លោកគ្រូ តើព្រះគម្ពីរបានលើកឡើងយ៉ាងដូចម្ដេច ឬក៏ថាលោកគ្រូមានយោបល់យ៉ាងដូចម្ដេច ទាក់ទងនឹងការប្រើប្រាស់ព្រះគម្ពីរ ដើម្បីស្បថថានឹងនិយាយតែការពិតនៅទីកន្លែងកាត់ក្តី? ហេតុអ្វីបានត្រូវធ្វើបែបនេះ? តើយើងគួរបន្តធ្វើដែរឬទេ? ហើយចុះអ្នកនិយាយកុហកវិញ? តើព្រឹត្តិការណ៍នេះ ការប្រើប្រាស់ព្រះគម្ពីរនឹងធ្វើឲ្យព្រះជាម្ចាស់កាន់តែដាក់ទោសអ្នកដែលនិយាយកុហកដែរឬទេ?
ជាការចាប់ផ្ដើម បើនិយាយឲ្យចំៗនិងស្មោះត្រង់ទៅ ខ្ញុំគិតថាគ្រីស្ទបរិស័ទគួរតែប្រឆាំងនឹងការស្បថស្បែបែបទម្លាប់បុរាណដូចនេះ។ ហើយទាក់ទងទៅនឹង «ទម្លាប់បុរាណដូចនេះ» ខ្ញុំមានន័យថា—នេះក៏ជាផ្នែកមួយនៃចម្លើយរបស់ខ្ញុំលើសំណួរមួយនេះអំពីអត្ថន័យរបស់វា—ដែលយកវត្ថុឱទ្បារិកណាមួយ ហើយស្បថថានឹងនិយាយតែការពិតដោយផ្អែកលើវត្ថុឱទ្បារិកនោះ ដូចជាព្រះគម្ពីរ ឈ្មោះរបស់ម្ដាយ ផ្នូររបស់ឪពុកខ្លួន ព្រះនាមព្រះជាម្ចាស់ ឬក៏ព្រះគ្រីស្ទ។ ដូចជាលើកឡើងថា៖ «ខ្ញុំស្បថដោយផ្នូររបស់ឪពុកខ្ញុំថា ខ្ញុំនឹងមិនកុហកទេ»។ ឬក៏អ្វីដែលស្រដៀងនោះ។
ក្នុងទម្លាប់បុរាណដូចនេះ ការស្បថដោយយកវត្ថុឱទ្បារិកណាមួយលើកមកនិយាយ គំនិតគឺថា ការប្ដេជ្ញារបស់លោកអ្នកទៅលើសេចក្ដីពិត ទំនងជាខ្សោយ ហើយលោកអ្នកនឹងហ៊ាននិយាយសេចក្ដីពិត ដោយមានសេចក្ដីប្រាថ្នាមិនចង់ប្រព្រឹត្តល្មើសនឹងវត្ថុឱទ្បារិកនោះ ដែលលោកអ្នកបានស្បថស្បែទៅលើ។ តើលោកអ្នកយល់ទេ? បើនិយាយម្យ៉ាងវិញទៀត សេចក្ដីសន្មត់គឺថា លោកអ្នកបានចូលទីកន្លែងកាត់ក្ដី ឬក៏ស្ថានភាពណាមួយ ដោយមិនពិតជាបានប្ដេជ្ញាថានឹងនិយាយការពិតទេ ដូច្នេះទំនងជាយើងអាចពង្រឹងការប្ដេជ្ញាចិត្តរបស់យើងក្នុងការនិយាយសេចក្ដីពិតបាន ប្រសិនបើយើងនឹកគិតទៅដល់ការនិយាយសេចក្ដីពិត ឬក៏ការកុហករបស់ខ្លួនដែលទាក់ទងទៅនឹងការប្រព្រឹត្តល្មើសលើវត្ថុឱទ្បារិកណាមួយ ដូចជាឈ្មោះរបស់ម្ដាយ ផ្នូររបស់ឪពុកខ្លួន ព្រះនាមព្រះជាម្ចាស់ ឬក៏ព្រះគម្ពីរ។
នេះគឺជាមូលហេតុដែលខ្ញុំគិតថា គេបានប្រើប្រាស់ព្រះគម្ពីរក្នុងទម្លាប់បុរាណដូចនេះនៅទីកន្លែងកាត់ក្តី ដោយសារធ្លាប់មានពេលមួយ ដែលមនុស្សទូទៅបានឲ្យតម្លៃលើភាពបរិសុទ្ធនៃព្រះគម្ពីរក្នុងវប្បធម៌ ត្រង់ថា គ្មានអ្នកណា លើកលែងតែបុគ្គលដែលមានចិត្តរឹងខ្លាំងជាងគេ ទើបនឹងចង់ប្រព្រឹត្តល្មើសដោយស្បថលើព្រះគម្ពីរ ហើយបែរជានិយាយកុហកបន្ទាប់ពីគាត់ទើបតែបានដាក់ដៃនៅលើព្រះគម្ពីរ ដែលឥឡូវនេះគាត់កំពុងតែប្រព្រឹត្តល្មើសលើ។
