in , , , ,

ហេតុផល​៧​យ៉ាង ដែល​លោក​អ្នក​គួរ​តែ​អធិស្ឋាន

មាន​ហេតុ​ផល​ជា​ច្រើន ដែល​គ្រីស្ទ​បរិស័ទ​តយុទ្ធ​ជា​មួយ​ជា​ញឹកញាប់ ដើម្បី​អធិស្ឋាន។ ប្រហែល​ជា ដោយ​សារ​តែ​ការ​អធិស្ឋាន​គឺ​ជា​កិច្ចការ​ដ៏​លំបាក ឬ​ក៏​យើង​បាន​បរាជ័យ​ក្នុង​ការ​ជឿ​នូវ​អ្វី ដែល​ព្រះ​គម្ពីរ​បាន​ចែង​អំពី​ការ​អធិស្ឋាន​ហើយ។ វា​ក៏​អាច​ជា​លទ្ធផល​នៃ​មូល​ហេតុ​ធំៗ​ផ្សេង​ទៀត​ដូច​ជា៖ ការ​ខ្វះ​ចំណេះ​ដឹង​ផ្នែក​ព្រះ​គម្ពីរ ភាព​រវល់​ខ្លាំង ការ​ខ្វះ​ការ​ដាក់​វិន័យ ការ​ចង់​បាន​អ្វី​ដែល​ស្រួលៗ ការ​ស្រឡាញ់​លោកីយ៍ និង​កិច្ចការ​ខាង​សាច់​ឈាម​ជា​ដើម។ល។ ទោះ​បី​ជា​មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​អធិស្ឋាន​ក៏​ដោយ ក៏​យើង​ត្រូវ​យល់​ថា ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ការ​ដែល​មិន​អធិស្ឋាន នោះ​គឺ​ជា​គ្រីស្ទ​បរិស័ទ​មិន​ចំ​គ្រីស្ទ​បរិស័ទ​ហើយ ។ និយាយ​ជា​រួម​ទៅ
គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន (រ៉ូម ៨:១៥; ១២:១២; អេភេសូរ ៦:១៨; កូឡុស ៤:២; ១ថែស្សា ៥:៧)។

លោក ជេ. ស៊ី. រ៉ាល (J.C. Ryle) បាន​សរសេរ​ថា៖
ការ​ដែល​មិន​អធិស្ឋាន​គឺ​ជា​ភស្តុតាង​យ៉ាង​ច្បាស់​ថា ពួក​គេ​មិន​ទាន់​ជា​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ​នៅ​ឡើយ​នោះ​ទេ។ ពួក​គេ​មិន​បាន​យល់​យ៉ាង​ច្បាស់​អំពី​អំពើបាប​របស់​ខ្លួន។ ពួក​គេ​មិន​អាច​ស្រឡាញ់​ព្រះ​ជាម្ចាស់​មែន​ទេ។ ពួក​គេ​មិន​បាន​យល់​យ៉ាង​ច្បាស់​ថា ខ្លួន​ជា​កូន​បំណុល​របស់​ព្រះ​គ្រីស្ទ។ ពួក​គេ​មិន​ដែល​ប្រដេញ​តាម​ភាព​បរិសុទ្ធ។
ពួក​គេ​មិន​ដែល​ចង់​បាន​ស្ថានសួគ៌។ ពួក​គេ​មិន​ទាន់​បាន​កើត​ជា​ថ្មី​នៅ​ឡើយ។ ពួក​គេ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ជា​ថ្មី​នៅ​ឡើយ​ដែរ។ ពួក​គេ​អាច​អួត​អំពី​ការ​រើស​តាំង ព្រះ​គុណ ជំនឿ សេចក្តី​សង្ឃឹម និង​ចំណេះ​ដឹង ហើយ​បញ្ឆោត​មនុស្ស​មិន​ចេះ​ដឹង។ ប៉ុន្តែ លោក​អ្នក​អាច​ប្រាកដ​បាន​ថា ទាំង​នេះ​គឺ​ជា​ការ​និយាយ​ឥត​ប្រយោជន៍​ទាំង​អស់ ប្រសិន​បើ​ពួក​គេ​មិន​អធិស្ឋាន។ [1]

