ប្រវត្តិ
សាន់ ម៉្ញុង មូន (Sun Myung Moon ត្រកូលគឺ Moon) កើតនៅទីក្រុង ជុងជូ (Chongju) ខេត្ត ព្យុងកាន (Pyongan) ប្រទេសកូរ៉េ (បច្ចុប្បន្នកូរ៉េខាងជើង) នៅថ្ងៃទី ៦ ខែមករា ឆ្នាំ១៩២០។ លោក មូន អះអាងថា នៅពេលគាត់មានអាយុ ១៦ឆ្នាំ ព្រះយេស៊ូវបានលេចមកជួបនឹងគាត់ ហើយប្រាប់គាត់ថា ព្រះយេស៊ូវបានបរាជ័យក្នុងបេសកកម្មរបស់ទ្រង់កាលពី ២០០០ ឆ្នាំមុន ពីព្រោះទ្រង់បានសុគត ដោយមិនបានរៀបការ និងបង្កើតគ្រួសារល្អឥតខ្ចោះមួយ ដែលគ្មានបាប។ ដូច្នេះ លោក មូន ត្រូវតែជាព្រះមែស៊ីថ្មី ដើម្បីធ្វើអ្វីដែលព្រះយេស៊ូវ បានបរាជ័យ។ ដូច្នេះ លោក មូន បានបង្កើតសាសនាថ្មីដែលហៅ Unification Church។
លោក មូន បានរៀបការជាមួយប្រពន្ធដំបូងរបស់គាត់ឈ្មោះ ឆយ ស៊ឺន-គីល (Choi Seon-gil) នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ១៩៤៥។ ក្រោយនាងបានលែងលះជាមួយគាត់ដោយនិយាយថា «ប្តីរបស់ខ្ញុំមានទំនាក់ទំនងម្ដងហើយម្ដងទៀត ដោយបោកស្រីទាំងនោះ។ ខ្ញុំបានគិតថា ខ្ញុំមិនអាចទ្រាំទ្រជីវិតបែបនោះទៀតទេ ដូច្នេះ នេះជាហេតុផលនៃការលែងលះរបស់ខ្ញុំ»។ (បទសម្ភាសន៍ដោយ ប៉ាក ជុង–ហ្វា នៅទីក្រុងសេអ៊ូល ខែសីហា ១៩៩២)។
ខណៈពេលដែលគាត់នៅតែរៀបការជាមួយ ឆយ ស៊ឺន-គីល លោក មូន បានយកប្រពន្ធមិនស្របច្បាប់ពីរនាក់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ នៅខែមេសា ឆ្នាំ១៩៦០ គាត់បានរៀបការជាមួយ ហាន ហាក់ ចា (Han Hak Ja) អាយុ ១៧ ឆ្នាំ។ ហើយពួកគេមានកូន១៤នាក់។
ទោះបីជាលោក មូន អះអាងថា ជាព្រះគ្រីស្ទក៏ដោយ គាត់បានស្លាប់នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០១២ ហើយមិនបានរស់ឡើងវិញទេ។ បន្ទាប់ពីលោក មូន ស្លាប់ទៅ ប្រពន្ធរបស់គាត់ឈ្មោះ ហាន ហាក់ ចា បានក្លាយជាអគ្គនាយកតែមួយគត់ នៃក្រុម Unification Church។ គាត់ក៏អះអាងថា ខ្លួនជាព្រះមែស៊ីដែរ ប៉ុន្តែយើងដឹងថា គាត់ក៏នឹងមិនរស់ពីស្លាប់ឡើងវិញដែរ។ មានតែព្រះយេស៊ូវគ្រីស្ទដែលជាព្រះមែស៊ីពិតប៉ុណ្ណោះ ដែលបានបង្ហាញព្រះចេស្ដារបស់ទ្រង់លើសេចក្ដីស្លាប់ តាមរយៈការរស់ឡើងវិញរបស់ទ្រង់។
ជំនឿ
