យើងមានសំណួរមួយដែលអ្នកអានរបស់យើងបានសួរ «សួស្ដីលោកគ្រូ! ខ្ញុំពឹងផ្អែកលើគ្រូគង្វាលរបស់ខ្ញុំក្នុងការសិក្សាព្រះគម្ពីរ ហើយប្រាប់ខ្ញុំពីអ្វីដែលព្រះជាម្ចាស់ចង់មានបន្ទូលមកកាន់ខ្ញុំតាមរយ:ព្រះគម្ពីរនោះឯង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនចាំបាច់អានព្រះគម្ពីរទៀតទេ ពីព្រោះខ្ញុំបានស្ដាប់សេចក្ដីអធិប្បាយរបស់គាត់រៀងរាល់សប្ដាហ៍ហើយ»។ តើលោកគ្រូគិតដូចម្ដេចដែរចំពោះបុគ្គលដែលគិតថា សេចក្ដីអធិប្បាយនៅថ្ងៃអាទិត្យ គឺគ្រប់គ្រាន់ហើយសម្រាប់ចំណេះដឹងព្រះគម្ពីរពេញមួយសប្ដាហ៍របស់គាត់?
ខ្ញុំគឺជាគ្រូគង្វាល ហើយខ្ញុំចូលចិត្តណាស់នៅពេលមានអ្នកស្ដាប់ខ្ញុំ។ ខ្ញុំចូលចិត្តណាស់នៅពេលអ្នកដទៃទុកចិត្តលើគ្រូគង្វាលរបស់ខ្លួន ហើយពួកគាត់រីករាយក្នុងការស្ដាប់គ្រូគង្វាលពន្យល់អំពីព្រះគម្ពីររៀងរាល់សប្ដាហ៍។ អាម៉ែន! នោះគឺជាការដ៏ល្អប្រសើរមួយ។
តើលោកអ្នកស្រេកឃ្លានទេ?
ប៉ុន្តែ មានអ្វីមួយដែលមិនប្រក្រតីនៅទីនេះ។ ខ្ញុំចង់មានន័យថា វាធ្ងន់ធ្ងរមែន។ មានអ្វីមួយមិនប្រក្រតីនៅទីនេះ ពីព្រោះប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលមកដោយមានពេញដោយអំណាចព្រះចេស្ដារៀងរាល់សប្ដាហ៍ នោះព្រះបន្ទូលមិនគ្រាន់តែបំពេញភាពស្កប់ស្កល់នៃការស្រេកឃ្លាននោះទេ ប៉ុន្តែព្រះបន្ទូលនោះបង្កើតឲ្យមានភាពស្រេកឃ្លានផងដែរ។ ខ្ញុំនឹងមានអារម្មណ៍ថា ខ្ញុំជាអ្នកបរាជ័យទាំងស្រុងតែម្ដង ប្រសិនបើពួកជំនុំរបស់ខ្ញុំនិយាយថា «ដោយសារសេចក្ដីអធិប្បាយរបស់លោកគ្រូ ពួកយើងមិនចាំបាច់អានព្រះគម្ពីរទៀតនោះទេ»។ នោះខ្ញុំនឹងគិតថា «តើខ្ញុំបានធ្វើអ្វី? ខ្ញុំបានផ្ដល់អាហារដល់លោកអ្នកដែលមិនគួរឲ្យចាប់អារម្មណ៍ ឬគួរឲ្យធុញទ្រាន់ ឬក៏មិនមានសញ្ញាណាមួយ ឬជាសេចក្ដីសង្ឃឹមដែលលោកអ្នកមិនមាន សូម្បីតែចាប់យកក្នុងអំឡុងពេលមួយសប្ដាហ៍ផង»។
ដូច្នេះ ខ្ញុំពិតជាឆ្ងល់ណាស់អំពីអ្វីដែលមាននៅក្នុងចិត្តរបស់បុគ្គលម្នាក់នេះក្នុងការនិយាយថា «ខ្ញុំត្រូវការតែសេចក្ដីអធិប្បាយប៉ុណ្ណោះ»។ ហើយសំណួររបស់ខ្ញុំគឺដូចនេះ «តើលោកអ្នកចង់បានតែប៉ុណ្ណោះមែនឬ? ហេតុអ្វីបានជាអាហារនៅថ្ងៃអាទិត្យមិនធ្វើឲ្យរសជាតិរបស់លោកអ្នកកាន់តែឆ្ងាញ់នៅថ្ងៃចន្ទ? ហេតុអ្វីមិនដូច្នោះ?» សម្រាប់ខ្ញុំ មើលទៅហាក់បីដូចជាមានបញ្ហាពីរនៅត្រង់ចំណុចនេះ។ ទី១គឺថា តើយើងត្រូវការព្រះគម្ពីរដល់កម្រិតណា? ហើយមួយទៀតគឺថា តើយើងចង់បានព្រះគម្ពីរខ្លាំងដល់កម្រិតណា?
