in

​យោបល់​​៥​យ៉ាង​ទាក់ទង​នឹង​ការ​ចែចង់​ដែល​គេ​ពុំ​សូវ​អើពើ

Five Pieces of ‘Out-Dated’ Dating Advice

អាពាហ៍ពិពាហ៍​រវាង​លោក​ អ៊ីសាក និង​នាង​ រេបិកា​អាច​ជា​រឿង​ចម្បង​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាក់ទង​នឹង​ទំនាក់ទំនង​ស្នេហា​ដែល​មាន​លក្ខណៈ​ដូចគ្នា​ខ្លះៗ​ទៅ​នឹង​ទំនាក់ទំនង​ស្នេហា​នា​ពេល​បច្ចុប្បន្ន​នេះ។ ជា​ការ​ពិត​ណាស់ មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​រៀប​ការ​មុន​លោក អ៊ីសាក និង​នាង រេបិកា ​ក៏​ប៉ុន្តែ​ពួក​យើង​ពុំ​បាន​ឃើញ​សកម្មភាព​នៃ​ការ​ដែល​ពួក​គាត់​បាន​រៀបរាប់​នោះ​ទេ។ យ៉ាងណា​មិញ យើង​ក៏​អាច​រៀបរាប់​អំពី​មង្គលការ​ដែល​កើត​ឡើង​ក្នុង​សួនច្បារ​អេដែន​ ហើយ​ខ្ញុំ​យល់​ថា​ យើង​ទាំង​អស់​គ្នា​នឹង​ឯកភាព​ចំពោះ​កាលៈទេសៈ​មួយ​ដែល​ព្រះ​ជាម្ចាស់​បាន​ដក​ឆ្អឹងជំនី​របស់​លោក អ័ដាម ដើម្បី​បង្កើត​នាង អេវ៉ា នេះ​ពិតជា​រឿង​ដ៏​ចម្លែក​មួយ។

លោកអ្នក​ក៏​ប្រហែល​ជា​ចាំ​រឿង៖ លោក​ អ័ប្រាហាំ ដែល​ជា​ឪពុក​លោក​ អ៊ីសាក បាន​ចាត់​អ្នកបម្រើ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​លោក ដើម្បី​ស្វែងរក​ប្រពន្ធ​ឲ្យ​កូន។ នៅពេលដែល​នាង​​ រេបិកា​បាន​ចាក់​ទឹក​ឲ្យ​សត្វ​អូដ្ឋ​ផឹក រួច​មក​អ្នកបម្រើ​បាន​ប្រគល់​ខ្សែដៃ​ពីរ​បី​ខ្សែ​ដែល​មាន​ទម្ងន់​បី​តម្លឹង​ដល់​រូប​នាង។ គ្រួសារ​របស់​នាង​​រេបិកា​ក៏​បាន​ឯកភាព​ឲ្យ​នាង​ទៅ​ជួប​នឹង​លោក ​អ៊ីសាក​នៅ​ក្នុង​តង់ ហើយ​ពួកគាត់​ក៏​បាន​រៀបការ។

ប្រសិនបើ​លោកអ្នក​ធ្លាប់​មាន​បំណង​ចង់​បាន​ប្តី ឬ​ប្រពន្ធ​ ប៉ុន្តែ​ពុំ​ទាន់​បាន​ជួប​គ្នា​នៅ​ឡើយ​នោះ នោះ​ប្រហែល​លោកអ្នក​ធ្លាប់​អាន​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ជំពូក​២៤ ដោយ​មាន​ចម្ងល់ និង​ការ​ចង់​មាន​ប្ដីប្រពន្ធ ដែល​ធាតុពិត​នោះ​ជា​រឿង​ដ៏​សាមញ្ញ ហើយ​មាន​ភាព​ស្អាត​ស្អំ​ណាស់។ យើង​ខ្ញុំ​ធ្លាប់​មាន​ចម្ងល់​បែប​នេះ ពេល​ដែល​ខ្ញុំ​មាន​សង្សារ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បែក​គ្នា រួច​ពី​នោះ​ខ្ញុំ​ក៏​មាន​សង្សារ​ម្នាក់​ទៀត តែ​ក្រោយ​មក​បែក​គ្នា​ទៀត។ ការ​បែក​បាក់​សង្សារ​នេះ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​អស់​រយៈពេល១៤ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​លោកអ្នក​ចំណាយ​ពេល​គិត​ឲ្យ​ល្អិតល្អន់​ស្តី​អំពី លោកអ្នក​អាច​នឹង​សន្និដ្ឋាន​រឿង​នេះ​ថា ជា​រឿង​ចាស់​បុរាណ​មួយ​ដែល​ពុំ​មាន​ភាព​ស៊ីគ្នា​ចំពោះ​គ្រីស្ទ​បរិស័ទ​នា​សតវត្ស​ទី​២១​នេះ។

