in

សូម​សង្គ្រោះ​ទូល​បង្គំ​ចេញ​ពី​ខ្លួន​ឯង

«ឱ​ព្រះ​អង្គ​អើយ សូម​ការពារ​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​យក​ទ្រង់​ជា​ទី​ពឹង» (ទំនុកតម្កើង ១៦:១)។

ខ​គម្ពីរ​មួយ​នេះ​បាន​ក្លាយ​ជា​ខ​គម្ពីរ​ដែល​ជា​លំនាំ​ទូទៅ​បំផុត​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ។ ខ្ញុំ​អធិស្ឋាន​សម្រាប់​ការ​ទាំង​ពីរ៖ ទាំង​ភាព​សាមញ្ញ និង​ភាព​ស៊ី​ជម្រៅ​របស់​ខ​នេះ។ តក្កវិទ្យា​នៃ​សេចក្ដី​អធិស្ឋាន​គឺ​ថា​ជា​ការ​និយាយ​ដូច​ជា​កូន​ក្មេង​ថា «សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង​ដោយ​មិន​មាន​ហេតុផល​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ថា ខ្ញុំ​មាន​គ្រោះ​ថ្នាក់ ហើយ​ខ្ញុំ​បាន​រត់​ទៅ​រក​អ្នក​ដើម្បី​ឲ្យ​ជួយ​នោះ​ទេ»។ «សូម​ថែរក្សា​ខ្ញុំ​ដោយ​សារ​ខ្ញុំ​បាន​រក​ឃើញ​សុវត្ថិភាព និង​ការ​ការពារ​នៅ​ក្នុង​អ្នក»។ មិន​មែន «រក្សា​ខ្ញុំ ដោយ​សារ​ពី​អតីតកាល និង​អនាគត​របស់​ខ្ញុំ​ស្មោះ​ត្រង់​នោះ​ទេ»។ មិន​មែន «ការពារ​ខ្ញុំ ដោយ​សារ​ខ្ញុំ​មាន​ប្រយោជន៍ ឬ​ដោយ​សារ​ខ្ញុំ​មាន​តម្លៃ​នោះ​ទេ» ។ ប៉ុន្តែ សូម​គ្រាន់​តែ «សូម​ការពារ​ខ្ញុំ ដោយ​សារ​ខ្ញុំ​ភ័យ​ខ្លាច ហើយ​ខ្ញុំ​បាន​មក​នៅ​ទីនេះ ហើយ​ភ្នែក​របស់​ខ្ញុំ​សម្លឹង​មើល​ទៅ​ឯ​អ្នក»។

ការ​មាន​ចិត្ត​ដូច​ជា​កូន​ក្មេង​នៅ​ក្នុង​សំណើ​អធិស្ឋាន​បែប​នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​បទ​ចម្រៀង​និពន្ធ​ដោយ​លោក ថូម៉ាស ខេន (Thomas Ken) ដែល​មាន​ចំណង​ជើង​ថា «ទំនុកតម្កើង​ពេល​ល្ងាច» “Evening Hymn” ដែល​យើង​បាន​បក​ប្រែ​ដូច​ខាង​ក្រោម​នេះ។

ព្រះ​អម្ចាស់​អើយ! គ្រប់​ទាំង​អស់​សរសើរ​ព្រះ​អង្គ​នៅ​យប់​នេះ
ដោយ​សារ​គ្រប់​ទាំង​ព្រះ​ពរ​នៃ​ពន្លឺ។
សូម​រក្សា​ទូល​បង្គំ ឱ​សូម​រក្សា​ទូល​បង្គំ ស្ដេច​លើ​អស់​ទាំង​ស្ដេច​អើយ
នៅ​ក្រោម​ស្លាប​ដ៏​មាន​អំណាច​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ។

