in

ក្រឹត្យ​វិន័យ​១០​ប្រការ

ព្រះ​ជាម្ចាស់​បាន​ប្រទាន​រចនាសម្ព័ន្ធ​នៃ​ក្រឹត្យ​វិន័យ​ជា​ច្រើន​ទៅ​កាន់​សាសន៍​អ៊‌ីស្រាអែល ប៉ុន្តែ​ចំណុច​ស្នូល​នៃ​រចនាសម្ព័ន្ធ​ច្បាប់​គឺ​មាន​ជា​ទូទៅ ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ក្រឹត្យ​វិន័យ១០ប្រការ។

យើង​នឹង​កត់​សម្គាល់​លើ​មូល​ដ្ឋាន​គ្រឹះ​ទាំង​១០​លើ​ក្រឹត្យ​វិន័យ​នៅ​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ២០:១-១៧។

ទី១ (ខ៣) = កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ។

«កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ»

ដោយ​សារ​ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​អាទិករ​នៃ​យើង នោះ​យើង​ជា​កម្មសិទ្ធិ​របស់​ទ្រង់ ហើយ​មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ស័ក្តិសម​ក្នុង​ការ​ទទួល​ការ​កោត​ខ្លាច និង​ភក្ដី​ភាព​របស់​យើង។ យើង​មិន​គួរ​ផ្ដល់​អាទិភាព​លើ​អ្វី​ក្នុង​ជីវិត​យើង​ខ្ពស់​ជាង​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ឡើយ។ នោះ​គឺ​ជា​ការ​ពិត​ចំៗ​នៃ «ព្រះ» ក្លែង​ក្លាយ ពីព្រោះ​ពួក​វា​មិន​មែន​ជា​ព្រះ​ពិត​ទេ។

ប្រសិន​បើ​យើង​ដាក់​អ្វី​ណា​មួយ​ខ្ពស់​ជាង​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ក្នុង​ជីវិត នោះ​មាន​ន័យ​ថា​យើង​បាន​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​ទី១​រួច​ហើយ។

ទី២ (ខ៤) = កុំ​ឲ្យ​ក្រាប​សំពះ​ព្រះ​ក្លែង​ក្លាយ។

«កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​ឯង​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន​សួគ៌​ខាង​លើ ឬ​នៅ​ផែន​ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ផង»។

បញ្ញត្តិ​ទី២​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​បញ្ញត្តិ​ទី១ តែ​វា​មិន​ដូច​គ្នា​ទេ។ ដោយ​មាន​មូល​ដ្ឋាន​លើ​បញ្ញា​ត្តិទី១ នោះ​យើង​ដឹង​ថា​វា​គឺ​ជា​រឿង​ខុស​ឆ្គង​ក្នុង​ការ​ឆ្លាក់​ធ្វើ​រូប​ណា (ព្រះ​ក្លែង​ក្លាយ) ហើយ​ក្រាប​សំពះ​នៅ​ចំពោះ​ព្រះ​ក្លែង​ក្លាយ​ណា​មួយ​តាម​រយៈ​វា។ ប៉ុន្តែ បញ្ញត្តិ​មួយ​នេះ​មាន​អត្ថន័យ​ទូលំ​ទូលាយ​ជាង​នេះ។ វា​គឺ​ជា​រឿង​ខុស​ឆ្គង​ក្នុង​ការ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ (ធ្វើ​រូប​ណា​មួយ) ទោះ​បើ​យើង​ចង់​ប្រើ​ប្រាស់​វា ដើម្បី​ជា​ការ​ព្យាយាម​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ដ៏​ពិត​ក៏​ដោយ។ ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ដែល​ជា​ព្រះ​អាទិករ​គឺ​ជា​វិញ្ញាណ​ដែល​មិន​អាច​បន្ទាប​ចុះ​ជា​រូប​ឆ្លាក់​ណា​មួយ​បាន​ទេ។

ប្រសិន​បើ​យើង​ឆ្លាក់​រូប​ព្រះ​ណា​មួយ ហើយ​យើង​ព្យាយាម​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​តាម​រយៈ​វា ឬ​ក៏​ថា​សូម្បី​តែ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ដ៏​ពិត​ក៏​ដោយ ក៏​នោះ​មាន​ន័យ​ថា យើង​បាន​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​ទី២​រួច​ហើយ។

ទី៣ (ខ៧) = កុំ​ឲ្យ​ចេញ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ។

«កុំ​ឲ្យ​ចេញ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ​នាម​ទ្រង់ ជា​អសារ​ឥត​ការ​នោះ​ទេ»។

