ព្រះយេស៊ូវបានប្រទានមហាបេសកកម្មមកកាន់យើង។ ក្នុងមហាបេសកកម្មនេះ ព្រះអង្គបានបង្គាប់ឲ្យយើងឈោងចាប់មនុស្សគ្រប់រូបនៅលើផែនដីនេះជាមួយនឹងដំណឹងល្អ។ ប៉ុន្តែ តើព្រះយេស៊ូវកំពុងតែមានព្រះបន្ទូលទៅកាន់អ្នកណា? តើបង្គាប់នោះសម្រាប់តែពួកសាវ័កដំបូងមែនឬ? ទៅកាន់ក្រុមជំនុំទាំងមូល? ទៅកាន់ក្រុមជំនុំតាមតំបន់ណាមួយមែនឬ? ទៅកាន់អស់អ្នកដែលកំពុងតែបម្រើនូវជួរមុខ ដែលជាអ្នកគិតអំពីបេសកកម្ម? ឬក៏ទៅកាន់គ្រីស្ទបរិស័ទគ្រប់ៗរូប?
ប្អូនប្រុសម្នាក់បានសួរដូចតទៅ៖ «ជម្រាបសួរលោកគ្រូ ថ្មីៗនេះ មិត្តភក្ដិរបស់ខ្ញុំម្នាក់បានលើកឡើងថា យើងគួរកាត់ស្រាយបញ្ជានៃមហាបេសកកម្មក្នុងការបង្កើតសិស្សថាសំដៅទៅកាន់ក្រុមជំនុំទាំងមូល មិនមែនជាបញ្ជាទៅកាន់គ្រីស្ទបរិស័ទរៀងៗខ្លួននោះទេ។ តើលោកគ្រូគិតថា វាជាការល្អទេដែលយើងកាត់ស្រាយបញ្ជានៃការឈោងចាប់មនុស្សជាតិថាសម្រាប់ពួកសាវ័ក អ្នកដឹកនាំក្រុមជំនុំ និងសូម្បីតែសម្រាប់ក្រុមជំនុំតាមតំបន់ទាំងមូល? ឬក៏ថា នេះគឺជាបញ្ជាបែបបុគ្គលពីព្រះយេស៊ូវ ដែលទ្រង់បានប្រទានទៅកាន់អ្នកជឿរៀងៗខ្លួនវិញ?»។
តើអ្នកណាជាក្រុមជំនុំ?
ចូរយើងចាប់ផ្ដើមដោយវែកញែកសំណួរផ្ទាល់សិន។ ទី១ «តើយើងគួរកាត់ស្រាយបញ្ជានៃមហាបេសកកម្មថាសំដៅទៅលើក្រុមជំនុំទាំងអស់ ហើយថាមិនមែនជាបញ្ញត្តិសំដៅទៅលើអ្នកជឿរៀងៗខ្លួនមែនឬ?» ដូច្នេះ តើនេះមានន័យថាយ៉ាងដូចម្ដេច ប្រសិនបើយើងកាត់ស្រាយថា បញ្ញត្តិនៃមហាបេសកកម្មគឺសម្រាប់ក្រុមជំនុំទាំងអស់? តើការធ្វើបែបនោះនឹងមិនបន្សល់នូវសំណួរដូចគ្នាដែលថា សម្រាប់អ្នកជឿរៀងៗខ្លួន ហាក់បីដូចជាថាបញ្ញត្តិនោះគឺ សំដៅផ្ទាល់ទៅលើគាត់?
