in ,

ក្រុមខុសឆ្គង ស្មរបន្ទាល់ព្រះយេហូវ៉ា

ក្រុម​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ប្រើ​ពាក្យ​ថា «ព្រះជាម្ចាស់ ព្រះរាជបុត្រា​នៃ​ព្រះ ព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធ ​សេចក្ដី​សង្គ្រោះ និង​ការ​រស់​ឡើង​វិញ ។ល។ » ដូច​គ្រីស្ទបរិស័ទ​ដែរ​ ប៉ុន្តែ​ពួកគេ​ឲ្យ​អត្ថន័យ​ខុស​ពី​អត្ថន័យ​ក្នុង​គម្ពីរ។

ប្រវត្តិ​
ឆាល្ស ថេហ្ស រើសិល​ (Charles Taze Russell) (រូបភាព​ខាងស្តាំ)​ បាន​បង្កើត​ក្រុម​ខុសឆ្គង​នេះ​នៅ​ឆ្នាំ​១៨៧០។ ដូច​គ្រូ​ខុសឆ្គង​អារីយូស នៅ​សតវត្ស​ទី៤ លោក​រើសិល ​បាន​បដិសេធ​ភាព​ជា​ព្រះ​របស់​ព្រះគ្រីស្ទ​ និង​ព្រះត្រៃឯក​ដែរ។ គាត់​ក៏​បង្រៀន​ថា​រូបកាយ​របស់​ព្រះ​យេស៊ូវ​ មិន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ ហើយ​មិន​ជឿ​ថា មាន​ស្ថាន​នរក​ទេ។ គាត់​បាន​បង្រៀន​ថា ​ទី​បញ្ចប់​នៃ​សាកលលោក​នឹង​មក​នៅ​សម័យ​គាត់​ ហើយ​ថា ​សង្គ្រាម​អើម៉ាគេដូន ​(វិវរណៈ​១៦ៈ១៦)​ ត្រូវ​តែ​កើតឡើង​នៅក្នុង​ជំនាន់​ដែល​បាន​រស់នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩១៤។ ទំនាយ​នេះ​ និង​ទំនាយ​ជាច្រើន​ទៀត​បាន​បរាជ័យ​ ដូច្នេះ​លោក​រើសិល​ជា​ហោរា​ក្លែងក្លាយ។

ជំនឿ
ក្រុម​នេះ​ជឿ​ថា ព្រះ​យេស៊ូវ​ គឺជា​ទេវតា​ដែល​ព្រះវរបិតា​បាន​បង្កើត​ពី​សូន្យ​មក។ ក្រុម​ស្មរបន្ទាល់​ព្រះយេហូវ៉ា​បង្រៀន​ថា ​ព្រះ​ជាម្ចាស់​គង់នៅ​តាំង​ពី​អស់កល្ប​ជានិច្ច​ តែ​ព្រះយេស៊ូវគ្រីស្ទ​មិន​គង់​នៅ​តាំងពី​អស់កល្ប​ជានិច្ច​ទេ ទ្រង់​មាន​ដើម​ដំបូង​វិញ។ គេ​ជឿ​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​ព្រះរាជបុត្រា​នៃ​ទ្រង់​ មុន​អ្វីៗ​ទាំងអស់។ បន្ទាប់​មក​ព្រះរាជបុត្រា​នៃ​ព្រះ ​បាន​បង្កើត​អ្វីៗ​ផ្សេង​ទៀត។ ដូច្នេះ​ព្រះរាជបុត្រា​នៃ​ព្រះ​ ជា​របស់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​មិនមែន​គង់​នៅ​តាំង​ពី​អស់កល្ប​ជា​និច្ច​នោះ​ទេ។ អ្នក​អាច​ចាំ​បាន​ថា គ្រូ​ក្លែងក្លាយ​អារីយូសក៏​បាន​បង្រៀន​សេចក្ដី​ដូច​គ្នា​នៅ​សតវត្សរ៍​ទី​៣​និង​ទី​៤។ នៅ​ឆ្នាំ​៣២៥​នៃ​គ.ស មាន​សន្និបាត​គ្រូ​គង្វាល​ពី​ទូទាំង​ពិភពលោក នៅ​ទីក្រុង​ ណៃសៀ (Nicea) ដើម្បី​ប្រឆាំង និង​កាត់​ទោស​អារីយូស និង​ការ​បង្រៀន​របស់​គាត់។ តែ​បច្ចុប្បន្ន​នេះ ការកុហក​របស់​អារីយូស បាន​មក​វិញ​ហើយ​ តាមរយៈ​ក្រុម​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា។
ក៏​ប៉ុន្តែ គោលជំនឿ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះគ្រីស្ទ​ គឺ​ចែង​យ៉ាង​ច្បាស់​នៅក្នុង​គម្ពីរ​យ៉ូហាន ​១ៈ១ ​ដែល​ប្រកាស​ថា «ព្រះបន្ទូល» (ព្រះរាជបុត្រា​របស់​ព្រះ) គឺជា​ព្រះ​ពិតប្រាកដ​តាំង​ពី​អស់កល្ប​រៀង​មក៖ «កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ​ព្រះបន្ទូល​ក៏​គង់​នៅ​ជាមួយ​នឹង​ព្រះ​ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ»។ តើ​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ឆ្លើយ​យ៉ាងណា​ចំពោះ​ខ​នេះ? ឆ្លើយ​អត់​បាន​ទេ ដូច្នេះ​ពួកគេ​បាន​បកប្រែ​គម្ពីរ​ផ្ទាល់​របស់​គេ​ដែល​ហៅ​ថា New World Translation (ពិភព​ថ្មី) ​ដែល​និយាយ​ខុសពី​ព្រះ​គម្ពីរ។ សូម​ស្ដាប់​របៀប​ដែល​គេ​បាន​បកប្រែ​គម្ពីរ​យ៉ូហាន​ ១ៈ១ «នៅ​ដើមដំបូង​ ​មាន​លោក​ដែល​ហៅថា​បណ្ដាំ​ ​ហើយ​លោក​ដែល​ហៅថា​បណ្ដាំ​បាន​នៅ​ជាមួយនឹង​ព្រះ​ ​ហើយ​លោក​ដែល​ហៅថា​បណ្ដាំ​ជា​ព្រះ​មួយ»! បើ​ព្រះ​យេស៊ូវ​មិន​មាន​ភាព​ជា​ព្រះ មានន័យ​ដូចម្ដេច​ដែល​ថា ទ្រង់​ជា​ព្រះ​មួយ? តើ​មាន​ព្រះ​ប៉ុន្មាន?

