in ,

ក្រុមខុសឆ្គង៖ សាសនា​មរមន

ពួក​មរមន​ប្រើ​ពាក្យ​ដូចគ្នា​នឹង​គ្រីស្ទ​សាសនា​ដែរ​ ដូចជា «ព្រះ ព្រះយេស៊ូវ សាតាំង សេចក្តី​សង្គ្រោះ ព្រះត្រៃឯក» ជាដើម។ ប៉ុន្តែ​អត្ថន័យ​ដែល​គេ​ឲ្យ​ពាក្យ​ទាំង​នោះ មាន​អត្ថន័យ​ផ្សេង​ពី​គ្រីស្ទ​សាសនា​ពិត។

ប្រវត្តិ
យ៉ូសែប​ ស្មីត​បាន​បង្កើត​សាសនា​ថ្មី​ ឈ្មោះ​សាសនា​មរមន​ នៅ​រដ្ឋ​ញូវយ៉ក​ប្រហែល​ឆ្នាំ​១៨៣៨។ គាត់​បាន​ប្រកាស​ថា ​ព្រះ​បាន​ប្រាប់​គាត់​ ឲ្យ​ចាកចេញ​ពី​ក្រុមជំនុំ​ព្រះ​យេស៊ូវ​គ្រីស្ទ​ ព្រោះ​ក្រុមជំនុំ​ទាំងអស់​ សុទ្ធ​តែ​អាក្រក់។ លោក​ស្មីត​បាន​និយាយ​ថា ​ទេវតា​ដែល​មក​ពី​ព្រះ​ បាន​ប្រាប់​គាត់​ ពី​កន្លែង​ដែល​សៀវភៅ​ធ្វើ​ពី​មាស​ដែល​គេ​កប់​ទុក។ គាត់​បាន​និយាយ​ថា ​គាត់​បាន​រក​ឃើញ​សៀវភៅ​មាស​នោះ​ ហើយ​បក​ប្រែ​វា​ពី «ភាសា​អេហ្ស៊ីប កំណែ​ទម្រង់» (Reformed Egyptian) ​ដោយ​មាន​ជំនួយ​ពី​ព្រះ។ គាត់​ហៅ​គម្ពីរ​នោះ​ថា គម្ពីរ​មរមន តាម​ឈ្មោះ​មនុស្ស​ម្នាក់​ដែល​គាត់​ថា ជា​អ្នក​សរសេរ​សៀវភៅ​មាស​នោះ។ សៀវភៅ​នោះ​និទាន​រឿង​អំពី​ជនជាតិ​បុរាណ​មួយ​នៅ​អាមេរិក​ខាង​ជើង ដែល​ជា​ពូជ​ជនជាតិ​អ៊ីស្រាអែល។ (អ្នកវិទ្យាសាស្ត្រ​ ថា គ្មាន​ភ័ស្ដុតាង អំពី​ភាសា ឬ​អក្សរ​ដែល​ហៅ​ថា «ភាសា​អេហ្ស៊ីប​កំណែ​ទម្រង់» នោះ​ទេ ហើយ​គ្មាន​ភ័ស្ដុតាង​ដែល​ថា​ មាន​ជនជាតិ​ដើម​ភាគតិច​នៅ​អាមេរិក ជា​ពូជ​ជនជាតិ​អ៊ីស្រាអែល​នោះ​ទេ)។ ក្រោយ​មក​លោក​ស្មីត អះអាង​ថា គាត់​បាន​ប្រគល់​សៀវភៅ​នោះ ទៅ​ទេវតា​វិញ​ហើយ។ ដូច្នេះ គ្មាន​របៀប​ណា​ដើម្បី​ដឹង​ប្រាកដ​ថា​ លោក​ស្មិត​និយាយ​ការ​ពិត ឬ​ដឹង​ប្រាកដ​ថា​ការ​បកប្រែ​គម្ពីរ​មរមន​ត្រឹមត្រូវ​ឬ​ទេ។ យ៉ូសែប​ ស្មីត​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ច្រើនដង ​ដោយសារ​ការ​លួច​បន្លំ​ធនាគារ​ អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ការ​មាន​ពហុពន្ធភាព។ (បើ​ចង់​ឃើញ​គ្រប់​បញ្ជី​ចាប់​ខ្លួន​លោក​ស្មីត សូម​មើល​អត្ថបទ «យ៉ូសែប ស្មីត និង ប្រព័ន្ធ​យុត្តិធម៌» https://en.wikipedia.org/wiki/Joseph_Smith_and_the_criminal_justice_system)

ជំនឿ
គោលជំនឿ​សាសនា​មរមន ​គឺ​ប្លែក​មែនទែន ​ហើយ​ខុស​ពី​គ្រីស្ទ​សាសនា​ពិត។ វា​ជា​សាសនា​ខុស​គ្នា​ទាំង​ស្រុង។ ប៉ុន្តែ​ដោយសារ​ពួកគេ​ប្រើ​ឈ្មោះ​ដូចគ្នា​នឹង​ជំនឿ​យើង​ដែរ ​គឺ​ពាក្យ​ «ព្រះ» «ព្រះ​យេស៊ូវ»​ «សាតាំង» ។ល។ នោះមនុស្ស​គិតថា វា​ជា​សាសនា​គ្រីស្ទ​មួយ​ដែរ។