ហើយមូលហេតុដែលខ្ញុំចង់លើកទឹកចិត្ត កុំឲ្យគ្រីស្ទបរិស័ទមានចំណែកក្នុងការស្បថស្បែដូចនេះ គឺដោយសារអ្វីដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងកណ្ឌគម្ពីរ (ម៉ាថាយ ៥:៣៣-៣៧)៖
មួយទៀត អ្នករាល់គ្នាបានឮសេចក្ដី ដែលសម្ដែងមកដល់មនុស្សពីដើមថា «កុំឲ្យស្បថកុហកឡើយ គឺត្រូវឲ្យធ្វើសម្រេចតាមគ្រប់ទាំងសេចក្ដី ដែលស្បថនឹងព្រះអម្ចាស់» ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងជេរូហ្សាឡឹមក្តី ព្រោះជាក្រុងនៃស្ដេចធំ ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកនឹងធ្វើឲ្យសក់មួយសរសៃត្រឡប់ទៅជាសឬជាខ្មៅពុំបានទេ ត្រូវឲ្យចេញសម្ដីថាតែមែនៗ ឬទេៗ ប៉ុណ្ណោះ សេចក្ដីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ។
ហើយបន្ទាប់មក លោក យ៉ាកុប ក៏បានបន្តលើកឡើងថា «តែបងប្អូនអើយ»—ដែលជាប្រយោគដ៏គួរឲ្យចាប់អារម្មណ៍—«កុំឲ្យស្បថជាដើម ទោះបើនឹងស្ថានសួគ៌ ឬនឹងផែនដីក្តី ក៏កុំឲ្យស្បថយ៉ាងណាឲ្យសោះ តែឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា បាននៅតែ «បាទ» ហើយពាក្យ «ទេ» នៅតែ «ទេ» ដដែល ក្រែងអ្នករាល់គ្នាធ្លាក់ទៅជាមានទោស» (យ៉ាកុប ៥:១២)។
យើងដឹងហើយថា នៅពេលដែលមានការលើកឡើងខគម្ពីរដូចៗនេះ នោះជាទូទៅនឹងមានគេលើកឡើងខគម្ពីរផ្សេងដូចជា៖ នៅក្នុងកណ្ឌគម្ពីរ (ហេព្រើរ ៦:១៣-១៨) យើងឃើញថាព្រះជាម្ចាស់ផ្ទាល់បានស្បថ។ ហើយពួកទេវតាក៏បានស្បថដែរ (វិវរណៈ ១០:៥-៧)។ ហើយយ៉ាងហោចណាស់សាវ័ក ប៉ុល ក៏បានលើកឡើង៥ដងទាក់ទងទៅនឹងភាពម៉ត់ចត់របស់គាត់ក្នុងការនិយាយសេចក្ដីពិត ដោយលើកឡើងថាគាត់និយាយនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ឬក៏ព្រះគ្រីស្ទ។ (សូមមើលឧទាហរណ៍នៅក្នុងកណ្ឌគម្ពីរ រ៉ូម ៩:១-២)។
ការឆ្លើយតបរបស់ខ្ញុំចំពោះការលើកឡើងដូច្នោះគឺថា៖ ពិតណាស់! នោះសំខាន់ ហើយយើងក៏ត្រូវពិចារណាដែរ ប៉ុន្តែក្នុងចំណោមឧទាហរណ៍ទាំងនោះ តាមដែលខ្ញុំយល់ វាមិនបានរំលាយចោលភាពធ្ងន់ធ្ងរ ឬក៏ការអនុវត្តព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងកណ្ឌគម្ពីរ (ម៉ាថាយ ៥:៣៣-៣៧) ឬក៏កណ្ឌគម្ពីរ (យ៉ាកុប ៥:១២) ទេ។ អ្វីដែលព្រះយេស៊ូវកំពុងតែផ្ដោតលើគឺថា ឲ្យរាស្ត្ររបស់ទ្រង់មានការប្ដេជ្ញាចិត្តទាំងស្រុងក្នុងការនិយាយការពិត ដល់ថ្នាក់ថា ពួកគាត់មិនចាំបាច់ស្បថលើអ្វីមួយ ដើម្បីយកមកធ្វើជាមូលដ្ឋានសម្រាប់ពាក្យពេចន៍របស់ខ្លួនទេ ដូចជាការខ្លាចប្រព្រឹត្តល្មើសលើវត្ថុឱទ្បារិក ឬក៏អ្វីផ្សេងទៀត។ តាមពិតទៅ ព្រះយេស៊ូវបានមានបន្ទូលថា ប្រសិនបើលោកអ្នកបន្ថែមលើ «បាទ/ចាស» ឬក៏ «ទេ» នោះវាទំនងជាកំពុងកើតចេញពីប្រភពនៃការអាក្រក់ហើយ។