គ្រីស្ទ​បរិស័ទ​មិន​ត្រឹម​តែ​ត្រូវ​អធិស្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​លើក​ទឹក​ចិត្ត​ពួក​គាត់​ឲ្យ​អធិស្ឋាន​ផង​ដែរ។ អត្ថបទ​នេះ​មិន​មាន​ជា​គោល​បំណង​ចាប់​កំហុស​លោក​អ្នក​អាន ដើម្បី​ឲ្យ​កាន់​តែ​អធិស្ឋាន​ទៀត​នោះ​ទេ
ប៉ុន្តែ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​អាន​ឲ្យ​អធិស្ឋាន។ ដោយ​លើក​យក​ការ​អធិប្បាយ​នៅ​លើ​ភ្នំ​របស់​ព្រះ​យេស៊ូវ​មក​ធ្វើ​ជា​មេរៀន​គោល​លើ​ប្រធានបទ​នៃ​ការ​អធិស្ឋាន (ម៉ាថាយ ៦:៥-១៣) សេចក្ដី​សន្និដ្ឋាន​នៅ​ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​ប្រាំ​ពីរ​យ៉ាង​ថា តើ​ហេតុ​អ្វី​បាន​ជា​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន​នោះ។

ហេតុ​ផល​ប្រាំ​ពីរ​យ៉ាង ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន

១. គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន ព្រោះ​វា​គឺ​ជា​អភ័យឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ (ម៉ាថាយ ៦:៥-៨)។

ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​ការ​បង្រៀន​របស់​ទ្រង់​អំពី​ការ​អធិស្ឋាន ដោយ​លាត​ត្រដាង​អំពី​ការ​អធិស្ឋាន​ក្លែង​ក្លាយ​របស់​មនុស្ស​មាន​ពុត។ ពាក្យ​ថា «មនុស្ស​មាន​ពុត» មាន​ន័យ​ដើម​សំដៅ​ទៅ​លើ​តួ​សម្ដែង ដែល​ពាក់​ស្រោម​មុខ។ ស្រោម​មុខ​ដែល​គេ​ពាក់​នោះ​គឺ ដើម្បី​ក្លែង​បន្លំ​ធ្វើ​ជា​នរណា​ម្នាក់ ឬ​ក្លែង​ធ្វើ​ជា​របស់​អ្វី​មួយ តែ​មិន​មែន​ជា​ពួក​គាត់​ផ្ទាល់។ នៅ​ពេល​ដែល​មនុស្ស​មាន​ពុត​អធិស្ឋាន ពួក​គេ​ធ្វើ​ពុត​ជា​ស្វែង​រក​ព្រះ តែ​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​នោះ
គឺ​ពួក​គេ​កំពុង​តែ​ស្វែង​រក​ការ​សរសើរ​ពី​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។ ការ​អធិស្ឋាន​ពិត​ប្រាកដ​តែង​តែ​ស្វែង​រក​អ្នក​ស្តាប់​ពិត​ប្រាកដ។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​ណែនាំ​អ្នក​ស្តាប់​ទ្រង់​ឲ្យ​អធិស្ឋាន​ដោយ​លាក់កំបាំង
(ម៉ាថាយ ៦:៧)។ នៅ​ក្នុង​ខ​គម្ពីរ​ទាំង​នេះ ព្រះ​យេស៊ូវ​បាន​ហៅ​ព្រះ​ជាម្ចាស់​ថា «ព្រះ​វរបិតា» ចំនួន​បី​ដង។
ការ​ហៅ​ដូច​នេះ​គឺ​ចង់​បញ្ជាក់​ពី​ភាព​ទន់​ភ្លន់​របស់​ទ្រង់ និង​ភាព​ស្និទ្ធស្នាល ដែល​ទ្រង់​មាន​ជា​មួយ​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់។ គ្រាន់​តែ​គិត​ក៏​រំភើប​ដែរ ពីព្រោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា ទ្រង់​បាន​ស្រឡាញ់​ដល់​អស់​អ្នក​ណា ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូច​ដែល​ទ្រង់​ស្រឡាញ់​ព្រះ​រាជបុត្រា​ទ្រង់ អញ្ចឹង​ដែរ (យ៉ូហាន ១៧:២៣)។ ការ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​អភ័យឯកសិទ្ធិ​មួយ ដែល​ទ្រង់​បាន​ប្រទាន​មក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​អាច​ចូល​ទៅ​ឯ​ព្រះ​វរបិតា​បាន តាម​រយៈ​ការ​អធិស្ឋាន​នេះ​ឯង។ ការ​ឆ្លុះ​បញ្ចាំង​ខាង​លើ​ក៏​បាន​លើក​ជា​សំណួរ​ពាក់ព័ន្ធ​មួយ​ចំនួន​ដូច​ជា៖ តើ​បង​ប្អូន​ចង់​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​ទ្រង់​ដែរ​ឫ​ទេ? តើ​បង​ប្អូន​ញាប់ញ័រ​ទៅ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ទន់ភ្លន់​របស់​ទ្រង់​ដែរ​ឫ​ទេ? ប្រសិន​បើ​ញាប់ញ័រ​មែន នោះ​បង​ប្អូន​ត្រូវ​តែ​អធិស្ឋាន។

២. គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន ដើម្បី​បណ្ដុះ​ការ​បន្ទាប​ខ្លួន និង​ការ​ពឹង​ផ្អែក​លើ​ព្រះ​អម្ចាស់ (ម៉ាថាយ៦:៩)។

មុន​ពេល​ដែល​ព្រះ​យេស៊ូវ​បង្រៀន​ពួក​សិស្ស​នូវ​អ្វី​ដែល​ពួក​គាត់​ត្រូវ​អធិស្ឋាន គឺ​ទ្រង់​បាន​ចាប់​ផ្ដើម​ដោយ​ណែនាំ​ពួក​គាត់​ថា តើ​ពួក​គាត់​ត្រូវ​តែ​អធិស្ឋាន​ទៅ​កាន់​នរណា​ដោយ​ផ្ទាល់។ ទ្រង់​មាន​បន្ទូល​ថា «ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​អើយ» (ម៉ាថាយ ៦:៩) [4] ការ​ដែល​អំពាវនាវ​ដល់​ព្រះ​វរបិតា​គឺ​ជា​ការ​ចង់​បញ្ជាក់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ភាព​ស្និទ្ធស្នាល​របស់​ទ្រង់ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​អញ្ចឹង។ ម្យ៉ាង​វិញ​ទៀត ការ​ដែល​អំពាវនាវ​ថា ព្រះ​វរបិតា «ដែល​គង់​នៅ​ស្ថានសួគ៌» គឺ​ដើម្បី​បញ្ជាក់​អំពី​អធិបតេយ្យភាព ហើយ​និង​អតិសេដ្ឋ​របស់​ទ្រង់​ផង​ដែរ។ ដូច​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១១៥:៣ សរសេរ​ថា៖ «ចំណែក​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​បាន​ធ្វើ​ការ​ដែល​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ហើយ»។ នៅ​ពេល​ដែល​យើង​អធិស្ឋាន យើង​ត្រូវ​តែ​ចាប់​ផ្ដើម​ដោយ​នឹក​ចាំ​ថា ព្រះ​ជាម្ចាស់​មាន​អធិបតេយ្យភាព​លើ​គ្រប់​អ្វីៗ​ទាំង​អស់។ ដោយ​ចាប់​ផ្ដើម​ការ​អធិស្ឋាន​របស់​យើង​តាម​លំនាំ​នេះ នោះ​វា​នឹង​ដាក់​ពាក្យ​ទូល​អង្វរ​ទាំង​ឡាយ​ទៅ​ចំ​កន្លែង​វា​មិន​ខាន។ នៅ​ពេល​ដែល​យើង​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​គង់​នៅ​ស្ថានសួគ៌ ហើយ​ថា​ទ្រង់​នឹង​ធ្វើ​អ្វីៗ​តាម​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ នោះ​ការ​អធិស្ឋាន​នឹង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​យើង​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​ជាម្ចាស់ និង​ពឹង​ផ្អែក​លើ​ទ្រង់​សម្រាប់​គ្រប់​ការ​ទាំង​អស់​ជា​មិន​ខាន។

