in ,

ក្រុមខុសឆ្គង សាន់ ម៉្ញុង មូន

ប្រវត្តិ
សាន់ ម៉្ញុង មូន (Sun Myung Moon ត្រកូល​គឺ Moon) កើត​នៅ​ទី​ក្រុង ជុងជូ (Chongju​) ខេត្ត ព្យុងកាន (Pyongan) ប្រទេស​កូរ៉េ (បច្ចុប្បន្ន​កូរ៉េ​ខាងជើង) នៅ​ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩២០។ លោក មូន អះអាង​ថា នៅ​ពេល​គាត់​មាន​អាយុ ១៦​ឆ្នាំ ​ព្រះយេស៊ូវ​បាន​លេច​មក​ជួប​នឹង​គាត់​ ហើយ​ប្រាប់​គាត់​ថា ព្រះយេស៊ូវ​បាន​បរាជ័យ​ក្នុង​បេសកកម្ម​របស់​ទ្រង់​កាល​ពី ២០០០ ឆ្នាំ​មុន​ ពីព្រោះ​ទ្រង់​បាន​សុគត ​ដោយ​មិន​បាន​រៀបការ និង​បង្កើត​គ្រួសារ​ល្អ​ឥតខ្ចោះ​មួយ ដែល​គ្មាន​បាប។ ដូច្នេះ ​លោក មូន​ ត្រូវ​តែ​ជា​ព្រះ​មែស៊ី​ថ្មី​ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវ បាន​បរាជ័យ។ ដូច្នេះ លោក មូន ​បាន​បង្កើត​សាសនា​ថ្មី​ដែល​ហៅ Unification Church។
លោក​ មូន​ ​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ដំបូង​របស់​គាត់​ឈ្មោះ​ ​ឆយ​ ស៊ឺន-គីល​ (Cho​i​ Seon-​gil) ​នៅ​ថ្ងៃ​ទី​ ​១​ ​ខែ​មីនា​ ឆ្នាំ​ ​១៩​៤​៥។ ក្រោយ​នាង​បាន​លែងលះ​ជាមួយ​គាត់​ដោយ​និយាយ​ថា​ ​«ប្តី​របស់​ខ្ញុំ​មាន​ទំនាក់ទំនង​ម្ដង​ហើយ​ម្ដងទៀត​ ​ដោយ​បោក​ស្រី​ទាំងនោះ។ ​ ​ខ្ញុំ​បាន​គិតថា​ ​ខ្ញុំ​មិន​អាច​ទ្រាំទ្រ​ជីវិត​បែប​នោះ​ទៀត​ទេ​ ​ដូច្នេះ ​នេះ​ជាហេតុ​ផល​នៃ​ការលែងលះ​របស់​ខ្ញុំ»។ ​ ​(បទសម្ភាសន៍​ដោយ​ ​ប៉ាក ​ជុង​–​ហ្វា​ ​នៅ​ទីក្រុង​សេអ៊ូល​ ខែសីហា ១៩៩២)។
ខណៈ​ពេល​ដែល​គាត់​នៅតែ​រៀបការ​ជាមួយ​ ឆយ​ ស៊ឺន-គីល ​លោក​ ​មូន​ បាន​យក​ប្រពន្ធ​មិន​ស្រប​ច្បាប់​ពីរ​នាក់​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៥០។ នៅ​ខែ​មេសា​ ឆ្នាំ១៩៦០ គាត់​បាន​រៀបការ​ជាមួយ​ ហាន ហាក់ ចា ​(Han Hak Ja) អាយុ ១៧ ឆ្នាំ។ ហើយ​ពួក​គេ​មាន​កូន​១៤​នាក់។
ទោះបីជា​លោក មូន​ អះអាង​ថា ជា​ព្រះគ្រីស្ទ​ក៏ដោយ ​គាត់​បាន​ស្លាប់​នៅ​ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ​២០១២ ហើយ​មិនបាន​រស់​ឡើង​វិញ​ទេ។ បន្ទាប់ពី​លោក​ មូន ស្លាប់​ទៅ ប្រពន្ធ​របស់​គាត់​ឈ្មោះ ហាន ហាក់ ចា បាន​ក្លាយ​ជា​អគ្គនាយក​តែមួយគត់​ នៃ​ក្រុម Unification Church។ ​គាត់​ក៏​អះអាង​ថា​ ​ខ្លួន​ជា​ព្រះ​មែស៊ី​ដែរ ​ប៉ុន្តែ​យើង​ដឹង​ថា​ ​គាត់​ក៏​នឹង​មិន​រស់​ពី​ស្លាប់​ឡើងវិញ​ដែរ។ ​ ​មានតែ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ជា​ព្រះ​មែស៊ី​ពិត​ប៉ុណ្ណោះ​ ​ដែល​បាន​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់​លើ​សេចក្ដី​ស្លាប់​ ​តាមរយៈ​ការ​រស់​ឡើងវិញ​របស់​ទ្រង់។