បទ​បញ្ញត្តិ​ចាស់ៗ​៥​យ៉ាង​ទាក់​ទង​នឹង​ទំនាក់ទំនង​ស្នេហា​ដែល​ឆ្ពោះ​ទៅ​រក​ជីវិត​អាពាហ៍ពិពាហ៍

ឈើ​ឆ្កាង ទស្សនវិជ្ជា និង​ភាព​ជឿនលឿន​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត ពិតជា​ផ្លាស់​ប្តូរ​រឿង​រ៉ាវ​ជា​ច្រើន​ចំពោះ​គ្រីស្ទបរិស័ទ​ដែល​មាន​បំណង​ចង់​រៀប​ការ។ ចុះ​ប្រសិនបើ​ជា​មាន​ចំណុច​ដែល​ស៊ី​ជម្រៅ​ដូច​ក្នុង​រឿង​លោក អ៊ីសាក និង​នាង ​រេបិកា តើ​យើង​គួរ​ស្វែង​យល់​យ៉ាង​ណា​វិញ? សូម​កុំ​អាន​រឿង​របស់​លោក​​ អ៊ីសាក និង​នាង ​​រេបិកា​លឿន​ពេក តែ​ចូរ​ចាំ​ថា ព្រះ​ជាម្ចាស់​នៅ​ជំនាន់​នោះ គឺ​នៅ​តែ​ជា​ព្រះ​ជាម្ចាស់​នា​ជំនាន់​នេះ​ដដែល។ យ៉ាង​ហោច​ណាស់​យើង​បាន​ដឹង​ថា បុរស​ស្ត្រី​ដែល​ឈាន​ទៅ​រក​ជីវិត​អាពាហ៍ពិពាហ៍​នឹង​គ្នា​ត្រូវ​ដឹង​ថា បុរស​គឺ​ជា​អ្នក​ស្វែងរក​ប្រពន្ធ ហើយ​គោលបំណង​នៃ​អាពាហ៍ពិពាហ៍​ក៏​ពុំ​មាន​អ្វី​ផ្លាស់​ប្តូរ​ដែរ គ្រាន់​តែ​បច្ចុប្បន្ន​នេះ​វា​មាន​ភាព​ស៊ី​ជម្រៅ​ជាង​មុន មាន​អត្ថន័យ​ច្បាស់​ជាង​មុន​ដោយសារ​ព្រះគ្រីស្ទ​បាន​យាង​មក។ តើ​បច្ចុប្បន្ន​នេះ ជីវិត​អាពាហ៍ពិពាហ៍​មាន​ភាព​ស៊ីជម្រៅ​ជាង​មុន​ដល់​កម្រិត​ណា? វា​មាន​ភាព​ស៊ីជម្រៅ​ត្រង់​ថា ជីវិត​អាពាហ៍ពិពាហ៍​ គឺ​ជា​រូបភាព​មួយ​ដែល​បង្ហាញ​ពី​ដំណឹង​ល្អ ដោយ​ព្រះគ្រីស្ទ​ស្រឡាញ់​ក្រុមជំនុំ។

លើស​ពី​នេះ​ទៅ​ទៀត ព្រះ​ជាម្ចាស់​បាន​ប្រទាន​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដល់​យើង ដើម្បី​លើក​ទឹក​ចិត្ត​យើង និង​ដើម្បី​ជួយ​យើង​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ការ​ស្វែងរក​ជីវិត​អាពាហ៍ពិពាហ៍​ផង​ដែរ។ «ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែងទុក​មក​ជា​មុន នោះ​បាន​ចែង​សម្រាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ និង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ​សារ​គម្ពីរ» (រ៉ូម ១៥:៤ និង​១កូរិនថូស ១០:១១)។

ទោះ​បី​ជា​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ពុំ​បាន​រៀបរាប់​ពី​ទំនាក់ទំនង​ស្នេហា​គួរ​មាន​លក្ខណៈ​បែប​ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដឹង​បាន​ដែរ​ថា ព្រះ​គម្ពីរ​សញ្ញា​ចាស់​ពិតជា​មាន​សារប្រយោជន៍​ច្រើន។ អ្នក​ពុំ​ចាំ​បាច់​ទៅ​ទិញ​សត្វ​អូដ្ឋ​ពីរ​បី​ក្បាល និង​ខ្សែដៃ​ដ៏​មាន​តម្លៃ​ឡើយ។ ហើយ​ដាច់​ខាត​អ្នក​មិន​ត្រូវ​រៀបការ​ជាមួយ​បង​ផង​ និង​ប្អូន​ផង​ដូច​យ៉ាកុប​បាន​ធ្វើ​ជា​មួយ​នឹង​លេអា និង​រ៉ាជែល​ដែល​បាន​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ជំពូក​២៩​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោកអ្នក​អាច​យក​យោបល់​ទាំង​ប្រាំ​ចេញពី​កណ្ឌ​គម្ពីរ លោកុប្បត្ដិ មក​អនុវត្ត ខណៈពេល​ដែល​អ្នក​កំពុង​ទទឹង​រង់ចាំ​ថ្ងៃ​រៀបការ។

