កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ
ហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ (សុភាសិត ២៣:២៦)។
សុភាសិតមួយនេះមាននៅក្នុងចំណោមការដាស់តឿន និងការព្រមានអំពីគ្រោះថ្នាក់ពីស្រីពេស្យា និងការស្រវឹងប៉ោឡែ។ ភាពសាមញ្ញនៃសុភាសិតមួយនេះមានពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ក្នុង ២២ពាក្យ សុភាសិតនេះនិយាយចំណុចស្នូលនៃការចិញ្ចឹមបីបាច់កូន ហើយប្រសិនបើទទួលយកឲ្យអស់ពីចិត្ត នោះពាក្យពេចន៍ទាំងនេះនឹងណែនាំមកកាន់យើងលើគ្រប់ចំណុចដែលយើងធ្វើ ទាក់ទងទៅនឹងការចិញ្ចឹមកូន។
ការដាស់តឿនទាំងពីរបង្ហាញអំពីចំណុចសម្គាល់នៃការផ្លាស់ប្រែដែលយើងចង់ទទួលបានក្នុងនាមជាឪពុកម្ដាយ។ ខណៈពេលដែលកូនៗយើងធំធាត់ឡើងនៅក្នុងផ្ទះ នោះយើងចង់ទទួលបានអ្វីមួយពីពួកគាត់ ហើយយើងក៏ចង់ឲ្យពួកគាត់ទទួលបានអ្វីមួយពីយើងដែរ។ យើងចង់បានចិត្តរបស់ពួកគាត់ ហើយយើងចង់ឲ្យពួកគាត់ត្រាប់តាមគំរូរបស់យើង។
ចំណុចស្នូលនៃការចិញ្ចឹមកូន
ព្រះគម្ពីរបានបង្គាប់ឲ្យឪពុកម្ដាយចិញ្ចឹមកូនតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ (អេភេសូរ ៦:៤ «ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»)។ ក្នុងការបង្គាប់នេះមានទិដ្ឋភាពច្រើនណាស់។ យើងបង្រៀនផង ហើយព្រមានផង។ យើងបង្កើតច្បាប់ ហើយអនុវត្តតាមច្បាប់នោះ។ យើងផ្ដល់ជូននូវការណែនាំ និងការកែតម្រង់។ យើងស្តីបន្ទោស បង្ហាត់បង្រៀន និងផ្គត់ផ្គង់កូនៗយើងសម្រាប់ពេញមួយជីវិត។ ប៉ុន្តែ ប្រសិនបើយើងព្យាយាមចិញ្ចឹមពួកគាត់នៅក្នុង «ព្រះអម្ចាស់» នោះយើងត្រូវតែសម្លឹងមើលទៅឯព្រះអង្គ។ យើងកំពុងតែដេញតាមចិត្តរបស់ពួកគាត់។
វាជារឿងងាយស្រួលណាស់ដែលយើងបាត់បង់ទស្សនៈនេះ។ វាជារឿងងាយស្រួលណាស់ក្នុងការដែលយើងផ្ដល់នូវការណែនាំ និងការដាក់ពិន័យ ដោយសារយើងចង់ឲ្យកូនៗយើងស្ដាប់បង្គាប់ ឬក៏ដោយសារយើងចង់មានភាពស្ងៀមស្ងាត់ ឬក៏ដោយសារយើងមានការងារសំខាន់ដែលត្រូវធ្វើ ហើយជម្លោះ ការរអ៊ូរទាំ ការទាស់ទែងគ្នា និងការខឹងគ្នាដែលកំពុងតែកើតឡើងនៅក្នុងផ្ទះបាយកំពុងតែរំខានដល់លោកអ្នក។