៣. គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន ប្រសិន​បើ​ព្រះ​ជាម្ចាស់​នឹង​ក្លាយ​ទៅ​ជា​ការ​ផ្តោត​លើ​ដ៏​សំខាន់​នៃ​ជីវិត​របស់​ខ្លួន (ម៉ាថាយ ៦:៩-១៣)។

បន្ទាប់​ពី​ព្រះ​អម្ចាស់​នៃ​យើង​បាន​បង្រៀន​អ្នក​ស្តាប់​ទ្រង់​ថា ត្រូវ​អធិស្ឋាន​ទៅ​ណា និង​ទៅ​នរណា​រួច​មក នោះ​ទ្រង់​ក៏​បាន​បន្ត​បង្រៀន​ពួកគាត់​អំពី​អ្វី​ដែល​ត្រូវ​អធិស្ឋាន។ នៅ​ត្រង់​ចំណុច​នេះ យើង​ត្រូវ​តែ​កត់​សម្គាល់ មិន​ត្រឹម​តែ​លើ​សាច់​ការ​នៃ​ការ​អធិស្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដោត​លើ​ទាំង​លំដាប់លំដោយ​ជាក់​លាក់​នៃ​ពាក្យ​ទូល​អង្វរ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​ដោយ​ពាក្យ​ទូល​អង្វរ​ថា «សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ» (ម៉ាថាយ ៦:៩)។ នេះ​គឺ​ជា​ការ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បាន​តម្កើង​ឡើង​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត។ មនុស្ស​តែង​តែ​រៀប​លំដាប់លំដោយ​រឿង​ជា​អាទិភាព​នៃ​ជីវិត​របស់​ពួកគេ ដោយ​ទូល​សូម​ដូច​ជា៖ «ព្រះ​ជាម្ចាស់​ជា​ទី១​ក្នុង​ជីវិត​របស់​ខ្ញុំ បន្ទាប់​មក​ទៀត​គ្រួសារ​របស់​ខ្ញុំ និង​ក្នុង​អាជីព​របស់​ខ្ញុំ​ជា​ដើម»។ ប៉ុន្តែ នេះ​មិន​មែន​ជា​របៀប​ដែល​គ្រីស្ទ​បរិស័ទ​គួរ​គិត​នោះ​ទេ។
ព្រះ​ជាម្ចាស់​ត្រូវ​តែ​ជា​ទី១​ក្នុង​គ្រប់​ការ​ទាំង​អស់។ ព្រះ​ជាម្ចាស់​គឺ​ជា​ទី១​ក្នុង​ជីវិត​របស់​ខ្ញុំ ទ្រង់​គឺ​ជា​ទី១​ក្នុង​គ្រួសារ​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​ជា​ទី១​ក្នុង​អាជីព​របស់​ខ្ញុំ​ដែរ។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​នៅ​ពេល​និយាយ​អំពី​ព្រះ​គ្រីស្ទ​ថា​ជា​សិរសា​នៃ​ពួក​ជំនុំ​នោះ​សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា ព្រះ​យេស៊ូវ «គឺ​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់»
(កូឡូស ១:១៨) ។ ការ​ចាប់​ផ្ដើម​សេចក្តី​អធិស្ឋាន​តាម​លំនាំ​នេះ​រម្លឹក​អ្នក​ជឿ​អំពី​អ្វី​ដែល​សំខាន់​បំផុត៖ សិរី​ល្អ​របស់​ផង​ព្រះ​ជាម្ចាស់។ ឱ​គ្រីស្ទ​បរិស័ទ​អើយ តើ​បង​ប្អូន​ចង់​ឲ្យ​ទ្រង់​ក្លាយ​ជា​ការ​ផ្ដោត​លើ​ដ៏​សំខាន់​របស់​ខ្លួន​ដែរ​ឬ​ទេ? តើ​បង​ប្អូន​ចង់​ឲ្យ​ព្រះ​យេស៊ូវ​ក្លាយ​ជា​ទី១​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែរ​ឬ​ទេ? ប្រសិន​បើ​បង​ប្អូន​ចង់ នោះ​បង​ប្អូន​ត្រូវ​តែ​អធិស្ឋាន។

