ក្រោយពីកម្មវិធីថ្វាយបង្គំពេលព្រឹកដែលដឹកនាំដោយលោកត្រចៀក និងលោកមាត់បានបញ្ចប់ នោះលោកច្រមុះ និងលោកដៃក៏បានអង្គុយជជែកគ្នានៅក្នុងព្រះវិហារ។ ពេលនោះ លោកដៃបានប្រាប់លោកច្រមុះថា រូបលោក និងគ្រួសាររបស់លោកបានសម្រេចចិត្តស្វែងរកពួកជំនុំមួយទៀតហើយ។
លោកច្រមុះបានសួរទៅកាន់លោកដៃថា «ពិតមែនឬ? ហេតុអ្វីបានជាប្អូនសម្រេចចិត្តបែបហ្នឹង?»។
ពេលនោះលោកដៃបានឆ្លើយតបទៅវិញដោយឈ្ងោកមុខថា «ហ៎! ខ្ញុំមិនដឹងទេ»។ តាមធម្មតា គាត់ជាមនុស្សយឺតនឹងនិយាយជាងសមាជិកពួកជំនុំដទៃទៀត។ រួចលោកដៃក៏បន្តទៀតថា «ខ្ញុំគិតថាដោយសារតែពួកជំនុំនេះមិនមានអ្វីដែលខ្ញុំ និងប្រពន្ធរបស់ខ្ញុំកំពុងតែស្វែងរកនោះទេ»។
លោកច្រមុះបានសួរថា «អញ្ចឹង តើប្អូនកំពុងតែស្វែងរកអ្វីនៅក្នុងពួកជំនុំ?»។
លោកច្រមុះនិយាយពាក្យទាំងនេះដោយសំឡេងក្ដួលអាណិត ប៉ុន្តែ ទោះបីជាគាត់និយាយពាក្យទាំងនេះ ក៏គាត់នៅតែមិនឯកភាពនឹងចម្លើយរបស់លោកដៃដដែល។ ហើយប្រសិនបើលោកដៃ និងប្រពន្ធរបស់គាត់ មិនបានមើលឃើញថា លោកច្រមុះ និងអ្នកដឹកនាំឯទៀតដឹកនាំពួកជំនុំបានយ៉ាងល្អត្រឹមត្រូវទេ នោះពួកជំនុំក៏មិនត្រូវការគ្រួសារលោកដៃដែរ។
នៅពេលឮលោកច្រមុះសួរដូចនោះ លោកដៃបានពិចារណាបន្តិចមុននឹងគាត់ឆ្លើយ។ លោកដៃ និងប្រពន្ធរបស់គាត់ ចូលចិត្តលោកគ្រូមាត់ និងគ្រួសាររបស់គាត់។ ហើយលោកត្រចៀកដែលជាអ្នកនាំកម្មវិធីថ្វាយបង្គំក៏ជាមនុស្សល្អ មានគុណធម៌ ហើយសប្បុរសទៀត។
ចុងបញ្ចប់ លោកដៃបានឆ្លើយទាំងរអាក់រអួលថា «តាមពិតទៅ ខ្ញុំគិតថាយើងកំពុងតែស្វែងរកពួកជំនុំមួយដែលមនុស្សភាគច្រើនមានលក្ខណៈដូចពួកយើង»។ គាត់បានបន្តថា «ពួកយើងបានសាកល្បងចំណាយពេលជាមួយនឹងគ្រួសារលោកជើងដែរ ប៉ុន្តែពួកយើងហាក់ដូចជាមិនស៊ីចង្វាក់ជាមួយនឹងពួកគេទេ។ បន្ទាប់មក ពួកយើងបានចូលរួមក្រុមតូចដែលមានសុទ្ធតែគ្រួសារលោកម្រាមជើង ប៉ុន្តែ ពួកគេគិតតែនិយាយពីស្រោមជើង ស្បែកជើង និងក្លិនរបស់វាទៅវិញ ហើយយើងមិនចាប់អារម្មណ៍នឹងការនោះទេ»។
លោកច្រមុះបានមើលទៅលោកដៃម្តងនេះដោយស្រងាកចិត្ត ហើយក៏សួរថា «តើប្អូនមិនសប្បាយចិត្តទេឬអី ដែលពួកគេបានយកចិត្តទុកដាក់ទៅលើក្លិននោះ?»។
លោកដៃក៏ឆ្លើយថា «ពិតប្រាកដណាស់! ប៉ុន្តែ ពួកយើងមិនសូវខ្វល់អំពីការនោះប៉ុន្មានទេ។ បន្ទាប់មក ពួកយើងបានចូលរួមរៀននៅសាលារៀនថ្ងៃអាទិត្យដែលមានសុទ្ធតែលោកត្រចៀក លោកភ្នែក លោកច្រមុះ និងលោកមាត់។ តើបងចងចាំទេថា ពួកយើងចូលរួមបានបួនប្រាំសបា្តហ៍ដែរកាលពីប៉ុន្មានខែមុន?»។
លោកច្រមុះបាននិយាយថា «បាទ ល្អដែលប្អូនបានចូលរួមជាមួយពួកយើង»។
លោកដៃក៏តបថា «អរគុណ! ប៉ុន្តែពួកគេគ្រប់គ្នាគ្រាន់តែចង់និយាយ ស្តាប់ ហិតក្លិន ហើយភ្លក់រសជាតិតែប៉ុណ្ណោះ។ មើលទៅ ដូចជាពួកគេមិនចង់ធ្វើការ ហើយមិនចង់ប្រឡាក់ដៃសោះ។ និយាយអញ្ចឹង ប្រពន្ធខ្ញុំ និងខ្ញុំគិតថា យើងនឹងសាកល្បងចូលរួមជាមួយពួកជំនុំថ្មីមួយនៅខាងកើតនេះ។ ពួកយើងឮថា ពួកគេចូលចិត្តទះដៃ និងលើកដៃសរសើរព្រះជាម្ចាស់ហើយនោះគឺជាអ្វីដែលពួកយើងចង់បានឥឡូវនេះ»។