ពិតណាស់ ការកែតម្រង់គឺជារឿងសំខាន់។ ជម្លោះ ការរអ៊ូរទាំ ការទាស់ទែងគ្នា និងការខឹងគ្នាគឺជាអំពើបាបដែលយើងត្រូវតែលើកឡើងមកនិយាយ។ យើងចង់ឲ្យកូនៗស្ដាប់បង្គាប់ ហើយយើងត្រូវឆ្លើយតបទៅកាន់ព្រះជាម្ចាស់ទាក់ទងនឹងចំណុចដែលយើងត្រូវណែនាំដល់ពួកគាត់ និងការដាក់ពិន័យលើពួកគាត់។ ផ្ទះដែលមានភាពស្ងៀមស្ងាត់គឺជាព្រះពរដល់មនុស្សគ្រប់គ្នាដែលរស់នៅក្នុងផ្ទះនោះ។ ប៉ុន្តែ វាគឺជារឿងងាយស្រួលណាស់ក្នុងការដែលយើងលើកឡើងអំពីអំពើបាបមកនិយាយ ហើយបាត់បង់ទស្សនៈដ៏សំខាន់បំផុត។ យើងទំនងជាអាចបាត់បង់ទស្សនៈនៃចំណុចដែលថាយើងបានការស្ដាប់បង្គាប់ចេញពីចិត្ត និងភាពស្ងៀមស្ងាត់ចេញពីចិត្ត។ ចិត្តរបស់កូនៗគឺជាអ្វីដែលយើងចង់បាន។
នេះមានន័យថាការណែនាំ ការក្រើនរម្លឹក ការព្រមាន ការកែតម្រង់ ការដាស់តឿន និងការដាក់ពិន័យរបស់យើងដាច់ខាតត្រូវតែកើតចេញពីការប្រាថ្នារបស់យើងក្នុងការទទួលបានដួងចិត្តរបស់ពួកគាត់។ ចូរសួរខ្លួនឯង៖ នៅពេលដែលលោកអ្នកកំពុងតែដាក់ច្បាប់ តើលោកអ្នកកំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ដែរឬទេ? នៅពេលដែលលោកអ្នកបង្រៀនពួកគាត់អំពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ តើលោកអ្នកកំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ដែរឬទេ? ពេលលោកអ្នកអនុវត្តច្បាប់ មិនថាច្បាប់របស់ព្រះជាម្ចាស់ ឬក៏ច្បាប់នៅក្នុងផ្ទះរបស់ខ្លួន តើលោកអ្នកកំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ដែរឬទេ? នៅពេលដែលលោកអ្នកឆ្លើយថា «បាទ» ឬក៏ «ចាស» ចំពោះសំណើរបស់ពួកគាត់ តើលោកអ្នកកំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ដែរឬទេ? នៅពេលដែលលោកអ្នកឆ្លើយថា «ទេ» ចំពោះអ្វីដែលពួកគាត់កំពុងតែសូម តើលោកអ្នកកំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ដែរឬទេ?
ក្នុងគ្រប់អ្វីៗទាំងអស់ដែលអ្នកធ្វើក្នុងនាមជាឪពុកម្ដាយ តើសុភាសិតរបស់ស្ដេច សាឡូម៉ូន មាននៅក្នុងពាក្យពេចន៍ ឥរិយាបថ និងទង្វើរបស់លោកអ្នកដែរឬទេ? តើចំណុចស្នូលនៃការចិញ្ចឹមកូនមានដូចនេះដែរឬទេ៖ «កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ»?
