in ,

ក្រុមខុសឆ្គង ប៉ាក អុក ស៊ូ

ក្រុម​បេសកកម្ម​ដំណឹង​ល្អ ហើយ​អ្នក​ដឹកនាំ លោក ​ប៉ាក អុក ស៊ូ ​ខុស​ពី​ក្រុម​ខុស​ឆ្គង​ ​ដែល​យើង​សិក្សា​កន្លង​មក ពីព្រោះ​ក្រុម​នេះ​កាន់​តាម​គោលជំនឿ​ត្រឹម​ត្រូវ​ជា​ច្រើន​ដែរ ទាំង ​ព្រះត្រៃឯក​ និង ​ការ​សុគត​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ ​សម្រាប់​អំពើ​បាប​របស់​យើង។ មនុស្ស​ជា​ច្រើន​ដែល​ចូល​ក្រុម​នេះ ​ជា​គ្រីស្ទបរិស័ទ​ពិត​ប្រាកដ។ ក៏ប៉ុន្តែ​ក្រុម​ប្រឹក្សា​គ្រីស្ទបរិស័ទ​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ​ បាន​រួម​គ្នា​ប្រកាស​សេចក្ដី​ថ្លែង​ការ​ថា​ ក្រុម​បេសកកម្ម​ដំណឹង​ល្អ​ គឺ​ជា​ក្រុម​ខុស​ឆ្គង​មួយ។ ​ដោយ​សារ​មូលហេតុ ​៤ យ៉ាង៖
១) ពួក​គេ​ត្រួតត្រា​សិទ្ធិ​លើ​សមាជិក​របស់​ពួក​គេ​ទាំង​ស្រុង
២) ពួក​គេ​អះ​អាង​ថា ​ពួកគេ​ ជា​ក្រុមជំនុំ​ពិត​តែ​មួយ​គត់
៣) ពួក​គេ​បាន​បន្ថែម គោលជំនឿ​ច្របូក​ច្របល់​អំពី​អំពើ​បាប និង​សេចក្ដី​សង្គ្រោះ​
៤) ពួក​គេ​ព្យាយាម​បំបែក ឬ​លួច​ក្រុមជំនុំ​ផ្សេង​ៗទៀត
ការ​នេះ​រំលឹក​យើង​ថា ក្រុម​ដែល​មាន​គោលជំនឿ​ត្រឹមត្រូវ​អាច​ក្លាយជា​ក្រុម​ខុសឆ្គង ដោយ​ការ​លើក​ដំកើង​អ្នក​ដឹកនាំ​របស់​គេ ដល់​ឋានៈ​ខ្ពស់​ពេក។ ការ​ត្រួតត្រា​សមាជិក​ ការ​បង្ក​ឲ្យ​មាន​ការ​បាក់បែក​គ្នា​ក្នុង​ក្រុមជំនុំ​ឯ​ទៀត ការ​លួច​ចៀម​របស់​គេ ហើយ​ការ​អះអាង​ថា ជា​ក្រុមជំនុំ​ពិត​តែ​មួយ។

ប្រវត្តិ
នៅ​ទសវត្ស​ឆ្នាំ ១៩៦០ បុរស​ម្នាក់​នៅ​ប្រទេស​កូរ៉េ​ឈ្មោះ ប៉ាក អុក ស៊ូ (Park Ock Soo) បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​បេសកជន​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​ ឌិក យ៉ក (Dick York)។ ក្រោយ​មក​ លោក ប៉ាក អុក ស៊ូ​ បាន​បង្កើត​និកាយ​របស់​ខ្លួន​ឯង ដែល​គេ​ស្គាល់​នៅ​ប្រទេស​កូរេ​ថា​ «ក្រុម​សេចក្ដី​សង្គ្រោះ» ពី​ព្រោះ​មធ្យោបាយ​របស់​ពួកគេ ​គឺ​ជ្រៀត​ចូល​ក្នុង​ក្រុមជំនុំ​ បញ្ចុះ​បញ្ចូល​គ្រីស្ទបរិស័ទ​ថា​ ពួក​គេ​មិនទាន់​បាន​សង្គ្រោះ​ពិត​ទេ។ ជំរុញ​ឲ្យ​គេ​ទទួល​សេចក្ដី​សង្គ្រោះ​ពិត ហើយ​ចូល​ក្រុម​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ​របស់​ពួក​គេ​វិញ។
ក្រោយ​មក​ លោក ខ្វោន ស៊ីនចាន់ (Kwon Shin-Chan) និង​អ្នក​ស្នង​តំណែង​របស់​គាត់​គឺ យូ ប្យុង-អឿន (Yoo Byung-eun) បាន​បែក​ពី​បេសកកម្ម​ដំណឹង​ល្អ ហើយ​បង្កើត​ក្រុម​មួយ​ឈ្មោះថា ពួកជំនុំ​ដំណឹងល្អ​បាបទីស្ទ​កូរ៉េ។ ដែល​មាន​សេចក្តី​បង្រៀន​ប្រហាក់ប្រហែល​នឹង លោក ប៉ាក អុក ស៊ូ​ដែរ។ នៅ​ឆ្នាំ ១៩៨៣ លោក យូ ប្យុង-អឿន​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បង្វែរ​មូលនិធិ​ក្រុមជំនុំ​ទៅ​សម្រាប់​ជា​ការ​ធ្វើ​ជំនួញ​វិញ។ ពេល​នោះ​លោក លី យ៉ូហាន (លី បុក-ជិល) បាន​យក​សមាជិក​ប្រមាណ​ជាង​ ៥០០០នាក់ ហើយ​បាន​បង្កើត​ក្រុម​មួយទៀត​ដែល​មាន​ឈ្មោះ​ថា បេសកកម្ម​ព្រះ​បន្ទូល​នៃ​ជីវិត។ ក្រុមប្រឹក្សា​គ្រីស្ទបរិស័ទ​ទាំងអស់​នៅ​ប្រទេស​កូរ៉េ​ ចាត់ទុកថា ក្រុម «និកាយ​សង្គ្រោះ» ទាំង​នេះ គឺជា​ក្រុម​ខុស​ឆ្គង និង​ជា​ក្រុម​បំបាក់បំបែក។