ក្រុម​នេះ​ជឿ​ថា សេចក្ដី​សង្គ្រោះ​កើត​ឡើង​តាមរយៈ​ទេវតា​មីកែល។ ក្រុម​ស្មរ បន្ទាល់​ព្រះយេហូវ៉ា​ជឿ​ថា ​ព្រះរាជបុត្រា​នៃ​ព្រះ​ ដែល​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​ពី​សូន្យ​មក គឺ​ជា​មហា​ទេវតា​មីកែល! ដោយ​សារ​អ័ដាម អេវ៉ា​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ ទ្រង់​បាន​ប្រាប់​ទេវតា​មីកែល (ព្រះរាជបុត្រា​នៃ​ព្រះ)​ ឲ្យ​មក​ផែនដី​ ហើយ​កើតជា​មនុស្ស​ដែល​មាន​ឈ្មោះ​ថា ​យេស៊ូវ ​ដើម្បី​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពិភពលោក។ គេ​ជឿ​ថា យេស៊ូវ​នេះ​បាន​ស្លាប់​នៅ​លើ​បង្គោល​មួយ​ មិនមែន​ជា​ឈើឆ្កាង​ទេ ហើយ​គាត់​មិន​បាន​ស្លាប់​ សម្រាប់​អំពើ​បាប​នៃ​ពិភពលោក​ទាំងមូល​ទេ ​គឺ​គាត់​បាន​បង់ថ្លៃ​លោះ​មនុស្ស​តែ​ម្នាក់​ ឈ្មោះ​អ័ដាម​ ​ដែល​ជា​អ្នក​តំណាង​របស់​យើង។ និយាយ​ម្យ៉ាងទៀត គឺ​មនុស្ស​ម្នាក់​(យេស៊ូវ)​បាន​ស្លាប់​ជំនួស​មនុស្ស​ម្នាក់​(អ័ដាម)។ នៅ​ដំណឹង​ល្អ​ពិត​ ព្រះរាជបុត្រា​បាន​សុគត​ជំនួស​មនុស្ស​លោក។

