៨ នោះ​យើង​នឹង​ឃើញ​អំពី​ប្រធាន​បទ​ស្រដៀង​គ្នា​នៅ​ក្នុង​បទ​គម្ពីរ​ទាំង​ពីរ​នេះ​ជា​មិន​ខាន។

ឃ្លា «សេចក្តី​ល្បួង​ផ្សេងៗ» ក្នុង យ៉ាកុប ១:២ ក៏​អាច​មាន​ន័យ​ថា «ទុក្ខ​លំបាក» បាន​ផង​ដែរ។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ យ៉ាកុប ៥:១៣ និង១៤ លោក យ៉ាកុប បាន​ប្រើ​ប្រាស់​កិរិយា​សព្ទ​ទាក់​ទង​ទៅ​នឹង​បទ​ពិសោធន៍​នៃ​ការ «កើត​ទុក្ខ​លំបាក​» និង​ការ «ឈឺ»។ លើស​ពី​នោះ​ទៅ​ទៀត គាត់​បាន​បង្គាប់​ឲ្យ​អ្នក​ជឿ​ដែល​កំពុង​ប្រឈម​មុខ​នឹង «សេចក្តី​ល្បួង​ផ្សេងៗ» ឬ​ក៏ «ទុក្ខ​លំបាក» ឲ្យ​ទូល​សូម​ប្រាជ្ញា​ពី​ព្រះ​ជាម្ចាស់​ក្នុង ១:៥។ ក្នុង ៥:១៣ គាត់​បាន​បង្គាប់​អ្នក​អាន​ដែល​កំពុង​រង «ទុក្ខ​លំបាក» ឲ្យ​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជាម្ចាស់។

សរុប​សេចក្ដី​ទៅ ទាក់​ទង​នឹង​ភាព​ស្រដៀង​គ្នា​មួយ​នេះ យើង​អាច​សន្មត​ថា ១:២-៨ គឺ​ជា​សេចក្ដី​ផ្ដើម ហើយ ៥:១៣-១៨ គឺ​ជា​សេចក្ដី​បញ្ចប់​កណ្ឌ​គម្ពីរ​យ៉ាកុប​ទាំង​មូល។ តើ​យើង​អាច​រៀន​បាន​អ្វី​ខ្លះ​ចេញ​ពី​ខ​គម្ពីរ​ទាំង​នេះ? ហើយ​ថា​តើ​យើង​អាច​អនុវត្ត​ខ​គម្ពីរ​ទាំង​នេះ​បាន​យ៉ាង​ដូច​ម្តេច​ទៅ? ចម្លើយ៖ ខ​គម្ពីរ​ទាំង​នេះ​មាន​លើក​ឡើង​នូវ​ពីរ​ចំណុច ទាក់​ទង​ទៅ​នឹង​ប្រសិទ្ធ​ភាព​នៃ​ការ​អធិស្ឋាន។

I. អធិស្ឋាន​គ្រប់​ពេល​វេលា (១៣-១៤ក)

យើង​ឃើញ​អំពី​ចំណុច​នេះ​នៅ​ក្នុង​ខ១៣ និង​ផ្នែក​ដំបូង​នៃ​ខ១៤។ ហើយ​មាន​ចំណុច​៣​យ៉ាង​ដែល​យើង​អាច​អធិស្ឋាន​គ្រប់​ពេល​វេលា​បាន៖ ក. អធិស្ឋាន​ពេល​កំពុង​រងទុក្ខ ខ. អធិស្ឋាន​ពេល​កំពុង​មាន​អំណរ គ. អធិស្ឋាន​ពេល​កំពុង​ឈឺ​ថ្កាត់។

បើ​និយាយ​ម្យ៉ាង​វិញ​ទៀត​លោក យ៉ាកុប កំពុង​តែ​លើក​ឡើង​អំពី​ប្រធាន​បទ​នៃ​ការ​បង្គាប់​យ៉ាង​ទូ​ទៅ​ក្នុង​ការ​ដែល​ឲ្យ​យើង​អធិស្ឋាន​គ្រប់​ពេល​វេលា ទាំង​ពេល​ល្អ និង​ពេល​អាក្រក់—ដាច់​ខាត! យើង​ត្រូវ​តែ​អធិស្ឋាន​សម្រាប់​រាល់​ចំណុច​នៃ​ជីវិត​របស់​យើង។

កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:១៧ បាន​ប្រាប់​ឲ្យ​យើង​អធិស្ឋាន​ឥត​ឈប់​ឈរ។ ខ​គម្ពីរ​មួយ​នេះ​កំពុង​ផ្ដោត​ទៅ​លើ​ផ្នត់​គំនិត​នៃ​ការ​មិន​ឲ្យ​មាន​ចន្លោះ​ក្នុង​ពេល​អធិស្ឋាន ដែល​នេះ​មាន​ន័យ​ថា យើង​មិន​គួរ​មាន​ពេល​វេលា​ផ្អាក​ឡើយ។ នេះ​មិន​មែន​មាន​ន័យ​ថា ឲ្យ​យើង​អធិស្ឋាន​២៤​ម៉ោង​ពេញ​នោះ​ទេ។ ទោះ​ប្រសិន​បើ​ថា យើង​អាច​ធ្វើ​បែប​នេះ​បាន​ក៏​ដោយ ក៏​នោះ​គឺ​ជា​ការ​ល្អ​ដែរ។ ប៉ុន្តែ ប្រសិន​បើ​បែប​នោះ​មែន នោះ​យើង​នឹង​មិន​អាច​បំពេញ​តួនាទី​ផ្សេងៗ​ទៀត​ក្នុង​ជីវិត​យើង​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ធ្វើ​នោះ​ឡើយ។ ឧទាហរណ៍៖ ដូច​ជា​ការ​អាន​ព្រះ​គម្ពីរ ការ​ផ្សាយ​ដំណឹង​ល្អ។ល។

កណ្ឌ​គម្ពីរ ថែស្សាឡូនីច ខ្សែទី១ កំពុង​តែ​ប្រាប់​ថា ឲ្យ​យើង​គួរ​មាន​ការ​សន្ទនា​នៅ​ក្នុង​ចិត្ត​យើង​ឥត​ឈប់​ឈរ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ខណៈ​ពេល​ដែល​យើង​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ។ ឧទាហរណ៍៖ តើ​បង​ប្អូន​ប៉ុន្មាន​នាក់​មាន​ទូរស័ព្ទ​ទំនើបៗ? ការ​ធ្វើ​ស្ថិតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​ទូទៅ​មនុស្ស​យើង​ដែល​មាន​ទូរស័ព្ទ​ទំនើប ប៉ះ​ទូរស័ព្ទ​ខ្លួន​ប្រមាណ​ជាង ២, ៦១៧ ដង​ក្នុង​មួយ​ថ្ងៃ។ ការ​ធ្វើ​ស្ថិតិ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ជា​ទូទៅ​មនុស្ស​យើង​ផ្ញើ និង​ទទួល​សារ​ប្រមាណ​ជាង ២, ៨១៩ ក្នុង​មួយ​ខែ ដែល​នេះ​មាន​ន័យ​ថា​យើង​ផ្ញើ ឬ​ក៏​ទទួល​សរុប​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង ៩៤ ឬ​ក៏ ៣៣,៨៣៤ ក្នុង​មួយ​ឆ្នាំ។

ចូរ​យើង​គិត​អំពី​ការ​អធិស្ឋាន​បែប​ជា​ការ​ផ្ញើ ឬ​ក៏​ទទួល​សារ​ពី​មិត្តភក្ដិ​របស់​យើង ជា​ពិសេស​អ្នក​ដែល​មាន​ស្នេហា ពួក​គាត់​ឆ្លើយ​ឆ្លង​សារ​ដោយ​មិន​ចេះ​ដេក​ពួន​ផង។ ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា «ប្រសិន​បើ​ខ្ញុំ​មិន​មាន​ទូរស័ព្ទ​នៅ​ជាប់​នឹង​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​ហាក់​បី​ដូច​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​បាន​ស្លៀក​ពាក់​ខោ​អាវ​សោះ»។ នេះ​គឺ​ជា​អាកប្បកិរិយា​ដែល​យើង​គួរ​តែ​មាន ទាក់ទង​នឹង​ការ​អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ។

ក. បន្ត​អធិស្ឋាន​ពេល​កំពុង​រងទុក្ខ

ចំណុច​ដំបូង​ក្រោម​ចំណុច​ទី២​គឺ៖ ការ​រង​ទុក្ខ​ដែល​លោក យ៉ាកុប កំពុង​មាន​ប្រសាសន៍​ត្រង់​នេះ​គឺ​មិន​ចាំ​បាច់​ទាក់​ទង​តែ​នឹង​ផ្នែក​សាច់​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាក់​ទង​នឹង​ទុក្ខ​លំបាក សំណាង​អាក្រក់​ក្នុង​ជីវិត​នេះ ឬ​ក៏​ការ​ឆ្លើយ​តប​ទៅ​កាន់​កាលៈទេសៈ​មួយ​ចំនួន​ខាង​ឯ​ចិត្ត​អារម្មណ៍ ឬ​ក៏​សតិ​បញ្ញា។ សេចក្តី​អធិស្ឋាន​ដែល​លោក យ៉ាកុប កំពុង​មាន​ប្រសាសន៍​គឺ​មិន​មែន​ជា​សេចក្តី​អធិស្ឋាន ដើម្បី​ដក​ចេញ​នូវ​ភាព​រង​ទុក្ខ​ដូច​ដែល​យើង​មួយ​ចំនួន​ប្រាថ្នា​ចង់​បាន​នោះ​ទេ ប៉ុន្តែ​លោក យ៉ាកុប កំពុង​តែ​ប្រាប់​ឲ្យ​យើង​អធិស្ឋាន​ដោយ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ជួយ​យើង​ក្នុង​ការ​បន្ត​តស៊ូ​ក្នុង​ការ​រង​ទុក្ខ​របស់​យើង។ ការ​អធិស្ឋាន​កំពុង​តែ​ផ្ដោត​លើ​ការ​ទូល​សូម​កម្លាំង​ជា​ជាង​លើ​ការ​ដក​ចេញ​នូវ​កាលៈទេសៈ។ មិន​ថា​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដ៏​ពិបាក​យ៉ាង​ណា​ក៏​ដោយ​ក្នុង​ជីវិត​នេះ ក៏​វា​គួរ​តែ​ជំរុញ​ឲ្យ​យើង​កាន់​តែ​អធិស្ឋាន​ថែម​ទៀត​ដែរ។