៤. គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន ដើម្បី​រួម​ចំណែក​ក្នុង​អ្វី​ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​នៅ​លើ​ផែនដី​នេះ (ម៉ាថាយ៦:១១)។

ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ឲ្យ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ឯ​ស្ថានសួគ៌​ដែរ។ មាន​ការ​និពន្ធ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ និង​ការ​អធិស្ឋាន​របស់​យើង។ សម្រាប់​គោល​បំណង​របស់​យើង វា​គឺ​គ្រប់​គ្រាន់​ហើយ​ក្នុង​ការ​និយាយ​ថា
ការ​អធិស្ឋាន​របស់​អ្នក​ជឿ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អ្វីៗ​នៅ​ផែនដី​នេះ​បាន។ លោក​គ្រូ ចន មែកខធ័រ (John MacArthur) បាន​ចង្អុល​បង្ហាញ​ថា «ការ​ខ្វះ​នូវ​សេចក្តី​អធិស្ឋាន​ដ៏​ស្មោះ​ត្រង់​បាន​រារាំង​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​មិន​ឲ្យ​បាន​សម្រេច​ឡើង។ នៅ​ក្នុង​ផែនការ​ដែល​មាន​ពេញ​ទៅ​ដោយ​ប្រាជ្ញា និង​ប្រកប​ដោយ​ព្រះ​ហឫទ័យ​សប្បុរស​របស់​ព្រះ​ជាម្ចាស់ ការ​អធិស្ឋាន​មាន​សារៈ​សំខាន់​ចំពោះ​ដំណើរ​ការ​ដ៏​ត្រឹម​ត្រូវ​ទាក់​ទង​ទៅ​នឹង​ការ​គ្រង​រាជ្យ​របស់​ទ្រង់​នៅ​ផែនដី​នេះ។ [2] តើ​បង​ប្អូន​ចង់​មាន​ចំណែក​ជា​មួយ​អ្វី ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​ក្នុង​ពិភពលោក​នេះ​ដែរ​ឬ​ទេ? ប្រសិន​បើ​ចង់ នោះ​បង​ប្អូន​ត្រូវ​តែ​អធិស្ឋាន! ពិត​ជា​អស្ចារ្យ​ណាស់ ការ​មាន​អភ័យឯកសិទ្ធិ​ដែល​មិន​អាច​យល់​បាន​ក្នុង​ការ​មាន​ចំណែក​ជា​មួយ​អ្វី ដែល​ព្រះ​ជាម្ចាស់​កំពុង​ធ្វើ​នៅ​ជុំ​វិញ​ពិភពលោក​នេះ! សូម​គិត​អំពី​ការ​នេះ​ឥឡូវ​នេះ បង​ប្អូន​អាច​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​នូវ​អ្វី​ដែល​ទ្រង់​កំពុង​តែ​ធ្វើ​នៅ​ទ្វីប​អាហ្រ្វិក ប្រទេស​ចិន ប្រទេស​ឥណ្ឌា ប្រទេស​អាមេរិក ប្រទេស​ប៉េរូ និង​គ្រប់​ទី​កន្លែង​ជុំ​វិញ​ពិភពលោក!
ពិត​ជា​អស្ចារ្យ​ណាស់​ក្នុង​ការ​មាន​អភ័យ​ឯកសិទ្ធិ​នៃ​ការ​អធិស្ឋាន!

