in , , ,

រៀន​អត់​ទោស

លោក​ស្រី សូសាណា ហ្សេសេ (Susanne Geske) បាន​បង្ហោះ​ព័ត៌មាន​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អន្តរជាតិ​យ៉ាង​ខ្លាំង​នៅ​ពេល​ព្រឹក​មួយ បន្ទាប់ពី​បុរស​មូស្លីម​ប្រាំ​មួយ​នាក់​បាន​ចាប់​ចង​ប្ដី​​នាង និង​ធ្វើ​ទារុណ​កម្ម​រហូត​ដល់​ស្លាប់ ដោយ​សារ​តែ​គាត់​ជា​គ្រីស្ទ​បរិស័ទ។ បន្ទាប់​ពី​ចាក​ចេញពី​ប៉ុស្តិ៍​ប៉ូលិស នាង​បាន​បង្ហោះ​សារ​មួយ​ថា «ខ្ញុំ​អត់​ទោស ដល់​អស់​អ្នក​ដែល​បាន​សម្លាប់​ប្ដី​ខ្ញុំ​ដូច​ជា​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​អស់​អ្នក​ដែល​បាន​ឆ្កាង​ទ្រង់​ដែរ។ “ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ទោស​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”»។ បន្ទាប់​ពី​នាង​បាន​បង្ហោះ​សារ​នោះ​រួច​មក មាន​គេ​ហៅ​ទូរស័ព្ទ និង​ផ្ញើ​សំបុត្រ​រាប់​ពាន់​ទៅ​កាន់​ការ​ចាក់​ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ប្រទេស​ទួរគី សួរ​រក​ព័ត៌មាន​បន្ថែម​អំពី​របៀប​ផ្លាស់ប្ដូរ​ពី​សាសនា​ឥស្លាម​ទៅ​ជា​សាសនា​គ្រីស្ទ​វិញ។

ភាគ​ច្រើន យើង​មិន​មាន​ប្ដី ឬ​ប្រពន្ធ​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ដោយ​កង​ទ័ព​បដិវត្តន៍​នោះ​ទេ។ ប៉ុន្តែ យើង​អាច​នឹង​រង​គ្រោះ​មិន​ថា​តិច (ឬ​ច្រើន) ដូច​ជា៖ យើង​ប្រហែល​ជា​ត្រូវ​គេ​ធ្វើ​បាប​នៅ​កន្លែង​ធ្វើ​ការ​ជា​ដើម។ មិត្ត​ភក្ដិ​ខ្លះ​អាច​ក្បត់​យើង ហើយ​ប្ដី ឬ​ប្រពន្ធ​ខ្លះ​ក៏​អាច​នឹង​ចាក​ចេញ​ពី​យើង​ដែរ។ កូនៗ​របស់​យើង​ប្រហែល​ជា​មិន​អើពើ​នឹង​យើង។ នៅ​ក្នុង​ពិភព​លោក​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប យើង​ទាំង​អស់​គ្នា​អាច​នឹង​ប្រឈម​នឹង​ការ​ឈឺ​ចាប់​ទាក់ទង​នឹង​ទំនាក់​ទំនង​ផ្សេងៗ។ ជា​ញយ​ដង រឿង​រ៉ាវ​តូចៗ​មួយ​ចំនួន​អាច​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ដូច​ជា៖ ទម្លាប់​ចាយ​វាយ​មិន​ល្អ មាត់​រហ័ស មិន​ចេះ​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ ឬ​មិន​ចេះ​ជួយ​ធុរៈ​ក្នុង​ផ្ទះ​ជា​ដើម។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា គ្រីស្ទ​បរិស័ទ​ភាគ​ច្រើន​ដែល​ខ្ញុំ​បាន​និយាយ​ជា​មួយ ពួក​គេ​បាន​ដឹង​ថា​មាន​សេចក្ដី​បង្គាប់​ឲ្យ​អត់​ទោស​ទៅ​កាន់​អ្នក​ដទៃ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​យល់​ថា ហេតុ​អ្វី​បាន​ជា​ពួក​គេ​ត្រូវ​អត់​ទោស។ ដូច្នេះ យើង​នឹង​មើល​ទៅ​កាន់​អត្ថបទ​គម្ពីរ​អំពី​អត្ថន័យ​នៃ​ការ​អត់​ទោស ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​អត់​ទោស៖