ពេល​ខ្លះ យើង​តែង​តែ​រៀប​រាប់​អំពី​ការ​រង​ទុក្ខ​របស់​យើង​ធំ​ជាង​ការ​ពិត​របស់​វា​ទៅ​ទៀត ដោយ​គិត​ថា វា​ពិបាក​ខ្លាំង​ណាស់ ដែល​តាម​ពិត​ទៅ​វា​ជា​កំហុស​របស់​យើង។ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​មាន​ន័យ​ត្រង់​នេះ​គឺ​ថា ទំនង​មក​ពី​យើង​មិន​បាន​សម្រាក​គ្រប់​គ្រាន់ ដូច្នេះ​អ្វី​ដែល​យើង​គួរ​ធ្វើ​គឺ​កុំ​បំផ្លើស​ការ​រស់​នៅ​របស់​យើង ប៉ុន្តែ​ព្យាយាម​សម្រាក​បាន​គ្រប់​គ្រាន់​វិញ។ នោះ​ជា​ការ​ល្អ​ជាង!

ជា​ទូ​ទៅ យើង​ដឹង​ហើយ​ថា​នៅ​ពេល​ដែល​យើង​រង​ទុក្ខ​យើង​ក៏​តែង​តែ​មាន​កំហឹង ឬ​ក៏​អាណិតអាសូរ​ខ្លួន​ឯង ឬ​ក៏​រអ៊ូរទាំ។ ប៉ុន្តែ តាម​ពិត​ទៅ នោះ​មិន​មែន​ជា​របៀប​ដែល​យើង​គួរ​ឆ្លើយ​តប​នោះ​ទេ បើ​យោង​តាម​ខ​គម្ពីរ​មួយ​នេះ ផ្ទុយ​ទៅ​វិញ​លោក យ៉ាកុប កំពុង​តែ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ទូល​សូម​កម្លាំង​ពី​ព្រះ​ជាម្ចាស់​ក្នុង​ការ​អធិស្ឋាន​ទៅ​វិញ​ទេ​តើ។ របៀប​មួយ​ដែល​យើង​អាច​ទូល​សូម​កម្លាំង​ពី​ព្រះ​ជាម្ចាស់​បាន​គឺ៖ យើង​ត្រូវ​បំពេញ​ទំនួល​ខុស​ត្រូវ​របស់​យើង។ ឧទាហរណ៍៖ យើង​ត្រូវ​ចូល​គេង​ឲ្យ​បាន​ទៀង​ទាត់ តាម​ពេល​វេលា ឲ្យ​បាន​គ្រប់​គ្រាន់ ហូប​ចុក​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ។ល។

យើង​ឃើញ​ថា​បន្ទាប់​ពី​លោក អេលីយ៉ា បាន​ប្រឈម​មុខ​នឹង​ក្រុម​ក្លែង​ក្លាយ​ព្រះ​បាល គាត់​ក៏​បាន​ចំណាយ​ពេល​ក្នុង​ការ​សម្រាក ដើម្បី​ទទួល​បាន​កម្លាំង​របស់​គាត់​វិញ។ កណ្ឌ​គម្ពីរ ១ពេត្រុស ៥:៧ បាន​រម្លឹក​យើង​ថា «ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ​អង្គ ដ្បិត​ទ្រង់​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា»។

ខ. បន្ត​អធិស្ឋាន​ពេល​កំពុង​មាន​អំណរ

ខ​គម្ពីរ​មាន​ចែង​ដូច​ត​ទៅ «តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ច្រៀង​សរសើរ​តម្កើង​ព្រះ​ចុះ»។ ក្នុង​ភាសា​ដើម​ពាក្យ «អរ​សប្បាយ» គឺ​សំដៅ​ទៅ​លើ «ការ​ដែល​យើង​បន្ត​រក្សា​ភាព​ក្លា​ហាន​របស់​យើង»។ ក្នុង​បរិបទ​នេះ​លោក យ៉ាកុប កំពុង​តែ​ផ្ដល់​អត្ថន័យ​ទៅ​លើ​ការ​ឲ្យ​យើង​មាន​អំណរ អរ​សប្បាយ ចេះ​និយាយ​លេង​សើច​ជា​មួយ​នឹង​មិត្តភក្ដិ ពោល​គឺ​យើង​មិន​គួរ​មុខ​ស្អុយ​ដូច​សត្វ​សំពោច​នោះ​ទេ។ តែ​នេះ​ក៏​មិន​មែន​មាន​ន័យ​ថា ឲ្យ​យើង​លេង​សើច​គ្រប់​ពេល​វេលា​នោះ​ដែរ ពិត​ណាស់ មាន​ពេល​ខ្លះ​យើង​ក៏​ត្រូវ​តែ​មាន​ភាព​ម៉ឺងម៉ាត់​ដែរ។ ភាព​អរសប្បាយ​ដែល​លោក យ៉ាកុប កំពុង​បង្គាប់​ឲ្យ​យើង​មាន​គឺ​មិន​សំដៅ​ទៅ​លើ​កាលៈទេសៈ​ក្រៅ​យើង​នោះ​ទេ វា​គឺ​ជា​អំណរ និង​សន្តិភាព​ដែល​យើង​មាន​នៅ​ក្នុង​ចិត្ត ពោល​គឺ​ភាព​ស្កប់ស្កល់​ចិត្ត​នៅ​ក្នុង​ខ្លួន​យើង។