តើយើងចង់បានដល់កម្រិតណា?
ដូច្នេះ ចូរពិនិត្យមើលលើសំណួរដែលថា ចង់បានដល់កម្រិតណា។ ហេតុអ្វីបានជាលោកអ្នកចង់បានសេចក្ដីអធិប្បាយតែមួយដងចេញពីព្រះគម្ពីរក្នុងមួយសប្ដាហ៍? ហេតុអ្វីបានជាលោកអ្នកចង់បានសេចក្ដីអធិប្បាយតែមួយហ្នឹងក្នុងមួយសប្ដាហ៍ តាមរយៈអ្នកផ្សេង? ចំពោះខ្ញុំ នោះប្រៀបដូចជាការនិយាយថា «ខ្ញុំមានស្នេហាហើយ។ សង្សាររបស់ខ្ញុំសរសេរសំបុត្រមកខ្ញុំជារៀងរាល់ថ្ងៃ ហើយខ្ញុំនឹងអានសំបុត្ររបស់គាត់តែមួយប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ហើយខ្ញុំគិតថា ខ្ញុំនឹងឲ្យអ្នកណាម្នាក់ផ្សេងទៀតអានឲ្យខ្ញុំស្ដាប់ ហើយប្រាប់ខ្ញុំពីអ្វីដែលគាត់ចង់និយាយ»។ អ្នកកំពុងនិយាយលេងទេឬអី? មានពេលមួយ ខ្ញុំមានស្នេហា គឺនៅរដូវក្ដៅក្នុងឆ្នាំ១៩៦៧ ដែលកាលនោះខ្ញុំគឺជាគ្រូបង្វឹកហែលទឹកម្នាក់ (និងអ្នកការពារនៅកន្លែងលេងទឹក)។ ខ្ញុំហិតស្រោមសំបុត្រនោះ៥នាទីមុនពេលខ្ញុំបើកវា។ ខ្ញុំក៏នឹងមិនឲ្យទៅនរណាផ្សេងទៀតនោះទេ។ ខ្ញុំពិតជាមានចិត្តចង់ចេញទៅក្រៅជារៀងរាល់ថ្ងៃជាមួយនឹងស្រោមសំបុត្រដែលមានជាប់ក្លិនផ្កាកុលាប និងក្លិនដៃរបស់អនាគតប្រពន្ធខ្ញុំណាស់។
ការចង់អានសំបុត្រស្នេហាតែមួយដងក្នុងមួយសប្ដាហ៍ នៅពេលដែលនាងសរសេរវាជារៀងរាល់ថ្ងៃគឺជាសញ្ញាបង្ហាញថា មានអ្វីមួយមិនប្រក្រតីហើយ។ ការនោះប្លែកណាស់។ មានអ្វីមួយមិនប្រក្រតីនៅក្នុងទំនាក់ទំនងរបស់បុគ្គលម្នាក់នេះជាមួយព្រះជាម្ចាស់ជាមិនខាន។
ប៉ុន្តែ សាវ័ក ប៉ុល បានលើកឡើងថាគាត់រស់នៅសម្រាប់ព្រះយេស៊ូវដែលទ្រង់ស្រឡាញ់គាត់ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសគាត់ (កាឡាទី ២:២០)។ នោះគឺជាការពិត។ ព្រះយេស៊ូវស្រឡាញ់យើងដល់ម៉្លេះ បានជាទ្រង់ប្រគល់ព្រះជន្មរបស់ទ្រង់ជំនួសយើងរាល់គ្នា។ ព្រះជាម្ចាស់ស្រឡាញ់យើងដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រារបស់ទ្រង់សម្រាប់យើង។ ហើយព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវនេះឯងដែលព្រះអង្គបានស្រឡាញ់យើង ហើយព្រះវរបិតាដែលស្រឡាញ់យើង—ទាក់ទងជាមួយរបៀបដែលព្រះអង្គមានទំនាក់ទំនងជាមួយយើង និងអំពីអ្វីដែលព្រះអង្គកំពុងធ្វើលើផែនដីនេះ។ ព្រះគម្ពីរទាំងមូលគឺជាសំបុត្រនៃសេចក្ដីស្រឡាញ់របស់ព្រះដែលមិនអាចប្រៀបផ្ទឹមបានរបស់ព្រះជាម្ចាស់ទៅកាន់រាស្ត្ររបស់ព្រះអង្គ។ ដូច្នេះហើយបានជាអ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងបានចែងថា «ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្ដាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត» (ទំនុកតម្កើង ១១៩:១០៣)។ វាមិនសមហេតុផលនោះទេសម្រាប់អ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងក្នុងការលើកឡើងថា «ទូលបង្គំទទួលបានទឹកឃ្មុំមួយស្លាបព្រាយ៉ាងពេញ ហើយវាលើសលប់ណាស់ហើយ ទូលបង្គំមិនចង់បានសម្រាប់ថ្ងៃចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ ឬថ្ងៃសៅរ៍ទៀតនោះទេ»។ ប៉ុន្តែ ផ្ទុយទៅវិញគាត់បានលើកឡើងថា៖