ពួក​មរមន​ជឿ​ថា មាន​ព្រះ​រាប់ពាន់​អង្គ ដែល​រស់នៅ​លើ​ភព​ផែនដី​ផ្ទាល់​របស់​ពួកគេ។ ពួកគេ​បង្រៀន​ថា «…ព្រះវរបិតា​ធ្លាប់​ជា​មនុស្ស​ធម្មតា​នៅ​លើ​ភព​មួយ​ផ្សេងទៀត​ ហើយ​គាត​បាន​ក្លាយ​ជា​ព្រះ​ ដោយ​ធ្វើ​តាម​ច្បាប់​ និង​ក្រឹត្យវិន័យ​របស់​ព្រះ នៃ​ភព​នោះ ហើយ​[បន្ទាប់មក]​បាន​មក​ដល់​ពិភពលោក​នេះ​ ជាមួយ​ប្រពន្ធ​គាត់ (នាង​បាន​ក្លាយ​ជា​ព្រះ​ដែរ)។ ហើយ​តាមរយៈ​ទំនាក់ទំនង​ផ្លូវភេទ​ ពួកគេ​បង្កើត​កូន​ខាង​វិញ្ញាណ​រាប់​ពាន់​លាន​នាក់​នៅ​ស្ថានសួគ៌។ កូន​ខាង​វិញ្ញាណ​ទាំងនេះ ​រួម​មាន​ព្រះយេស៊ូវ​ អារក្ស​ អ្នក​ និង​ខ្ញុំ​ សុទ្ធ​សឹង​ជា​បងប្អូន​ ដែល​កើត​នៅ​ក្នុង​សម័យ​កាល​មុន។ កូន​ខាង​វិញ្ញាណ​ទាំង​នេះ ចុះ​មក​ចូល​ក្នុង​រូបកាយ​ទារក​នៅ​ពេល​កើត​មក។ … លើស​ពី​នេះ​ទៀត​ពួក​មរមន​ស្មោះត្រង់ ​ដែល​បាន​បង់​១០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ពួកគេ​ដល់​វិហារ​មរមន ​អាច​ក្លាយ​ជា​ព្រះ​នៃ​ភព​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​បន្ទាប់​មក​អាច​ចាប់ផ្តើម​ដំណើរ​ការ​ទាំង​នេះ​ម្តង​ទៀត។ វា​គឺ​ជា​ ការ​ប្រមាថ​ដល់​ព្រះ​ ដែល​និយាយ​ថា ទ្រង់​ធ្លាប់​ជា​មនុស្ស​ ហើយ​មាន​ព្រះ​ច្រើន។ (https://carm.org/​mormonism​/​mormon-​beliefs-are-they-christian​/)

ពួក​មរមន​បដិសេធ​ព្រះត្រៃឯក។ ពួក​មរ​មន​ចូលចិត្ត​និយាយ​ថា​ ពួកគេ​ជឿ​លើ​ព្រះត្រៃឯក​ ​ប៉ុន្តែ​តាមពិត​ពួកគេ​ជឿ​លើ​ព្រះ​ ៣ ​ដាច់​ដោយឡែក​ពី​គ្នា​ (និង​ព្រះ​រាប់ពាន់​ទៀត!)។ ពួកគេ​មិន​ជឿ​លើ​ព្រះ​តែមួយ​ ​ដែល​ជា​ព្រះ​វរបិតា​ ​ព្រះរាជ​បុត្រា​ ​និង​ព្រះវិញ្ញាណបរិសុទ្ធ​ដ៏​អស់​កល្ប​ជានិច្ច​នោះ​ទេ។ សាសនា​មរ​មន​ ​គឺជា​សាសនា​ពហុ​និយម​ ​មិនមែន​ជា​សាសនា​គ្រីស្ទ​ទេ។

ពួក​មរមន​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​ គឺ​ជា​មនុស្ស​ធម្មតា​ដែល​បាន​ក្លាយ​ជា​ព្រះ។ នៅក្នុង​សាសនា​មរមន ព្រះ​រាជបុត្រា​មិន​គង់​នៅ​តាំង​ពី​អស់កល្ប​ជានិច្ច​ទេ។ វិញ្ញាណ​របស់​ទ្រង់​បាន​កើត​មក​នៅពេល​ដែល​ព្រះវរបិតា​នៅ​ស្ថានសួគ៌​ និង​មហេសី​របស់​ទ្រង់ ដែល​ជា​ព្រះ​ដែរ ​បាន​រួម​ដំណេក​(ទាំង​ពីរ​អង្គ​មាន​រូបកាយ​ ដូច​អ្នក​ និង​ខ្ញុំ) ហើយ​បង្កើត​វិញ្ញាណ​ដែល​យើង​ហៅថា ​ព្រះយេស៊ូវ។ ក្រោយមក​ពួកគេ​បាន​រួមភេទ​ម្ដង​ទៀត ហើយ​បាន​បង្កើត​វិញ្ញាណ​ដែល​យើង​ហៅថា ​សាតាំង។ (ដូច្នេះ ​ព្រះ​យេស៊ូវ និង​អារក្ស​សាតាំង​ជា​បងប្អូន​គ្នា)។ តាម​របៀប​ដូចគ្នា​ ព្រះ​ និង​ភរិយា​ច្រើន​របស់​ទ្រង់ បាន​រួមភេទ​ ដប់​ពាន់​លាន​ដង​ទៀត (១០,០០០,០០០,០០០ដង!) ដើម្បី​បង្កើត​វិញ្ញាណ​សម្រាប់​ដប់ពាន់​លាន​នាក់ ​ដែល​ធ្លាប់​បាន​រស់​នៅ​លើ​ភព​នេះ! ពួកគេ​ជឿ​ថា ក្រោយ​មក​វិញ្ញាណ​ឈ្មោះ​ព្រះយេស៊ូវ បាន​កើត​ជា​មនុស្ស​ធម្មតា ដូច​អ្នក​និង​ខ្ញុំ គាត់​មិនមែន​ជា​ព្រះ​ទេ តែ​ដោយសារ​គាត់​បាន​ធ្វើ​តាម​ក្រឹត្យវិន័យ នោះ​ព្រះ​វរបិតា​បាន​លើក​ដំកើង​គាត់​ដល់​ឋានៈ​ជា​ព្រះ​មួយ។

