in ,

សាសនា​ណា​ក៏​ដូច​គ្នា?

យើង​ធ្លាប់​លឺ​គេ​និយាយ​ថា សាសនា​ទាំង​អស់​សុទ្ធតែ​មាន​គោលបំណង​ដូចៗ​គ្នា ពោល​គឺ​ដើម្បី​អប់រំ ទូន្មាន ប្រៀន​ប្រដៅ​មនុស្ស​អោយ​ខិតខំ​ប្រព្រឹត្តិ​អំពើ​ល្អ​។ ក្នុង​ន័យ​នេះ​គេ​គិតថា គ្រីស្ទ​សាសនា​ក៏​មិន​ខុស​អី​ពី​សាសនា​ទាំង​អស់​លើ​ពិភពលោក​ផង​ដែរ​។ តើ​គ្រីស្ទបរិស័ទ​គួរ​ឆ្លើយតប​យ៉ាងណា​ចំពោះ​ទស្សនៈ​មួយ​នេះ?

ប្រាកដ​ណាស់ បើ​យើង​ក្រឡេក​មើល​ព្រះ​គម្ពីរ​បរិសុទ្ធ នោះ​យើង​នឹង​ឃើញ​ថា​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​បង្គាប់​អោយ​គ្រីស្ទបរិស័ទ​ប្រព្រឹត្តិ​ល្អ។ តួយ៉ាង “ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​ត្រូវ ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន នោះ​ជា​បញ្ញត្តិ​មុន​ដំបូង” (អេភេសូរ ៦:១-២)។ “ត្រូវ​អោយ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួនឯង” (ម៉ាថាយ ២២:៣៩)។ “កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ” (ហេព្រើរ ១៣:១៦)។ល។

បើ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ ព្រះ​គម្ពីរ​បរិសុទ្ធ​បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ថា “គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ” (រ៉ូម ៣:២៣)។ មនុស្ស​ទាំង​អស់​មាន​បាប។ មនុស្ស​មិន​អាច​ប្រព្រឹត្តិ​ល្អ​ឥត​ខ្ចោះ​ទាំង​កាយ វាចា ចិត្ត​ឡើយ។ ឧទាហរណ៍ លោក​ប៉ុល​បាន​និយាយ​អំពី​ខ្លួន​គាត់​ថា “ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជា​និច្ច ប៉ុន្តែ​រក​ធ្វើ​មិន​កើត​សោះ ខ្ញុំ​មិន​ប្រព្រឹត្តិ​ការ​ល្អ​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​ការ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​បែរជា​ខ្ញុំ​ធ្វើ​វិញ” (រ៉ូម ៧:១៨-១៩)។ យើង​ទាំង​អស់​គ្នា​មាន​បទ​ពិសោធន៍​ជា​មួយ​នឹង​ការ​នេះ ដូច​ជា​លោក​ប៉ុល​ផង​ដែរ។ ពេល​ខ្លះ យើង​ដឹងពី​អ្វី​ដែល​ល្អ​និង​ត្រឹម​ត្រូវ ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​តាម ឬ​យើង​មិន​ព្រម​ធ្វើ​តាម​តែ​ម្តង។ ជាក់​ស្តែង យើង​ដឹង​ថា​ការ​លួច​មិន​ល្អ វា​ជា​អំពើបាប។ ប៉ុន្តែ តើ​មាន​ប៉ុន្មាន​នាក់​ដែល​មិន​ធ្លាប់​លួច​សោះ? ដូច​គ្នា​នេះ​ដែរ ចំពោះ​ការ​ស្អប់ ការ​គុំគួន កំហឹង ការ​ជេរ​ប្រទេច ការ​ប្រើ​ពាក្យ​អសុរោះ ការ​ប្រមាថ​មើលងាយ ការ​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្នក​ដ៏ទៃ និង​ភាព​អាត្មា​និយម ។ល។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​បាន​ប្រព្រឹត្តិ​ការ​អាក្រក់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ដោយ​បើក​ចំហ ឬ​ដោយ​លាក់​កំបាំង។