ជំនឿ
ទោះបី​បេសកកម្ម​ដំណឹង​ល្អ​ មាន​គោលជំនឿ​ល្អ​ល្មម​ក្ដី មាន​បញ្ហា​ធំៗ ៤៖
ក្រុម​នេះ​បង្រៀន​ថា សេចក្តី​សង្គ្រោះ​មានតែ​តាមរយៈ​ក្រុមជំនុំ​របស់​ពួកគេ​តែ​មួយ​ប៉ុណ្ណោះ។ នៅ​ពេល​ក្រុម​ណា​មួយ​អះ​អាង​ថា មាន​តែ​ក្រុមជំនុំ​របស់​ខ្លួន​ទេ ​ដែល​ពិត​ ​នោះ​យើង​ដឹង​ភ្លាម​ថា គឺជា​ក្រុម​ខុសឆ្គង​ហើយ។
ក្រុម​នេះ​បង្រៀន​ថា ការ​ប្រែ​ចិត្ដ​ពី​អំពើ​បាប​ទាំងឡាយ និង​ការ​ជឿ​ទុកចិត្ត​លើ​ព្រះគ្រីស្ទ មិន​ចាំបាច់​សំរាប់​ការ​សង្គ្រោះ​នោះ​ទេ។ ពួកគេ​អះ​អាង​ថា​ ដើម្បី​ឲ្យ​បាន​សង្គ្រោះ គឺ​ត្រូវ​ការ​តែ ការយល់​ថា ​ព្រះ​គ្រីស្ទ​បាន​ដក​យក​អំពើ​បាប​របស់​អ្នក​នៅ​លើ​ឈើ​ឆ្កាង​រួច​ហើយ។ ក៏​ប៉ុន្តែ ការ​យល់​ពី​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​នៅ​លើ​ឈើឆ្កាង មិន​ដូច​គ្នា​នឹង​ការ​កែប្រែ​ចិត្ត និង ការ​ជឿ​ទុកចិត្ត​លើ​ការ​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​នៅ​លើ​ឈើ​ឆ្កាង​នោះ​ទេ។ បាទ ការ​យល់​អំពី​ដំណឹង​ល្អ​ជា​ការ​សំខាន់​មែន ​នៅ​ក្នុង​គ្រីស្ទ​សាសនា តែ​ «បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​ព្រះ​បាន​ឡើយ» (ហេព្រើរ ១១ៈ៦)។ គ្មាន​សេចក្ដី​សង្គ្រោះ​ឡើយ បើ​គ្មាន​ការ​កែប្រែ​ចិត្ត​ពី​អំពើ​បាប និង​ជំនឿ​លើ​ព្រះ​គ្រីស្ទ។
ក្រុម​នេះ​បង្រៀន​ថា គ្រីស្ទបរិស័ទ​មិន​ត្រូវ​សារភាព​លន់តួ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​ចំពោះ​ព្រះ​ឡើយ។ ពួក​គេ​បង្រៀន​ថា​ ការ​សារ​ភាព​លន់តួ​អំពើ​បាប​ គឺ​ជា​ភ័ស្ដុតាង​ដែល​បង្ហាញ​ថា ​អ្នក​នោះ​មិន​បាន​ជឿ​ថា ​ព្រះ​យេស៊ូវ​បាន​ដក​អំពើ​បាប​របស់​គាត់​ចេញ​ហើយ​នោះ​ទេ។ ប្រសិន​បើ​អ្នក​ឮ​នរណា​បង្រៀន​ថា​ យើង​មិន​ត្រូវ​សារ​ភាព​អំពើ​បាប​របស់​យើង​ចំពោះ​ព្រះ​ អ្នក​ដឹង​ភ្លាម​ថា​ គាត់​កំពុង​បង្រៀន ការ​ខុសឆ្គង​ពី​បេសកកម្ម​ដំណឹង​ល្អ ឬ​ជា​ក្រុម​ខុសឆ្គង​ស្រដៀង​ហើយ។
ក្រុម​នេះ​បង្រៀន​ថា លោក​យ៉ូហានបាទីស្ទ​ បាន​ដាក់​អំពើ​បាប​ទាំង​អស់​របស់​ពិភពលោក​ទៅ​លើ​អង្គ​ព្រះយេស៊ូវ​ នៅ​ពេល​ដែល​ទ្រង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ក៏​ប៉ុន្តែ​ព្រះគម្ពីរ​ប្រាប់​ថា​ ព្រះយេស៊ូវ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​នៅ​ក្នុង​ព្រះ​កាយ​របស់​ព្រះអង្គ​នៅ​លើ​ឈើឆ្កាង «ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ឆ្កាង…» (១ពេត្រុស ២ៈ២៤)។

