ក្នុងជីវិតនេះ គ្រីស្ទបរិស័ទតយុទ្ធជាមួយនឹងអំពើបាប ពីព្រោះយើងនៅតែជាមនុស្សមានបាប។ វត្តមាននៃអំពើបាបនៅក្នុងយើងនឹងមិនត្រូវបានដកចេញរហូតដល់ថ្ងៃដ៏រុងរឿង នៅពេលដែលយើងឃើញព្រះយេស៊ូវមុខទល់នឹងមុខ។ ថ្ងៃនោះនឹងពិតជាអស្ចារ្យណាស់! ប៉ុន្តែ រហូតដល់ថ្ងៃនោះ យើងបន្តតយុទ្ធជាមួយនឹងអំពើបាប ហើយយើងអាចមានបទពិសោធន៍នៃការធានាបាន ខណៈពេលដែលយើងនៅកំពុងតែធ្វើសង្គ្រាម។ ប៉ុន្តែ យើងក៏ជឿផងដែរថា នៅមានទម្រង់នៃការធ្វើបាបស្ម័គ្រពីចិត្ត ដែលបង្ហាញជាភស្តុតាងថាដួងចិត្តរបស់បុគ្គលណាម្នាក់មិនទាន់បានទទួលសេចក្ដីសង្គ្រោះនៅឡើយ។
«ជម្រាបសួរលោកគ្រូ! សំណួររបស់ខ្ញុំទាក់ទងគ្នាជាមួយនឹងខគម្ពីរពិបាកៗ ជាពិសេសនៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ១០:២៦-២៩។ មើលទៅ ហាក់បីដូចជាថាអ្នកនិពន្ធកំពុងតែលើកឡើងថា យើងមានសមត្ថភាពក្នុងការបាត់បង់សេចក្ដីសង្គ្រោះ តាមរយៈការធ្វើបាបស្ម័គ្រពីចិត្ត ដូចដែលគេបានហៅនោះ។ សំណួររបស់ខ្ញុំគឺថា តើអ្វីទៅជាចំណុចផ្ទុយគ្នាពី «[ការ] ធ្វើបាបស្ម័គ្រពីចិត្ត»? តើនេះសំដៅលើអំពើបាបដែលយើងប្រព្រឹត្តដោយចៃដន្យ? ឬក៏អ្វីផ្សេងទៀត? ចំពោះខ្ញុំ មើលទៅហាក់បីដូចជាថា ដោយសារវត្តមាននៃការដែលព្រះវិញ្ញាណកាត់ឲ្យយើងជាប់ទោស គ្រប់អំពើបាបទាំងអស់ដែលអ្នកជឿគឺសុទ្ធតែបានប្រព្រឹត្តឡើងដោយការស្ម័គ្រពីចិត្ត។ តើមានចំណុចណាមួយដែលខ្ញុំមិនឃើញនៅក្នុងខគម្ពីរទាំងនេះមែនឬ?
អ្នកសួរបានសួរយ៉ាងត្រឹមត្រូវមែន។ ជារឿយៗកណ្ឌគម្ពីរ ហេព្រើរ ជំពូក១០ និងជំពូក៦ ហាក់បីដូចជាបង្ហាញដល់អ្នកអានថា គាត់មានសេចក្ដីសង្គ្រោះយ៉ាងពេញទី ហើយបន្ទាប់មកក៏បានបាត់បង់សេចក្ដីសង្គ្រោះនោះវិញ។ មើលទៅ ហាក់បីដូចជាថា ខគម្ពីរទាំងនោះក៏កំពុងតែបង្រៀនដូច្នេះដែរ ប៉ុន្តែយើងដឹងថាមានតម្រុយដែលអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានលើកឡើងថា នោះមិនមែនជាអ្វីដែលគាត់កំពុងតែបង្រៀននោះទេ។ សំណួរនេះមានពីរចំណុច៖
១. តើខគម្ពីរទាំងនេះបង្រៀនថា យើងអាចបាត់បង់សេចក្ដីសង្គ្រោះរបស់យើងមែនឬ?
២. តើកណ្ឌគម្ពីរ ហេព្រើរ ១០:២៦ មានន័យយ៉ាងដូចម្ដេចទាក់ទងទៅនឹង «[ការ] ធ្វើបាបស្ម័គ្រពីចិត្ត» ដោយសារក្នុងអត្ថន័យមួយ រាល់អំពើបាបទាំងអស់គឺជាការស្ម័គ្រចិត្តប្រព្រឹត្តដោយចេតនា?