ប៉ុន្តែ សេចក្ដី​អធិស្ឋាន​របស់​កូន​ក្មេង​មិន​ចាំ​បាច់​ជា​សេចក្ដី​អធិស្ឋាន​បែប​លេង​សើច​នោះ​ទេ។ ជា​ញឹកញាប់ វា​មាន​ជម្រៅ និង​ទម្ងន់​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​ដូច​នេះ ដែល​ធ្វើ​ឲ្យ​សេចក្ដី​អធិស្ឋាន​បែប​នេះ​សក្ដិសម​សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់​វ័យ។ សូម​គិត​ពិចារណា​ជា​មួយ​ខ្ញុំ​អំពី​ជម្រៅ​នៃ​សេចក្ដី​អធិស្ឋាន​ដ៏​សាមញ្ញ​មួយ​នេះ​ជា​មួយ​គ្នា។

ការ​ពារ​ខ្ញុំ​ពី​អ្វី?
សេចក្ដី​អធិស្ឋាន​របស់​ស្ដេច ដាវីឌ បង្ហាញ​ពី​គ្រោះ​ថ្នាក់​ដែល​យើង​ត្រូវ​តែ​ស្វែង​រក​ទី​ពឹង​ជ្រក។ មាន​ការ​គម្រាម​កំហែង គ្រោះ​ថ្នាក់ ការ​ប្រឆាំង​ពី​សត្រូវ និង​ឧបសគ្គ​ផ្សេងៗ។ ហើយ​វា​នៅ​មាន​នៅ​លើ​ផែន​ដី​នេះ នៅ​ក្នុង​ក្រុម​ជំនុំ ហើយ​ក៏​មាន​​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក​ ហើយ​និង​ខ្ញុំ​ដែរ។

កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​មិន​បាន​ប្រាប់​ឲ្យ​ជាក់​លាក់​អំពី​គ្រោះ​ថ្នាក់​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ យើង​អាច​ស្រមៃ​បាន។ គ្រោះ​ថ្នាក់​នោះ​អាច​ជា​គ្រោះ​ថ្នាក់​ដែល​មាន​នៅ​ខាង​ក្រៅ។ ខ្មាំង​សត្រូវ​ដែល​ជា​អ្នក​ចូល​រួម និង​រៀប​ចំ​ផែន​ការ​ក្បត់ និង​រៀប​ចំ​ដាក់​អន្ទាក់។ មនុស្ស​អាក្រក់​ដេក​រង់ចាំ ហើយ​ដេញ​តាម​មនុស្ស​ដែល​គ្មាន​កំហុស។ មនុស្ស​ភូតភរ និង​អ្នក​មួល​បង្កាច់​គេ​និយាយ​ពី​ការ​មិន​ពិត​ទាស់​ប្រឆាំង​និង​យើង។ រោគ និង​ជំងឺ​ដែល​ធ្វើ​ឲ្យ​យើង​ដុនដាប​ជាង​មុន។ ការ​ថយ​ចុះ​នៃ​សុខភាព និង​ការ​បាត់​បង់​ការងារ ឬ​ការ​ផ្សេងៗ​នៃ​ភាព​អសន្តិសុខ​នៅ​លើ​ផែន​ដី​នេះ។

ការ​ទាំង​អស់​នេះ (នៅ​មាន​ច្រើន​ទៀត) អាច​នៅ​ក្នុង​គំនិត​នៃ​អ្នក​និពន្ធ​កណ្ឌ​ទំនុកតម្កើង។ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​អវត្តមាន​នៃ​ភាព​ជាក់​លាក់​អនុញ្ញាត​ឲ្យ​យើង​បំពេញ​នៅ​ក្នុង​ចន្លោះ ក្នុង​ការ​ដាក់​គ្រោះ​ថ្នាក់ ការ​គម្រាម​កំហែង និង​ឧបសគ្គ​របស់​យើង​ចូល ដើម្បី​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​ស្ដេច ដាវីឌ បាន​ក្លាយ​ជា​សេចក្ដី​អធិស្ឋាន​របស់​យើង​ផ្ទាល់។