ការ «ចេញ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ» គឺ​ជា​ការ​ប្រើ​ប្រាស់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ក្នុង​លក្ខណៈ​ដោយ​ពុំ​សូវ​ចាប់​អារម្មណ៍ ឬ​ក៏​ជា​ការ​លេង​សើច​ក្នុង​របៀប​ដែល​មិន​បង្ហាញ​ពី​ការ​កោត​ខ្លាច​ដ៏​ពិត​ចំពោះ​ទ្រង់ ឬ​ក៏​ព្រះ​នាម​របស់​ទ្រង់។

ប្រសិន​បើ​យើង​ធ្វើ​បែប​នេះ នោះ​មាន​ន័យ​ថា យើង​បាន​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​ទី៣​រួច​ហើយ។

ទី៤ (ខ៨-១១) = ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ។

«ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សំរាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ។ ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ។ តែ​ឯ​ថ្ងៃ​ទី​៧ នោះ​គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ថ្វាយ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ​មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង​ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្ដី ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្ដី ទោះ​សត្វ​របស់​ឯង ឬ​អ្នក​ដទៃ​ដែល​នៅ​ផ្ទះ​ឯង​ក្ដី ដ្បិត​ក្នុង​៦​ថ្ងៃ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែន​ដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី៧ ទ្រង់​ឈប់​សម្រាក ហេតុ​នោះ​បាន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ញែក​ចេញ​ជា​បរិសុទ្ធ។»។

នៅ​ចុង​បញ្ចប់​នៃ​អាទិត្យ​នៃ​ការ​បង្កើត (សូម​មើល​ព្រឹត្តិ​ការណ៍​ទី២នៅ​ទំព័រ​ទី១៣) ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា​ព្រះ​ជាម្ចាស់​បាន​សម្រាក​នៅ​ថ្ងៃ​ទី៧ (លោកុប្បត្ដិ ២:១-៣)។ ព្រះ​ជាម្ចាស់​មិនបាន​សម្រាក​ដោយ​សារ​ព្រះ​អង្គ​នឿយ​ហត់​នោះ​ទេ ពីព្រោះ​ព្រះ​ដ៏​មាន​ពេញទៅ​ដោយ​អំណាច​ព្រះ​ចេស្ដា​របស់​យើង​មិន​ចេះ​នឿយ​ហត់​ឡើយ។ ព្រះ​ជាម្ចាស់​បាន «សម្រាក» នៅ​ថ្ងៃ​នោះ ដើម្បី​ប្រកាស​ជា​ផ្លូវ​ការ​សម្រាប់​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។ ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​មក​ក្នុង​របៀប​ដែល​ថា មនុស្ស​យើង​មាន​តម្រូវ​ការ​ក្នុង​ការ​សម្រាក​ឲ្យ​បាន​ទៀង​ទាត់។ ក្នុង​ផ្នែក​ចម្បង​នៃ​ព្រះ​គម្ពីរ (ព្រះ​គម្ពីរ​សញ្ញា​ចាស់) ព្រះ​ជាម្ចាស់​បាន​បង្កើត​ផែនការ​សម្រាប់​សាសន៍​អ៊‌ីស្រាអែល​ដែល​តម្រូវឲ្យ​ពួក​គាត់​សម្រាក ហើយ​ផ្ដោត​ក្នុង​លក្ខណៈ​ដ៏​ពិសេស​លើ​ទ្រង់​នៅ​ថ្ងៃ​ទី៧—ដែល​យើង​ហៅ​ថា​ជា​ថ្ងៃ​សប្ប័ទ។

ទោះ​បើ​ថា​ផែនការ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​យើង​បាន​ផ្លាស់​ប្ដូរ​ក្នុង​លក្ខណៈ​មួយ​ចំនួន​ក្នុង​ផ្នែក​ចម្បង​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ (ព្រះ​គម្ពីរ​សញ្ញា​ថ្មី) ក៏​ដោយ​ក៏​ព្រះ​ជាម្ចាស់​នៅ​សព្វ​ព្រះ​ហឫទ័យ​មិន​ឲ្យ​យើង​ធ្វើ​បាប​ខ្លួន​ឯង​ដោយ​បរាជ័យ​ក្នុង​ការ​មិន​សម្រាក​ឲ្យ​បាន​ទៀង​ទាត់​ដែរ។

ប្រសិន​បើ​យើង​មិន​អើពើ​លើ​គោលការណ៍​នៃ «ការ​សម្រាក» របស់​ព្រះ​ជាម្ចាស់​សម្រាប់​ជីវិត​របស់​យើង នោះ​មាន​ន័យ​ថា យើង​បាន​ប្រព្រឹត្ត​ល្មើស​នឹង​សភាព​ធម្មតា​ដ៏​សំខាន់​នេះ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មាន​ក្នុង​ជីវិត​របស់​យើង​ហើយ។