៥. គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន ពីព្រោះ​ជីវិត​ខាង​រូប​សាច់​របស់​ពួក​គាត់​មាន​ភាព​ផុយ​ស្រួយ (ម៉ាថាយ ៦:១១)។

មក​ដល់​ចំណុច​នៃ​សេចក្ដី​បង្រៀន​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា ពួក​គាត់​ត្រូវ​តែ​អធិស្ឋាន​សម្រាប់​សេចក្ដី​ត្រូវ​ការ​ខាង​ឯ​រូប​សាច់​របស់​ខ្លួន។ «សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ» ។
ការ​អធិស្ឋាន​នេះ​បង្កប់​អត្ថន័យ​ពិត​មួយ​ចំនួន​អំពី​ជីវិត​ខាង​ឯ​រូប​សាច់​របស់​យើង និង​ព្រះ​ជាម្ចាស់។ ទី​មួយ វា​មាន​ន័យ​ថា ជីវិត​ខាង​ឯ​រូប​សាច់​របស់​យើង​មាន​ភាព​ផុយ​ស្រួយ ព្រោះ​យើង​ត្រូវ​ការ​អាហារ​ជា​ប្រចាំ​ថ្ងៃ។ ទី​ពីរ យើង​ត្រូវ​ការ​ការ​ទ្រទ្រង់​ជីវិត​របស់​យើង​ពី​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​យើង​អាច​នៅ​បន្ត​មាន​ជីវិត​បាន (កូឡុស ១:១៧)។ ទី​បី រូប​សាច់​របស់​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​ជាម្ចាស់។ ហើយ​ទី​បួន ព្រះ​ជាម្ចាស់​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ភាជនៈ​ដែល​ផុយ​ស្រួយ​របស់​ទ្រង់​នេះ​ដែរ (ម៉ាថាយ ១០:២៩-៣១)។ ការ​ដែល​ដឹង​ថា ព្រះ​ជាម្ចាស់​ជា​អង្គ​ដែល​ផ្គត់ផ្គង់​តម្រូវ​ការ​ខាង​ឯ​រូប​សាច់​របស់​យើង​គួរ​នឹង​ជំរុញ​គ្រីស្ទ​បរិស័ទ​គ្រប់​គ្នា​ឲ្យ​អធិស្ឋាន។ ឱ​គ្រីស្ទ​បរិស័ទ​អើយ បង​ប្អូន​ត្រូវ​តែ​អធិស្ឋាន ពីព្រោះ​ជីវិត​របស់​បង​ប្អូន​មាន​ភាព​ផុយ​ស្រួយ ហើយ​ទទួល​បាន​ការ​ទ្រទ្រង់​ដោយ​ការ​ផ្គត់ផ្គង់​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​ដោយ​សប្បុរស។ [3]

៦. គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន ប្រសិន​បើ​ពួក​គេ​ចង់​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ (ម៉ាថាយ ៦:១២)។