ក្រុម​នេះ​ជឿ​ថា ព្រះយេស៊ូវ​មិន​បាន​រស់​ឡើង​វិញ​ទេ។ ពួក​គេ​បង្រៀន​ថា ក្រោយ​យេស៊ូវ​របស់​គេ​បាន​ស្លាប់ រូបកាយ​របស់​គាត់​មិន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ។ លោក​យេស៊ូវ​គ្រាន់តែ​ក្រោក​ឡើង​ជា​វិញ្ញាណ​ ដែល​មើល​មិន​ឃើញ​ ប៉ុន្តែ​រូបកាយ​គាត់​នៅ​តែ​ស្លាប់​ក្នុង​ផ្នូរ។ បើ​អ៊ីចឹង ​ហេតុអ្វី​បាន​ជា​ផ្នូរ​នៅ​ទទេ? ក្រុម​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មិន​ដឹង​ទេ។ ពួក​គេ​សង្ស័យ​ថា ប្រហែល​ព្រះ​បាន​ធ្វើ​ឲ្យ​រូបកាយ​របស់​យេស៊ូវ​រលាយ​បាត់​សូន្យ​ទៅ​វិញ។ ឬ​ប្រហែល​ព្រះ​យក​សព​លោក​យេស៊ូវ​មក​លាក់​នៅ​កន្លែង​ផ្សេង!! ពួកគេ​បង្រៀន​ថា ​នៅពេល​យេស៊ូវ​បាន​លេច​ឲ្យ​ពួក​សិស្ស​ឃើញ​អស់​រយៈពេល​៤០​ថ្ងៃ​ បន្ទាប់​ពី​គាត់​រស់​ឡើង​វិញ​នោះ ​គាត់​គ្រាន់​តែ​ប្រើ​រូបកាយ​បណ្ដោះអាសន្ន​មួយ ដើម្បី​ឲ្យ​សិស្ស​គិត​ថា ​គាត់​បាន​រស់​ឡើងវិញ​ជា​សាច់ឈាម​មែន!​ នេះ​ជា​មូល​ហេតុ​ដែល​ពួក​សិស្ស​អាច​ពាល់​គាត់​បាន​ និង​ជា​ហេតុ​ដែល​គាត់​អាច​បរិភោគ​អាហារ​បាន។ បើ​នេះ​ជា​ការ​ពិត ​ទាំង​ព្រះវរបិតា​ និង​ព្រះរាជបុត្រា​ បាន​ចូលរួម​ក្នុង​ការ​បោក​បញ្ឆោត​ដ៏​ធំ​មួយ ដើម្បី​ធ្វើ​ល្បិច​ដល់​ពួក​សិស្ស​រាប់​រយ​នាក់។ មិន​តែ​ប៉ុណ្ណោះ​ ទេវតា​បរិសុទ្ធ​ក៏​ពាក់ព័ន្ធ​នឹង​ការ​បោកបញ្ឆោត​ដែរ ព្រោះ​ពួក​គេ​បាន​បើក​ផ្នូរ​ដើម្បី​បង្ហាញ​ថា រូបកាយ​របស់​យេស៊ូវ​បាន​រស់​ឡើង​វិញ។ បើ​មាន​តែ​វិញ្ញាណ​លោក​យេស៊ូវ​ដែល​បាន​រស់​ឡើង​វិញ មិន​បាច់​បង្ហាញ​ផ្នូរ​ទទេ​ដល់​ពួក​សិស្ស​ទេ។
ក៏​ប៉ុន្តែ​សូម​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ៖ «ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ ​រួច​ក្នុង​រវាង​៣​ថ្ងៃ​ខ្ញុំ​នឹង​សង់​ឡើង​វិញ​…. ប៉ុន្តែ​គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិហារ​ដែល​ជា​រូបអង្គ​ទ្រង់​ទេ» ​(យ៉ូហាន​ ២ៈ១៩,២១)។ ក្រុម​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ជឿ​ខ​នេះ​ទេ។ ថែម​ពី​លើ​នេះ ក្រោយ​ពី​ព្រះយេស៊ូវ​រស់​ឡើង​វិញ​ នោះ​ទ្រង់​បាន​បញ្ជាក់​ថា ​ទ្រង់​បាន​រស់​ឡើង​វិញ​ទាំង​មាន​រូបកាយ​ខាង​សាច់ឈាម​៖ «ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ​ហេតុអ្វី​បាន​ជា​វិលវល់​ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ​ ចូរ​មើល​មក​ដៃ​និង​ជើង​ខ្ញុំ​ឲ្យ​បាន​ដឹង​ថា ​នេះ​គឺ​ខ្ញុំ​ពិត​មែន​ ចូរ​ពាល់​ខ្ញុំ​មើល​ ដ្បិត​ខ្មោច​គ្មាន​សាច់​ ឬ​ឆ្អឹង​ដូចជា​ឃើញ​ខ្ញុំ​នេះ​ទេ» (លូកា ២៤ៈ៣៨-៣៩)។ តើ​ព្រះយេស៊ូវ​កុហក​ដល់​ពួក​សិស្ស​នៅ​ក្នុង​ខ​នេះ​ ឬ​រូបកាយ​ទ្រង់​បាន​រស់​ពី​សុគត​ឡើងវិញ​ពិត​មែន?