ជំនឿ
លោក​មូន​បាន​បង្រៀន​ថា​ បាប​ដើម​នៅ​ចម្ការ​អេដែន​ គឺជា​ការ​រួម​ភេទ​រវាង​សាតាំង និង​អេវ៉ា។ ដោយ​សារ​បាប​នេះ​ស្បូន​និង​ឈាម​របស់​អេវ៉ា មាន​ពេញ​ដោយ​អំពើ​បាប ហើយ​ពូជពង្ស​ទាំង​អស់​របស់​នាង ត្រូវ​កើត​មក​ដោយ​មាន​បាប​ដែរ។ គាត់​ក៏​បង្រៀន​ថា​ ដំណោះ​ស្រាយ​តែ​មួយ​គត់ ដើម្បី​សម្អាត​បាប​ដើម​នេះ គឺ​ស្រី​ៗ​ត្រូវ​តែ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស​ ​ឥតខ្ចោះ («អ័ដាម​ពិត») ដើម្បី​ឲ្យ​ឈាម​ និង​ស្បូន​របស់​ពួក​នាង អាច​ត្រូវ​បាន​សម្អាត​ពី​អំពើ​បាប​ដើម​របស់​អេវ៉ា។ លោក​មូន​បាន​ហៅ​ការ​នេះ​ថា ពិធី​លាង​សម្អាត​ឈាម (ពិធី ពីការីអឹម)។ លោក​មូន​ បាន​អះអាង​ថា គាត់​ហើយ​ជា​បុរស​ល្អ​ឥតខ្ចោះ​ ដែល​អាច​បន្សុទ្ធ​ស្បូន​ស្រីៗ​តាមរយៈ​ការ​រួម​ភេទ។ នេះ​គឺ ជា​ការ​ប្រមាថ និង​អសីលធម៌​បំផុត។ ពិធី​លាង​សម្អាត​ឈាម (បន្សុទ្ធ​ស្បូន) ត្រូវ​បាន​អនុវត្ត​តាំង​ពី​ដំបូង​នៃ​សាសនា​នេះ ក្នុង​ឆ្នាំ ១៩៤៥ រហូត​ដល់​ឆ្នាំ ១៩៦២។ នៅ​ឆ្នាំ ១៩៦២ ពិធី​ទំពាំងបាយជូរ​បរិសុទ្ធ និង​ពិធី​បី​ថ្ងៃ បាន​ជំនួស​ពិធី​សម្អាត​ឈាម។ (Change of Blood Lineage through Ritual Sex in the Unification Church, Kirsti L. Nevalainen, 2010)
លោក​មូន​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​រៀបការ​ និង​មាន​កូន ដើម្បី​ឲ្យ​ទ្រង់​អាច​ចូល​រួម​ក្នុង​ការ​ជួយ​ស្ត្រី «សម្អាត​ស្បូន​របស់​ពួក​គេ» និង​បង្កើត​សាសន៍​ថ្មី​ដែល​គ្មាន​បាប​សោះ។ ប៉ុន្តែ​ព្រះ​យេស៊ូវ​បាន​បដិសេធ​មិនបាន​ជួយ​តាម​របៀប​នោះ​ទេ ដូច្នេះ​ទ្រង់​បាន​សុគត​ដោយ​បរាជ័យ។ លោក​មូន​បាន​អះអាង​ថា ខ្លួន​គាត់​ត្រូវ​បាន​បញ្ជូន​មក​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវ​មិន​បាន​ធ្វើ។ នេះ​គឺ​ជា​ការ​ប្រមាថ​ដល់​ព្រះយេស៊ូវ។
លោក មូន​ បាន​អះអាង​ថា ជា​ព្រះ​មែស៊ី ដែល​គ្មាន​បាប ដែល​ព្រះ​បាន​បញ្ជូន​មក​ ដើម្បី​ជួយ​សង្គ្រោះ​មនុស្សជាតិ។
លោក មូន​ បាន​បង្រៀន​ថា មនុស្ស​មាន​បាប​អាច​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ដោយ​ការ​សង​ដល់​ព្រះ។ «ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥតខ្ចោះ​ឡើងវិញ ព្រះជាម្ចាស់​បាន​បញ្ជូន​ព្រះមែស៊ី​ផ្សេងៗ​មក​ផែនដី​ ដែល​អាច​ស្តា​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​មនុស្សជាតិ​ជាមួយ​នឹង​ព្រះ​ជា​ម្ចាស់។ តែ​មុន​ការ​នេះ​អាច​កើត​ឡើង​បាន មនុស្ស​ត្រូវតែ​ប្រព្រឹត្ត​អំពើ​ល្អ​ ដើម្បី​លុប​បំបាត់​ចោល​នូវ​ឥទ្ធិពល​អាក្រក់​នៃ​អំពើ​បាប។ ក្រុម​នេះ​ហៅ​ការ​នេះ​ថា «សំណង»។ (Daske, D. and Ashcraft, W. 2005, New Religious Movements, New YorkៈNew York University Press, p. 142.)
ការ​បង្រៀន​នេះ​អំពី​ការ​សង «សំណង»​ គឺ​ស្រដៀង​នឹង​គោលលទ្ធិ​នៃ​ការ​ទទួល​ទណ្ឌកម្ម​សម្រាប់​អំពើ​បាប​របស់​អ្នក​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា («ធ្វើល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់») ហើយ​ផ្ទុយ​ពី​សេចក្តី​សង្គ្រោះ​ដោយសារ​ព្រះគុណ​ តាមរយៈ​ជំនឿ​លើ​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ។