អ្នក​ដឹកនាំ​មរមន​សំខាន់​ៗ​បាន​បង្រៀន​ថា ព្រះ​វរបិតា បាន​រួមភេទ​ជា​មួយ​នឹង​ម៉ារា ដើម្បី​បង្កើត​រូបកាយ​របស់​ព្រះ​យេស៊ូវ។ ពួកគេ​បាន​បង្រៀន​ថា ​ព្រះវរបិតា​ (ដែល​មាន​រូបកាយ​ដូច​យើង) បាន​ចុះ​មក​ផែនដី ​ហើយ​ធ្វើ​ឲ្យ​ម៉ារា​មាន​ផ្ទៃពោះ ដោយ​រួមភេទ​ជា​មួយ​នាង។ ពួក​គេ​ថា ទ្រង់​បាន​ធ្វើ​ដូច្នេះ ​ដើម្បី​រៀបចំ​រូបកាយ​ដែល​នឹង​ទទួល​វិញ្ញាណ​ឈ្មោះ​យេស៊ូវ។ (នេះ​គឺជា​ការប្រមាថ​ដ៏​អាក្រក់​ចំពោះ​ព្រះវរបិតា​ និង​នាង​ព្រហ្មចារី​ម៉ារា!)។
សូម​ស្ដាប់​ពាក្យ​សំដី​អាក្រក់​របស់​មេដឹកនាំ​មរមន​ផ្ទាល់​អំពី​រឿង​នេះ៖ «ព្រះ​គ្រីស្ទ​ត្រូវ​បាន​បង្កើត តាមរយៈ​ ព្រះវរបិតា​ដែល​អមតៈ ដោយ​របៀប​ដូច​គ្នា ដែល​មនុស្ស​ធម្មតា ត្រូវ​បាន​បង្កើត​ពី​ឪពុក​ធម្មតា» (គោលលទ្ធិ មរមន ១៩៦៦ ទំព័រ ៥៤៧)។ លោក ព្រីកហាំ យ៉ង់ ដែល​ជា​នាយក​ទីពីរ​នៃ​សាសនា​មរមន បង្រៀន​ម្ដង​ហើយ​ម្ដង​ទៀត​ថា ព្រះ​យេស៊ូវ​ត្រូវ​ចាប់​ទុំ​ផ្ទៃ ពេល​ព្រះ​មាន​ការ​រួមភេទ​ធម្មតា រវាង​ព្រះ​វរបិតា និង​នាង​ម៉ារា៖ «ព្រះវរបិតា​ចុះ​មក​បង្កើត​ទ្រង់ ដោយ​របៀប​ដែល​មនុស្ស​ធម្មតា​ធ្វើ…» (The Complete Discourses of Brigham Young, vol. 1, p. 321; February 16, 1849, Salt Lake City)។ ម្តង​ទៀត នេះ​គឺជា​ការប្រមាថ​ដ៏​អាក្រក់​ចំពោះ​ព្រះវរបិតា​ និង​នាង​ព្រហ្មចារី​ម៉ារា!

សព្វថ្ងៃ​នេះ​ពួក​មរមន ទទូច​ថា ជំនឿ​នេះ​មិនមែន​ជា​ជំនឿ​ផ្លូវ​ការ​របស់​សាសនា​មរមន​ទេ។ តែ​មាន​អ្នក​ដឹកនាំ​សំខាន់ៗ​យ៉ាងតិច​៤​នាក់ ដែល​បាន​បង្រៀន​ថា ព្រះ​បាន​រួមភេទ​ជា​មួយ​នាង​ម៉ារា ដូច​ជា ព្រីកហាំ យ៉ង់ (Brigham Young) ហ៊ីបឺ ឃីមបិល (Heber Kimbal) អ័រសិន ប្រាត (Orson Pratt) ហើយ យ៉ូសែប អែហ្វ ស្មីត (Joseph F. Smith)។ ហើយ​ក្រុមជំនុំ​មរមន​មិនដែល​បាន​បដិសេធ​ ការ​បង្រៀន​ប្រមាថ​នេះ​ទេ។ ពួក​មរមន​មិន​គួរ​ឆ្ងល់​ថា ​ហេតុអ្វីបានជា​យើង​អាក់អន់ចិត្ត​នឹង​សាសនា​របស់​ពួកគេ​ឡើយ។

ពួក​មរមន​បន្ថែម​គម្ពីរ​ថ្មី។ ពួក​មរមន​អះអាង​ថា ពួក​គេ​ទទួល​ព្រះ​គម្ពីរ​ប៊ីប​ («ឲ្យ​តែ​បាន​បក​ប្រែ​យ៉ាង​ត្រឹមត្រូវ»)។ ប៉ុន្តែ​ពួក​គេ​បន្ថែម​បី​សៀវភៅ​ទៀត គឺ (១)គម្ពីរ​មរមន (២) គោលលទ្ធិ​និង សេចក្តី​សញ្ញា ហើយ (៣)​ មុក្ដា​ដ៏​មាន​តម្លៃ ។ ពួកគេ​អះអាង​ថា ​យ៉ូសែប ​ស្មីត​បាន​បកប្រែ​គម្ពីរ​មរមន​ពី​សៀវភៅ​មាស ​ដែល​គាត់​បាន​រក​ឃើញ​កប់​នៅ​ញូវយ៉ក។ សៀវភៅ​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ​ជាង​ព្រះ​គម្ពីរ។

ពួក​មរមន​បង្រៀន​ថា ​វា ជា​ការ​ល្អ​ដែល​អ័ដាម​មិន​ស្តាប់​បង្គាប់​ព្រះ​ ពីព្រោះ​ នោះ​គឺជា​ផ្លូវ​តែមួយ​គត់​ ដែល​មនុស្សជាតិ​អាច​ត្រូវ​បាន​សង្គ្រោះ​ (២នីហ្វៃ Nephi​ ​២ៈ២២-២៥)។ នេះ​គឺជា​ការប្រមាថ។

ពួក​មរ​មន​បង្រៀន​ថា​ ព្រះ​មាន​រូបកាយ​ មិន​គ្រាន់តែ​ជា​វិញ្ញាណ​ទេ។ ​ គម្ពីរ​គេ​ថា «ព្រះ​វរបិតា​មាន​រូបកាយ​ជា​សាច់​ និង​ឆ្អឹង​ដូច​មនុស្ស​ដែរ​ …» (គោលលទ្ធិ និង សេចក្តី​សញ្ញា ​ ​១៣០ៈ២២)។ ​ ​ ប៉ុន្តែ​នេះ​គឺជា​ការប្រមាថ​ ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នៅ​ក្នុង​យ៉ូហាន​ ​៤ៈ២៤​ ​ថា​ «ព្រះជាម្ចាស់​ជា​វិញ្ញាណ​ ហើយ​អស់អ្នក​ដែល​ថ្វាយបង្គំ​ទ្រង់​ ត្រូវតែ​ថ្វាយបង្គំ​ដោយ​វិញ្ញាណ​ និង​សេចក្តី​ពិត» ។ ​