មាន​តែ​ព្រះ​ជាម្ចាស់​មួយ​ព្រះ​អង្គ​គត់​ដែល​ជា​អង្គ​រៀប​ចំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍។

១. ចូរ​ឲ្យ​ព្រះជាម្ចាស់​ធ្វើ​ជា​អ្នក​សម្រេច មិន​មែន​អ្នក​ទេ

នៅពេលដែល​លោក អ័ប្រាហាំ បាន​ឲ្យ​អ្នកបម្រើ​ទៅ​រក​ប្រពន្ធ​សម្រាប់​លោក​អ៊ីសាក យើង​ឃើញ​ថា អ្នកបម្រើ​នោះ​បារម្ភ​ថា នារី​នោះ​នឹង​មិន​ព្រម​ទទួល​យក​ការ​ផ្សំផ្គុំ​ជាមួយ​នឹង​បុរស​ដែល​​រស់នៅ​កន្លែង​ដ៏​សែន​ឆ្ងាយ តើ​ពេល​នោះ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? លោក អ័ប្រាហាំ បាន​តប​ថា៖

«ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​អញ​ចេញ​ពី​ផ្ទះ​ឪពុក​អញ ហើយ​ពី​ស្រុក​កំណើត​របស់​អញ​មក ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​អញ ទាំង​ស្បថ​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង ព្រះ​អង្គ​នោះ​ទ្រង់​នឹង​ចាត់​ទេវ​តា​ទ្រង់​ទៅ​មុន​ឯង ដូច្នេះ​ឯង​នឹង​បាន​យក​ប្រពន្ធ​ពី​នោះ​មក​ឲ្យ​កូន​អញ​ហើយ» (លោកុប្បត្ដិ ២៤:៧)។

កាលណា​លោកអ្នក​កាន់តែ​ចង់​រៀបការ ហើយ​បាន​រង់ចាំ​អស់​រយៈពេល​ជា​យូរ ប៉ុន្តែ​នៅ​តែ​ពុំ​ទាន់​បាន​សម្រេច​ដូច​បំណង នោះ​លោកអ្នក​ប្រហែល​ជា​ចាប់ផ្ដើម​គិត​ថា ខ្លួន​ឯង​ហ្នឹង​ហើយ​ដែល​មាន​បញ្ហា ហើយ​ក៏​នឹង​គិត​ដែរ​ថា ខ្លួន​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ និង​ត្រូវការ​ការ​ព្យាយាម​សារ​ជា​ថ្មី​មួយ​ផ្សេង​ទៀត។ ព្រះ​ជាម្ចាស់​ទំនង​ជា​កំពុងតែ​បើក​សម្ដែង​ឲ្យ​លោកអ្នក​បាន​មើល​ឃើញ​ពី​ការ​ទាំង​អស់​នោះ ឬ​ក៏​ព្រះអង្គ​ទំនង​ជា​សព្វ​ព្រះហឫទ័យ​ឲ្យ​លោកអ្នក​បន្ត​រង់ចាំ ស្រប​ពេល​ដែល​ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ការ។

មាន​តែ​ព្រះ​ជាម្ចាស់​មួយ​អង្គ​គត់​ដែល​រៀបចំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍។ ពេលដែល​អ្នកបម្រើ​របស់​លោក អ័ប្រាហាំ​ធ្វើ​ដំណើរ​ទៅ​រក​ប្រពន្ធ​ឲ្យ​លោក​អ៊ីសាក​នៅ​ស្រុក អើរ៉ាម-ន៉ាហារេម ពេល​នោះ​ព្រះ​ជាម្ចាស់​បាន​យាង​នៅ​មុន​គាត់​ ដើម្បី​នឹង​ធ្វើ​ការ​ដ៏​ចាំ​បាច់​សម្រាប់​លោក អ៊ីសាក និង​នាង ​រេបិកា។

«បាវ​នោះ​សម្លឹង​មើល​នាង (នាង​រេបិកា) ទាំង​មាន​សេចក្ដី​អស្ចារ្យ តែ​គាត់​នៅ​ស្ងៀម ដោយ​ចង់​ដឹង បើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​គាត់​ដើរ​មក​នោះ​បាន​សម្រេច​ការ​ឬ​ទេ» (លោកុប្បត្តិ ២៤:២១)។

ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ផ្គូផ្គង​ប្ដី​ប្រពន្ធ​នោះ​ទេ តែ​ទ្រង់​ក៏​ជា​អ្នក​ដែល​នាំ​ពួកគេ​ឲ្យ​ជួប​គ្នា​ផង​ដែរ (ម៉ាថាយ ១៩:៦)។ ប្រសិនបើ​លោកអ្នក​ស្វែងរក​ប្តី​ឬ​ប្រពន្ធ​ដោយ​ចិត្ត​ខ្លួន​ឯង នោះ​បាន​ន័យ​ថា លោកអ្នក​កំពុង​តែ​ដាក់​សម្ពាធ ឬ​បង្ខិត​បង្ខំ​ខ្លួន​ឯង​ឲ្យ​ទៅ​ខុស​ផ្លូវ​ហើយ។ ដូច្នេះ ចូរ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ ខណៈពេល​ដែល​លោកអ្នក​កំពុង​រង់ចាំ ក៏​ដូចជា​​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ម្នាក់។