ប្រសិនបើលោកអ្នកគិតថា ព្រះអង្គបានប្រទានបញ្ញត្តិនេះទៅកាន់ក្រុមជំនុំទាំងអស់ ហើយលោកអ្នកមិនបានគិតថា ក្រុមជំនុំទាំងអស់នឹងមិនទៅឈោងចាប់មនុស្សជាតិទាំងអស់ ប៉ុន្តែគ្រាន់តែសំដៅទៅលើបុគ្គលនីមួយៗនៅក្នុងក្រុមជំនុំទាំងអស់វិញ នោះលោកអ្នកត្រូវតែសម្រេចថា តើបុគ្គលមួយណានឹងចេញទៅធ្វើនូវអ្វីដែលក្រុមជំនុំទាំងមូលធ្វើ។ បើដូច្នោះមែន នោះបញ្ញត្តិនេះគឺសម្រាប់បុគ្គលនីមួយៗដូចគ្នា ហាក់បីដូចជាថា បញ្ញត្តិនោះគឺសំដៅទៅលើគាត់ផ្ទាល់តែម្ដង៖ តើចំណុចនេះមានន័យថាខ្ញុំផ្ទាល់ត្រូវទៅមែនឬ ឬក៏មានន័យថា ខ្ញុំផ្គត់ផ្គង់បេសកកម្មតាមរយៈអស់អ្នកដែលចេញទៅផ្ទាល់វិញ?
ដូច្នេះ ខ្ញុំគិតថាការធ្វើបែបនោះមិនដោះស្រាយចំណុចអនុវត្តផ្ទាល់ទាល់តែសោះ ក្នុងការលើកឡើងថា បញ្ញត្តិនេះគឺសំដៅទៅលើក្រុមជំនុំទាំងអស់។ នេះគឺជាការវែកញែកដំបូងរបស់ខ្ញុំលើសំណួរនេះ។ ខាងក្រោមនេះគឺជាការវែកញែកទី២។
មិនមែនថា គ្រប់គ្នាចេញទៅនោះទេ
នៅត្រង់នេះ យើងក៏ត្រូវវែកញែកឲ្យបានច្បាស់លាស់សិនដែរ៖ «តើនេះជាបញ្ជាបែបបុគ្គលពីព្រះយេស៊ូវ ដែលទ្រង់បានប្រទានទៅកាន់អ្នកជឿរៀងៗខ្លួនមែនឬ?»។ ប្រសិនបើយើងឆ្លើយថា «បាទ/ចាស» នោះយើងក៏ត្រូវតែបន្តវែកញែកឲ្យបានច្បាស់លាស់ដោយសួរថា៖ «តើលោកអ្នកមានន័យថា ព្រះយេស៊ូវបានបញ្ជាអ្នកជឿគ្រប់ៗរូបឲ្យធ្វើជាបេសកជនទៅមនុស្សជាតិជាមួយនឹងដំណឹងល្អ និងផ្ដោតលើការឆ្លងវប្បធម៌ និងឈោងចាប់មនុស្សជាតិទាំងអស់ ដែលតាមពិតទៅនោះគឺជាការផ្ដោតលើបញ្ញត្តិនៃមហាបេសកកម្ម (មិនដែលគ្រាន់តែសម្រាប់ការផ្សាយដំណឹងល្អតាមតំបន់នោះទេ)?»។
ចម្លើយលើសំណួរហ្នឹងគឺច្បាស់ណាស់៖ ទេ! ព្រះអង្គមិនបានរំពឹងទុកដូចនោះ ហើយក៏មិនបានបញ្ជាដូចនោះដែរ។ កណ្ឌគម្ពីរ (រ៉ូម ១៥) គឺជាភស្តុតាងមួយ ដែលត្រង់នេះសាវ័ក ប៉ុល កំពុងតែបបួលអស់អ្នកដែលនៅទីក្រុងរ៉ូមថាមិនឲ្យទៅស្រុកអេស្ប៉ាញជាមួយគាត់ ប៉ុន្តែឲ្យផ្គត់ផ្គង់ដល់គាត់ ខណៈពេលដែលគាត់ចេញទៅស្រុកអេស្ប៉ាញវិញ។
គាត់ដឹងថា អ្នកទាំងអស់នោះដែលគាត់កំពុងតែសរសេរសំបុត្រផ្ញើទៅទីក្រុងរ៉ូម—គ្រីស្ទបរិស័ទទាំងនោះដែលទទួលបានដំណឹងល្អ—មានការងារ។ ពួកគាត់មានទំនាក់ទំនងជាមួយនឹងអ្នកដទៃទៀត។ ដូច្នេះ គាត់មិនមែនហៅពួកគាត់ «ឱអស់អ្នកដែលជាអ្នកជឿពិតអើយ គ្រប់គ្នាសូមឡើងទូក ហើយចេញទៅស្រុកអេស្ប៉ាញជាមួយខ្ញុំ» នោះទេ។ គាត់កំពុងតែលើកឡើងថា «សូមផ្គត់ផ្គង់មកកាន់ខ្ញុំ ខណៈពេលដែលខ្ញុំចេញទៅ»។