មធ្យោបាយ
មធ្យោបាយ​របស់​ «ក្រុម​សេចក្ដី​សង្គ្រោះ» មក​ពី​ប្រទេស​កូរ៉េ​ ព្យាយាម​ឲ្យ​គ្រីស្ទ​បរិស័ទ​សង្ស័យ​ពី​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន។ ដំបូង​ពួកគេ​សួរ​ថា​ ​«តើ​អ្នក​ធ្លាប់​បាន​សារភាព​អំពើ​បាប​របស់​អ្នក​ចំពោះ​ព្រះ​ដែរ​ឬ​ទេ?» ប្រសិន​បើ​អ្នក​ឆ្លើយ​ថា​ ​ធ្លាប់។ នោះ​ពួកគេ​នឹង​និយាយ​ថា​ ​«បើ​អ៊ីចឹង អ្នក​មិនមែន​ជា​គ្រីស្ទបរិស័ទ​ពិត​ទេ​ ពីព្រោះ​ការ​ដែល​អ្នក​សារភាព​លន់តួ​អំពើ​បាប​ជា​ភ័ស្តុតាង​ថា​ ​អ្នក​មិន​ជឿ​ថា​ ​ព្រះ​យេស៊ូវ​បាន​ដក​អំពើ​បាប​របស់​អ្នក​រួច​ហើយ​នោះ​ទេ» តាម​របៀប​នេះ ពួកគេ​ នាំ​ឲ្យ​គ្រីស្ទ​បរិស័ទ​សង្ស័យ​ ពី​សេចក្ដី​សង្គ្រោះ​ ​ហើយ​ទាក់ទាញ​គ្រីស្ទបរិស័ទ​ឲ្យ​ចូល​ក្នុង​ក្រុម​ខុសឆ្គង​របស់​ពួកគេ។ តាមពិត​ព្រះគម្ពីរ​បង្រៀន​ថា ​ការ​លន់តួ​បាប​រាល់​ថ្ងៃ ជា​ភ័ស្តុតាង​មួយ ដែល​យើង​ពិត​ជា​កូន​របស់​ព្រះ ពីព្រោះ​យើង​ធ្វើ​តាម​ព្រះ​យេស៊ូវ ដែល​បាន​បង្រៀន​សិស្ស​ឲ្យ​លន់តួ​រាល់​ថ្ងៃ (ម៉ាថាយ ៦ៈ១១-១២; ១យ៉ូហាន ១ៈ៩)។
ពេលខ្លះ​ទៀត ​គេ​នឹង​សួរ​ទៅកាន់​គ្រីស្ទបរិស័ទ​ថា​ ​«តើ​អ្នកជា​អ្នកមាន​បាប​ ​ឬ​ជា​អ្នក​សុចរិត?» ពិត​ណាស់​ ​សំណួរ​នេះ​ មិន​ងាយស្រួល​ឆ្លើយ​ដោយ​ពាក្យ​តែមួយ​មាត់​នោះ​ទេ។ យើង​ទាំងអស់គ្នា​ដែល​ជា​គ្រីស្ទបរិស័ទ​ដឹង​ហើយ​ថា​ ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត​ពេញលេញ​ភ្លាម ​តាំង​ពី​យើង​បាន​ជឿ​លើ​ព្រះ​យេស៊ូវ ដោយសារ​ព្រះលោហិត​របស់​ទ្រង់។ ប៉ុន្តែ​យើង​ក៏​ដឹង​ថា ​ចិត្ត​របស់​យើង​មិន​ទាន់​ល្អឥតខ្ចោះ​ទេ ​ហើយ​យើង​ក៏​ធ្វើបាប​រាល់ថ្ងៃ​ដែរ​ ​ជាពិសេស​អំពើ​បាប​ដ៏​ធំ​បំផុត​ គឺ​ការ​មិន​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពីចិត្ត​ ​អស់ពី​ព្រលឹង​ ​អស់ពី​គំនិត​ ​និង​អស់ពី​កម្លាំង។ ដូច្នេះ​ តើ​យើង​នឹង​ឆ្លើយតប​យ៉ាង​ដូចម្តេច