លោក ចន កាល់វិន បានលើកឡើងថា «មិនគួរមានអ្វីមួយមករំខានដល់សេចក្ដីអំណររបស់យើង ក្នុងទុក្ខលំបាកនោះឡើយ» ។ ហេតុផលដែលលោក កាល់វិន បានលើកឡើងនេះប្រហែលជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលសម្រាប់លោកអ្នកនោះទេ។ ប៉ុន្តែ អ្វីដែលលោកអ្នកប្រហែលជាមិនបានដឹងអំពីជីវិតរបស់លោក កាល់វិន នោះគឺថា គាត់បានរងទុក្ខដោយជំងឺហឺតរ៉ាំរ៉ៃ ឈឺចាប់មួយចំហៀងក្បាល រលាកសួត គ្រោះក្នុងតម្រងនោម ឫសដូងបាត គ្រោះក្នុងប្រមាត់ រលាកសន្លាក់ធ្ងន់ធ្ងរ និងផ្ដាសាយជាប្រចាំអមជាមួយនឹងក្ដៅខ្លួនខ្លាំង។ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យគាត់ជួបប្រទះនឹងទុក្ខលំបាកយ៉ាងខ្លាំង។
ពេលខ្លះ ដោយហេតុផលមួយចំនួនលោក កាល់វិន ទទួលបានការរិះគន់ច្រើនជាងការដែលគាត់ស័ក្ដិសមនឹងទទួល។ តាមពិតទៅ អ្នកគាំទ្រគាត់ប្រហែលជាផ្ដល់កិត្តិយសឲ្យលោកច្រើនខ្លាំងពេកបន្តិចហើយ។ ប៉ុន្តែ ការនិយាយថា មានអ្នកស្អប់លោក កាល់វិន ច្រើនគឺមិនទាន់ល្មមផង។ ខ្ញុំបានឮគេនិយាយអំពីគាត់ថា គាត់សោះកក្រោះ ហើយឃោរឃៅ ជាពិសេសនៅក្នុងការនិពន្ធរបស់គាត់។ តើវាជាការពិតមែនឬ? បើលោកអ្នកចំណាយពេលសិក្សាការនិពន្ធរបស់គាត់ នោះលោកអ្នកនឹងឃើញថា គាត់គឺជាបុគ្គលដែលមានអំណរម្នាក់។
សូមរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ
លោកអ្នកប្រហែលជាអានខគម្ពីរនេះមួយពាន់ដងរួចមកហើយ ប៉ុន្តែសូមអានវាម្ដងទៀត បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវ «រាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ» (យ៉ាកុប ១:២)។
លោក យ៉ាកុប មិនមែននិយាយថា «គ្រីស្ទបរិស័ទនឹងរួចផុតពីការឈឺចាប់» នោះទេ។ ទេ! ជំនួសវិញ លោក យ៉ាកុប បង្រៀនអ្វីមួយដែលខុសប្លែកពីការបង្រៀនរបស់សាសនាធំៗផ្សេងទៀត៖ គ្រីស្ទបរិស័ទត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ នៅពេលដែលការល្បងលមកដល់។ ហេតុអ្វី?
លោក យ៉ាកុប ឆ្លើយនឹងសំណួរនេះនៅខបន្ទាប់ «ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន។ ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ» (យ៉ាកុប ១:៣-៤)។
អ្នកអានដែលលោក យ៉ាកុប សរសេរទៅកាន់ ពួកគាត់កំពុងតែតយុទ្ធជាមួយនឹងការល្បងលផ្សេងៗជាច្រើនប្រភេទដូចជា ការបែកបាក់នៅក្នុងក្រុមជំនុំ សេចក្ដីល្បួងនៃសាច់ឈាម និងការបៀតបៀន។ល។ ចំពោះអស់អ្នកដែលលោកសរសេរទៅកាន់នោះ ជីវិតរបស់ពួកគាត់គឺកំពុងតែពិបាកណាស់។ ប្រហែលជាលោកអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នានេះដែរ។ ប្រហែលក្នុងស្ថានភាពនេះ លោកអ្នកក៏កំពុងតែជួបប្រទះនឹងសេចក្ដីល្បងលផ្សេងៗផងដែរ។ អ្វីមួយដែលខុសប្លែកអំពីជំនឿគ្រីស្ទបរិស័ទនោះ គឺគ្រីស្ទបរិស័ទអាចរាប់ការឈឺចាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ។