ស្វែង​រក​ទី​ពឹង​ជ្រក
ក្នុង​ការ​ប្រឈម​មុខ​ជា​មួយ​និង​គ្រោះ​ថ្នាក់ (មិន​ថា​គ្រោះ​ថ្នាក់​អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ​ក៏​ដោយ) ការ​ឆ្លើយ​តប​គឺ​នៅ​តែ​ដូច​គ្នា​ដដែល៖ យើង​ស្វែង​រក​ទី​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ​ជាម្ចាស់។ គោល​គំនិត​នៃ «ការ​ពឹង» គឺ​ជា​រឿង​ទូទៅ​នៅ​ក្នុង​បទ​គម្ពីរ។ វា​មាន​ន័យ​ថា ជា​ការ​ស្វែង​រក​ជម្រក ការ​ការពារ និង​មាន​សុវត្ថិភាព​នៅ​ក្នុង​អ្វី​មួយ។ នៅ​ពេល​ដែល​ព្រះ​អាទិត្យ​បញ្ចេញ​កម្ដៅ​ក្ដៅ​ខ្លាំង​មក​លើ​យើង យើង​ស្វែង​រក​ដើម​ឈើ ដើម្បី​ជ្រក​ក្រោម​ម្លប់​វា។ នៅ​ពេល​ដែល​មាន​ការ​គម្រាម​កំហែង​ពី​ព្យុះ​ភ្លៀង​យើង​ពឹង​ជ្រក​នៅ​ក្នុង​ផ្ទះ​ដ៏​កក់​ក្ដៅ។

រូប​ភាព​នេះ​សំដៅ​ទៅ​លើ​អ្នក​ដែល​ដេញ​តាម (ទំនុកតម្កើង ៧:២; ១៧:៧)។ ឧទាហរណ៍៖ ប្រសិន​បើ​បុរស​ម្នាក់​សម្លាប់​នរណា​ម្នាក់​ដោយ​អចេតនា ហើយ​គាត់​រត់​ភៀស​ខ្លួន​ទៅ​កាន់​ទី​ក្រុង​មួយ ដើម្បី​ពឹង​ជ្រក​នៅ​ទី​នោះ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​មក​សង​សឹក​ទៀត។ ឬ​ទីក្រុង​ស៊ីយ៉ូន ដែល​ព្រះ​យេហូវ៉ា​បាន​តាំង​ឡើង គឺ​ជា​ទី​ពឹង​ជ្រក​សម្រាប់​អស់​អ្នក​ដែល​គេ​ធ្វើ​បាប គឺ​ជា​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ (អេសាយ ១៤:៣២)។ ប្រសិន​បើ​មាន​នរណា​ម្នាក់​តម្រង់​ព្រួញ​បាញ់​មក​កាន់​យើង យើង​ប្រាកដ​ជា​យក​ខែល​មក​ការ​ពារ​ជា​មិន​ខាន។

ទី​ពឹង​ជ្រក​ជា​កម្ម​សិទ្ធិ​នៃ​ក្រុម​ពាក្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​កំណត់​ពី​ទី​កន្លែង​នៃ​ទី​ជម្រក និង​កម្លាំង។ កណ្ឌ​គម្ពីរ​ទំនុកតម្កើង​ជំពូក​១៨​ដាក់​ពាក្យ​បែប​នោះ​តាម​គ្នា​ម្ដង​មួយៗ។ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ថ្ម​ដា​ជា​បន្ទាយ ហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូល​បង្គំ គឺ​ជា​ព្រះ​នៃ​ទូល​បង្គំ ជា​ថ្ម​ដា​ដែល​ទូល​បង្គំ​យក​ជា​ទី​ពឹង ក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូល​បង្គំ ហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង» (ទំនុកតម្កើង ១៨:២)។

«នៅ​ពេល​ដែល​ឃើញ​ថា ​ភាព​គ្រប់​គ្រាន់​របស់​យើង​ជា​ការ​កុហក តើ​យើង​រត់​ទៅ​ណា?»