ការស្ម័គ្រចិត្តពីរយ៉ាង
ខគម្ពីរដែលគាត់កំពុងតែសួរគឺ៖ «ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្ដីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណាសម្រាប់នឹងលោះបាបទៀតទេ» (ហេព្រើរ ១០:២៦)។ បើនិយាយម្យ៉ាងវិញទៀត យើងមិនអាចទទួលសេចក្ដីសង្គ្រោះបានទេ។
ខ្ញុំមានការសង្កេតពីរយ៉ាងដែលសំខាន់លើឃ្លា «ធ្វើបាបស្ម័គ្រពីចិត្តទៀត»។
ទី១ ពាក្យ «ស្ម័គ្រពីចិត្ត» គឺជាការបកប្រែពីពាក្យ «ហេខូសីអូស៍» (hekousiōs) ក្នុងភាសាក្រិក។ ទី២ កណ្ឌគម្ពីរ ១ពេត្រុស ៥:២ ក៏បានប្រើប្រាស់ពាក្យនេះដែរ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រងដោយស្ម័គ្រពីចិត្ត [«ហេខូសីអូស៍»] មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកម្រៃដែរ គឺដោយគាប់ចិត្តវិញ»។ ខគម្ពីរទាំងពីរនេះបានប្រើប្រាស់ពាក្យដូចគ្នា។
ការប្រើប្រាស់ពាក្យ «ស្ម័គ្រពីចិត្ត» បង្ហាញថាមានការស្ម័គ្រចិត្តពីរយ៉ាង។ ទី១ អត្ថន័យមួយគឺកើតចេញពីការប្រាថ្នាចង់ធ្វើយ៉ាងអស់ពីចិត្ត ទី២ ហើយមួយទៀតគឺកើតចេញពីការបង្ខំ។
ក្នុងករណីទាំងពីរ យើងអាចវែកញែកថា ពួកចាស់ទុំកំពុងតែប្រើប្រាស់ឆន្ទៈរបស់ខ្លួនក្នុងការឃ្វាលហ្វូងចៀមរបស់ព្រះ។ ក្នុងករណីមួយគឺថា ពួកគាត់កំពុងតែធ្វើដោយមានការសប្បាយចិត្ត។ វាគឺជាទង្វើនៃការប្រព្រឹត្តដែលកើតចេញពីចិត្តទាំងស្រុង។ គឺជាការធ្វើដោយរីករាយ និងពេញដោយកម្លាំង។ ក្នុងករណីមួយទៀត គឺធ្វើដោយមិនចង់ធ្វើ គឺជាទង្វើដែលប្រព្រឹត្តឡើងដោយមានការប្រឆាំងនឹងផ្នែកដ៏ធំមួយនៃឆន្ទៈ ពីព្រោះគាត់ចង់ធ្វើអ្វីផ្សេងទៀត ក្រៅពីការនោះ។ ពួកគាត់មិនចង់ឃ្វាលហ្វូងចៀមរបស់ព្រះទេ ប៉ុន្តែដោយសារចង់បានលុយ បានភាពល្បីល្បាញ ឬក៏ចង់គេចចេញពីអារម្មណ៍ដែលមានពិរុទ្ធភាព ដូច្នេះពួកគាត់ក៏ខំបម្រើ និងឃ្វាលហ្វូងចៀមរបស់ព្រះ។
អំពើបាបដែលបំផ្លាញ
នេះគឺជាការកែតម្រង់លើការសន្មតរបស់អ្នកសួរថា រាល់គ្រប់អំពើបាបគឺជាការប្រព្រឹត្តឡើងដោយមានការស្ម័គ្រចិត្ត ស្មើៗគ្នា—ឬក៏ថា គ្រប់ទង្វើរបស់មនុស្សគឺជាការប្រព្រឹត្តឡើងដោយមានការស្ម័គ្រចិត្ត ស្មើៗគ្នា—ដោយសារគ្រប់ទង្វើ ដែលមានរួមទាំងការប្រព្រឹត្តអំពើបាប គឺសុទ្ធតែជាទង្វើដែលកើតចេញពីឆន្ទៈនៃការប្រព្រឹត្តិដោយស្ម័គ្រពីចិត្ត។ នេះគឺជាការពិតមែន។ ទាំងនោះគឺសុទ្ធតែជាទង្វើនៃការប្រព្រឹត្តិដោយចេតនា។ យើងបានជ្រើសរើសប្រព្រឹត្តទង្វើទាំងនោះ។