ភរិយា​ទីមួយ​របស់​លោក សាន់ ម៉្ញុង មូន បាន​ធ្វើ​បន្ទាល់​អំពី​អំពើ​អសីលធម៌​របស់​លោក មូន
លោក ផាក ចុង ហ្វា (Pak Chung-hwa) ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ស្ថាបនិក​ទាំង​ប្រាំមួយ​នាក់ នៃ​ក្រុម សាន់ ម៉្ញុង មូន បាន​សម្ភាស​ភរិយា​ទី​១ របស់​លោក មូន គឺ​លោក​ស្រី ឆយ ស៊ឺន គីល ដែល​បាន​និយាយ​ថា «ស្រីៗ​ដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ សាន់ ម៉្ញុង មូន នឹង​ជ្រើសរើស​បុរស​ម្នាក់​ទៀត និង​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស​នោះ។ បន្ទាប់មក​បុរស​នោះ​ នឹង​មាន​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់​ទៀត ហើយ​នារី​នោះ​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស​ម្នាក់​ទៀត។ ហើយ​វា​បន្ត​ដូច្នេះ​រហូត​ទៅ។ និយាយ​ម៉្យាងទៀត​ សកម្មភាព​នេះ ​ត្រូវ​អនុវត្ត​បន្ត​គ្នា​ ដូច​រត់​បណ្ដាក់»។ (ពីទស្សនាវដ្តី​ជប៉ុន 週刊ポスト Shūkan Post “Weekly Post” October 8, 1993)។