ការ​រក​បាន​ទី​ពឹង​ជ្រក​មាន​ន័យ​ថា ជា​ការ​ស្វែង​រក​កន្លែង​ដែល​យើង​អាច​ទុក​ចិត្ត​លើ​អ្នក​យាម​របស់​យើង​បាន ដែល​យើង​មិន​ចាំ​បាច់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ​ទេ។ ការ​រក​បាន​ទី​ពឹង​ជ្រក​មាន​ន័យ​ថា រក​បាន​ការ​សម្រាក ជា​កន្លែង​មួយ​ដែល​យើង​អាច​គេង​បាន​លក់​ស្រួល ដោយ​សារ​មាន​ម្នាក់​ដែល​ខ្លាំង​ជាង ហើយ​មាន​សុវត្ថិភាព​កំពុង​ការពារ​យើង។ រូប​ភាព​ផ្ដល់​ជា​អត្ថន័យ​នៃ​ពាក្យ​នោះ។ កូន​ក្មេង​រត់​គេច​ចេញ​ពី​ការ​ដែល​គេ​ធ្វើ​បាប បាន​យក​បង​ប្រុស​របស់​គាត់​ធ្វើ​ជា​ទី​ពឹង​ជ្រក។ កូន​មាន់​ដែល​ឭ​សំឡេង​ខ្លាំងៗ ចូល​ជ្រក​ក្រោម​ស្លាប​មេ​របស់​វា។ អស់​អ្នក​ដែល​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ដោយ​មាន​គេ​ដេញ​តាម​ធ្វើ​បាប និង​ព្យាយាម​រក​កន្លែង​ដែល​មាន​សុខ​សុវត្ថិភាព។

សេចក្ដី​អធិស្ឋាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ បាន​ចោទ​ជា​សំណួរ​ដ៏​ពិបាក​មួយ​មក​កាន់​យើង។ នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​និង​គ្រោះ​ថ្នាក់ និង​ការ​គម្រាម​កំហែង តើ​យើង​បែរ​ទៅ​ណា? នៅ​ពេល​ដែល​ឃើញ​ថា ភាព​គ្រប់​គ្រាន់​របស់​យើង​ជា​ការ​កុហក តើ​យើង​រត់​ទៅ​ណា? នៅ​ពេល​ដែល​យើង​ដឹង​អំពី​គ្រោះ​ថ្នាក់ នោះ​យើង​នឹង​ស្វែង​រក​ទី​ពឹង​ជ្រក។ ប៉ុន្តែ តើ​យើង​បាន​ស្វែង​រក​ទី​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ? តើ​យើង​បាន​រត់​ទៅ​រក​ព្រះ​អង្គ​ដែរ​ឬ​ក៏​អត់? តើ​យើង​បាន​ពួន​នៅ​ក្នុង​ព្រះ​អង្គ​ដែរ​ឬ​ទេ? ឬ​ក៏​យើង​រត់​ទៅ​រក​ទី​ជម្រក​របស់​លោកីយ៍ បន្ទាយ​របស់​លោកីយ៍ ឬ​ទៅ​ស្វែង​រក​រូប​ព្រះ​ណា​ផ្សេង​ទៀត?