ស្មរបន្ទាល់​ព្រះយេហូវ៉ា​ការពារ​ជំនឿ​របស់​គេ ដោយ​ឆ្លើយ​ថា ព្រះ​យេស៊ូវ​អាច​លេច​មក ហើយ​ក្រោយ​មក​បាត់​វិញ។ ពួក​គេ​សួរ​ថា «ធ្វើ​ដូចម្ដេច​ឲ្យ​រូបកាយ​អាច​ធ្វើ​អ៊ីចឹង​បាន?» សាវក​ប៉ុល នឹង​ឆ្លើយ​ពួក​គេ ដូច​ដែល​គាត់​បាន​ឆ្លើយ​នឹង​គ្រូ​ខុសឆ្គង​នៅ​សម័យ​គាត់ ដែល​បាន​បដិសេធ​ការ​រស់​ឡើង​វិញ​ដែរ​ថា «ឱ​មនុស្ស​កំឡៅ​អើយ» (១កូរិនថូស ១៥ៈ៣៦)។ នៅ​វគ្គ​នោះ​សាវក​ប៉ុល​ក៏​បង្រៀន​តទៅទៀត​ថា រូបកាយ​ដែល​រស់​ឡើង​វិញ ខុស​គ្នា​ឆ្ងាយ​ពី​រូបកាយ​មុន​រស់​ឡើង​វិញ សូម្បី​តែ​រូបកាយ​នោះ​ ជា​រូបកាយ​ដដែល។ រូបកាយ​ចាស់​ខ្សោយ តែ​រូបកាយ​ថ្មី​ខ្លាំង​ពូកែ។ រូបកាយ​ចាស់​ គឺ​ខាង​ផែនដី​នេះ ឯ​រូបកាយ​ថ្មី​គឺ​ខាង​ស្ថានសួគ៌ ប៉ុន្តែ​ជា​រូបកាយ​តែមួយ​ដដែល សូម​ស្ដាប់​សាវក​ប៉ុល៖
«បង​ប្អូន​អើយ សេចក្តី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ ហើយ​សេចក្តី​ពុករលួយ​ក៏​ពុំ​អាច​នឹង​គ្រង​សេចក្តី​ដែល​មិន​ចេះ​ពុករលួយ​បាន​ដែរ។ ៥១ នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​អាថ៌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ ​ ៥២ តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុករលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ  ៥៣ ដ្បិត​ត្រូវ​តែ​រូបកាយ​ដ៏​ពុករលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ពុករលួយ​វិញ ហើយ​រូបកាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ចេះ​ស្លាប់​វិញ​ដែរ» (១កូរិនថូស ១៥ៈ៥០-៥៣)។
សាវក​ប៉ុល​ពន្យល់​ពី​ការ​រស់​ឡើង​វិញ​ដោយ​របៀប​នេះ៖ ព្រះ​ផ្លាស់ប្រែ​រូបកាយ​ដែល​ស្លាប់ ទៅ​ជា​រូបកាយ​ដែល​ខ្លាំង​ពូកែ សិរីរុងរឿង ខាង​វិញ្ញាណ និង​មិន​ពុករលួយ។ សាវក​ប៉ុល​ហៅ​វា​ថា «រូបកាយ​ខាង​វិញ្ញាណ» (១កូរិនថូស ១៥ៈ៤៤) ដើម្បី​បង្ហាញ​ភាព​ខុស​គ្នា​ពី​រូបកាយ​ចាស់​ដែល​ស្លាប់​និង​ពុករលួយ។ ស្មរ​បន្ទាល់​ព្រះយេហូវ៉ា​មិន​ជឿ​ថា ព្រះ​កាយ​របស់​ព្រះ​គ្រីស្ទ​បាន​រស់​ឡើង​វិញ ជា​រូបកាយ​បែប​ផ្សេង​ទេ។ គេ​ជឿ​ថា រូប​កាយ​របស់​លោក​យេស៊ូវ​បាន​ស្លាប់​រហូត ហើយ​មាន​តែ​ព្រលឹង​របស់​គាត់​ដែល​រស់​ឡើង​វិញ។ បន្ទាប់​មក​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ឲ្យ​រូបកាយ​នោះ​បាត់បង់​ទៅ។ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​រូបកាយ​រលាយ​បាត់​ទៅ មិនមែន​ជា​អត្ថន័យ​នៃ​ពាក្យ រស់​ពី​ស្លាប់​ឡើង​វិញ​ទេ។ នៅ​ក្នុង​គម្ពីរ​ពាក្យ​ក្រេក​ អាណាស្តាស៊ីស ​ដែល​បកប្រែ​ថា «រស់​ពី​ស្លាប់​ឡើងវិញ» មានន័យ​ថា រូបកាយ​ស្លាប់​ ផ្លាស់ប្រែ​ជា រូបកាយ​បែប​ផ្សេង ដែល​អាច​រស់​នៅ​អស់កល្ប​ជានិច្ច។ ស្មរ​បន្ទាល់​ព្រះយេហូវ៉ា មិន​ជឿ​លើ​គោលជំនឿ​នេះ​ទេ។