ពួក​មរ​មន​បង្រៀន​ថា​មាន​ «ព្រះ​មាតា» ​ជាច្រើន។ ​ (មើល Articles of Faith, ​ប្រការ​នៃ​សេចក្តី​ជំនឿ​ ដោយ​ ​James ​Talmage​ ​ទំព័រ​ ​៤៤៣)។ ​ ​ពួកគេ​ជឿ​ថា ព្រះ​វរបិតា និង​ព្រះ​មាតា ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ​ដែល​បង្កើត​កូន​ខាង​វិញ្ញាណ​ជាមួយ​គ្នា (គោល​លទ្ធិ​ មរមន​ ទំព័រ​ ​៥១៦)។ ​ ​នេះ​គឺជា​ការប្រមាថ​ប្រឆាំង​នឹង​ព្រះ​ពិត។ ព្រះ​គម្ពីរប៊ីប មិនដែល​និយាយ​អំពី​ព្រះ​មាតា​ទេ។

ពួក​មរមន​បដិសេធ ​សេចក្ដី​សង្គ្រោះ ​ដោយ​ព្រះ​គុណ​តាមរយៈ​សេចក្ដី​ជំនឿ​តែ​ប៉ុណ្ណោះ។ សូម​ស្តាប់​ពាក្យ​របស់​ពួកគេ​ផ្ទាល់៖

  • «គោលលទ្ធិ​មួយ​ដែល​ខុសឆ្គង​បំផុត មាន​ប្រភព​ពី​អារក្ស​សាតាំង… គឺ​មនុស្ស​អាច​បាន​សង្គ្រោះ ដោយ​ព្រះ​គុណ​ពី​ព្រះ​អង្គ​ទទេ គឺ​ថា​មានតែ​ជំនឿ​លើ​ព្រះ​យេស៊ូវ​តែ​ប៉ុណ្ណោះ ​ដើម្បី​បាន​សេចក្ដី​សង្គ្រោះ» (Miracle of Forgiveness ដោយ​អគ្គនាយក​មរមន Spencer W. Kimball ទំ. ២០៦)។
  • យញ្ញបូជា​របស់​ព្រះយេស៊ូវ​មិនអាច​សម្អាត​យើង​ពី​អំពើបាប​មួយ​ចំនួន​បាន​ទេ ​(ដូចជា​ឃាតកម្ម​ និង​ការ​ផិតក្បត់​ ម្តង​ហើយ​ម្ដងទៀត)​ ( Journal of Discourses​ ភាគ​ទី​៣,​១៨៥៦,​ ទំ.២៤៧)។
  • អំពើ​ល្អ​ជា​ការ​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ ​(Articles of Faith ​ទំ.​ ៩២)។
  • គ្មាន​ការ​សង្គ្រោះ​ទេ​ សម្រាប់​អ្នក​ដែល​មិន​ទទួល ​យ៉ូសែប​ ស្មីត​ជា​ព្យាការី​របស់​ព្រះ​ (Doctrines of Salvation ​ភាគ​ទី​១​ ទំ.​១៨៨)។
  • «យើង​ដឹង​ថា ​ដោយសារ​ព្រះគុណ​ដែល​យើង​បាន​សង្គ្រោះ​ ក្រោយ​ពី​យើង​ធ្វើ​អស់​សមត្ថភាព​យើង» ( 2 Nephi 25ៈ23)។

សាសនា​មរមន មិនមែន​ជា​គ្រីស្ទ​សាសនា​ទេ។
ជំនឿ​ទាំងនេះ​ពិត​ជា​ចម្លែក​ណាស់ ​ដែល​យើង​មិន​ត្រូវ​ហៅ​សាសនា​មរមន​ថា ​ជា​សាសនា​គ្រីស្ទាន​ទេ។ ពួក​មរមន​មាន​សិទ្ធិ​បង្កើត​សាសនា​ថ្មី ដែល​ខុសប្លែក​ឆ្ងាយ​ពី​សាសនា​ព្រះគ្រីស្ទ ប៉ុន្តែ​គេ​មិនមាន​សិទ្ធិ​ហៅ​ថា គ្រីស្ទ​សាសនា​ទេ។ ហើយ​គេ​ក៏​គ្មាន​សិទ្ធិ​ លួច​ព្រះ​នាម និង​ឈ្មោះ​របស់​គ្រីស្ទ​សាសនា​ដូច​ជា ព្រះវរបិតា ព្រះរាជបុត្រា ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រះយេស៊ូវ​គ្រីស្ទ ដំណឹង​ល្អ ។ល។

ស្ថាបនិក​នៃ​សាសនា​មរមន ​ក៏​បាន​បរាជ័យ​ចំពោះ​ការ​សាក​ល្បង​នៃ​សីលធម៌ និង​ភាព​បរិសុទ្ធ​
អស់​រយៈពេល​៤០​ឆ្នាំ​ដំបូង​នៃ​សាសនា​មរមន មេដឹកនាំ​បាន​បង្រៀន​សមាជិក​ថា ការ​មាន​ប្រពន្ធ​ច្រើន​ជា​គោលការណ៍​សុចរិត និង​ចាំបាច់។