ដូច្នេះ ព្រះគម្ពីរសញ្ញាថ្មីបានលើកឡើងយ៉ាងច្បាស់លាស់ថា ព្រះជាម្ចាស់មិនបានរំពឹងឲ្យបុគ្គលគ្រប់ៗរូបដែលបានឮអំពីមហាបេសកកម្មចេញទៅ ឆ្លងវប្បធម៌ ហើយធ្វើជាបេសកជននោះទេ។ ខ្ញុំគិតថាកណ្ឌគម្ពីរ (១ពេត្រុស ២:៩) បានណែនាំឲ្យអ្នកជឿគ្រប់ៗគ្នាប្រកាសអំពីភាពឧត្តុង្គឧត្តមរបស់ព្រះគ្រីស្ទ ក្នុងបណ្ដាញទំនាក់ទំនងរបស់ខ្លួន៖ «តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសម្ដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់»។
ប៉ុន្តែ ព្រះគម្ពីរសញ្ញាថ្មីក៏មិនបានថាឲ្យគ្រប់អ្នកជឿគួរឆ្លងវប្បធម៌ ហើយធ្វើជាបេសកជននោះទេ ដោយព្យាយាមឈោងចាប់អស់អ្នកដែលមិនទាន់បានជឿក្នុងនាមជាបេសកជននៅជួរមុខឡើយ។
ដរាបដល់អស់កល្ប
ដូច្នេះ ចូរយើងត្រឡប់ទៅមើលមហាបេសកកម្មបន្តិចក្នុងកណ្ឌគម្ពីរ (ម៉ាថាយជំពូក២៨)។ ប្រយោគដែលថា «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍» (ខ១៩) គឺព្រះយេស៊ូវកំពុងតែសំដៅទៅលើពួកសាវ័កទាំង១១នាក់។ យើងឃើញអំពីការនេះនៅក្នុង(ខ១៦)។ យើងឃើញថាពួកសាវ័កទាំង១១នាក់បានមកជួបជុំគ្នា។
តម្រុយដែលព្រះយេស៊ូវមានសម្រាប់បញ្ញត្តិនេះគឺមិនមែនគ្រាន់តែសម្រាប់ពួកសាវ័កទាំង១១នាក់ទេ ប៉ុន្តែក៏សំដៅទៅលើក្រុមមនុស្សដែលនឹងរស់នៅយូរជាងពួកសាវ័កទាំង១១នាក់វិញ យើងឃើញតម្រុយនេះនៅក្នុងខ២០។ ដីកា ជំហរ និងការគាំទ្របញ្ញត្តិនេះ គឺសេចក្ដីសន្យាដែលថា «ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ»។ ហើយព្រះអង្គបានប្រាប់ថាដីកានេះនឹងនៅយូរប៉ុណ្ណា៖ «ដរាបដល់បំផុតកល្ប»។
កិច្ចការនេះនឹងនៅបន្តមានយូរតាមដែលព្រះជាម្ចាស់សន្យាថានឹងជួយ ខណៈពេលដែលកិច្ចការនោះនៅមាន៖ «ខ្ញុំនឹងនៅជួយអ្នករាល់គ្នាជារាល់ថ្ងៃក្នុងកិច្ចការនេះ ដរាបដល់បំផុតកល្ប»។
ដូច្នេះ សំណួរសួរថា—ហើយគ្រប់ជំនាន់នៃអ្នកជឿក៏ត្រូវតែសួរសំណួរនេះដដែលៗដែរ—តើអ្នកណានឹងបន្តព័ន្ធកិច្ចនៅក្នុងសតវត្សរ៍បន្ទាប់? វាមិនគ្រប់គ្រាន់ទេក្នុងការលើកឡើងថា ទំនងបុគ្គលគ្រប់ៗរូប ឬក៏ក្រុមជំនុំទាំងមូលត្រូវបន្តព័ន្ធកិច្ចនេះ។ ចម្លើយនោះមិនគ្រប់គ្រាន់ទេ ពីព្រោះវាមិនបានឆ្លើយថាអ្នកណានឹងបន្តចេញទៅធ្វើឡើយ។
អ្នកណានឹងចេញទៅធ្វើ?