ទី៥ (ខ១២) = ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ។

«ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ»។

ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ផ្ដល់​ឲ្យ​ឪពុក​ម្ដាយ​មាន​អំណាច​លើ​កូន​ចៅ​របស់​ខ្លួន​គឺ​ជា​គោលការណ៍​មូល​ដ្ឋាន​នៃ​ជីវិត​គ្រួសារ​ដែល​មាន​ចាប់​តាំង​ពី​ពេល​របស់​លោក​អ័ដាម និង​នាង អេវ៉ា មក​ម៉្លេះ។ ដោយ​សារ​កូនៗ​ទាំង​អស់​ទទួល​បាន​ជា​មរតក​នៃ​លក្ខណៈ​ដែល​មាន​អំពើ​បាប​ពី​ឪពុក​ម្ដាយ​របស់​ខ្លួន ហើយ​ជា​ចុង​ក្រោយ​នោះ​គឺ​ថា​ពី​លោក អ័ដាម និង​នាង អេវ៉ា ដូច្នេះ​ពេល​ខ្លះ​កូនៗ​ទាំង​អស់ (ដល់​កម្រិត​មួយ ឬ​ក៏​កម្រិត​ណា​ផ្សេង​ទៀត) ក៏​ប្រឆាំង​នឹង​អំណាច​នេះ ហើយ​ក៏​មិន​បាន​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​បែប​នោះ​ដែរ។
ពេល (កាល​នៅ​ក្មេង) យើង​មិន​គោរព​ប្រតិបត្តិ​ឪពុក​ម្ដាយ​របស់​យើង នោះ​មាន​ន័យ​ថា យើង​បាន​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​ទី៥​រួច​ហើយ។

ទី៦ (ខ១៣) = កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ។

«កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ»។

ពាក្យ​ភាសា​ហេប្រឺ​ក្នុង​ខគម្ពីរ​មួយ​នេះ​ដែល​ចេញពី​នោះ​យើង​បក​ប្រែ​ជា​ភាសាខ្មែរ​ថា «សម្លាប់» ឬ​ក៏ «ធ្វើ​អត្តឃាត» គឺ​មាន​ន័យ​ថា​ជា «ការ​សម្លាប់​ដែល​បាន​គិត​ទុក​ជាមុន» ហើយ​មិន​មែន​ជា​ការ​ហាម​ប្រាម​ក្នុង​ការ​សម្លាប់​បែប​ជា​ការ​ការពារ​ខ្លួន​ឯង​នោះ​ទេ។

ភាព​ធ្ងន់ធ្ងរ​នៃ​ការ​សម្លាប់​គឺ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​យល់​នៅ​ពេល​ដែល​យើង​សញ្ជឹង​គិត​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​ប្រុស និង​មនុស្ស​ស្រី «ឲ្យ​ដូច​រូប​អង្គ​ទ្រង់»។ ដូច្នេះ ទង្វើ​នៃ​ការ​សម្លាប់ ក្នុង​អត្ថ​ន័យ​មួយ គឺ​ជា​ការ​វាយ​ប្រហារ​លើ​ព្រះ​ជាម្ចាស់​ផ្ទាល់។

សូម​កត់​សម្គាល់៖ មក​ដល់​ចំណុច​នេះ វា​ទំនង​ជា​ការ​ល្អ​ក្នុង​ការ​ជៀស​ចេញ​ពី​ការ​ពិភាក្សា​អំពី​សង្គ្រាម ការ​ប្រហារ​ជីវិត។ល។ ទាំង​នោះ​ជា​សំណួរ​ដ៏​ល្អ​ដែល​លោក​អ្នក​គួរ​កត់​សម្គាល់​ចុះ ហើយ​ពិភាក្សា​នៅ​ពេល​ក្រោយ។ ប៉ុន្តែ នៅ​ពេល​នេះ ការ​ពិភាក្សា​ទាំង​នេះ​អាច​នាំឲ្យ​បែក​ពី​ការ​ផ្ដោត​ដ៏​ចម្បង​នៃ​ការសិក្សា។
នៅ​ក្នុង​វគ្គ​សិក្សា​ព្រះ​គម្ពីរ​ក្រោយៗ យើង​នឹង​រៀន​ថា​ការ​ស្អប់​បុគ្គល​ណា​ម្នាក់​យ៉ាង​ខ្លាំង​គឺ​ដូច​ជា​ការ​សម្លាប់​ដែរ។

នៅ​ពេល​ដែល​មនុស្ស​យើង​ប្រព្រឹត្ត ដោយ​ពឹង​លើ​ការ​ព្រៀង​ទុក​របស់​ខ្លួន​ផ្ទាល់ ដោយ​សម្លាប់​មនុស្ស​ណា​ម្នាក់​ផ្សេង​ទៀត នោះ​មាន​ន័យ​ថា យើង​ក៏​បាន​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​ទី៦​រួច​ហើយ។