«ត្រូវ​ឲ្យ​អ្នក​នោះ​ច្រៀង​សរសើរ​តម្កើង​ព្រះ​ចុះ» ក្នុង​ខ១៣​គឺ​ជា​ការ​ឆ្លើយ​តប​ទាក់​ទង​នឹង​ការ​មាន​អំណរ។ ការ​អធិស្ឋាន​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​ដែល​យើង​ទូល​សូម​អ្វី​ពី​ព្រះ​ជាម្ចាស់​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ដែល​យើង​ច្រៀង​សរសើរ​តម្កើង​ទ្រង់​ផង​ដែរ។ កិរិយា​សព្ទ​លើ​ពាក្យ «សរសើរ​តម្កើង» គឺ​សំដៅ​ទៅ​លើ​ការ​ច្រៀង​បទ​ចម្រៀង​សរសើរ​តម្កើង​ដោយ​មាន ឬ​ក៏​មិន​មាន​ឧបករណ៍​ភ្លេង។ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ ១៦:២៥ យើង​ឃើញ​ពី​គំរូ​ដែល​សាវ័ក ប៉ុល និង​លោក ស៊ីឡាស បាន​ធ្វើ​សម្រាប់​យើង ដែល​ត្រង់​នោះ​ពួក​គាត់​បាន​ច្រៀង​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​ជាប់​គុក។ កណ្ឌ​គម្ពីរ អេភេសូរ ៥:១៩ ក៏​បាន​ប្រើ​ប្រាស់​កិរិយា​សព្ទ​ដូច​នេះ​ផង​ដែរ «ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ ទាំង​ច្រៀង ហើយ​បង្កើត​ជា​ទំនុក​សរសើរ​ថ្វាយ​ព្រះ​អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត»។ ភាគ​ច្រើន​បទ​ចម្រៀង​សរសើរ​តម្កើង​គឺ​ជា​ចម្រៀង​នៃ​ការ​អធិស្ឋាន​ដែល​មាន​ចង្វាក់​ភ្លេង ដែល​នោះ​គឺ​ជា​គោល​បំណង​នៃ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង។

នេះ​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​លើក​ឡើង​ថា យើង​ត្រូវ​អធិស្ឋាន​គ្រប់​ពេល​វេលា​ដោយ​មាន​អំណរ។ ព្រះ​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​ខ​គម្ពីរ​ដែល​បង្គាប់​ឲ្យ​យើង​មាន​អំណរ។ ឧទាហរណ៍៖ ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:១៦ «ចូរ​អរ​សប្បាយ​ជានិច្ច»។ បើ​យើង​បក​ប្រែ​ខគម្ពីរ​មួយ​នេះ​ឲ្យ​ចំៗ នោះ​យើង​នឹង​ឃើញ​ថា សាវ័ក ប៉ុល កំពុង​តែ​បង្គាប់​ឲ្យ​យើង «តែង​តែ​អរ​សប្បាយ»។ ខ​គម្ពីរ​មួយ​នេះ​គឺ​ជា​ខ​គម្ពីរ​ដ៏​ខ្លី​ជាង​គេ​បំផុត​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក្នុង​ភាសា​ក្រិក។ ចំណុច​ស្នូល​នៃ​ខ​គម្ពីរ​នេះ​គឺ​ថា ឲ្យ​យើង​ដែល​ជា​គ្រីស្ទ​បរិស័ទ​មាន​អំណរ​គ្រប់​ពេល​វេលា ដោយ​មិន​ពឹង​លើ​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេស៊ូវ​កំពុង​តែ​យាង​ត្រឡប់​មក​វិញ។

លោក យ៉ាកុប កំពុង​តែ​រម្លឹក​ឲ្យ​យើង​ច្រៀង​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់។ ហេតុ​អ្វី? ពី​ព្រោះ​ជា​ទូ​ទៅ​ការ​ឆ្លើយ​តប​របស់​យើង​ពេល​ដែល​កាលៈទេសៈ​នៅ​ជុំ​វិញ​យើង​កំពុង​តែ​ដំណើរ​ការ​យ៉ាង​ល្អ​គឺ​យើង​មាន​អំនួត​ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​យើង​សម្រេច​បាន។ យើង​ឃើញ​អំពី​ចំណុច​នេះ​ក្នុង​កណ្ឌ​គម្ពីរ យ៉ាកុប ៤:១៦ នៅ​ពេល​ដែល​អ្នក​រក​ស៊ី​មាន​អំនួត។ ចំណុច​អនុវត្ត​មួយ​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​ដែល​យើង​អរសប្បាយ គឺ​យើង​គួរ​និពន្ធ​បទ​ចម្រៀង ដើម្បី​ច្រៀង​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់ ឬ​ក៏​និពន្ធ​កំណាព្យ​ដែល​សរសើរ​តម្កើង​ព្រះ​អង្គ។

