យើងខ្ញុំគិតថា ចំណុចនេះពាក់ព័ន្ធទៅនឹងសតិសម្បជញ្ញៈផ្ទាល់ខ្លួន។ ហើយវាគួរតែបែបនោះ។ ប៉ុន្តែ នេះមិនមែនមានន័យថា វាមិនមានអត្ថន័យ ឬក៏ការណែនាំក្នុងព្រះគម្ពីរនោះទេ។
សំណួរដ៏ធំទាក់ទងទៅនឹងថ្ងៃសប្ប័ទគឺថា តើព្រះគម្ពីរសញ្ញាថ្មីបាន ឬក៏មិនបានបញ្ជាឲ្យយើងរក្សាថ្ងៃសប្ប័ទឲ្យបានបរិសុទ្ធក្នុងរបៀបដូចដែលព្រះគម្ពីរសញ្ញាចាស់បានបញ្ជា។
វាគឺជាបទល្មើសមូលធនក្នុងព្រះគម្ពីរសញ្ញាចាស់។ ដោយគ្រាន់តែលី ឬក៏កាន់មែកឈើនៅថ្ងៃសប្ប័ទ លោកអ្នកអាចទទួលការប្រហារជីវិតចោល។
យើងខ្ញុំនឹងមិនអើពើលើបញ្ហានៃថ្ងៃអាទិត្យ v.s. ថ្ងៃសៅរ៍នោះទេ ដោយគ្រាន់តែសន្មតថាវាមិនមែនជាសំណួរតែម្ដង។ ថ្ងៃអាទិត្យគឺជាថ្ងៃសប្ប័ទសម្រាប់គ្រីស្ទបរិស័ទ ជាថ្ងៃនៃព្រះអម្ចាស់ ថ្ងៃដែលព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ។ ហើយយើងខ្ញុំក៏ឯកភាពជាមួយនឹងប្រយោគនេះដែរ។ យើងខ្ញុំគិតថា អស់អ្នកដែលថ្វាយបង្គំនៅថ្ងៃសៅរ៍គឺកំពុងតែមានការយល់ដឹងខុសហើយលើថ្ងៃនៃព្រះអម្ចាស់ ថ្ងៃដែលព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងពីសុគតវិញ គឺជាថ្ងៃដែលក្រុមជំនុំដំបូងបានកត់សម្គាល់ថាជាថ្ងៃបរិសុទ្ធនៃដើមអាទិត្យ។
ដូច្នេះ សំណួរសួរថា តើព្រះអម្ចាស់មានព្រះទ័យយ៉ាងដូចម្ដេចសម្រាប់ថ្ងៃដែលព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ សម្រាប់ថ្ងៃអាទិត្យ ដូចដែលមានបើកសម្ដែងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី?
ចំពោះយើងខ្ញុំកណ្ឌគម្ពីររ៉ូមជំពូក១៤ គឺសំខាន់ណាស់ដោយសារក្នុងជំពូកនេះ យើងឃើញថាហាក់ដូចជាមិនមានការឯកភាពគ្នាក្នុងក្រុមជំនុំ។ បុគ្គលម្នាក់ប្រារព្ធថ្ងៃមួយ ហើយបុគ្គលម្នាក់ទៀតរាប់ថ្ងៃទាំងអស់ថាដូចគ្នា។ សូមកត់សម្គាល់ត្រង់ថា ជំពូកនោះមិនបានលើកឡើងយ៉ាងចំៗអំពីបញ្ហាលើថ្ងៃសប្ប័ទទេ។ វាអាចជាថ្ងៃឈប់សម្រាកណាផ្សេងទៀតក៏ថាបាន។ ប៉ុន្តែ បានលើកឡើងថា «ម្នាក់រាប់ថា ថ្ងៃ១ល្អជាងថ្ងៃ១ ម្នាក់ទៀតរាប់ថា ថ្ងៃណាក៏ដូចជាថ្ងៃណា» ដែរ (រ៉ូម ១៤:៥)។