ស្ថាបនិក​សាសនា​មរមន យ៉ូសែប ​ស្មីត​ បាន​យក​ប្រពន្ធ​យ៉ាងហោចណាស់​២៧​នាក់​ និង​អាច​ជាង​៤០​នាក់។ ប្រពន្ធ​គាត់​ខ្លះ​នៅ​តែ​ជា​ប្រពន្ធ​ស្របច្បាប់​នឹង​ប្ដី​ដើម​នៅឡើយ ​នៅពេល​ពួកគេ​រៀបការ​ជាមួយ​លោក​ស្មីត!​ នៅក្នុង​គម្ពីរ​មរមន Doctrine and Covenants ផ្នែក​១៣២ ​ព្យាការី​សាសនា​មរមន​បាន​ហៅ​ការ​មាន​ប្រពន្ធ​ច្រើន​ថា ជា «គោលលទ្ធិ​ដ៏​បរិសុទ្ធ​ និង​សំខាន់​បំផុត​ ដែល​ធ្លាប់​បាន​សម្ដែង​ដល់​មនុស្ស​នៅ​លើ​ផែនដី»។ គាត់​ក៏​បង្រៀន​ថា ​បុរស​ម្នាក់​ត្រូវ​ការ​ភរិយា​យ៉ាង​ហោច​ណាស់​ក៏​បី​នាក់​ដែរ​ ដើម្បី​ទទួល​បាន «​ការ​លើកតម្កើង​ពេញលេញ» ក្រោយ​ស្លាប់។ គាត់​បាន​ថា ​ព្រះ​បាន​ព្រមាន​របៀប​នេះ៖ «អស់​អ្នកណា​ដែល​ក្រឹត្យវិន័យ​នេះ​បាន​សម្ដែង​ដល់​ ពួកគេ​ត្រូវ​តែ​គោរព​ប្រតិបត្តិ…ហើយ​បើ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​នេះ​ទេ​ អ្នក​នោះ​នឹង​ត្រូវ​វិនាស។ ពី​ព្រោះ​គ្មាន​អ្នកណា​អាច​បដិសេធ​កិច្ចព្រមព្រៀង​នេះ​ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សិរីល្អ​របស់​ខ្ញុំ​ឡើយ»។ និយាយ​ម្យ៉ាង​ទៀត មនុស្ស​ដែល​បដិសេធ​គោលការណ៍​មាន​ប្រពន្ធ​ច្រើន​នេះ មិន​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន​ឡើយ។ (https://en.wikipedia.org/wiki​/List​of​Joseph​Smith​%​27swives)

ភរិយា​ម្នាក់​របស់​យ៉ូសែប ស្មីត​ឈ្មោះ​ ហេឡែន​ ម៉ារ ​គឹមបល (Helen Mar Kimball)​ មាន​អាយុ​ត្រឹម​១៤​ឆ្នាំ​ប៉ុណ្ណោះ​ នៅពេល​យ៉ូសែប​ ស្មីត​បាន​រៀបការ​ជាមួយ​នាង! ឪពុក​របស់​នាង​បាន​សួរ​នាង​ថា សុខចិត្ត​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ូសែប ស្មីត​ឬ​អត់? ហើយ​គាត់​ព្រម។ ក្រោយមក ​នាង​បាន​ពន្យល់​អំពី​ការ​សម្រេច​របស់​នាង​ថា «គាត់​[យ៉ូសែប​ ស្មីត]​បាន​និយាយ​មក​ខ្ញុំ​ថា <បើ​នាង​នឹង​បោះជំហាន​នេះ​ វា​ពិត​ជា​ធានា​បាន​នូវ​សេចក្តី​សង្គ្រោះ និង​ការ​លើកតម្កើង​ដ៏​អស់កល្ប​របស់​នាង​ ព្រមទាំង​គ្រួសារ​នៃ​ឪពុក​នាង​ និង​បងប្អូន​ទាំងអស់​របស់​នាង​ផង> ការ​សន្យា​នេះ​ធំ​ណាស់​ដែល​ខ្ញុំ​សុខចិត្ត​លះបង់​ខ្លួន​ឯង​ ដើម្បី​ទិញ​រង្វាន់​ដ៏​រុងរឿង»។ https://en.wikipedia.org/wiki/​https://en.wikipedia.org/wiki/​Mormonism​_​and​_polygamy)​
សូម​កត់​សម្គាល់​ពី​របៀប​ដែល​យ៉ូសែប​ ស្មីត​ បាន​ប្រើ​អំណាច និង​ឥទ្ធិពល​របស់​គាត់ ញាក់​ក្មេងស្រី​នេះ​ឲ្យ​រៀបការ​ជាមួយ​គាត់​ ដោយ​សន្យា​ជួយ​សង្គ្រោះ​ដល់​ឪពុកម្ដាយ​ និង​ក្រុម​គ្រួសារ​របស់​នាង។ នេះ​ជា​អំពើ​ដ៏​អាក្រក់​បំផុត។

អគ្គនាយក​ទី​២​នៃ​សាសនា​មរមន ឈ្មោះ​ព្រិកហាំ​ យ៉ង់ (Brigham Young) មាន​ប្រពន្ធ​ ៥១​នាក់!​ (https://en.wikipedia.org/wiki/List_of_Brigham_​Young%51s_wives)​
នៅ​ឆ្នាំ​១៨៩០​ តំបន់​យូថាហ៍ ​ដែល​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​មរមន គឺ​ចង់​ក្លាយជា​រដ្ឋ​មួយ​នៃ​សហរដ្ឋ​អាមេរិក ​ប៉ុន្តែ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​មិន​អនុញ្ញាត​ឲ្យ​តំបន់​យូថាហ៍​ ចូលរួម​ទេ ទាល់​តែ​ពួក​គេ​មាន​ច្បាប់​ហាម​ការ​មាន​ប្រពន្ធ​ច្រើន។ ស្រាប់តែ ​អ្នក​ដឹកនាំ​សាសនា​មរមន​បាន​ទទួល​ការ​សម្ដែង​ពី​ព្រះ​ថា ឥឡូវ​ការ​មាន​ប្រពន្ធ​ច្រើន​ខុស​ពី​ច្បាប់​មរមន!
លោក​យ៉ូសែប ​ស្មីត​ និង​ព្រិកហាំ​ យ៉ង់​ ជា​ស្ថាបនិក​ដ៏​ធំ​ពីរ​រូប​នៃ​សាសនា​មរមន។ តើ​យើង​អាច​ជឿ​ទុក​ចិត្ត​លើ​បុរស​ទាំងនេះ​ដូចម្ដេច​បាន ដែល​បាន​ចូលរួម​ក្នុង​ការ​យក​ប្រពន្ធ​ច្រើន​នេះ ព្រមទាំង​បំផ្លាញ ក្រុម​គ្រួសារ​ដោយ​រៀបការ​ជា​មួយ​ស្រី​នៅ​មាន​ប្ដី​នៅ​ឡើយ? (សូម​មើល​បញ្ជី​ពេញលេញ​នៃ​ភរិយា​របស់​ យ៉ូសែប​ ស្មីត​ ​និង​ ព្រិកហាំ យ៉ង់ ​នៅ​ចុង​បញ្ចប់​នៃ​អត្ថបទ​នេះ)។