ការព្យាករណ៍​ខុស​អំពី​ការ​យាង​មក​លើក​ទី​ពីរ​របស់​ព្រះគ្រីស្ទ។ លោក ​​ រើសិល ​បាន​បង្រៀន​ថា ​ព្រះយេស៊ូវ​បាន​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​១៨៧៤​ហើយ ប៉ុន្តែ​តាម​របៀប​អាថ៌កំបាំង​ដែល​គ្មាន​អ្នកណា​អាច​មើល​ឃើញ​បាន​ឡើយ។ បន្ទាប់​មក​គាត់​បាន​ទាយ​នៅ​ឆ្នាំ​១៨៨៩​ថា «សមរភូមិ​នៃ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​…នឹង​បញ្ចប់​នៅ​ឆ្នាំ​១៩១៤​ នៃ​គ.ស.​ដោយ​ការ​ផ្តួល​រំលំ​ទាំងស្រុង ​នៃ​ការ​គ្រប់គ្រង​បច្ចុប្បន្ន​របស់​ផែនដី»។ ច្បាស់​ណាស់​ការ​នោះ​មិន​បាន​កើត​ឡើង​ទេ។ នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​គាត់​ក៏​បាន​ព្យាករណ៍​អំពី​ការ​នេះ៖ «ក្នុង​រយៈពេល​២៦​ឆ្នាំ​ ខាង​មុខ​នេះ​ រដ្ឋាភិបាល​ទាំងអស់​នឹង​ត្រូវ​ដួល​រលំ​ និង​រំលាយ​ចោល»។ ការ​នេះ​ក៏​អត់​បាន​កើត ឡើង​ដែរ។ គាត់​ក៏បាន​ព្យាករណ៍​ទៀត​ថា​ ឆ្នាំ​ ​១៩១៤​ ​នឹងជា​…
– ចុង​បញ្ចប់​នៃ​សាសនា​ទាំងអស់​
– ការ​បំផ្លាញ​រដ្ឋាភិបាល​ទាំងអស់​
– ចុង​បញ្ចប់​នៃ​គ្រា​វេទនា​ដ៏​ធំ​
– ចុង​បញ្ចប់​នៃ​សង្គ្រាម​ហាម៉ាគេដូន​
– ពេល​ដែល លោក ឆាល្ស​ថេហ្ស​ រើសិល​ និង​អ្នកដើរតាម​គាត់​ នឹង​ត្រូវ​បាន​លើកឡើង​ទៅ​ស្ថានសួគ៌​
– ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​យេស៊ូវ នឹង​ត្រូវ​បាន​ស្ថាបនា​ជា​សួន​មនោ​រម្យ​នៅ​លើ​ ផែនដី​
– ការ​ចាប់ផ្តើម​នៃ​ការ​រស់​ឡើងវិញ​នៅ​លើ​ផែនដី

គ្មាន​ទំនាយ​ណាមួយ ក្នុងចំណោម​ទំនាយ​ទាំង​នេះ​បាន​កើត​ឡើង​នោះ​ទេ។ ក្រោយមក​ក្រុម​របស់​គាត់​បាន​ទាយ​ថា​ អ័ប្រាហាំ ​និង​អ៊ីសាក ​នឹង​រស់​ឡើងវិញ​នៅ​ឆ្នាំ​ ​១៩២៥។ ​ ​ការ​ព្យាករណ៍​នេះ​បាន​បរាជ័យ។ បន្ទាប់មក​ពួកគេ​បាន​ព្យាករណ៍​ថា ​រជ្ជកាល ១០០០​ ​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ​១៩៧៥។ ​ ​ការ​ព្យាករណ៍​នេះ​ក៏​បាន​បរាជ័យ​ដែរ។ ហេតុអ្វី​យើង​គួរទុកចិត្ត​ពួកគេ? ​ពួកគេ​គឺជា​ហោរា​ក្លែងក្លាយ។

ពួកគេ​បដិសេធ​ព្រះត្រៃឯក។ ស្មរ​បន្ទាល់​ព្រះយេហូវ៉ា​បង្រៀន​ថា ​ព្រះ​មិនមែន​ជា​ព្រះត្រៃឯក​ទេ​ ហើយ​ព្រះយេស៊ូវ​ក៏​មិនមែន​ជា​ព្រះ​ដែរ។ ពួកគេ​ក៏​បង្រៀន​ផង​ដែរ​ថា ​ព្រះវិញ្ញាណបរិសុទ្ធ​មិនមែន​ជា​អង្គ​ដែល​អាច​គិត និយាយ និង​ស្ដាប់​នោះ​ទេ​ តែ​គ្រាន់តែ​ជា​ថាមពល​ ឥត​មាន​ឆន្ទៈ ដែល​មក​ពី​ព្រះ​តែ​ប៉ុណ្ណោះ​ ​ស្រដៀង​នឹង​ថាមពល​អគ្គីសនី​ដែល​គ្មាន​ឆន្ទៈ​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​ព្រះ​គម្ពីរ ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​ធ្វើជា​សាក្សី​ (យ៉ូហាន​ ​១៥ៈ២៦) ​បង្រៀន​ (យ៉ូហាន ១៤ៈ២៦​; ១កូរិនថូស​ ​២ៈ១៣) សោកសៅ (អេភេសូរ​ ​៤ៈ​៣០​) ​និយាយ​ (កិច្ចការ​ ​៨ៈ២៩​, ​១៣ៈ២) ​ខឹង​ (ហេព្រើរ​ ​១០ៈ២៩​) ​ស្វែងរក​ (១កូរិនថូស​ ២ៈ១០-១១) ​ហាមឃាត់​ ​(កិច្ចការ​ ​១៦ៈ៦-៧); ​និង​ជួយ​ (រ៉ូ​ម​ ​៨ៈ២៦-២៧) ។ល។ ថាមពល​ដែល​គ្មាន​ឆន្ទៈ មិន​អាច​ធ្វើ​ការ​ទាំង​អស់​នេះ​បាន​ឡើយ។

