in

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ល្អ​ប្រសើរ​ដោយ​របៀប​ណា? (ភាគ២)

គោល​ការណ៍​បី​យ៉ាង​សម្រាប់​ការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ
ឥឡូវ​នេះ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ គឺ​លើក​ឡើង​នូវ​គោល​ការណ៍​បី​យ៉ាង ដែល​នឹង​ជួយ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ការ​បំផ្លាស់​បំប្រែ នៅ​ពេល​ដែល​ខ្ញុំ​អាន​កណ្ឌ​គម្ពីរ រ៉ូម ជំពូក១២។ ខ្ញុំ​ចង់​ឲ្យ​ជីវិត​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្រែ​តាម​រយៈ​ខ​គម្ពីរ​ទាំង​នេះ។ ខ្ញុំ​ចង់​ឲ្យ​ខ៩​បំផ្លាស់​បំប្រែ​ជីវិត​ខ្ញុំ៖ «ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា»។ បន្ទាប់​ពី​ខ្ញុំ​បាន​អាន​ឃ្លា​នោះ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​លែង​ចង់​មាន​ពុត​មាយា។ តើ​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ដោយ​របៀប​ណា? តើ​នឹង​មាន​អ្វី​ដែល​នឹង​នាំ​ឲ្យ​មាន​ចំណុច​ផ្លាស់​ប្រែ​តាម​រយៈ​ពាក្យ​តែ​មួយម៉ាត់ ឬ​ក៏​ឃ្លា​ដ៏​ខ្លី​នេះ ដើម្បី​ឲ្យ​ជីវិត​ខ្ញុំ​មាន​អំណាច​ក្នុង​​ការ​បំផ្លាស់​បំប្រែ​ភ្លាមៗ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​លែង​មាន​ពុត​មាយា កាន់​តែ​មាន​សេរី​ភាព កាន់​តែ​ត្រឹម​ត្រូវ កាន់​តែ​ពិត និង​ជាក់​ស្ដែង​នៅ​ក្នុង​ការ​ស្រឡាញ់​របស់​ខ្ញុំ? ខាង​ក្រោម​នេះ​គឺ​ជា​គោល​ការណ៍​បី​យ៉ាង​អំពី​របៀប​នៃ​ការ​ធ្វើ​បែប​នោះ៖

១. សូម​អធិស្ឋាន​ខណៈ​ពេល​ដែល​លោក​អ្នក​អាន​ព្រះ​គម្ពីរ
នៅ​ពេល​ដែល​លោក​អ្នក​អាន​ព្រះ​គម្ពីរ សូម​អធិស្ឋាន ពីព្រោះ​ប្រសិន​បើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​ដែល​យក​ព្រះ​គម្ពីរ ហើយ​នាំ​ឲ្យ​យើង​អនុវត្ត​តាម​ដើម្បី​ឲ្យ​ព្រះ​គម្ពីរ​ពិត​ជា បង្កើត​នូវ​ការ​បំផ្លាស់​បំប្រែ​អាកប្ប​កិរិយា​របស់​យើង​ទាំង​ស្រុង នោះ​របៀប​ដែល​យើង​គិត​អំពី​ព្រះ​ជាម្ចាស់ និង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​ត្រូវ​តែ​ទូល​សូម​ពី​ព្រះ​អង្គ​ដែរ។ ដូច្នេះ នៅ​ពេល​ដែល​លោក​អ្នក​អាន​ព្រះ​គម្ពីរ គឺ​លោក​អ្នក​ត្រូវ​តែ​បង្អង់​សិន ហើយ​ទូល​ថា៖ «ឱ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អើយ! សូម​ព្រះ​អង្គ​យាង​មក​ធ្វើ​ឲ្យ​ចំណុច​នេះ​ក្លាយ​ជា​ការ​ពិត​ក្នុង​ជីវិត​ទូល​បង្គំ​ផង។ សូម​ព្រះ​អង្គ​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​ចាំ​បាច់​ត្រូវ​តែ​ធ្វើ ដើម្បី​បន្ទាប​ខ្លួន​ទូល​បង្គំ ដើម្បី​ធ្វើ​ឲ្យ​ទូល​បង្គំ​ត្រឹម​ត្រូវ និង​ដើម្បី​ធ្វើ​ឲ្យ​ទូល​បង្គំ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់»។ នេះ​គឺ​ជា​របៀប​ដែល​លោក​អ្នក​អាច​អធិស្ឋាន​តាម​បាន។