តើអ្នកណានឹងងើបឡើងចេញទៅ ហើយហ៊ានប្ដូរផ្ដាច់ជីវិតក្នុងការឈោងចាប់អស់អ្នកដែលមិនទាន់បានជឿនៅលើផែនដីនេះ? នេះគឺជាចំណុចសំខាន់។ បុគ្គលនីមួយៗមិនធ្វើការនោះទេ ហើយក្រុមជំនុំទាំងមូលក៏មិនធ្វើការនោះដែរ។ គឺបុគ្គលជាក់លាក់ណាម្នាក់ ដែលធ្វើការនោះ។
យើងសង្ឃឹមថាបុគ្គលជាក់លាក់នោះនឹងទទួលការផ្គត់ផ្គង់ពីបុគ្គលនីមួយៗ និងពីក្រុមជំនុំទាំងមូល។ គឺបុគ្គលនីមួយៗដែលនាំដំណឹងល្អឆ្លងវប្បធម៌ទៅកាន់អ្នកដទៃ។ តើពួកគាត់មកពីណា? តើពួកគាត់ជានរណា? តើពួកគាត់ឈានទៅដល់ចំណុចនោះដោយរបៀបណា? តើពួកគាត់ទទួលបានអំណាច អំណោយទាន ចំណេះដឹង និងការទ្រទ្រង់ខ្លួនដោយរបៀបណា?
នេះគឺជាចំណុចដែលខ្ញុំឃើញនៅក្នុងព្រះគម្ពីរដែលចង្អុលបង្ហាញទៅកាន់ចម្លើយ។ ព្រះយេស៊ូវបានមានបន្ទូលនៅក្នុង កណ្ឌគម្ពីរ (យ៉ូហាន ១០:១៥-១៦) ថា៖ «ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ និងអ្នកគង្វាលតែ១វិញ»។ បើនិយាយម្យ៉ាងទៀតទៅ ព្រះយេស៊ូវបានខ្ចាយព្រះលោហិតរបស់ទ្រង់—«ខ្ញុំស៊ូប្ដូរជីវិតខ្ញុំនឹងចៀម»—ដើម្បីប្រមូលចៀមឯទៀតរបស់ទ្រង់ ដែលមិនមែនជាសាសន៍យូដា ឲ្យចូលក្នុងក្រោលដែរ។
យោងតាមកណ្ឌគម្ពីរ (យ៉ូហាន ១១:៥២) ចៀមបានខ្ចាត់ខ្ចាយពាសពេញផែនដី ហើយព្រះអង្គត្រូវប្រមូលឲ្យពួកគាត់មកវិញ។ ព្រះអង្គបានប្ដូរជីវិតទ្រង់ ដើម្បីប្រមូលពួកគាត់។ បន្ទាប់មក ព្រះអង្គបានមានបន្ទូលថា «វានឹងស្ដាប់តាមសំឡេងខ្ញុំ»។ តើពួកគាត់នឹងស្ដាប់សំឡេងទ្រង់ដោយរបៀបណា? ពួកគាត់នឹងឮសំឡេងទ្រង់ តាមរយៈសំឡេងមនុស្ស ដែលនឹងប្រកាសសេចក្ដីពិតអំពីព្រះយេស៊ូវឲ្យពួកគាត់ដឹង។
ព្រះយេស៊ូវបានអធិស្ឋាននៅក្នុងកណ្ឌគម្ពីរ (យ៉ូហាន ១៧:២០)៖ «ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ»។ យើងឃើញថា នៅទីណាដែលគេបានបន្ទរពាក្យពេចន៍របស់ពួកសាវ័ក តាមរយៈបបូរមាត់របស់ទូតព្រះយេស៊ូវ នោះមនុស្សម្នាក៏បានបើកចិត្តជឿដែរ។