សត្រូវ​ក្នុង​យើង
នៅ​លើ​ផែន​ដី​នេះ មាន​គ្រោះ​ថ្នាក់​នៅ​ខាង​ក្រៅ​ពិត​មែន។ ហើយ​នៅ​ពេល​ដែល​យើង​បាន​ប្រឈម​មុខ​នឹង​ពួក​វា យើង​គួរ​តែ​ស្វែង​រក​ការ​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ​ជាម្ចាស់ ហើយ​ស្រែក​អំពាវនាវ​ទៅ​កាន់​ព្រះ​អង្គ​ក្នុង​ការ​រក្សា​យើង។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​យល់​ឃើញ​ថា ការ​គម្រាម​កំហែង​ដ៏​ធំ​បំផុត​ក្នុង​ការ​រក្សា​ទុក និង​ការ​ការពារ​គឺ​មិន​មែន​ជា​ការ​ប្រឆាំង​ពី​ខាង​ក្រៅ​ដោយ​អ្នក​មិន​ជឿ ឬ​ការ​គម្រាម​កំហែង​ផ្នែក​រាង​កាយ ឬ​មាន​ទំនាស់​ផ្នែក​ទំនាក់​ទំនង​រវាង​មិត្តភក្ដិ និង​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា ឬ​ការ​និយាយ​បំភ្លៃ និង​ការ​មូល​បង្កាច់​នោះ​ទេ។ ការ​គម្រាម​កំហែង​ដ៏​ធំ​បំផុត​មក​កាន់​ការ​រក្សា​ទុក​គឺ​ជា​ការ​ដែល​ខ្ញុំ​មិន​មាន​ជំនឿ។ មិន​មែន​អ្វី​មួយ​នៅ​ទី​នោះ​នោះ​ទេ៖ មាន​អ្វី​មួយ​នៅ​ទី​នេះ។ ការ​មិន​មាន​ជំនឿ​គឺ​ជា​ការ​គម្រាម​កំហែង ជា​គ្រោះ​ថ្នាក់ ហើយ​ក៏​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​ដែល​ខ្ញុំ​ប្រឈម​មុខ​ជា​មួយ​ផង​ដែរ។ ដែល​នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​ខ្ញុំ​អធិស្ឋាន​ថា «ឱ​ព្រះ​អង្គ​អើយ សូម​ការពារ​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​យក​ទ្រង់​ជា​ទី​ពឹង» ខ្ញុំ​ចង់​មាន​ន័យ​ថា «ខ្ញុំ​យក​ទ្រង់​ជា​ទី​ពឹង​ជ្រក​ដោយ​បោះ​បង់​ខ្លួន​ឯង​ចោល»។ បោះ​បង់​ចោល​ពី​គំនិត​របស់​ខ្ញុំ ភាព​ត្រេក​ត្រអាល​របស់​ខ្ញុំ បំណង​ប្រាថ្នា​ដែល​ពេញ​ដោយ​អំពើ​បាប​របស់​ខ្ញុំ មន្ទិល​សង្ស័យ​របស់​ខ្ញុំ អារម្មណ៍​របស់​ខ្ញុំ និង​ការ​មិន​មាន​ជំនឿ​របស់​ខ្ញុំ។

លើស​ពី​នោះ​ទៅ​ទៀត ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ជា​ញឹកញាប់ កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ គឺ​មាន​ទាំង​ការ​ស្នើ​សុំ និង​ការ​បំពេញ​នៃ​សំណើ​នោះ។ នោះ​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​កំពុង​ឆ្លើយ​តប​សេចក្ដី​អធិស្ឋាន ក្នុង​ផ្នែក​ណា​មួយ​នៅ​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ។ ព្រះ​អង្គ​កំពុង​រក្សា​ខ្ញុំ​ទុក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ដើម្បី​ឲ្យ​ទ្រង់​អាច​រក្សា​ខ្ញុំ​ទុក។ ការ​អធិស្ឋាន​ផ្ទាល់​គឺ​កំពុង​បង្អាក់​គំនិត ភាព​ត្រេក​ត្រអាល បំណង​ប្រាថ្នា មន្ទិល​សង្ស័យ និង​អារម្មណ៍​របស់​ខ្ញុំ​ដែល​បាន​គម្រាម​កំហែង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ។

សូម​សង្គ្រោះ​ទូល​បង្គំ​ចេញ​ពី​ការ​មាន​មន្ទិល​សង្ស័យ
សូម​គិត​ពិចារណា​អំពី​របៀប​ដែល​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ បាន​បង្អាក់​មន្ទិល​សង្ស័យ។ នៅ​ទី​នេះ ខ្ញុំ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ សម្រាក និង​មាន​សង្ឃឹម​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ព្រះ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​គឺ​ជា​ការ​សន្មត​រស់​នៅ​ពី​ក្រោយ​ជីវិត និង​សកម្មភាព​របស់​ខ្ញុំ ហើយ​ព្រះ​បន្ទូល និង​ដំណឹង​ល្អ​របស់​ទ្រង់​នាំ​ឲ្យ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​ការ​ពិត។

