in ,

​ព្រះ​វិញ្ញាណ​បង្កើតភាព​រីក​រាយ

ខណៈ​ពេល​ដែល​យើង​អាន​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ឃើញ​មាន​ការ​ភ្ជាប់​គ្នា​យ៉ាង​ពិសេស​មួយ​រវាង​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​អំណរ។ ខ្ញុំ​នឹង​លើក​ឧទាហរណ៍​មួយ​ចំនួន​សម្រាប់​លោក​អ្នក។ លោក លូកា ប្រាប់​យើង​ពី​របៀប​ដែល​នៅ​ពេល​មួយ​ព្រះ​យេស៊ូវ «រីក​រាយ​ដោយ​ព្រះ​វិញ្ញាណ» (លូកា ១០:២១) ហើយ​សាវ័ក ប៉ុល បាន​ប្រាប់​យើង​ពី​របៀប​ដែល​គ្រីស្ទ​បរិស័ទ​នៅ​ទី​ក្រុង​ថែស្សាឡូនីច «បាន​ទទួល​ព្រះ​បន្ទូល ដោយ​សេចក្ដី​អំណរ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​កាល​ដែល​កំពុង​តែ​កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង»។ ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​សាវ័ក ប៉ុល ណែនាំ​យើង​ថា «ដ្បិត​នគរ​ព្រះ​មិន​សម្រេច​នឹង​ការ​ស៊ី ឬ​ផឹក​នោះ​ទេ គឺ​ស្រេច​នឹង​សេចក្ដី​សុចរិត សេចក្ដី​មេត្រី នឹង​សេចក្ដី​អំណរ ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ» (រ៉ូម ១៤:១៧)។

ខ្ញុំ​ហៅ​ការ​នេះ​ថា​ជា​ការ​ភ្ជាប់​គ្នា​យ៉ាង​ពិសេស និង​សក្ដិសម​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​បន្ថែម​ទៀត ដោយ​សារ​តែ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ដាក់​សេចក្ដី​អំណរ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​គូ ដែល​មិន​បាន​ចូល​រួម​ជា​មួយ​នឹង​សេចក្ដី​ស្រឡាញ់​ផ្សេង​ទៀត​សោះ។ ឧទាហរណ៍៖ យើង​មិន​បាន​អាន​ប៉ះ​ចំ​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​មាន «ទុក្ខ​ព្រួយ​នៃ [ឬ​ក្នុង] ព្រះ​វិញ្ញាណ​បរិសុទ្ធ» ឬ​ក៏ «ការ​មាន​កំហឹង​នៃ [ឬ​ក្នុង] ព្រះ​វិញ្ញាណ​បរិសុទ្ធ» នោះ​ទេ ទោះ​បី​ជា​វា​មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ដែល​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ព្រួយ​ព្រះ​ទ័យ (អេភេសូរ ៤:៣០) ហើយ​ក៏​ចេះ​ក្រោធ​ផង​ដែរ (រ៉ូម ១:១៨)។

ដូច្នេះ ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ភ្ជាប់​សេចក្ដី​អំណរ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​ឡែក​បែប​នេះ? ដើម្បី​ស្វែង​យល់​លើ​សំណួរ​មួយ​នេះ យើង​នឹង​មើល​ដោយ​សង្ខេប​ថា តើ​នរណា (និង​អ្វី) ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ តើ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​សម្រាប់​យើង​ក្នុង​ការ​មាន​បទ​ពិសោធន៍​ទទួល​បាន​សេចក្ដី​អំណរ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ផ្ដល់​អំណាច​ឲ្យ​មាន និង​តើ​វា​មាន​ភាព​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ។

ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​អំណរ
មុន​ពេល​ដែល​ខ្ញុំ​ព្យាយាម​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​ទៀត ខ្ញុំ​ចង់​លើក​ឡើង​នូវ​លក្ខខណ្ឌ​ពីរ​យ៉ាង​សិន។ ទីមួយ មាន​ពាក្យ​ពីរ​បី​ឃ្លា​ដែល​ខ្ញុំ​ចង់​ចែក​ចាយ​អំពី​ធម្មជាតិ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ខ្ញុំ​ជឿ​ថា​ជា​មូល​ដ្ឋាន​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​យល់​ដឹង​អំពី​សេចក្ដី​អំណរ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្កើត​ឲ្យ​មាន​នៅ​ក្នុង​យើង។