២. ចូរ​ឲ្យ​ទំនាក់ទំនង​ស្នេហា​នោះ​មាន​ការ​បើកចំហ

លោក អ័ប្រាហាំ បាន​ផ្តល់​ការ​ណែនាំ​យ៉ាង​ច្បាស់ៗ មុន​ពេល​ចាត់​អ្នកបម្រើ​ឲ្យ​ទៅ​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស ដោយ​លើក​ឡើង​ថា៖

«បើ​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ឯង​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​ឯង​ស្បថ​នឹង​អញ​នេះ ប៉ុន្តែ​កុំ​ឲ្យ​ឯង​នាំ​កូន​អញ​ទៅ​ឯ​ណោះ​ឡើយ» (លោកុប្បត្តិ ២៤:៨)។

លោក អ័ប្រាហាំ​ បាន​រង់ចាំ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ មុន​ដែល​លោក​ទទួល​បាន​កូន​ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ដល់​គាត់ ក្នុង​កាល​ដែល​ប្រពន្ធ​គាត់​មាន​អាយុ​៩១​ឆ្នាំ។ លោក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ជំនឿ​យ៉ាង​មុតមាំ ហើយ​ក៏​បាន​ឃើញ​ការ​អស្ចារ្យ​ជា​ច្រើន​ពី​ព្រះ​ជាម្ចាស់​ដែរ។ យ៉ាងណាមិញ ព្រះ​ជាម្ចាស់​បាន​សន្យា​ថា ព្រះអង្គ​នឹង​ប្រទាន​កូន​ចៅ​ដល់​លោក អ័ប្រាហាំ ជា​ច្រើន​ដែល​រាប់​មិន​អស់ តាមរយៈ​លោក​អ៊ីសាក ជា​កូន​ប្រុស​របស់​គាត់។ លោក អ័ប្រាហាំ ជឿជាក់​ថា ព្រះ​អម្ចាស់​នឹង​ប្រទាន​ប្រពន្ធ​ឲ្យ​កូន​ប្រុស​គាត់។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ គាត់​បាន​លើក​ដៃ​ទាំង​ទ្វេ​ប្រណម​ដល់​ព្រះជាម្ចាស់​ថា «ប្រសិនបើ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ…» នោះ​កូន​ខ្ញុំ​នឹង​មាន​ប្រពន្ធ ហើយ​អ្នកបម្រើ​ខ្ញុំ​នឹង​រក​នារី​នោះ​ឃើញ​តាមរយៈ​ការ​ចេញ​ទៅ​ម្ដង​នេះ (យ៉ាកុប ៤:១៥)។

រាល់​ទំនាក់ទំនង​ស្នេហា​របស់​យើង យើង​ត្រូវ​តែ​អធិស្ឋាន​ដោយ​ការ​បន្ទាបខ្លួន​ថា៖ «កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ» (លូកា ២២:៤២)។ បើ​លោកអ្នក​មិន​ទាន់​បាន​សច្ចា​ពី​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​រោង​មង្គល ​ទេ នោះ​ចូរ​ចងចាំ​ថា ព្រះ​ជាម្ចាស់​ទំនង​ជា​មាន​គម្រោង​រៀបចំ​មង្គលការ​ឲ្យ​លោកអ្នក​ជាមួយ​បុគ្គល​ម្នាក់​ផ្សេង​ទៀត។ ហេតុ​ដែល​យើង​សរសើរ​តម្កើង​គម្រោង​រៀបចំ​មង្គលការ​សម្រាប់​យើង ពី​ព្រោះ​ព្រះ​អង្គ​មាន​ប្រាជ្ញា អំណាច​ព្រះ​ចេស្ដា និង​ក្តី​ស្រឡាញ់។

៣. អធិស្ឋាន អធិស្ឋាន អធិស្ឋាន ហើយ​អធិស្ឋាន​ថែម​ទៀត

មុន​ពេល​ដែល​អ្នកបម្រើ លោក អ័ប្រាហាំ បាន​ឃើញ​នារី​ណា​ម្នាក់ គឺ​គាត់​បាន​ឈប់ ហើយ​អធិស្ឋាន​ថា៖

«ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​ទូលបង្គំ​អើយ នៅ​ថ្ងៃ​នេះ​សូម​ប្រោស​មេត្តា​ដល់​ទូលបង្គំ សូម​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ័ប្រាហាំ ជា​ចៅហ្វាយ​ទូលបង្គំ​ផង» (លោកុប្បត្ដិ ២៤:១២)។

តើ​លោក​អ្នក​បាន​ចាប់​ផ្តើម​អធិស្ឋាន​នៅ​ពេល​ណា? ហើយ​លោក​អ្នក​នឹង​បញ្ឈប់​ការ​អធិស្ឋាន​នៅ​ពេល​ណា​ដែរ?