នៅ​ពេល​គេ​សួរ​យើង​ថា «តើ​អ្នកជា​អ្នកមាន​បាប​ ​ឬ​ជា​អ្នក​សុចរិត?» ប្រសិនបើ​យើង​ឆ្លើយ​ថា​ ​យើង​នៅ​តែ​ធ្វើ​បាប​រាល់​ថ្ងៃ ​នោះ​មនុស្ស​ពី​ក្រុម​បេសកកម្ម​ដំណឹង​ល្អ​ នឹង​និយាយ​ថា​ ​«ឃើញ​ទេ ​អ្នក​មិនទាន់​ជា​គ្រីស្ទបរិស័ទ​ពិត​ទេ។ អ្នក​ត្រូវតែ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ពិត ហើយ​ចូល​ក្រុម​យើង»។ ច្បាស់​ណាស់ ប៉ាក អុក ស៊ូ និង​ក្រុម​របស់​គាត់ មិន​យល់​ពី​ភាព​ខុស​គ្នា​រវាង​ ស្ថានភាព​របស់​គ្រីស្ទ​បរិស័ទ​ចំពោះ​ព្រះ​ គឺជា​មនុស្ស​សុចរិត​ទាំងស្រុង និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្រីស្ទបរិស័ទ​ ជា​មនុស្ស​ដែល​នៅ​តែ​ជំពប់​ដួល ហើយ​ត្រូវ​លន់តួ​បាប​ចំពោះ​ព្រះ​វរបិតា​របស់​យើង​រាល់​ថ្ងៃ​នោះ​ទេ។ ការ​លន់តួ​បាប​ប្រចាំ​ថ្ងៃ​ចំពោះ អ័ប្បា របស់​យើង គឺជា​អំណោយ​ដ៏​ធំ​បំផុត​មួយ ដែល​ព្រះ​បាន​ប្រទាន​មក​យើង តែ​ ប៉ាក អុក ស៊ូ ចង់​ដក​យក​អំណោយ​នេះ​ចេញ​ពី​យើង។
មធ្យោបាយ​ទី​បី​ គឺ​គេ​សួរ​គ្រីស្ទបរិស័ទ​ថា​ «តើ​អ្នក​កើត​ជា​ថ្មី​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ណា?» ប្រសិន​បើ​អ្នក​មិនដឹង នោះ​គេ​នឹង​ប្រាប់​អ្នក​ថា​ អ្នក​មិន​ទាន់​បាន​កើត​ជា​ថ្មី​ទេ។ ពួកគេ​និយាយ​ថា​ ប្រសិនបើ​អ្នក​ដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខាង​សាច់ឈាម​របស់​អ្នក​ នោះ​អ្នក​ក៏​ត្រូវ​ដឹង​ពី​ថ្ងៃកំណើត​ខាង​ឯ​វិញ្ញាណ​របស់​អ្នក​ដែរ។ តាមរយៈ​របៀប​នេះ​ ពួកគេ​បង្កើត​ឲ្យ​មាន​ការសង្ស័យ​នៅក្នុង​ចិត្ត​របស់​គ្រីស្ទបរិស័ទ។ តាម​ពិត​ គ្មាន​បទគម្ពីរ​ណា​ដែល​ប្រាប់​យើង​ថា យើង​ត្រូវ​តែ​ដឹង​ពី​ថ្ងៃ​នៃ​ការ​សង្គ្រោះ​របស់​យើង ​ដើម្បី​ឲ្យ​បាន​សេចក្តីសង្គ្រោះ​ពិត​ប្រាកដ​នោះ​ទេ។ ការ​នេះ​ជា​ការ​បន្ថែម​ការ​ប្រព្រឹត្ត​ទៅ​ក្នុង​សេចក្ដី​សង្គ្រោះ។