ប្រពន្ធ​ទាំង​ប្រាំ​របស់ សាន់ ម៉្ញុង មូន

ឈ្មោះឆ្នាំរៀបការរៀបរាប់
ឆយ ស៊ឺន គីល
Choi Seon Gil
២៨/៤/៤៥
រៀបការ​ស្រប​ច្បាប់
លែងលះ​គ្នា​នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​១៩៥៧ ដោយសារ​អំពើ​ផិតក្បត់​ច្រើន​ដង​របស់​លោក​ មូន
គីម ចុង ហ្វា
Kim Chong- hwa
១៩៤៦-៤៨
យក​គ្នា​អត់​ស្រប​ច្បាប់
ខណៈ​ពេល​ដែល​មិនទាន់​បាន​លែងលះ​ពី​ប្រពន្ធ​ដើម​របស់​ខ្លួន​ លោក​មូន​បាន​រួមរស់​ដោយ​ខុស​ច្បាប់​ជាមួយ​នឹង​នាង គីម ចុង ហ្វា (Kim Chong-hwa) នៅ​ពេល​នាង​នៅ​តែ​ជា​ប្រពន្ធ​ស្រប​ច្បាប់​របស់​លោក​ ចុង ម៉្ញុង ស៊ីអុន (Chong Myung-seon)។ (ប្តី​របស់​នាង​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​តែមួយ ជាមួយ​នឹង​ប្រពន្ធ​គាត់ និង​លោក​មូន!) ទាំង​នាង និង​លោក​មូន​ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់​ពន្ធនាគារ​ពី​បទ​ ពហុពន្ធភាព នៅ​ថ្ងៃ​ទី ២២/២/៤៨។
គីម ម៉្ញុង ហ៊ី
Kim Myung- hee
១៩៥៤
អាយុ ២៣ឆ្នាំ
យក​គ្នា​អត់​ស្រប​ច្បាប់
បន្ទាប់​ពី​លោក​ មូន​បាន​ធ្វើ​ឲ្យ​នាង ម៉្ញុង ហ៊ី (Myung-hee) ​មាន​ផ្ទៃ​ពោះ នោះ​ គាត់​បាន​បញ្ជូន​នាង​ទៅ​លាក់ខ្លួន​នៅ​ប្រទេស​ជប៉ុន ​ជា​ជនភៀសខ្លួន​គ្មាន​ឯកសារ។ កូន​ប្រុស​របស់​ពួកគេ​ឈ្មោះ មូន ហ៊ី ជីន (Moon Hee-jin) បាន​កើត​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី ១៧/៧/៥៥។
ហាន់ ហាក់ ចា Han Hak Jaមេសា ១៩៦០
រៀបការ​ស្រប​ច្បាប់
លោក មូន និង ហាន់ ហាក់ ចា មាន​កូន ១៤ នាក់។ បន្ទាប់ពី​លោក​មូន​ស្លាប់​ក្នុង​ឆ្នាំ ២០១២ ហាន់ ហាក់ ចា បាន​ក្លាយ​ជា​អគ្គនាយក​នៃ​ក្រុម ​Unification Church ឋានៈ​ដែល​គាត់​នៅ​មាន​រហូត​មក​ដល់​សព្វថ្ងៃ។
ឆយ ស៊ូន ហ្វា
Choi Soon- hwa
ដែល​គេ​ហៅ​ថា អានី “Annie”
១៩៦៤
រៀប​ការ​ដោយ​សម្ងាត់​ទៅ​ទីក្រុង សេអ៊ូល
ទំនាក់ទំនង​ផ្លូវភេទ​របស់​លោក​មូន​ជា​មួយ​«អានី»​ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ១៩៥៣ ពេល​នាង​នៅ​ជា​និស្សិត។ ផែនការ​របស់​លោក​មូន គឺ​រៀបការ​ទាំង​អានី​ និង​បង​ស្រី​របស់​នាង​គឺ ស៊ូន ហ្ស៊ីល (Soon Shil) តាម​គំរូ​យ៉ាកុប​ដែល​បាន​រៀបការ​ជាមួយ​លេអា និង​រ៉ាជែល។ នាង ស៊ូន ហ្ស៊ីល បាន​ផ្ដាច់​ពាក្យ​នៅ​ឆ្នាំ ១៩៥៩ នៅ​ពេល​ដែល​នាង​បាន​ដឹង​ពី​អំពើ​អសីលធម៌​របស់​លោក​មូន។ ក្រោយ​នោះ​បន្តិច​លោក​មូន​បាន​រៀបការ​ជាមួយ​ ហាន់ ហាក់ ចា ក្នុង​ឆ្នាំ ១៩៦០។ នៅទីបំផុត​លោក​មូន​ បាន​រៀបការ​ជាមួយ​អានី ដោយ​លួចលាក់​នៅ​ឆ្នាំ ១៩៦៤ (ខណៈ​ពេល​ដែល​គាត់​នៅ​តែ​ជា​ប្ដី​របស់ ហាន់ ហាក់ ចា! ហើយ​បាន​កូន​ប្រុស​សម្ងាត់​ម្នាក់ ឈ្មោះ សាមផាក (Sam PARK) ដែល​បាន​និយាយ​បរិហារ​ទាស់​នឹង​លោក​មូន។ វីឌីអូ​នេះ​ជា​ទីបន្ទាល់​របស់ Sam PARK ៖ https://www.youtube.com/watch?v=xPwJYC9h93M&t=50s

រឿងរ៉ាវ​ដ៏​ក្រៀមក្រំ​នៃ​កូនៗ​របស់ សាន់ ម៉្ញុង មូន និង ​ហាន ហាក់ ចា
លោក មូន និង​ភរិយា​សង្ឃឹមថា អាច​បង្កើត​គ្រួសារ​គំរូ​ដែល​ពួក​គេ​ហៅ​ថា «គ្រួសារ​ពិត»។ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​ជីវិត​កូនៗ របស់​ពួកគេ​ខ្លះ ​យើង​ឃើញ​ថា លោក​មូន មិន​អាច​សម្អាត​បាប​ដើម​ ចេញ​ពី​ស្បូន​ភរិយា​របស់​គាត់​គឺ​ ហាន់ ហាក់ ចា បាន​ឡើយ! កូន​ខ្លះ​របស់​ពួកគេ​បាន​ធំ​ឡើង​ ដោយ​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​បាប​ និង​សោកនាដកម្ម។