លោកមូនបានបង្រៀនថា បាបដើមនៅចម្ការអេដែន គឺជាការរួមភេទរវាងសាតាំង និងអេវ៉ា។ ដោយសារបាបនេះស្បូននិងឈាមរបស់អេវ៉ា មានពេញដោយអំពើបាប ហើយពូជពង្សទាំងអស់របស់នាង ត្រូវកើតមកដោយមានបាបដែរ។ គាត់ក៏បង្រៀនថា ដំណោះស្រាយតែមួយគត់ ដើម្បីសម្អាតបាបដើមនេះ គឺស្រីៗត្រូវតែមានទំនាក់ទំនងផ្លូវភេទជាមួយបុរស ឥតខ្ចោះ («អ័ដាមពិត») ដើម្បីឲ្យឈាម និងស្បូនរបស់ពួកនាង អាចត្រូវបានសម្អាតពីអំពើបាបដើមរបស់អេវ៉ា។ លោកមូនបានហៅការនេះថា ពិធីលាងសម្អាតឈាម (ពិធី ពីការីអឹម)។ លោកមូន បានអះអាងថា គាត់ហើយជាបុរសល្អឥតខ្ចោះ ដែលអាចបន្សុទ្ធស្បូនស្រីៗតាមរយៈការរួមភេទ។ នេះគឺ ជាការប្រមាថ និងអសីលធម៌បំផុត។ ពិធីលាងសម្អាតឈាម (បន្សុទ្ធស្បូន) ត្រូវបានអនុវត្តតាំងពីដំបូងនៃសាសនានេះ ក្នុងឆ្នាំ ១៩៤៥ រហូតដល់ឆ្នាំ ១៩៦២។ នៅឆ្នាំ ១៩៦២ ពិធីទំពាំងបាយជូរបរិសុទ្ធ និងពិធីបីថ្ងៃ បានជំនួសពិធីសម្អាតឈាម។ (Change of Blood Lineage through Ritual Sex in the Unification Church, Kirsti L. Nevalainen, 2010)
លោកមូនក៏បានបង្រៀនផងដែរថា ព្រះយេស៊ូវគ្រីស្ទត្រូវរៀបការ និងមានកូន ដើម្បីឲ្យទ្រង់អាចចូលរួមក្នុងការជួយស្ត្រី «សម្អាតស្បូនរបស់ពួកគេ» និងបង្កើតសាសន៍ថ្មីដែលគ្មានបាបសោះ។ ប៉ុន្តែព្រះយេស៊ូវបានបដិសេធមិនបានជួយតាមរបៀបនោះទេ ដូច្នេះទ្រង់បានសុគតដោយបរាជ័យ។ លោកមូនបានអះអាងថា ខ្លួនគាត់ត្រូវបានបញ្ជូនមកឲ្យធ្វើអ្វីដែលព្រះយេស៊ូវមិនបានធ្វើ។ នេះគឺជាការប្រមាថដល់ព្រះយេស៊ូវ។
លោក មូន បានអះអាងថា ជាព្រះមែស៊ី ដែលគ្មានបាប ដែលព្រះបានបញ្ជូនមក ដើម្បីជួយសង្គ្រោះមនុស្សជាតិ។
លោក មូន បានបង្រៀនថា មនុស្សមានបាបអាចគាប់ព្រះហឫទ័យដល់ព្រះដោយការសងដល់ព្រះ។ «ដើម្បីចាប់ផ្តើមដំណើរការឆ្ពោះទៅរកភាពល្អឥតខ្ចោះឡើងវិញ ព្រះជាម្ចាស់បានបញ្ជូនព្រះមែស៊ីផ្សេងៗមកផែនដី ដែលអាចស្តាស្ថានភាពនៃទំនាក់ទំនងរវាងមនុស្សជាតិជាមួយនឹងព្រះជាម្ចាស់។ តែមុនការនេះអាចកើតឡើងបាន មនុស្សត្រូវតែប្រព្រឹត្តអំពើល្អ ដើម្បីលុបបំបាត់ចោលនូវឥទ្ធិពលអាក្រក់នៃអំពើបាប។ ក្រុមនេះហៅការនេះថា «សំណង»។ (Daske, D. and Ashcraft, W. 2005, New Religious Movements, New YorkៈNew York University Press, p. 142.)