គ. បន្ត​អធិស្ឋាន​ពេល​កំពុង​ឈឺ​ថ្កាត់

ពាក្យ «ឈឺ» ត្រង់​នេះ​អាច​សំដៅ​ទាំង​ទៅ​លើ​ការ​ឈឺ​ខាង​ឯ​សាច់​ឈាម និង​ទាំង​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ភាសា​ដើម​ត្រង់​នេះ​អនុញ្ញាត​ឲ្យ​មាន​អន្ថន័យ​ទាំង​ពីរ​បាន ប៉ុន្តែ​ក្នុង​បរិបទ​នេះ​ការ​ឈឺ​ថ្កាត់​ដែល​លោក យ៉ាកុប កំពុង​តែ​សំដៅ​លើ​គឺ​ទំនង​ជា​ការ​ឈឺ​ថ្កាត់​ខាង​ឯ​សាច់​ឈាម ពោល​គឺ​ទំនង​ជា​មាន​បុគ្គល​ណា​ម្នាក់​ឈឺ​ខាង​ឯ​សាច់​ឈាម ប្រហែល​ជា​អាច​នៅ​ក្នុង​គាត់ ឬ​ក៏​នៅ​ក្រៅ​គាត់​ដែល​តម្រូវ​ឲ្យ​មាន​គ្រូ​ពេទ្យ​មក​មើល។ ដូច​ដែល​មាន​ចម្លើយ​សម្រាប់​សំណួរ​ទី១ និង​ទី២ សំណួរ​ទី៣ «១៤ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ?» ក៏​មាន​ចម្លើយ​ដែរ៖ «ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ផង។» អ្នក​ឈឺ​ផ្ទាល់ ឬ​ក៏​អ្នក​មើល​ថែ​គាត់ «ត្រូវ…ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ»។ តើ​ពួក​ចាស់​ទុំ​ត្រូវ​ធ្វើ​អ្វី​នៅ​ពេល​ដែល​មាន​គេ​ហៅ​ពួក​គាត់​ឲ្យ​មក? ខ​គម្ពីរ​បាន​ចែង​ថា «ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ»។

ជា​ថ្មី​ម្ដង​ទៀត យើង​ក៏​អាច​ឃើញ​ពី​ប្រធាន​បទ​នៃ​ការ​អធិស្ឋាន។ យើង​ត្រូវ​ហៅ​ពួក​ចាស់​ទុំ​មិន​មែន​មក​ពី​ពួក​គាត់​មាន​ឫទ្ធិ​អំណាច​ពិសេស​ក្នុង​ការ​ព្យាបាល​នោះ​ទេ ប៉ុន្តែ​មក​ពី​ពួក​គាត់​តំណាង​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល ហើយ​ការ​អធិស្ឋាន​របស់​ពួក​គាត់​ក៏​បង្ហាញ​អំពី​ការ​អធិស្ឋាន​ដែល​តំណាង​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​ដែរ។ សូម​យល់​ឲ្យ​ច្បាស់​ថា អំណាច​នៃ​ការ​ប្រោស​ឲ្យ​ជា​គឺ​មាន​នៅ​ក្នុង​ព្រះ​អម្ចាស់​ផ្ទាល់ ដែល​យើង​អធិស្ឋាន​ទៅ​កាន់​ទ្រង់ មិន​មែន​លើ​បុគ្គល​ដែល​អធិស្ឋាន​នោះ​ទេ។ នេះ​គឺ​ជា​គំរូ​មួយ​ចំនួន​ដែល​យើង​អាច​យក​មក​ប្រើ​ប្រាស់​បាន​ទាក់​ទង​នឹង​ការ​អធិស្ឋាន​គ្រប់​ពេល​វេលា៖

  • អធិស្ឋាន​នៅ​ពេល​ដែល​យើង​កំពុង​រង​ទុក្ខ
  • អធិស្ឋាន​នៅ​ពេល​ដែល​យើង​មាន​អំណរ និង​នៅ​ពេល​ដែល​យើង​ឈឺ
  • អធិស្ឋាន​សម្រាប់​បុគ្គល​ដែល​យើង​កំពុង​តែ​សន្ទនា​ជា​មួយ
  • អធិស្ឋាន​សម្រាប់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​អធិប្បាយ​ឥឡូវ​នេះ
  • អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​នៅ​ឆ្ងាយ និង​អ្នក​នៅ​ជិត​យើង ខណៈ​ពេល​ដែល​យើង​ដើរ​រត់​ហាត់​ប្រាណ
  • ហើយ​ទោះ​បើ​យើង​មិន​ស្គាល់​ពួក​គេ ក៏​យើង​នៅ​អាច​អធិស្ឋាន​សម្រាប់​គេ​បាន​ដែរ
  • អធិស្ឋាន​សម្រាប់​ក្រុម​ជំនុំ​យើង សម្រាប់​សមាជិក​ក្រុម​ជំនុំ​យើង សម្រាប់​សេចក្ដី​សង្គ្រោះ​សម្រាប់​អស់​អ្នក​ដែល​មិន​ទាន់​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​នៅ​ឡើយ
  • អធិស្ឋាន​សម្រាប់​ឪពុក​ម្ដាយ​យើង សម្រាប់​បង​ប្អូន​យើង
  • អធិស្ឋាន​សម្រាប់​អស់​ណា​ដែល​លោក​អ្នក​អាច​គិត​ដល់​បាន