ក្រុម​នេះ​បរាជ័យ​ការ​សាកល្បង​ទាំង​នេះ៖

  • ក្រុម​នេះ​បរាជ័យ​សាកល្បង​នៃ​សេចក្តី​សង្គ្រោះ​ដោយ​ព្រះគុណ​ តាមរយៈ​ជំនឿ​លើ​ព្រះគ្រីស្ទ​តែ​ប៉ុណ្ណោះ។ ក្រុម​នៃ​ពួក​បេសកកម្ម​ដំណឹងល្អ​ទាំងអស់​ មក​ពី​ប្រទេស​កូរ៉េ បាន​អះអាង​ថា សេចក្ដី​សង្គ្រោះ​អាច​មាន​បាន​តែ​តាម​រយៈ​ក្រុមជំនុំ​របស់​ពួកគេ​តែមួយ​ប៉ុណ្ណោះ ហើយ​ក្រុមជំនុំ​ផ្សេងៗ​ទៀត​ គឺ​ខុស​ទាំងអស់! ពួក​គេ​ក៏​អះអាង​ថា ការ​កែប្រែ​ចិត្ត​ពី​អំពើបាប និង​ការ​ជឿ​ទុកចិត្ត​លើ​ព្រះ​គ្រីស្ទ​ មិន​ចាំបាច់​មាន​ ដើម្បី​បាន​សេចក្ដី​សង្គ្រោះ​ទេ។ មាន​តែ​គ្រូ​ខុសឆ្គង​ទេ​ដែល​បង្រៀន​ថា មិនបាច់​កែប្រែ​ចិត្ត​ដើម្បី​បាន​សង្គ្រោះ។ តើ​ពួក​សាវក និង​ព្រះ​យេស៊ូវ​បាន​បង្រៀន​ដូចម្ដេច​អំពី​ការ​កែប្រែ​ចិត្ត? (លូកា ១៣ៈ៣, ២៤ៈ៤៦-៤៧; កិច្ចការ ២ៈ៣៨, ១៧ៈ៣០, ២០ៈ២១; ១ថែស្សាឡូនិច ១ៈ៩)
  • ក្រុម​នេះ​បរាជ័យ​ការ​សាកល្បង​នៃ​ភាពជា​ម្ចាស់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ។ ​ព្រះយេស៊ូវ​គ្រីស្ទ ​ជាម្ចាស់​ពិត​របស់​គ្រីស្ទបរិស័ទ​ទាំងអស់។ ប៉ុន្តែ​ ក្រុម​នេះ​ទាម​ទារ​ឲ្យ​គ្រីស្ទបរិស័ទ​ចុះ​ចូល​ទាំង​ស្រុង ចំពោះ​គំនិត ប៉ាក អុក ស៊ូ ​ និង​អ្នក​ដឹកនាំ​ដ​ទៃ​ទៀត​របស់​ក្រុម​នេះ។ គាត់​ហាម​មិន​ឲ្យ​សមាជិក​ ទុក​ចិត្ត​លើ​គំនិត​របស់​ខ្លួន​ឡើយ​ ពីព្រោះ​គំនិត​របស់​ខ្លួន​មក​ពី​សាតាំង​ ផ្ទុយ​ទៅ​វិញ គាត់​ប្រាប់​សមាជិក​ឲ្យ​ស្តាប់ គំនិត និង​ពាក្យ​សំដី​របស់​អ្នក​ដឹកនាំ​បេសកកម្ម​ដំណឹង​ល្អ។ ក៏ប៉ុន្តែ ​ហេតុអ្វី​ដែល​យើង​គួរ​ជឿ​ជាក់​លើ​គំនិត​របស់ ​ប៉ាក អុក ស៊ូ?! ធ្វើ​ដូចម្តេច​ឲ្យ​យើង​ដឹង​ថា គំនិត​របស់​ ប៉ាក អុក ស៊ូ មកពី​ព្រះ មិនមែន​មក​ពី​សាតាំង? របៀប​មួយ​ដែល​យើង​អាច​ដឹង​ថា ក្រុម​នេះ​គឺជា​ក្រុម​ខុសឆ្គង គឺថា អ្នក​ដឹក​នាំ​របស់​គេ​ មាន​ការ​ត្រួតត្រា​ទាំងស្រុង​លើ​សមាជិក​របស់​ពួកគេ។
  • ក្រុម​នេះ​បរាជ័យ​ការ​សាកល្បង​នៃ​ការ​បង្រៀន​ត្រឹមត្រូវ អំពី​អំពើ​បាប​នៅ​ក្នុង​ជីវិត​របស់​គ្រីស្ទបរិស័ទ។ លោក ប៉ាក អុក ស៊ូ និយាយ​ថា យើង​មិន​គួរ​លន់តួ​សារភាព​អំពើ​បាប​ទាំង​ឡាយ​របស់​យើង​ទេ ពី​ព្រោះ​តាម​ពិត​យើង​មាន​បាប​តែ​មួយ​គត់។ គាត់​ថា បាប​តែ​មួយ​គត់​របស់​យើង​គឺ បាប​ដើម​ដែល​អ័ដាម​បាន​ប្រព្រឹត្ត ហើយ​ព្រះ​បាន​អត់​ទោស​បាប​មួយ​នោះ​រួច​ហើយ តាមរយៈ​ព្រះ​គ្រីស្ទ។ ដូច្នេះ​បើ​គ្រីស្ទ​បរិស័ទ​នៅ​តែ​លន់តួ​សារភាព​បាប​ទាំងឡាយ​របស់​គាត់​រាល់​ថ្ងៃ នោះ​គាត់​បង្ហាញ​ភ័ស្ដុតាង​ថា គាត់​មិន​ជឿ​ថា ព្រះ​បាន​ដក​បាប​របស់​គាត់​ចេញ​ហើយ​ទេ។