យើង​ម្នាក់ៗ​សុទ្ធតែ​ចូល​ចិត្ត​អធិស្ឋាន​នូវ​សំណូម​ពរ​ដែល​មាន​ការ​ឆ្លើយ​តប​ក្នុង​រយៈពេល​២៤​ម៉ោង។ ប៉ុន្តែ​ ចុះ​ប្រសិនបើ​មួយ​ឆ្នាំ​ទៅ​ដល់​ដប់​ឆ្នាំ​ព្រះជាម្ចាស់​មិន​ទាន់​ឆ្លើយ​តប ឬ​ក៏​យូរ​ជាង​នេះ​ទៀត? ព្រះ​អង្គ​មិន​ចង់​ឲ្យ​យើង​ទទួល​បាន​នូវ​អ្វី​មួយ​នៅ​ក្នុង​ជីវិត​ដោយ​មិន​ចេះ​អរព្រះគុណ​ទ្រង់​នោះ​ឡើយ ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​ដៃ​គូ​អនាគត​របស់​យើង។ ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​វរបិតា​របស់​យើង ទ្រង់​ចង់​បាន​គ្រប់​ទាំង​សិរីល្អ​ចេញ​ពី​ការ​ដែល​ទ្រង់​ប្រទាន​នូវ​អ្វី​ដ៏​ល្អ​បំផុត​សម្រាប់​យើង ទោះ​បើ​ការប្រទាន​នោះ​កើត​ឡើង​នៅ​ពេល​ណា​ក៏​ដោយ។

ប្រសិនបើ​យើង​ចង់​បាន​គូ​ស្រករ យើង​គួរតែ​ស្រឡាញ់ និង​ចំណាយ​ពេល​អធិស្ឋាន​ទៅ​កាន់​ព្រះជាម្ចាស់​ដែល​ជា​អង្គ​​យក​ព្រះហឫទ័យ​ទុកដាក់​នឹង​យើង ដោយ​ទូល​ប្រាប់​ព្រះ​អង្គ​អំពី​ទុក្ខ​ព្រួយ និង​បំណងប្រាថ្នា​របស់​យើង (១ពេត្រុស ៥:៧; ភីលីព ៤:៦-៧)។ ចូរ​កុំ​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ដោយ​មិន​មាន​ការ​អធិស្ឋាន​ឡើយ។ សូម​កុំ​បញ្ឈប់​ការ​អធិស្ឋាន​របស់​លោកអ្នក ខណៈពេល​ដែល​លោកអ្នក​កំពុង​រង់ចាំ​ម្ចាស់​ស្នេហ៍។

ហេតុ​ដែល​យើង​សរសើរ​តម្កើង​ទ្រង់ នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​គម្រោង​ការ​ផ្សេង​ទៀត​សម្រាប់​យើង ពី​ព្រោះ​ព្រះ​អង្គ​មាន​ប្រាជ្ញា អំណាច​ព្រះ​ចេស្ដា និង​ក្តី​ស្រឡាញ់។

៤. ចូរ​ឲ្យ​ទំនាក់ទំនង​ស្នេហា​មាន​គោលបំណង​លើស​ពី​ជីវិត​អាពាហ៍ពិពាហ៍

ករណី​ដែល​អ្នក​នៅលីវ ហើយ​ចង់​បាន​គូ​ស្រករ ​ការ​នេះ​វា​អាច​នឹង​បណ្តាល​ឲ្យ​លោកអ្នក​មាន​អារម្មណ៍​ថា​ជីវិត​អាពាហ៍ពិពាហ៍​ប្រហែល​ជា​ចំណុច​ចុងក្រោយ​នៃ​ជីវិត ឬ​ក៏​ប្រៀប​ដូច​ជា​លោកអ្នក​កំពុង​រង់ចាំ​ទឹកដី​សន្យា​មួយ​អស់​រយៈពេល​ជា​យូរ។ ម៉្យាង​វិញ​ទៀត យើង​ក៏​ទំនង​ជា​ងប់ងុល​នឹង​ជីវិត​អាពាហ៍ពិពាហ៍ នៅពេលដែល​យើង​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា ពោល​គឺ​យើង​ដាក់​ក្តី​សង្ឃឹម និង​អំណរ​របស់​យើង​ទៅ​លើ​បុរស ឬ​នារី​ម្នាក់​នោះ​ជា​ជាង​ព្រះ​ជាម្ចាស់។

តើ​អ្នកបម្រើ​លោក អ័ប្រាហាំ បាន​ឆ្លើយតប​យ៉ាងដូចម្តេច នៅពេលដែល​ព្រះ​ជាម្ចាស់​បាន​នាំ​គាត់​ឲ្យ​ជួប​នារី​ដែល​ព្រះ​អង្គ​បាន​រៀបចំ​ទុក​នោះ?