កណ្ឌគម្ពីរ ហេព្រើរ ១០:២៦ កំពុងតែលើកឡើងអ្វីផ្សេងទៀតដែលលើសពីអំពើបាបដែលបំផ្លាញព្រលឹងចោលថាជាទង្វើនៃការប្រព្រឹត្តឡើងដោយមានឆន្ទៈ។ ពិតណាស់ វាដូច្នោះមែន ប៉ុន្តែវាក៏លើសនោះផងដែរ។ គ្រប់អំពើបាបគឺជាទង្វើនៃការប្រព្រឹត្តដោយមានឆន្ទៈ ប៉ុន្តែមិនមែនថារាល់អំពើបាបបំផ្លាញយើងនោះទេ។ វាពាក់ព័ន្ធទៅនឹងការធ្វើដោយចេតនា ការមានសេចក្ដីប៉ងប្រាថ្នាចង់ធ្វើ ដោយកើតចេញពីចិត្តទាំងស្រុង ទាក់ទងទៅនឹងទង្វើនៃការប្រព្រឹត្តដោយមានការស្ម័គ្រចិត្ត។ គឺជាទង្វើដែលបង្ហាញថា បុគ្គលនោះពិតជាមិនមានអត្តសញ្ញាណថ្មីខាងឯវិញ្ញាណនៅក្នុងគាត់ទេ ដែលអត្តសញ្ញាណនោះរាំង ឬក៏ទប់ឆន្ទៈប្រព្រឹត្តរបស់គាត់ យ៉ាងហោចណាស់ក្នុងកម្រិតណាមួយ។
ទម្លាប់នៃការប្រព្រឹត្តអំពើបាប
នេះគឺជាចំណុចទី២ក្នុងការសម្គាល់លើឃ្លា «[ការ] ធ្វើបាបស្ម័គ្រពីចិត្ត» [ឬក៏ការជ្រើសរើសធ្វើបាបដោយចេតនា ឬក៏មានចិត្តប្រាថ្នាចង់ធ្វើ]។ ឃ្លា «ធ្វើបាបស្ម័គ្រពីចិត្តទៀត» (ឬក៏ «នៅតែប្រព្រឹត្តបាបដោយចេតនាទៀត» បកប្រែដោយព្រះគម្ពីរគ្រីស្ទបរិស័ទខ្មែរ) គឺជាការបកប្រែដែលល្អមួយក្នុងកាលសព្ទក្នុងភាសាក្រិក សម្រាប់កិរិយាសព្ទនៃពាក្យ «ប្រព្រឹត្តបាប»។
បើនិយាយម្យ៉ាងវិញទៀត នេះមិនមែនសំដៅទៅលើការប្រព្រឹត្តតែម្ដងនោះទេ ហើយក៏មិនមែនសំដៅទៅលើការប្រព្រឹត្តម្ដងម្កាលនោះដែរ ឬមួយតែជានិច្ចជាកាល។ ប៉ុន្តែ គឺសំដៅទៅលើការប្រព្រឹត្តម្តងហើយម្ដងទៀត បែបជាទម្លាប់វិញ។ នេះសំដៅទៅលើការមានចិត្តចង់ប្រព្រឹត្តអំពើបាបម្ដងហើយម្ដងទៀតឥតឈប់ឈរ។ អ្វីដែលបំផ្លាញព្រលឹងវិញ្ញាណ អ្វីដែលនាំឲ្យព្រលឹងនោះលែងអាចទទួលការអត់ទោសនៅក្នុងខ២៦ គឺមិនមែនអំពើបាបផ្ទាល់នោះទេ ប៉ុន្តែគឺការមានចិត្តប្រាថ្នាចង់ធ្វើ ដោយមានចេតនា ការមានឆន្ទៈ ដែលមានការបន្ត និងលំនាំនៃទម្លាប់នៃការធ្វើបាបម្ដងហើយម្ដងទៀត។
យើងអាចឃើញអំពីចំណុចធ្ងន់ធ្ងរនេះ តាមរយៈការមើលខមុន និងខបន្ទាប់ពីខ២៦។ ខ២៦ចាប់ផ្ដើមដោយប្រើពាក្យ «ដ្បិត» ដែលនេះបង្ហាញអំពីប្រភេទនៃអំពើបាបដែលខនេះសំដៅលើក្នុងខមុន—ដែលនេះសំដៅចំៗទៅលើអំពើបាបនៃការលែងប្រជុំគ្នា បែបជាការប្រកបជាមួយនឹងគ្រីស្ទបរិស័ទ និងការបដិសេធការកំឡាចិត្តគ្នាទៅវិញទៅមក។ បើនិយាយម្យ៉ាងវិញទៀត បុគ្គលនេះកំពុងតែដើរចេញពីព្រះគ្រីស្ទ និងក្រុមជំនុំ។