ការដើរតាមគន្លងផ្លូវយើង
តាមពិតទៅ ការសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់គឺគ្រាន់តែជារូបមន្តម្ខាងទេ។ ម្ខាងទៀតគឺជាអ្វីដែលយើងសង្ឃឹមថា យើងអាចផ្ដល់ដល់ពួកគាត់បាន៖ «ឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ»។ យើងអាចឃើញភាសាដូចនេះនៅក្នុងខគម្ពីរផ្សេងៗទៀត ដែលមានដូចខាងក្រោមនេះ៖
«គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នកដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ» (ទំនុកតម្កើង ១៤៧:១១)។
ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់ ទ្រង់តាក់តែងមនុស្សរាបសាដោយសេចក្ដីសង្គ្រោះ» (ទំនុកតម្កើង ១៤៩:៤)។
«ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ» (សុភាសិត ៣:១២)។
«កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា នោះទ្រង់ក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមេត្រីនឹងអ្នកនោះដែរ» (សុភាសិត ១៦:៧)។
ផ្នត់គំនិតនៃការដាស់តឿនគឺដូចតទៅ៖ «កូនអើយ ចូរអរសប្បាយនឹងរបៀបដែលយើងកំពុងតែធ្វើ។ ចូរទទួលយកផ្លូវនៃជីវិតរបស់យើងដោយមានអំណរចុះ»។ បើនិយាយម្យ៉ាងវិញទៀត ការបង្គាប់គឺមិនមែនគ្រាន់តែកូនមើលរបៀបដែលឪពុកម្ដាយប្រព្រឹត្តប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីឲ្យពួកគាត់ចង់ត្រាប់តាម ចង់ធ្វើតាម និងចង់យករបៀបរបស់ឪពុកម្ដាយមកធ្វើជារបៀបប្រព្រឹត្តរបស់ខ្លួនផងដែរ។
របៀបឆ្លើយតបរបស់យើងសំដៅទៅលើទម្លាប់ដែលយើងធ្វើអ្វីមួយ លំនាំនៃផ្នត់គំនិត ពាក្យពេចន៍ អាកប្បកិរិយា និងទង្វើរបស់យើងដែលផ្តល់អត្ថន័យដល់យើង។ និយាយម្យ៉ាងវិញទៀត នេះគឺជារបៀបជាក់ស្ដែងដែលយើងដើរនៅក្នុងលោកីយ៍នេះ។ ជាចម្បង នេះមិនមែនសំដៅទៅលើអ្វីដែលយើងអះអាងប្រកាសនោះទេ ប៉ុន្តែទៅលើអ្វីដែលយើងប្រព្រឹត្ត។ សូមគិតអំពីរបៀបនេះថាជាស្តង់ដារនៃការធ្វើអ្វីមួយ។ នេះគឺជាអ្វីដែលយើងគួរលើកទឹកចិត្តឲ្យកូនៗយើងមើលឃើញ ទទួលយក និងធ្វើតាមដោយមានអំណរ។
ក្នុងករណីនេះ អាកប្បកិរិយានៃពាក្យសម្ដីរបស់យើងក៏សំខាន់ដូចគ្នាទៅនឹងអ្វីដែលយើងនិយាយផងដែរ។ នេះមិនគ្រាន់តែសំដៅទៅលើអ្វីដែលយើងនិយាយ និងធ្វើទេ ប៉ុន្តែទៅលើរបៀបដែលយើងខ្លួនឯងក៏និយាយ និងប្រព្រឹត្តផ្ទាល់ផងដែរ។ ដូច្នេះ សូមគិតអំពីអាកប្បកិរិយា អត្តចរិត សូរសម្លេងរបស់យើង ហើយសួរសំណួរចាក់ចុចលើខ្លួនឯងចុះ។
តើលោកអ្នកផ្ដល់ការណែនាំដោយក្ដៅក្រហាយ ឬក៏ពេញដោយអំណរ? តើលោកអ្នកកែតម្រង់ដោយមានការអត់ធ្មត់ ឬក៏ការសាំចិត្ត? ប្រសិនបើមានអ្នកផ្សេងនៅក្នុងបន្ទប់នៅពេលដែលលោកអ្នកដាស់តឿន ឬក៏ដាក់ពិន័យកូនៗ តើពួកគាត់និងពណ៌នាថា សូរសម្លេងរបស់លោកអ្នកឃោរឃៅ ឬក៏ម៉ឺងម៉ាត់? គំរោះគំរើយ ឬក៏ពេញដោយចិត្តមេត្តា? ខឹង ឬក៏ស្លូតបូត? តើលោកអ្នកកំពុងតែដាស់តឿនឲ្យពួកគាត់ «ត្រាប់តាម» របៀបមួយដោយមានអំណរ? របៀបដែលឆ្លើយតបយ៉ាងព្រហើន ដែលធ្ងន់ធ្ងរយ៉ាងខ្លាំង ឬក៏របៀបនៃការឆ្លើយតបដែលមានពេញដោយប្រាជ្ញា និងម៉ឺងម៉ាត់ដែលមានស្ថេរភាព?