ទី​ពីរ វា​ជា​ការ​មាន​ប្រយោជន៍​ក្នុង​ការ​ចង​ចាំ​នៅ​ក្នុង​ចិត្ត​គំនិត​ថា នៅ​ពេល​ដែល​បទ​គម្ពីរ​ពណ៌នា​អំពី​បុគ្គលិក​លក្ខណៈ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដ៏​ជា​ព្រះ​ដាច់​ដោយ​ឡែក​ពី​ព្រះ​វរ​បិតា និង​ព្រះ​រាជ​បុត្រា (យ៉ូហាន ១៥:២៦) ព្រះ​គម្ពីរ​ក៏​បាន​ពណ៌នា​ទ្រង់​ថា​ជា​ព្រះ​វិញ្ញាណ​របស់​ព្រះ​វរបិតា (ម៉ាថាយ ១០:២០) និង​ជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​រាជ​បុត្រា​ផង​ដែរ (១ពេត្រុស ១:១១)។ មាន​កន្លែង​មួយ សាវ័ក ប៉ុល សំដៅ​ទៅ​លើ​ព្រះ​វិញ្ញាណ​តាម​របៀប​ព្រះ​ត្រៃ​ឯក​ទាំង​បី​នៅ​ក្នុង​ខគម្ពីរ​ចំនួន​បី​ខ (រ៉ូម ៨:៩-១១)។ ដូច​ដែល​យើង​បាន​និយាយ​អំពី​សេចក្ដី​អំណរ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​ត្រូវ​ចាំ​អំពី​ភាព​តែ​មួយ​របស់​ព្រះ​ជាម្ចាស់។

ឥឡូវ​នេះ ចូរ​យើង​ពិនិត្យ​មើល​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំពី​លក្ខណៈ​នៃ​ព្រះ​ត្រៃ​ឯក​ក្នុង​ការ​មាន​ទំនាក់ទំនង​ជា​មួយ​អំណរ។ ការ​លើក​ឡើង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដូច​ជា​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:១៦—«ព្រះ​ទ្រង់​ជា​តួ​សេចក្ដី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ»—មាន​ទេវវិទូ​ជា​ច្រើន​អ្នក​ចាប់​តាំង​ពី​លោក​គ្រូ អហ្គស្ទីន បាន​យល់​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ជា​សេចក្ដី​ស្រឡាញ់​ដ៏​រស់ ជា​តួ​សេចក្ដី​ស្រឡាញ់​ដែល​បាន​ហូរ​ចុះ​មក​រវាង​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា (យ៉ូហាន ១៧:២៦)។ លោក​គ្រូ ចន ផាបភ័រ (John Piper) បាន​លើក​ឡើង​នៅ​ក្នុង​របៀប​នេះ—ហើយ​បាន​កត់​ចំណាំ​នូវ​ការ​ភ្ជាប់​គ្នា​រវាង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់ និង​អំណរ​របស់​ព្រះ​អង្គ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដ៏​ជា​ព្រះ​គឺ​ជា​បុគ្គលិក​លក្ខណៈ​នៃ​ព្រះ​ដែល «កើត​មក» តាំង​ពី​អស់​កល្ប​ជានិច្ច​ពី​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​នៅ​ក្នុង​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ទ្រង់។ ហើយ​សេចក្ដី​ស្រឡាញ់​នេះ​មិន​មែន​ជា​សេចក្ដី​ស្រឡាញ់ «មេត្តា​ករុណា» ហាក់​បី​ដូច​ជា​ថា​ព្រះ​អង្គ​ត្រូវ​ការ​ការ​អាណិត​អាសូរ​នោះ​ទេ។ វា​ជា​សេចក្ដី​ស្រឡាញ់​ដ៏​គួរ​ឲ្យ​កោត​សរសើរ ពេញ​ចិត្ត និង​រីក​រាយ។ វា​គឺ​ជា​អំណរ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​សេចក្ដី​អំណរ​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​អង្គ។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ ព្រះ​អង្គ​មាន​ពេញ​ទៅ​ដោយ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា​មាន ហើយ​ថា​ព្រះ​អង្គ​មាន​បុគ្គលិក​លក្ខណៈ​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់​ផ្ទាល់។ ប៉ុន្តែ នោះ​មាន​ន័យ​ថា ព្រះ​អង្គ​មាន​ភាព​ច្រើន​ជាង មិន​មែន​តិច​ជាង​អំណរ​របស់​ព្រះ​ជាម្ចាស់​ទេ។