ការបង្រៀននេះអំពីការសង «សំណង» គឺស្រដៀងនឹងគោលលទ្ធិនៃការទទួលទណ្ឌកម្មសម្រាប់អំពើបាបរបស់អ្នកនៅក្នុងព្រះពុទ្ធសាសនា («ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់») ហើយផ្ទុយពីសេចក្តីសង្គ្រោះដោយសារព្រះគុណ តាមរយៈជំនឿលើការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។
ភរិយាទីមួយរបស់លោក សាន់ ម៉្ញុង មូន បានធ្វើបន្ទាល់អំពីអំពើអសីលធម៌របស់លោក មូន
លោក ផាក ចុង ហ្វា (Pak Chung-hwa) ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកទាំងប្រាំមួយនាក់ នៃក្រុម សាន់ ម៉្ញុង មូន បានសម្ភាសភរិយាទី១ របស់លោក មូន គឺលោកស្រី ឆយ ស៊ឺន គីល ដែលបាននិយាយថា «ស្រីៗដែលមានទំនាក់ទំនងផ្លូវភេទជាមួយ សាន់ ម៉្ញុង មូន នឹងជ្រើសរើសបុរសម្នាក់ទៀត និងមានទំនាក់ទំនងផ្លូវភេទជាមួយបុរសនោះ។ បន្ទាប់មកបុរសនោះ នឹងមានទំនាក់ទំនងជាមួយនារីម្នាក់ទៀត ហើយនារីនោះមានទំនាក់ទំនងផ្លូវភេទជាមួយបុរសម្នាក់ទៀត។ ហើយវាបន្តដូច្នេះរហូតទៅ។ និយាយម៉្យាងទៀត សកម្មភាពនេះ ត្រូវអនុវត្តបន្តគ្នា ដូចរត់បណ្ដាក់»។ (ពីទស្សនាវដ្តីជប៉ុន 週刊ポスト Shūkan Post “Weekly Post” October 8, 1993)។
ប្រពន្ធទាំងប្រាំរបស់ សាន់ ម៉្ញុង មូន
ឈ្មោះ | ឆ្នាំរៀបការ | រៀបរាប់ |
ឆយ ស៊ឺន គីល Choi Seon Gil | ២៨/៤/៤៥ រៀបការស្របច្បាប់ | លែងលះគ្នានៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៥៧ ដោយសារអំពើផិតក្បត់ច្រើនដងរបស់លោក មូន |
គីម ចុង ហ្វា Kim Chong- hwa | ១៩៤៦-៤៨ យកគ្នាអត់ស្របច្បាប់ | ខណៈពេលដែលមិនទាន់បានលែងលះពីប្រពន្ធដើមរបស់ខ្លួន លោកមូនបានរួមរស់ដោយខុសច្បាប់ជាមួយនឹងនាង គីម ចុង ហ្វា (Kim Chong-hwa) នៅពេលនាងនៅតែជាប្រពន្ធស្របច្បាប់របស់លោក ចុង ម៉្ញុង ស៊ីអុន (Chong Myung-seon)។ (ប្តីរបស់នាងកំពុងរស់នៅក្នុងផ្ទះតែមួយ ជាមួយនឹងប្រពន្ធគាត់ និងលោកមូន!) ទាំងនាង និងលោកមូនត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារពីបទ ពហុពន្ធភាព នៅថ្ងៃទី ២២/២/៤៨។ |
គីម ម៉្ញុង ហ៊ី Kim Myung- hee | ១៩៥៤ អាយុ ២៣ឆ្នាំ យកគ្នាអត់ស្របច្បាប់ | បន្ទាប់ពីលោក មូនបានធ្វើឲ្យនាង ម៉្ញុង ហ៊ី (Myung-hee) មានផ្ទៃពោះ នោះ គាត់បានបញ្ជូននាងទៅលាក់ខ្លួននៅប្រទេសជប៉ុន ជាជនភៀសខ្លួនគ្មានឯកសារ។ កូនប្រុសរបស់ពួកគេឈ្មោះ មូន ហ៊ី ជីន (Moon Hee-jin) បានកើតនៅប្រទេសជប៉ុននៅថ្ងៃទី ១៧/៧/៥៥។ |