បន្ទាប់​មក ការ​មាន​មន្ទិល​សង្ស័យ​បាន​ជ្រាប​ចូល​ក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ​ធម្មតា​នោះ។ ប្រហែល​សង្ស័យ​អំពី​សភាព​ដ៏​អស់​កល្ប​ជានិច្ច​របស់​ខ្ញុំ។ ឬ​ក៏​ប្រហែល​មាន​មន្ទិល​សង្ស័យ​អំពី​ការ​ពិត​របស់​ព្រះ​ជាម្ចាស់ និង​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ។ យើង​មាន​អារម្មណ៍​ថា មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ​ជីវិត​មាន​ការ​រង្គោះរង្គើ។ ការ​មាន​អារម្មណ៍​ថា ជំនឿ​មិន​រឹងមាំ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ឆ្ងល់​ថា​តើ​ព្រះ​ជាម្ចាស់​បាន​រក្សា​ខ្ញុំ​ទុក​ដែរ​ឬ​ទេ។ នៅ​ក្នុង​អំឡុង​ពេល​ទាំង​នោះ «សំណួរ​អំពី​ព្រះ​ជាម្ចាស់» ទាំង​អស់​អាច​ក្លាយ​ជា​ការ​សន្មត​បាន​យ៉ាង​ងាយ​ស្រួល។ ការ​មិន​មាន​ជំនឿ និង​ការ​មាន​មន្ទិល​សង្ស័យ​បាន​ក្លាយ​ជា​ឥរិយាបថ​លំនាំ​ដើម​នៃ​ព្រលឹង ហើយ​ការ​មាន​ចិត្ត​វិលវល់​ដែល​មិន​ចេះ​ចប់ កំពុង​ស្វែង​រក​ផ្លូវ​ចេញ។ បើ​និយាយ​ម៉្យាង​ទៀត​ថា ខ្ញុំ​កំពុង​តែ​ស្វែង​រក​ទី​ពឹង​ជ្រក។

ក្នុង​ខណៈ​ពេល​នោះ កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ គឺ​ជា​សេចក្ដី​អធិស្ឋាន​ផង និង​ជា​អត្ថន័យ​នៃ​ការ​សង្គ្រោះ​យើង​ចេញ​ផង។ សេចក្ដី​អធិស្ឋាន​នឹង​កំណត់​ឡើង​វិញ​នូវ​មន្ទិល​សង្ស័យ ហើយ​និង​សំណួរ​ទាំង​នោះ ពី​ព្រោះ​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ គឺ​ជា​ការ​ពិពណ៌នា និង​ការ​អនុម័ត។ ខ្ញុំ​មិន​បាន​គ្រាន់​តែ​ទូល​សូម​ឲ្យ​ព្រះ​អង្គ​រក្សា​ខ្ញុំ​​ទុក​ទេ ពីព្រោះ​ខ្ញុំ​បាន​ស្វែង​រក​ទី​ពឹង​ជ្រក​ក្រោម​ព្រះ​អង្គ​តាំង​ពី​មុន​មក​ហើយ។ ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ​ពឹង​ជ្រក​ក្រោម​ព្រះ​ជាម្ចាស់ ក្នុង​បច្ចុប្បន្ន​កាល ដោយ​ទូល​សូម​ឲ្យ​ព្រះ​អង្គ​រក្សា​ខ្ញុំ​ឥឡូវ​នេះ នៅ​បច្ចុប្បន្ន​នេះ។

នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​ក្នុង​ទំនុកតម្កើង ខ្ញុំ​ងាក​បែរ​ចេញ​ពី​ការ​គិត​អំពី​ព្រះ​ជាម្ចាស់​ដូច​ជា​អង្គ​រៀប​ផ្គុំ​ក្នុង​គំនិត​ពី​ការ​មាន​ទំនោរ​នៃ​ការ​មិន​មាន​ជំនឿ។ ផ្ទុយ​ទៅ​វិញ ក្នុង​នាម​ជា​មនុស្ស ខ្ញុំ​កំពុង​ទូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដោយ​បែរ​ចេញ​ពី​ជំហរ​នៃ​ការ​អស់​សង្ឃឹម ហើយ​មាន​ជំនឿ​ដូច​ជា​កូន​ក្មេង​វិញ។ ការ​មាន​ភាព​ខុស​គ្នា​នេះ​គឺ​សំខាន់​ណាស់។ ព្រះ​ជាម្ចាស់​មិន​មែន​ដូច​ជា​អង្គ​រៀប​ផ្គុំ ឲ្យ​យើង​យក​មក​ដាក់​ចូល​គ្នា​នោះ​ទេ ប៉ុន្តែ​ជា​អង្គ​ដែល​យើង​ត្រូវ​ស្វែង​រក។