ទី៧ (ខ១៤) = កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។

«កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ»។

មាន​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ​មួយ​ចំនួន​ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង ដែល​ទាំង​អស់​គឺ​ជា​ការ​ប្រព្រឹត្ត​ល្មើស​យ៉ាង​ច្បាស់​លាស់​នឹង​ក្រឹត្យ​វិន័យ​ដ៏​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់។ ក្នុង​បញ្ញត្តិ​មួយ​នេះ ព្រះ​ជាម្ចាស់​ផ្ដោត​លើ​អំពើ​បាប​នៃ​ការ​ផិត​ក្បត់—ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​រវាង​បុគ្គល​ដែល​បាន​រៀបការ​រួច​ហើយ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ប្ដី ឬ​ក៏​ប្រពន្ធ​របស់​ខ្លួន។

នៅ​ក្នុង​វគ្គ​សិក្សា​ព្រះ​គម្ពីរ​ក្រោយៗ យើង​នឹង​រៀន​ថា​វា​គឺ​ជា​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​មាន​សេចក្ដី​ប្រាថ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ចង់​រួម​ភេទ​ជាមួយ​នឹង​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ប្ដី ឬ​ក៏​ប្រពន្ធ​របស់​ខ្លួន ទោះ​បើ​ទង្វើ​ខាង​ឯ​សាច់​ឈាម​នោះ​មិន​បាន​ប្រព្រឹត្ត​ឡើង​ក៏​ដោយ។

នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ឈាន​ចូល​ក្នុង​ទំនាក់​ទំនង​ខាង​ឯ​ផ្លូវ​ភេទ​ជាមួយ​នឹង​បុគ្គល​ណា​ម្នាក់​ទៀត​ដែល​មិន​មែន​ជា​ប្ដី ឬ​ក៏​ប្រពន្ធ​របស់​ខ្លួន នោះ​មាន​ន័យ​ថា ពួក​គាត់​កំពុង​តែ​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ​វិន័យ​ទី៧​រួច​ហើយ។

ទី៨ (ខ១៥) = កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។

«កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ»។

ព្រះ​ជាម្ចាស់​បាន​លើកឡើង​យ៉ាង​ច្បាស់​លាស់​ក្នុង​ព្រះ​គម្ពីរ​ថា ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​គួរ​មាន​ការ​គោរព​ពី​អ្នក​ដទៃ​ដែរ។ នៅ​ពេល​ដែល​យើង​យក​អ្វី​ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​យើង នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​ទី៨​រួច​ហើយ។

ទី៩ (ខ១៦) = កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។

«កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ»។

គោលការណ៍​ក្នុង​បញ្ញត្តិ​មួយ​នេះ​គឺ​សាមញ្ញ​ណាស់—កុំ​ប្រព្រឹត្ត​អំពើ​មិន​ស្មោះ​ត្រង់ កុំ​កុហក​ឡើយ។
ពេល​ដែល​យើង​និយាយ​មិន​ស្មោះត្រង់​ក្នុង «ទ្រង់​ទ្រាយ​ធំ» ឬ​ក៏​ជា «ការ​កុហក​តិច​តួច» នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​ទី៩​រួច​ហើយ។

ទី១០ (ខ១៧) = កុំ​ឲ្យ​លោភ​ចង់​បាន​របស់​អ្នក​ជិត​ខាង​ឲ្យ​សោះ។

«កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្ដី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ»។

បញ្ញត្តិ​ទី១០​ពន្យល់​បន្ថែម​លើ​បញ្ញត្តិ​ទី៨។ ការ​លួច​ប្លន់​មិន​មែន​គ្រាន់​តែ​ជា​អំពើ​ខុស​ឆ្គង​នោះ​ទេ ប៉ុន្តែ​ការ​ប្រាថ្នា​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​អ្វី​មួយ​សម្រាប់​ខ្លួន​ឯង​ដែល​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ដទៃ​ក៏​ជា​ការ​ខុស​ឆ្គង​ដែរ។
ពេល​ដែល​យើង​លោភ​ចង់បាន​របស់​អ្វី​មួយ​ដែល​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ដទៃ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​ប្រព្រឹត្ត​ល្មើស​នឹង​បញ្ញត្តិ​ទី១០​រួច​ហើយ។

ដក​ស្រង់​ចេញ​ពី «សៀវភៅ​គ្រូ» សម្រាប់​សៀវភៅ «ដំណើរ​រឿង​នៃ​សេចក្ដី​សង្ឃឹម»
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
លោក​គ្រូ បាន គន់, លោក ទេព រ៉ូ, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក​ស្រី ថាវ ប៊ីនរី និង​លោក​ស្រី បូល រដ្ឋា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ធ្វើបាប

អធិស្ឋានដោយគ្មានជំនឿ