ទីមួយ ការ​អត់​ទោស​ចាប់​ផ្ដើម​ជា​មួយ​នឹង​របៀប​ដែល​យើង​គិត។

នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៤:៣២ សាវ័ក ប៉ុល ប្រើ​ពាក្យ «ចិត្ត​ទន់​សន្ដោស» សំដៅ​លើ​ការ​អត់​ទោស ហើយ​ពាក្យ​ជា​ភាសា​ក្រិក​វិញ​មាន​ន័យ​ថា មាន​ដួង​ចិត្ត​ដែល​ចេះ​យោគ​យល់​ទោះ​ស្ថិត​ក្រោម​សំពាធ​ក្ដី។ យើង​ទទួល​បាន​រូប​ភាព​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ថា​នឹង​មាន​អ្វី​កើត​ឡើង នៅ​ពេល​យើង​លែង​មាន​ដួង​ចិត្ត​អាណិត​អាសូរ កណ្ឌ​គម្ពីរ ម៉ាថាយ ១៩:៨ ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា៖ ការ​លែង​លះ​កើត​ឡើង «គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង​របឹង​ប៉ុណ្ណោះ»។

ដូច្នេះ ការ​ចេះ​គ្រប់​គ្រង​ការ​គិត​ពី​បុគ្គល​ដែល​ធ្វើ​បាប​ទាស់​នឹង​យើង​គឺ​ជា​ធាតុ​សំខាន់​មួយ​នៃ​ការ​អត់​ទោស។
បន្ទាប់​ពី យើង​បាន​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ហើយ ទំនោរ​ធម្មជាតិ​របស់​យើង​គឺ​វាយ​បក​ទៅ​គេ​វិញ ឬ​បង្ហាញ​ក្នុង​របៀប​មួយ​ដែល​មិន​ឲ្យ​តម្លៃ​បុគ្គល​ម្នាក់​នោះ។ ប៉ុន្តែ ការ​អត់​ទោស គឺ​ជា​ការ​បង្ហាត់​គំនិត​យើង​កុំ​ឲ្យ​មាន​ការ​ឆ្លើយតប​ដោយ​អវិជ្ជមាន។

ទីពីរ ការ​អត់​ទោស​ស្ដែង​ចេញពី​អ្វី​ដែល​យើង​ជ្រើស​រើស។

មាន​ប្រស្នា​ប្រៀប​ធៀប​ដ៏​ល្បី​មួយ​របស់​ព្រះ​គ្រីស្ទ​អំពី​កូន​ពៅ​វង្វេង ដែល​បាន​យក​មរតក​របស់​ឪពុក ហើយ​បាន​ខ្ជះខ្ជាយ​ទៅ​លើ​ពិធី​ជប់​លៀង​សប្បាយ។ ពេល​កូន​ពៅ​ត្រឡប់​មក​វិញ​តាម​ផ្លូវ ឪពុក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​នឹង​អត់​ទោស និង​រត់​ទៅ​ឱប ហើយ​ធ្វើ​ពិធី​ជប់​លៀង​ជាមួយ​គ្រួសារ​គាត់។ នេះ​គឺ​ជា​រូប​ភាព​មួយ​នៃ​ព្រះ​វរបិតា​របស់​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌ ព្រះ​អង្គ​មិន​ជ្រើស​រើស​អាក់​អន់​ព្រះទ័យ​នោះ​ឡើយ។

បន្ទាប់​ពី​យើង​រង​គ្រោះ​ដោយ​ពាក្យ​សម្ដី ឬ​សកម្ម​ភាព​ណា​មួយ នោះ​មាន​ការ​បង្ខូច​កុង​ត្រា ដែល​មិន​បាន​សរសេរ​ចុះ​ជា​មិន​ខាន។ រាល់​ទំនាក់​ទំនង​គឺ​ជា​កុងត្រា​នៃ​ការ​សន្យា កុងត្រា​នៃ​ព្រំដែន ឬ​ជា​គម្រោង​ការ។ ទោះ​បី​ដឹង ឬ​មិន​ដឹង​ខ្លួន​ក្ដី កុង​ត្រា​ទាំង​នោះ​មាន​ពិត​មែន ឧទាហរណ៍៖ «ពួក​គេ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ» ឬ «ពួកគេ​នឹង​មិន​ចាក​ចេញ​ពី​ខ្ញុំ» ឬ «ពួក​គេ​នឹង​ស្មោះ​ត្រង់​ជា​មួយ​ខ្ញុំ»។ ដូច្នេះ នៅ​ពេល​ដែល​មាន​ភាគី «ក» បំពាន​កិច្ច​សន្យា នោះ​ភាគី «ខ» នឹង​ខឹង​សម្បារ ហើយ​ការ​ឆ្លើយ​តប​តាម​ធម្មជាតិ​របស់​យើង (សាច់​ឈាម) គឺ​ជ្រើស​រើស​វាយ​បក ឬ​ក៏​រត់​គេច​ចេញ។