យើងខ្ញុំចងចាំអំពីការសន្ទនាមួយនេះជាមួយនឹងសាស្ត្រាចារ្យព្រះគម្ពីរសញ្ញាចាស់ម្នាក់ ហើយគាត់បានលើកឡើងថា ខនេះមិនបានលើកឡើងថាបុគ្គលម្នាក់បានរាប់ «ថ្ងៃទាំងអស់ទាក់ទិននឹងសាសនាទេ» ប៉ុន្តែទំនងថា «ថ្ងៃទាំងអស់គឺបរិសុទ្ធ»។ ហើយយើងខ្ញុំក៏បានតបថា «ពិតណាស់! នេះជាអ្វីដែលខ្ញុំបានសន្មតអំពីអត្ថន័យ។» និយាយម្យ៉ាងវិញទៀតទៅ រាល់ថ្ងៃនៃសប្តាហ៍ទាំងអស់គឺបរិសុទ្ធចំពោះព្រះអម្ចាស់សម្រាប់មនុស្សមួយចំនួនក្នុងកណ្ឌគម្ពីររ៉ូម ហើយអ្នកផ្សេងក៏បានតបវិញថា «ពិតណាស់! ប៉ុន្តែ ថ្ងៃមួយនេះគឺបរិសុទ្ធជាង។»
មើលទៅហាក់បីដូចជាថាមិនមានការឯកភាពគ្នា។ ហើយរបៀបដំណោះស្រាយរបស់សាវ័ក ប៉ុល ទាក់ទងទៅនឹងការមិនឯកភាពគ្នាគឺថា គាត់មិនកាន់ជើងអ្នកណានោះទេ។ នោះគឺជាអ្វីដែលធ្វើឲ្យវាសំខាន់៖ គឺគាត់បានលើកឡើងថា «អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ»។
នោះគឺជាចំណុចដ៏សំខាន់ណាស់ ពីព្រោះយើងខ្ញុំគិតថា មនុស្សដែលមិនគិតអំពីថ្ងៃនៃព្រះអម្ចាស់ ឬក៏ធ្វើអ្វីមួយដើម្បីធ្វើឲ្យថ្ងៃនោះពិសេសក៏ទំនងមិនធ្វើការសម្រេចចិត្តចំពោះព្រះជាម្ចាស់ដែរ។
មើលទៅហាក់បីដូចជាពួកគាត់មិនយកចិត្តទុកដាក់ទេ ដោយមិនគិតអំពីអ្វីដែលពួកគាត់កំពុងតែធ្វើ។ ហើយពួកគាត់បែរជាជ្រើសរើសមើលគេលេងកីឡាអាជីពលើទូរទស្សន៍ ឬក៏មើលរឿងភាគទៅវិញ។ ហើយនៅពេលដែលលោកអ្នកឃើញទង្វើ នោះលោកអ្នកក៏នឹងលើកឡើងថា «តើថ្ងៃនេះខុសពីថ្ងៃសៅរ៍មែនឬ? តើវាមានអ្វីសំខាន់ពីថ្ងៃនេះមែនឬ?» ហើយមានគ្រីស្ទបរិស័ទជាច្រើននឹងតបថា «ទេ មិនមានអ្វីពិសេសអំពីថ្ងៃនេះនោះទេ»។
ហើយយើងខ្ញុំគិតថា គោលការណ៍នៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺថា ព្រះជាម្ចាស់បានគ្រោងទុកឲ្យមានថ្ងៃមួយក្នុងថ្ងៃទាំងប្រាំពីរក្លាយជាថ្ងៃសម្រាក។ យើងខ្ញុំគិតថា នេះគឺជាការគ្រោងទុកពេលព្រះអង្គបង្កើតរបស់សព្វសារពើ សម្រាប់ជាប្រយោជន៍ដល់យើង និងសម្រាប់ជាសុខភាពដល់យើង។
ដូច្នេះ នៅថ្ងៃព្រះអម្ចាស់ ចំណុចមួយដែលយើងគួរធ្វើក្នុងចំណុចនានាគឺធ្វើនូវអ្វីដែលនាំឲ្យមានការលម្ហែដល់យើងសម្រាប់ព័ន្ធកិច្ចរបស់ព្រះអង្គ មិនថាខាងឯខួរក្បាល រាងកាយ ឬក៏វិញ្ញាណក៏ដោយ។ ដូច្នេះ ប្រសិនបើលោកអ្នកធ្វើការដោយអង្គុយនៅតុមួយកន្លែងពេញអាទិត្យ នោះអ្វីដែលលោកអ្នកគួរធ្វើគឺទៅដើរ ឬក៏ជិះកង់លេងនៅថ្ងៃអាទិត្យ។ ហើយប្រសិនបើលោកអ្នកធ្វើការនៅឯចម្ការ ហើយឈឺខ្នងពេញមួយអាទិត្យ (ដ្បិតនោះគឺជាអ្វីដែលពួកគេធ្វើនៅក្នុងព្រះគម្ពីរសញ្ញាចាស់) នោះអ្វីដែលលោកអ្នកគួរធ្វើគឺអង្គុយ ហើយសម្រាកដោយគេងលេងនៅថ្ងៃអាទិត្យ។