បន្ទាប់មក ប្រសិនបើលោកអ្នកមើលក្រោយខ២៦ ជាពិសេសខ២៩ នោះលោកអ្នកនឹងឃើញថាទម្លាប់នៃអំពើបាបគឺធ្ងន់ធ្ងរណាស់ ហើយក៏ជាអ្វីដែលប្រព្រឹត្តឡើងម្ដងហើយម្ដងទៀត ដែលអ្នកនិពន្ធបានហៅថាជាការ «ជាន់ឈ្លីព្រះរាជបុត្រានៃព្រះ ទាំងរាប់ព្រះលោហិតនៃសេចក្ដីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ…ហើយត្មះតិះដៀលដល់ព្រះវិញ្ញាណដ៏មានព្រះគុណផងនោះ» (ហេព្រើរ ១០:២៩)។
ត្រង់នេះ មើលទៅហាក់បីដូចជាថា យើងអាចបាត់បង់សេចក្ដីសង្គ្រោះរបស់យើងបាន ដោយសារប្រយោគ «ដែលបានញែកគេចេញជាបរិសុទ្ធ»។ តាមរយៈការបន្តប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្ត ដោយចេតនា និងជាលំនាំ នោះលោកអ្នកអាចមិនគោរពព្រះលោហិតនៃសេចក្ដីតាំងសញ្ញា ដែលបានញែកលោកអ្នកជាបរិសុទ្ធជាមិនខាន។ ដែលស្តាប់ទៅហាក់បីដូចជាថា «គាត់បានទទួលសេចក្ដីសង្គ្រោះមែន ប៉ុន្តែឥឡូវគាត់មិនអាចនៅបន្តទទួលបានការអត់ទោសបានទៀតទេ។ ដូច្នេះ លោកអ្នកអាចបាត់បង់សេចក្ដីសង្គ្រោះបាន»។
មានខគម្ពីរពីរនៅក្នុងកណ្ឌគម្ពីរហេព្រើរដែលជួយកុំឲ្យខ្ញុំគិតដូចនោះ។
បាត់ហើយរកឃើញវិញ
មានខគម្ពីរពីរដែលជួយកុំឲ្យខ្ញុំគិតថា ការលើកឡើងរបស់គាត់ទាក់ទងទៅនឹងស្ថានភាពនៃការញែកជាបរិសុទ្ធចំពោះបុគ្គលដែលបានបាត់បង់មានន័យថា យើងអាចមានបទពិសោធន៍យ៉ាងពេញទី ក្នុងការទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រីស្ទ ហើយបន្ទាប់មកអាចបាត់បង់ការសង្គ្រោះនោះទៅវិញបាន។ នេះគឺជាខគម្ពីរទាំងពីរនោះ៖ ហេព្រើរ ១០:១៤ និងហេព្រើរ ៣:១៤។
កណ្ឌគម្ពីរ ហេព្រើរ ១០:១៤ មានចែងដូចតទៅ៖ «ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារតង្វាយតែ១នោះ»។ តើលោកអ្នកគិតយ៉ាងដូចម្ដេច? ឃ្លា «ដោយសារដង្វាយតែ១»—នេះសំដៅទៅលើដង្វាយរបស់ព្រះគ្រីស្ទ—ព្រះជាម្ចាស់បានធ្វើឲ្យអស់អ្នកដែលទ្រង់បានញែកជាបរិសុទ្ធឲ្យបានគ្រប់លក្ខណ៍អស់កល្បជានិច្ច។ បើនិយាយម្យ៉ាងវិញទៀត មានប្រភេទនៃការញែកជាបរិសុទ្ធដែលធានាយ៉ាងពេញលេញថា យើងនឹងទទួលបានការគ្រប់លក្ខណ៍អស់កល្បជានិច្ច។ មួយវិញទៀត គ្មានបុគ្គលណាអាចបាត់បង់សេចក្ដីសង្គ្រោះបានទេ ប្រសិនបើគាត់ធ្លាប់មានបទពិសោធន៍នៃការញែកជាបរិសុទ្ធប្រភេទនេះ។