លោក​គ្រូ ផាបភ័រ ក៏​បាន​បន្ត​ផង​ដែរ​ថា «នេះ​មាន​ន័យ​ថា សេចក្ដី​អំណរ​គឺ​ជា​ចំណុច​ស្នូល។ ព្រះ​ជាម្ចាស់​ជា​តួ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​ក្នុង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​បំផុត​គឺ​ថា ព្រះ​ជាម្ចាស់​គឺ​ជា​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះ»។ ប្រសិន​បើ​ទិដ្ឋភាព​នៃ​ផ្នែក​ដ៏​សំខាន់​មួយ​អំពី​លក្ខណៈ​នៃ​ព្រះ​វិញ្ញាណ​ត្រង់​ថា «ព្រះ​អង្គ​ជា​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះ» ដែល​ត្រូវ​បាន​បើក​សម្ដែង​មក ការ​នោះ​នឹង​ជួយ​ឲ្យ​យើង​យល់​អំពី​ចំណុច​ដែល​បង្កើត​ឲ្យ​មាន​អំណរ ដែល​ទ្រង់​បង្កើត​ឲ្យ​មាន​នៅ​ក្នុង​យើង ជា​អំណរ​ខុស​ប្លែក​ពី​អំណរ​ផ្សេងៗ​ទៀត។

សេចក្ដី​អំណរ​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​យើង
នៅ​ពេល​ដែល​យើង​មាន​បទ​ពិសោធន៍​ជា​មួយ​សេចក្ដី​អំណរ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​ភ្លក់​សេចក្ដី​អំណរ​ដែល​ជា​ចំណុច​ស្នូល​នៃ​ការ​ពិត​ចុង​ក្រោយ។ ដ្បិត​នៅ​ពេល​ដែល​យើង​បាន​កើត​ជា​ថ្មី​ម្ដង​ទៀត​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (យ៉ូហាន ៣:៦-៧) នោះ​យើង​ទទួល​បាន​អំណោយ​ដ៏​ហួស​ប្រមាណ អស្ចារ្យ ការ​ផ្ដល់​អំណាច និង​ជា​កាដូ និង​អំណោយ​ដ៏​មិន​អាច​កាត់​ថ្លៃ​បាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​គង់​នៅ​ក្នុង​យើង ដូច​ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ថា៖

«នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ​វរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​លោកីយ៍​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ» (យ៉ូហាន ១៤:១៦-១៧)។

ហើយ​នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ក្នុង​យើង នោះ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​ក៏​គង់​ក្នុង​យើង​ដែរ—ហើយ​យើង​ក៏​នៅ​ក្នុង​ទ្រង់ (យ៉ូហាន ១៧:២០-២១)៖

«បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះ​វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ដែរ» (យ៉ូហាន ១៤:២៣)។

ដោយ​សារ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​គ្រប់​ទាំង​អស់​អំពី​ព្រះ​វិញ្ញាណ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន១៤-១៦ ឥឡូវ​យើង​ដឹង​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ក្លាយ​ជា​កត្តា​យ៉ាង​សំខាន់​នៅ​ក្នុង​អ្វី​ដែល​ព្រះ​អង្គ​ចង់​មាន​ន័យ​នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល៖

«ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង» (យ៉ូហាន ១៥:១១)។

តាម​រយៈ​អ្នក​ជំនួយ​ដ៏​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​គង់​នៅ​ក្នុង​យើង នោះ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​យើង​អាច​នៅ​ជាប់​ក្នុង​ព្រះ​រាជ​បុត្រា (យ៉ូហាន ១៥:៤-៥) ជា​ផ្លូវ​តែ​មួយ​គត់​ដែល​ព្រះ​រាជ​បុត្រា និង​ព្រះ​វរបិតា​អាច​ជាប់​ក្នុង​យើង​បាន (យ៉ូហាន ១៤:២៣) ជា​ផ្លូវ​តែ​មួយ​គត់​ដែល​ព្រះ​បន្ទូល​របស់​ព្រះ​រាជ​បុត្រា​ពិត​ជា​អាច​នៅ​ក្នុង​យើង​បាន (យ៉ូហាន ១៥:១៧) ហើយ​របៀប​តែ​មួយ​គត់​ដែល​សេចក្ដី​អំណរ​របស់​ព្រះ​រាជ​បុត្រា​នៅ​ក្នុង​ព្រះ​វរបិតា និង​សេចក្ដី​អំណរ​របស់​ព្រះ​វរ​បិតា​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​អាច​មាន​នៅ​ក្នុង​យើង​បាន។

នេះ​គឺ​ជា​មូល​ហេតុ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា ការ​មាន​បទ​ពិសោធន៍​របស់​យើង​ជា​មួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រៀប​ដូច​ជា​ការ​មាន «ទន្លេ​ទឹក​រស់» នៅ​ក្នុង​យើង​ដែរ (យ៉ូហាន ៧:៣៨-៩៣)។ ព្រះ​វិញ្ញាណ​មាន​នៅ​ក្នុង​ប្រភព​នៃ​ក្ដី​អំណរ​ក្នុង​ព្រះ​ជាម្ចាស់​ដែល​យើង​មាន​បទ​ពិសោធន៍ «រស់​នៅ​ដោយ​សេចក្ដី​ជំនឿ​ក្នុង​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់» (កាឡាទី ២:២០)។

សេចក្ដី​អំណរ​នៃ​ការ​មាន​ជំនឿ
ការ​នេះ​នាំ​យើង​មក​ដល់​បទ​ពិសោធន៍​យ៉ាង​ពិសេស​មួយ​នៃ​សេចក្ដី​អំណរ​ដែល​គ្រីស្ទ​បរិស័ទ​ម្នាក់​មាន​បទ​ពិសោធន៍​ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​យុគ​សម័យ​នេះ។ យើង​ឃើញ​មាន​ពាស​ពេញ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ប៉ុន្តែ​សាវ័ក ប៉ុល បាន​ក្ដោប​អត្ថន័យ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៥:១៣៖

«ឥឡូវនេះ សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ នឹង​សេចក្ដី​សុខសាន្ត​ដ៏​ពោរពេញ ដោយ​សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។

សាវ័ក ប៉ុល បាន​ពណ៌នា​ពី​មូល​ហេតុ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​អំណាច សេចក្ដី​អំណរ​ដែល​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម​៥៖

ដោយ​សារ​យើង​បាន​រាប់​ជា​សុចរិត​តាម​រយៈ​សេចក្ដី​ជំនឿ នោះ​យើង​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​នៃ​យើង។ តាម​រយៈ​ព្រះ​អង្គ​យើង​ទទួល​បាន​សិទ្ធ ដោយ​សេចក្ដី​ជំនឿ ក្នុង​ការ​ចូល​ទៅ​កាន់​ព្រះ​គុណ​នេះ​ដែល​យើង​មាន ហើយ​យើង​មាន​ភាព​អរ​សប្បាយ​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​នៃ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់….ហើយ​សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខ្មាស​ឡើយ ពីព្រោះ​ព្រះ​អង្គ​បាន​ចាក់​សេចក្ដី​ស្រឡាញ់​ចូល​ក្នុង​ដួង​ចិត្ត​របស់​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ទ្រង់​បាន​ប្រទាន​មក​កាន់​យើង (រ៉ូម ៥:១-២, ៥)។