បង​ប្អូន​ដឹង​ហើយ​ថា យើង​ជា​ច្រើន​នាក់​ភាគ​ច្រើន​ចំណាយ​ពេល​យ៉ាង​យូរ​ក្នុង​បន្ទប់​ទឹក ដើម្បី​រៀប​ចំ​ខ្លួន ប៉ុន្តែ​ភាគ​តិច​ណាស់​ចំណាយ​ពេល​ស្មើ​នឹង​ពេល​ចំណាយ​ក្នុង​បន្ទប់​ទឹក​រៀប​ចំ​ខ្លួន ដើម្បី​អធិស្ឋាន។ យើង​ញែក​ពេលវេលា ដើម្បី​ងូត​ទឹក បរិភោគ​អាហារ គេង។ល។ ប៉ុន្តែ យើង​កម្រ​ញែក​ពេលវេលា ដើម្បី​នឹង​អធិស្ឋាន​ណាស់។ ពេល​យើង​ទៅ​កន្លែង​ណា​មួយ យើង​ត្រៀម​ពេលវេលា​ទុក​មុន​ក្រែងលោ​ស្ទះ​ផ្លូវ ប៉ុន្តែ​យើង​កម្រ​នឹង​ញែក​ពេលវេលា ដើម្បី​អធិស្ឋាន​ណាស់។ ខ្ញុំ​សង្ឃឹម​ថា អ្វី​ដែល​ខ្ញុំ​អាច​ចែក​ចាយ​ឥឡូវ​នេះ​គឺ​ជា​ការ​រម្លឹក​ឲ្យ​យើង​ចំណាយ​ពេល​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​អធិស្ឋាន ដូច​ដែល​លោក យ៉ាកុប បាន​រម្លឹក​មិត្ត​អ្នក​អាន​របស់​គាត់។

សូម​សួរ​ខ្លួន​ឯង​ថា៖ តើ​ការ​អធិស្ឋាន​របស់​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ម៉េច​ដែរ? តើ​ខ្ញុំ​ស្កប់​ចិត្ត​នឹង​វា​ដែរ​ឬ​ទេ? តើ​វា​ល្អ ឬ​ក៏​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​អធិស្ឋាន​បន្ថែម​ទៀត? ឬ​ក៏​ថា​វា​មិន​ល្អ​សោះ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ញែក​ពេលវេលា​ឲ្យ​ប្រាកដ​ប្រជា ដើម្បី​អធិស្ឋាន។ មិន​ថា​យើង​ស្ថិត​នៅ​ក្នុង​ចំណុច​ណា​ក៏​ដោយ ក៏​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​បំផ្លាស់​បំប្រែ​ជីវិត​នៃ​ការ​អធិស្ឋាន​របស់​យើង ពីព្រោះ​ជីវិត​យើង​ខ្លី​ណាស់។ កណ្ឌ​គម្ពីរ យ៉ាកុប ៤:១៤ បាន​ប្រាប់​យើង​ថា ជីវិត​យើង​គឺ​ដូច​ជា​ចំហាយ​ទឹក និង​ដូច​ជា​ស្មៅ​អញ្ចឹង។

II. អធិស្ឋាន​ដោយ​មាន​ជំនឿ (១៤ខ-១៥)

ចុង​ខ​១៤ និង​ខ​១៥​មាន​ចែង​ដូច​ត​ទៅ៖ «…ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់​ផង។ ១៥ ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ​អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់​ក្រោក​ឡើង​វិញ។ ប្រសិន​បើ​គាត់​បាន​ប្រ​ព្រឹត្តិ​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស»។

ការ​អធិស្ឋាន​ដោយ​ជំនឿ​គឺ​ជា​ការ​អធិស្ឋាន​ដែល​មាន​ការ​ទុក​ចិត្ត​លើ​ព្រះ​អង្គ។ ក្នុង​ខ​គម្ពីរ​នេះ យើង​ឃើញ​ថា មាន​ចំណុច​ពីរ​យ៉ាង​ក្រោម​ចំណុច​ទី២​នេះ នៅ​ពេល​ដែល​ពួក​ចាស់​ទុំ​អធិស្ឋាន​ដោយ​មាន​ជំនឿ៖ ក. ដោយ​មាន​ការ​លាប​ប្រេង​តាំង និង ខ. ការ​សន្យា​ថា​ព្រះ​នឹង​ស្ដារ​បុគ្គល​នោះ​ឡើង​វិញ។