  • កូន​ប្រុស​ច្បង​របស់​ពួកគេ​ឈ្មោះ ស្ទេវ មូន (Steve Moon) ហ្យូ ជិន មូន​(Hyo Jin Moon) គឺជា​អ្នក​ញៀន​ថ្នាំ​ ដែល​បាន​ស្លាប់​ដោយសារ​គាំងបេះដូង នៅ​អាយុ ៤៥ ឆ្នាំ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ ណានស៊ូក ហុង (Nansook Hong) បាន​ចោទប្រកាន់​គាត់​ពី​បទ​អំពើ​ហិង្សា​លើ​រាងកាយ នៅ​ក្នុង​សៀវភៅ​របស់​គាត់។ (Nansook Hong, In the Shadow of the Moons, Little/Brown, 1998)
  • កូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ យ៉ាំង ជីន មូន (Young Jin Moon) បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩៩ ។
  • កូន​ស្រី​របស់​ពួកគេ​ឈ្មោះ អ៊ិន ជីន មូន (In Jin Moon) បាន​លែងលះ​ប្តី​ និង​រៀបការ​ជាមួយ​គូ​ស្នេហ៍​របស់​នាង។
  • នៅ​ឆ្នាំ ២០១៥ កូន​ប្រុស​របស់​ពួក​គេ​ឈ្មោះ ហ្យុង ជីន មូន (Hyung Jin Moon) បាន​ហៅ​ម្តាយ​របស់​គាត់​ឈ្មោះ ហាន់ ហាក់ ចា ថា «ស្រីសំផឹង​នៃ​បាប៊ីឡូន» (សំដៅ​ទៅ​លើ​មនុស្ស​អាក្រក់​នៅ​ក្នុង​វិវរណៈ ១៧ៈ១ )។ បង​ប្រុស​របស់​គាត់ គឺ លោក កូក ជីន មូន (Kook Jin Moon) ចាស្ទីន (Justin) បាន​បំបែក​ខ្លួន​ ពី​ម្តាយ​របស់​ពួកគេ ដើម្បី​បង្កើត​ក្រុម​ខុស​ឆ្គង​របស់​ខ្លួន​ផ្ទាល់។ រហូត​ដល់​ឥឡូវ​ពួកគេ​និយាយ​ការពារ​ជា​សាធារណៈ​ចំពោះ​អាពាហ៍ពិពាហ៍​សម្ងាត់​របស់​ឪពុក​ពួកគេ​ ជា​មួយ​នឹង​ក្រុម​ស្ត្រី ៦ នាក់​ ដែល​លោក​មូន​ហៅ​ថា​«ម៉ារា​ទាំង៦» ។

ប្រសិន​បើ «គ្រួសារ​ពិត» ដែល​មក​ពី «ឪពុក​ពិត» និង «ម្ដាយ​ពិត» មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ សាន់ ម៉្ញុង មូន នឹង​នាំមក​នូវ​សេចក្តី​សង្គ្រោះ​ និង​ការ​ស្តា​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ​បាន? លោក​មូន គឺជា​ព្រះគ្រីស្ទ​ក្លែងក្លាយ គឺ «អង់ទីគ្រីស្ទ» (១យ៉ូហាន ២ៈ១៨-១៩ អា​ទទឹង​ព្រះ​គ្រីស្ទ)។
មានតែ​ព្រះ​មែស៊ី​ដ៏​ពិត​ គឺ​ព្រះយេស៊ូវ​ពី​ណាសារ៉ែត​ប៉ុណ្ណោះ​ ដែល​បាន​ដោះស្រាយ​បញ្ហា​បាប​រួច​ហើយ។ ទ្រង់​បាន​ធ្វើ​ដូច្នេះ ​តាម​របៀប​បរិសុទ្ធ នៅ​ពេល​ដែល​ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​សម្រាប់​យើង ​ដោយ​សេចក្ដី​ស្រឡាញ់​ មិនមែន​តាម​របៀប​មិន​បរិសុទ្ធ គឺ​ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ដូច​ជា សាន់ ម៉្ញុង មូន បាន​ធ្វើ​នោះ​ទេ។
ក្រុម​ស្ថាបនិក​នៃ Unification Church នៅ​ឆ្នាំ១៩៥៤។ លោក មូន​ អង្គុយ​ខាង​មុខ ហើយ​លោក ផាក ជុង ហ្វា ឈរ​នៅ​ពី​ក្រោយ​ខាង​ឆ្វេង។
សរុប​មក លោក សាន់ ម៉្ញុង មូន បាន​បរាជ័យ​ការ​វិនិច្ឆ័យ​ជា​ច្រើន​ពី​កណ្ឌគម្ពីរ​១យ៉ូហាន និង​បទគម្ពីរ​ផ្សេងៗ​ទៀត