ហាន់ ហាក់ ចា Han Hak Ja | មេសា ១៩៦០ រៀបការស្របច្បាប់ | លោក មូន និង ហាន់ ហាក់ ចា មានកូន ១៤ នាក់។ បន្ទាប់ពីលោកមូនស្លាប់ក្នុងឆ្នាំ ២០១២ ហាន់ ហាក់ ចា បានក្លាយជាអគ្គនាយកនៃក្រុម Unification Church ឋានៈដែលគាត់នៅមានរហូតមកដល់សព្វថ្ងៃ។ |
ឆយ ស៊ូន ហ្វា Choi Soon- hwa ដែលគេហៅថា អានី “Annie” | ១៩៦៤ រៀបការដោយសម្ងាត់ទៅទីក្រុង សេអ៊ូល | ទំនាក់ទំនងផ្លូវភេទរបស់លោកមូនជាមួយ«អានី» បានចាប់ផ្តើមនៅឆ្នាំ ១៩៥៣ ពេលនាងនៅជានិស្សិត។ ផែនការរបស់លោកមូន គឺរៀបការទាំងអានី និងបងស្រីរបស់នាងគឺ ស៊ូន ហ្ស៊ីល (Soon Shil) តាមគំរូយ៉ាកុបដែលបានរៀបការជាមួយលេអា និងរ៉ាជែល។ នាង ស៊ូន ហ្ស៊ីល បានផ្ដាច់ពាក្យនៅឆ្នាំ ១៩៥៩ នៅពេលដែលនាងបានដឹងពីអំពើអសីលធម៌របស់លោកមូន។ ក្រោយនោះបន្តិចលោកមូនបានរៀបការជាមួយ ហាន់ ហាក់ ចា ក្នុងឆ្នាំ ១៩៦០។ នៅទីបំផុតលោកមូន បានរៀបការជាមួយអានី ដោយលួចលាក់នៅឆ្នាំ ១៩៦៤ (ខណៈពេលដែលគាត់នៅតែជាប្ដីរបស់ ហាន់ ហាក់ ចា! ហើយបានកូនប្រុសសម្ងាត់ម្នាក់ ឈ្មោះ សាមផាក (Sam PARK) ដែលបាននិយាយបរិហារទាស់នឹងលោកមូន។ វីឌីអូនេះជាទីបន្ទាល់របស់ Sam PARK ៖ https://www.youtube.com/watch?v=xPwJYC9h93M&t=50s |
រឿងរ៉ាវដ៏ក្រៀមក្រំនៃកូនៗរបស់ សាន់ ម៉្ញុង មូន និង ហាន ហាក់ ចា
លោក មូន និងភរិយាសង្ឃឹមថា អាចបង្កើតគ្រួសារគំរូដែលពួកគេហៅថា «គ្រួសារពិត»។ ប៉ុន្តែ នៅពេលដែលយើងក្រឡេកមើលជីវិតកូនៗ របស់ពួកគេខ្លះ យើងឃើញថា លោកមូន មិនអាចសម្អាតបាបដើម ចេញពីស្បូនភរិយារបស់គាត់គឺ ហាន់ ហាក់ ចា បានឡើយ! កូនខ្លះរបស់ពួកគេបានធំឡើង ដោយរស់នៅក្នុងជីវិតដែលមានបាប និងសោកនាដកម្ម។
- កូនប្រុសច្បងរបស់ពួកគេឈ្មោះ ស្ទេវ មូន (Steve Moon) ហ្យូ ជិន មូន(Hyo Jin Moon) គឺជាអ្នកញៀនថ្នាំ ដែលបានស្លាប់ដោយសារគាំងបេះដូង នៅអាយុ ៤៥ ឆ្នាំ។ ប្រពន្ធរបស់គាត់ឈ្មោះ ណានស៊ូក ហុង (Nansook Hong) បានចោទប្រកាន់គាត់ពីបទអំពើហិង្សាលើរាងកាយ នៅក្នុងសៀវភៅរបស់គាត់។ (Nansook Hong, In the Shadow of the Moons, Little/Brown, 1998)