ក្នុង​ន័យ​នេះ​ផង​ដែរ គ្រីស្ទបរិស័ទ​មិន​មែន​ប្រព្រឹត្តិ​ល្អ​ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ​ឡើយ។ ការ​នេះ​ខុស​ពី​សេចក្តី​បង្រៀន​របស់​សាសនា​ដ៏ទៃ​ផ្សេង​ទៀត។ សេចក្តី​សង្គ្រោះ​មិន​មែន​អាស្រ័យ​លើ​ការ​ប្រព្រឹត្តិ​ល្អ​ទេ ប៉ុន្តែ វា​មកពី​ព្រះ​ជាម្ចាស់។ ព្រះគម្ពីរ​បរិសុទ្ធ​បាន​អះ​អាង​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​អោយ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​អោយ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ” (យ៉ូហាន ៣:១៦)។ “ដ្បិត​គឺ​ដោយ​ព្រះ​គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន” (អេភេសូរ ២:៨-៩)។ ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះរាជបុត្រា​តែមួយ​អង្គ​គត់​របស់​ព្រះជាម្ចាស់ (លូកា ១:៣៥; ម៉ាកុស ៣:១១; ម៉ាថាយ ១៤:៣៣)។ ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ជា​ផ្លូវ​តែមួយគត់​សម្រាប់​សេចក្តី​សង្គ្រោះ (យ៉ូហាន ១៤:៦; កិច្ចការ ៤:១២)។ នេះ​គឺ​ជា​ដំណឹង​ល្អ ព្រោះ​បើ​ផ្អែក​លើ​សេចក្តី​ខាង​លើ មនុស្ស​មិន​អាច​ប្រព្រឹត្តិ​ល្អ​ឥត​ខ្ចោះ​សម​នឹង​ទទួល​បាន​សេចក្តី​សង្គ្រោះ​ឡើយ។

បើ​ដូច្នោះ តើ​គ្រីស្ទបរិស័ទ​ចាំបាច់​ត្រូវ​ប្រព្រឹត្តិ​ល្អ​ដើម្បី​អ្វី? សេចក្តី​មួយ​នៅ​ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ុល បាន​លើក​ឡើង​ចំពោះ​គ្រីស្ទបរិស័ទ​ថា “យើង​រាល់​គ្នា​ជា​ស្នាដៃ​ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន​អោយ​យើង​រាល់​គ្នា​ប្រព្រឹត្តិ​តាម” (អេភេសូរ ២:១០)។ គ្រីស្ទ​បរិស័ទ​ប្រព្រឹត្តិ​ល្អ ព្រោះ​វា​គឺ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ដែល​ពួក​គេ​កំពុង​តែ​ថ្វាយ​បង្គំ។ ព្រះ​ជាម្ចាស់ គឺជា​ព្រះ​ដ៏​ល្អ។ ព្រះ​អង្គ​គឺ​ជា​គំរូ​នៃ​សេចក្តី​ល្អ។ ទន្ទឹម​នឹង​នេះ​ដែរ ព្រះ​អង្គ​បណ្តាល​ចិត្ត​អោយ​គ្រីស្ទ​បរិស័ទ​ចង់​ធ្វើ​ល្អ ព្រម​ទាំង​ជួយ​គេ​អោយ​អាច​ប្រព្រឹត្តិ​ល្អ​បាន​ជាទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់​ផង​ដែរ (ភីលីព ២:១២-១៣)។

ជា​ចុង​ក្រោយ គ្រីស្ទ​បរិស័ទ​មិន​មែន​ប្រព្រឹត្តិ​ល្អ​ដើម្បី​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​ដើម្បី​ជា​ពន្លឺ​លោកិយ និង​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់។ ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូល​ដោយ​ផ្ទាល់​ថា “ចូរ​អោយ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​អោយ​គេ​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តិ រួច​សរសើរ​តម្កើង​ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌” (ម៉ាថាយ ៥:១៦)។

សរុប​សេចក្តី​មក ព្រះ​ជាម្ចាស់​សព្វ​ព្រះហឫទ័យ​អោយ​មនុស្ស​ប្រព្រឹត្តិ​ល្អ ក៏​ប៉ុន្តែ​ក្នុង​នាម​ជា​មនុស្ស​បាប យើង​មិន​អាច​ប្រព្រឹត្តិ​ល្អ​គ្រប់​គ្រាន់​ដោយ​ពឹង​ផ្អែកលើ​ខ្លួន​ឯង​ឡើយ។ យើង​ត្រូវ​ការ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​សម្រេច​ការ​នេះ។ មួយ​ទៀត គ្រីស្ទ​បរិស័ទ​មិន​មែន​ប្រព្រឹត្តិ​ល្អ​ក្នុង​គោលបំណង​រំដោះ​ខ្លួន​រួច​ផុត​ពី​អំពើបាប និង​ដើម្បី​ទទួល​បាន​សេចក្តី​សង្គ្រោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ បន្ទាប់​ពី​ទទួល​បាន​សេចក្តី​សង្គ្រោះ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​គ្រីស្ទ​បរិស័ទ​ប្រព្រឹត្តិ​ល្អ​ដើម្បី​ជា​ពន្លឺ​លោកិយ សម្រាប់​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​ស្រប​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់។

និពន្ធដោយ៖ លោក ញឹមវ៉ាន់ សុខណាល់
កែសម្រួលដោយ៖ ក្រុមការងារ ផ្លូវពិត
ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ ការ​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ចេះ​បម្រើ

ចំពោះ​លោក​អ្នក តើ​ព្រះ​យេស៊ូវ​ជា​នរណា?