  • លោក មូន​ បរាជ័យ​ការ​វិនិច្ឆ័យ​អំពី​ព្រះគ្រីស្ទ​ពិត។ លោក​មូន​បាន​បង្រៀន​ថា​ ព្រះយេស៊ូវ​មិន​បាន​កើត​ពី​ស្ត្រី​ព្រហ្មចារី​ទេ ហើយ​ទ្រង់​បាន​បរាជ័យ​ក្នុង​បេសកកម្ម​របស់​ទ្រង់​ ដើម្បី​បន្សុទ្ធ​អំពើ​បាប​ដើម​របស់​អេវ៉ា។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ព្រះ​ត្រូវ​បញ្ជូន​ព្រះគ្រីស្ទ​មួយ​ទៀត​ឈ្មោះ សាន់ ម៉្ញុង មូន។ នេះ​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់​ដល់​ព្រះ​យេស៊ូវ!
  • លោក ​មូន ​បរាជ័យ​ការ​វិនិច្ឆ័យ​អំពី​សេចក្តី​ស្រឡាញ់។ ​លោក​មូន បាន​ប្រព្រឹត្ត​ចំពោះ​ស្ត្រី​តាម​របៀប​ដ៏​គួរឲ្យ​អាម៉ាស់​ និង​អាក្រក់​បំផុត។ មិន​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ខ្លួន​គាត់​ផ្ទាល់​ បាន​រស់​នៅ​ដូចជា​ស្តេច​ អ្នក​ដើរ​តាម​គាត់​រាប់​ពាន់​នាក់ បាន​លា​ឈប់​ពី​ការងារ ដើម្បី​ដើរ​រក​លុយ​ឲ្យ​គាត់។ អ្នកដើរ​តាម​គាត់​ជា​ច្រើន​បាន​លក់​ផ្ទះ និង​ដី​របស់​គេ ដើម្បី​ថ្វាយ​តង្វាយ​ដល់​លោក​មូន។ លោក​មូន និង​ក្រុម​គ្រួសារ​បាន​ក្លាយ​ជា​មហា​សេដ្ឋី​ មក​ពី​សាសនា​ក្លែងក្លាយ​នេះ។
  • លោក ​មូន ​បរាជ័យ​ការ​វិនិច្ឆ័យ​អំពី​សេចក្ដី​សង្គ្រោះ​ ដោយ​ព្រះគុណ​តាមរយៈ​ជំនឿ។ លោក​មូន​បាន​បង្រៀន​ថា យើង​ត្រូវ​តែ​បង់​ប្រាក់​សម្រាប់​អំពើ​បាប​របស់​យើង​ផ្ទាល់ ​តាមរយៈ​សំណង។ ពាក្យ សំណង សំដៅ​ទៅ​ការ​រងទុក្ខ​វេទនា ​ឬ​ការ​បង់​ប្រាក់​ជា​ដង្វាយ ដើម្បី​សង​សម្រាប់​អំពើ​បាប​ពី​មុន។
  • លោក ​មូន ​បរាជ័យ​ការ​វិនិច្ឆ័យ​អំពី​ភាព​បរិសុទ្ធ។ លោក​មូន​គឺ​ជា​មនុស្ស​មាន​បាប​ ​ដែល​ឆ្លៀតឱកាស​ធ្វើ​បាប​ស្រីៗ ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ និង​សហាយស្មន់។