«បាវ​នោះ​ក៏​ឱន​ខ្លួន​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា ដោយ​ទូល​ថា សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ​ចៅហ្វាយ​ទូលបង្គំ ដែល​ទ្រង់​មិន​បាន​ខាន​នឹង​ផ្ដល់​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ ដល់​ចៅហ្វាយ​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ​ពរ ឯ​ទូលបង្គំ​សោត ក៏​ព្រះ​យេហូវ៉ា​ទ្រង់​បាន​នាំ​ផ្លូវ​មក​ដល់​ផ្ទះ​ពួក​បង​ប្អូន​របស់​ចៅហ្វាយ​ទូលបង្គំ​ហើយ» (លោកុប្បត្តិ ២៤:២៦-២៧, ៤៨)។

អ្នកបម្រើ​បាន​ឃើញ​ថា ព្រះ​ជាម្ចាស់​បាន​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​របស់​គាត់ ដោយ​ប្រទាន​នាង​រេបិកា​រួច​គាត់​ក៏​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់។ ទំនាក់ទំនង​ស្នេហា​របស់​គ្រីស្ទ​បរិស័ទ គួរតែ​ជា​យាន​មួយ​ដែល​នាំ​ឲ្យ​ពួក​គាត់​កាន់តែ​ចង់​ថ្វាយបង្គំ​ព្រះ​ជាម្ចាស់ ព្រោះ​ការ​ថ្វាយបង្គំ​ព្រះ​អង្គ គឺ​ជា​ចំណុច​ស្នូល​នៃ​ជីវិត​រស់នៅ​របស់​គ្រីស្ទ​បរិស័ទ។ ព្រះ​អង្គ​ពុំ​បាន​បង្កើត​លោកអ្នក​មក ដើម្បី​ឲ្យ​គ្រាន់​តែ​រៀប​ការ​នោះ​ទេ ប៉ុន្តែ​ដើម្បី​បង្ហាញ​ពី​ព្រះ​អង្គ​វិញ។ ទំនាក់ទំនង​ស្នេហា​របស់​គ្រីស្ទ​បរិស័ទ​អាច​មាន​តម្លៃ​ក្នុង​ករណី​ត្រង់​ថា ពួក​គាត់​យក​ព្រះ​ជាម្ចាស់​ជា​ចំណុច​ស្នូល​នៃ​ជីវិត​រស់នៅ​ពេញ​មួយ​ជីវិត​របស់​ពួកគាត់។ គោលបំណង​នៃ​ជីវិត​អាពាហ៍ពិពាហ៍​គឺ៖ ការ​ស្គាល់​ព្រះ​បន្ទូល​ព្រះ​ ថ្វាយបង្គំ​ទ្រង់ ពឹងផ្អែក​លើ​ព្រះ​អង្គ ហើយ​បង្ហាញ​អ្នកដទៃ​ឲ្យ​ឃើញ​ទ្រង់ និង​ការ​ដែល​យើង​កាន់តែ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។

ទោះ​ជា​យ៉ាង​ណា​ក្តី បើ​ទំនាក់ទំនង​ស្នេហា​របស់​លោកអ្នក​គ្រាន់​តែ​នាំ​ឲ្យ​លោកអ្នក​ឈាន​ទៅ​ដល់​ការ​រៀប​ការ ប៉ុន្តែ​បើ​មិន​បាន​នាំ​ឲ្យ​លោកអ្នក​ចង់​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់​ទេ នោះ​បាន​ន័យ​ថា វា​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​គ្មាន​ការ​ស្កប់ស្កល់​ចិត្ត​ដែរ។ ចូរ​ឲ្យ​ទំនាក់ទំនង​ស្នេហា​មាន​គោលបំណង​លើស​ពី​ការ​ដែល​គ្រាន់តែ​ចង់​បាន​ការ​រៀប​អាពាហ៍ពិពាហ៍។

៥. ចូរ​រក​អ្នក​ដែល​ស្រឡាញ់​រាប់​អាន​យើង​ឲ្យ​ជួយ​និយាយ​ម៉ាត់ៗ​ពី​អ្នក​ដែល​យើង​ស្រឡាញ់

ជា​ចុងក្រោយ ចូរ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ស្រឡាញ់​រាប់​អាន​លោកអ្នក​ជួយ​បញ្ជាក់​អះអាង​ថា បុរស​ឬ​នារី​ម្នាក់​នោះ​ហើយ​ជា​បុគ្គល​ដែល​ព្រះជាម្ចាស់​រៀបចំ​សម្រាប់​លោកអ្នក​មែន។ ដូច​អ្នកបម្រើ​របស់​លោក អ័ប្រាហាំ ដោយ​គាត់​បាន​ពន្យល់​រៀបរាប់​ដល់​ឪពុក (បេធូអែល) និង​បង​ប្រុស (ឡាបាន់) របស់​នាង​រេបិកា​អំពី​អ្វី​ដែល​បាន​កើត​ឡើង និង​អំពី​មូល​ហេតុ​ដែល​គាត់​បាន​គិត​ថា គឺ​នាង រេបិកា នេះ​ហើយ​ជា​នារី​ដែល​ព្រះ​អម្ចាស់​បាន​ផ្គូផ្គង​សម្រាប់​លោក​អ៊ីសាក​ពិត​ប្រាកដ​មែន។