វា​គឺ​ជា​ការ​ចាំ​បាច់​ណាស់​ក្នុង​ការ​កត់​សម្គាល់​បរិបទ​នៅ​ត្រង់​នេះ។ ការ​ណែនាំ​របស់​ព្រះ​យេស៊ូវ​ឲ្យ​អធិស្ឋាន និង​សូម​ការ​អត់​ទោស​គឺ​ត្រូវ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្គាល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​របស់​ពួក​គេ​ហើយ។ នេះ​មិន​មែន​ជា​ការ​អធិស្ឋាន​សូម​ការ​អត់​ទោស​បែប​សង្គ្រោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​ការ​អធិស្ឋាន​ទូល​សូម​ការ​អត់​ទោស​បែប​ធ្វើ​ខុស​ទៅ​កាន់​ឪពុក។ អស់​អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ នោះ​បាន​រាប់​ជា​សុចរិត​ហើយ ប៉ុន្តែ​យើង​មិន​ទាន់​បាន​ទៅ​ដល់​ភាព​គ្រប់​លក្ខណ៍​ដែល​គ្មាន​បាប​នៅ​ឡើយ​នោះ​ទេ។ នៅ​ក្នុង​ខ​គម្ពីរ​នេះ អំពើ​បាប​របស់​យើង​ត្រូវ​បាន​ពណ៌នា​ថា​ជា​បំណុល។ នេះ​គឺ​ជា​ពាក្យ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ​ជាម្ចាស់ នៅ​ពេល​ដែល​យើង​ធ្វើ​បាប​ក្នុង​នាម​ជា​អ្នក​ជឿ។ យើង​ត្រូវ​តែ​អធិស្ឋាន ហើយ​សូម​ការ​អត់​ទោស​ពី​ព្រះ​ជាម្ចាស់ ឬ​លុប​ចោល​បំណុល​ដែល​យើង​ជំពាក់​ក្រែង​លោ យើង​មាន​អ្វី​ពាក់ព័ន្ធ​ជា​មួយ​នឹង​ទ្រង់​ទៀត។ ដោយ​ព្រោះ​យើង​ធ្វើ​បាប​រាល់​ថ្ងៃ នោះ​យើង​ក៏​ត្រូវ​លន់តួ​អំពើ​បាប​របស់​យើង​ទៅ​កាន់​ទ្រង់​ជា​ប្រចាំ​ដែរ ប្រសិន​បើ​យើង​ចង់​នៅ​បន្ត​មាន​ភាព​ស្និទ្ធស្នាល។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​បន្ត​ទៀត​ថា យើង​មិន​អាច​រំពឹង​ថា​ទ្រង់​នឹង​អត់​ទោស​យើង​ទេ ប្រសិន​បើ​យើង​មិន​ចេះ​អត់​ទោស ដល់​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​នឹង​យើង។
ឱ​គ្រីស្ទបរិស័ទ​អើយ តើ​បង​ប្អូន​ចង់​ដើរ​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ? តើ​មាន​អំពើ​បាប​អ្វី​ខ្លះ​ដែល​បង​ប្អូន​ត្រូវ​សូម​ការ​អត់​ទោស​ពី​ទ្រង់​សិន? តើ​បង​ប្អូន មិន​ព្រម​អត់​ទោស​ឲ្យ​អ្នក​ដទៃ រួច​ហើយ​ចង់​ឲ្យ​ព្រះ​ជាម្ចាស់​អត់​ទោស​ចំពោះ​ការ​រំលង​របស់​បង​ប្អូន​មែន​ឬ? ឱ​គ្រីស្ទ​បរិស័ទ​អើយ បង​ប្អូន​ត្រូវ​តែ​អត់​ទោស​ឲ្យ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ទាស់​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​អធិស្ឋាន​សូម​ការ​អត់​ទោស​ពី​ព្រះ​ជាម្ចាស់​តាម​ក្រោយ។
គឺ​នៅ​ពេល​នោះ​ហើយ​ដែល​បង​ប្អូន​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​ភាព​ស្និទ្ធស្នាល​ដែល​ស្ដារ​ឡើង​វិញ​ជា​ថ្មី​ជា​មួយ​នឹង​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​បង​ប្អូន។

៧. គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន ប្រសិន​បើ​ពួក​គេ​ចង់​មាន​ជ័យជម្នះ​លើ​អំពើ​បាប (ម៉ាថាយ ៦:១៣)។