ទាក់ទងនឹងការអនុវត្ត នេះគឺជាអ្វីដែលខ្ញុំគិតថាខ្ញុំនឹងធ្វើ៖ ខ្ញុំមិនដែលធ្វើជាសាក្សីនៅទីកន្លែងកាត់ក្តីទេ (មិនទាន់ធ្លាប់មានឱកាស) ប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំគិតថាខ្ញុំនឹងធ្វើ ប្រសិនបើមានមេធាវីមកកោះហៅខ្ញុំ ឬក៏ឲ្យខ្ញុំស្បថ ដូចជាគេថានៅទីកន្លែងកាត់ក្តី ដើម្បីធ្វើជាសាក្សី។ ទំនងគេនឹងយកព្រះគម្ពីរមកបង្ហាញខ្ញុំ ហើយនិយាយថា «សូមលាដៃលើ»។ សព្វថ្ងៃនេះ ខ្ញុំមិនដឹងថា ទីកន្លែងកាត់ក្តីគេធ្វើយ៉ាងដូចម្តេចទេ។ ប៉ុន្តែ ប្រសិនបើគេយកព្រះគម្ពីរមកបង្ហាញខ្ញុំ ហើយសូមឲ្យខ្ញុំដាក់ដៃលើព្រះគម្ពីរ ហើយឲ្យស្បថថាខ្ញុំនឹងនិយាយការពិត គឺការពិតទាំងស្រុងគ្មានអ្វីផ្សេងទៀតក្រៅពីការពិត នោះខ្ញុំនឹងឆ្លើយតបវិញដូចនេះថា៖
«លោកចៅអធិការ ការប្ដេជ្ញាចិត្តរបស់ខ្ញុំចំពោះសេចក្ដីពិត និងចំពោះព្រះអង្គនៃសេចក្ដីសង្គ្រោះ គឺព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ នាំឲ្យខ្ញុំជឿថា ការធ្វើបែបនេះនឹងមិនផ្ដល់កិត្តិយសដល់ការប្ដេជ្ញាចិត្តរបស់ខ្ញុំ លើព្រះអម្ចាស់ទេ ប្រសិនបើខ្ញុំចាំបាច់ត្រូវដាក់ដៃលើសៀវភៅបរិសុទ្ធនេះ ដើម្បីធានាថាខ្ញុំនឹងនិយាយតែការពិត។ ខ្ញុំបានប្ដេជ្ញាចិត្តទាំងស្រុងក្នុងការនិយាយតែការពិត និងប្ដេជ្ញាទាំងស្រុងចំពោះព្រះអម្ចាស់នៃសេចក្ដីពិតហើយ។ ដូច្នេះ ខ្ញុំសូមស្នើសុំកុំឲ្យខ្ញុំចាំបាច់ស្បថដូច្នេះ ហើយខ្ញុំសូមសន្យាដោយពឹងលើការជួយពីព្រះអម្ចាស់ព្រះយេស៊ូវថា ខ្ញុំនឹងនិយាយការពិត គឺការពិតទាំងស្រុង គ្មានអ្វីផ្សេងទៀតក្រៅពីការពិត»។ ហើយខ្ញុំគិតថា ទីកន្លែងកាត់ក្តីនោះនឹងឲ្យតម្លៃលើសេចក្ដីសន្យានេះ។ ខ្ញុំគិតថា ពួកគាត់នឹងអនុញ្ញាតឲ្យលោកអ្នកនិយាយតាមរបៀបរបស់លោកអ្នក។ ហើយនេះក៏ជាឱកាសសម្រាប់ការធ្វើទីបន្ទាល់ដែរ ហើយខ្ញុំក៏នឹងប្រើប្រាស់ឱកាសនោះ ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះគុណរបស់ទ្រង់មកកាន់ខ្ញុំ។
សរុបសេចក្ដីទៅ គោលបំណងនៃសកម្មភាពដ៏តូចនោះ នៅកន្លែងកាត់ក្តី គឺដើម្បីតម្កើងព្រះនាមព្រះយេស៊ូវថាជាព្រះអង្គនៃសេចក្ដីពិត និងដើម្បីបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្ញុំថា ជាបុគ្គលដែលនិយាយសេចក្ដីពិត ដោយមិនចាំបាច់មានការគំរាមថា ភាពមិនទៀងត្រង់របស់ខ្ញុំ នឹងនាំមកនូវផលកម្មអាក្រក់ៗផ្សេងទៀត ដោយសារខ្ញុំបានដាក់ដៃខ្ញុំលើព្រះគម្ពីរនោះឡើយ។
មតិយោបល់
Loading…