ប៉ុន្តែ សេចក្ដី​ជំនឿ​គឺ​ជា​ជម្រើស​ទី៣​ដែល​ព្រះ​គម្ពីរ​បាន​បង្គាប់​មក វា​ជា​ជម្រើស​ក្នុង​ការ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់ ដែល​បាន​អនុញ្ញាត​ឲ្យ​ការ​អាក្រក់​នោះ​កើត​ឡើង ដើម្បី​សម្រេច​នូវ​ទី​បញ្ចប់​ដ៏​ល្អ (សូម​មើល លោកុប្បត្ដិ ៤៥:៥)។ ហើយ​ការ​ជ្រើស​រើស​នេះ ក្នុង​ការ​ឆ្លើយ​តប​ដោយ​មាន​ជំនឿ ទោះ​បី​ជា​វា​លំបាក​ក៏​ដោយ ក៏​យើង​នឹង​ជ្រើសរើស​អត់​ទោស ដោយ​មិន​អនុញ្ញាត​ឲ្យ​ការ​ដែល​មិន​រក្សា​សេចក្ដី​សន្យា​បន្ត​បង្ក​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ឡើយ។

ចុង​ក្រោយ ការ​អត់​ទោស​មាន​ការ​គាំទ្រ​ពី​អ្វី​ដែល​យើង​លះបង់។

កណ្ឌ​គម្ពីរ​កិច្ចការ​ជំពូក៧​បាន​លើក​យក​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​បុគ្គល​ដែល​ស៊ូ​រង​ទុក្ខ​រហូត​ដល់​ស្លាប់​ព្រោះ​តែ​សេចក្ដី​ជំនឿ​ដំបូង​គេ​នៅ​ក្នុង​ព្រះ​គម្ពីរ។ លោក ស្ទេផាន ត្រូវ​គេ​គប់​សម្លាប់​ដោយ​ដុំ​ថ្ម ហើយ​គាត់​ស្រែក​ឡើង​ថា «ឱ​ព្រះ​អម្ចាស់​យេស៊ូវ​អើយ សូម​ទទួល​វិញ្ញាណ​ទូល​បង្គំ​ផង…សូម​កុំ​រាប់​បាប​នេះ​ដល់​គេ​ឡើយ» បន្ទាប់​មក លោក​ក៏​ស្លាប់​បាត់​ទៅ។ ព្រះ​គម្ពីរ​ប្រាប់​យើង​ផង​ដែរ​ថា កាល​មិន​ទាន់​បាន​ទទួល​ការ​សង្គ្រោះ​នៅ​ឡើយ
នោះ​សាវ័ក ប៉ុល បាន​ឈរ​កាន់​អាវ​ធំ​ឲ្យ​អ្នក​ដែល​កំពុង​គប់​ដុំ​ថ្ម​ទាំង​នោះ។

យើង​អាច​ស្រមៃ​ឃើញ​ថា សាវ័ក ប៉ុល បាន​លុត​ជង្គង់​មុន​គេ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​យេស៊ូវ​ពេល​លោក​ទៅ​ជួប​ទ្រង់។ ហើយ​យើង​ក៏​ប្រហែល​ជា​អាច​គិត​ថា បន្ទាប់​មក​គាត់​នឹង​ទៅ​រក​លោក ស្ទេផាន ហើយ​ក៏​ប្រហែល​ជា​សុំ​ការ​អភ័យ​ទោស ចំពោះ​ទង្វើ​នៃ​ការ​ឈឺ​ចាប់ ដែល​គាត់​បាន​ចូល​រួម​ប្រព្រឹត្ត។ យ៉ាង​ណា​មិញ លោក ស្ទេផាន ប្រហែល​នឹង​រម្លឹក​ប្រាប់​សាវ័ក ប៉ុល ដ្បិត​មុន​ពេល​រៀប​នឹង​ស្លាប់​លោក​បាន​អធិស្ឋាន​ថា៖ កុំ​ឲ្យ​ទ្រង់​រាប់​បាប​នឹង​សាវ័ក ប៉ុល ឡើយ។ តើ​ព្រះ​គ្រីស្ទ​មិន​បាន​ឆ្លើយ​តប ដោយ​ធ្វើ​ឲ្យ​សាវ័ក ប៉ុល ក្លាយ​ទៅ​ជា​បេសកជន​ដ៏​អស្ចារ្យ​ម្នាក់​នៅ​លើ​ផែនដី​ដែរ​ឬ​ទេ?