នេះគឺជាខគម្ពីរទី២៖ ហេព្រើរ ៣:១៤៖ «ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ»។ សូមសម្គាល់ត្រង់ថា ខគម្ពីរនេះមិនបានលើកឡើងថា យើងមានចំណែកក្នុងព្រះគ្រីស្ទ ប្រសិនបើយើងកាន់ភ្ជាប់រហូតដល់ទីបញ្ចប់។ ប៉ុន្តែ ខគម្ពីរនេះបានលើកឡើងថា «បើយើងរាល់គ្នាកាន់ខ្ជាប់…ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ» ដែលនេះមានន័យថា ប្រសិនបើយើងមិនបានកាន់ភ្ជាប់ ដូចជាបុគ្គលនៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ១០:២៦ នោះមានន័យថា យើងមិនដែលធ្លាប់មានចំណែកជាមួយនឹងព្រះគ្រីស្ទទេ។ នេះគឺជាការបង្រៀនដ៏ច្បាស់លាស់ចេញពីកណ្ឌគម្ពីរ ហេព្រើរ ៣:១៤។
យើងមិនបានបាត់បង់ចំណែករបស់យើងក្នុងព្រះគ្រីស្ទទេ។ ផ្ទុយទៅវិញ យើងមិនដែលធ្លាប់ទាំងមានចំណែកនោះផង។
ការរូបរួមជាមួយនឹងព្រះគ្រីស្ទ
សេចក្ដីសន្និដ្ឋានរបស់ខ្ញុំគឺថា៖ បទពិសោធន៍នៃការទទួលបានការញែកជាបរិសុទ្ធដែលកណ្ឌគម្ពីរ ហេព្រើរ ១០:២៦ និង១០:២៩ បានលើកឡើងសំដៅទៅលើបុគ្គលដែលបានបាត់បង់ គឺជាខ្នាតរង្វាស់នៃការជះឥទ្ធិពលពីព្រះជាម្ចាស់លើសីលធម៌ ទាក់ទងនឹងការបំផ្លាស់បំប្រែរបស់ទ្រង់លើជីវិតបុគ្គលនោះ ដែលមានចំណែកយ៉ាងខ្លាំងនៅក្នុងក្រុមជំនុំ ដោយប្រកាសផ្នែកណាមួយនៃជំនឿ មានចំណាប់អារម្មណ៍ជាច្រើនលើអ្វីដែលទាក់ទងទៅនឹងជំនឿគ្រីស្ទបរិស័ទ និងអ្នកជឿផ្សេងៗ។ ប៉ុន្តែ គាត់មិនធ្លាប់បានជឿលើព្រះគ្រីស្ទ ក្នុងរបៀបដែលនាំឲ្យគាត់មានការរួបរួមជាមួយនឹងទ្រង់ទេ—គឺការមានចំណែកក្នុងទ្រង់ និងជីវិតអស់កល្ប ក៏ដូចជាសេចក្ដីសង្គ្រោះ។
ចម្លើយរបស់ខ្ញុំទៅកាន់អ្នកសួរគឺដូចនេះ៖
១. ទេ! ខ្ញុំគិតថា អ្នកដែលជឿលើព្រះគ្រីស្ទពិតប្រាកដមិនអាចបាត់បង់សេចក្ដីសង្គ្រោះរបស់គាត់បានឡើយ។
២. ខ្ញុំគិតថា មានប្រភេទនៃការប្រព្រឹត្តអំពើបាប ដែលលើសពីចេតនា ពេញទៅដោយការប្រាថ្នាចង់ធ្វើ គឺការប្រព្រឹត្តអំពើបាបម្ដងហើយម្ដងទៀត ដែលមិនដូចគ្នាទៅនឹងការដែលអ្នកជឿជាពិតប្រព្រឹត្តអំពើបាប—គឺអំពើបាបដែលពួកគាត់លន់តួ ហើយទទួលបានការអត់ទោស។
ក្នុងជីវិតនេះ គ្រីស្ទបរិស័ទតយុទ្ធជាមួយនឹងអំពើបាប ពីព្រោះយើងនៅតែជាមនុស្សមានបាប។ វត្តមាននៃអំពើបាបនៅក្នុងយើងនឹងមិនត្រូវបានដកចេញរហូតដល់ថ្ងៃដ៏រុងរឿង នៅពេលដែលយើងឃើញព្រះយេស៊ូវមុខទល់នឹងមុខ…
មតិយោបល់
Loading…