ដូច្នេះ តើយើងអាចឈោងចាប់ជាតិសាសន៍ និងមនុស្សជាតិបានដោយរបៀបណា? គឺតាមរយៈអ្នកជឿដែលបើកមាត់ខ្លួន ដោយប្រកាសអំពីដំណឹងល្អដែលពួកសាវ័កផ្ញើទុកនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ទាក់ទងទៅនឹងដំណឹងល្អរបស់ព្រះយេស៊ូវ។ ហើយតើអ្នកណាជាទូត ដែលឆ្លងកាត់វប្បធម៌នោះ? តើពួកគាត់ជាអ្នកណា? គឺបុគ្គលនីមួយៗ។
ការត្រាស់ហៅដ៏អាថ៌កំបាំង
នៅពេលនោះ ខ្ញុំបានបម្រើជាគ្រូគង្វាលអស់រយៈពេល៣៣ឆ្នាំ—ដោយមានបន្ទុកនេះ និងលើកឡើងនូវសំណួរនេះជាច្រើនដង ហើយរស់នៅដោយគិតអំពីអស់អ្នកដែលមិនទាន់ជឿពាសពេញផែនដី—អស់រយៈពេល៣៣ឆ្នាំនោះ គឺវាពិតជាអស្ចារ្យ ពេញដោយសិរីល្អ និងភាពស្អាតស្អំក្នុងកាលឃើញព្រះជាម្ចាស់តែងតាំងមនុស្សមួយចំនួនក្នុងចំណោមកូនៗរបស់ទ្រង់ ដែលមានការត្រាស់ហៅដ៏អស្ចារ្យផ្ទាល់ ឥតឈប់ឈរ មិនអាចបដិសេធបាន ទទួលការណែនាំពីព្រះគម្ពីរ ពេញវ័យខាងឯវិញ្ញាណ មានមូលដ្ឋានលើក្រុមជំនុំ ក្នុងការចេញទៅធ្វើព័ន្ធកិច្ចនៅជួរមុខ ឆ្លងវប្បធម៌សម្រាប់ប្រយោជន៍ព្រះគ្រីស្ទ។
ដូច្នេះ ចម្លើយសង្ខេបរបស់ខ្ញុំគឺថា៖ អ្នកដែលស្រឡាញ់ព្រះយេស៊ូវត្រូវតែស្រឡាញ់ ផ្គត់ផ្គង់ និងគាំទ្រមហាបេសកកម្ម ដូចដែលព្រះយេស៊ូវបានស្រឡាញ់ដែរ។ យើងមិនស្រឡាញ់ការនេះមិនបានទេ។
ក្នុងចំណោមអ្នកទាំងនេះ គឺក្នុងក្រុមជំនុំដែលប្រកាសដំណឹងល្អ ហើយបានលើកស្ទួយបន្ទុកបេសកកម្មឡើង នោះព្រះជាម្ចាស់នឹងត្រាស់ហៅទូតជួរមុខរបស់ទ្រង់ក្នុងរបៀបដែលពេញទៅដោយអាថ៌កំបាំង ការអស្ចារ្យ និងធ្វើឲ្យភ្ញាក់ផ្អើលជាមិនខាន។
ព្រះយេស៊ូវបានប្រទានមហាបេសកកម្មមកកាន់យើង។ ក្នុងមហាបេសកកម្មនេះ ព្រះអង្គបានបង្គាប់ឲ្យយើងឈោងចាប់មនុស្សគ្រប់រូបនៅលើផែនដីនេះជាមួយនឹងដំណឹងល្អ…
មតិយោបល់
Loading…