ហើយ​សាវ័ក ពេត្រុស បាន​ពណ៌នា​អំពី​សេចក្ដី​អំណរ​ដែល​បាន​កើត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ជា​មួយ​ព្រះ​យេស៊ូវ​ដែល​យើង​មិន​ទាន់​មើល​ឃើញ​នៅ​ឡើយ៖

«ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក​អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង» (១ពេត្រុស ១:៨-៩)។

នេះ​គឺ​ជា​របៀប​ដែល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ពណ៌នា​អំពី​អំណរ​ដែល​យើង​ទទួល​បាន​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ៖ សេចក្ដី​សង្ឃឹម​នៅ​ក្នុង​សិរីល្អ​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ដែល​យើង​ទទួល​បាន​ដោយ​សេចក្ដី​ជំនឿ បំពេញ​យើង​ដោយ​អំណរ​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​ព្រះ​វិញ្ញាណ។

ព្រះ​អង្គ​កំពុង​ទត​មើល​ព្រះ​វរបិតា ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ សម្ដែង​ដំណឹង​ល្អ​នៃ​នគរ​ស្ថានសួគ៌​ទៅ​កាន់ «កូន​ក្មេង» ហើយ​បំពេញ​ពួក​គេ​ជា​មួយ​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​សិរីល្អ​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ទទួល​ជឿ ដែល​ការ​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេស៊ូវ «រីក​រាយ​ដោយ​ព្រះ​វិញ្ញាណ» (លូកា ១០:២១)។ វា​ជា​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​សិរីល្អ​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​ពួក​គេ​ដែល​បាន​បំពេញ​សាសន៍​ដទៃ​ដែល​ជា​សិស្ស «ដោយ​សេចក្ដី​អំណរ ហើយ​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ» នៅ​ពេល​ដែល​ពួក​គេ​បាន​ជឿ​ដំណឹង​ល្អ (កិច្ចការ ១៣:៥២)។ ហើយ​វា​ជា​សេចក្ដី​សង្ឃឹម​នៅ​ក្នុង​សិរីល្អ​នៃ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​ពួក​គេ​ដែល​បាន​បំពេញ​ក្រុម​ជំនុំ​ថែស្សាឡូនីច «អំណរ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ» នៅ​ពេល​ដែល​ពួក​គេ​ទទួល​ជឿ​លើ​ដំណឹង​ល្អ ទោះ​បី​ជា​ពួក​គេ​ទទួល​បាន​ការ «កើត​ទុក្ខ​លំបាក​ជា​ខ្លាំង​ផង» (១ថែស្សាឡូនីច ១:៦-៧)។

ការ​សង្វាត​ដេញ​តាម​ក្នុង​ការ​ស្វែង​រក​សេចក្ដី​អំណរ
ចេញ​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន និង​ការ​សង្កេត​មើល យើង​ដឹង​ថា គ្រីស្ទ​បរិស័ទ​គ្រប់​រូប​មិន​មែន​សុទ្ធ​តែ​មាន​ពេញ​ដោយ​អំណរ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នោះ​ទេ។ ចំណុច​ដែល​ថា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​ករណី​ជាក់​លាក់​នៅ​ពេល​ដែល​អ្នក​ជឿ​ទទួល​បទ​ពិសោធន៍​នៃ​ការ​មាន​អំណរ​នេះ​បង្ហាញ​ថា គ្រីស្ទ​បរិស័ទ​សម័យ​ដំបូង​ក៏​មិនមែន​សុទ្ធ​តែ​មាន​អំណរ​ផង​ដែរ។