«នោះ​ឡាបាន់​និង​បេធូអែល​ក៏​ឆ្លើយ​ថា ការ​នេះ​សម្រេច​តែ​ពី​ព្រះ​យេហូវ៉ា​ទេ ទោះ​បើ​យើង​ឆ្លើយ​នឹង​អ្នក ជា​អាក្រក់​ឬ​ល្អ​ក៏​ពុំ​បាន​ដែរ មើល នាង​រេបិកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​យក​វា​ទៅ ឲ្យ​វា​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅហ្វាយ​អ្នក​ចុះ ដូច​ជា​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក» (លោកុប្បត្ដិ ២៤:៥០-៥១)។

គោល​បំណង​នៃ​ជីវិត​អាពាហ៍ពិពាហ៍​គឺ៖ ស្តាប់​តាម​ព្រះ​បន្ទូល​ព្រះ​ ថ្វាយ​បង្គំ​ទ្រង់ ពឹង​ពាក់​លើ​ព្រះ​អង្គ ហើយ​បង្ហាញ​អ្នក​ដទៃ​ឲ្យ​ឃើញ​ទ្រង់ និង​ការ​ដែល​យើង​កាន់​តែ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ។

បើ​ព្រះ​ជាម្ចាស់​ពិតជា​បាន​នាំ​បុរស ឬ​នារី​ពីរ​នាក់​ឲ្យ​បាន​រៀបការ នោះ​ទ្រង់​ក៏​នឹង​បង្ហាញ​ឲ្យ​ពួក​គាត់​បាន​ដឹង​យ៉ាង​ច្បាស់​តាមរយៈ​បងប្អូន​រួម​ជំនឿ​ឯ​ទៀត​ជា​មិន​ខាន។ បើ​អស់​អ្នក​ដែល​ស្រឡាញ់​រាប់​អាន​លោកអ្នក (ក៏​ជា​​អ្នកដើរតាម​ព្រះ​យេស៊ូវ) ពួកគេ​ជំទាស់​នឹង​ទំនាក់ទំនង​ស្នេហា​របស់​លោកអ្នក​ជា​ខ្លាំង នោះ​លោកអ្នក​ក៏​គួរ​គិត​ពិចារណ​សារ​ជា​ថ្មី​ម្តង​ទៀត​ដែរ។ ប៉ុន្តែ បើ​ពួក​គាត់​ពេញ​ចិត្ត​នឹង​ទំនាក់ទំនង​របស់​លោកអ្នក ទាំង​បាន​លើក​ទឹក​ចិត្ត​អ្នក​ទាំង​ពីរ​ឲ្យ​ឆាប់​រៀបការ នោះ​លោកអ្នក​គួរ​មាន​សន្តិភាព និង​មាន​ទំនុក​ចិត្ត​នឹង​ទំនាក់ទំនង​នោះ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត។

ទន្ទឹម​នឹង​នេះ​ដែរ លោកអ្នក​ដាច់​ខាត​មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​អារម្មណ៍​របស់​ខ្លួន ឬ​អារម្មណ៍​ដៃគូ​ក្នុង​ការ​ទុក​ចិត្ត​ថា​នារី ឬ​ក៏​បុរស​ម្នាក់​នេះ​ហើយ គឺ​ជា​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ផ្គូផ្គង​ជា​គូ​នឹង​យើង​នោះ​ឡើយ។ ការ​ងប់ងុល​នឹង​ទំនាក់ទំនង​ស្នេហា​នឹង​បណ្តាល​ឲ្យ​លោកអ្នក​ខ្វាក់​ភ្នែក ហើយ​ស្តាប់​ពុំ​ឮ​នូវ​អ្វី​ដែល​លោកអ្នក​មិន​គួរ​មើល​រំលង​ក្នុង​ទំនាក់ទំនង​ផ្សេង​ទៀត​ផង​ដែរ។ ចូរ​ទុក​ចិត្ត​ព្រះជាម្ចាស់ ចំពោះ​មតិយោបល់​របស់​បងប្អូន​រួម​ជំនឿ​របស់​លោកអ្នក​អំពី​ទំនាក់ទំនង​ស្នេហា​របស់​លោកអ្នក​ចុះ។

តើ​នរណា​ជា​អ្នក​នាំ​នារី​ម្នាក់​នេះ​ឲ្យ​ទៅ​បុរស​ម្នាក់​នោះ?