ក្នុង​ការ​បញ្ចប់​សេចក្តី​បង្រៀន​របស់​ទ្រង់​លើ​ប្រធាន​បទ​នៃ​ការ​អធិស្ឋាន ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​យើង​ថា យើង​ត្រូវ​តែ​អធិស្ឋាន ហើយ​ទូល​សូម​ឲ្យ​ទ្រង់​ដឹកនាំ​យើង​ចេញ​ពី​កន្លែង និង​ស្ថានភាព​ដែល​មាន​ការ​ល្បួង​នានា។ ពិត​មែន​ហើយ ចំណុច​ចុង​ក្រោយ​នេះ​បាន​ក្លាយ​ជា​ចំណុច​ដែល​សំខាន់​បំផុត​មួយ​ក្នុង​រយៈ​ពេល​នៃ​ការ​បម្រើ​ព្រះ​ជាម្ចាស់​របស់ខ្ញុំ។ ខ្ញុំ​បាន​ឃើញ​ថា អំពើ​បាប និង​ការ​មិន​អធិស្ឋាន​ទៅ​ព្រម​គ្នា។ ជា​ញឹកញាប់ ខ្ញុំ​បាន​សួរ​មនុស្ស​ជា​ច្រើន​ថា តើ​ពួក​គាត់​បាន​លន់តួ​បាប​ដ៏​អាក្រក់ៗ​ទេ នៅ​ពេល​ដែល​ពួក​គាត់​អធិស្ឋាន​ជា​ទៀងទាត់ ហើយ​ចម្លើយ​តែងតែ៖ អត់​ទេ! តើ​បងប្អូន​កំពុង​តែ​តយុទ្ធ​នឹង​អំពើ​បាប ហើយ​បងប្អូន​ដឹង​ខ្លួន​ថា កំពុង​តែ​ត្រូវ​ល្បួង​ដែរ​ឬ​ទេ?
បើ​អញ្ចឹង​មែន នោះ​បង​ប្អូន​ត្រូវ​តែ​អធិស្ឋាន​ឥឡូវ​នេះ ប៉ុន្តែ​មិន​មែន​តែ​សម្រាប់​ឥឡូវ​នេះ​ប៉ុណ្ណោះ​ទេ។ គឺ​ដូច​ទៅ​នឹង​ទាហាន​ដែល​ហ្វឹកហាត់​រួច​ជា​ស្រេច មុន​ពេល​ដែល​សង្គ្រាម​មក​ដល់​អញ្ចឹង យើង​ក៏​គួរ​តែ​ត្រូវ​អធិស្ឋាន​ទុក​ជា​មុន មុន​ពេល​ដែល​យើង​ត្រូវ​សេចក្តី​ល្បួង​ផង​ដែរ។

សេចក្តី​សន្និដ្ឋាន
នៅ​មាន​ហេតុ​ផល​ជា​ច្រើន​ទៀត​ក្នុង​ព្រះ​គម្ពីរ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​អធិស្ឋាន ហើយ​បើ​គ្រាន់​តែ​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការអធិស្ឋាន នោះ​វា​ក៏​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ដែរ គឺ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ជា​ទម្លាប់​ជាក់​ស្ដែង ជា​សកម្មភាព​ផ្ទាល់​ខ្លួន​វិញ។ ការ​អាន​ព្រះ​គម្ពីរ និង​ការ​និយាយ​អំពី​ព្រះ​ជាម្ចាស់ វា​គឺ​ជា​រឿង​មួយ ប៉ុន្តែ​ការ​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជាម្ចាស់ នោះ​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។

និពន្ធ​ដោយ៖ Ryan Day
បក​ប្រែ​ដោយ៖ ថៃ វណ្ណៈ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, ស៊ូ ទិត្យ, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី forthegospel.org ដោយ​មាន​ការ​អនុញ្ញាត។

អត្ថបទ​យោង

  1. លោក J.C. Ryle, A Call to Prayer (១៨៦៧; repr., Edinburgh: The Banner of Truth Trust, ឆ្នាំ២០១៣), ទំព័រ៦។
  2. លោក John F. MacArthur Jr., Matthew, ភាគ១, MacArthur New Testament Commentary (Chicago: Moody Press, ឆ្នាំ១៩៨៥), ទំព័រ៣៨៣។
  3. លោក Mohler, Jr., R. Albert. The Prayer That Turns the World Upside Down: The Lord’s Prayer as a Manifesto for Revolution (Nashville, TN: Thomas Nelson, ឆ្នាំ២០១៨), ទំព័រ១០៧។
  4. លោក J.C. Ryle, A Call to Prayer (១៨៦៧; repr., Edinburgh: The Banner of Truth Trust, ឆ្នាំ២០១៣), ទំព័រ៧។

*This article originally published in VOICE Magazine, July 2021.

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អត្ថបទ​លេខ​៦–តើ​ស្ត្រី​អាច​បង្រៀន​បុរស​បាន​ដែរ​ឬទេ? ចុះ​នាង ព្រីស៊ីល នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១៨:២៦ វិញ?

កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ៖ សេចក្ដី​ប្រាថ្នា​ដំបូង​នៃ​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​លទ្ធផល​ល្អ