នៅក្នុងស្ថានភាពពិបាកៗ ព្រះជាម្ចាស់បង្ហាញ និងដករូបព្រះ (រូបសំណាក) ក្នុងជីវិតយើងចេញ ហើយឲ្យយើងពឹងអាងលើព្រះអង្គវិញ។ ព្រះជាម្ចាស់ធ្វើឲ្យលោកអ្នកកាន់តែមានលក្ខណៈដូចព្រះគ្រីស្ទ ហើយជាលទ្ធផល នោះលោកអ្នកអាចមានអំណរបាន។
នៅក្នុងសៀវភៅអត្ថាធិប្បាយមួយរបស់លោក កាល់វិន គាត់បាននិយាយពីខនេះថា «ព្រះជាម្ចាស់ឲ្យយើងប្រឈមមុខក្នុងស្ថានភាពលំបាកៗជាច្រើន ព្រោះតែសេចក្ដីលោភ កំហុសឆ្គង សម្អប់ ភាពជិនឆ្អន់ កំហឹងមួម៉ៅ ការស្រឡាញ់របស់នៃលោកីយ៍ និងសេចក្ដីសម្រើបសម្រាលផ្សេងៗដែលយើងនៅជាប់ គឺយើងមិនអាចព្យាបាលឲ្យជាដោយថ្នាំណាមួយបាននោះឡើយ»។
ក្នុងព្រះប្រាជ្ញាញាណរបស់ទ្រង់ ព្រះជាម្ចាស់ជ្រាបថាយើងត្រូវការសេចក្ដីល្បងលជាច្រើន ដើម្បីបន្សុទ្ធផ្នែកមួយចំនួននៃជីវិតរបស់យើង។
លោក កាល់វិន បន្តទៀតថា «ប្រាកដណាស់ នៅក្នុងគ្រប់ញាណទាំងឡាយនៃលក្ខណៈរបស់យើង វាបានរចនាឡើង។ គ្រប់ទាំងសេចក្ដីល្បងលបានបង្កើតឲ្យយើងមានសេចក្ដីទុក្ខសោក និងក្រៀមក្រំ…ប៉ុន្តែ ការនេះមិនបានរារាំងកូនៗនៃព្រះ ដោយការដឹកនាំនៃព្រះវិញ្ញាណ មិនឲ្យក្រោកឡើងចេញពីការរងទុក្ខខាងឯសាច់ឈាមនោះឡើយ។ ហេតុនោះហើយ ទោះបើពួកគាត់ស្ថិតនៅក្នុងបញ្ហាក៏ដោយ ក៏ពួកគាត់មិនឈប់មានអំណរដែរ»។
អ្វីមួយដែលខ្ញុំចូលចិត្តអំពីលោក កាល់វិន គឺថាលោកជាមនុស្សប្រាកដនិយម។ លោកដឹងថា ការរងទុក្ខគឺលំបាក ដ្បិតលោកក៏បានឆ្លងកាត់យ៉ាងក្រាស់ក្រែលផងដែរ។ លោកយល់ពីការឈឺចាប់នៃរដូវកាលពិបាកៗ។ ប៉ុន្តែ ខ្ញុំចូលចិត្តអ្វីដែលគាត់បានលើកទឹកចិត្តយើងថា យើងអាចមានអំណរបានខណៈពេលដែលយើងកំពុងប្រឈមមុខនឹងសេចក្ដីល្បងល។ តាមពិតទៅ ព្រះជាម្ចាស់បានបង្គាប់ឲ្យយើងធ្វើដូច្នោះ (ភីលីព ៤:៤)។
នៅពេលសេចក្ដីល្បងលមកដល់ យើងយំយែក ត្រសិត កើតទុក្ខព្រួយ ហើយដង្ហោយហៅព្រះជាម្ចាស់។ វាពិតជាឈឺចាប់ ប៉ុន្តែដូចដែលលោក កាល់វិន បានលើកឡើង វាមិនមែនគ្មានអំណរនោះទេ។ ដោយជំនួយនៃព្រះវិញ្ញាណបរិសុទ្ធ លោកអ្នកអាចមានអំណរ ហើយអាចរាប់ការរងទុក្ខរបស់លោកអ្នកថាជាសេចក្ដីអរវិញបាន មិនត្រឹមតែនៅពេលដែលលោកអ្នកបានឆ្លងផុតស្ថានភាពពិបាកៗនោះឡើយ ប៉ុន្តែនៅអំឡុងពេលដែលយើងឆ្លងកាត់ផ្ទាល់ដែរ។ លោកអ្នកអាចមានសេចក្ដីអំណរនៅពេលឥឡូវនេះបាន។
ជាចុងក្រោយលោក កាល់វិន បានបន្ថែមចំណុចមួយទៀតថា៖ «នៅពេលដែលលោក [យ៉ាកុប] ប្រាប់ឲ្យយើងរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញនោះ វាហាក់បីដូចជាគាត់បាននិយាយថា សេចក្ដីល្បួងគួរតែជាអ្វីមួយ ដែលជួយឲ្យយើងចម្រើនឡើង ជាឱកាសក្នុងការផ្ដល់ឲ្យយើងមានអំណរ។ សរុបមក លោកមានន័យថា មិនគួរមានអ្វីមួយមករំខានដល់សេចក្ដីអំណររបស់យើង ក្នុងទុក្ខលំបាកនោះឡើយ» ។
តើលោក កាល់វិន បានអនុវត្តអ្វីដែលគាត់បង្រៀនដែរឬទេ?