ការប្រគល់ចិត្តរបស់ពួកគេទៅកាន់ព្រះជាម្ចាស់
ការដាស់តឿនទាំងពីរនេះមានជំហរជាមួយគ្នា។ ពួកគាត់នឹងកាន់តែចូលចិត្តរបៀបប្រព្រឹត្តរបស់យើង ប្រសិនបើយើងពិតជាមានអំណរក្នុងការសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់។ មូលដ្ឋានគ្រឹះមួយនៃការត្រាស់ហៅរបស់យើង គឺធ្វើជាស្នាមញញឹមរបស់ព្រះជាម្ចាស់ដល់កូនៗយើង។ នេះគឺជាចំណុចស្នូលនៃរបៀបនៃការចិញ្ចឹមកូនរបស់យើង។ ហើយក្នុងការបង្ហាញស្នាមញញឹមរបស់ព្រះជាម្ចាស់ យើងក៏កំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ និងការត្រាស់ហៅឲ្យសង្កេតមើល ទទួលយក និងឱបក្រសោបរបៀបប្រព្រឹត្តរបស់យើងដែរ។
ប៉ុន្តែ មិនមែនគ្រាន់តែរបៀបរបស់យើងនោះទេ។ នៅចុងបំផុត យើងចង់ឲ្យកូនរបស់យើងថ្វាយដួងចិត្តរបស់ពួកគាត់ទៅកាន់ព្រះជាម្ចាស់។ ការដែលពួកគាត់ប្រគល់ដួងចិត្តរបស់ពួកគាត់មកកាន់យើង គឺជាការត្រៀមនៃការថ្វាយដួងចិត្តរបស់ពួកគាត់ទៅកាន់ព្រះជាម្ចាស់។ ពួកគាត់ប្រគល់ដួងចិត្តរបស់ខ្លួនទៅកាន់ឪពុកម្ដាយលើផែនដី ដើម្បីឲ្យពួកគាត់អាចរៀនថ្វាយដួងចិត្តរបស់ខ្លួនទៅកាន់ព្រះវរបិតានៅស្ថានសួគ៌។ ការសង្កេតមើល និងការត្រាប់តាមយើងដោយមានអំណរគឺជាជំហានដំបូងនៃការសង្កេតមើល និងការត្រាប់តាមការប្រព្រឹត្តរបស់ព្រះជាម្ចាស់។
តែ ទំនងយើងក៏អាចកាន់តែលើកឡើងបន្ថែមទៀតក៏បាន។ ព្រះយេស៊ូវបានប្រាប់យើងថា មានរបៀបនៃការទទួលក្មេងៗក្នុងព្រះនាមទ្រង់ថា ជារបៀបនៃការទទួលយកទ្រង់ផ្ទាល់តែម្ដង។ អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះមិនមែនទទួលខ្ញុំទេ គឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញ (ម៉ាកុស ៩:៣៧)។ ទង្វើនៃការទទួលយកទាំងពីរនេះ—ការទទួលក្មេងៗ និងការទទួលព្រះយេស៊ូវ—ក្លាយជាការទទួលតែមួយ ដោយសារការទទួលដំបូងបានកើតឡើងនៅក្នុងព្រះនាមទ្រង់។ នៅពេលដែលលោកអ្នកទទួលក្មេងៗនៅក្នុងព្រះនាមព្រះយេស៊ូវ តើនៅចុងបញ្ចប់លោកអ្នកនឹងមានអ្វី? គឺលោកអ្នកមានទាំងក្មេងៗ និងព្រះយេស៊ូវផ្ទាល់។
ដូចគ្នាផងដែរ ក៏មានរបៀបដែលកូនៗរបស់លោកអ្នកអាចប្រគល់ដួងចិត្តរបស់ពួកគាត់ ដែលមិនយូរមិនឆាប់ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ នឹងក្លាយជាការថ្វាយដួងចិត្តរបស់ពួកគាត់ទៅកាន់ព្រះជាម្ចាស់ដែរ។ ពួកគាត់ប្រគល់ដួងចិត្តទៅកាន់លោកអ្នក គឺពួកគាត់ប្រគល់ដួងចិត្តរបស់ខ្លួនក្នុងព្រះនាមព្រះយេស៊ូវ។ ហើយនៅពេលដែលពួកគាត់ធ្វើបែបនោះ នៅចុងបញ្ចប់តើអ្នកណានឹងមានដួងចិត្តរបស់ពួកគាត់? គឺទាំងលោកអ្នក និងព្រះជាម្ចាស់ដែលនឹងមានដួងចិត្តរបស់ពួកគាត់។
មតិយោបល់
Loading…