- កូនប្រុសម្នាក់ទៀតឈ្មោះ យ៉ាំង ជីន មូន (Young Jin Moon) បានធ្វើអត្តឃាតខ្លួនឯងនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩៩ ។
- កូនស្រីរបស់ពួកគេឈ្មោះ អ៊ិន ជីន មូន (In Jin Moon) បានលែងលះប្តី និងរៀបការជាមួយគូស្នេហ៍របស់នាង។
- នៅឆ្នាំ ២០១៥ កូនប្រុសរបស់ពួកគេឈ្មោះ ហ្យុង ជីន មូន (Hyung Jin Moon) បានហៅម្តាយរបស់គាត់ឈ្មោះ ហាន់ ហាក់ ចា ថា «ស្រីសំផឹងនៃបាប៊ីឡូន» (សំដៅទៅលើមនុស្សអាក្រក់នៅក្នុងវិវរណៈ ១៧ៈ១ )។ បងប្រុសរបស់គាត់ គឺ លោក កូក ជីន មូន (Kook Jin Moon) ចាស្ទីន (Justin) បានបំបែកខ្លួន ពីម្តាយរបស់ពួកគេ ដើម្បីបង្កើតក្រុមខុសឆ្គងរបស់ខ្លួនផ្ទាល់។ រហូតដល់ឥឡូវពួកគេនិយាយការពារជាសាធារណៈចំពោះអាពាហ៍ពិពាហ៍សម្ងាត់របស់ឪពុកពួកគេ ជាមួយនឹងក្រុមស្ត្រី ៦ នាក់ ដែលលោកមូនហៅថា«ម៉ារាទាំង៦» ។
ប្រសិនបើ «គ្រួសារពិត» ដែលមកពី «ឪពុកពិត» និង «ម្ដាយពិត» មានបញ្ហាធ្ងន់ធ្ងរជាច្រើន តើធ្វើដូចម្ដេចឲ្យ សាន់ ម៉្ញុង មូន នឹងនាំមកនូវសេចក្តីសង្គ្រោះ និងការស្តាឡើងវិញនៅលើផែនដីនេះបាន? លោកមូន គឺជាព្រះគ្រីស្ទក្លែងក្លាយ គឺ «អង់ទីគ្រីស្ទ» (១យ៉ូហាន ២ៈ១៨-១៩ អាទទឹងព្រះគ្រីស្ទ)។
មានតែព្រះមែស៊ីដ៏ពិត គឺព្រះយេស៊ូវពីណាសារ៉ែតប៉ុណ្ណោះ ដែលបានដោះស្រាយបញ្ហាបាបរួចហើយ។ ទ្រង់បានធ្វើដូច្នេះ តាមរបៀបបរិសុទ្ធ នៅពេលដែលទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់យើង ដោយសេចក្ដីស្រឡាញ់ មិនមែនតាមរបៀបមិនបរិសុទ្ធ គឺការប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទដូចជា សាន់ ម៉្ញុង មូន បានធ្វើនោះទេ។
ក្រុមស្ថាបនិកនៃ Unification Church នៅឆ្នាំ១៩៥៤។ លោក មូន អង្គុយខាងមុខ ហើយលោក ផាក ជុង ហ្វា ឈរនៅពីក្រោយខាងឆ្វេង។
សរុបមក លោក សាន់ ម៉្ញុង មូន បានបរាជ័យការវិនិច្ឆ័យជាច្រើនពីកណ្ឌគម្ពីរ១យ៉ូហាន និងបទគម្ពីរផ្សេងៗទៀត
- លោក មូន បរាជ័យការវិនិច្ឆ័យអំពីព្រះគ្រីស្ទពិត។ លោកមូនបានបង្រៀនថា ព្រះយេស៊ូវមិនបានកើតពីស្ត្រីព្រហ្មចារីទេ ហើយទ្រង់បានបរាជ័យក្នុងបេសកកម្មរបស់ទ្រង់ ដើម្បីបន្សុទ្ធអំពើបាបដើមរបស់អេវ៉ា។ នោះហើយជាមូលហេតុដែលព្រះត្រូវបញ្ជូនព្រះគ្រីស្ទមួយទៀតឈ្មោះ សាន់ ម៉្ញុង មូន។ នេះជាការប្រមាថដ៏ធ្ងន់ដល់ព្រះយេស៊ូវ!