ជិត៩ឆ្នាំ ក្រោយពីគាត់បានរៀបការ នោះលោកស្រី អ៊ីតាលីត ( Idelette) ដែលជាប្រពន្ធរបស់គាត់ក៏បានស្លាប់។ លោកមិនបានយកប្រពន្ធមួយទៀតទេ។ ហើយលោកក៏មិនមានកូនចៅនោះដែរ។ នៅក្នុងជីវប្រវត្តិរបស់លោក ចន កាល់វិន លោក ប៊្រូស ហ្កឌិន ( Bruce Gordon) បានកត់ត្រាយ៉ាងត្រឹមត្រូវថា លោក កាល់វិន មានចំណុចខ្វះខាតជាច្រើន ប៉ុន្តែលោក កាល់វិន មិនមែនជាមនុស្សឃោរឃៅ ហើយរឹងរូសដូចជាអ្វីដែលគូបដិបក្ខរបស់លោកបាននិយាយអំពីលោកនោះឡើយ។ តាមពិតទៅ មរណៈភាពនៃប្រពន្ធរបស់លោកសឹងតែធ្វើឲ្យលោកឆ្កួតទៅហើយ។
គាត់បានអធិស្ឋានថា «ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានទ្រទ្រង់ដល់ខ្ញុំ សូម្បីតែនៅក្នុងពេលមានទុក្ខលំបាកជាខ្លាំង ដែលអាចធ្វើឲ្យខ្ញុំចុះចាញ់ ប្រសិនបើព្រះអង្គមិនបានលូកព្រះហស្តទ្រង់ពីស្ថានសួគ៌ ដើម្បីលើកឲ្យខ្ញុំក្រោកឈរវិញ ដើម្បីប្រទានកម្លាំងដល់មនុស្សទន់ខ្សោយ និងដើម្បីឲ្យអ្នកមានទុក្ខព្រួយបានស្រស់ស្រាយឡើងវិញនោះទេ»។
លោក កាល់វិន អាចមានអំណរខណៈពេលដែលគាត់កំពុងមានទុក្ខលំបាក និងការឈឺចាប់យ៉ាងខ្លាំងបំផុតបាន។
ព្រះជាម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់លោក កាល់វិន។ លោក កាល់វិន មិនត្រឹមតែសរសេរពីសេចក្ដីអំណរដោយព្រោះតែវាជាអ្វីដែលគាត់គួរសរសេរនោះទេ។ លោកសរសេរពីអំណរ ពីព្រោះវាជាអ្វីដែលលោកបានឃើញនៅក្នុងព្រះគម្ពីរ ហើយបានមានបទពិសោធន៍ក្នុងជីវិតលោកផ្ទាល់។
លោក កាល់វិន ជាមនុស្សមានឥទ្ធិពលម្នាក់ ប៉ុន្តែក៏ជាម្នាក់ដែលជួបសេចក្ដីល្បងលយ៉ាងច្រើនផងដែរ។ មកដល់សព្វថ្ងៃនេះ មានមនុស្សជាច្រើននៅតែចោទប្រកាន់គាត់ថា គាត់បានដុតមនុស្សឲ្យស្លាប់ទាំងរស់។ ជាញឹកញាប់ លោកទទួលរងសំពាធ និងការបំពានពីសំណាក់ចៅហ្វាយក្រុង ដែលព្យាយាមគ្រប់គ្រងលើក្រុមជំនុំដែលលោកកំពុងមើលការខុសត្រូវ។ ហើយប្រាកដណាស់ ក្រោយពីគាត់បានស្លាប់ទៅហើយ គាត់មិនដែលបានដឹងសោះឡើយថា ហេតុអ្វីបានជាគូបដិបក្ខរបស់គាត់យកឈ្មោះរបស់លោកដាក់ឲ្យឆ្កែរបស់គេនោះឡើយ។ លោក កាល់វិន មិនត្រូវការដឹងពីគ្រប់ «ហេតុផល» នៅពីក្រោយគ្រប់ទាំងសេចក្ដីល្បងលនោះឡើយ។ ចំពោះលោក កាល់វិន សេចក្ដីល្បងល គឺជាឱកាសសម្រាប់ការមានអំណរវិញ។ សម្រាប់គាត់ វាល្មមហើយក្នុងការដឹងថា គ្រប់សេចក្ដីល្បងលផ្សេងៗសុទ្ធតែមកពីព្រះជាម្ចាស់ ដើម្បីផ្សំគ្នាឡើងសម្រាប់សេចក្ដីល្អដល់យើង។ ដូចលោកធ្លាប់បានលើកឡើងម្ដងថា «ឱព្រះអម្ចាស់អើយ បើព្រះហស្តទ្រង់ទាស់នឹងទូលបង្គំ សូមឲ្យទូលបង្គំអាចដឹងផងថា នោះជាព្រះហស្ដទ្រង់»។
មតិយោបល់
Loading…