ល្ងាច​មិញ មុន​ព្រះ​វិហារ​យើង​ចាប់​ផ្ដើម​កម្ម​វិធី​ថ្វាយ​បង្គំ អ្នក​ដឹក​នាំ​មួយ​ចំនួន​បាន​ជុំ​គ្នា​ថ្វាយ​បង្គំ​នៅ​ក្បែរ​ឆាក ដែល​ខ្ញុំ​បាន​អធិប្បាយ។ ពេល​នោះ មាន​ការ​ឯក​ភាព​គ្នា​ជា​ច្រើន​ដោយ​ភាព​ស្រុះ​ស្រួល​គ្នា «អាម៉ែន» ខណៈ​ពេល​ដែល​ខ្ញុំ​លើក​ឡើង​ថា «ឱ​ព្រះ​អម្ចាស់​អើយ! មិន​ថា​ត្រូវ​ការ​ឲ្យ​មាន​អ្វី​កើត​ឡើង​ក៏​ដោយ—ការ​ស្លាប់ ការ​បាត់​បង់​ការងារ ការ​មាន​ជំងឺ​មហារីក មិន​ថា​អ្វី​ក៏​ដោយ—សូម​ព្រះ​អង្គ​ដក​ចេញ​ពុត​មាយា​របស់​ទូល​បង្គំ​ផង។ មិន​ថា​ត្រូវ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ មិន​ថា​អ្វី​ក៏​ដោយ សូម​ព្រះ​អង្គ​ធ្វើ​ចុះ ពីព្រោះ​យើង​ចង់​បាន​អ្វី​ដែល​ពិត។ យើង​ចង់​ធ្វើ​ជា​គ្រីស្ទ​បរិស័ទ។ យើង​ចង់​ឲ្យ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម ជំពូក១២ ក្លាយ​ជា​ការ​ពិត​នៅ​ក្នុង​ជីវិត​យើង។ យើង​មិន​គ្រាន់​តែ​ចង់​លើក​ឡើង​នូវ​ពាក្យ​សម្ដី​នោះ​ទេ ហើយ​ក៏​មិន​ចង់​គ្រាន់​តែ​និយាយ​ពាក្យ​សម្ដី​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​មិន​មាន​នៅ​ក្នុង​ទង្វើ​ប្រព្រឹត្ត និង​នៅ​ក្នុង​ចិត្ត​របស់​យើង​ឡើយ»។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​អធិស្ឋាន។ នេះ​គឺ​ជា​ចំណុច​ទី១៖ សូម​អធិស្ឋាន​នៅ​ពេល​ដែល​លោក​អ្នក​អាន​ព្រះ​គម្ពីរ «សូម​ព្រះ​អង្គ​ធ្វើ​ការ​នេះ​នៅ​ក្នុង​ជីវិត​របស់​ទូល​បង្គំ»។