ប៉ុន្តែ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា «សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះ​វិញ្ញាណ​បរិសុទ្ធ» គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​នគរ​របស់​ព្រះ​ជាម្ចាស់ (រ៉ូម ១៤:១៧)។ វា​គឺ​ជា​អ្វី​មួយ​ដែល​យើង​បន្ត​ស្វែង​រក។ ដ្បិត​សេចក្ដី​អំណរ​ជា​ចំណុច​ស្នូល ហើយ​ប្រសិន​បើ​ព្រះ​វិញ្ញាណ​គង់​នៅ​ក្នុង​យើង នោះ​យើង​មាន​ព្រះ​អង្គ​ដែល​ជា​សេចក្ដី​អំណរ​ដ៏​ខ្ពង់ខ្ពស់​បំផុត​គង់​នៅ​ក្នុង​យើង​ដែរ។ ដូច្នេះ ក្នុង​ការ​មាន​បទ​ពិសោធន៍​ជា​មួយ​អំណរ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​ជា​ការ​មាន​បទ​ពិសោធន៍​ជា​មួយ​អំណរ​នៃ​ការ «ចាប់​យក​បាន​ជីវិត​អស់​កល្ប​ជានិច្ច» ដែរ (១ធីម៉ូថេ ៦:១៩)។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​បទ​ពិសោធន៍​នៃ​អំណរ​ដែល​មិន​អាច​ចុះចាញ់​បាន។ ដ្បិត​គេ​មិន​អាច​បំផ្លាញ​សេចក្ដី​អំណរ​ដែល​បាន​ប្រទាន​អំណាច​ដោយ​ព្រះ​វិញ្ញាណ​នេះ​ដោយ ការ​បៀតបៀន (កូឡូស ១:២៤) ការ​រង​ទុក្ខ (រ៉ូម ៥:៣-៤) សេចក្ដី​ល្បួង​ផ្សេងៗ (១ពេត្រុស ១:៦-៧) សេចក្ដី​ព្រួយ (២កូរិនថូស ៦:១០) ឬ​ជា​ការ​ថ្កោល​ទោស​រហូត​ដល់​ស្លាប់​នោះ​ទេ (ភីលីព ១:២១)។ ជា​ការ​ពិត​ណាស់ វា​ជា​សេចក្ដី​សង្ឃឹម​នៃ​អំណរ​មួយ​នេះ​ដែល​មាន​នៅ​មុខ​ពួក​យើង​ដែល​ជួយ​យើង ដូច​ជា​ព្រះ​យេស៊ូវ បាន​ស៊ូ​ទ្រាំ និង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង ការ​រង​ទុក្ខ និង​សេចក្ដី​ស្លាប់​ដែរ (ហេព្រើរ ១២:២)។ ហើយ​នេះ​ក៏​ដោយ​សារ​អំណរ​របស់​ព្រះ​ជាម្ចាស់​មួយ​គឺ​ជា​អំណរ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច—វា​នឹង​រួច​ផុត​ពី​សេចក្ដី​ស្លាប់ និង​មាន​តែ​កើន​ឡើង​នៅ​ក្នុង​យើង​ដល់​អស់​កល្ប​ជានិច្ច (ទំនុកតម្កើង ១៦:១១; ម៉ាកុស ១០:២១)។ ជា​ការ​ពិត​ណាស់ វា​ជា​សេចក្ដី​សង្ឃឹម​នៃ​អំណរ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​នៅ​មុខ​យើង ដែល​យើង​កាន់​ដោយ​សេចក្ដី​ជំនឿ ដែល​ធ្វើ​ឲ្យ​យើង «លើស​ពី​អ្នក​មាន​ជ័យ​ជម្នះ» លើ​គ្រប់​ទាំង​ឧបសគ្គ​ទាំង​ឡាយ​ណា​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ (រ៉ូម ៨:៣៥-៣៩)។

ហេតុ​ដូច្នេះ​ហើយ «សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ [យើង] បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ នឹង​សេចក្ដី​សុខសាន្ត​ដ៏​ពោរពេញ ដោយ​សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ [យើង] បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។

​និពន្ធដោយ៖ លោកគ្រូ Jon Bloom
បកប្រែដោយ៖ លោក ខែម បូឡុង
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យានិង លោក ឯក​ ធីម៉ូថេ
ដកស្រង់ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មរដកមកពីព្រះ

សូម​សង្គ្រោះ​ទូល​បង្គំ​ចេញ​ពី​ខ្លួន​ឯង