មុខ​ពូថៅ
បើ​ពួក​មរមន​មាន​គោល​ជំនឿ​ប្រមាថ​ព្រះ​អ៊ីចឹង តើ​ធ្វើ​ដូចម្ដេច​ឲ្យ​គេ​អាច​មាន​សមាជិក​ថ្មី​បាន? ពួក​គេ​លាក់​ជំនឿ​ និង​ប្រវត្តិសាស្ត្រ​អាក្រក់​របស់​ពួក​គេ។
សព្វថ្ងៃ​នេះ​ពួក​មរមន​ មិនមែន​ជា​អ្នក​អួត​ខ្លួន និង​មាន​ប្រពន្ធ​ច្រើន​ដូច​យ៉ូសែប ​ស្មីត​ និង​ព្រិកហាំ​ យ៉ង់​ទេ។ ពួកគេ​មាន​ចិត្ត​ល្អ​រាបសា​ និង​គួរសម។ នៅ​ពេល​បេសកជន​គេ​ជិះកង់​មួយ​គូៗ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ពួកគេ​​ចាប់ផ្តើម​ការ​សន្ទនា​របស់​គេ ​ដោយ​និយាយ​អំពី​ការ​ដែល​សាសនា​គេ ផ្ដោត​លើ​ការ​មាន​ក្រុម​គ្រួសារ​ដ៏​រឹងមាំ។ នេះ​គឺ​ជា​ការ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ ពីព្រោះ​មនុស្ស​ភាគ​ច្រើន​ចង់​មាន​គ្រួសារ​រឹងមាំ​ និង​សន្តិភាព។ ពួក​មរមន​ក៏​ចូលចិត្ត​ប្រើ​ឈ្មោះ «ព្រះ» ​និង​«ព្រះយេស៊ូវគ្រីស្ទ» ​ដើម្បី​ឲ្យ​អ្នក​ស្តាប់​គិត​ថា ​សាសនា​មរមន​គ្រាន់​តែ​ជា​និកាយ​មួយ​នៃ​គ្រីស្ទ​សាសនា​ប៉ុណ្ណោះ។ តែ​តាម​ពិត​វា​ជា​សាសនា​ខុសគ្នា​ទាំងស្រុង​ ដែល​បាន​លួច​យក​ឈ្មោះ​ទាំងនេះ​ ចេញ​ពី​គ្រីស្ទ​សាសនា​ពិត។ ទាំងអស់​នេះ​គឺជា​មុខ​ពូថៅ​ដែល​ងាយស្រួល​ចូល​ទៅ​ក្នុង​ឈើ។
តើ​ខ្នង​ពូថៅ​ជា​អ្វី​ខ្លះ? តើ​ជំនឿ​ប្រមាថ​ណា​ខ្លះ ដែល​ពួក​មរមន​ចង់​លាក់​ពី​យើង? ពួកគេ​ចង់​លាក់បាំង​ជំនឿ​ដែល​ថា ព្រះ​ធ្លាប់​ជា​មនុស្ស​ធម្មតា ​ដែល​បាន​ក្លាយ​ជា​ព្រះ​ ហើយ​ថា ​ព្រះរាជបុត្រា​នៃ​ព្រះ ​និង​សាតាំង ​គឺ​ជា​បងប្អូន​នឹង​គ្នា​ ហើយ​ថា ព្រះយេស៊ូវ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់ ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ព្រះ​ដែរ ហើយ​ថា​ ​ព្រះ​មាន​ប្រពន្ធ​ច្រើន​នៅ​ស្ថានសួគ៌ ហើយ​ថា​ស្ថាបនិក​មរមន មាន​ប្រពន្ធ​រហូត​ដល់​៤០​ ឬ​៥០​នាក់​ (ដែល​អ្នកខ្លះ​នៅតែ​ជា​ប្រពន្ធ​របស់​ប្តី​ដើម)។ ​បើសិន​ជា​បេសកជន​មរមន​បាន​បង្រៀន​រឿង​ប្រមាថ​ទាំងនេះ ​នៅ​ពេល​ដំបូង ​ស្ទើរ​តែ​គ្មាន​អ្នកណា​ម្នាក់​ទទួល​យក​សាសនា​នេះ​ទេ។