២. សូម​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ
ខណៈ​ពេល​ដែល​លោក​អ្នក​អាន​ព្រះ​គម្ពីរ សូម​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ។ ខណៈ​ពេល​ដែល​លោក​អ្នក​អាន​កណ្ឌ​គម្ពីរ រ៉ូម ១២:៩ ហើយ​លោក​អ្នក​ឃើញ​ឃ្លា៖ «ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ» (គខប) ឬ​ក៏ «ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា» (ពគប)—នេះ​គឺ​ជា​ការ​បក​ប្រែ​ចំៗ ហើយ​ល្អ។ «ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា»—នៅ​ពេល​ដែល​លោក​អ្នក​អាន​ឃ្លា​នេះ សូម​និយាយ​ទៅ​កាន់​ខ្លួន​ឯង៖ «ខ្ញុំ​មិន​អាច​ធ្វើ​ការ​នេះ​បាន​ឡើយ។ ខ្ញុំ​កើត​មក​ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ពុត​មាយា​ហើយ។ ខ្ញុំ​ស្រឡាញ់​ការ​ដែល​អ្នក​ដទៃ​កោត​សរសើរ​ខ្ញុំ។ ខ្ញុំ​ដឹង​ហើយ​ថា ខ្លួន​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ខ្ញុំ​តែង​តែ​ធ្វើ​ពុត​នៅ​មុខ​គេ។ ប៉ុន្តែ ខ្ញុំ​ចង់​ក្លាយ​ជា​បុគ្គល​ដែល​មាន​ការ​ស្រឡាញ់​ពិត​ប្រាកដ។ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​បុគ្គល​ដែល​ធ្វើ​ពុត ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ​ឡើយ។ ដូច្នេះ ខ្ញុំ​ត្រូវ​តែ​មិន​មើល​ខ្លួន​ឯង។ ខ្ញុំ​ត្រូវ​តែ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ​វិញ។ ព្រះ​អង្គ​បាន​ប្រសូត​មក ហើយ​សុគត ដើម្បី​ដក​ចេញ​នូវ​ពុត​មាយា​របស់​ខ្ញុំ។ ព្រះ​អង្គ​ជា​គំរូ​ដល់​ខ្ញុំ​ក្នុង​ការ​រស់​នៅ​ដ៏​ល្អ​ឥត​ខ្ចោះ ដោយ​មាន​ការ​បើក​ចំហ។ ព្រះ​អង្គ​បាន​បង្រៀន​ដល់​ខ្ញុំ ហើយ​ក៏​បាន​ប្រទាន​មក​កាន់​ខ្ញុំ​នូវ​គោល​ដៅ​ក្នុង​ការ​ព្យាយាម​ឈោង​ចាប់​ផង​ដែរ។ ហើយ​ព្រះ​អង្គ​គឺ​ជា​សេចក្ដី​ស្កប់​ចិត្ត​របស់​ខ្ញុំ ជា​អង្គ​ដែល​អត់​ទោស​បាប​ខ្ញុំ ជា​គំរូ​របស់​ខ្ញុំ និង​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ»។

នៅ​ពេល​ដែល​លោក​អ្នក​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ ការ​ស្កប់​ចិត្ត​ដែល​ទទួល​បាន​ពី​ព្រះ​អង្គ​គឺ​ជា​មូល​ដ្ឋាន និង​ឫស​គល់​ដែល​យើង​អាច​ទទួល​បាន​សេរី​ភាព ចេញ​ពី​ពុត​មាយា។ ដូច្នេះ នេះ​គឺ​ជា​ចំណុច​ទី២៖ ចូរ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ មិន​មែន​មើល​ខ្លួន​ឯង​ឡើយ។

៣. សូម​សញ្ជឹង​គិត​លើ​ផ្នែក​តូចៗ
សូម​បង្អង់​សិន ហើយ​សញ្ជឹង​គិត​លើ​ពាក្យ​ពេចន៍​ទាំង​នេះ។ ខ្ញុំ​ដឹង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​ពិបាក ពីព្រោះ​ធ្លាប់​បាន​ឮ​ថា​ឲ្យ «អាន​ព្រះ​គម្ពីរ! អាន​ព្រះ​គម្ពីរ​ទាំង​មូល។ សូម​មាន​គម្រោង​អាន​ព្រះ​គម្ពីរ។ សូម​អាន​ព្រះ​គម្ពីរ​ឲ្យ​បាន​ចប់ យ៉ាង​ហោច​ណាស់​មួយ​ដង​ក្នុង​មួយ​ឆ្នាំ។ល។» ដូច្នេះ​លោក​អ្នក​ក៏​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ដំណើរ​ការ​អាន​ព្រះ​គម្ពីរ​យឺតៗ ហើយ​ឥឡូវ​នេះ ខ្ញុំ​បែរ​ជា​កំពុង​ប្រាប់​ឲ្យ​លោក​អ្នក​បង្អង់​សិន ដោយ​សញ្ជឹង​គិត​លើ​ពាក់​កណ្ដាល​ដំបូង​នៃ ខ៩​ក្នុង​ជំពូក ទី១២។