ចំណុច​សំខាន់​គឺ​ថា ការ​អត់​ទោស​គឺជា​ការ​ទម្លាក់​ចោល​ការ​សង​សឹក​គ្នា​នៅ​លើ​ផែនដី ដោយ​ទុក​ចិត្ត​លើ​ការ​វិនិច្ឆ័យ​របស់​ព្រះ​ជាម្ចាស់​នៅ​ឯ​ស្ថានសួគ៌​វិញ។ ការ​អត់​ទោស​គឺ​ជា​ការ​ទម្លាក់​ចោល​ដាវ​នៃ​ការ​សង​សឹក​ផ្ទាល់​ខ្លួន​របស់​យើង​ចុះ ហើយ​ទុក​ចិត្ត​លើ​ព្រះ​ជា​ម្ចាស់​ដែល​មាន​ផែន​ការ​ល្អ​ប្រសើរ​ជាង​នោះ។ ហេតុ​អ្វី​បាន​ជា​យើង​អាច​អត់​ទោស​តាម​វិធី​នេះ​បាន?

  1. យើង​អាច​អត់​ទោស​បាន ដោយ​សារ​តែ​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​យើង​មុន។
    បន្ទាប់​ពី​ស្ដេច ដាវីឌ បាន​ប្រព្រឹត្ត​អំពើ​កំផិត​ជា​មួយ​នឹង​នាង បាតសេបា ហើយ​បាន​សម្លាប់​ប្ដី​របស់​នាង ទ្រង់​បាន​សរសេរ​នៅ​ក្នុង​ទំនុកតម្កើង​ជំពូក៥១ ថា «ទូល​បង្គំ​បាន​ធ្វើបាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ១​ព្រះ​អង្គ…»។ សំណេរ​របស់​ស្ដេច ដាវីឌ បាន​បង្ហាញ​ថា កាល​ដែល​ទ្រង់​បាន​ធ្វើ​បាប​ដល់​មនុស្ស នោះ​គឺ​ទ្រង់​កំពុង​តែ​ទាស់​នឹង​ព្រះ​ជាម្ចាស់​ផង​ដែរ។ ចំពោះ​យើង​វិញ​ក៏​ដូច​គ្នា​ដែរ តាំង​ពី​មុន​យើង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​អ្នក​ដទៃ នោះ​យើង​បាន​ប្រឆាំង​ទាស់​នឹង​ព្រះ​ជាម្ចាស់​រួច​ទៅ​ហើយ ប៉ុន្តែ​ទ្រង់​នៅ​តែ​អត់​ទោស​ឲ្យ​យើង។ ពេល​យើង​ដឹង​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត បាន​ជ្រើស​រើស បាន​សុគត​ជំនួស​យើង និង​បាន​អត់​ទោស​បាប​ដល់​យើង—ដោយ​ឡែក​ពី​អ្វី​ដែល​យើង​ធ្វើ​ផ្ទាល់—នោះ​គឺ​ថា​យើង​នឹង​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​អ្នក​ដទៃ​ទៀត​ផង​ដែរ។
  2. យើង​អាច​អត់​ទោស​បាន ដោយ​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​យើង​ទាំងស្រុង​ហើយ។កណ្ឌ​គម្ពីរ​ទំនុកតម្កើង​ជំពូក១០៣​បាន​រម្លឹក​យើង​ថា ទ្រង់​បាន​អត់​ទោស​រាល់​អំពើ​បាប​របស់​យើង​ដូច​ជា «ទិស​ខាង​កើត​ឆ្ងាយ​ពី​ទិស​ខាង​លិច​ប៉ុណ្ណា»។ ព្រះ​អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់ ប៉ុន្តែ​ទ្រង់​តែង​ជ្រើស​រើស​បំភ្លេច​អំពើ​បាប​យើង។ នេះ​ជា​សេចក្ដី​ពិត​ដ៏​អស្ចារ្យ​មួយ។ ជា​ច្រើន​ដង យើង​អធិស្ឋាន​ដោយ​នៅ​ចាំ​អំពី​បាប​របស់​យើង ទាំង​ជាប់​នៅ​ក្នុង​បន្ទុក​បញ្ហា ភាព​អាម៉ាស់ និង​រម្លឹក​ពី​អំពើ​បាប​ញឹក​ញាប់​ប៉ុណ្ណា! ទោះ​ជា​យ៉ាង​ណា ព្រះ​ជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​ទត​ទៅ​កាន់​ព្រះ​គ្រីស្ទ ហើយ​ឃើញ​យើង​ដូច​ដែល​ទ្រង់​ទត​ឃើញ​ព្រះ​រាជ​បុត្រា​ទ្រង់​ដែរ។ ព្រះ​យេស៊ូវ​មិន​ចោទ​ប្រកាន់ មិន​រម្លឹក​អំពើ​បាប និង​មិន​រម្លឹក​សេចក្ដី​សម្អប់ ឬ​ក៏​ការ​សងសឹក។ ទាំង​អស់​នេះ គឺ​ដោយ​សារ​ទ្រង់​ជ្រើស​រើស​បំភ្លេច​រាល់​អំពើ​បាប​របស់​យើង។