    បើ​យើង​សួរ​លោក ​ប៉ាក អំពី​បាប​ទាំង​ឡាយ​ដែល​គ្រីស្ទបរិស័ទ​ប្រព្រឹត្ត​រាល់​ថ្ងៃ គាត់​ឆ្លើយ​ថា ការ​នោះ​មិន​មែន​ជា​បាប​ទេ គ្រាន់តែ​ជា​ឧក្រិដ្ឋកម្ម​តែប៉ុណ្ណោះ។ គាត់​ថា «ប្រហែល​អ្នក​បាន​ លួច កុហក និង សម្លាប់​គេ ប៉ុន្តែ​ ការ​នោះ​មិនមែន​បាប​ទេ គ្រាន់តែ​ជា​ឧក្រិដ្ឋកម្ម​ប៉ុណ្ណោះ» (Pak Ock Soo, The Secret of Forgiveness and Being Born Again, p. 37)។ ថែម​ពី​នេះ​ទៀត លោក​ ប៉ាក ​ព្រមទាំង​បាន​កែ​បទ​គម្ពីរ​ឲ្យ​ត្រូវ​នឹង​ការ​បង្រៀន​ថ្មី​នេះ​របស់​គាត់។ នៅ​យ៉ូហាន ៨ៈ១១ ព្រះ​យេស៊ូវ​បាន​ប្រាប់​ស្ត្រី​សំផឹង​ថា «ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ» ប៉ុន្តែ ប៉ាក អុក ស៊ូ ប្ដូរ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដោយ​និយាយ​ថា «ខ្ញុំ​ក៏​មិន​កាត់ទោស​នាង​ដែរ។ នាង​គ្មាន​បាប​ទេ»។
    បើ​គ្មាន​អំពើ​បាប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្រីស្ទ​បរិស័ទ ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​បាន​នាំ​ឲ្យ​សិស្ស​របស់​ទ្រង់ លន់តួ​សារភាព​អំពើ​បាប​រាល់​តែ​ថ្ងៃ ទ្រង់​មាន​បន្ទូល​ថា «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន​ នោះ​ត្រូវ​ថា ៖… សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ  សូម​អត់​ទោស​បាប ​[ពហុវចនៈ]​ យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ » (លូកា ១១ៈ២-៤)។ ហើយ​នៅ​១យ៉ូហាន ១ៈ៩ សាវក​យ៉ូហាន​និយាយ​ថា ​«បើ​យើង​លន់តួ​បាប ​[ពហុវចនៈ]​ វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង…»។ នៅ​១យ៉ូហាន ១ៈ៩ ការ​លន់តួ​សារភាព​អំពើ​បាប​ទាំងឡាយ​របស់​យើង ជា​ភ័ស្ដុតាង​ថា យើង​ជា​គ្រីស្ទ​បរិស័ទ​ពិត ប៉ុន្តែ ប៉ាក អុក ស៊ូ បង្រៀន​ថា ការ​លន់តួ​បាប ជា​ភ័ស្តុតាង​ថា យើង​អត់​ទាន់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ទេ។ តើ​យើង​ត្រូវ​ស្ដាប់​ព្រះ​យេស៊ូវ និង​សាវក​របស់​ទ្រង់ ឬ​ប៉ាក អុក ស៊ូ? ម្យ៉ាង​ទៀត​នៅ ១យ៉ូហាន ១ៈ៨ សាវក​យ៉ូហាន​បង្រៀន​ថា «បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ»។ តែ​ ប៉ាក អុក ស៊ូ ថា​ជា​ការ​ត្រឹមត្រូវ​ ដែល​ថា «យើង​គ្មាន​បាប​សោះ»។ បើ​អ៊ីចឹង លោក​ ប៉ាក អុក ស៊ូ កំពុង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​គាត់​ទេ។
  • ក្រុម​នេះ​បរាជ័យ​ការសាកល្បង​នៃ​ព្រះគម្ពីរ៖ ពេល​ខ្លះ​អ្នកដឹកនាំ​ក្រុម​បេសកកម្ម​ដំណឹង​ល្អ​ ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ដាក់​សម្ពាធ​ទៅ​លើ​ប្តី​ ឬ​ប្រពន្ធ​ដែល​ជឿ ​ឲ្យ​ត្រូវតែ​លែងលះ​ប្តី ឬ ប្រពន្ធ​ដែល​មិន​ជឿ ​ដើម្បី​កុំ​ឲ្យ​ពួក​គេ «ទឹម​នឹម​ស្រៀក»។ នេះ​ផ្ទុយ​ពី​សេចក្តី​បង្រៀន​ច្បាស់លាស់​របស់​សាវក​ប៉ុល​នៅ​ក្នុង ១កូរិនថូស ៧ៈ១២-១៤ ថា អ្នក​ជឿ​ម្នាក់ៗ​ គួរ​តែ​នៅ​ជា​មួយ​ប្តី​ ឬ​ប្រពន្ធ​ដែល​មិន​ជឿ ប្រសិនបើ​គាត់​ព្រម​នៅ​ជាមួយ។