ឱ ព្រះ​អម្ចាស់​អើយ! សូម​ការពារ​ទូល​បង្គំ
កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ បង្អាក់​សេចក្ដី​មន្ទិល​សង្ស័យ​របស់​ខ្ញុំ ដោយ​ដាស់​ខ្ញុំ​មក​កាន់​ការ​ពិត​ដែល​ថា យើង​មិន​ដែល​និយាយ​អំពី​ព្រះ​ជាម្ចាស់​នៅ​ពី​ក្រោយ​ខ្នង​របស់​ព្រះ​អង្គ​បាន​ឡើយ។ គំនិត និង​ការ​ប្រព្រឹត្តិ​របស់​យើង បំណង​ប្រាថ្នា និង​មន្ទិល​សង្ស័យ​របស់​យើង សំណួរ និង​អារម្មណ៍​របស់​យើង—គ្រប់​ការ​ទាំង​អស់​នេះ​គឺ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់ មុខ​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​អង្គ និង​នៅ​ឯ​ព្រះ​ហស្ត​ស្ដាំ​របស់​ទ្រង់។

សេចក្ដី​អធិស្ឋាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ គឺ​ជា​ការ​អធិស្ឋាន​ដែល​មាន​ជំនឿ ពីព្រោះ​ខ្ញុំ​ឈប់​ព្យាយាម​វែកញែក​អំពី​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​វត្តមាន​របស់​ព្រះ​អង្គ ប៉ុន្តែ​ជា​ការ​ទូល​ទៅ​កាន់​ព្រះ​អង្គ​ក្នុង​នាម​ជា​ព្រះ​វរបិតា​នៅ​ក្នុង​ព្រះ​វត្តមាន​របស់​ទ្រង់។ ហើយ​តាម​រយៈ​ការ​ដាស់​តឿន និង​ការ​បង្អាក់​នេះ ព្រះ​ជាម្ចាស់​ឆ្លើយ​តម​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ។ ព្រះ​អង្គ​រក្សា​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ស្វែង​រក​ទី​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់។

ប្រាកដ​ណាស់ កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ ក៏​មាន​ភាព​ស៊ី​ជម្រៅ​ដូច​ជា​វា​សាមញ្ញ ហើយ​ក៏​សាមញ្ញ​ដូច​ជា​វា​មាន​ភាព​ស៊ី​ជម្រៅ​ផង​ដែរ។ ព្រះ​ជាម្ចាស់​គឺ​ជា​ទីពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​នៅ​ពេល​ដែល​យើង​មាន​បញ្ហា។ ដូច្នេះ​ហើយ យើង​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក នៅ​ពេល​ដែល​លោក​អ្នក​ជួប​ប្រទះ​គ្រោះ​ថ្នាក់ ខ្មាំង​សត្រូវ ការ​ថប់​បារម្ភ ការ​ភ័យ​ខ្លាច មន្ទិល​សង្ស័យ និង​ការ​មិន​ជឿ សូម​យក​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១៦:១ ជា​សេចក្ដី​អធិស្ឋាន​របស់​លោក​អ្នក​ចុះ។

«ឱ​ព្រះ​អង្គ​អើយ សូម​ការពារ​ទូល​បង្គំ​ផង ដ្បិត​ទូល​បង្គំ​យក​ទ្រង់​ជា​ទី​ពឹង» (ទំនុកតម្កើង ១៦:១)។

និពន្ធដោយ៖ លោកគ្រូ Joe Rigney
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យានិង លោក ឯក​ ធីម៉ូថេ
ដកស្រង់ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ព្រះ​វិញ្ញាណ​បង្កើតភាព​រីក​រាយ

រស់​នៅ​ដោយ​ជីវិត​ថ្មី​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