សេចក្ដី​សង្គ្រោះ​អាច​បាន​តាមតែ​ក្រុម​ស្មរបន្ទាល់​ព្រះយេហូវ៉ា​តែ​ប៉ុណ្ណោះ។ ស្មរបន្ទាល់​ព្រះយេហូវ៉ា​អះអាង​ថា ​ក្រុម​សាសនា​ឯទៀត​ទាំងអស់​គឺ​សុទ្ធ​តែ​ខុស។ ដូច្នេះ​សេចក្ដី​សង្គ្រោះ​អាច​កើត​មាន​តែ​តាមរយៈ​សមាជិកភាព​ ក្នុង​ក្រុម​ស្មរបន្ទាល់​ព្រះយេហូវ៉ា​តែ​ប៉ុណ្ណោះ។

មុខ​ពូថៅ
តើ​អ្វី​ជា​មុខ​ពូថៅ​សម្រាប់​ក្រុម​នេះ? ស្មរបន្ទាល់​ព្រះយេហូវ៉ា​ ចង់​ឲ្យ​មនុស្ស​គិតថា ​ពួកគេ​ជា​ក្រុមជំនុំ​គ្រីស្ទបរិស័ទ​ពិត​ ដូច្នេះ​ពួកគេ​ប្រើ​ពាក្យ​ដូច​យើង​ថា «ព្រះយេស៊ូវគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ សេចក្តី​សង្គ្រោះ ការ​រស់​ឡើងវិញ»។ល។ ប៉ុន្តែ​ពួកគេ​បំភាន់​អត្ថន័យ​ពាក្យ​ទាំង​នេះ តាម​ជំនឿ​គេ។ ពួក​គេ​ទៅ​ផ្ទះ​គ្រីស្ទ​បរិស័ទ​ហើយ​សួរ​ថា ​តើ​អ្នក​ចង់​រស់​នៅ​លើ​ផែនដី​ដ៏​ល្អឥតខ្ចោះ​ជា​រៀង​រហូត​ដែរ​ឬ​ទេ។ ពួកគេ​កាន់​ព្រះគម្ពីរ​នៅក្នុង​ដៃ​ ​ប៉ុន្តែ​ខ​គម្ពីរ​ដែល​គេ​ប្រើ គឺ​គេ​បំភាន់​អត្ថន័យ​តាម​ជំនឿ​របស់​គេ​ដែរ។
តើ​ការ​បង្រៀន​អ្វី​ខ្លះ​ដែល​ពួកគេ​ចង់​លាក់បាំង​(ខ្នង​ពូថៅ)? នៅ​ដំបូង​ពួកគេ​ចង់​លាក់​ជំនឿ​របស់​គេ​ថា ​ព្រះ​ជាម្ចាស់​បាន​បង្កើត​ព្រះរាជបុត្រា​ពី​សូន្យ​មក ជា​ទេវតា​មីកែល។ ពួកគេ​ក៏​ចង់​លាក់បាំង​ជំនឿ​ដែល​ថា រូបកាយ​របស់​ព្រះយេស៊ូវ​មិន​បាន​រស់​ពី​សុគត​ឡើង​វិញ​ទេ។ ហើយ​ពួកគេ​មិនដែល​ចង់និយាយ​អំពី​ការ​ព្យាករណ៍​បរាជ័យ​ជាច្រើន​របស់​ពួកគេ​ឡើយ។
នៅ​ពេល​ដែល​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ ចង់​និយាយ​អំពី​ការ​ដែល​មិន​សូវ​សំខាន់ ​យើង​ត្រូវ​តែ​សួរ​ពួកគេ​ម្តង​ហើយ​ម្តង​ទៀត​ អំពី​សំណួរ​សំខាន់​ជាង​គេ​ដូចជា៖
«តើ​ព្រះរាជបុត្រា​នៃ​ព្រះ​ជា​របស់​ដែល​បង្កើត​ឬ ​(ឬ​សួរ​ម្យ៉ាង​ទៀត​ថា តើ​ទ្រង់​មាន​ដើមកំណើត​ទេ?)»
«តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​រស់​ពី​សុគត​ឡើងវិញ​ទាំង​រូបកាយ​ដូច​ព្រះគម្ពីរ​បាន​ចែង​ទេ?»
«តើ​ព្រះយេស៊ូវ​របស់​អ្នក​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​បាប ​និង​សេចក្ដី​ស្លាប់​យ៉ាងម៉េច​បាន​ បើ​គាត់​មិន​អាច​ឈ្នះ​លើ​សេចក្តី​ស្លាប់​បាន​ផង​នោះ?»
«តើ​ព្រះ​យេស៊ូវ​បាន​សុគត​សម្រាប់​អំពើ​បាប​របស់​មនុស្ស​តែម្នាក់​ ឬ​សម្រាប់​អំពើ​បាប​របស់​ពិភពលោក?»
«តើ​មានតែ​ការសង្គ្រោះ​តាមរយៈ​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ទេ?»