លោក​ ​ឌីក​ ​យ៉ក ​ដែល​គាត់​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ ក្នុង​ការ​ណែនាំ​លោក​ ​ប៉ាក​ ​អុក ស៊ូ​ ​នៅ​ប្រទេស​កូរ៉េ​ ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ បាន​និយាយ​ថ្មីៗ​នេះ​ថា​ «សរុប​ទៅ ​បេសកកម្ម​ដំណឹង​ល្អ​ គឺជា​ក្រុម​ខុសឆ្គង»។ គាត់​បាន​ប្រាប់​ថា​ ​ប៉ាក អុក ស៊ូ​ ​បាន​តាំង​ខ្លួន​ជា​សាវក​សម្រាប់​សម័យកាល​នេះ​ ​ហើយ​គាត់​មាន​សិទ្ធិ​អំណាច​ពេញលេញ​ លើ​អស់អ្នក​ដែល​នៅ​ក្រោមបង្គាប់​គាត់។ ក្រុម​នេះ​ក៏​ជឿជាក់​ថា​ ​ពួកគេ​គឺជា​ពួក​ជំនុំ​ពិតតែ​មួយ​គត់។ លោក ឌីក យ៉ក ​មាន​ប្រសាសន៍​ថា​ «គោល​លទ្ធិ​របស់​ពួកគេ​មាន​សេចក្តី​ពិត​អំពី​ដំណឹង​ល្អ​ច្រើន​ដែរ ​ដូច្នេះ​ហើយក៏​មាន​អ្នក​ជឿ​ពិត​ខ្លះ ​ក្នុងចំណោម​ពួកគេ​ ​ប៉ុន្តែ​មាន​កំហុស​ និង​បង្រៀន​ខុសឆ្គង​ជា​ច្រើន​ដែល​បាន​លាយ​ចូល​ដែរ»។ ថ្មីៗ​លោក ឌីក យ៉ក​បាន​ធ្វើ​វីដេអូ​ខ្លះ ដែល​ប្រាប់​ពី​សេចក្ដី​ពិត​អំពី ប៉ាក អុក ស៊ូ។ នេះ​គឺជា​តំណ​ភ្ជាប់​ទៅ​វីដេអូ​ទី​១ ដែល​មាន​ចំណង​ជើង​ថា «ឌីក យ៉ក ចាប់​ផ្ដើម​ណែនាំ ប៉ាក អុក ស៊ូ»៖ https://www.youtube.com/watch?v=Vvpg1u0ZhQc