ទំនង​លោក​អ្នក​កំពុង​តែ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច​ទៅ—តើ​ខ្ញុំ​គួរ​អាន​ព្រះ​គម្ពីរ​ទាំង​មូល ឬ​ក៏​សញ្ជឹង​គិត​លើ​ខ៩? តើ​លោក​គ្រូ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី? ចម្លើយ​គឺ​ថា៖ ធ្វើ​ទាំង​ពីរ។ ហើយ​ខ្ញុំ​មិន​ដឹង​ថា លោក​អ្នក​គួរ​ធ្វើ​បែប​ណា​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា ខ្ញុំ​ត្រូវ​តែ​អាន​ព្រះ​គម្ពីរ​ឲ្យ​លឿនៗ ហើយ​ខ្ញុំ​ក៏​ត្រូវ​តែ​អាន​យឺតៗ​ដែរ ពីព្រោះ​ប្រសិន​បើ​លោក​អ្នក​មិន​អាន​ព្រះ​គម្ពីរ​ឲ្យ​លឿនៗ ហើយ​ឲ្យ​ចប់​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​ពីរ​ឆ្នាំ នោះ​លោក​អ្នក​នឹង​មិន​អាច​ទទួល​បាន​រូប​ភាព​ធំ​ឡើយ។ លោក​អ្នក​នឹង​មិន​អាច​ទទួល​បាន​ផ្ទៃ​រឿង​ទាំង​មូល​ទេ។

នេះ​ហើយ​ជា​របៀប​ដែល​យើង​ត្រូវ​អាន​ព្រះ​គម្ពីរ៖ មើល​រូប​ភាព​ធំ។ ប្រសិន​បើ​យើង​អាន​លឿនៗ ហើយ​ចប់​លឿនៗ នោះ​យើង​នឹង​អាច​ឃើញ​រូប​ភាព​ធំៗ​បាន។ ការ​នេះ​អាច​កើត​បាន​ឡើង​មែន។ ការ​ឃើញ​រូប​ភាព​ធំ​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ​ជា​ការ​មាន​តម្លៃ​ណាស់។ ប៉ុន្តែ យើង​ក៏​ត្រូវ​តែ​ព្យាយាម​ឲ្យ​ទទួល​បាន ឬ​ក៏​យល់​រូប​ភាព​តូចៗ​ផង​ដែរ។ សូម​កុំ​ចាក​ប្រធាន​បទ។ សូម​ព្យាយាម​ឲ្យ​ទទួល​បាន​រូប​ភាព​ធំ និង​ព័ត៌មាន​លម្អិតៗ​នៃ​រូប​ភាព​នោះ។ ទាក់​ទង​នឹង​ខ៩ ពាក់​កណ្ដាល​ដំបូង​នៃ​ខ​នោះ លោក​អ្នក​គួរ​តែ​បង្អង់​សិន ហើយ​អង្គុយ​នៅ​ក្រោម​ម្លប់​នៃ​ខ​នោះ ហើយ​ព្យាយាម​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់។ នេះ​ពិត​ជា​អស្ចារ្យ​មែន៖ «ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា»។ ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​ឃ្លា​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? តើ​ខ្ញុំ​ចង់​យល់​ខ​គម្ពីរ​មួយ​នេះ​ឲ្យ​បាន​ជ្រាល​ជ្រៅ​ដែរ​ឬ​ទេ? ខ្ញុំ​ចង់។ «ឱ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អើយ! សូម​សម្លាប់​ជំងឺ​ពុត​មាយា​ក្នុង​ជីវិត​របស់​ខ្ញុំ​ចោល​ចេញ»។