វិធី​ដើម្បី​លើក​ទឹកចិត្ត​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ​ដ៏​ពិត​
ខ្ញុំ​កំពុង​ពិភាក្សា​គ្នា​ជា​មួយ​ពួកម៉ាក​ខ្ញុំ ដែល​ជា​ស្មរ​បន្ទាល់​ព្រះយេហូវ៉ា ហើយ​យើង​បាន​អាន​គម្ពីរ​យ៉ូហាន​ ៥ៈ២២-២៣ ជាមួយ​គ្នា៖ «ព្រះវរបិតា​ទ្រង់​មិន​ជំនុំ​ជំរះ​អ្នកណា​ទេ​ ទ្រង់​បាន​ប្រគល់​គ្រប់​ការ​ជំនុំ​ជំរះ​ដល់​ព្រះរាជបុត្រា​វិញ​ ដើម្បី​ឲ្យ​មនុស្ស​ទាំងអស់​បាន​គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា ​ដូចជា​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា​ដែរ​ អ្នកណា​ដែល​មិន​គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា​ នោះ​ក៏​មិន​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា​ដែល​ចាត់​ឲ្យ​ទ្រង់​មក​ដែរ»
បន្ទាប់​មក​ខ្ញុំ​បាន​សួរ​សំណួរ​នេះ​ដល់​ពួកម៉ាក​ខ្ញុំ​ថា «ពេល​ក្រុមជំនុំ​របស់​អ្នក​ប្រជុំ​ដើម្បី​ថ្វាយបង្គំ​ តើ​ពួកគេ​<គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា ​ដូចជា​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា> ដែរ​ឬ​ទេ?» ​មិត្ត​របស់​ខ្ញុំ​ បាន​គ្រវីក្បាល ហើយ​ឆ្លើយ​ថា ​ទេ។
នោះ​ខ្ញុំ​បាន​និយាយ​ថា «ពេល​អ្នក​ទៅ​ថ្វាយ​បង្គំ​ថ្ងៃ​អាទិត្យ​នេះ សូម​សួរ​ខ្លួន​ឯង​ថា ​ហេតុអ្វី​បាន​ជា​ក្រុមជំនុំ​ខ្ញុំ​មិន គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា​ ដូចជា​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា? ហេតុ​អ្វី​បាន​ជា​ក្រុមជំនុំ​ខ្ញុំ​មិន​ច្រៀង​សរសើរ​ដល់​ព្រះ​យេស៊ូវ ដូច​យើង​ច្រៀង​សរសើរ​ដល់​ព្រះ​វរបិតា? ហេតុអ្វី​បានជា​ក្រុមជំនុំ​ខ្ញុំ​ មិន​ស្រឡាញ់​ព្រះយេស៊ូវ​អស់​ពី​ចិត្ត ដូច​យើង​ស្រឡាញ់​ព្រះវរបិតា? ហេតុ​អ្វី​បាន​ជា​ក្រុមជំនុំ​ខ្ញុំ​មិន​និយាយ​អំពី​ព្រះ​យេស៊ូវ ដូច​ដែល​សាវក​ប៉ុល​និយាយ​នៅ ភីលីព ៣ៈ៧-១១៖ <ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង>?»។
បន្ទាប់​មក​ខ្ញុំ​បាន​និយាយ​ដោយ​របៀប​កក់ក្តៅ​ទៅ​មិត្ត​ភក្ដី​ខ្ញុំ​ថា «ខ្ញុំ​សូម​អញ្ជើញ​បង​ឲ្យ​មក​លេង​ក្រុមជំនុំ​របស់​ខ្ញុំ​ ហើយ​បង​នឹង​ឃើញ​ថា ក្រុមជំនុំ​មួយ​ដែល​គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា​ ដូច​យើង​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា​ដែរ​ ពីព្រោះ​នោះ​ជា​សញ្ញា​សំគាល់​នៃ​ក្រុមជំនុំ​ពិត»។