- លោក មូន បរាជ័យការវិនិច្ឆ័យអំពីសេចក្តីស្រឡាញ់។ លោកមូន បានប្រព្រឹត្តចំពោះស្ត្រីតាមរបៀបដ៏គួរឲ្យអាម៉ាស់ និងអាក្រក់បំផុត។ មិនតែប៉ុណ្ណោះ នៅពេលដែលខ្លួនគាត់ផ្ទាល់ បានរស់នៅដូចជាស្តេច អ្នកដើរតាមគាត់រាប់ពាន់នាក់ បានលាឈប់ពីការងារ ដើម្បីដើររកលុយឲ្យគាត់។ អ្នកដើរតាមគាត់ជាច្រើនបានលក់ផ្ទះ និងដីរបស់គេ ដើម្បីថ្វាយតង្វាយដល់លោកមូន។ លោកមូន និងក្រុមគ្រួសារបានក្លាយជាមហាសេដ្ឋី មកពីសាសនាក្លែងក្លាយនេះ។
- លោក មូន បរាជ័យការវិនិច្ឆ័យអំពីសេចក្ដីសង្គ្រោះ ដោយព្រះគុណតាមរយៈជំនឿ។ លោកមូនបានបង្រៀនថា យើងត្រូវតែបង់ប្រាក់សម្រាប់អំពើបាបរបស់យើងផ្ទាល់ តាមរយៈសំណង។ ពាក្យ សំណង សំដៅទៅការរងទុក្ខវេទនា ឬការបង់ប្រាក់ជាដង្វាយ ដើម្បីសងសម្រាប់អំពើបាបពីមុន។
- លោក មូន បរាជ័យការវិនិច្ឆ័យអំពីភាពបរិសុទ្ធ។ លោកមូនគឺជាមនុស្សមានបាប ដែលឆ្លៀតឱកាសធ្វើបាបស្រីៗ ដោយប្រព្រឹត្តអំពើផិតក្បត់ និងសហាយស្មន់។
សាន់ ម៉្ញុង មូន អះអាងថា គាត់ជាព្រះគ្រីស្ទដែលយាងត្រឡប់មកវិញ ប៉ុន្តែព្រឹត្តិការណ៍ណាខ្លះត្រូវកើតឡើង នៅពេលព្រះពិតយាងមកវិញ
ព្រះគម្ពីរបាននិយាយច្បាស់ណាស់ អំពីព្រឹត្តិការណ៍ដែលត្រូវតែកើតឡើងនៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ។ យើងអាចប្រើប្រាស់បទទំនាយទាំងនេះ ដើម្បីល្បងមើល ថា សាន់ ម៉្ញុង មូន គឺជាព្រះគ្រីស្ទពិត ឬជាព្រះគ្រីស្ទក្លែងក្លាយ។
១. ពេលដែលព្រះគ្រីស្ទពិតប្រាកដយាងមកវិញ ទ្រង់នឹង «សងសេចក្តីទុក្ខលំបាក» ដល់ពួកអ្នកដែលធ្វើទុក្ខដល់គ្រីស្ទបរិស័ទ ហើយប្រទានការ «សំរាក» និងសេចក្តីសង្គ្រោះ ដល់ពួកអ្នកដែលត្រូវគេធ្វើទុក្ខ។ ទ្រង់នឹងមក «ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនិងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង»។ (២ថែស្សាឡូនីច ១ៈ៦-៨) តើការនេះបានកើតឡើងទេនៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
២. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងមិនយាងមកដោយស្ងាត់ៗទេ។ មនុស្សគ្រប់គ្នានៅលើពិភពលោកនឹងបានឃើញទ្រង់។ «ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» និង «គ្រប់ទាំងភ្នែកនឹងឃើញទ្រង់» «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង» (ម៉ាថាយ ២៤ៈ២៧; វិវរណៈ ១ៈ៧; ១ថែស្សាឡូនីច ៤ៈ១៦) តើការនេះបានកើតឡើងទេនៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
៣. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ នោះនៅលើមេឃនឹងត្រូវកក្រើករំពើក។ «ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក» (ម៉ាថាយ ២៤ៈ២៩)។ តើការនេះបានកើតឡើងទេ នៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
៤. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងយាងមកដោយអំណាច និងសិរីល្អ ហើយមនុស្សមានបាបទាំងអស់នៅលើផែនដីនឹងសោកសៅ។ «នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង» (ម៉ាថាយ ២៤ៈ៣០) តើការនេះបានកើតឡើងទេ នៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
៥. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ «លោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង»។ (ម៉ាថាយ ២៤ៈ៣១) តើការនេះបានកើតឡើងទេ នៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
៦. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងបំផ្លាញអាទទឹងនឹងព្រះគ្រីស្ទ (ជាមនុស្សដែលត្រូវហិនវិនាស) «កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង…នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក» (២ថែស្សាឡូនីច ២ៈ៣-៤, ៨)។ តើការនេះបានកើតឡើងទេ នៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