លោក​អ្នក​ត្រូវ​តែ​បង្អង់​សិន។ លោក​អ្នក​ត្រូវ​តែ​សញ្ជឹង​គិត។ លោក​អ្នក​ត្រូវ​តែ​សួរ៖ «តើ​ចំណុច​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? តើ​ចំណុច​នេះ​មាន​ភាព​ស៊ី​គ្នា​នៅ​ក្នុង​ជីវិត​ខ្ញុំ​បាន​ដោយ​របៀប​ណា? តើ​ចំណុច​នេះ​មាន​ភាព​ស៊ី​គ្នា​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ព្រះ​បន្ទូល​ដោយ​របៀប​ណា?»។ ហើយ​ខណៈ​ពេល​ដែល​លោក​អ្នក​សួរ​សំណួរ​ដូចៗ​នោះ សូម​អធិស្ឋាន​ដូច​ត​ទៅ៖ «ឱ​ព្រះ​អង្គ​អើយ! សូម​នាំ​ឲ្យ​ជីវិត​ទូល​បង្គំ​មាន​ការ​ផ្លាស់​ប្រែ»។

សូម​បន្ត​អាន
សរុប​សេចក្ដី​ទៅ នោះ​គឺ​ជា​គោល​ការណ៍​បី​យ៉ាង​របស់​ខ្ញុំ ដែល​ខ្ញុំ​គិត​ថា​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៥:១៥-១៦—ពាក្យ​នៅ​ក្នុង​ខ១៥ («ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា») និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ខ១៦ «បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង»។ យើង​អាន​ព្រះ​គម្ពីរ។ យើង​អធិស្ឋាន​ទៅ​កាន់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ យើង​ក្រេប​ជញ្ជក់​អត្ថន័យ។ យើង​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ។

មូល​ហេតុ​នៃ​ការ​ដែល​យើង​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ គឺ​ជា​ចំណុច​ដ៏​សំខាន់​ណាស់ ពីព្រោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (យោង​តាម​កណ្ឌ​គម្ពីរ យ៉ូហាន ១៦:១៤) គឺ​ត្រូវ​បាន​ប្រទាន​មក ដើម្បី​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​គ្រីស្ទ។ ដូច្នេះ ប្រសិន​បើ​លោក​អ្នក​អាន​ព្រះ​គម្ពីរ​ដោយ​មាន​បំណង​ចង់​សម្រេច​ការ​នេះ​ដោយ​កម្លាំង​ខ្លួន​ឯង នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​រក្សា​គម្លាត​ពី​លោក​អ្នក​ជា​មិន​ខាន។ ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​អាន​ព្រះ​គម្ពីរ​ដោយ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​យេស៊ូវ ហើយ​ទូល​ថា៖ «ឱ​ព្រះ​យេស៊ូវ​អើយ! ទូល​បង្គំ​ចង់​ឲ្យ​គេ​កាន់​តែ​ឃើញ​ព្រះ​អង្គ​ច្រើន​ជាង​មុន។ ទូល​បង្គំ​ចង់​ឲ្យ​គេ​ឃើញ​ព្រះ​អង្គ តាម​រយៈ​ការ​ដែល​ទូល​បង្គំ​ចេះ​ស្រឡាញ់​ខ្លាំង​ជាង​មុន»។ តាម​រយៈ​ការ​អធិស្ឋាន​បែប​នេះ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ព្រះ​ចេស្ដា​របស់​ទ្រង់ ពីព្រោះ​ការ​ដែល​កាន់​តែ​ឲ្យ​អ្នក​ដទៃ​ស្គាល់​ព្រះ​យេស៊ូវ​គឺ​ជា​មូល​ហេតុ​ដែល​ទ្រង់​បាន​យាង​មក។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា និង​លោក ជួប ប៊ុនហាក់
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ជីវប្រវត្តិ​នៃ​ជីដូន​របស់​ព្រះ​យេស៊ូវ

គ្រីស្ទាន​គួរ​តែ​រៀប​ការ​ជា​មួយ​គ្រីស្ទាន ប៉ុន្តែ​ហេតុ​អ្វី?