យោបល់​មួយ​ទៀត ដើម្បី​នាំ​មិត្តភក្ដិ​ក្នុង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​ពិត​ គឺ​អាន​គម្ពីរ​ហេព្រើរ​ជំពូក​១​ជាមួយ​គ្នា។ ស្នាក់​ការ​កណ្ដាល​របស់​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ ទទួល​សំណួរ​ពី​សមាជិក​របស់​ពួកគេ​ អំពី​ហេព្រើរ​ជំពូក​១​ ជាង​វគ្គ​គម្ពីរ​ឯ​ទៀត។ ហេតុអ្វី?​ ពីព្រោះ​អ្នក​និពន្ធ​ហេព្រើរ​ជំពូក១ ​ដកស្រង់​ខ​គម្ពីរ​សញ្ញាចាស់​ជាច្រើន​ អំពី​ព្រះយេហូវ៉ា ដែល​បាន​បំពេញ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ។ ឧទាហរណ៍​ នៅ​ហេព្រើរ​ ១ៈ៨-៩ អ្នក​និពន្ធ​គម្ពីរ​ហេព្រើរ​យោង​ខ​នេះ ពី​ទំនុកដំកើង ៤៥៖ «តែ​ខាង​ឯ​ព្រះរាជបុត្រា​វិញ​ នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ​<ឱ​ព្រះ​អើយ​ បល្ល័ង្ក​ទ្រង់​នៅ​ជាប់​អស់កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​ ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់​ នោះ​ជា​ដំបង​សុចរិត​ ទ្រង់​បាន​ស្រឡាញ់​សេចក្តី​សុចរិត​ ហើយ​ស្អប់​ការ​ទទឹង​ច្បាប់​ ហេតុ​នោះ​បាន​ជា​ព្រះ ​គឺ​ជា​ព្រះ​នៃ​ទ្រង់​បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់​ ជា​ប្រេង​នៃ​សេចក្ដី​ត្រេកអរ​សាទរ​លើស​ជាង​ពួក​សម្លាញ់​នៃ​ទ្រង់>»។ សូម​សម្គាល់​ថា ទំនុកដំកើង ៤៥ៈ៦-៧​នេះ មាន​បន្ទូល​អំពី​ព្រះជាម្ចាស់៖ «ឱ​ព្រះ…» ប៉ុន្តែ​អ្នក​និពន្ធ​គម្ពីរ​ហេព្រើរ ប្រើ​ខ​នោះ​ដើម្បី​និយាយ​ពី​ព្រះយេស៊ូវ​វិញ។ ព្រះយេស៊ូវ​ជា​ព្រះ! មួយ​ទៀត​នៅ​ហេព្រើរ​ ១ៈ១០-១២ អ្នក​និពន្ធ​ យោង​ទំនុកដំកើង ១០២ៈ២៥-២៧​៖ ​«ឱ​ព្រះអម្ចាស់​អើយ​កាល​ដើម​ដំបូង​ទ្រង់​បាន​បង្ករ​ឫស​ផែនដី​ ហើយ​ផ្ទៃមេឃ​ក៏​ជា​ការ​ដែល​ព្រះហស្ដ​ទ្រង់​ធ្វើ​ដែរ​ ឯ​របស់​ទាំង​នោះ​នឹង​សាបសូន្យ​ទៅ​ តែ​ទ្រង់​នឹង​គង់​នៅ​ជាប់​ដដែល ​របស់​ទាំង​នោះ​នឹង​ចាស់​ទៅ​ដូចជា​សំលៀក​បំពាក់ ​ទ្រង់​នឹង​ឆ្មូល​ទៅ​ដូចជា​អាវ​ ហើយ​របស់​ទាំងនោះ​ក៏​នឹង​ប្រែ​ក្លាយ​ទៅ​ តែ​ទ្រង់​នៅតែ​ដដែល ​ព្រះ​ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ»។ នៅ​គម្ពីរ​ទំនុកដំកើង​១០២ៈ២៥-២៧ ​ពាក្យ​ «ព្រះអម្ចាស់» ​គឺ«យេហូវ៉ា» (យ៉ាវេ) ក្នុង​ភាសា​ហេព្រើរ តែ​អ្នក​និពន្ធ​គម្ពីរ​ហេព្រើរ​និយាយ​ថា ខ​នោះ គឺ​អំពី​ព្រះយេស៊ូវ​វិញ! ដូច្នេះ​ព្រះយេស៊ូវ គឺជា​ព្រះយេហូវ៉ា!
ហើយ​សូម​កុំ​ភ្លេច​២យ៉ូហាន​ ១ៈ១០-១១៖ «បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ហើយ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ​ នោះ​កុំ​ឲ្យ​ទទួល​អ្នកនោះ​នៅ​ក្នុង​ផ្ទះ​ឡើយ ​កុំ​ឲ្យ​ទាំង​ជំរាបសួរ​ដល់​អ្នក​នោះ​ផង​ ដ្បិត​បើ​អ្នកណា​ជំរាបសួរ​នោះ​ក៏​តែង​មាន​សេចក្ដី​ប្រកប​គ្នា​ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ»

ធនធាន​គួរ​ឲ្យ​ទុក​ចិត្ត
carm.org

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចម្រើនសិរីល្អ

ប្រភព​នៃ​សេចក្ដីមេត្តាករុណា