នៅពេលដែល​យើង​ឈាន​ដល់​ចំណុច​បញ្ចប់​នៃ​ជំពូក​នេះ នោះ​សំឡេង​ភ្លេងការ​ការ​ចាប់ផ្ដើម​ប្រគំ៖

«រួច​អ៊ីសាក​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ត្រសាល​របស់​សារ៉ា​ជា​ម្ដាយ​ខ្លួន ហើយ​ក៏​យក​នាង​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ប្រតិព័ទ្ធ​ស្រឡាញ់​ដល់​នាង នោះ​អ៊ីសាក​គាត់​បាន​ក្សាន្ត​ចាក​ទុក្ខ​ពី​ម្ដាយ​ស្លាប់»។ (លោកុប្បត្ដិ ២៤:៦៧)

ទោះបើ​ខគម្ពីរ​នេះ​ពុំ​បាន​លើក​ឡើង​ចំៗ​ពី​នាម​នៃ​អ្នក​ដែល​បាន​រៀបចំ​ក៏​ដោយ លោកអ្នក​ក៏​គួរតែ​ដឹង​​ថា អ្នក​ដែល​រៀបចំ​នោះ គឺ​ជា​ព្រះ​ជាម្ចាស់​តែ​មួយ​គត់។ គ្រប់​អាពាហ៍ពិពាហ៍ គឺ​ព្រះ​ជាម្ចាស់​ហើយ ដែល​បាន​នាំ​នារី​នេះ​ឲ្យ​ធ្វើ​ជា​គូ​នឹង​បុរស​នោះ។ តាំង​ពី​ដើម​រហូត​ដល់​ចប់ គ្រប់​ទាំង​ហេតុការណ៍​ដែល​បាន​កើត​ឡើង ព្រះជាម្ចាស់​បាន​ធ្វើ​ការ​នៅ​ក្នុង​នោះ ហើយ​ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ណា​ដែល​រង់​ចាំ​ទ្រង់(អេសាយ ៦៤:៤; ២ពង្សាវតារក្សត្រ ១៦:៩)។

បើ​យើង​ក្រឡេក​មើល​ទៅ​រឿង​ដែល​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ជំពូក​២៤ វា​ហាក់​ដូច​ជា​បាន​កើត​ឡើង​យ៉ាង​លឿន ហើយ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចម្លែក​ផង​ដែរ ជាពិសេស​ពេល​យើង​បាន​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ មុន​នឹង​បាន​រៀបការ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ចាំ​ថា រឿង​របស់​លោក​អ៊ីសាក និង​នាង​រេបិកា មិន​ទាក់ទង​នឹង​ការ​ដែល​ព្រះ​អម្ចាស់​បាន​ផ្តល់​ចម្លើយ​យ៉ាង​រហ័ស​ដូច​ផ្លេកបន្ទោរ​នោះ​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ ព្រះ​អង្គ​ជា​អ្នក​ផ្តល់​ចម្លើយ។

នៅពេលដែល​លោកអ្នក​កំពុង​រង់ចាំ ហើយ​ចង់​បាន​គូ​ស្រករ និង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា ចូរ​កុំ​បង្ខំ​ខ្លួន​ដើម្បី​ប្រញាប់​រៀបការ​នោះ​ឡើយ! គ្រប់​ទាំង​ជំហាន​នៃ​ជីវិត​របស់​លោកអ្នក នោះ​ចូរ​សម្លឹង​មើល​ទៅ​ឯ​ព្រះ​ជាម្ចាស់ ដ្បិត​ទ្រង់​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម​សម្រាប់​អំណរ​ដ៏​ពិត​របស់​យើង ហើយ​ព្រះ​អង្គ​ក៏​ជា​កវីនិពន្ធ​រឿងរ៉ាវ​នៃ​ស្នេហា​សម្រាប់​គ្រីស្ទ​បរិស័ទ​ដែរ។ ដូច្នេះ​ហើយ ចូរ​ឲ្យ​បំណងប្រាថ្នា​នៃ​ជីវិត​អាពាហ៍ពិពាហ៍ ការ​អធិស្ឋាន ក៏​ដូចជា​ជីវិត​របស់​លោកអ្នក​ទាំង​មូល អាច​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ​សិរីល្អ​ព្រះ​អម្ចាស់​ដែរ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Marshall Segal
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ​លោក ទេព រ៉ូ និង​កញ្ញា ថន​ ស្ថាពរ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. ខ្ញុំពេញចិត្តអត្ថបទនេះណាស់វាអាចលើកទឹកចិត្តយើង អោយដើរតាមព្រះគ្រប់ជំហានហើយមានសង្ឃឹមនូវអ្វីដែលយើងអធិស្ឋានសូមព្រះអង្គ។អរគុណព្រះខ្លាំងណាស់ដែលប្រើកូនព្រះអង្គដែលបានបង្កើតកម្មវិធីផ្លូវពិតសំរាប់លើកទឹកចិត្តតាមរយៈ ព្រះបន្ទូលខ្លីៗ សូមព្រះប្រទានកម្មវិធីនេះមានជារៀងរហូត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កុំ​ច្រឡំ

លន់តួបាប