- «ទូលបង្គំត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ» (សូមមើលនៅក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ១:២)។
- «សេចក្ដីទាំងនោះគួរចង់បានលើសជាងមាស» (ទំនុកតម្កើង ១៩:១០)។
- «បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ» (សុភាសិត ២:៤-៥)។
ដូច្នេះ ខ្ញុំសូមសួរដល់អ្នកអាន និងអ្នកស្ដាប់របស់យើង—សូមព្រះបានប្រទានពរដល់ដួងចិត្តរបស់គាត់—ហេតុអ្វីបានជាអ្នកចង់ឃើញភាពស្រស់ស្អាតត្រឹមមួយសប្ដាហ៍ ឬក៏ភ្លក់ទឹកឃ្មុំតែមួយដងក្នុងមួយអាទិត្យ ឬការដាក់ប្រាក់តែមួយដងក្នុងមួយសប្ដាហ៍ក្នុងកុងធនាគាររបស់លោកអ្នក ឬក៏ទទួលសំបុត្រតែមួយក្នុងមួយសប្ដាហ៍ពីមនុស្សជាទីស្រឡាញ់របស់អ្នក? តើមានរឿងអ្វីកើតឡើង? សូមភ្ញាក់ឡើង! ក្រោកឡើង ចូរភ្ញាក់មកឯភាពពិតជាក់ស្ដែងចុះ។
តើយើងត្រូវការខ្លាំងដល់កម្រិតណា?
បន្ទាប់មក ខ្ញុំចង់ប្ដូរសំណួរសួរថា តើលោកអ្នកត្រូវការអ្វី? តើលោកអ្នកត្រូវការអាហារតែមួយពេលទេឬអីក្នុងមួយសប្ដាហ៍? មិនមែនគ្រាន់តែថា តើលោកអ្នកចង់បានអ្វី ប៉ុន្តែតើលោកអ្នកត្រូវការអ្វី? ព្រះយេស៊ូវបានមានព្រះបន្ទូលថា «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)—គឺគ្រប់ទាំងព្រះបន្ទូល។ នេះគឺជារបៀបដែលលោកអ្នករស់នៅ។ លោកអ្នកត្រូវការទទួលទានអាហារ។
ខ្ញុំគិតថា ខ្ញុំអាចនិយាយចេញពីបទពិសោធន៍ ចេញពីប្រវត្តិសាស្ត្រ និងចេញពីព្រះគម្ពីរផ្ទាល់៖ គ្រប់គ្រីស្ទបរិស័ទទាំងអស់គួរតែចំណាយពេលលើព្រះគម្ពីរច្រើនជាងនេះ ចំណាយពេលលើអាហារខាងឯព្រលឹងវិញ្ញាណច្រើនជាងមួយដងក្នុងមួយសប្ដាហ៍—ដែលមិនធ្វើការខាងឯរាងកាយ ឬព្រលឹងវិញ្ញាណនោះទេ។ ការល្បួងមានឥតឈប់ឈរ។ មន្ទិលសង្ស័យមានជាញឹកញាប់។ សាតាំងសកម្មយ៉ាងខ្លាំង។ មានទុក្ខព្រួយយ៉ាងធ្ងន់ក្រៃ។ ជម្លោះមានច្រើនអនេក។ អារម្មណ៍ប្រែប្រួលយ៉ាងខ្លាំង។ ភាពច្របូកច្របល់ពិបាកខ្លាំងពេក។ សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ត្រូវបានទទួលកាគម្រាមកំហែងយ៉ាងខ្លាំងក្នុងការគិតថា ខ្ញុំអាចដោះស្រាយជាមួយការទាំងនេះពេញមួយសប្ដាហ៍បានចេញពីព្រះបន្ទូលដែលខ្ញុំទទួលបាននៅថ្ងៃអាទិត្យ។ ខ្ញុំផ្ទាល់មិនអាចធ្វើបានទេ។ ហើយខ្ញុំក៏គិតថា មិនមាននរណាម្នាក់អាចធ្វើបានដែរ។
គោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺ ដើម្បីធ្វើឲ្យយើងស្កប់ចិត្ត ធ្វើឲ្យយើងកាន់តែស្រេកឃ្លាន—ហើយការអធិប្បាយនៅថ្ងៃអាទិត្យគឺមិនគ្រប់គ្រាន់ទេក្នុងការធ្វើឲ្យយើងស្កប់ចិត្ត។
មតិយោបល់
Loading…