៧. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងចាក់សេចក្តីក្រោធរបស់ទ្រង់ទៅលើអស់អ្នកមានបាបទាំងអស់គ្នា។ «ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ នោះលោតែមានសេចក្តីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ» (១ថែស្សាឡូនីច ៥ៈ២-៣)។ តើការនេះបានកើតឡើងទេ នៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
៨. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មកវិញ ទ្រង់នឹងកាត់ទោសគ្រប់គ្នាភ្លាមៗ។ «តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក។ រួចគ្រប់ទាំងសាសន៍ នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាលដែលញែកចៀមចេញពីពពែដែរ» (ម៉ាថាយ ២៥ៈ៣១-៣២)។ តើការនេះបានកើតឡើងទេ នៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
៩. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងប្រោសរូបកាយអ្នកស្លាប់ទាំងអស់ដែលជាគ្រីស្ទបរិស័ទ។ «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ» (១ថែស្សាឡូនីច ៤ៈ១៦-១៧)។ តើការនេះបានកើតឡើងទេ នៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
១០. នៅពេលដែលព្រះគ្រីស្ទពិតប្រាកដយាងត្រឡប់មក ទ្រង់នឹងមិនកើតមកជាទារកតូចទេ ប៉ុន្តែទ្រង់នឹងយាងមកពីស្ថានសួគ៌ជាអ្នកចម្បាំងដ៏មានគ្រប់ព្រះចេស្ដា ដើម្បីវិនិច្ឆ័យជំនុំជម្រះផែនដី។ «ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ» ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ១២ ព្រះនេត្រទ្រង់ដូចជាអណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ១៣ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ» ១៤ អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង ១៥ មានដាវយ៉ាងមុតចេញពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ១៦ ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ (វិវរណៈ ១៩ៈ១១-១៦)។ តើការនេះបានកើតឡើងទេនៅពេលដែល សាន់ ម៉្ញុង មូន មកនោះ?
គ្មានព្រឹត្តិការណ៍ណាមួយបានកើតឡើងសោះ ក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ នៅពេលដែល សាន់ ម៉្ញុង មូន មកនោះ។ សាន់ ម៉្ញុង មូន ជាព្រះគ្រីស្ទក្លែងក្លាយ។
មុខពូថៅ
តើការបង្រៀនអ្វីដែលជា«មុខពូថៅ» របស់ក្រុម សាន់ ម៉្ញុង មូន ដែលងាយស្រួលបំបែកក្រុមជំនុំពីសេចក្ដីពិត? ពួកគេអញ្ជើញមេដឹកនាំក្រុមជំនុំនិងមន្ត្រីរដ្ឋាភិបាលដើម្បីចូលរួមក្នុងអង្គប្រជុំដ៏ធំអំពី «សន្តិភាពពិភពលោក» ដែលលោកស្រី ហាន់ ហាក់ ចា ជាវាគ្មិនសំខាន់បំផុត។
សមាជិកនៃក្រុមខុសឆ្គងនេះ នឹងព្យាយាមទាក់ទាញអ្នកជឿលើគ្រីស្ទសាសនាពិត ដោយនិយាយអំពីការសង្កត់ធ្ងន់របស់ក្រុមគេ លើគុណតម្លៃគ្រួសារ សន្តិភាព ពិភពលោក និងអាពាហ៍ពិពាហ៍ស្មោះត្រង់។
តើអ្វីទៅជា«ខ្នងពូថៅ»? តើជំនឿណាខ្លះដែលគេចង់លាក់ពីយើង? ក្រុមនេះចង់លាក់បាំងជីវិតអសីលធម៌របស់លោកមូន ការអះអាងរបស់គាត់ថា ជាព្រះមែស៊ី និង ការបង្រៀនរបស់គាត់ថា យើងត្រូវសងបាបខ្លួនឯង ដោយការសងបំណុល។
សូមចងចាំម្តងទៀតថា សាន់ ម៉្ញុង មូន បានស្លាប់នៅឆ្នាំ ២០១២ ហើយមិនបានរស់ឡើងវិញទេ (ខាងក្រោមមានរូបភាពផ្នូររបស់គាត់)។ សេចក្តីស្លាប់បានយកឈ្នះគាត់ទាំងស្រុង។ មនុស្សដែលចាញ់បាប និងសេចក្តីស្លាប់ មិនអាចជួយអ្នក និងខ្ញុំឲ្យយកឈ្នះសេចក្តីស្លាប់បានទេ។ លោកមូន គឺជាព្រះគ្រីស្ទក្លែងក្លាយ។
ជាចុងក្រោយសូមកុំភ្លេច ២យ៉ូហាន ១ៈ១០-១១ ៖ «បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្ដីនេះ នោះកុំឲ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្ដីប្រកបគ្នាក្នុងការអាក្រក់របស់អ្នកនោះដែរ»។
មតិយោបល់
Loading…