របៀប​លើក​ទឹកចិត្ត​ពួក​មរមន​ឲ្យ​ជឿ​លើ​ព្រះ​ពិត​
អ្នក​ប្រហែល​ជា​មិនអាច​បញ្ចុះបញ្ចូល​ពួក​មរមន​ឲ្យ​ងាក​ចេញ​ពី​សាសនា​របស់​គេ ​ដោយ​ប្រាប់​គាត់​អំពី​ភរិយា​ទាំង​៤០​នាក់​របស់​យ៉ូសែប​ ស្មីត​បាន​ទេ។ ផ្លូវ​តែ​មួយ​ដើម្បី​នាំ​ពួក​មរមន ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ​ពិត​ គឺ​ពន្យល់​ដំណឹងល្អ​ពិត​ដល់​ពួកគេ​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​អាន​ព្រះគម្ពីរ​ប៊ីប​មួយ​ចប់។ មានតែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ការ​តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះ​ទេ​ ដែល​អាច​នាំ​ពួកគេ​ទៅកាន់​សេចក្តី​សង្គ្រោះ​បាន។ ពួក​មរមន​ភាគច្រើន​មិន​បាន​អាន​ព្រះគម្ពីរ​ច្រើន​ទេ ពីព្រោះ​ក្រុមជំនុំ​របស់​គេ ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា គម្ពីរ​មិន​បាន​បកប្រែ​របៀប​ត្រឹមត្រូវ។
បើ​ពួក​គេ​លើក​ឡើង​ពី​បញ្ហា​ព្រះគម្ពីរ​បកប្រែ​ត្រឹមត្រូវ អ្នក​អាច​សួរ​គេ​ថា «តើ​គម្ពីរ​មរមន​បាន​បកប្រែ​ត្រឹមត្រូវ​ទេ? តាមពិត​យើង​មិន​អាច​ដឹង​ទេ ពី​ព្រោះ​គ្មាន​ឯកសារ​នៃ​គម្ពីរ​មរមន​ជា​ភាសា​ដើម​សោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរប៊ីប​យើង​មាន​ឯកសារ​បុរាណ​លើស​ជាង​៥០០០​ច្បាប់ ជា​ភាសា​ហេព្រើរ និង​ក្រេក​ ហើយ​ខ្លះ​ចាស់​ជាង​២០០០ឆ្នាំ​ហើយ ​ដូច្នេះ​យើង​អាច​ដឹង​ថា គម្ពីរ​ប៊ីប​បាន​បកប្រែ​ត្រឹមត្រូវ​ ឬ​អត់។ ពេល​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ឯកសារ​បុរាណ​ទាំង​អស់​នេះ ឃើញ​ថា ​ព្រះគម្ពីរ​ប៊ីប​បាន​បកប្រែ​តាម​របៀប​ត្រឹមត្រូវ និង​យក​ចិត្ត​ទុកដាក់​បំផុត។
ចូរ​លើក​ទឹកចិត្ត​ពួកម៉ាក​មរមន​ឲ្យ​គិត​ពិចារណា​អំពី​ ភាព​គួរ​ឲ្យ​ទុក​ចិត្ត ​នៃ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប។ បុរាណ​វិទូ​នៅ​អ៊ីស្រាអែល និង​តំបន់​ជុំ​វិញ​បាន​រក​ឃើញ ទីក្រុង​ ភូមិ ភ្នំ​ និង​ទន្លេ​ រាប់​រយ​ ដែល​បាន​រៀបរាប់​នៅក្នុង​ព្រះគម្ពីរ។ ដូច​គ្នា​ដែរ​បុរាណ​វិទូ​ក៏​បាន​រក​ឃើញ​ភ័ស្តុតាង​ជា​ច្រើន​អំពី ស្តេច​ និង​មនុស្ស​ឯទៀត​រាប់​សិប ដែល​គម្ពីរ​បាន​រៀបរាប់។ ផ្ទុយ​ទៅ​វិញ ​បុរាណ​វិទូ​មិន​បាន​រក​ឃើញ ទីតាំង​បុរាណ​ណាមួយ​ ដែល​បាន​រៀបរាប់​នៅក្នុង​គម្ពីរ​មរមន​ឡើយ។ សូម្បី​តែ​អ្នក​វិទ្យាសាស្ត្រ​មរមន​ក៏​បាន​ទទួល​ស្គាល់​ការ​នេះ៖ «តាម​នរវិទ្យា ឈ្មោះ John Clark នៅ​សាកល​វិទ្យាល័យ Brigham Young អ្នក​បុរាណ​វិទ្យា​ស្ទើរ​តែ​ទាំង​អស់ នៅ​សាកល​វិទ្យាល័យ​មរមន​នោះ ទទួល​ស្គាល់​ថា ការ​រក​ឃើញ​របស់​បុរាណ ដែល​ទាក់ទង​ទៅ​ព្រឹត្តិការណ៍​នៅ​ក្នុង​គម្ពីរ​មរមន​ គឺ​អត់​មាន​ទេ»។ (https://www.bethinking.org/mormons/what-to-say-to-mormons/4-mormons-archaeology)
ជា​ចុងក្រោយ​កុំ​ភ្លេច​២យ៉ូហាន​ ១ៈ១០-១១៖ «បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ តែ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ​ នោះ​កុំ​ឲ្យ​ទទួល​អ្នកនោះ​នៅ​ក្នុង​ផ្ទះ​ឡើយ ​កុំ​ឲ្យ​ទាំង​ជំរាបសួរ​ដល់​អ្នកនោះ​ផង​ ដ្បិត​បើ​អ្នកណា​ជំរាបសួរ​ នោះ​ក៏​តែង​មាន​សេចក្ដី​ប្រកប​គ្នា​ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ»។

យ៉ូសែប​ ស្មីត​ ស្ថាបនិក​សាសនា​មរមន​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ជាង​២៧​នាក់​ក្នុង​រយៈពេល​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ!​ គាត់​បាន​បង្រៀន​ថា ​មាន​ព្រះ​ជាច្រើន​ដែល​មួយ​អង្គៗ​កាន់កាប់​លើ​ភព​មួយ​ដាច់​ដោយឡែក។ គាត់​ក៏​បង្រៀន​ថា ព្រះ​ទាំងអស់​ធ្លាប់​ជា​មនុស្ស​ ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ព្រះ​ ដោយសារ​ជីវិត​ស្មោះត្រង់​របស់​ពួកគេ។
ព្រិកហាំ​ យ៉ង់​ ជា​អគ្គនាយក​ទីពីរ​នៃ​សាសនា​មរមន ​មាន​ប្រពន្ធ​យ៉ាង​ហោច​ណាស់​ ៥១​នាក់។ ប្រពន្ធ​មួយចំនួន​នៅ​តែ​ជា​ប្រពន្ធ​របស់​ប្តី​ដើម​ នៅពេល​ដែល​ព្រិកហាំ​ យ៉ង់​រៀបការ​ជាមួយ​ពួកគេ ​ដូច្នេះ​គាត់​មាន​កំហុស​ក្នុង​ការ​បំផ្លាញ​ក្រុម​គ្រួសារ​ទាំងនេះ។ ព្រិកហាំ​ យ៉ង់​ នៅ​តែ​ទទួល​បាន​ការ​គោរព​ខ្ពស់​ជាង​គេ​ពី​ពួក​មរមន​ទាំងអស់ ហើយ​សកល​វិទ្យាល័យ​ធំ​ជា​គេ​របស់​ពួកគេ បាន​ដាក់ឈ្មោះ​តាម​គាត់​ដែរ។