លោកច្រមុះបានឆ្លើយតបថា «ហ៊ឺ! ខ្ញុំយល់ពីអ្វីដែលប្អូននិយាយហើយ ពួកយើងពិតជាមិនចង់ឃើញប្អូនចេញទៅទេ ប៉ុន្តែខ្ញុំយល់ថា ប្អូនត្រូវតែធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯង»។
នៅពេលនោះប្រពន្ធរបស់លោកដៃដែលកំពុងជាប់មាត់សន្ទនាជាមួយអ្នកផ្សេងទៀតនោះ ក៏បានងាកមកចូលរួមជាមួយនឹងប្តីរបស់នាង និងលោកច្រមុះវិញ។ លោកដៃបានពន្យល់ដោយសង្ខេបពីអ្វីដែលគាត់ និងលោកច្រមុះទើបតែបាននិយាយ។ បន្ទាប់មក លោកច្រមុះបានសម្ដែងនូវការសោកស្តាយរបស់លោក ពីការចាកចេញរបស់គ្រួសារលោកដៃ។ ហើយលោកច្រមុះបាននិយាយម្ដងទៀតថា គាត់យល់ ពីព្រោះស្តាប់ទៅដូចជាពួកជំនុំមិនបានបំពេញតម្រូវការរបស់លោកដៃ និងគ្រួសាររបស់គាត់ទេ។
ប្រពន្ធរបស់លោកដៃបានងក់ក្បាលឯកភាព។ នាងចង់ធ្វើជាគួរសម ប៉ុន្តែតាមពិតទៅ នាងមិនមែនមិនសប្បាយចិត្តនឹងចាកចេញនោះទេ។ ប្តីរបស់នាងបានរិះគន់ពួកជំនុំល្មមគ្រប់គ្រាន់ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អញ្ចឹងហើយ ចិត្តរបស់នាងក៏មិនខុសពីប្តីរបស់នាងនោះដែរ។ ទោះជាយ៉ាងនោះក្ដី ប្តីរបស់នាងមិនដែលនិយាយរិះគន់ទាស់នឹងរូបកាយនៃពួកជំនុំជាចំហរនោះទេ។ តាមពិតទៅ គាត់ធ្លាប់សុំទោសពីការដែលគាត់មានគំនិតអវិជ្ជមានខ្លាំងពេកចំពោះពួកជំនុំជាច្រើនមកហើយ ប៉ុន្តែ ការត្អូញត្អែរបន្តិចបន្តួចដែលគាត់បាននិយាយចេញមកត្រង់នេះបន្តិច និងត្រង់នោះបន្តិច បានជះឥទ្ធិពលលើប្រពន្ធរបស់គាត់រួចទៅហើយ។ លោកដៃគិតថា ក្រុមតូចមាន ការប្រកាន់បក្សពួកបន្តិច បទចម្រៀងគឺ ហួសសម័យបន្តិច ហើយកម្មវិធីហាក់ដូចជាខុសទំនងបន្តិច។ ហើយពួកគេក៏មិនសូវ ពេញចិត្តលើសេចក្តីបង្រៀនដែរ។ ពួកគេមិនដឹងច្បាស់ពីមូលហេតុដែលពួកគេចង់ចេញពីពួកជំនុំនេះទេ ប៉ុន្តែ ពួកគេគិតថា ពួកជំនុំនេះមិនស៊ីចង្វាក់នឹងពួកគេសោះ។
លើសពីនោះទៅទៀត ប្រពន្ធរបស់លោកដៃបានដឹងថា កូនស្រីរបស់ពួកគេមិនសូវកក់ក្ដៅជាមួយនឹងក្រុមយុវជនឯទៀតនោះទេ។ គ្រប់គ្នាមានលក្ខណៈខុសប្លែកពីនាង ដូច្នេះហើយ នាងមានអារម្មណ៍ថាមិនស៊ីចង្វាក់ជាមួយនឹងពួកគេទាល់តែសោះ។
បន្ទាប់មក ប្រពន្ធរបស់លោកដៃបានកោតសរសើរជាខ្លាំងដល់លោកច្រមុះ និងអ្នកដឹកនាំដទៃទៀត។ ប៉ុន្តែ ការសន្ទនាបានអូសបន្លាយយូរពេកហើយសម្រាប់លោកច្រមុះ។ មិនតែប៉ុណ្ណោះ ក្លិនទឹកអប់របស់នាងបានធ្វើឲ្យគាត់ចង់ឈ្លក់។ គាត់បានអរគុណដល់នាង អំពីការលើកទឹកចិត្តរបស់នាង ហើយក៏បានបញ្ជាក់ម្តងទៀតថា គាត់សោកស្តាយណាស់ដោយបានឮពីការចាកចេញរបស់ពួកគេ រួចហើយក៏ដើរចេញទៅ។
តើមាននរណាត្រូវការគ្រួសារលោកដៃឬទេ? ពួកជំនុំនេះគិតថា ពួកគេមិនត្រូវការគ្រួសារលោកដៃនោះឡើយ។
ព្រះទ្រង់បានដាក់ចុះនូវអវយវៈនីមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថាអញមិនត្រូវការនឹងឯងដែរនោះឡើយ។
— ១កូរិនថូស ១២:១៨-២១
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…