ក. ការ​លាប​ប្រេង​តាំង

ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ប្រេង​តាំង​គឺ​ជា​តំណាង​នៃ​ការ​ជ្រើស​រើស​របស់​ព្រះ​ជាម្ចាស់។ ហើយ​នៅ​ជំនាន់​នោះ ការ​លាប​ប្រេង​តាំង​ក៏​ជា​របៀប​ដ៏​សាមញ្ញ​មួយ​ទាក់​ទង​នឹង​ការ​ព្យាបាល​ដែរ។ «ប្រេង» ត្រង់​នេះ​គឺ​ជា​តំណាង​ឲ្យ​ការ​ព្យាបាល​ពី​ព្រះ​ជាម្ចាស់​លើ​រាស្ត្រ​របស់​ទ្រង់ ដែល​អធិស្ឋាន​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់។ ការ​លាប​ប្រេង​តាំង​គឺ​ជា​ការ​បង្ហាញ​ថា មាន​ទំនុក​ចិត្ត និង​ការ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ទាំង​ស្រុង​តែ​មួយ​គត់។ គ្មាន​ដើម​ឈើ ឬ​ក៏​រូប​មន្ត​ពិសេស​ណា​ដែល​ពួក​ចាស់​ទុំ​យក​មក​ប្រើ​ប្រាស់ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ទេ។ កាល​នោះ ពួក​គេ​ដឹង​ហើយ​ថា ប្រេង​មិន​មាន​ឫទ្ធិ​អំណាច​ក្នុង​ការ​ព្យាបាល​អ្វី​ទេ។ អំណាច​ដ៏​ពិត​គឺ​មក​ពី​ព្រះ​ជាម្ចាស់​ដែល​ប្រើ​ប្រាស់​ប្រេង​នោះ។

ប្រេង​គឺ​គ្រាន់​តែ​ជា​ការ​តំណាង​ឲ្យ​ព័ន្ធកិច្ច​ដ៏​ធំ​ផ្សេង​ទៀត​របស់​ព្រះ​ជាម្ចាស់​តែ​ប៉ុណ្ណោះ។ ការ​លាប​ប្រេង​តាំង​មាន​សារៈសំខាន់​សម្រាប់​ការ​ព្យាបាល ប៉ុន្តែ​មិន​មែន​មក​ពី​វា​មាន​សារ​ជាតិ​ថ្នាំ​ដ៏​ពិសេស​អាថ៌កំបាំង​ណា​មួយ​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ទង្វើ​នៃ​ការ​បង្ហាញ​អំពី​ជំនឿ​តែ​ប៉ុណ្ណោះ។ ក្រុម​ជំនុំ​ដំបូង និង​ក្រុម​ជំនុំ​មួយ​ចំនួន​សព្វ​ថ្ងៃ​នេះ​លាប​ប្រេង​តាំង ដើម្បី​ជា​ការ​បង្ហាញ​អំពី​ការ​ទុក​ចិត្ត​របស់​ពួក​គេ​លើ​ព្រះ​ជាម្ចាស់។ ទង្វើ​នៃ​ការ​លាប​ប្រេង​តាំង​គឺ​ជា​ការ​បង្ហាញ​អំពី​ជំនឿ ហើយ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន ព្រះ​ជាម្ចាស់​ក៏​បាន​ប្រើ​ប្រាស់​ជំនឿ​របស់​គេ ជា​ព្រះ​ពរ ដោយ​ព្រះ​អង្គ​បាន​ព្យាបាល​អ្នក​ឈឺ​ដែរ។

សូម​ចង​ចាំ​ថា​ការ​ផ្ដោត​គឺ​លើ​ការ​អធិស្ឋាន មិន​មែន​លើ​ការ​លាប​ប្រេង​នោះ​ទេ។ លើស​ពី​នោះ​ទៅ​ទៀត ការ​អធិស្ឋាន​គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់ ដែល​នោះ​បង្ហាញ​ថា ការ​លាប​ប្រេង​តាំង និង​ការ​អធិស្ឋាន​គឺ​ជា​ទង្វើ​នៃ​ជំនឿ ដោយ​ស្រែក​ហៅ​ទទូច​អង្វរ​ព្រះ​នាម​ព្រះ​យេស៊ូវ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់ ដូច​ដែល​កណ្ឌ​គម្ពីរ យ៉ូហាន ១៤:១៤ មាន​ចែង​ដូច​ត​ទៅ៖ «បើ​អ្នក​រាល់​គ្នា​សូម​អ្វី ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ»។