ភរិយា​ជាច្រើន​របស់​ស្ថាបនិក​សាសនា​មរមន​
នៅ​ទំព័រ​បន្ទាប់​មាន​បញ្ជី​ភរិយា​រាប់​សិប​នាក់​របស់​យ៉ូសែប​ ស្មីត​ និង​ ព្រិកហាំ យ៉ង់។ យើង​ក៏​រាយ​បញ្ជី​អាយុ​របស់​ប្រពន្ធ​នៅ​ពេល​រៀបការ​ និង​ ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួកគេ។ សូម​សម្គាល់​ថា ភរិយា​ប្រាំបួន​នាក់​របស់​លោក​ស្មីត​ ​នៅ​តែ​ជា​ប្រពន្ធ​ស្រប​ច្បាប់​របស់​ប្តី​ដើម នៅពេល​ពួកគេ​រៀបការ​ជាមួយ​លោក​ស្មីត។ សូម​កត់​សម្គាល់​ផង​ដែរ​ថា ​នៅ​ឆ្នាំ​១៨៤២ លោក​ស្មីត​បាន​រៀបការ​ជាមួយ​ស្ត្រី​១៣​នាក់​ក្នុង​មួយឆ្នាំ​ ហើយ​នៅ​ឆ្នាំ​១៨៤៣​ គាត់​បាន​រៀបការ​ជាមួយ​នារី​ ២១​នាក់​ ក្នុង​មួយ​ឆ្នាំ​ គឺ​ស្ទើរ​តែ​រៀបការ​ថ្មី​២​ដង​ក្នុង​មួយ​ខែ! នេះ​គឺ​ជា​ចរិត​ខូច​របស់​បុរស​ដែល​បាន​បង្កើត​សាសនា​មរមន។

អ្នកស្នង​ដំណែង​លោក​ស្មីត​ គឺ​ព្រិកហាំ​ យ៉ង់ ​រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ គាត់​មាន​ប្រពន្ធ​ជាង​៥០​នាក់។ ប្រពន្ធ​គាត់​ខ្លះ​នៅតែ​ជា​ប្រពន្ធ​ស្រប​ច្បាប់​ជាមួយ​ប្តី​ដើម! នេះ​មាន​ន័យ​ថា ​គាត់​បាន​បំផ្លាញ​ក្រុម​គ្រួសារ​ទាំងនោះ ដើម្បី​បាន​ប្រពន្ធ​ថ្មី។ សូម​កត់​សម្គាល់​ថា ​នៅ​ឆ្នាំ​១៨៤៦ ព្រិកហាំ​ យ៉ង់​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ថ្មី ស្ទើរ​តែ​រាល់​ពីរ​សប្តាហ៍​ម្ដង។ ​នេះ​គឺ​ជា​អាកប្ប​កិរិយា​ដែល​ខូច​បំផុត។ នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​១៨៤៦​ លោក​យ៉ង់​ បាន​រៀបការ​ជាមួយ​នាង ចេម​មីម៉ា ​អែនចែល ​(Jemima Angell) ​និង​ម្តាយ​របស់​នាង​នៅ​ថ្ងៃ​តែមួយ! គឺ​អាក្រក់​ក្រៃលែង គួរ​ឲ្យ​ខ្ពើម​ណាស់។ លោក​យ៉ូសែប ស្មីត ​និង​ព្រិកហាំ យ៉ង់​ មាន​ប្រពន្ធ​ដែល​មាន​អាយុ​តែ ​១៤,​១៥​ និង​១៦​ឆ្នាំ។ សាសនា​មរមន​បង្រៀន​ថា ផ្លូវ​មួយ​ដែល​យើង​សង្គ្រោះ​ខ្លួន​យើង ​គឺ​តាមរយៈ​អាពាហ៍ពិពាហ៍ ​និង​ការ​មាន​កូន​ ប៉ុន្តែ​បុរស​អាក្រក់​ទាំងពីរ​នាក់​នេះ​ បាន​យកប្រពន្ធ​ចេញ​ពី​អ្នក​ដទៃ។

ដើម្បី​ការពារ​លោក​ស្មីត​ និង​លោក​យ៉ង់​ ពួក​មរមន​ចូលចិត្ត​ចង្អុលបង្ហាញ​ពី​ស្តេច​សាឡូម៉ូន​នៅក្នុង​ព្រះគម្ពីរ​ដែល​មាន​ប្រពន្ធ​ច្រើន​ណាស់។ ពិតមែន​ តែ​ការ​នេះ​ច្បាស់​ជា​ប្រឆាំង​ទៅ​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ ​ដូច​មាន​ចែង​នៅក្នុង​ចោទិយកថា ​១៧ៈ១៤-២០។ មួយទៀត​ស្ដេច​សាឡូម៉ូន​បាន​ស្ថិត​នៅ​ក្រោម​​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ដោយសារ​បាប​នេះ ប្រពន្ធ​ជាច្រើន​របស់​ស្ដេច​សាឡូម៉ូន​ ក៏​បាន​នាំ​ទ្រង់​ចេញ​ពី​ព្រះ។ ប៉ុន្តែ​សាឡូម៉ូន​មិន​ដែល​រៀបការ​ជាមួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ ដូចជា​យ៉ូសែប​ ស្មីត​ និង​ ព្រិកហាំ យ៉ង់​ទេ ​(សូម​អាន​ ១ពង្សាវតារក្សត្រ​ ១១ៈ៤)​​។

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

ព្រះគ្រីស្ទសុគតសម្រាប់ខ្ញុំ

យល់​អំពី​សេចក្ដី​ស្រឡាញ់