សាន់ ម៉្ញុង មូន​ អះអាង​ថា គាត់​ជា​ព្រះគ្រីស្ទ​ដែល​យាង​ត្រឡប់​មក​វិញ ប៉ុន្តែ​ព្រឹត្តិការណ៍​ណា​ខ្លះ​ត្រូវ​កើត​ឡើង នៅ​ពេល​ព្រះ​ពិត​យាង​មក​វិញ
ព្រះគម្ពីរ​បាន​និយាយ​ច្បាស់​ណាស់​ អំពី​ព្រឹត្តិការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ។ យើង​អាច​ប្រើ​ប្រាស់​បទទំនាយ​ទាំងនេះ ដើម្បី​ល្បងមើល​ ថា សាន់ ម៉្ញុង មូន គឺ​ជា​ព្រះគ្រីស្ទ​ពិត ឬ​ជា​ព្រះគ្រីស្ទ​ក្លែងក្លាយ។
១. ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​មក​វិញ ទ្រង់​នឹង «សង​សេចក្តី​ទុក្ខ​លំបាក» ដល់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​គ្រីស្ទបរិស័ទ ហើយ​ប្រទាន​ការ ​«សំរាក»​ និង​សេចក្តី​សង្គ្រោះ ដល់​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ។ ទ្រង់​នឹង​មក «ជាមួយ​នឹង​ពួកទេវតា​នៃ​ព្រះចេស្តា​ទ្រង់ នៅ​ក្នុង​អណ្តាត​ភ្លើង ទាំង​សងសឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​និង​ពួក​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ ពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​យើង»។ (២ថែស្សាឡូនីច ១ៈ៦-៨) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល សាន់ ម៉្ញុង មូន មក​នោះ?
២. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​មិន​យាង​មក​ដោយ​ស្ងាត់ៗ​ទេ។ មនុស្ស​គ្រប់គ្នា​នៅ​លើ​ពិភពលោក​នឹង​បាន​ឃើញ​ទ្រង់។ «ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេកបន្ទោរ ដែល​ភ្លឺផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ» និង «គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់» «ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង» (ម៉ាថាយ ២៤ៈ២៧; វិវរណៈ ១ៈ៧; ១ថែស្សាឡូនីច ៤ៈ១៦) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល សាន់ ម៉្ញុង មូន មក​នោះ?
៣. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​ត្រឡប់​មក​វិញ នោះ​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។ «ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក» (ម៉ាថាយ ២៤ៈ២៩)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅពេល​ដែល សាន់ ម៉្ញុង មូន មក​នោះ?
៤. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​យាងមក​ដោយ​អំណាច និង​សិរីល្អ ហើយ​មនុស្ស​មាន​បាប​ទាំងអស់​នៅ​លើ​ផែនដី​នឹង​សោកសៅ។ «នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះចេស្តា និង​សិរីល្អ​ជា​ខ្លាំង» (ម៉ាថាយ ២៤ៈ៣០) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅពេល​ដែល សាន់ ម៉្ញុង មូន មក​នោះ?
៥. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ «លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង»។ (ម៉ាថាយ ២៤ៈ៣១) តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅ​ពេល​ដែល​ សាន់ ម៉្ញុង មូន មក​នោះ?
៦. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​បំផ្លាញ​អា​ទទឹង​នឹង​ព្រះគ្រីស្ទ (ជា​មនុស្ស​ដែល​ត្រូវ​ហិនវិនាស) «កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិនវិនាស ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិបត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង…នោះ​ទើប​អា​ទទឹង​ច្បាប់​នោះ​នឹង​លេច​មក ដែល​ព្រះអម្ចាស់​យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​ទ្រង់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក»  (២ថែស្សាឡូនីច ២ៈ៣-៤,​ ៨)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅពេល​ដែល សាន់ ម៉្ញុង មូន មក​នោះ?
៧. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិត​ប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​អស់​អ្នក​មាន​បាប​ទាំង​អស់​គ្នា។ «ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​នៃ​ព្រះអម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។  ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្តី​សុខ​សាន្ត មាន​សេចក្តី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្តី​ហិនវិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ» (១ថែស្សាឡូនីច ៥ៈ២-៣)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​ នៅ​ពេល​ដែល​ សាន់ ម៉្ញុង មូន មក​នោះ?
៨. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក​វិញ ទ្រង់​នឹង​កាត់ទោស​គ្រប់គ្នា​ភ្លាមៗ។ «តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរីល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក។  រួច​គ្រប់​ទាំង​សាសន៍​ នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល​ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ» (ម៉ាថាយ ២៥ៈ៣១-៣២)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅ​ពេល​ដែល​ សាន់ ម៉្ញុង មូន មក​នោះ?
៩. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក ទ្រង់​នឹង​ប្រោស​រូបកាយ​អ្នក​ស្លាប់​ទាំង​អស់​ដែល​ជា​គ្រីស្ទបរិស័ទ។ «ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់។  រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ» (១ថែស្សាឡូនីច ៤ៈ១៦-១៧)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ ​នៅពេល​ដែល សាន់ ម៉្ញុង មូន មក​នោះ?
១០. នៅ​ពេល​ដែល​ព្រះគ្រីស្ទ​ពិតប្រាកដ​យាង​ត្រឡប់​មក ទ្រង់​នឹង​មិន​កើត​មក​ជា​ទារក​តូច​ទេ ប៉ុន្តែ​ទ្រង់​នឹង​យាង​មក​ពី​ស្ថានសួគ៌​ជា​អ្នក​ចម្បាំង​ដ៏​មាន​គ្រប់​ព្រះចេស្ដា ​ដើម្បី​វិនិច្ឆ័យ​ជំនុំជម្រះ​ផែនដី។ «ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ និង​ព្រះអង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះនាម​ថា «ស្មោះត្រង់ ហើយ​ពិត​ប្រាកដ» ទ្រង់​ជំនុំជំរះ ហើយ​ច្បាំង​ដោយ​សុចរិត ១២ ព្រះនេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ​សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះនាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ ១៣ ទ្រង់​ក៏​ទ្រង់​ព្រះពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះនាម​ទ្រង់​ហៅ​ថា «ព្រះបន្ទូល​នៃ​ព្រះ» ១៤ អស់​ទាំង​ពល​បរិវារ​នៅ​ស្ថានសួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀកពាក់​សំពត់​ទេស ហើយ​ស្អាត​ផង ១៥ មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ​ឱស​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំងបាយជូរ ជា​សេចក្តី​ឃោរឃៅ​របស់​សេចក្តី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ១៦ ទ្រង់​មាន​ព្រះនាម​កត់​នៅ​ព្រះពស្ត្រ ហើយ​នៅ​ព្រះ​ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។ (វិវរណៈ ១៩ៈ១១-១៦)។ តើ​ការ​នេះ​បាន​កើត​ឡើង​ទេ​នៅពេល​ដែល សាន់ ម៉្ញុង មូន មក​នោះ?
គ្មាន​ព្រឹត្តិការណ៍​ណា​មួយ​បាន​កើត​ឡើង​សោះ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ទាំង​នេះ នៅ​ពេល​ដែល​ សាន់ ម៉្ញុង មូន មក​នោះ។ សាន់ ម៉្ញុង មូន ជា​ព្រះគ្រីស្ទ​ក្លែងក្លាយ។