មុខ​ពូថៅ
តើ​អ្វី​ជា​មុខ​ពូថៅ​ដែល​អ្នកតា​ម​លោក​ប៉ាក់ ​អុក​ ស៊ូ​ ​ប្រើ​ដើម្បី​ពុះ​បំបែកពួក​ជំនុំ​របស់​ព្រះ? យើង​បាន​មើល​ហើយ​អំពី​មធ្យោបាយ​របស់​ក្រុម​នេះ ដើម្បី​បញ្ចូល​គំនិត​សង្ស័យ​នៅ​ក្នុង​ចិត្តគំនិត​របស់​គ្រីស្ទបរិស័ទ​ទាក់ទង​នឹង​សេចក្ដី​សង្គ្រោះ។
របៀប​មួយ​ទៀត ដែល​បេសកកម្ម​ដំណឹង​ល្អ​ទាក់ទាញ​សមាជិក​ថ្មី គឺ​តាម​រយៈ​អង្គការ​ផ្សេងៗ​របស់​គេ ដូច​ជា ការ​ជួបជុំ​ប្រកប​អ្នក​ដឹកនាំ​គ្រីស្ទ​បរិស័ទ (Christian Leaders Fellowship) និង ការ​ជួបជុំ​យុវជន​អន្តរជាតិ (International Youth Fellowship)។ ពួក​គេ​ទាក់ទាញ​ចិត្ត​គ្រូ​គង្វាល និង​យុវជន​ ដោយ «អំនួត​របស់​ជីវិត» (១យ៉ូហាន ២ៈ១៦) គឺ​ប្រាប់​គេ​ថា គេ​ជា​អ្នក​ដឹកនាំ​សំខាន់ ព្រមទាំង​ចេញ​លុយ​ចំណាយ​ទាំង​អស់​ ដើម្បី​ចូល​រួម​មហា​សន្និបាត​អ្នក​ដឹកនាំ នៅ​ទីក្រុង​ធំៗ​នៅ​ផែនដី​នេះ។ ប៉ុន្តែ​ចូរ​ទាយ​មើល​ថា តើ​អ្នក​ណា​ជា​វាគ្មិន​សំខាន់​នៅ​សន្និបាត​នោះ? បាទ បា៉ក អុក ស៊ូ។
នៅក្នុង​យុទ្ធសាស្ត្រ​ទាំង​អស់​នេះ ពួកគេ​បាន​លាក់បាំង​ ការ​ដែល​អ្នក​ដឹកនាំ​បេសកកម្ម​ដំណឹងល្អ​ នឹង​ត្រួតត្រា​លើ​ជីវិត​របស់​សមាជិក​ទាំង​ស្រុង ហើយ​ថែម​ទាំង​អាច​បង្ខំ​ឲ្យ​ពួក​គេ​លែង​លះ​ប្តី​ ឬ​ប្រពន្ធ​របស់​ពួកគេ​ផង​ ប្រសិន​បើ​ប្តី​ឬ​ប្រពន្ធ​នោះ​ មិន​ព្រម​ចូល​ជា​សមាជិក​ដែរ។ ពួក​គេ​ក៏​មិន​ប្រាប់​អ្នក​ទេ​ថា គ្រប់​ក្រុម​និកាយ​ និង​ក្រុមប្រឹក្សា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ថា​ ក្រុម​បេសកកម្ម​ដំណឹងល្អ​ គឺ​ជា​ក្រុម​ខុស​ឆ្គង។

ក្រៅ​ពី​ក្រុម​បេសកកម្ម​ដំណឹងល្អ​ មាន «ក្រុម​សេចក្ដី​សង្គ្រោះ» ពីរ​ទៀត មកពី​ប្រទេស​កូរ៉េ​ដែល​ស្រដៀង​គ្នា។ សូម​កត់​សម្គាល់​ថា ក្រុមជំនុំ​គ្រីស្ទ​សាសនា​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ​ ចាត់​ទុក​ក្រុម​ទាំងពីរ​នេះ​ ជា​ក្រុម​ខុស​ឆ្គង​ដែរ៖

  • ពួកជំនុំ​ដំណឹងល្អ​បាបទីស្ទកូរ៉េ (សព យូ ប្យុង-អឿន)
  • ពួកជំនុំ​បេសកកម្ម​ព្រះបន្ទូល​នៃ​ជីវិត ឬ​ក្រុមជំនុំ​ព្រះយេស៊ូវ​បាប​ទីស្ទ (លី យ៉ូ-ហាន)

«ក្រុម​សេចក្ដី​សង្គ្រោះ» ទាំង​អស់​ ជា​រឿយៗ​ហៅ​ខ្លួន​ឯង​ថា «បាប់​ទីស្ទ»។ ប៉ុន្តែ​ក្រុម​និកាយ​បាប​ទីស្ទ​ធំៗ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ បដិសេធ​ពួកគេ ពីព្រោះ​ពួកគេ បំបាក់បំបែក​ក្រុម​ជំនុំ ហើយ​អះ​អាង​ថា ការ​សង្គ្រោះ​ គឺ​តាមរយៈ​តែ​ក្រុមជំនុំ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។
ចុងក្រោយ​សូម​កុំ​ភ្លេច​ ២យ៉ូហាន ១ៈ១០-១១ «បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្តី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ»

ធនធាន​គួរ​ទុក​ចិត្ត៖

https://thecenters.org/searchgroups.aspx?groupid=212

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

ដំណឹង​ល្អ​គឺ​អំពី​ព្រះ​គ្រីស្ទ​ទាំង​ស្រុង

ធំ​ជាង​អំពើ​បាប​ដែល​ព្រះ​ជាម្ចាស់​បាន​អត់​ទោស