  3. យើង​អាច​អត់​ទោស​បាន ដោយ​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​យើង​យ៉ាង​ពិត​ប្រាកដ​មែន។
    សាវ័ក ពេត្រុស ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ ប៉ុន្តែ​គាត់​សរសេរ​ថា «រីឯ​ព្រះ​ដ៏​មាន​ព្រះ​គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា​មក​ក្នុង​សិរី​ល្អ​នៃ​ទ្រង់​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចម្រើន​កម្លាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច» (១ពេត្រុស ៥: ១០)។ សូម​ចាំ​ថា អស់​អ្នក​ដែល​ដើរ​តាម​ព្រះ​គ្រីស្ទ នឹង​បាន​គ្រប់​លក្ខណ៍​តាមរយៈ​ការ​រង​ទុក្ខ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ។ គំនិត​មួយ​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ការ​រងទុក្ខ​ភាគ​ច្រើន​កើត​ចេញពី​មនុស្ស ប៉ុន្តែ​ព្រះ​ជាម្ចាស់​ប្រើ​ការ​រង​ទុក្ខ​នោះ ដើម្បី​កសាង​ចរិត​លក្ខណៈ​យើង​ឲ្យ​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ​វិញ។ ការ​រងទុក្ខ ឬ​ក៏​ការ​ឈឺ​ចាប់​នោះ​អាច​មាន​ដូចជា៖ អាពាហ៍ពិពាហ៍​ដែល​មិន​ចុះ​សម្រុង អ្នក​ជិត​ខាង​មិន​ល្អ កូនៗ​ទាស់​ទែង​គ្នា ភាព​អយុត្តិធម៌ ការ​ប្រមាថ និង​អំពើ​អាក្រក់​ផ្សេងៗ ព្រះ​ជា​ម្ចាស់​ប្រទាន​មក ដើម្បី​ដុស​ខាត់​ភាព​បរិសុទ្ធ​របស់​យើង។

មែន​ហើយ ការ​អត់​ទោស​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​វា​ចាំ​បាច់​ណាស់។ ព្រោះ​ក្នុង​ការ​អត់​ទោស នោះ​យើង​បាន​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ ទាំង​កាន់​តែ​ថ្វាយ​សិរី​ល្អ​ដល់​ទ្រង់ និង​បាន​ជា​ការ​ល្អ​ដល់​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​យើង​ដែរ។

និពន្ធ​ដោយ៖ Tony Wood
បកប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បកប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី forthegospel.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ផ្ទុយ​ពី​សាសនា​កាតូលិក​រ៉ូម៉ាំង ព្រះ​គម្ពីរ​គឺ​ជា​អំណាច​គ្រប់​គ្រាន់​សម្រាប់​យើង