យើងខ្ញុំគិតថា ចំណុចដែលឲ្យយើងសម្រាកគឺពាក់ព័ន្ធទៅនឹងចិត្តសាស្ត្រ ហើយចេញពីទស្សនៈនៃការបង្កើតតាមលំដាប់លំដោយ វាក៏ជាការដ៏មានប្រាជ្ញាដែរ។ យើងខ្ញុំប្រើពាក្យ «ប្រាជ្ញា» ជាជាងតម្រូវឲ្យធ្វើអ្វីមួយក្នុងរបៀបណាមួយ។ សូមញែកថ្ងៃណាមួយក្នុងចំណោមថ្ងៃទាំងប្រាំពីរចេញ ហើយយកវាទុកជាថ្ងៃដែលលោកអ្នកនឹងសម្រាកឲ្យមានកម្លាំងឡើងវិញខាងឯសាច់ឈាមចុះ។
នៅពេលដែលយើងមានថ្ងៃឈប់សម្រាកនៅចុងអាទិត្យ នោះយើងតែងតែគិតថា «តើវាទាក់ទងអ្វីជាមួយនឹងថ្ងៃសៅរ៍?»។ ខណៈពេលដែលព្រះគម្ពីរមានចែងថា «ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សម្រាក» (និក្ខមនំ ២០:៩-១០)។ ដូច្នេះ ព្រះគម្ពីរមិនមានថ្ងៃធ្វើការតែប្រាំថ្ងៃនោះទេ ប៉ុន្តែមានប្រាំមួយថ្ងៃ។
នោះគឺជារបៀបដែលយើងខ្ញុំគិតជាមួយនឹងខ្លួនឯង។ យើងខ្ញុំធ្វើការប្រាំមួយថ្ងៃក្នុងមួយអាទិត្យ ហើយនៅថ្ងៃចន្ទ—ជាថ្ងៃដែលយើងខ្ញុំឈប់សម្រាក—យើងខ្ញុំនឹងសម្រួលឥរិយាបថដោយសម្រាក ហើយមិនគិតអំពីការងារ។ ប៉ុន្តែ ផ្ទុយទៅវិញ យើងខ្ញុំអធិស្ឋាននៅដើមថ្ងៃថា «ឱព្រះអម្ចាស់អើយ! អ្វីដែលនឹងកើតឡើងនៅថ្ងៃនេះ សូមប្រើប្រាស់វា ដើម្បីឲ្យទូលបង្គំមានកម្លាំងនៅថ្ងៃអង្គារ។ សូមឲ្យទូលបង្គំមានកម្លាំងសម្រាប់ថ្ងៃនានានៅក្នុងសប្ដាហ៍នេះដែលនឹងមកដល់។ សូមប្រទានកម្លាំងដល់ទូលបង្គំ សូមប្រទានថាមពលដល់ទូលបង្គំ។»
ចំណុចបរិសុទ្ធគឺជាចំណុចដែលកំពុងតែផ្ដោតលើក្នុងសំណួរមួយនេះ។ យើងខ្ញុំគិតថា ចំណុចបរិសុទ្ធគឺទាក់ទងជាមួយនឹងការថ្វាយបង្គំ។ មិនថានៅយប់ថ្ងៃសៅរ៍មុននោះ ឬក៏ព្រឹកថ្ងៃអាទិត្យ សូមញែកមួយថ្ងៃជាការផ្ដោតដ៏សំខាន់ក្នុងការជួបជុំគ្នាថ្វាយបង្គំ។ យើងខ្ញុំគិតថា ចំណុចនេះគឺច្បាស់លាស់ណាស់ក្នុងរបៀបដែលព្រះគម្ពីរសញ្ញាថ្មីបានលើកឡើងអំពីការជួបជុំគ្នានៃរាស្ត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃនោះបរិសុទ្ធក្នុងអត្ថន័យថា វាគឺជាថ្ងៃដែលបានញែកទុកសម្រាប់ជួបជុំគ្នា ដើម្បីថ្វាយបង្គំព្រះជាម្ចាស់។