ខ. ការ​សន្យា​ថា​នឹង​ស្ដារ​ឡើង​វិញ

ខ​១៥​ចែង​ដូច​ត​ទៅ៖ «ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ​នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ​អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់​ក្រោក​ឡើង​វិញ។ ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្តិ​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស»។ ជំងឺ​ត្រង់​នេះ​អាច​ទាក់​ទង​ខាង​ឯ​ព្រលឹង​វិញ្ញាណ និង​ខាង​ឯ​សាច់​ឈាម​បាន​ទាំង​ពីរ។ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​ក៏​មិន​គួរ​បារម្ភ​ខ្លាំង​ពេក​ត្រង់​ថា តើ​លោក យ៉ាកុប កំពុង​ផ្ដោត​ទៅ​លើ​ចំណុច​មួយ​ណា​ដែរ ពីព្រោះ​នៅ​ចុង​បញ្ចប់ ព្រះ​ជាម្ចាស់​នឹង​រំដោះ​រាស្ត្រ​របស់​ទ្រង់ ទាំង​ពី​ជំងឺ​ខាង​ឯ​សាច់​ឈាម និង​ជំងឺ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ផង​ដែរ។

នេះ​គឺ​ជា​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រោះ​ថា​ការ​អធិស្ឋាន​ដោយ​មាន​ជំនឿ​គឺ​ជា​អ្វី​ដែល​នឹង​ស្ដារ​បុគ្គល​ដែល​កំពុង​ឈឺ​ឡើង​វិញ។ ទំនង​លោក​អ្នក​កំពុង​តែ​ងឿង​ឆ្ងល់​ថា តើ​អ្វី​ទៅ​ជា​សេចក្ដី​អធិស្ឋាន​ដោយ​មាន​ជំនឿ? ចម្លើយ​គឺ៖ វា​ជា​សេចក្ដី​អធិស្ឋាន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនឿ។ ជា​សេចក្ដី​អធិស្ឋាន​ដែល​ជឿ​ថា​ព្រះ​ជាម្ចាស់​នឹង​ឆ្លើយ​តប​សេចក្ដី​អធិស្ឋាន​មួយ​នោះ។ សេចក្ដី​អធិស្ឋាន​ដោយ​មាន​ជំនឿ​ក៏​ជា​ការ​អធិស្ឋាន​ដែល​ស្វះស្វែង​រក​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ ខណៈ​ពេល​ដែល​ព្រះ​គម្ពីរ​មិន​បាន​លើក​ឡើង​យ៉ាង​ក្បោះ​ក្បាយ​អំពី​ចំណុច​មួយ​នោះ។ ហើយ​ជា​សេចក្ដី​អធិស្ឋាន​ដែល​ព្រះ​ជាម្ចាស់​សន្យា​ថា​នឹង​ស្ដារ​ឡើង​វិញ។ តែ​បង​ប្អូន​នេះ​មិន​មែន​មាន​ន័យ​ថា រាល់​ជំងឺ​ឈឺ​ថ្កាត់​គឺ​ជា​លទ្ធផល​នៃ​អំពើ​បាប​នោះ​ទេ ដូច​ដែល​យើង​ឃើញ​នៅ​ក្នុង​ជីវិត​របស់​លោក យ៉ូប ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ ទោះ​បើ​អំពើ​បាប​អាច​បង្ក​ឲ្យ​មាន​ជំងឺ ឬ​ក៏​ការ​ស្លាប់​ក៏​ដោយ ដូច​ដែល​យើង​ឃើញ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១១ ដែល​ត្រង់​នោះ​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​ពួក​ជំនុំ​បាន​ទទួល​ពិធី​លៀង​ព្រះ​អម្ចាស់​ក្នុង​អំពើ​បាប។ ដូច្នេះ ជា​លទ្ធផល​ក៏​មាន​មនុស្ស​មួយ​ចំនួន​ឈឺ ហើយ​ខ្លះ​ក៏​បាន​ដេក​លក់ ដែល​នោះ​គឺ​ជា​ភាសា​សម្រាយ​របស់​ព្រះ​គម្ពីរ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​បាន​ស្លាប់។

ដូច្នេះ យើង​ត្រូវ​តែ​អធិស្ឋាន​ដោយ​មាន​ជំនឿ ពីព្រោះ «រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ» (ហេព្រើរ ១១:១)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ យ៉ាកុប ១:៥-៨ ក៏​អ្នក​និពន្ធ​បាន​រម្លឹក​ឲ្យ​យើង​ទូល​សូម​ព្រះ​ជាម្ចាស់ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូម​ពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។ ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​នោះ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​ផាត់ ទាំង​រំពើក​ចុះ​ឡើង កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ​អម្ចាស់​ឡើយ។ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ពីរ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ខ្លួន»។

នៅ​ពេល​ដែល​យើង​ទូល​សូម ចូរ​យើង​ទូល​សូម​ដោយ​មាន​ចិត្ត​ត្រឹម​ត្រូវ។ ការ​មាន​ចិត្ត​ត្រឹម​ត្រូវ​ត្រង់​នេះ​មាន​ន័យ​ថា យើង​មិន​ខ្ជះខ្ជាយ​អ្វី​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​មក​ឲ្យ​យើង ដោយ​ប្រើ​ប្រាស់​វា​សម្រាប់​ជា​ការ​អរ​សប្បាយ​លើ​ខ្លួន​ឯង ដូច​ដែល​ជំពូក ៤:៣ បាន​រម្លឹក​យើង។

និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី បូល រដ្ឋា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្លាប់ក្នុងព្រះអម្ចាស់

គំនិតអាក្រក់ៗ