មុខ​ពូថៅ
តើ​ការ​បង្រៀន​អ្វី​ដែល​ជា​«មុខ​ពូថៅ» របស់​ក្រុម​ សាន់ ម៉្ញុង មូន ដែល​ងាយ​ស្រួល​បំបែក​ក្រុមជំនុំ​ពី​សេចក្ដី​ពិត? ​ពួកគេ​អញ្ជើញ​មេដឹកនាំ​ក្រុមជំនុំ​និង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ​អំពី​ «សន្តិភាព​ពិភពលោក» ​ដែល​លោកស្រី​ ហាន់​ ហាក់​ ចា​ ជា​វាគ្មិន​សំខាន់​បំផុត។
សមាជិក​នៃ​ក្រុម​ខុសឆ្គង​នេះ នឹង​ព្យាយាម​ទាក់ទាញ​អ្នក​ជឿ​លើ​គ្រីស្ទ​សាសនា​ពិត ដោយ​និយាយ​អំពី​ការ​សង្កត់ធ្ងន់​របស់​ក្រុម​គេ លើ​គុណតម្លៃ​គ្រួសារ សន្តិភាព ពិភពលោក និង​អាពាហ៍ពិពាហ៍​ស្មោះត្រង់។
តើ​អ្វីទៅ​ជា«ខ្នងពូថៅ»? តើ​ជំនឿ​ណាខ្លះ​ដែល​គេ​ចង់​លាក់​ពី​យើង? ក្រុម​នេះ​ចង់​លាក់បាំង​ជីវិត​អសីលធម៌​របស់​លោក​មូន ការ​អះអាង​របស់​គាត់​ថា ជា​ព្រះ​មែស៊ី និង ការ​បង្រៀន​របស់​គាត់​ថា យើង​ត្រូវ​សង​បាប​ខ្លួន​ឯង​ ដោយ​ការ​សង​បំណុល។
សូម​ចងចាំ​ម្តង​ទៀត​ថា សាន់ ម៉្ញុង មូន បាន​ស្លាប់​នៅ​ឆ្នាំ ២០១២ ហើយ​មិន​បាន​រស់​ឡើងវិញ​ទេ (ខាង​ក្រោម​មាន​រូបភាព​ផ្នូរ​របស់​គាត់)។ សេចក្តី​ស្លាប់​បាន​យក​ឈ្នះ​គាត់​ទាំង​ស្រុង។ មនុស្ស​ដែល​ចាញ់​បាប និង​សេចក្តី​ស្លាប់ មិនអាច​ជួយ​អ្នក និង​ខ្ញុំ​ឲ្យ​យកឈ្នះ​សេចក្តី​ស្លាប់​បាន​ទេ។ លោក​មូន គឺជា​ព្រះគ្រីស្ទ​ក្លែងក្លាយ។
ជាចុងក្រោយ​សូម​កុំ​ភ្លេច ២យ៉ូហាន ១ៈ១០-១១ ៖ «បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ តែ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ​ នោះ​កុំ​ឲ្យ​ទទួល​អ្នកនោះ​នៅ​ក្នុង​ផ្ទះ​ឡើយ ​កុំ​ឲ្យ​ទាំង​ជំរាបសួរ​ដល់​អ្នកនោះ​ផង​ ដ្បិត​បើ​អ្នកណា​ជំរាបសួរ​ នោះ​ក៏​តែង​មាន​សេចក្ដី​ប្រកប​គ្នា​ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ»

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

យើងទាសចេញ

ខ្សែបន្ទាត់ពេលវេលាព្រះគម្ពីរ