ជាបន្ទាប់ យើងខ្ញុំគិតថា លោកអ្នកគួរព្យាយាមគេចខ្លួនចេញពីការចូលរួមជាមួយនឹងលោកីយ៍ ដើម្បីឲ្យលោកអ្នកអាចលើកឡើងអំពីចំណុចពិសេសនៅថ្ងៃនេះបាន។ វាខុសគ្នាពីថ្ងៃនានា ពីព្រោះព្រះគ្រីស្ទគឺជាព្រះអម្ចាស់ ហើយព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញក្នុងរបៀបដែលយើងខ្ញុំចង់និយាយអំពីចំណុចចម្លែករបស់វានៅថ្ងៃនេះ។ ប៉ុន្តែ យើងខ្ញុំមិនចង់លើកយកក្រឹត្យវិន័យថា វាគួរមានលក្ខណៈយ៉ាងដូចម្តេចនោះទេ? យើងខ្ញុំនឹងគ្រាន់តែចែកចាយនូវការអនុវត្តមួយចំនួនដែលគ្រួសាររបស់យើងខ្ញុំបានបង្កើតឡើង។
គ្រួសារយើងខ្ញុំមិនមើលការប្រកួតកីឡាអាជីពនៅថ្ងៃអាទិត្យនោះទេ។ កូនប្រុសៗរបស់យើងក៏មិនទៅប្រកួតបាល់នៅថ្ងៃអាទិត្យដែរ។ ហើយយើងខ្ញុំក៏មិនបានហាមប្រាមថា ពួកគាត់មិនអាចទៅផ្ទះមិត្តភក្ដិ ហើយមើលទូរទស្សន៍ដែរ។ មនុស្សមួយចំនួននឹងទំនងជាលើកឡើងថា «មើលទៅហាក់បីដូចជាចម្លែកណាស់។ នោះគឺជាការហាមប្រាមដែលគួរឲ្យអស់សំណើចមែន?»។ ប៉ុន្តែ យើងខ្ញុំមានមូលហេតុរបស់ខ្លួន។ ហើយយើងខ្ញុំក៏បានប្រាប់អំពីមូលហេតុនោះទៅកាន់កូនប្រុសៗរបស់យើងខ្ញុំដែរ អំពីការមានចំណែកក្នុងសកម្មភាពដែលមិនពាក់ព័ន្ធជាមួយនឹងព្រះជាម្ចាស់នៅឯពហុកីឡាដ្ឋាន។
គ្រួសារយើងខ្ញុំក៏មិនទៅមើលកុននៅថ្ងៃអាទិត្យដែរ។ ៩៩% នៃរឿងមិនបង្ហាញពីការកោតខ្លាចព្រះជាម្ចាស់នោះទេ ហើយក៏លើកតម្កើងការសប្បាយបែបលោកីយ៍ផងដែរ ទោះបើថាវាមិនមែនជាអំពើ «អាក្រក់» ក៏ដោយ។ រឿងទាំងអស់នោះមិនពាក់ព័ន្ធជាមួយនឹងព្រះជាម្ចាស់ទាល់តែសោះ។ ហើយយើងខ្ញុំផ្ទាល់ក៏មិនដែលទៅមើលកុននៅថ្ងៃអាទិត្យ ហើយក៏មិនមានផែនការទៅមើលនៅអនាគតដែរ។ នេះគឺជាចរិតរបស់យើងខ្ញុំ។
ប៉ុន្តែ យើងខ្ញុំក៏មិនស៊ើបសួរនាំនៅឯព្រះវិហារ ឬក៏កន្លែងធ្វើការរបស់យើងខ្ញុំថា តើបុគ្គលិកបាន ឬក៏នឹងធ្វើអ្វីខ្លះដែរ? អ្វីដែលយើងខ្ញុំចង់លើកឡើងគឺថា លោកអ្នកត្រូវតែញែកថ្ងៃណាមួយនៃសប្តាហ៍ ដើម្បីសម្រាក ហើយលោកអ្នកត្រូវរករបៀបនិយាយទៅកាន់ព្រះជាម្ចាស់ថា «ទូលបង្គំស្រឡាញ់ទ្រង់។ ទូលបង្គំគោរពកោតខ្លាចព្រះអង្គ។ ហើយទូលបង្គំក៏នឹងថ្វាយព្រះកិត្តិយសដល់ព្រះអង្គក្នុងរបៀបដ៏ពិសេសនៅថ្ងៃនេះផងដែរ»។
លោកគ្រូបានរម្លឹកយើងឲ្យញែកពេលវេលាសម្រាកជារៀងរាល់អាទិត្យ ហើយយកពេលនោះកោតខ្លាចព្រះនាមរបស់ព្រះអង្គ។
មតិយោបល់
Loading…